(1) ១. ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញអំពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សប្រុស និងមនុស្សស្រីជាច្រើន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលក្នុងនាមរបស់ទ្រង់ ពួកអ្នកទាមទារសិទ្ធិពីគ្នាទៅវិញទៅមក ហើយត្រូវប្រុងប្រយ័ត្នចំពោះការកាត់ផ្តាច់ចំណងសាច់សាលោហិត។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។
(2) ២. ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលទទួលពាក្យបណ្តាំ)ផ្តល់ឲ្យក្មេងកំព្រា នូវទ្រព្យសម្បត្តិរបស់ពួកគេ(ឱ្យបានគ្រប់ចំនួន កាលណាពួកគេពេញវ័យ) ហើយចូរពួកអ្នកកុំប្តូរយកទ្រព្យសម្បត្តិល្អៗ(របស់ក្មេងកំព្រា)ជាមួយនឹងទ្រព្យសម្បត្តិដែលមិនល្អ(របស់ពួកអ្នក)ឱ្យសោះ។ ហើយពួកអ្នកមិនត្រូវស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយយកវាមកលាយឡំ(ដាក់បញ្ចូលគ្នា)ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ ជាការពិតណាស់វាគឺជាបាបកម្មដ៏ធំធេងបំផុត។
(3) ៣. ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ក្មេងកំព្រាបាន(ប្រសិនបើពួកអ្នករៀបការជាមួយពួកនាង) ចូរពួកអ្នករៀបការជាមួយនឹងស្ត្រីណាដែលជាទីពេញចិត្តសម្រាប់ពួកអ្នក ចំនួនពីរនាក់ ឬបីនាក់ ឬបួននាក់។ តែប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាង(ភរិយាទាំងឡាយ)បានទេនោះ ចូររៀបការជាមួយស្ត្រីតែម្នាក់បានហើយ ឬក៏ជាមួយស្ត្រីបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ នោះជាការប្រសើរបំផុតដើម្បីការពារពួកអ្នកកុំឱ្យពួកអ្នកមានភាពលម្អៀង។
(4) ៤. ហើយចូរពួកអ្នកផ្ដល់ឱ្យស្ត្រីទាំងឡាយនូវខាន់ស្លារបស់ពួកនាង។ តែប្រសិនបើពួកនាងស្ម័គ្រចិត្តប្រគល់ជូននូវចំណែកណាមួយនៃខាន់ស្លានោះទៅឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាដោយរីករាយចុះ។
(5) ៥. ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)កុំផ្តល់នូវទ្រព្យសម្បត្តិដែលអល់ឡោះបានឱ្យពួកអ្នកគ្រប់គ្រងវាឱ្យទៅអ្នកដែលមានបញ្ញាខ្សោយ(មិនទាន់ចេះចាត់ចែងទ្រព្យសម្បត្តិ)ឱ្យសោះ។ ហើយចូរពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យសម្បត្ដិទាំងនោះចុះ ហើយចូរនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អប្រពៃ។
(6) ៦. ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ធ្វើការសាកល្បងក្មេងកំព្រាទាំងនោះនៅពេលណាដែលពួកគេគ្រប់អាយុរៀបការ(ពេញវ័យ)។ ប្រសិនបើពួកអ្នកឃើញថាពួកគេចេះចាត់ចែងទ្រព្យសម្បត្តិហើយនោះ ចូរពួកអ្នកប្រគល់នូវទ្រព្យសម្បត្តិរបស់ពួកគេឱ្យទៅពួកគេវិញចុះ។ ហើយពួកអ្នកមិនត្រូវយកទ្រព្យសម្បត្តិរបស់ពួកគេចំណាយបំពានហួសពីព្រំដែន(ដែលគេបានអនុញ្ញាត) និងឆ្លៀតឱកាស(យកទ្រព្យសម្បត្តិពួកគេ)មុនពេលពួកគេធំដឹងក្តីឡើយ។ ហើយប្រសិនបើគេអ្នកមាន ចូរឱ្យគេឈប់យកទ្រព្យសម្បត្តិនោះ។ តែប្រសិនបើគេជាអ្នកក្រ ចូរឱ្យគេយកទ្រព្យសម្បត្តិនោះក្នុងចំនួនដែលសមរម្យ។ ហើយនៅពេលដែលពួកអ្នកប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ឱ្យពួកគេវិញនោះ ចូរពួកអ្នករកអ្នកធ្វើសាក្សីលើការប្រគល់ទ្រព្យសម្បត្តិនោះផង។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកជំនុំជម្រះ។
(7) ៧. សម្រាប់បុរស គឺទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្ដាយ និងសាច់ញាតិបានបន្សល់ទុក(ក្រោយពេលស្លាប់)។ ហើយសម្រាប់ស្ត្រី ក៏ទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្តាយ និងសាច់ញាតិបានបន្សល់ទុកដូចគ្នាដែរ ទោះតិច ឬច្រើន។ វាជាចំណែកដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។
(8) ៨. បើកាលណាសាច់ញាតិ ក្មេងកំព្រា និងជនក្រីក្រ(ដែលគ្មានសិទ្ធិទទួលមរតក)បានមកចូលរួមក្នុងពេលបែងចែកកេរមរតកនោះ ចូរពួកអ្នកផ្តល់ឱ្យពួកគេ(ជាប្រការស៊ូណិត)មួយចំណែកនៃទ្រព្យសម្បត្តិនោះ(មុនពេលបែងចែកមរតក)។ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អប្រពៃ។
(9) ៩. ហើយចូរឲ្យអ្នកដែលមានក្តីបារម្ភពីកូនចៅរបស់ខ្លួនដែលទន់ខ្សោយដែលពួកគេបានបន្សល់ទុកក្រោយពេលស្លាប់នោះ(បារម្ភខ្លាចពួកគេកំព្រីកំព្រាគ្មានទីពឹង)។ ដូចនេះ ចូរឱ្យពួកគេកោតខ្លាចអល់ឡោះ(ដោយត្រូវធ្វើល្អចំពោះក្មេងកំព្រាដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន) ហើយចូរឱ្យពួកគេនិយាយនូវពាក្យសម្តីដែលល្អត្រឹមត្រូវ។
(10) ១០. ពិតប្រាកដណាស់ ពួកដែលស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយបំពាន តាមពិត ពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេប៉ុណ្ណោះ។ ហើយភ្លើងនរកនឹងឆាបឆេះពួកគេ(នៅថ្ងៃបរលោក)។
(11) ១១. អល់ឡោះបានដាក់បង្គាប់លើពួកអ្នកឱ្យធ្វើការបែងចែកកេរមរតកដល់កូនៗរបស់ពួកអ្នក។ សម្រាប់កូនប្រុសម្នាក់ត្រូវទទួលបានចំណែកស្មើនឹងចំណែកកូនស្រីពីរនាក់។ ដូច្នេះ ប្រសិនបើសពមានតែកូនស្រីលើសពីពីរនាក់ គឺពួកនាងត្រូវទទួលបានចំណែកពីរភាគបីនៃចំណែកមរតក(ដែលបានបន្សល់ទុក)នោះ។ តែប្រសិនបើសពមានកូនស្រីតែម្នាក់ សម្រាប់នាងគឺទទួលបានចំណែកពាក់កណ្ដាល(នៃមរតក)។ ហើយសម្រាប់ឪពុកម្ដាយនៃសព គឺម្នាក់ៗនៃពួកគាត់ទាំងពីរត្រូវទទួលបានចំណែកមួយភាគប្រាំមួយនៃចំណែកមរតកនោះ ប្រសិនបើសពនោះមានកូន។ តែប្រសិនបើសពគ្មានកូន ហើយក៏គ្មានអ្នកទទួលមរតកផ្សេងទៀតក្រៅពីឪពុកម្តាយទាំងពីររបស់គេទេនោះ គឺសម្រាប់ម្ដាយត្រូវទទួលបានចំណែកមរតកមួយភាគបី។ ហើយប្រសិនបើសពនោះមានបងប្អូនច្រើន(ចាប់ពីពីរនាក់ឡើងទៅ មិនថាប្រុសឬស្រី) សម្រាប់ម្ដាយ គឺទទួលបានមួយភាគប្រាំមួយ។ (ការបែងចែកកេរមរតកបែបនេះ) គឺក្រោយពីបានបំពេញនូវបណ្តាំ(របស់សព) និងសងបំណុល(ដែលសពបានជំពាក់គេ)រួចរាល់។ ពួកអ្នកមិនដឹងទេថា ក្នុងចំណោមឪពុកម្ដាយរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក តើអ្នកណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកជាងគេនោះ។ (ហើយការបែងចែកកេរមតកបែបនេះ)វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។
(12) ១២. ហើយសម្រាប់ពួកអ្នក(ឱស្វាមីទាំងឡាយ) គឺទទួលបានចំណែកពាក់កណ្ដាលនៃកេរមរតកដែលភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើពួកនាងគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកនាងមានកូន គឺពួកអ្នកត្រូវទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកនាងបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកនាង) និងសងបំណុល(ដែលនាងជំពាក់គេ)រួចអស់។ ហើយសម្រាប់ពួកនាង(ភរិយាទាំងឡាយ) គឺទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកអ្នក(ឱស្វាមីទាំងឡាយ)បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកអ្នកមានកូន គឺសម្រាប់ពួកនាងត្រូវទទួលបានចំណែកមួយភាគប្រាំបីនៃកេរមរតកដែលពួកអ្នកបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកអ្នក) និងសងបំណុល(ដែលពួកអ្នកជំពាក់គេ)រួចរាល់។ ហើយប្រសិនបើបុរសម្នាក់ ឬស្ត្រីបានស្លាប់ ហើយគេគ្មានឪពុក ហើយក៏គ្មានកូនទេ តែពួកគេទាំងពីរ(មិនថាប្រុស ឬស្រី)មានបងប្អូនប្រុស(ខាងម្ដាយ)ម្នាក់ ឬបងប្អូនស្រី(ខាងម្ដាយ)ម្នាក់ ដូចនេះ សម្រាប់ពួកគេម្នាក់ៗ គឺទទួលបានចំណែកមួយភាគប្រាំមួយ(នៃមរតកនោះ)។ ហើយប្រសិនបើពួកគេ(បងប្អូនប្រុសខាងម្តាយ ឬបងប្អូនស្រីខាងម្តាយ)មានគ្នាច្រើនលើសពីមួយនាក់ សម្រាប់ពួកគេទាំងអស់គ្នា គឺទទួលចំណែកមរតកមួយភាគបីរួមគ្នាក្រោយពីបានបំពេញនូវពាក្យបណ្ដាំ(របស់សព) និងបានសងបំណុល(ដែលសពជំពាក់គេ)រួចរាល់ដោយមិនត្រូវបង្កផលប៉ះពាល់(ដល់អ្នកដែលទទួលមរតកឡើយ)។ វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាខន្តីបំផុត។
(13) ១៣. ទាំងនោះ គឺជាក្បួនច្បាប់របស់អល់ឡោះ។ ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ គេ(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។
(14) ១៤. តែជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានបំពានព្រំដែន(ក្បួនច្បាប់)របស់ទ្រង់នោះ គេ(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងឋាននរកដោយរូបគេស្ថិតនៅក្នុងនោះជាអមតៈ ហើយរូបគេនឹងទទួលទណ្ឌកម្មដ៏អាម៉ាស់បំផុត។
(15) ១៥. ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមបណ្ដាស្ត្រីរបស់ពួកអ្នក ចូរពួកអ្នករកមនុស្សបួននាក់ក្នុងចំណោមពួកអ្នកធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើពួកគេបានធ្វើសាក្សី(បញ្ជាក់ដូច្នោះ)ហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកនាង(ក្រៅពីការឃុំខ្លួន)។
(16) ១៦. ហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរដោយការបញ្ឈឺ។ តែប្រសិនបើពួកគេទាំងពីរបានសារភាពកំហុស និងបានកែខ្លួនវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត។
(17) ១៧. តាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសតែចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយភាពល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុសភ្លាមៗ(មុនពេលសេចក្តីស្លាប់មកដល់)។ ពិតណាស់ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។
(18) ១៨. ហើយទ្រង់នឹងមិនទទួលយកការសារភាពកំហុសនោះឡើយចំពោះជនណាដែលប្រព្រឹត្តអំពើអាក្រក់ រហូតដល់សេចក្តីស្លាប់មកដល់ម្នាក់ៗនៃពួកគេ ទើបគេនិយាយថា៖ “ជាការពិតណាស់ ពេលនេះ ខ្ញុំសូមសារភាពកំហុសហើយ” ហើយ(ក៏ដូចគ្នាដែរ)ពួកដែលស្លាប់ខណៈដែលពួកគេស្ថិតក្នុងភាពគ្មានជំនឿនោះ។ ពួកទាំងនោះ យើងបានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។
(19) ១៩. ឱបណ្ដាអ្នកដែលមានជំនឿ! គេមិនអនុញ្ញាតឱ្យពួកអ្នកយកប្រពន្ធឪពុករបស់ពួកអ្នកធ្វើជាកេរមរតកទាំងបង្ខំឡើយ។ ហើយពួកអ្នកមិនត្រូវរក្សាទុក(មិនព្រមលែងលះ)ភរិយារបស់ពួកអ្នកក្នុងគោលបំណងឲ្យពួកនាងលះបង់ឱ្យពួកអ្នកនូវខាន់ស្លាមួយចំនួនដែលពួកអ្នកបានផ្តល់ឱ្យពួកនាងនោះឡើយ លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌(ហ្ស៊ីណា)ជាក់ស្តែង។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងពួកនាងប្រកបដោយគុណធម៌។ ហើយប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាងនូវប្រការណាមួយ(ចូរអត់ធ្មត់) ជួនកាល អ្វីដែលពួកអ្នកមិនពេញចិត្ដនោះ អល់ឡោះនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញ(ក៏អាចថាបាន)។
(20) ២០. ប្រសិនបើពួកអ្នក(ឱស្វាមីទាំងឡាយ)មានបំណងលែងលះភរិយា(របស់ពួកអ្នក)ដោយយកភរិយាផេ្សងទៀត ហើយពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើន(ជាខាន់ស្លា)ដល់ពួកនាងហើយនោះ គឺពួកអ្នកមិនត្រូវយកអ្វីមួយអំពីវា(ទ្រព្យសម្បត្តិទាំងនោះ)មកវិញឡើយ។ តើពួកអ្នកយកវា(ប្រាក់ខាន់ស្លា)វិញទាំងបំពាន និងជាអំពើបាបយ៉ាងច្បាស់លាស់បែបនេះឬ?
(21) ២១. តើពួកអ្នកយកវា(ខាន់ស្លា)មកវិញយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកធ្លាប់រួមរស់ជាមួយគ្នា ហើយពួកនាងក៏បានទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់អំពីពួកអ្នកហើយនោះ?
(22) ២២. ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឱ្យសោះ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនអ៊ីស្លាមបានមកដល់)។ ពិតណាស់ការធ្វើដូចនេះ វាជារឿងស្មោកគ្រោក ជាមូលហេតុដែលធ្វើឱ្យអល់ឡោះខឹងសម្បា និងជាមាគ៌ាដ៏អាក្រក់បំផុត។
(23) ២៣. គេ(អល់ឡោះ)បានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីបង្កើតរបស់ពួកអ្នក ម្តាយមីងខាងឪពុករបស់ពួកអ្នក ម្តាយមីងខាងម្ដាយរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនប្រុសរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនស្រីរបស់ពួកអ្នក ម៉ែដោះរបស់ពួកអ្នកដែលបានបំបៅពួកអ្នក និងបងប្អូនស្រីតាមរយៈការបំបៅដោះតែមួយ(ជាមួយពួកអ្នក) ម្ដាយក្មេករបស់ពួកអ្នក កូនស្រីប្រពន្ធរបស់ពួកអ្នក(កូនចុង)ដែលបានធំធាត់នៅក្នុងផ្ទះរបស់ពួកអ្នកប្រសិនបើពួកអ្នកបានរួមដំណេកជាមួយម្តាយរបស់ពួកនាង(កូនចុង)រួចហើយនោះ។ តែប្រសិនបើពួកអ្នកមិនទាន់បានរួមដំណេកជាមួយម្តាយរបស់ពួកនាងទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការរៀបការជាមួយពួកនាង(កូនចុង)នោះ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឱ្យរៀបការជាមួយ)នឹងប្រពន្ធរបស់កូនប្រុសបង្កើតរបស់ពួកអ្នក(កូនប្រសារ) ហើយនិង(ហាមឃាត់មិនឱ្យរៀបការជាមួយ)ស្ត្រីពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនឥស្លាមមកដល់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)
(112)
(113)
(114)
(115)
(116)
(117)
(118)
(119)
(120)
(121)
(122)
(123)
(124)
(125)
(126)
(127)
(128)
(129)
(130)
(131)
(132)
(133)
(134)
(135)
(136)
(137)
(138)
(139)
(140)
(141)
(142)
(143)
(144)
(145)
(146)
(147)
(148)
(149)
(150)
(151)
(152)
(153)
(154)
(155)
(156)
(157)
(158)
(159)
(160)
(161)
(162)
(163)
(164)
(165)
(166)
(167)
(168)
(169)
(170)
(171)
(172)
(173)
(174)
(175)
(176)