13 - Ar-Ra'd ()

|

(1) អាលីហ្វ ឡាម មីម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាបណ្តាវាក្យខណ្ឌដ៏ខ្ពង់ខ្ពស់នៅក្នុងជំពូកនេះ ហើយគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) វាគឺជាការពិតដោយគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វា(គម្ពីរគួរអាន)មកពីអល់ឡោះជាម្ចាស់នោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនមានជំនឿនឹងវា(គម្ពីរគួរអាន)នោះទេ ដោយសារតែភាពចចេសរឹងរូស និងភាពក្អេងក្អាង(របស់ពួកគេ)

(2) អល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ដែលត្រូវបានលើកយ៉ាងខ្ពស់ដោយគ្មានសសរនោះឡើយ ដូចដែលពួកអ្នកបានឃើញ(ផ្ទាល់នឹងភ្នែកស្រាប់)។ ក្រោយមក ទ្រង់គង់នៅលើអារ៉ស្ហ ប្រកបដោយភាពខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់ ដោយគ្មានការប្រៀបធៀប និងការប្រៀបប្រដូចឡើយ។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ ដើម្បីផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ម៉ាខ្លូករបស់ទ្រង់។ ទាំងព្រះអាទិត្យនិងព្រះចន្ទ សុទ្ធតែធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់នៅក្នុងការដឹងរបស់អល់ឡោះ។ ទ្រង់ចាត់ចែងកិច្ចការរបស់ទ្រង់នៅក្នុងមេឃជាច្រើនជាន់និងផែនដីនូវអ្វីដែលទ្រង់មានចេតនា។ ទ្រង់បញ្ជាក់នូវភស្តុតាងទាំងឡាយដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់(ដល់ពួកអ្នក) សង្ឃឹមថាពួកអ្នកជឿជាក់ចំពោះការជួបនឹងម្ចាស់របស់ពួកអ្នកនាថ្ងៃបរលោក។ ដូចនេះ ពួកអ្នកត្រៀមសម្រាប់ថ្ងៃនោះដោយការសាងនូវទង្វើកុសលនានាចុះ។

(3) ហើយទ្រង់ជាអ្នកដែលបានពង្រាបផែនដីឲ្យ(មានសណ្ឋាន)រាបស្មើ ហើយទ្រង់បានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនទប់ជាលំនឹងដើម្បីកុំឲ្យវា(ផែនដី)មានការញ័ររញ្ជួយដល់មនុស្ស ហើយទ្រង់ក៏បានបង្កើតផ្លូវជាច្រើននៅលើវា(ផែនដី)ផងដែរ។ ហើយរាល់ៗប្រភេទនៃផលានុផលទាំងឡាយនោះ ទ្រង់បានបង្កើតវាឲ្យមានជាគូ គឺមានញីមានឈ្មោល ដូចសត្វពាហនៈដែរ។ ទ្រង់បានធ្វើឲ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ ហើយវាក៏ក្លាយទៅជាងងឹតក្រោយពីវាបានភ្លឺ។ អ្វីដែលបានលើកឡើងទាំងនោះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលគិតពិចារណានៅក្នុងការបង្កើតរបស់អល់ឡោះ ហើយពិនិត្យពិចារណានៅក្នុងវា ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍តាមរយៈសញ្ញាភស្តុតាងទាំងនោះ។

(4) ហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា។ នៅក្នុងវា មានចម្ការទំពាំងបាយជូរយ៉ាងច្រើន ហើយនៅក្នុងវាផងដែរ គឺមានដំណាំ និងដើមល្មើដែលមានខ្នែង និងដើមល្មើដែលគ្មានខ្នែង ដែលគេស្រោចស្រពចម្ការ និងដំណាំទាំងនោះដោយទឹកតែមួយ។ ហើយយើងបានផ្តល់គុណភាពឲ្យវាខុសគ្នាពីមួយទៅមួយចំពោះរសជាតិរបស់វា(មានខ្លះឆ្ងាញ់ជាងខ្លះទៀត) ហើយនិងអត្ថប្រយោជន៍ផ្សេៗទៀតរបស់វា បើទោះបីជាពួកវានៅជិតគ្នា និងត្រូវបានស្រោចស្រពដោយទឹកតែមួយក៏ដោយ។ ពិតប្រាកដណាស់ អ្វីដែលបានលើកឡើងទាំងនេះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលចេះគិតពិចារណា ដោយសារតែពួកគេ គឺជាអ្នកដែលយករឿងទាំងនោះធ្វើជាមេរៀន។

(5) ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់ពីរឿងអ្វីមួយនោះ ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺការបដិសេធរបស់ពួកគេចំពោះការពង្រស់(មនុស្សឲ្យរស់)ឡើងវិញ ហើយនិងពាក្យសម្តីរបស់ពួកគេដែលបាននិយាយលើកហេតុផល(មកបញ្ជាក់)ចំពោះការបដិសេធរបស់ពួកគេនេះថាៈ តើនៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លាយទៅជាដី ព្រមទាំងឆ្អឹងរបស់ពួកយើងពុកផុយរលាយបាត់រូបរាងហើយនោះ តើពួកយើងត្រូវគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតឬ? ពួកដែលបដិសេធពីការរស់ឡើងវិញក្រោយពេលស្លាប់ទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ដូចនេះហើយទើបពួកគេបដិសេធចំពោះសមត្ថភាពរបស់ទ្រង់ក្នុងពង្រស់មនុស្សស្លាប់(ឲ្យរស់ឡើងវិញ)។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់អំពីភ្លើងនរកនៅលើករបស់ពួកគេនាថ្ងៃបរលោក។ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដោយពួកគេនឹងស្ថិតនៅទីនោះជាអមតៈ ដោយភាពវិនាសអន្តរាយមិនប៉ះពាល់ដល់ពួកគេនោះទេ(ពួកគេមិនស្លាប់ម្តងទៀតនោះទេ) ហើយគេក៏មិនកាត់ផ្តាច់(បញ្ឈប់)ទណ្ឌកម្មពីពួកគេនោះដែរ។

(6) ហើយពួកមុស្ហរីគីនសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាក់ទណ្ឌកម្មដល់ពួកគេភ្លាមៗ ហើយពួកគេក៏សុំឲ្យទណ្ឌកម្មនោះធ្លាក់ទៅលើពួកគេ មុននឹងពួកគេទទួលបានពេញលេញនូវឧបការគុណដែលអល់ឡោះបានកំណត់សម្រាប់ពួកគេ។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះប្រជាជាតិដែលបដិសេធជំនាន់ពួកគេ។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនយកវាធ្វើជាមេរៀន? ហើយពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអនុគ្រោះដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហេតុនេះហើយទើបទ្រង់មិនដាក់ទណ្ឌកម្មពួកគេភ្លាមៗនោះទេ ដើម្បីឲ្យពួកគេសារភាពទោសកំហុសចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះពួកដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែល ប្រសិនបើពួកគេមិនព្រមសារភាពកំហុស(ចំពោះទ្រង់)ទេនោះ។

(7) ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយ(ដោយភាពរឹងរូស)ថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ណាមួយពីម្ចាស់របស់គេទៅកាន់មូហាំម៉ាត់ដូចអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីមូសា និងព្យាការីអ៊ីសានោះ? តាមពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានបន្លាចមនុស្សពីទណ្ឌកម្មរបស់អល់ឡោះប៉ុណ្ណោះ ហើយអ្នកគ្មានសញ្ញាភស្តុតាងណាមួយនោះឡើយក្រៅពីអ្វីដែលអល់ឡោះបានប្រទានដល់អ្នកនោះ។ ហើយរាល់ក្រុមនីមួយៗ គឺតែងតែមានព្យាការីដែលចង្អុលបង្ហាញ និងណែនាំពួកគេទៅកាន់ផ្លូវពិត។

(8) អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងផ្ទៃពោះរបស់ស្ត្រី(មានគភ៌) ដោយទ្រង់ដឹងរាល់អ្វីៗទាំងអស់អំពីវា។ ហើយទ្រង់ដឹងនូវអ្វីដែលកើតមាននៅក្នុងស្បូន ដូចជាកូនមិនគ្រប់ខែ ឬលើសខែ មានសុខភាពល្អ ឬមានជំងឺ។ ហើយរាល់អ្វីៗទាំងអស់ គឺត្រូវបានអល់ឡោះកំណត់យ៉ាងច្បាស់លាស់ដោយមិនឲ្យលើស ឬខ្វះនោះឡើយ។

(9) នោះគឺដោយសារតែទ្រង់ជាអ្នកដែលដឹងនូវរាល់អ្វីទាំងអស់ដែលលាក់បាំងពីអារម្មណ៍ម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងបំផុតរាល់អ្វីដែលអារម្មណ៍របស់គេបានដឹង(ទទួលបាន)។ ទ្រង់មហាធំធេងបំផុតទាំងលក្ខណៈសម្បត្តិ បណ្តានាម និងទង្វើរបស់ទ្រង់ និងជាម្ចាស់មហាឧត្តុង្គឧត្តមលើម៉ាខ្លូករបស់ទ្រង់ទាំងអស់ទាំងខ្លួនទ្រង់ផ្ទាល់ និងលក្ខណៈសម្បត្តិរបស់ទ្រង់។

(10) ទ្រង់ដឹងនូវប្រការអាថ៌កំបាំង និងអ្វីដែលគេលាក់បាំង។ ហើយទ្រង់ដឹងដូចតែគ្នាទេ មិនថាពួកអ្នក(ឱមនុស្សលោក)និយាយខ្សឹបខ្សៀវគ្នាតិចៗ ឬនិយាយខ្លាំងនោះទេ។ ហើយទ្រង់ក៏ដឹងដូចតែគ្នាដែរចំពោះជនណាដែលបិទបាំង(ទង្វើរបស់គេ)ពីភ្នែកមនុស្សនៅពេលយប់ និងអ្នកដែលបង្ហាញនូវទង្វើរបស់គេនៅក្នុងពេលថ្ងៃ(ដែលអាចមើលឃើញ)ច្បាស់នោះ។

(11) ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានម៉ាឡាអ៊ីកាត់របស់ទ្រង់ដែលនៅផ្លាស់ប្តូរគ្នាឃ្លាំមើលមនុស្ស ដោយពួកគេខ្លះ ឃ្លាំមើលមនុស្សលោកនៅពេលយប់ ហើយពួកគេខ្លះទៀត ឃ្លាំមើលមនុស្សលោកនៅពេលថ្ងៃ។ ពួកគេថែរក្សាមនុស្សលោកទៅតាមបទបញ្ជារបស់អល់ឡោះដោយស្ថិតក្រោមការកំណត់ដែលទ្រង់បានកត់ត្រា(កំណត់ទុករួច)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)កត់ត្រានូវពាក្យសម្តី និងទង្វើរបស់ពួកគេ(មនុស្ស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនផ្លាស់ប្តូរក្រុមណាមួយពីស្ថានភាពល្អទៅកាន់ស្ថានភាពដែលអាក្រក់នោះទេ លើកលែងតែពួកគេផ្លាស់ប្តូរវាដោយខ្លួនឯងប៉ុណ្ណោះ។ ហើយនៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំផ្លាញក្រុមណាមួយនោះ គឺគ្មានអ្នកដែលអាចរារាំង ឬទប់ស្កាត់នូវបំណងរបស់ទ្រង់នោះឡើយ។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺគ្មាននរណាក្រៅពីអល់ឡោះជាអ្នកគាំពារដែលគ្រប់គ្រងទៅលើកិច្ចការរបស់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នកសុំការជ្រកកោនពីអល់ឡោះដើម្បីឲ្យទ្រង់ការពារពួកអ្នកពីការសាកល្បង(គ្រោះ)ដែលពួកអ្នកជួបប្រទះ។

(12) ហើយទ្រង់គឺជាអ្នកដែលបង្ហាញឲ្យពួកអ្នក(ឱមនុស្សលោក)បានឃើញផ្លេកបន្ទោរ ដោយធ្វើឲ្យពួកអ្នកមានទាំងភាពភ័យខ្លាចអំពីផ្គរន្ទះ និងមានក្តីសង្ឃឹមពីការមានភ្លៀងធ្លាក់។ ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពពកដែលពេញទៅដោយទឹកភ្លៀងយ៉ាងច្រើន។

(13) ហើយផ្គរលាន់បានលើកតម្កើងម្ចាស់របស់វា ដោយភ្ជាប់ជាមួយនឹងការថ្លែងសរសើរចំពោះទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានលើកតម្កើងម្ចាស់របស់ពួកគេដោយការខ្លាចចំពោះទ្រង់ និងជាការលើកតម្កើងចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានបញ្ជូនរន្ទះជាច្រើនឲ្យបាញ់ទៅលើជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយគេក៏វិនាសអន្តរាយទៅ។ ហើយពួកដែលប្រឆាំងនោះ ពួកគេឈ្លោះប្រកែកគ្នាចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់។

(14) ការបួងសួងដ៏ពិតប្រាកដ គឺសម្រាប់អល់ឡោះតែមួយគត់ ដោយគ្មាននរណាម្នាក់ចូលរួមជាមួយទ្រង់ឡើយ។ ហើយរូបបដិមាទាំងឡាយដែលពួកមុស្ហរីគីនបានបួងសួងសុំក្រៅពីអល់ឡោះនោះ គឺពួកវាមិនអាចឆ្លើយតបនូវការបួងសួងដែលពួកគេបានសុំនៅក្នុងបញ្ហាណាមួយនោះឡើយ ហើយការបួងសួងរបស់ពួកគេចំពោះព្រះទាំងនោះ គឺគ្មានអ្វីក្រៅពីប្រៀបបាននឹងមនុស្សស្រេកទឹកម្នាក់ដែលលាបាតដៃទាំងពីររបស់គេទៅរកទឹក ដើម្បីឲ្យទឹកធ្លាក់ចូលមាត់របស់គេ ហើយគេផឹកវាប៉ុណ្ណោះ តែទឹកនោះ គឺមិនអាចមកដល់មាត់របស់គេបាននោះទេ។ ហើយការបួងសួងរបស់ពួកប្រឆាំងទៅចំពោះបដិមាទាំងឡាយរបស់ពួកគេនោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពវង្វេង និងឃ្លាតឆ្ងាយពីភាពត្រឹមត្រូវនោះទេ ពីព្រោះពួកវាមិនអាចផ្តល់ប្រយោជន៍ដល់ពួកគេនោះឡើយ ហើយក៏មិនអាចការពារពួកគេពីគ្រោះថ្នាក់នោះដែរ។

(15) ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីបានលំឱនកាយស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកគេមានភាពស្មើគ្នាចំពោះរឿងនេះ មិនថាជាអ្នកមានជំនឿ ឬជាអ្នកគ្មានជំនឿនោះឡើយ គ្រាន់តែអ្នកមានជំនឿ ពួកគេលំឱកាយស៊ូជោតចំពោះទ្រង់ដោយស្ម័គ្រចិត្ត ឯអ្នកគ្មានជំនឿវិញ ពួកគេលំឱនកាយស៊ូជោតដោយមិនពេញចិត្តប៉ុណ្ណោះ។ ហើយលក្ខណៈធម្មជាតិរបស់ពួកគេ គឺបានឲ្យពួកគេទោទន់ទៅកាន់ការឱនលំទោនចំពោះទ្រង់ដោយស្ម័គ្រចិត្ត។ ហើយស្រមោលនៃម៉ាខ្លូកទាំងអស់ ក៏បានឱនលំទោន(ស៊ូជោត)ចំពោះទ្រង់ទាំងនៅពេលព្រឹក និងពេលល្ងាចផងដែរ។

(16) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកប្រឆាំងដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតវាទាំងពីរ និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរ ហើយពួកអ្នកក៏ទទួលស្គាល់ដូចនេះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេទៀតថាៈ ដូច្នេះ តើពួកអ្នកយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារសម្រាប់ពួកអ្នក ទាំងដែលពួកវាជាពួកអសមត្ថភាព ដែលពួកវាមិនមានសមត្ថភាពអ្វី សូម្បីតែផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានផងនោះឬ? ដូចនេះ តើពួកវាអាចផ្តល់ផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ឱ្យអ្នកដទៃបានយ៉ាងដូចម្តេច? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នាដែរឬទេរវាងពួកគ្មានជំនឿដែលមិនអាចមើលឃើញ និងអ្នកមានជំនឿដែលអាចមើលឃើញដែលទទួលបាននូវការចង្អុលបង្ហាញនោះ? ឬក៏ តើស្មើគ្នាដែរឬទេរវាងភាពគ្មានជំនឿដែលជាភាពងងឹតសូន្យសុង និងការមានជំនឿដែលជាពន្លឺរស្មីនោះ? ឬមួយពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះនៅក្នុងការបង្កើត ហើយថាព្រះទាំងនោះបានបង្កើតអ្វីៗដូចការបង្កើតរបស់ទ្រង់ដែរនោះ ដែលធ្វើឱ្យពួកគេភ័ន្តច្រឡំរវាងអ្វីដែលអល់ឡោះបង្កើត និងអ្វីដែលព្រះនានារបស់ពួកគេបានបង្កើត។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើតអ្វីៗទាំងអស់ដោយគ្មានដៃគូរួមជាមួយទ្រង់ក្នុងការបង្កើតនេះឡើយ ហើយទ្រង់តែមួយគត់ដែលជាម្ចាស់ដែលត្រូវគោរពសក្ការៈដែលស័ក្ដិសមនឹងត្រូវគេគោរពសក្ការៈតែមួយគត់ ហើយទ្រង់មហាខ្លាំងពូកែលើអ្វីៗទាំងអស់។

(17) ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកឧទាហរណ៍ដើម្បីបញ្ជាក់ពីការសាបសូន្យនៃសេចក្តីមិនពិត និងភាពគង់វង្សនៃសេចក្តីពិតនោះ(ដោយទ្រង់បានប្រៀបធៀបវា)ទៅនឹងទឹកភ្លៀងដែលបញ្ចុះពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងរបស់វា។ រាល់ជ្រលងនីមួយៗ គឺអាស្រ័យទៅតាមទំហំរបស់វា តូច ឬធំ ហើយវាបាននាំមកនូវពពុះដែលអណ្តែតនៅពីលើផ្ទៃទឹក។ ហើយទ្រង់បានលើកយកឧទាហរណ៍មួយផ្សេងទៀតដើម្បីបញ្ជាក់ទៅលើវាទាំងពីរដែរ គឺលោហធាតុដែលមនុស្សយកវាទៅដុតនៅក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ ក៏វាមានពពុះដូចគ្នាដែរ។ តាមរយៈឧទាហរណ៍ទាំងពីរនេះហើយដែលអល់ឡោះទ្រង់បានធ្វើការប្រៀបធៀបរវាងប្រការពិត និងប្រការមិនពិត។ ពិតណាស់ ប្រការមិនពិត គឺប្រៀបដូចជាពពុះដែលអណ្តែតនៅលើផ្ទៃទឹក។ ហើយក៏ដូចគ្នាដែរ ពពុះនៃលោហធាតុដែលគេដុតនោះ។ ចំណែកឯប្រការពិតវិញ គឺប្រៀបដូចជាទឹកបរិសុទ្ធដែលគេអាចយកមកទទួលទានបាន អាចធ្វើឲ្យរុក្ខជាតិមានផ្លែផ្កា និងធ្វើឲ្យស្មៅដុះ។ ហើយក៏ដូចគ្នាដែរ អ្វីដែលគេបានចម្រាញ់ចេញពីលោហធាតុនោះដែលផ្តល់ផលប្រយោជន៍ដល់មនុស្សលោក។ ដូចដែលអល់ឡោះបានលើកឧទាហរណ៍ទាំងពីរនេះដែរ ទ្រង់បានលើកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីបញ្ជាក់ពីប្រការដែលពិត និងប្រការដែលមិនពិត។

(18) សម្រាប់បណ្តាអ្នកមានជំនឿដែលបានឆ្លើយតបចំពោះម្ចាស់របស់ពួកគេនៅពេលដែលទ្រង់បានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងកាគោរពប្រតិបត្តិចំពោះទ្រង់នោះ គឺពួកគេនឹងទទួលបានកន្លែងដ៏ល្អប្រពៃ នោះគឺ ឋានសួគ៌។ ចំណែកឯពួកគ្មានជំនឿដែលមិនឆ្លើយតបនឹងការអំពាវនាវរបស់ទ្រង់ដែលបានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងការគោរពប្រតិបត្តិចំពោះទ្រង់វិញនោះ ប្រសិនបើពួកគេមានទ្រព្យសម្បត្តិនៅក្នុងផែនដីនេះទាំងអស់ ហើយថែមទាំងមានទ្វេដងលើសពីនេះទៀតនោះ ពួកគេនឹងយកវាទៅដោះដូរឬលោះខ្លួនពួកគេពីទណ្ឌកម្មជាមិនខាន ។ ពួកដែលមិនបានឆ្លើយតបនឹងការអំពាវនាវរបស់អល់ឡោះនោះ នឹងត្រូវគេជុំនំជម្រះកាត់សេចក្តីចំពោះអំពើអាក្រក់ទាំងអស់របស់ពួកគេ។ ហើយលំនៅឋានរបស់ពួកគេដែលពួកគេនឹងត្រូវរស់នៅក្នុងវានោះ គឺឋាននរកជើហាន់ណាំ ។ ហើយកន្លែងរស់នៅដ៏អាក្រក់បំផុតរបស់ពួកគេនោះ គឺឋាននរកនោះឯង។

(19) មិនស្មើគ្នានោះទេរវាងអ្នកដែលដឹងថា ជាការពិតណាស់ អ្វីដែលអល់ឡោះបានបញ្ចុះមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ គឺជាការពិតដោយគ្មានការសង្ស័យនៅក្នុងវា ហើយគេជាអ្នកមានជំនឿដែលឆ្លើយតបចំពោះអល់ឡោះ និងរវាងអ្នកដែលពិការភ្នែក ពោលគឺពួកគ្មានជំនឿដែលមិនឆ្លើយតបចំពោះអល់ឡោះនោះ។ ជាការពិតណាស់ អ្នកដែលយករឿងនេះធ្វើជាមេរៀននោះ គឺមានតែបណ្តាអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវប៉ុណ្ណោះ។

(20) បណ្តាអ្នកដែលឆ្លើយតបចំពោះអល់ឡោះជាម្ចាស់នោះ ពួកគេគឺជាអ្នកដែលបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយនឹងអល់ឡោះ ឬអ្វីដែលពួកគេបានសន្យាជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់ ហើយពួកគេមិនក្បត់កិច្ចសន្យា(ដែលពួកគេបានសន្យា)ជាមួយអល់ឡោះ ឬ(សន្យា)ជាមួយអ្នកផ្សេងពីទ្រង់ឡើយ។

(21) ហើយពួកគេ គឺជាអ្នកដែលផ្សាភ្ជាប់នូវចំណងសាច់សាលោហិតដែលអល់ឡោះប្រើឲ្យពួកគេផ្សាភ្ជាប់វា ហើយពួកគេគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកគេភ័យខ្លាចអល់ឡោះជាម្ចាស់ជំនុំជម្រះពួកគេទៅលើបាបកម្មរបស់ពួកគេដែលពួកគេបានសាង។ ពិតណាស់ ជនណាហើយដែលត្រូវគេវែកញែក(ជជីករឹសគល់)ចំពោះការជំនុំជម្រះ(របស់គេនោះ) គឺគេនឹងវិនាស។

(22) ហើយពួកគេ គឺជាបណ្តាអ្នកដែលអត់ធ្មត់(លើការគោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើអ្វីដែលអល់ឡោះទ្រង់បានកំណត់ទៅលើគេ ទោះល្អឬអាក្រក់ និងអត់ធ្មត់លើការ(មិន)ប្រព្រឹត្តនូវអំពើល្មើសនឹងអល់ឡោះដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ) ហើយពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេបរិច្ចាគនូវទ្រព្យសម្បត្តិដែលយើងបានប្រទានដល់ពួកគេដែលជាសិទ្ធិដែលចាំបាច់(ពោលគឺហ្សាកាត់) និងបរិច្ចាគជាលក្ខណៈស្ម័គ្រចិត្តដោយស្ងាត់ៗដើម្បីចៀសឆ្ងាយពីប្រការរីយ៉ាក(ធ្វើអ្វីដើម្បីឲ្យគេឃើញ) និងបរិច្ចាគដោយបើកចំហដើម្បីជម្រុញអ្នកផ្សេង(ឲ្យធ្វើការបរិច្ចាគ)ដែរ ហើយពួកគេតបតចំពោះអំពើអាក្រក់ដែលគេធ្វើអាក្រក់មកលើខ្លួនគេដោយការធ្វើល្អទៅចំពោះគេវិញ។ បណ្តាអ្នកដែលមានលក្ខណៈដូចបានរៀបរាប់នេះហើយ សម្រាប់ពួកគេនាថ្ងៃបរលោកនោះ គឺនឹងទទួលបានលទ្ធផលគួរឲ្យកោតសរសើរ។

(23) លទ្ធផលចុងក្រោយដែលគួរឲ្យកោតសរសើរនោះ គឺឋានសួគ៌ដែលពោរពេញទៅដោយឧបការគុណគ្មានទីបញ្ចប់ ហើយក្នុងចំណោមឧបការគុណយ៉ាងពេញលេញនៅក្នុងឋានសួគ៌នោះ គឺអ្នកដែលបានធ្វើអំពើល្អក្នុងចំណោមឪពុករបស់ពួកគេ ម្តាយរបស់ពួកគេ ព្រមទាំងប្រពន្ធ និងកូនៗរបស់ពួកគេក៏បានចូលឋានសួគ៌ជាមួយពួកគេដែរ ដើម្បីជាការបំពេញនូវសុភមង្គលដល់ពួកគេដោយពួកគេបានជួបគ្នា។ ហើយម៉ាឡាអ៊ីកាត់បានចូលទៅស្វាគមន៍ពួកគេគ្រប់ទ្វារផ្ទះទាំងអស់របស់ពួកគេនៅក្នុងឋានសួគ៌។

(24) ហើយការស្វាគមន៍របស់ពួកម៉ាឡាអ៊ីកាត់គ្រប់ពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បានចូលទៅជួបពួកគេ(អ្នកនៅក្នុងឋានសូគ៌)នោះ គឺពួកគេស្វាគមន៍ដោយពោលពាក្យថាៈ សូមសុខសន្តិភាពកើតមានដល់ពួកអ្នក ពោលគឺពួកអ្នកមានសុវត្ថិភាពពីគ្រោះថ្នាក់ដោយសារតែការអត់ធ្មត់របស់ពួកអ្នកលើការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ចំពោះជោគវាសនាដ៏ល្វីងជូរចត់របស់ពួកអ្នក ហើយពួកអ្នកអត់ធ្មត់លើ(ការមិនធ្វើ)ទង្វើបាបកម្មចំពោះអល់ឡោះ។ ដូច្នេះ លំនៅដ្ឋានចុងក្រោយដែលជាលទ្ធផលចុងក្រោយរបស់ពួកអ្នក គឺល្អបំផុត។

(25) រីឯបណ្តាអ្នកដែលក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីការបញ្ជាក់របស់ទ្រង់ ហើយពួកគេកាត់ផ្តាច់នូវចំណងសាច់សាលោហិតដែលអល់ឡោះបានប្រើឱ្យពួកគេផ្សាភ្ជាប់ ព្រមទាំងបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តល្មើសនឹងអល់ឡោះនោះ ពួកទាំងនោះហើយគឺជាពួកដែលឃ្លាតឆ្ងាយ ជាពួកដែលអពមង្គល ដោយពួកគេត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ ហើយលទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត នោះគឺឋាននរក។

(26) អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិតវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ប៉ុន្តែ ការបើកទូលាយនូវលាភសក្ការៈនោះ មិនមែនជាសញ្ញាដែលបញ្ជាក់ពីសុភមង្គល និងបង្ហាញពីការស្រឡាញ់របស់អល់ឡោះចំពោះគេនោះទេ ហើយការរឹតត្បិតវា(លាភសក្ការៈ)នោះ ក៏មិនមែនជាសញ្ញាដែលបង្ហាញពីភាពអពមង្គលនោះដែរ។ ចំណែកឯពួកប្រឆាំងវិញ ពួកគេសប្បាយរីករាយនឹងជីវិតលោកិយ ហើយពួកគេមានភាពស្កប់ស្កល់ចំពោះវា(មិនចង់បានថ្ងៃបរលោក)។ ហើយជីវិតលោកិយនេះ បើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មានអ្វីក្រៅពីគ្រាន់តែជាការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីមួយដែលនឹងបាត់បង់ទៅវិញប៉ុណ្ណោះ។

(27) ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់បាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងដែលជាក់ស្តែងមួយពីម្ចាស់របស់គេដែលបង្ហាញពីសច្ចភាពរបស់គេទៅ នោះពួកយើងប្រាកដជានឹងមានជំនឿលើគេជាមិនខាន? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលទាមទារទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យនរណាម្នាក់វង្វេងតាមដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់តាមរយៈការសារភាពកំហុសដោយភាពសប្បុរសរបស់ទ្រង់។ ហើយការចង្អុលបង្ហាញនោះ គឺមិនស្ថិតនៅលើដៃរបស់ពួកគេរហូតពួកគេភ្ជាប់ទៅនឹងការបញ្ចុះនូវសញ្ញាភស្តុតាងនោះឡើយ។

(28) បណ្តាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញពីអល់ឡោះទាំងនោះ ពួកគេគឺជាអ្នកដែលមានជំនឿ ហើយចិត្តរបស់ពួកគេមានភាពនឹងនរដោយការរំលឹកចំពោះអល់ឡោះ តាមរយៈការលើកតម្កើងទ្រង់ ការកោតសរសើរទ្រង់ ការសូត្រគម្ពីរ(គួរអាន)របស់ទ្រង់ និងការស្តាប់វា។ តើមិនមែនទេឬ ការរំលឹកចំពោះអល់ឡោះជាម្ចាស់តែមួយគត់ គឺធ្វើឲ្យចិត្តនឹងនរនោះ?

(29) ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលដែលនាំឲ្យរូបគេជិតទៅកាន់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលបាននូវការរស់នៅដ៏ប្រសើរនាថ្ងៃបរលោក ហើយពួកគេនឹងទទួលបាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត នោះគឺឋានសួគ៌។

(30) ដូចដែលយើងបានបញ្ជូនបណ្តាអ្នកនាំសាររបស់យើងជំនាន់មុនៗទៅកាន់ប្រជាជាតិរបស់ពួកគេនោះដែរ យើងក៏បានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិរបស់អ្នកដូចគ្នាដែរ ដើម្បីឲ្យអ្នកសូត្រឲ្យពួកគេស្តាប់នូវគម្ពីរគួរអានដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ដែលវាគឺជាភស្តុតាងគ្រប់គ្រាន់ហើយដើម្បីបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ក៏ប៉ុន្តែ ស្ថានភាពនៃក្រុមរបស់អ្នក គឺពួកគេជាពួកដែលបដិសេធនូវសញ្ញាភស្តុតាងមួយនេះ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរសដោយពួកគេយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមជាមួយទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម្ចាស់ដ៏មហាសប្បុរសដែលពួកអ្នកយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ខ្ញុំប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំចំពោះទ្រង់តែមួយគត់ ហើយការសារភាពរបស់ខ្ញុំ ក៏ចំពោះទ្រង់(តែមួយគត់)ដែរ។

(31) ហើយប្រសិនបើក្នុងចំណោមលក្ខណៈសម្បត្តិនៃព្រះគម្ពីរដែលជាគម្ពីររបស់ព្រះជាម្ចាស់ គឺធ្វើឲ្យភ្នំទាំងឡាយរំកិលចេញពីកន្លែងរបស់វាដោយសារតែវា(គម្ពីរ) ឬធ្វើឲ្យផែនដីបែកខ្ញែកដោយធ្វើឲ្យទន្លេហូរចេញជាប្រភពទឹកជាច្រើន ឬក៏ត្រូវបានគេសូត្រទៅលើមនុស្សស្លាប់ ហើយធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបាន នោះគម្ពីរគួរអានដែលត្រូវបានគេបញ្ចុះទៅកាន់អ្នកនេះ(ឱអ្នកនាំសារមូហាំម៉ាត់)នឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ និងមានឥទ្ធិពលយ៉ាងធំធេងប្រសិនបើពួកគេមានដួងចិត្តដែលកោតខ្លាច។ ក៏ប៉ុន្តែពួកគេ គឺជាពួកដែលប្រឆាំង។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ក្នុងការបញ្ចុះនូវអច្ឆរិយភាព ឬអ្វីផ្សេងទៀតនោះ។ តើបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនានឹងចង្អុលបង្ហាញមនុស្សទាំងអស់ដោយមិនចាំបាច់បញ្ចុះនូវសញ្ញាភស្តុតាងណាមួយទេនោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកគេដោយមិនចាំបាច់មានវា(សញ្ញាភស្តុតាង)នោះ? ក៏ប៉ុន្តែ ទ្រង់គ្មានចេតនាដូច្នោះឡើយ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ មហន្តរាយដ៏ខ្លាំងក្លានៅតែបន្តធ្លាក់ទៅលើពួកគេដោយសារតែការប្រឆាំង និងទង្វើបាបកម្មដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះដោយការទម្លាក់នូវទណ្ឌកម្មជាបន្តបន្ទាប់នោះបានមកដល់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់នោះឡើយនៅពេលណាដែលពេលវេលាកំណត់របស់វាបានមកដល់នោះ។

(32) ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារដំបូងគេនោះទេដែលត្រូវក្រុមរបស់ខ្លួនបដិសេធនិងសើចចំអកឲ្យនោះ។ តាមពិត ប្រជាជាតិជំនាន់មុនៗអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏បានសើចចំអកចំពោះអ្នកនាំសាររបស់ពួកគេ និងបដិសេធចំពោះពួកគេដូចគ្នាដែរ។ ហើយយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកដែលប្រឆាំងនឹងអ្នកនាំសាររបស់ពួកគេ រហូតដល់ពួកគេគិតថា តាមពិត យើងនឹងមិនបំផ្លាញពួកគេនោះទេ។ បន្ទាប់មក ក្រោយពីការពន្យារពេលដល់ពួកគេ យើងក៏បានដាក់ទណ្ឌកម្មជាច្រើនប្រភេទទៅលើពួកគេ។ ដូច្នេះ តើអ្នកបានឃើញយ៉ាងដូចម្តេចដែរចំពោះទណ្ឌកម្មរបស់យើងទៅលើពួកគេនោះ? ពិតប្រាកដណាស់ វាគឺជាទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។

(33) ដូច្នេះ តើអ្នកដែលជាអ្នកថែរក្សានូវលាភសក្ការៈរបស់គ្រប់ម៉ាខ្លូកទាំងអស់ និងជាអ្នកឃ្លាំមើលរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត ហើយតបស្នងចំពោះទង្វើដែលពួកគេបានធ្វើ គួរតែជាអ្នកដែលសាកសមត្រូវបានគេគោរពសក្ការៈ ឬក៏រូបសំណាក់ទាំងនោះដែលគ្មានសិទ្ធិអ្វីសោះនោះគួរត្រូវបានពួកអ្នកគោរពសក្ការៈ? ហើយពួកប្រឆាំងទាំងនោះបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះជាម្ចាស់ដោយបំពាននិងដោយខុសឆ្គង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាជាមួយនឹងអល់ឡោះនោះឲ្យពួកយើងមក ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងរបស់ពួកអ្នកមែននោះ ឬមួយពួកអ្នកប្រាប់អល់ឡោះនូវអ្វីដែលទ្រង់មិនបានដឹង ដែលថានៅលើផែនដីនេះទ្រង់មានដៃគូនោះ? ឬមួយពួកអ្នកប្រាប់ទ្រង់ដោយគ្រាន់តែស្តែងចេញនូវពាក្យសម្តីដែលគ្មានការពិតចំពោះវានោះឬ? ផ្ទុយទៅវិញ ស្ហៃតនបានលម្អចំពោះពួកដែលប្រឆាំងដោយប្រើឧបាយកលដ៏អាក្រក់។ ដូច្នេះ ពួកគេក៏ប្រឆាំងនឹងអល់ឡោះ ហើយវា(ស្ហៃតន)ក៏បានបង្វែរពួកគេចេញពីមាគ៌ានៃការចង្អុលបង្ហាញ។ ហើយជនណាហើយដែលអល់ឡោះបានធ្វើឲ្យគេវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញហើយនោះ គឺរូបគេនឹងគ្មានអ្នកចង្អុលបង្ហាញនោះឡើយ។

(34) ពួកគេនឹងទទួលនូវទណ្ឌកម្មនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេនោះ គឺខ្លាំងក្លានិងធ្ងន់ធ្ងរចំពោះពួកគេជាងទណ្ឌកម្មនៅក្នុងលោកិយនេះទៅទៀត ដោយសារតែវាមានសភាពខ្លាំងក្លា និងនៅបន្តជាប់រហូតដោយគ្មានដាច់(ផ្អាក)ឡើយ។ ហើយសម្រាប់ពួកគេ ក៏គ្មាននរណាម្នាក់អាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយនៅថ្ងៃបរលោកនោះ។

(35) លក្ខណៈនៃឋានសួគ៌ដែលអល់ឡោះបានសន្យាចំពោះអ្នកដែលគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះគឺ ពិតប្រាកដណាស់ វា(ឋានសួគ៌)មានទន្លេជាច្រើនដែលហូរពីក្រោមវិមាននិងដើមឈើរបស់វា ដែលផលានុផលរបស់វា គឺមានជារៀងរហូតឥតដាច់នោះឡើយ ផ្ទុយពីផលានុផលនៅក្នុងលោកិយ(ដែលមានតាមរដូវកាល)។ ម្លប់របស់វា គឺមានជារៀងរហូត មិនបាត់បង់ទៅណានោះទេ ហើយក៏មិនរួមតូចនោះដែរ។ នោះហើយគឺជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលគោរពកោតខ្លាចអល់ឡោះដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក ដែលពួកគេនឹងចូលទៅក្នុងវាដោយស្ថិតនៅទីនោះជាអមតៈ។

(36) ហើយបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរតាវរ៉តក្នុងចំណោមពួកយូដា និងបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរអិញជីលក្នុងចំណោមពួកណាសរ៉នីនោះ ពួកគេមានភាពរីករាយចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយសារតែវាស្របនឹងប្រការមួយចំនួនដែលគេបញ្ចុះទៅកាន់ពួកគេដែរ។ ហើយក្នុងចំណោមក្រុមជាច្រើនរបស់ពួកយូដានិងពួកណាសរ៉នីទាំងនោះ ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនដែលយើងបានបញ្ចុះទៅកាន់អ្នកចំពោះអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ឬក៏(មិនស្រប)នឹងអ្វីដែលពួកគេបានធ្វើការកែប្រែ និងផ្លាស់ប្តូរ(នៅក្នុងគម្ពីររបស់ពួកគេ)ដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនឲ្យខ្ញុំយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងសុំពីទ្រង់តែមួយគត់ ហើយខ្ញុំមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ត្រឡប់ទៅកាន់ទ្រង់តែមួយគត់ដែរ។ នេះហើយជាអ្វីដែលគម្ពីរតាវរ៉ត និងគម្ពីរអិញជីលបាននាំមកនោះ។

(37) ហើយដូចដែលយើងបានបញ្ចុះបណ្តាគម្ពីរពីមុនមកទៅតាមភាសានៃក្រុមរបស់ពួកគេនោះដែរ យើងក៏បានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាតត់)នូវគម្ពីរគួរអានជាបន្ទូលមួយដែលជាបកស្រាយបញ្ជាក់នូវប្រការពិត និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើតាមទំនើងចិត្តរបស់អ្នកពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ដែលពួកគេបានធ្វើការជជែកតថ្លៃជាមួយអ្នកដោយ(ឲ្យ)លុបចេញនូវអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ក្រោយពីចំណេះដឹងដែលអល់ឡោះបានបង្រៀនអ្នកបានមកដល់អ្នកហើយនោះ ពិតណាស់ សម្រាប់អ្នកគឺគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះជាម្ចាស់ដែលជួយគាំពារអ្នកលើកិច្ចរបស់អ្នក និងជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀត សម្រាប់អ្នក ក៏គ្មានអ្នកណាដែលអាចការពារអ្នកពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។

(38) ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងចំណោមមនុស្សលោក។ ហេតុនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលគ្មានពីមុនមកនោះទេ។ ហើយយើងបានរៀបចំឲ្យពួកគេ(អ្នកនាំសារ)មានប្រពន្ធ និងបានឲ្យពួកគេមានកូនចៅដូចមនុស្សទូទៅឯទៀតដែរ ដោយយើងមិនបានចាត់តាំងអ្នកនាំសារនោះជាម៉ាឡាអ៊ីកាត់ដែលមិនរៀបការ និងគ្មានកូនឡើយ។ ហើយអ្នកក៏ស្ថិតក្នុងចំណោមអ្នកនាំសារទាំងនោះដែរដែលពួកគេគឺជាមនុស្សលោក ដែលអាចរៀបការ និងមានកូន។ ដូច្នេះ ហេតុអ្វីបានជាពួកមុស្ហរីគីនមានការភ្ញាក់ផ្អើលចំពោះលក្ខណៈសម្បត្តិរបស់អ្នកដូច្នោះ? ហើយគ្មានអ្នកនាំសារណាម្នាក់ដែលអាចនាំមកនូវសញ្ញាភស្តុតាងណាមួយពីអល់ឡោះជាម្ចាស់នោះទេ លុះត្រាតែទ្រង់អនុញ្ញាតឲ្យនាំវាមកប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺអល់ឡោះបានកំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស) ហើយពេលកំណត់របស់វា គឺមិនអាចមកដល់មុន ឬមកដល់ក្រោយពេលកំណត់ឡើយ។

(39) អល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់ចង់លុបបំបាត់វា ដូចជាប្រការល្អ ប្រការអាក្រក់ សុភមង្គល និងអពមង្គលជាដើម ហើយទ្រង់រក្សាទុកនូវអ្វីដែលទ្រង់មានចេតនាចង់រក្សាទុកវា(នៅក្នុងសៀវភៅកំណត់ត្រានោះ)។ ហើយឡាវហ៊ុលម៉ះហ៊្វូសនោះ គឺនៅជាមួយទ្រង់ ដែលវាគឺជាកន្លែងវិលត្រឡប់រាល់ប្រការទាំងអស់។ ហើយអ្វីដែលត្រូវបានលុបចេញឬក៏រក្សាទុកដដែល គឺអនុលោមទៅតាមអ្វីដែលមាននៅក្នុងវា(ឡាវហ៊ុលម៉ះហ៊្វូស)

(40) បើទោះបីជាយើងបង្ហាញឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)បានឃើញនូវទណ្ឌកម្មមួយចំនួនដែលយើងបានសន្យានឹងវាមុននឹងអ្នកស្លាប់ក៏ដោយ ក៏កិច្ចការនោះ គឺជារឿងរបស់យើង ឬក៏យើងធ្វើឲ្យអ្នកស្លាប់មុននឹងយើងបង្ហាញឲ្យអ្នកបានឃើញនូវទណ្ឌកម្មនោះក៏ដោយ ក៏តួនាទីរបស់អ្នកគ្មានអ្វីក្រៅពីការផ្សព្វផ្សាយនូវអ្វីដែលយើងដាក់បទបញ្ជាឲ្យអ្នកផ្សព្វផ្សាយវានោះទេ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកដែលតបស្នងដល់ពួកគេ ឬជាអ្នកដែលជំនុំជម្រះលើពួកគេនោះទេ។ តាមពិត ទាំងនេះ គឺជាតួនាទីរបស់យើងតែម្នាក់គត់។

(41) តើពួកប្រឆាំងទាំងនោះមិនឃើញទេឬថា យើងបានរំដោះយកទឹកដីបស់ពួកប្រឆាំងដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីដោយការរីកសុសសាយនៃសាសនាឥស្លាម និងដោយការរំដោះរបស់អ្នកមូស្លីមចំពោះទឹកដីទាំងនោះ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនារវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចបដិសេធនូវការសម្រេចរបស់ទ្រង់ដោយការកែប្រែឬផ្លាស់ប្តូរនោះឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងលឿនបំផុត ដោយទ្រង់ជំនុំជម្រះទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។

(42) ហើយជាការពិតណាស់ ប្រជាជាតិជំនាន់មុនបានប្រើឧបាយកលចំពោះបណ្តាព្យាការីរបស់ពួកគេ និងបានប្រើល្បិចកលទៅលើពួកគេ ហើយពួកគេបដិសេធនូវអ្វីដែលពួកគេ(បណ្តាព្យាការី)បាននាំមក ។ ដូច្នេះ តើអ្វីខ្លះដែលពួកគេ(ពួកប្រឆាំង)បានធ្វើចំពោះគម្រោងការរបស់ពួកគេទៅលើបណ្តាព្យាការីទាំងឡាយនោះ? គឺគ្មានអ្វីនោះទេ ពីព្រោះអ្នកដែលរៀបចំគម្រោងការពិតប្រាកដនោះ គឺអល់ឡោះជាម្ចាស់តែមួយគត់ពុំមែនអ្នកផ្សេងឡើយ។ ម្យ៉ាងវិញទៀត អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលដឹងនូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងចំពោះទង្វើរបស់ពួកគេវិញ ហើយនៅពេលនោះ ពួកគេនឹងដឹងថា តើប៉ុន្មានដងទៅដែលពួកគេធ្លាប់ធ្វើខុសក្នុងការបដិសេធនឹងការមានជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយតើប៉ុន្មានដងទៅ ដែលបណ្តាអ្នកមានជំនឿធ្វើត្រូវនោះ។ ដូច្នេះ តាមរយៈនេះ ពួកគេ(ពួកអ្នកមានជំនឿ)នឹងទទួលបាននូវឋានសួគ៌ និង(ទទួលបាន)លទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។

(43) ហើយពួកប្រឆាំងបាននិយាយថាៈ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីអល់ឡោះជាម្ចាស់នោះទេ។ ចូរអ្នក(ឱអ្នកនាំសារ)តបទៅកាន់ពួកគេវិញថាៈ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នកដែលថា ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីម្ចាស់របស់ខ្ញុំមកកាន់ពួកអ្នក ហើយ(ក៏គ្រប់គ្រាន់ដែរ)អ្នកដែលមានចំណេះដឹងខាងគម្ពីរដែលបានបញ្ចុះពីលើមេឃមក(ធ្វើជាសាក្សី)នោះ ដែលនៅក្នុងវា(គម្ពីរ)ទាំងនោះ គឺមានបញ្ជាក់នូវលក្ខណៈសម្បត្តិរបស់ខ្ញុំ។ ជនណាហើយដែលមានអល់ឡោះជាសាក្សីបញ្ជាក់ពីភាពស្មោះត្រង់របស់គេនោះ ការបដិសេធរបស់ពួកដែលបដិសេធនោះ គឺគ្មានផ្តល់គ្រោះថ្នាក់អ្វីដល់គេឡើយ។