3 - Aal-i-Imraan ()

|

(1) ១. អាលីហ្វ ឡាម មីម

(2) ២. អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ដែលជាអ្នកគ្រប់គ្រងនោះឡើយ។

(3) ៣. ទ្រង់បានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)យ៉ាងពិតប្រាកដដើម្បីបញ្ជាក់ចំពោះអ្វី(គម្ពីរទាំងឡាយ)ដែលមានពីមុនវា(មុនគម្ពីរគួរអាន)។ ហើយទ្រង់បានបញ្ចុះគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល

(4) ៤. កាលពីមុន ដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ហើយទ្រង់បានបញ្ចុះនូវការវិនិច្ឆ័យ (រវាងប្រការពិត និងប្រការដែលមិនពិត)។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអំណាចផ្តន្ទាទោសបំផុត។

(5) ៥. ជាការពិតណាស់ គ្មានអ្វីមួយដែលនៅលើផែនដី ឬក៏នៅលើមេឃអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ។

(6) ៦. ទ្រង់គឺជាដែលបានបង្កើតរូបរាងពួកអ្នកនៅក្នុងផ្ទៃម្តាយទៅតាមអ្វីដែលទ្រង់មានចេតនា។ គ្មានព្រះជាម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតនោះឡើយ។

(7) ៧. ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានមកកាន់អ្នក(ព្យាការីមូហាំម៉ាត់) ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ ដែលវាគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌមានភាពមិនច្បាស់លាស់(មានអត្ថន័យច្រើន)។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀង(ចេញពីការពិត)នោះ ពួកគេប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញក្នុងគោលបំណងបង្កឲ្យមានភាពវឹកវរ(បំផុសនូវភាពមន្ទិលសង្ស័យ) និងដើម្បីឱ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេ។ ហើយគ្មាននរណាដឹងពីអត្ថន័យពិតរបស់វា(វាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនោះ) ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ក្នុងសាសនា)ពួកគេនិយាយថា៖ ពួកយើងមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះវាទាំងមូល គឺមកពីព្រះជាម្ចាស់របស់ពួកយើង។ តាមពិត អ្នកដែលទទួលយកការក្រើនរំឭកនោះ គឺមានតែបញ្ញាជនទាំងឡាយប៉ុណ្ណោះ។

(8) ៨. ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំបង្វែរដួងចិត្ដរបស់ពួកយើង(ពីសេចក្តីពិត) ក្រោយពីទ្រង់បានចង្អុលបង្ហាញដល់ពួកយើងហើយនោះ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវក្តីមេត្តាករុណាអំពីទ្រង់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកផ្តល់នូវការប្រោសប្រទានដ៏លើសលប់បំផុត។

(9) ៩. ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រមូលផ្តុំមនុស្សលោកទាំងអស់នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(គឺថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើខុសពីការសន្យារបស់ទ្រង់ឡើយ។

(10) ១០. ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ទ្រព្យសម្បត្ដិរបស់ពួកគេ និងកូនចៅរបស់ពួកគេ ពិតជាមិនអាចជួយការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយពួកទាំងនោះ ពួកគេគឺជាវត្ថុសម្រាប់បង្កាត់ភ្លើងនរក(នៅថ្ងៃបរលោក)

(11) ១១. គឺដូចជាទម្លាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែរ ពួកគេបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

(12) ១២. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿថា៖ គេ(អ្នកមានជំនឿ)នឹងយកឈ្នះទៅលើពួកអ្នក ហើយគេ(អល់ឡោះ)នឹងប្រមូលផ្តុំពួកអ្នកទៅកាន់នរកជើហាន់ណាំ ហើយវាជាកន្លែងដ៏អាក្រក់បំផុត។

(13) ១៣. ជាការពិតណាស់ នៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នា(នៅក្នុងសមរភូមិហ្ពាទើរ) គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក(ពួកយូដា)។ មួយក្រុម(ក្រុមអ្នកមានជំនឿ) គឺគេប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង។ ពួកគ្មានជំនឿបានមើលឃើញពួកគេមានចំនួនច្រើនជាងខ្លួនទេ្វដងផ្ទាល់នឹងភ្នែក។ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការឈ្វេងយល់។

(14) ១៤. គេបានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រលាញ់ភាពត្រអាល(ក្នុងលោកិយ) ដូចជាស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជាមាស ប្រាក់ សេះបង្វឹក សត្វពាហនៈ និងចម្ការដំណាំ។ ទាំងនោះគឺជាការតេ្រកត្រអាលនៃជីវិតលោកិយ។ ហើយអល់ឡោះទ្រង់មានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត(ឋានសួគ៌)

(15) ១៥. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកនូវអ្វីដែលល្អប្រសើរជាងប្រការទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចនោះ នៅឯព្រះជាម្ចាស់របស់ពួកគេ គឺមានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈ និងទទួលបានភរិយាជាច្រើនដ៏ស្អាតស្អំ ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះជាម្ចាស់ថែមទៀត។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

(16) ១៦. គឺបណ្តាអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងពិតជាមានជំនឿ(លើទ្រង់)ហើយ។ ដូចនេះ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងបញ្ចៀសពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផងចុះ។

(17) ១៧. (អ្នកទាំងនោះដែរ) គឺបណ្តាអ្នកដែលអត់ធ្មត់ អ្នកសច្ចៈ អ្នកដែលគោរពប្រតិបត្ដិ អ្នកដែលបរិច្ចាគ និងបណ្ដាអ្នកដែលសុំការអភ័យទោស(ពីអល់ឡោះ)នៅមុនពេលទៀបភ្លឺ។

(18) ១៨. អល់ឡោះជាម្ចាស់ទ្រង់បានអះអាងថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយ ក៏បានអះអាងយ៉ាងដូច្នោះដែរ ដោយទ្រង់ឈរលើភាពយុត្តិធម៌ត្រឹមត្រូវ។ គ្មានទេព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។

(19) ១៩. ពិតប្រាកដណាស់ សាសនារបស់អល់ឡោះ គឺសាសនាអ៊ីស្លាម។ ហើយពួកដែលគេផ្តល់គម្ពីរឲ្យមិនបានខ្វែងគំនិតគ្នា(នៅក្នុងសាសនារបស់ពួកគេ)នោះឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយសារតែការច្រណែនឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។

(20) ២០. ដូចេ្នះ ប្រសិនបើពួកគេជជែកដេញដោលនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបថា៖ ខ្ញុំ ហើយនិងបណ្តាអ្នកដែលដើរតាមខ្ញុំបានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់ហើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យូដា និងគ្រឹស្ទាន) និងពួកអនក្ខរជន(ពួកមុស្ហរីគីន)ថា៖ តើពួកអ្នកព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ដែរឬទេ? ប្រសិនបើពួកគេព្រមប្រគល់ខ្លួន នោះពួកគេពិតជាទទួលបានការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេបែរចេញវិញនោះ តាមពិតកាតព្វកិច្ចលើអ្នក គឺគ្រាន់តែផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។

(21) ២១. ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងបានសម្លាប់បណ្ដាព្យាការីជាច្រើនដោយអយុត្ដិធម៌ ព្រមទាំងបានសម្លាប់បណ្តាអ្នកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌នោះ ចូរអ្នកប្រាប់ពួកគេពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។

(22) ២២. ពួកទាំងនោះហើយជាពួកដែលអំពើកុសលទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យ ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានអ្នកជួយនោះដែរ។

(23) ២៣. តើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញទេឬអំពីពួក(យូដា)ដែលគេបានផ្តល់ឱ្យពួកគេនូវចំណេះដឹងពីគម្ពីរ(តាវរ៉ត) ដោយពួកគេត្រូវបានគេអំពាវនាវឱ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះដើម្បីកាត់សេចក្ដីរវាងពួកគេ។ ក្រោយមក ស្រាប់តែក្រុមមួយក្នុងចំណោមពួកគេបែរជាងាកចេញទៅវិញ ខណៈដែលពួកគេជាពួកដែលបដិសេធ។

(24) ២៤. នោះគឺដោយសារតែពួកគេបានអះអាងថា៖ ជាការពិតណាស់ ភ្លើងនរកនឹងមិនប៉ះពាល់(ឆាបឆេះ)ពួកគេឡើយ លើកលែងតែក្នុងរយៈពេលប៉ុន្មានថ្ងៃ(ដ៏ខ្លី)ដែលត្រូវបានកំណត់ប៉ុណ្ណោះ។ ហើយអ្វីដែលពួកគេបានប្រឌិតឡើងនោះ គឺបានបោកប្រាស់ពួកគេចំពោះសាសនារបស់ពួកគេទៅវិញទេ។

(25) ២៥. តើ(ស្ថានរបស់ពួកគេ)យ៉ាងណាទៅវិញ នៅពេលដែលយើងប្រមូលផ្ដុំពួកគេនៅក្នុងថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(ថ្ងៃបរលោក)។ ហើយគេបានផ្តល់ឱ្យបុគ្គលគ្រប់រូបនូវអ្វីដែលគេបានប្រព្រឹត្ដ ខណៈដែលពួកគេមិនត្រូវបានគេបំពានឡើយ។

(26) ២៦. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់។ ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ដកហូតអំណាចពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ប្រការល្អទាំងឡាយ គឺស្ថិតនៅក្នុងកណ្ដាប់ដៃទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

(27) ២៧. ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បពោ្ចញរបស់មានជីវិតពីរបស់ស្លាប់(បញ្ចេញអ្នកមានជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ) ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត (បញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញពងមាន់ពីមេមាន់) ហើយទ្រង់ប្រទានលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

(28) ២៨. បណ្តាអ្នកមានជំនឿមិនត្រូវយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារក្រៅពីអ្នកមានជំនឿនោះឡើយ។ ជនណាហើយដែលធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេវិញដែរ លើកលែងតែអ្នកដែលបារម្ភខ្លាចពួកគេ(ធ្វើបាប)ប៉ុណ្ណោះ។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)

(29) ២៩. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ទោះបីពួកអ្នកលាក់បាំងនូវអ្វីដែលមានក្នុងចិត្ដរបស់ពួកអ្នក ឬលាតត្រដាងវាក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអំពីវាដែរ។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

(30) ៣០. នៅថ្ងៃដែលបុគ្គលគ្រប់រូបនឹងបានឃើញនូវអំពើល្អដែលខ្លួនបានប្រព្រឹត្តត្រូវបានគេនាំមក(ដោយគ្មានបាត់បង់បន្តិចណាឡើយ) ហើយនិងអ្វីដែលខ្លួនបានប្រព្រឹត្តនៃអំពើអាក្រក់ គឺរូបគេប្រាថ្នាចង់ឱ្យអំពើអាក្រក់របស់គេនិងខ្លួនគេឃ្លាតឆ្ងាយពីគ្នាបំផុត។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហើយអល់ឡោះទ្រង់អាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើទាំងឡាយ។

(31) ៣១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ(ពិតមែននោះ) ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះនឹងស្រឡាញ់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

(32) ៣២. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកងាកចេញ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់ពួកដែលប្រឆាំងឡើយ។

(33) ៣៣. ពិតប្រាកដណាស់ អល់ឡោះទ្រង់បានជ្រើសរើសព្យាការីអាហ្ទាំ ព្យាការីនួហ និងពូជពង្សព្យាការីអ៊ីព្រហ៊ីម ហើយនិងពូជពង្សអ៊ិមរ៉នឲ្យល្អប្រសើរលើសមនុស្សទាំងឡាយ(នៅក្នុងសម័យកាលរបស់ពួកគេ)

(34) ៣៤. (ពួកគេ)ជាពូជពង្សខ្សែស្រឡាយរវាងគ្នានឹងគ្នា។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

(35) ៣៥. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលភរិយារបស់អ៊ិមរ៉នបានបួងសួងថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសូមសច្ចាចំពោះទ្រង់នូវអ្វី(កូន)ដែលមាននៅក្នុងផ្ទៃរបស់ខ្ញុំឲ្យធ្វើជាអ្នកបម្រើដ៏ស្មោះស្ម័គ្រចំពោះទ្រង់។ ដូចនេះ សូមទ្រង់មេត្ដាទទួលយក(ការបួងសួង)ពីខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮ មហាដឹងបំផុត។

(36) ៣៦. ហើយនៅពេលដែលនាងបានសម្រាលបុត្ររួច នាងបាននិយាយថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុស គឺមិនដូចកូនស្រីឡើយ។ (នាងបានបន្តថា៖)ពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឱ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ហើយជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់បញ្ចៀសរូបនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសាផងចុះ។

(37) ៣៧. ពេលនោះ ព្រះជាម្ចាស់របស់នាងក៏បានទទួលយកការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ ហើយទ្រង់បានបណ្ដុះបណ្ដាលនាងនូវការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ ព្រមទាំងបានឱ្យព្យាការីហ្សាការីយ៉ាជាអ្នកមើលថែនាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាចូលទៅ(ជួបនាង)នៅឯកន្លែងគោរពសក្ការៈរបស់នាង គាត់តែងប្រទះឃើញមានចំណីអាហារនៅជាមួយនាង។ គាត់ក៏សួរថា៖ ឱម៉ារយ៉ាំ! តើអ្នកបានអាហារទាំងនេះមកពីណា? នាងបានឆ្លើយថា៖ វា គឺមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានការកំណត់ឡើយ។

(38) ៣៨. នៅខណៈនោះ ព្យាការីហ្សាការីយ៉ាក៏បានបួងសួងទៅកាន់ព្រះជាម្ចាស់របស់គាត់។ គាត់បានបួងសួងថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវការបួងសួងសុំ។

(39) ៣៩. នៅពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានហៅគាត់ ខណៈដែលគាត់កំពុងឈរសឡាតនៅកន្លែងគោរពសក្ការៈ(របស់គាត់)ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវ(កូនប្រុសម្នាក់ឈ្មោះ)យ៉ះយ៉ា ជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះ(ក្នុងការបង្កើតព្យាការីអ៊ីសា) ជាមេដឹកនាំ ជាអ្នកដែលផ្តាច់ខ្លួនពីកិលេសតណ្ហាផ្សេងៗ និងជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវទាំងឡាយ។

(40) ៤០. គាត់បានតបថា៖ ឱព្រះជាម្ចាស់! តើឱ្យខ្ញុំមានកូនយ៉ាងដូចមេ្ដច ខណៈដែលខ្ញុំមានវ័យចំណាស់ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារ(ដែលមិនអាចមានកូន)ទៀតនោះ? ទ្រង់បានមានបន្ទូលថា៖ គឺដូច្នោះឯង អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។

(41) ៤១. គាត់បានបន្តថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាបញ្ជាក់មួយផង។ ទ្រង់មានបន្ទូលថា៖ សញ្ញារបស់អ្នក គឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សបានឡើយចំនួនបីថ្ងៃ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ។ ហើយចូរអ្នកបង្កើននូវការរំឭកទៅចំពោះព្រះជាម្ចាស់របស់អ្នកឱ្យបានច្រើន និងសូត្រធម៌លើកតម្កើងទ្រង់ទាំងពេលល្ងាច ទាំងពេលព្រឹក។

(42) ៤២. ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ ខណៈដែលម៉ាឡាអ៊ីកាត់បាននិយាយ(ទៅកាន់ម៉ារយ៉ាំ)ថា៖ ឱម៉ារយ៉ាំ! ជាការពិតណាស់ អល់ឡោះជាម្ចាស់បានជ្រើសរើសអ្នក និងបានជម្រះសម្អាតអ្នក ហើយទ្រង់បានជ្រើសរើសអ្នកឱ្យមានភាពល្អប្រសើរលើសស្ដ្រីផេ្សងៗនៅលើលោកនេះ(ក្នុងជំនាន់អ្នក)

(43) ៤៣. ឱម៉ារយ៉ាំ! ចូរអ្នកឈរសឡាតចំពោះព្រះជាម្ចាស់របស់អ្នកឱ្យបានយូរ ហើយចូរអ្នកស៊ូជោត និងឱនរូកុជាមួយនឹងបណ្តាអ្នកដែលឱនរូកុទាំងឡាយ។

(44) ៤៤. នោះគឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងដែលយើងផ្ដល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱព្យាការីមូហាំាម៉ាត់)។ ហើយអ្នកមិនបានស្ថិតនៅជាមួយពួកគេឡើយ នៅពេលដែលពួកគេបានបោះស្លាបប៉ាកការបស់ពួកគេ (ដើម្បីជ្រើសរើស) ថាតើនរណាម្នាក់នៃពួកគេជាអ្នកមើលថែម៉ារយ៉ាំ ហើយអ្នកក៏មិនបានស្ថិតនៅជាមួយពួកគេនោះដែរ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះ។

(45) ៤៥. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលម៉ាឡាអ៊ីកាត់បានពោលថា៖ ឱម៉ារយ៉ាំ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់ដំណឹងរីករាយដល់អ្នកនូវ(កូនប្រុសម្នាក់)ឈ្មោះ អាល់ម៉ាសៀហ អ៊ីសាកូនម៉ារយ៉ាំ(យេស៊ូគ្រឹស្ត)ដែលជាបន្ទូលមកពីទ្រង់ ជាអ្នកដែលមានឋានៈដ៏ខ្ពង់ខ្ពស់ទាំងក្នុងលោកិយនិងថ្ងៃបរលោក និងជាអ្នកជំនិតម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយ(របស់អល់ឡោះ)

(46) ៤៦. ហើយគាត់អាចនិយាយទៅកាន់មនុស្សលោកតាំងពីនៅ(ជាទារក)ក្នុងអង្រឹង និងនៅពេលដែលគេធំពេញវ័យ ហើយគាត់ក៏ស្ថិតក្នុងចំណោមអ្នកសាងកុសលទាំងឡាយផងដែរ។

(47) ៤៧. នាងបាននិយាយ(ទាំងភ្ញាក់ផ្អើល)ថា៖ ឱព្រះជាម្ចាស់! តើខ្ញុំនឹងមានកូនយ៉ាងដូចមេ្ដច ខណៈដែលគ្មានបុរសណាមកប៉ះពាល់ខ្ញុំផងនោះ? ម៉ាឡាអ៊ីកាត់បានតបថា៖ គឺដូច្នោះឯង។ អល់ឡោះជាម្ចាស់ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា។ នៅពេលដែលទ្រង់សមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។

(48) ៤៨. ហើយទ្រង់នឹងបង្រៀនដល់គាត់(អ៊ីសា)នូវការសរសេរ និងភាពឆ្លាតវៃ ព្រមទាំងបង្រៀនដល់គេនូវគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល

(49) ៤៩. ព្រមទាំងជាអ្នកនាំសារម្នាក់ទៅកាន់អម្បូរអ៊ីស្រាអែល (ដោយគាត់នឹងនិយាយទៅកាន់ពួកគេថា៖) ពិតណាស់ ខ្ញុំបានមកកាន់ពួកអ្នកដោយនាំមកនូវសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំអាចសូនរូបបក្សីអំពីដីឥដ្ឋឱ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយ(ដែលមានជីវិត)ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែក និងអ្នកកើតឃ្លង់ ព្រមទាំងអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ និងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវទាំងនោះ គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

(50) ៥០. និងជាអ្នកបញ្ជាក់នូវអ្វីដែលមានពីមុនខ្ញុំនៃគម្ពីរតាវរ៉ត ហើយក៏ដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួនដែលគេធ្លាប់បានហាមឃាត់មកលើពួកអ្នក(កាលពីមុន)។ ហើយខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយប្រតិបត្ដិតាមខ្ញុំ។

(51) ៥១. ពិតប្រាកដណាស់ អល់ឡោះគឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់(តែមួយគត់)។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។

(52) ៥២. ហើយនៅពេលព្យាការីអ៊ីសាមានអារម្មណ៍ដឹងថាមានការប្រឆាំងពីសំណាក់ពួកគេ(មកចំពោះគាត់)នោះ គាត់ក៏បាននិយាយ(ទៅកាន់អម្បូរអ៊ីស្រាអែល)ថា៖ តើអ្នកណាជាអ្នកជួយខ្ញុំក្នុងការអំពាវនាវទៅកាន់អល់ឡោះនោះ? ពួកហាវ៉ារីយូន(អ្នកដែលដើរតាមគាត់)បានឆ្លើយថា៖ ពួកយើងគឺជាអ្នកជួយសាសនារបស់អល់ឡោះ។ ពួកយើងមានជំនឿចំពោះអល់ឡោះ ហើយសូមអ្នកធ្វើសាក្សីផងចុះថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកប្រគល់ខ្លួនចំពោះអល់ឡោះ(ជាអ្នកមូស្លីម)

(53) ៥៣. ឱព្រះជាម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿហើយចំពោះអ្វីដែលទ្រង់បានបញ្ចុះមក ហើយពួកយើងក៏បានប្រតិបត្ដិតាមអ្នកនាំសារ(ព្យាការីអ៊ីសា)ផងដែរ។ ហេតុនេះ សូមទ្រង់មេត្ដាកត់ត្រាឲ្យពួកយើងស្ថិតក្នុងចំណោមបណ្ដាអ្នកដែលធ្វើសាក្សីផងចុះ។

(54) ៥៤. ហើយពួកគេបានប្រើឧបាយកល(ព្យាយាមតាមសម្លាប់ព្យាការីអ៊ីសា) ហើយអល់ឡោះក៏បានប្រើឧបាយកលតបទៅពួកគេវិញដែរ។ ហើយអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបតចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។

(55) ៥៥. ចូរអ្នកនឹកឃើញ ខណៈពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថា៖ ឱអ៊ីសា! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី(ទាំងដែលអ្នកមិនទាន់ស្លាប់) ហើយយើងជាអ្នកដែលលើកអ្នកមកកាន់យើង ព្រមទាំងជម្រះសម្អាតអ្នកពីពួកដែលប្រឆាំង ហើយនិងធ្វើឱ្យបណ្ដាអ្នកដែលដើរតាមអ្នកមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងកាត់សេចក្ដីរវាងពួកអ្នកចំពោះអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានៅក្នុងវា។

(56) ៥៦. រីឯពួកដែលប្រឆាំងវិញនោះ ពិតប្រាកដណាស់ គេនឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកជួយឡើយ។

(57) ៥៧. រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពិតប្រាកដណាស់ គេនឹងប្រទានឱ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។

(58) ៥៨. អ្វីដែលយើងបានពិពណ៌នាវាប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)នោះ គឺស្ថិតក្នុងចំណោមសញ្ញាភស្ដុតាង(ដ៏ច្បាស់លាស់) និងជាការរំឭកមួយប្រកបដោយគតិបណ្ឌិត។

(59) ៥៩. ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)ព្យាការីអ៊ីសាចំពោះអល់ឡោះជាម្ចាស់នោះ គឺដូចជា(ការបង្កើត)ព្យាការីអាហ្ទាំដែរ។ ទ្រង់បានបង្កើតគាត់(អាហ្ទាំ)អំពីដី បន្ទាប់មក ទ្រង់បានមានបន្ទូលទៅកាន់គាត់ថា៖ ចូរឯងកើតចុះ។ ពេលនោះ គាត់ក៏កើតឡើងភ្លាម។

(60) ៦០. (នេះជា)សេចក្តីពិតមកពីព្រះជាម្ចាស់របស់អ្នក។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលមានមន្ទិលសង្ស័យឱ្យសោះ។

(61) ៦១. ដូចនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)ក្នុងរឿងនោះ(រឿងរ៉ាវរបស់ព្យាការីអ៊ីសា) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ចូរអ្នកពោល(ទៅកាន់ពួកគេ)ថា៖ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួកយើងនិងខ្លួនពួកអ្នក។ បន្ទាប់មក ពួកយើងនឹងទទូច(ទៅកាន់អល់ឡោះ)សុំឲ្យបណ្ដាសារបស់អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។

(62) ៦២. ពិតប្រាកដណាស់ នេះគឺជាដំណឹងពិត(ដោយគ្មានការមន្ទិលសង្ស័យ)។ ហើយគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

(63) ៦៣. តែប្រសិនបើពួកគេងាកចេញវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្ម។

(64) ៦៤. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឱ្យ)! សូមពួកអ្នកអញ្ជើញមករកពាក្យសម្តីមួយដែលមានសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក នោះគឺ ពួកយើងមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ហើយពួកយើងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយក៏មិនយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលថា៖ សូមពួកអ្នកធ្វើសាក្សីផងចុះថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)

(65) ៦៥. ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកដេញដោលគ្នាអំពីសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ខណៈដែលគេមិនបានបញ្ចុះគម្ពីរតាវរ៉ត និងអ៊ិនជីលនោះឡើយ លើកលែងតែក្រោយពី(ជំនាន់)គាត់។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?

(66) ៦៦. ពួកអ្នក គឺជាពួកដែលជជែកដេញដោលក្នុងរឿងដែលពួកអ្នកបានដឹង(ពាក់ព័ន្ធនឹងកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបញ្ចុះមកកាន់ពួកអ្នក)។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿង(ព្យាការីអ៊ីព្រហ៊ីម)ដែលពួកអ្នកគ្មានចំណេះដឹងអំពីវាសោះបែបនេះ? ហើយអល់ឡោះទ្រង់ដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។

(67) ៦៧. ព្យាការីអ៊ីព្រហ៊ីមមិនមែនស្ថិតនៅលើសាសនាយូដានោះឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ។ ក៏ប៉ុន្តែ គាត់ជាអ្នកដែលស្អាតស្អំ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់(ជាអ្នកមូស្លីម) ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)នោះដែរ។

(68) ៦៨. ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមគាត់(នាសម័យកាលរបស់គាត់) និងព្យាការី(មូហាំម៉ាត់) ហើយនិងបណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិនេះ)។ ហើយអល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ។

(69) ៦៩. ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេង តែពួកគេមិនបានធ្វើឱ្យនរណាម្នាក់វងេ្វងក្រៅពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។

(70) ៧០. ឱពួកអះលីគីតាប! ហេតុអី្វបានជាពួកអ្នកប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ខណៈដែលពួកអ្នកបានដឹងឮ(ថាវាជាការពិត)ហើយនោះ?

(71) ៧១. ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការពិតជាមួយនឹងប្រការមិនពិត ហើយពួកអ្នកលាក់បាំងការពិត ខណៈដែលពួកអ្នកបានដឹងហើយនោះ?

(72) ៧២. ហើយមានមួយក្រុមក្នុងចំណោមពួកអះលីគីតាបបាននិយាយថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿនៅពេលព្រឹក ហើយត្រូវបដិសេធនឹងវាវិញនៅពេលល្ងាច សង្ឃឹមថាពួកគេ(អ្នកមានជំនឿ)នឹងវិលត្រឡប់(ចាកចេញពីសាសនារបស់ពួកគេវិញ)

(73) ៧៣. (ហើយពួកគេបាននិយាយទៀតថា៖) ហើយចូរពួកអ្នកកុំមានជំនឿឲ្យសោះ លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ(ដ៏ពិតប្រាកដ)នោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់ដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេជជែកយកឈ្នះពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។

(74) ៧៤. ទ្រង់កំណត់ក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះបុគ្គលណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមានភាពសប្បុរសធំធេងបំផុត។

(75) ៧៥. ហើយក្នុងចំណោមពួកអះលីគីតាបផងដែរ មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើនទុកជាមួយនឹងគេ គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទាមទារវិញដដែលៗ(ទើបគេព្រមប្រគល់ឱ្យ)។ នោះគឺដោយសារតែពួកគេនិយាយថា៖ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការយកទ្រព្យសម្បត្តិរបស់ពួក(អារ៉ាប់)ដែលជាអនក្ខរជននោះឡើយ ហើយពួកគេបាននិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។

(76) ៧៦. ផ្ទុយទៅវិញ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យារបស់ខ្លួន ព្រមទាំងគោរពកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលកោតខ្លាច។

(77) ៧៧. ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ ហើយនិងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួចនោះ ពួកគេពុំមានចំណែកអ្វីពីផលបុណ្យនៅថ្ងៃបរលោកឡើយ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេ និងមិនទតមើលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេ(ពីភាពកខ្វក់ បាបកម្ម ការប្រឆាំង)នោះដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

(78) ៧៨. ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកគេ(ពួកយូដា) គឺមានក្រុមមួយដែលគ្រលាស់អណ្ដាតរបស់ពួកគេសូត្រគម្ពីរ(តាវរ៉ត) ដើម្បីឱ្យពួកអ្នកគិតស្មានថា វា(អ្វីដែលពួកគេសូត្រ)គឺមកពីគម្ពីរ ខណៈដែលវាមិនមែនជាផ្នែកមួយនៃគម្ពីរ(តាវរ៉ត)ឡើយ។ ហើយពួកគេនិយាយទៀតថា៖ វា គឺមកពីអល់ឡោះ ខណៈដែលវាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេនិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។

(79) ៧៩. មិនគប្បីឡើយចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរ ចំណេះដឹង ហើយនិងភាពជាព្យាការី ក្រោយមក គេបែរជានិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ (គេត្រូវនិយាយថា៖) ចូរពួកអ្នកក្លាយខ្លួនជាអ្នកចេះដឹងជ្រៅជ្រះ តាមរយៈអ្វីដែលពួកអ្នកបានបង្រៀនដល់មនុស្សនូវគម្ពីរ(ដែលគេបានបញ្ចុះមក) និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រ។

(80) ៨០. ហើយគេក៏មិនគប្បីផងដែរក្នុងការប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់ និងបណ្តាព្យាការីទាំងឡាយធ្វើជាព្រះជាម្ចាស់នោះ។ តើសមទេដែលគេប្រើពួកអ្នកឱ្យប្រឆាំង(នឹងអល់ឡោះ)បន្ទាប់ពីពួកអ្នកបានប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)ហើយនោះ?

(81) ៨១. ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដាព្យាការីទាំងឡាយថា៖ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរ និងគតិបណ្ឌិត បន្ទាប់មក មានអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វី(គម្ពីរ)ដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែមានជំនឿចំពោះគេ និងជួយគាំទ្រដល់គេដែរ។ ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេបានឆ្លើយថា៖ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថា៖ ដូចនេះ ចូរពួកអ្នកធ្វើសាក្សីចុះ យើងក៏ស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីជាមួយពួកអ្នកដែរ។

(82) ៨២. ដូចនេះ ជនណាហើយដែលបានងាកចេញបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលប្រព្រឹត្តអំពើខុសឆ្គង។

(83) ៨៣. ដូច្នេះ តើពួកគេស្វែងរកសាសនាផ្សេងក្រៅពីសាសនារបស់អល់ឡោះ(សាសនាអ៊ីស្លាម)ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ដនោះ? ហើយពួកគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)

(84) ៨៤. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ជុះទៅឲ្យព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងពូជពង្សរបស់ព្យាការីយ៉ាក់កូប(ដែលជាព្យាការី) ហើយនិងអ្វីដែលគេបានប្រទានឱ្យព្យាការីមូសា និងព្យាការីអ៊ីសា ព្រមទាំងអ្វី(គម្ពីរទាំងអស់)ដែលគេបានប្រទានឱ្យបណ្តាព្យាការីទាំងឡាយមកពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ)ឡើយ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលពួកយើងប្រគល់ខ្លួន(ចូលឥស្លាម)

(85) ៨៥. ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ គេនឹងមិនទទួលយក(សាសនានោះ)អំពីរូបគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។

(86) ៨៦. តើឱ្យអល់ឡោះផ្តល់ការចង្អុលបង្ហាញយ៉ាងដូចម្តេចចំពោះក្រុមមួយដែលពួកគេបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿ(ចំពោះអល់ឡោះ) ហើយពួកគេក៏បានទទួលស្គាល់ដែរថា៖ ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់) គឺជាការពិត ហើយគាត់ក៏បាននាំមកឲ្យពួកគេនូវបណ្តាភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ហើយនោះ? ហើយអល់ឡោះមិនផ្តល់ការចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។

(87) ៨៧. ពួកទាំងនោះ ការតបស្នងរបស់ពួកគេ គឺនឹងត្រូវទទួលបណ្តាសាពីអល់ឡោះ ពីបណ្តាម៉ាឡាអ៊ីកាត់ និងពីមនុស្សលោកទាំងអស់។

(88) ៨៨. ពួកគេនឹងស្ថិតនៅក្នុងឋាននរកជាអមតៈ។ ទណ្ឌកម្មមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឱ្យនោះដែរ។

(89) ៨៩. លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុសបន្ទាប់ពីនោះ(បន្ទាប់ពីគ្មានជំនឿ និងបំពាន) ព្រមទាំងបានកែខ្លួនប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

(90) ៩០. ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿបន្ទាប់ពីពួកគេបានជំនឿហើយនោះ ក្រោយមក ពួកគេកាន់តែបន្ថែមភាពគ្មានជំនឿរបស់ពួកគេ(រហូតដល់សេចក្តីស្លាប់បានមកដល់) គឺគេនឹងមិនទទួលយកការសារភាពកំហុសរបស់ពួកគេឡើយ។ ពួកទាំងនោះហើយ គឺជាពួកដែលវង្វេង។

(91) ៩១. ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ បើទោះជាគេមានមាសប្រាក់ពេញផែនដី ក៏គេ(អល់ឡោះ)មិនទទួលយកពីនរណាម្នាក់ក្នុងចំណោមពួកគេនោះដែរ សូម្បីតែពួកគេយកវាមកលោះខ្លួនពួកគេ(ឲ្យរួចផុតពីទណ្ឌកម្ម)ក៏ដោយ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយពួកគេគ្មានអ្នកជួយឡើយ។

(92) ៩២. ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)មិនទាន់ឈានទៅដល់(ផលបុណ្យ និងឋានៈនៃ)មនុស្សល្អឡើយ លុះត្រាតែពួកអ្នកបរិច្ចាគអំពីអ្វីដែលពួកអ្នកស្រលាញ់។ ហើយអ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះវា។

(93) ៩៣. រាល់ចំណីអាហារទាំងអស់ធ្លាប់ត្រូវបានអនុញ្ញាតចំពោះអម្បូរអ៊ីស្រាឯល(ទទួលទាន) លើកលែងតែអ្វីដែលអ៊ីស្រាឯល(ព្យាការីយ៉ាក់កូប)បានហាមឃាត់ទៅលើខ្លួនគាត់ផ្ទាល់មុននឹងគេបានបញ្ចុះគម្ពីរតាវរ៉តប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ពួកយូដា)យកគម្ពីរតាវរ៉តមក ហើយចូរពួកអ្នកអានវាមើល៍ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។

(94) ៩៤. ដូច្នេះ ជនណាហើយដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់បន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។

(95) ៩៥. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ អ្វីដែលអល់ឡោះបានមានបន្ទូល គឺជាការពិត។ ហេតុនេះ ចូរពួកអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្អាតស្អំចុះ ហើយរូបគាត់មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)ឡើយ។

(96) ៩៦. ពិតប្រាកដណាស់ គេហដ្ឋានដំបូងគេដែលត្រូវគេដាក់សម្រាប់មនុស្សលោក(ដើម្បីធ្វើសក្ការៈចំពោះអល់ឡោះជាម្ចាស់)នោះ គឺស្ថិតនៅឯក្រុងម៉ាក្កះដែលប្រកបដោយពរជ័យ និងជាការចង្អុលបង្ហាញដល់ពិភពទាំងអស់ផងដែរ។

(97) ៩៧. នៅក្នុងវា មានសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដែលក្នុងចំណោមនោះគឺម៉ាកមអ៊ីព្រហ៊ីម។ ជនណាហើយដែលបានចូលទៅទីនោះ គឺនឹងមានសុវត្តិភាព។ ហើយអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើមនុស្សឱ្យធ្វើធម្មយាត្រាហាជ្ជីនៅឯពៃទុលឡោះចំពោះជនណាដែលមានលទ្ធភាពទៅដល់ទីនោះ។ ហើយជនណាដែលប្រឆាំងនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។

(98) ៩៨. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ? ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។

(99) ៩៩. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នករារាំងអ្នកមានជំនឿពីមាគ៌ារបស់អល់ឡោះ ដោយពួកអ្នកចង់ឱ្យមាគ៌ានោះវៀចវេរ ខណៈដែលពួកអ្នក គឺជាសាក្សីស្រាប់(ថាវាជាមាគ៌ាពិត)ហើយនោះ? ហើយអល់ឡោះទ្រង់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះឡើយ។

(100) ១០០. ឱបណ្ដាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកដើរតាមក្រុមមួយក្នុងចំណោមពួកអះលីគីតាប ពួកគេនឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅរកភាពគ្មានជំនឿវិញក្រោយពីពួកអ្នកមានជំនឿហើយនោះជាមិនខាន។

(101) ១០១. តើពួកអ្នកប្រឆាំងយ៉ាងដូចម្តេច ខណៈដែលពួកអ្នកត្រូវបានគេសូត្រឲ្យស្តាប់នូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ហើយអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ក៏ស្ថិតនៅជាមួយពួកអ្នកផងដែរនោះ? ជនណាដែលប្រកាន់ភ្ជាប់នឹងអល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ) ពិតប្រាកដណាស់ រូបគេនឹងត្រូវបានគេចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

(102) ១០២. ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់នូវការកោតខ្លាចមួយដ៏ពិតប្រាកដ។ ហើយពួកអ្នកមិនត្រូវស្លាប់ជាដាច់ខាត លើកលែងតែពួកអ្នកជាជនមូស្លីម។

(103) ១០៣. ហើយចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងខ្សែរបស់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក ខណៈដែលពួកអ្នកធ្លាប់ជាសត្រូវនឹងគ្នា(មុនពេលដែលអ៊ីស្លាមបានមកដល់) ក្រោយមក ទ្រង់បានផ្សះផ្សារវាងដួងចិត្តរបស់ពួកអ្នក(តាមរយៈសាសនាអ៊ីស្លាម)។ ពេលនោះ ដោយការប្រោសប្រទានរបស់ទ្រង់ ពួកអ្នកក៏បានក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)។ ហើយពួកអ្នកធ្លាប់ស្ថិតនៅលើមាត់រណ្តៅនៃឋាននរក ប៉ុន្តែអល់ឡោះជាម្ចាស់បានសង្គ្រោះពួកអ្នកឱ្យរួចផុតពីវាវិញ(តាមរយៈសាសនាអ៊ីស្លាម)។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ប្រាប់ពួកអ្នកនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។

(104) ១០៤. ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បង្កើតឱ្យមានក្រុមមួយក្នុងចំណោមពួកអ្នក ដែលអំពាវនាវទៅរកប្រការល្អ ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ(ទាំងក្នុងលោកិយ និងថ្ងៃបរលោក)

(105) ១០៥. ហើយចូរពួកអ្នកកុំធ្វើដូច(ពួកអះលីគីតាប)ដែលបានបែកបាក់គ្នា និងបានខ្វែងគំនិតគ្នាបន្ទាប់ពីភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេហើយនោះឱ្យសោះ។ ហើយពួកទាំងនោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

(106) ១០៦. គឺនៅថ្ងៃដែលផ្ទៃមុខ(អ្នកមានជំនឿ) សភ្លឺ និងផ្ទៃមុខ(ពួកគ្មានជំនឿ) ខ្មៅងងឹត។ រីឯពួកដែលផ្ទៃមុខរបស់ពួកគេខ្មៅងងឹតនោះ (មានគេសួរទៅកាន់ពួកគេថា៖) តើពួកអ្នកប្រឆាំង(នឹងអល់ឡោះ)ក្រោយពីពួកអ្នកបានជំនឿហើយឬ? ដូច្នេះ ចូរពួកអ្នកភ្លក់នូវទណ្ឌកម្ម(របស់អល់ឡោះ)ដោយសារតែការប្រឆាំងរបស់ពួកអ្នកនោះចុះ។

(107) ១០៧. ចំណែកឯបណ្តាអ្នកដែលផ្ទៃមុខរបស់ពួកគេសភ្លឺវិញ ពួកគេស្ថិតនៅក្នុងក្តីមេត្តាករុណារបស់អល់ឡោះ(ឋានសួគ៌)។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

(108) ១០៨. ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលយើងបានសូត្រឲ្យអ្នកស្តាប់យ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់មិនប្រាថ្នាបំពានទៅលើពិភពទាំងអស់ឡើយ។

(109) ១០៩. ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយកិច្ចការទាំងអស់ គឺត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះ។

(110) ១១០. ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេបំផុតដែលគេបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងមានជំនឿចំពោះអល់ឡោះ។ ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ(លើព្យាការីមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ។ ក្នុងចំណោមពួកគេ(ពួកអះលីគីតាប) គឺមានអ្នកដែលមានជំនឿ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស(អជំនឿ)

(111) ១១១. ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(បណ្ដាអ្នកមានជំនឿ)បានជាដាច់ខាត ក្រៅតែពីការបញ្ឈឺចិត្តប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រយុទ្ធជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់ត្រឡប់ក្រោយជាមិនខាន។ ក្រោយមក ពួកគេក៏នឹងមិនត្រូវបានគេជួយនោះដែរ។

(112) ១១២. ភាពអាប់ឱនត្រូវបានគេដាក់លើពួកគេ(ពួកយូដា) ទោះបីជាពួកគេស្ថិតនៅទីកន្លែងណាក៏ដោយ លើកលែងតែ(ពួកគេ)ទទួលបានកិច្ចព្រមព្រៀង(សន្តិភាព)ពីអល់ឡោះ និងពីមនុស្សលោក(ណាម្នាក់)ប៉ុណ្ណោះ។ ពួកគេវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បាពីអល់ឡោះ ហើយភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយដោយបំពាន។ នោះគឺដោយសារតែពួកគេបានប្រឆាំង និងបានបំពាន(ទៅលើព្រំដែនរបស់អល់ឡោះ)

(113) ១១៣. ពួកគេទាំងអស់ មិនមែនសុទ្ធតែដូចគ្នានោះឡើយ។ ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលប្រកាន់ខ្ជាប់(នឹងសាសនារបស់អល់ឡោះ)ដោយពួកគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈដែលពួកគេស៊ូជោត(សឡាត)

(114) ១១៤. ពួកគេមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ។ អ្នកទាំងនោះហើយ គឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

(115) ១១៥. អ្វីក៏ដោយដែលអ្នកទាំងនោះបានធ្វើនៃប្រការល្អ (ទោះបីតិចក្តីច្រើនក្តី) ក៏គេមិនធ្វើឱ្យវាបាត់បង់នោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាច។

(116) ១១៦. ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពីអល់ឡោះជាម្ចាស់បន្តិចណាឡើយ។ ពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

(117) ១១៧. ការប្រៀបធៀបនូវអ្វីដែលពួកគេ(ពួកគ្មានជំនឿ)បានបរិច្ចាគក្នុងជីវិតលោកិយនេះ គឺប្រៀបដូចជាខ្យល់ត្រជាក់ខ្លាំងដែលបានបក់បោកទៅលើដំណាំរបស់ក្រុមមួយដែលបានបំពានលើខ្លួនឯង។ ពេលនោះ វាក៏បានបំផ្លាញដំណាំនោះអស់។ ហើយអល់ឡោះមិនបានបំពានទៅលើពួកគេឡើយ(ចំពោះរឿងនោះ) ក៏ប៉ុន្តែពួកគេទៅវិញទេដែលជាអ្នកបំពាន(លើខ្លួនឯង)

(118) ១១៨. ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកអ្នកផ្សេងក្រៅពីគ្នាឯងធ្វើជាមិត្តជិតស្និទ្ធ ដោយពួកអ្នកបង្ហាញឱ្យពួកគេបានដឹងពីអាថ៌កំបាំងរបស់ពួកអ្នកឱ្យសោះ។ ពួកគេរំពឹងថា ពួកអ្នកនឹងទទួលរងនូវគ្រោះថ្នាក់។ ពិតប្រាកដណាស់ ការស្អប់ខ្ពើម(ពីសំណាក់ពួកគេ)បានលេចឡើងនៅលើអណ្តាតរបស់ពួកគេ។ ហើយភាពស្អប់ខ្ពើមដែលពួកគេលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេ គឺធំធេងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន ប្រសិនបើពួកអ្នកចេះគិតពិចារណា។

(119) ១១៩. ពួកអ្នក គឺបែបនេះឯង។ ពួកអ្នកស្រលាញ់ពួកគេ តែពួកគេវិញមិនបានស្រលាញ់ពួកអ្នកឡើយ។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់(រួមទាំងគម្ពីររបស់ពួកគេផងដែរ)។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលពួកគេចាកចេញទៅវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយការចងកំហឹង(ចំពោះពួកអ្នក)។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកស្លាប់ទាំងការចងកំហឹងបែបនេះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត(របស់ពួកគេ)

(120) ១២០. ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបានប្រការល្អ វាធ្វើឲ្យពួកគេមិនសប្បាយចិត្តឡើយ។ តែប្រសិនបើពួកអ្នកទទួលរងនូវប្រការអាក្រក់វិញ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ ព្រមទាំងកោតខ្លាចនោះ ឧបាយកលរបស់ពួកគេនឹងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។

(121) ១២១. ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបានចាកចេញពីគ្រួសាររបស់អ្នកនៅពេលព្រឹក(ទៅធ្វើសង្គ្រាមអ៊ូហ៊ុទ)ដោយអ្នកបានកំណត់ទីតាំងឱ្យបណ្តាអ្នកដែលមានជំនឿដើម្បីឈរជើងប្រយុទ្ធ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

(122) ១២២. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នក(គឺអម្បូរសាឡាម៉ះ និងអម្បូរហារីសះ) មានបំណងត្រឡប់ក្រោយ ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកគេទាំងពីរក្រុមនោះ។ ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះចុះ។

(123) ១២៣. ហើយប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកនៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

(124) ១២៤. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ចំនួនបីពាន់នាក់(មកជួយពួកអ្នក)នោះ?

(125) ១២៥. ពិតមែនហើយ។ ប្រសិនបើពួកអ្នកអត់ធ្មត់(នៅក្នុងការប្រយុទ្ធជាមួយពួកគេ) និងកោតខ្លាច(ចំពោះអល់ឡោះ) ហើយទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់រហ័សនោះ (ប្រសិនបើវាកើតឡើងដូច្នោះមែន) ប្រាកដជាព្រះជាម្ចាស់របស់អ្នកនឹងបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដោយមានសញ្ញាសម្គាល់ដ៏ច្បាស់លាស់(មកជួយពួកអ្នកបន្ថែមទៀត)ជាមិនខាន។

(126) ១២៦. អល់ឡោះមិនធ្វើឱ្យរឿងនោះកើតឡើងឡើយ លើកលែងតែដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក និងដើម្បីឱ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានទេជ័យជម្នះដ៏ពិតប្រាកដនោះ លើកលែងតែមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។

(127) ១២៧. ដើម្បីកាត់ផ្តាច់(បំផ្លាញ)ក្រុមមួយក្នុងចំណោមពួកដែលគ្មានជំនឿ ឬបំបាក់ពួកគេប៉ុណ្ណោះ។ ពេលនោះ ពួកគេនឹងត្រឡប់ទៅវិញទាំងភាពអាម៉ាស់។

(128) ១២៨. អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងរឿងនេះ ទោះជាទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេ(ឲ្យពួកគេចូលសាសនាអ៊ីស្លាម) ឬមួយក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេក៏ដោយ ពីព្រោះពួកគេគឺជាពួកដែលបំពាន។

(129) ១២៩. ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

(130) ១៣០. ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំស៊ីការប្រាក់ដែលជាការបន្ថែមទេ្វដងទៅលើប្រាក់ដើម(របស់ពួកអ្នក)ឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

(131) ១៣១. ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។

(132) ១៣២. ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ(របស់ទ្រង់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។

(133) ១៣៣. ហើយចូរពួកអ្នករួសរាន់ទៅកាន់ការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងឋានសួគ៌(របស់ទ្រង់)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកម្រាប់បណ្តាអ្នកដែលកោតខ្លាច។

(134) ១៣៤. គឺបណ្តាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្តិរបស់ខ្លួន)ទាំងក្នុងស្ថានភាពធូរធារ និងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលចេះទប់កំហឹងបស់ខ្លួន ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យដល់មនុស្សលោក។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បំផុតចំពោះបណ្តាអ្នកដែលសាងអំពើល្អ។

(135) ១៣៥. ហើយនិងបណ្តាអ្នកដែលកាលណាពួកគេប្រព្រឹត្តបាបកម្ម ឬបំពានលើខ្លួនឯង គឺពួកគេនឹកឃើញដល់អល់ឡោះ។ ពេលនោះ ពួកគេក៏សុំការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនបន្តប្រព្រឹត្តទង្វើនោះទៀតដែរ ខណៈដែលពួកគេដឹងហើយនោះ។

(136) ១៣៦. អ្នកទាំងនោះ ការតបស្នងរបស់ពួកគេ គឺការទទួលបាននូវការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ ហើយនិងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។

(137) ១៣៧. ពិតប្រាកដណាស់ មាគ៌ាជាច្រើន(របស់អល់ឡោះ)បានកន្លងផុតទៅមុនពួកអ្នករួចទៅហើយ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរលើផែនដី ហើយពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកអ្នកដែលបដិសេធនោះយ៉ាងដូចម្តេច?

(138) ១៣៨. នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ដល់មនុស្សលោក និងជាការចង្អុលបង្ហាញ ព្រមទាំងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។

(139) ១៣៩. ហើយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)មិនត្រូវមានភាពទន់ខ្សោយ និងកុំមានទុក្ខព្រួយ ពីព្រោះពួកអ្នក គឺជាអ្នកដែលមានភាពខ្ពង់ខ្ពស់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

(140) ១៤០. ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ទទួលរងរបួស(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទ) ក៏មានក្រុមមួយ(ពួកគ្មានជំនឿ)ទទួលរងរបួសដូចពួកអ្នកដែរ។ ហើយបណ្តាថ្ងៃទាំងនោះ យើងបានផ្លាស់ប្ដូរវារវាងមនុស្សលោក (ម្តងទទួលជោគជ័យ ម្តងទទួលបរាជ័យ) គឺដើម្បីអល់ឡោះដឹងថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយទ្រង់ជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យពលីជីវិត(ក្នុងមាគ៌ារបស់ទ្រង់)។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។

(141) ១៤១. ហើយក៏ដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងបំផ្លាញពួកដែលគ្មានជំនឿ។

(142) ១៤២. តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បាន ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងអ្នកដែលមានការអត់ធ្មត់ផងនោះឬ?

(143) ១៤៣. ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ធ្លាប់ប្រាថ្នាចង់ស្លាប់មុននឹងពួកអ្នកប្រឈមនឹងវា(កាលពីក្នុងសមរភូមិហ្ពាទើរ)។ ពិតប្រាកដណាស់ ពួកអ្នកបានជួបវាហើយ(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនេះ) ខណៈដែលពួកអ្នកមើលឃើញវាផ្ទាល់នឹងភ្នែក។

(144) ១៤៤. ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដូចបណ្តាអ្នកនាំសារទាំងឡាយដែលបានកន្លងផុតទៅកាលពីមុននោះដែរ។ ប្រសិនបើគាត់ស្លាប់ ឬត្រូវបានគេសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(អ៊ីស្លាម)របស់ពួកអ្នកឬ? ហើយជនណាដែលវិលត្រឡប់ចេញពីសាសនារបស់ខ្លួននោះ ពិតប្រាកដណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះបណ្តាអ្នកដែលដឹងគុណ។

(145) ១៤៥. ហើយជីវិតនីមួយៗមិនអាចស្លាប់នោះឡើយ លុះត្រាតែមានការអនុញ្ញាតពីអល់ឡោះដែលបានកត់ត្រាពេលកំណត់(នៃអាយុជីវិតរបស់គេ)ប៉ុណ្ណោះ។ ជនណាហើយចង់បានផលតបស្នងនៅលើលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោក យើងក៏នឹងប្រទានឱ្យគេអំពីវា(ដូចគ្នា)។ ហើយយើងនឹងតបស្នងដល់បណ្តាអ្នកដែលដឹងគុណ។

(146) ១៤៦. ហើយមានព្យាការីយ៉ាងច្រើនដែលបណ្តាអ្នកដើរតាមគាត់ជាច្រើនបានចូលរួមប្រយុទ្ធជាមួយនឹងគាត់ ប៉ុន្តែពួកគេមិនបានកំសាករាថយដោយសារតែអ្វីដែលពួកគេទទួលរងក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនទន់ខ្សោយ និងមិនចុះញ៉មនោះដែរ។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលអត់ធ្មត់។

(147) ១៤៧. ហើយ(អ្នកទាំងនោះ) ពាក្យសម្តីរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការពោលថា៖ បពិ្រតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផងចុះនូវបាបកម្មទាំងឡាយរបស់យើងខ្ញុំ ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់យើងខ្ញុំ។ ហើយសូមព្រះអង្គមេត្តាពង្រឹងគោលជំហរបស់យើងខ្ញុំព្រមទាំងជួយយើងខ្ញុំឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផងចុះ។

(148) ១៤៨. ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឱ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ហើយនិងផលបុណ្យដ៏ល្អប្រពៃបំផុត(ឋានសួគ៌)នៅថ្ងៃបរលោក។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលសាងអំពើល្អ។

(149) ១៤៩. ឱបណ្ដាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំង នោះពួកគេច្បាស់ជានឹងធ្វើឱ្យពួកអ្នកវិលត្រឡប់ចេញពីសាសនារបស់ពួកអ្នក។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ជាមិនខាន។

(150) ១៥០. ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់គឺជាអ្នកគាំពាររបស់ពួកអ្នក ហើយទ្រង់ជាអ្នកជួយដ៏ល្អបំផុត។

(151) ១៥១. យើង(អល់ឡោះ)នឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំង ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងសំអាងណាមួយសោះនោះ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ជាទីស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន។

(152) ១៥២. ពិតប្រាកដណាស់ អល់ឡោះទ្រង់បានសម្រេចឱ្យពួកអ្នកនូវការសន្យារបស់ទ្រង់(ចំពោះពួកអ្នក) ដោយពួកអ្នកបានសម្លាប់ពួកគេ(សត្រូវ)យ៉ាងខ្លាំងក្លាដោយការអនុញ្ញាតពីទ្រង់។ លុះពេលដែលពួកអ្នកបរាជ័យ ហើយពួកអ្នកបានខ្វែងយោបល់គ្នាចំពោះបទបញ្ជាដែលគាត់(ព្យាការីមូហាំម៉ាត់)បានដាក់មកលើពួកអ្នក ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជា(របស់អ្នកនាំសារ) ក្រោយពីទ្រង់បានឱ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្ត(ជ័យជម្នះ)។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានលោកិយ(ទ្រព្យជ័យភណ្ឌ)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលចង់បាន(ផលបុណ្យ)បរលោកផងដែរ។ ក្រោយមក ទ្រង់បានបង្វែរពួកអ្នកចេញពីពួកគេ(សត្រូវ) ដើម្បីជាការសាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បានអភ័យទោសដល់ពួកអ្នក(ចំពោះការល្មើសនឹងបទបញ្ជារបស់អ្នកនាំសារ)។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ។

(153) ១៥៣. ចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នករត់ឡើងភ្នំ ហើយពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នក។ ពេលនោះ អល់ឡោះក៏បានឲ្យពួកអ្នកទទួលរងនូវទុក្ខសោកផ្ទួនៗ ដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលបានកន្លងផុតទៅពីពួកអ្នក ហើយនិងអ្វីដែលពួកអ្នកទទួលរងគ្រោះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

(154) ១៥៤. ក្រោយពីពួកអ្នកទទួលរងនូវទុក្ខសោកហើយនោះ ទ្រង់បានបញ្ចុះភាពនឹងនរទៅលើពួកអ្នក ដោយធ្វើឱ្យមួយក្រុមក្នុងចំណោមពួកអ្នក(អ្នកដែលមានជំនឿពិត)ងងុយគេង។ ចំណែកឯមួយក្រុមផ្សេង(ពួកពុតត្បុត)គ្មានខ្វល់ខ្វាយអ្វីក្រៅពី(សេចក្តីសុខ)ខ្លួនឯងប៉ុណ្ណោះដោយពួកគេគិតស្មានមិនត្រឹមត្រូវទៅលើអល់ឡោះនូវការគិតស្មានរបស់ពួកល្ងង់ខ្លៅ។ ពួកគេនិយាយថា៖ តើពួកយើងមានសិទ្ធិជ្រើសរើសចំពោះបញ្ហារនេះ(ការចេញធ្វើសង្គ្រាម)ឬទេ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ កិច្ចការទាំងអស់គឺស្ថិតនៅលើអល់ឡោះជាម្ចាស់(តែមួយគត់)។ ពួកពុតត្បុតទាំងនោះបានលាក់ទុកក្នុងខ្លួនពួកគេនូវអ្វីដែលពួកគេមិនបង្ហាញឱ្យអ្នកបានដឹង ខណៈដែលពួកគេបាននិយាយថា៖ ប្រសិនបើពួកយើងមានសិទ្ធិអ្វីបន្តិចនៅក្នុងរឿងនោះ ពួកយើងនឹងមិនត្រូវបានគេសម្លាប់នៅទីកន្លែងនេះឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ក៏អ្នកដែលត្រូវបានគេកំណត់ឱ្យស្លាប់នោះនឹងចេញទៅរកកន្លែងដែលពួកគេត្រូវស្លាប់ជាមិនខាន។ (ការធ្វើដូច្នោះ)ដើម្បីអល់ឡោះសាកល្បងនូវអ្វីដែលមាននៅក្នុងទ្រូងរបស់ពួកអ្នក ហើយនិងដើម្បីវែកញែកនូវអ្វីដែលនៅក្នុងចិត្តរបស់ពួកអ្នក(នៃភាពមានជំនឿ និងភាពពុតត្បុត)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងដួងចិត្ត។

(155) ១៥៥. ពិតប្រាកដណាស់ ពួកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាសហការីតរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃជួបគ្នា(រវាងពួកមុស្ហរីគីននិងអ្នកអ៊ីស្លាមនៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ ការពិតគឺស្ហៃតនបានអូសទាញពួកគេឱ្យធ្វើខុសដោយសារតែទង្វើ(ល្មើស)មួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ជាការពិតណាស់ អល់ឡោះបានអភ័យទោសឱ្យពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។

(156) ១៥៦. ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំធ្វើដូចពួកដែលប្រឆាំងឱ្យសោះ ដោយពួកគេនិយាយទៅកាន់សាច់ញាតិរបស់ពួកគេនៅពេលណាដែលពួកគេធ្វើដំណើរ(ស្វែងរកលាភសក្ការៈ)នៅលើផែនដី ឬចេញធ្វើសង្គ្រាមថា៖ ប្រសិនបើពួកគេនៅជាមួយពួកយើង ពួកគេក៏មិនស្លាប់ ហើយក៏មិនត្រូវបានគេសម្លាប់នោះដែរ។ អល់ឡោះឲ្យពួកគេគិតបែបនេះ គឺដើម្បីឱ្យពួកគេកាន់តែមានវិប្បដិសារីក្នុងចិត្តរបស់ពួកគេថែមទៀត។ ហើយអល់ឡោះជាអ្នកផ្តល់ជីវិត និងជាអ្នកផ្តល់សេចក្តីស្លាប់។ ហើយល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

(157) ១៥៧. ហើយប្រសិនបើពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ត្រូវបានគេសម្លាប់ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(ដោយមូលហេតុផ្សេងៗ)នោះ ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានការអភ័យទោស និងការអាណិតស្រលាញ់ពីអល់ឡោះ ដែលវាល្អប្រសើរជាងអ្វី(លាភសក្ការៈ)ដែលពួកគេកំពុងតែប្រមូលទុកទៅទៀត។

(158) ១៥៨. ហើយបើទោះជាពួកអ្នកស្លាប់ ឬត្រូវបានគេសម្លាប់ក៏ដោយ ក៏ពួកអ្នកពិតជានឹងត្រូវគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់ដែរ។

(159) ១៥៩. ពិតប្រាកដណាស់ ដោយក្តីមេត្តាករុណាពីអល់ឡោះ គឺរូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានភាពទន់ភ្លន់ជាមួយពួកគេ(សហការីរបស់អ្នក)។ តែប្រសិនបើអ្នកមានអាកប្បកិរិយាកោងកាច និងមានចិត្តរឹងរូសវិញនោះ អ្នកដែលនៅជុំវិញអ្នក ពួកគេនឹងរត់ចេញពីអ្នកជាមិនខានឡើយ។ ដូចនេះ ចូរអ្នកអធ្យាស្រ័យឱ្យពួកគេ ហើយសុំការអភ័យទោស(ពីអល់ឡោះ)ដល់យពួកគេ និងពិភាក្សាកិច្ចការផ្សេងៗជាមួយពួកគេ។ ហើយនៅពេលដែលអ្នកបានសមេ្រចចិត្ដធ្វើអ្វីមួយហើយនោះ ចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះ។ ពិតណាស់ អល់ឡោះស្រលាញ់បណ្តាអ្នកដែលប្រគល់ការទុកចិត្ត។

(160) ១៦០. ប្រសិនបើអល់ឡោះជួយពួកអ្នក នោះគ្មាននរណាម្នាក់អាចយកឈ្នះពួកអ្នកបានឡើយ។ តែប្រសិនបើទ្រង់បោះបង់ពួកអ្នកវិញ តើមាននរណាដែលអាចជួយពួកអ្នកក្រោយពីទ្រង់(បោះបង់ពួកអ្នកហើយនោះ)? ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះ(តែមួយគត់)

(161) ១៦១. គ្មានព្យាការីណាម្នាក់ដែលក្បត់នោះទេ។ ជនណាដែលបានក្បត់ នៅថ្ងៃបរលោក គេនឹងនាំមកនូវអ្វីដែលខ្លួនបានក្បត់នោះមកជាមួយ។ ក្រោយមក គេនឹងតបស្នងយ៉ាងពេញលេញដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលរូបគេបានប្រព្រឹត្ត ហើយពួកគេមិនត្រូវបានគេបំពានឡើយ។

(162) ១៦២. តើអ្នកដែលប្រតិបត្តិតាមអ្វីដែលអល់ឡោះពេញចិត្ត ដូចនឹងអ្នកដែលប្រព្រឹត្តល្មើសដែលទទួលពិរោធពីអល់ឡោះឬ? ហើយកន្លែងស្នាក់នៅរបស់គេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

(163) ១៦៣. ពួកគេមានឋានៈផ្សេងៗគ្នាចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

(164) ១៦៤. ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រទាននូវឧបការគុណដល់បណ្តាអ្នកមានជំនឿ ខណៈដែលទ្រង់បានតែងតាំងពីក្នុងចំណោមពួកគេនូវអ្នកនាំសារម្នាក់អំពីជាតិសាសន៍របស់ពួកគេ ដោយគាត់សូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរគួរអាន និងគតិបណ្ឌិត(ស៊ុណ្ណះ) ខណៈដែលកាលពីមុន ពួកគេស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

(165) ១៦៥. ហេតុអ្វីបានជានៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ទទួលរងគ្រោះថ្នាក់មួយ(ក្នុងសង្គ្រាមអ៊ូហ៊ុទ)ដែលពួកអ្នកធ្លាប់បានធ្វើឲ្យពួកគេទទួលគ្រោះថ្នាក់ដូចនោះទ្វេដងកាលពីមុន(ក្នុងសង្គ្រាមហ្ពាទើរ) តែពួកអ្នកបែរជានិយាយថា៖ តើរឿងនេះកើតឡើង(ចំពោះពួកយើង)បែបណា? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ វាគឺកើតឡើងដោយសារតែខ្លួនពួកអ្នកផ្ទាល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។

(166) ១៦៦. ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៅថ្ងៃជួបគ្នា(ថ្ងៃសង្គ្រាមអ៊ូហ៊ុទ) គឺដោយការអនុញ្ញាតពីអល់ឡោះ និងដើម្បីទ្រង់ស្តែងឲ្យឃើញនូវបណ្តាអ្នកដែលមានជំនឿ(ពិតប្រាកដ)

(167) ១៦៧. ហើយនិងដើម្បីស្តែងចេញឱ្យឃើញផងដែរនូវពួកពុតត្បុត។ ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកមកចូលរួមធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬចូរពួកអ្នកការពារ” ពួកគេឆ្លើយថា៖ ប្រសិនបើពួកយើងដឹងថានឹងមានសង្គ្រាមនោះ ពួកយើងប្រាកដជានឹងចូលរួមជាមួយពួកអ្នកមិនខាន។ ស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)នៅថ្ងៃនោះ គឺកៀកនឹងភាពគ្មានជំនឿខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយនឹងមាត់របស់ពួកគេនូវអ្វីដែលពុំមែនមាននៅក្នុងចិត្តរបស់ពួកគេ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេកំពុងតែលាក់ទុក(ក្នុងចិត្ត)

(168) ១៦៨. គឺជាពួកដែលនិយាយទៅកាន់សាច់ញាតិរបស់ខ្លួន(ដែលទទួលរងគ្រោះ) ទាំងដែលពួកគេមិនបានចូលរួមក្នុងសង្គ្រាមផងនោះថា៖ ប្រសិនបើពួកគេស្ដាប់តាមពួកយើង ពួកគេក៏មិនត្រូវបានគេសម្លាប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ចូរពួកអ្នកការពារខ្លួនពួកអ្នកពីសេចក្តីស្លាប់ទៅមើល៍ ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។

(169) ១៦៩. ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា បណ្តាអ្នកដែលត្រូវបានគេសម្លាប់(ពលីជីវិត)ក្នុងមាគ៌ារបស់អល់ឡោះនោះជាមនុស្សស្លាប់ឱ្យសោះ។ ផ្ទុយទៅវិញ ពួកគេមានជីវិតរស់នៅឯព្រះជាម្ចាស់របស់ពួកគេដោយពួកគេត្រូវបានប្រទានឲ្យនូវលាភសក្ការៈ(ជាច្រើនប្រភេទ)

(170) ១៧០. ពួកគេសប្បាយរីករាយនឹងអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃភាពសប្បុរសរបស់ទ្រង់ ហើយពួកគេផ្តល់ដំណឹងរីករាយដល់អ្នកដែលនៅរស់(ដែលមិនទាន់ពលីជីវិត)ថា៖ គ្មានការភ័យខ្លាចឡើយចំពោះពួកគេ ហើយក៏គ្មានទុក្ខព្រួយអ្វីចំពោះពួកគេនោះដែរ(នៅថ្ងៃបរលោក)

(171) ១៧១. ពួកគេសប្បាយរីករាយជាមួយនឹងឧបការគុណ និងក្តីសប្បុរសពីអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនធ្វើឱ្យផលបុណ្យរបស់បណ្តាអ្នកដែលមានជំនឿបាត់បង់បន្តិចណាឡើយ។

(172) ១៧២. បណ្តាអ្នកដែលបានឆ្លើយតបទៅនឹងបទបញ្ជារបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(ដែលអំពាវនាវឱ្យចេញទៅធ្វើសង្គ្រាមហាំរ៉ក អាល់អាសាត់)ក្រោយពីពួកគេបានទទួលរងរបួស(នៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ សម្រាប់បណ្តាអ្នកដែលធ្វើអំពើល្អក្នុងចំណោមពួកគេ ហើយបានកោតខ្លាចអល់ឡោះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង(ឋានសួគ៌)

(173) ១៧៣. គឺបណ្តាអ្នកដែលមនុស្សលោក(ពួកមុស្ហរីគីន)បាននិយាយទៅកាន់ពួកគេថា៖ "ពិតប្រាកដណាស់ ពួកគេ(សត្រូវ)បានប្រមូលគ្នាដើម្បីប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នកខ្លាចពួកគេចុះ"។ ក៏ប៉ុន្តែ ពួកគេកាន់តែមានជំនឿខ្លាំងឡើង ហើយពួកគេថែមទាំងនិយាយថា៖ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត។

(174) ១៧៤. ពេលនោះ ពួកគេក៏បានវិលត្រលប់មក(ពីសង្គ្រាម)វិញ ដោយឧបការគុណពីអល់ឡោះ និងការប្រោសប្រទានរបស់ទ្រង់ដោយពុំមានប្រការអាក្រក់អ្វីប៉ះពាល់ដល់ពួកគេឡើយ ហើយពួកគេប្រតិបត្តិតាមអ្វីយអល់ឡោះពេញចិត្ត។ ហើយអល់ឡោះជាអ្នកដែលមានការសណ្តោសប្រណីដ៏ធំធេងបំផុត។

(175) ១៧៥. ការពិតរឿងនោះ គឺស្ហៃតនបានបំភ័យកូនចៅរបស់វា(អ្នកដែលដើរតាមវា)។ ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។

(176) ១៧៦. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងនោះធ្វើឱ្យអ្នកមានទុក្ខព្រួយឱ្យសោះ ពីព្រោះពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះឡើយ។ តាមពិត អល់ឡោះមានចេតនាមិនឱ្យពួកគេទទួលបានលាភសំណាងនៅថ្ងៃបរលោកប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

(177) ១៧៧. ពិតប្រាកដណាស់ ពួកដែលយកសេចក្តីជំនឿប្តូរយកភាពគ្មានជំនឿនោះ គឺពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះនោះឡើយ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

(178) ១៧៨. ហើយចូរកុំឱ្យពួកដែលប្រឆាំងគិតស្មានថា ជាការពិតណាស់ ការដែលយើងពន្យារអាយុជីវិតដល់ពួកគេ(ឲ្យមានអាយុវែង)នោះ គឺជាការល្អប្រសើរសម្រាប់ខ្លួនពួកគេឱ្យសោះ។ តាមពិត យើងពន្យារអាយុជីវិតដល់ពួកគេ គឺដើម្បីបន្ថែមនូវបាបកម្មដល់ពួកគេប៉ុណ្ណោះ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។

(179) ១៧៩. អល់ឡោះមិនបណ្ដោយឱ្យបណ្តាអ្នកដែលមានជំនឿស្ថិតនៅក្នុងស្ថានភាពដូចពួកអ្នកបច្ចប្បន្ន(រស់នៅលាយឡំជាមួយនឹងពុតត្បុត)នោះឡើយ លុះត្រាតែទ្រង់វែកញែករវាងប្រការអាក្រក់ចេញពីប្រការល្អ(ញែកពួកពុតត្បុតចេញពីអ្នកមានជំនឿ)។ ហើយមិនមែនជាគតិបណ្ឌិតរបស់អល់ឡោះនោះឡើយដែលទ្រង់ឱ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងនោះ ក៏ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសក្នុងចំណោមបណ្ដាអ្នកនាំសាររបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ប្រសិនបើពួកអ្នកមានជំនឿ ហើយគោរពកោតខ្លាចអល់ឡោះនោះ សម្រាប់ពួកអ្នកនឹងទទួលបានផលបុណ្យយ៉ាងធំធេង។

(180) ១៨០. ហើយចូរកុំឱ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃការប្រោសប្រទានរបស់ទ្រង់នោះគិតស្មានថា វាជាប្រការល្អសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកអ្វីដែលពួកគេកំណាញ់(មិនព្រមបរិច្ចាគ)នោះដាក់ព័ទ្ធទៅលើករបស់ពួកគេនៅថ្ងៃបរលោក។ ហើយមរតកទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។

(181) ១៨១. ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានឮហើយនូវពាក្យសម្ដីរបស់ពួក(យូដា)ដែលនិយាយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រីក្រ។ រីឯពួកយើង គឺជាអ្នកមាន”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយ និងការដែលពួកគេសម្លាប់ព្យាការីជាច្រើនដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆាបឆេះ(នៅក្នុងឋាននរក)

(182) ១៨២. (ទណ្ឌកម្ម)នោះគឺដោយសារតែអ្វីដែលពួកអ្នក(ពួកយូដា)បានសាងដោយដៃទាំងពីររបស់ពួកអ្នកផ្ទាល់ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ឡើយ។

(183) ១៨៣. គឺពួកដែលនិយាយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំចំពោះពួកយើង(នៅក្នុងគម្ពីររបស់ទ្រង់)ថា មិនឱ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឱ្យពួកយើងនូវគួរហ្ពាន(តង្វាយ)ដែលមានភ្លើង(ពីលើមេឃ)ឆាបឆេះគួរហ្ពាននោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ ហើយពួកគេក៏បាននាំមក(នូវភស្តុតាង)ដូចដែលពួកអ្នកបានរៀបរាប់នេះដែរ ក៏ប៉ុន្តែហេតុអ្វីបានជាពួកអ្នកសម្លាប់ពួកគេទៅវិញ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិត(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ?

(184) ១៨៤. តែប្រសិនបើពួកគេបដិសេធនឹងអ្នកនោះ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេបដិសេធ(មិនជឿ)ដែរ។ ពួកគេបាននាំមកនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងបណ្តាគម្ពីរ(ដែលមានការទូន្មាន) ហើយនិងគម្ពីរដែលមានការចង្អុលបង្ហាញ។

(185) ១៨៥. រាល់ជីវិតទាំងអស់ គឺត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេតបស្នងយ៉ាងពេញលេញចំពោះផលបុណ្យរបស់ពួកអ្នក។ ដូចនេះ ជនណាហើយដែលត្រូវបានគេ(អល់ឡោះ)បញ្ចៀសរូបគេពីភ្លើងនរក ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះ គឺគេពិតជាទទួលបានជោគជ័យ។ ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីការត្រេកត្រអាល និងបោកបញ្ឆោតប៉ុណ្ណោះ។

(186) ១៨៦. ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រាកដជានឹងត្រូវបានគេសាកល្បងចំពោះទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជានឹងបានឮនូវពាក្យដែលបង្កការឈឺចាប់ជាច្រើនពីសំណាក់ពួកដែលត្រូវបានប្រទានគម្ពីរឲ្យ(ពួកយូដា និងពួកគ្រឹះស្ទាន)មុនពួកអ្នក និងពីសំណាក់ពួកមុស្ហរីគីន។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់ ទាំងនោះគឺជាកិច្ចការដែលតម្រូវឱ្យមានការតាំងចិត្តខ្ពស់បំផុត។

(187) ១៨៧. ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់ទៅលើពួកដែលគេផ្តល់គម្ពីរឲ្យថា ពួកអ្នកត្រូវតែបកស្រាយបំភ្លឺវា(គម្ពីររបស់អល់ឡោះ)ដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងវានោះឡើយ។ ក៏ប៉ុន្តែពួកគេបែរជាបោះបង់វា(កិច្ចសន្យា)ដាក់ពីក្រោយខ្នងពួកគេ ហើយបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួចទៅវិញ។ ពិតជាអាក្រក់បំផុត កម្រៃដែលពួកគេប្តូរយកនោះ។

(188) ១៨៨. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ពួកដែលសប្បាយរីករាយជាមួយនឹងអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេចូលចិត្តឱ្យអ្នកដទៃកោតសរសើពួកគេចំពោះអ្វីដែលពួកគេមិនបានធ្វើសោះនោះ ចូរអ្នកកុំគិតស្មានឲ្យសោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្មនោះ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

(189) ១៨៩. ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។

(190) ១៩០. ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់បញ្ញាជនទាំងឡាយ។

(191) ១៩១. គឺបណ្តាអ្នកដែលនឹករឭកទៅចំពោះអល់ឡោះជាម្ចាស់ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេសញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដី(ដោយពួកគេពោលថា៖) បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គមិនបានបង្កើតអ្វីទាំងអស់នេះជាការលេងសើចនោះទេ។ ព្រះអង្គដ៏វិសុទ្ធ! ដូចនេះ សូមព្រះអង្គមេត្តាបញ្ចៀសយើងខ្ញុំពីទណ្ឌកម្មភ្លើងនរកផងចុះ។

(192) ១៩២. បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ជនណាហើយដែលព្រះអង្គបានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺព្រះអង្ពពិតជាបានធ្វើឱ្យគេទទួលការអាម៉ាស់។ ហើយសម្រាប់ពួកបំពាន គឺគ្មានអ្នកជួយឡើយ។

(193) ១៩៣. បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ​យើងខ្ញុំបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ(នោះគឺព្យាការីមូហាំម៉ាត់ដែលគាត់បានអំពាវនាវថា៖) ចូរពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នក ។ ពេលនោះ យើងខ្ញុំក៏មានជំនឿ(តាមការអំពាវនាវនោះ)។ បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំចំពោះបាបកម្មរទាំងឡាយនៃយើងខ្ញុំ ហើយសូមព្រះអង្គមេត្ដាលុបលាងនូវទង្វើអាក្រក់ទាំងឡាយនៃយើងខ្ញុំ ព្រមទាំងសូមព្រះអង្គមេត្ដាឱ្យយើងខ្ញុំបានស្លាប់ជាមួយបណ្ដាអ្នកដែលសាងអំពើល្អផងចុះ។

(194) ១៩៤. បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំនូវអ្វីដែលព្រះអង្គបានសន្យាដល់យើងខ្ញុំតាមរយៈ(សម្តីនៃ)បណ្តាអ្នកនាំសាររបស់ព្រះអង្គ ហើយសូមព្រះអង្គកុំធ្វើឲ្យយើងខ្ញុំទទួលការអាម៉ាសនៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ព្រះអង្គមិនក្បត់ការសន្យាឡើយ។

(195) ១៩៥. ដូច្នេះ ព្រះជាម្ចាស់របស់ពួកគេក៏បានឆ្លើយតបចំពោះពួកគេថា៖ ពិតប្រាកដណាស់ យើងមិនបំបាត់ផលបុណ្យនៃទង្វើកុសលរបស់នរណាពួកអ្នកក្នុងចំណោមពួកអ្នកឡើយ មិនថាប្រុស មិនថាស្រី។ ការវិនិច្ឆ័យរវាងពួកអ្នកនៅក្នុងសាសនា(អ៊ីស្លាម)នោះ គឺដូចគ្នា។ ដូចនេះ បណ្តាអ្នកដែលភៀសខ្លួន និងត្រូវបានគេបណ្ដេញចេញអំពីស្រុកភូមិរបស់ពួកគេ ហើយទទួលរងនូវការធ្វើទុក្ខបុកម្នេញនៅក្នុងមាគ៌ារបស់យើង ព្រមទាំងបានប្រយុទ្ធ និងត្រូវបានគេសម្លាប់(ពលីជីវិត)នោះ យើងពិតជានឹងលុបលាងដល់ពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ជាផលបុណ្យ(ការតបស្នង)អំពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យ(ការតបស្នង)ដ៏ល្អប្រពៃបំផុត។

(196) ១៩៦. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំឱ្យការផ្លាស់ប្តូរទីកន្លែងរបស់ពួកដែលប្រឆាំងនៅក្នុងស្រុកទេសនោះ បោកប្រាស់អ្នកឱ្យសោះ។

(197) ១៩៧. វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក ទីកន្លែងវិលត្រឡប់របស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងរស់នៅដ៏អាក្រក់បំផុត។

(198) ១៩៨. ក៏ប៉ុន្តែ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពីអល់ឡោះ(សម្រាប់ពួកគេ)។ ហើយអ្វីដែលមាននៅឯអល់ឡោះ គឺល្អប្រសើរសម្រាប់បណ្តាអ្នកដែលសាងទង្វើកុសល។

(199) ១៩៩. ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលមានជំនឿលើអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកឱ្យពួកអ្នក(អ្នកមានជំនឿ) ហើយនិងអ្វីដែលគេបានបញ្ចុះទៅឱ្យពួកគេ។ ពួកគេឱនលំទោនចំពោះអល់ឡោះ ហើយពួកគេមិនយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចនោះឡើយ។ អ្នកទាំងនោះ សម្រាប់ពួកគេ គឺផលបុណ្យរបស់ពួកគេដែលនៅឯព្រះជាម្ចាស់របស់ពួកគេ។ ជាការពិតណាស់ អល់ឡោះជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។

(200) ២០០. ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកអត់ធ្មត់ ហើយចូរអត់ធ្មត់ឱ្យបានខ្លាំង(ជាងពួកគ្មានជំនឿ)។ ហើយចូរពួកអ្នកប្រកាន់គោលជំហរតស៊ូប្រយុទ្ធ និងកោតខ្លាចអល់ឡោះ។ សង្ឃឹមថា ពួកអ្នកនឹងទទួលជោគជ័យ។