(1) ឱអ្នកដែលដណ្ដប់ភួយ (ពោលគឺព្យាការីមូហាំម៉ាត់)!
(2) ចូរអ្នកក្រោកឡើង ហើយព្រមានមនុស្សលោកឱ្យខ្លាចទណ្ឌកម្មរបស់អល់ឡោះ។
(3) ហើយចូរអ្នកលើកតម្កើងម្ចាស់របស់អ្នកចុះ។
(4) ហើយចូរអ្នកសម្អាតខ្លួនរបស់អ្នកពីបាបកម្មទាំងឡាយ និងសម្អាតសម្លៀកបំពាក់របស់អ្នកពីភាពកខ្វក់។
(5) ហើយចូរអ្នកចៀសឱ្យឆ្ងាយពីការគោរពសក្ការៈរូបបដិមា។
(6) ហើយចូរកុំរំលើកគុណដល់ម្ចាស់របស់អ្នក ដោយសារការធ្វើទង្វើល្អជាច្រើនរបស់អ្នកឲ្យសោះ។
(7) ហើយចូរអ្នកអត់ធ្មត់ក្នុងនាមអល់ឡោះចំពោះការធ្វើទុក្ខបុកម្នេញទាំងឡាយដែលអ្នកបានទទួលរង
(8) ព្រោះនៅពេលដែលគេផ្លុំត្រែលើកទីពីរ
(9) គឺថ្ងៃនោះហើយជាថ្ងៃដែលលំបាកបំផុត។
(10) ចំពោះពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ គឺគ្មានភាពងាយស្រួលឡើយ(នៅថ្ងៃនោះ)។
(11) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យយើងចាត់ការអ្នកដែលយើងបានបង្កើតគេឲ្យនៅតែម្នាក់ឯងក្នុងផ្ទៃម្តាយរបស់គេដោយគ្មានទ្រព្យនិងកូនចៅនោះ (ពោលគឺសំដៅលើ អាល់វ៉ាលីទ កូនប្រុស អាល់ម៉ូហ្គីរ៉ោះ)។
(12) ហើយយើងបានធ្វើឱ្យគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
(13) ហើយយើងបានប្រទានឱ្យគេមានកូនច្រើនរស់នៅជុំគ្នា ដោយពួកគេមិនចាំបាច់រស់នៅបែកខ្ញែកគ្នាធ្វើចំណាកស្រុកឡើយ ដោយសារពួកគេជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅហើយ។
(14) ហើយយើងបានប្រទានដល់គេនូវជីវិតរស់នៅដែលស្រណុកសុខស្រួល មានលាភសក្ការៈនិងមានកូនចៅជាច្រើន។
(15) បន្ទាប់មក ទោះបីជាគេ(អាល់មូហ្គីរ៉ោះ)ប្រឆាំងនឹងយើងហើយក៏ដោយ ក៏គេមានភាពលោភលន់ចង់ឱ្យយើងបន្ថែមឱ្យគេថែមទៀត។
(16) រឿងនោះមិនដូចអ្វីដែលគេស្រមៃនោះឡើយ! ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំងរឹងរូសចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើង។
(17) យើងនឹងដាក់ទណ្ឌកម្មលើគេកាន់តែខ្លាំង និងកាន់តែវេទនាថែមទៀតដែលគេមិនអាចទ្រាំទ្របាន។
(18) ជាការពិតណាស់ បុគ្គលគ្មានជំនឿរូបនេះដែលយើង(អល់ឡោះ)បានប្រទានឧបការគុណទាំងនោះដល់គេនោះ បានរិះគិតពាក្យសម្ដីដើម្បីនិយាយបដិសេធនឹងគម្ពីរគួរអាន និងបានរៀបគម្រោងធ្វើអាក្រក់ក្នុងខ្លួនរបស់គេ។
(19) ពិតណាស់រូបគេត្រូវបានគេដាក់បណ្ដាសា និងដាក់ទណ្ឌកម្ម។ តើគេអាចរៀបគម្រោងការអាក្រក់បានយ៉ាងដូចមេ្ដច?
(20) បន្ទាប់មក រូបគេត្រូវបានដាក់បណ្ដាសា និងដាក់ទណ្ឌកម្ម។ តើគេអាចរៀបគម្រោងការអាក្រក់បានយ៉ាងដូចមេ្ដច?
(21) បន្ទាប់មកទៀត គេបានគិតពិចារណាសារជាថ្មីចំពោះអ្វីដែលគេបាននិយាយ។
(22) ក្រោយមក គេបានប្រែទឹកមុខ និងខឹងមួម៉ៅ នៅពេលដែលគេមិនបានប្រទះឃើញដូចអ្វីដែលគេបានចោទប្រកាន់នៅក្នុងគម្ពីរគួរអាន។
(23) ក្រោយមកទៀត គេបានបែរចេញពីការមានជំនឿ និងបានក្រអឺតក្រទមមិនព្រមដើរតាមព្យាការីមូហាំម៉ាត់ថែមទៀត។
(24) រួចគេនិយាយថាៈ អ្វីដែលមូហាំម៉ាត់បាននាំមកនោះ មិនមែនជាបន្ទូលរបស់អល់ឡោះនោះទេ។ ផ្ទុយទៅវិញ វាគឺជាមន្តអាគមដែលគាត់ទទួលបានពីអ្នកដទៃតែប៉ុណ្ណោះ។
(25) វាពុំមែនជាបន្ទូលរបស់អល់ឡោះនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាពាក្យសម្តីរបស់មនុស្សលោកប៉ុណ្ណោះ។
(26) យើងនឹងបញ្ចូលបុគ្គលប្រឆាំងរូបនេះទៅក្នុងឋាននរកដែលមានឈ្មោះថា នរកសាក័រ ដើម្បីឱ្យគេនូវភ្លក់កម្ដៅរបស់វា។
(27) តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើនរកសាក័រជាអ្វីនោះ?
(28) វាមិនបន្សល់ទុកអ្វីមួយចំពោះអ្នកដែលទទួលទណ្ឌកម្មនៅក្នុងវានោះឡើយ ហើយក៏មិនចោលគេដែរ។ បន្ទាប់មកគេនឹងត្រឡប់មកដូចដើម ហើយក៏ទទួលទណ្ឌកម្មនោះបែបនេះទៀតជារៀងរហូត។
(29) ភ្លើងនរក(សាក័រ)នោះ ឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យស្បែករបស់ពួកគេប្រែ។
(30) នៅលើឋាននរកនោះ មានម៉ាឡាអ៊ីកាត់ចំនួនដប់ប្រាំបួនរូបដែលជាអ្នកឆ្មាំនរក។
(31) ហើយយើងមិនបានបង្កើតឆ្មាំឋាននរកនោះក្រៅពីម៉ាឡាអ៊ីកាត់ឡើយ ព្រោះមនុស្សលោកគ្មានសមត្ថភាពអាចធ្វើបានឡើយ។ ពិតណាស់ អាពូហ្ជាហាល់បានភូតកុហក ខណៈដែលរូបគេអះអាងថា រូបគេ និងក្រុមរបស់គេអាចទ្រាំទ្រនឹងទណ្ឌកម្មបាន បន្ទាប់មក ពួកគេនឹងចេញពីឋាននរកវិញ។ ហើយយើងមិនបានបង្កើតចំនួនរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)ឡើយ លើកលែងតែដើម្បីជាការសាកល្បងចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះប៉ុណ្ណោះ ដើម្បីឲ្យពួកគេនិយាយផ្តេសផ្តាស់ ពេលនោះ ទណ្ឌកម្មរបស់ពួកគេនឹងកាន់តែកើនទ្វេដង និងដើម្បីឱ្យពួកយូដាដែលបានទទួលគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលបានទទួលគម្ពីរអ៊ីនជីលជឿជាក់ច្បាស់នៅពេលដែលគម្ពីរគួរអានបានបញ្ចុះមកដែលជាការបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរទាំងពីររបស់ពួកគេ និងដើម្បីឱ្យបណ្ដាអ្នកដែលមានជំនឿកាន់តែបន្ថែមនូវសេចក្តីជំនឿ(របស់ពួកគេ)ថែមទៀតនៅពេលដែលគម្ពីរគួរអាននោះមានភាពស្របគ្នាជាមួយនឹង(គម្ពីរ)ពួកអះលីគីតាប និងដើម្បីកុំឱ្យពួកយូដា និងពួកណាសរ៉នី ព្រមទាំងបណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ និងដើម្បីឱ្យពួកដែលជំនឿរបស់ពួកគេមានភាពរារែក ហើយនិងពួកដែលប្រឆាំងនិយាយថាៈ តើអល់ឡោះមានបំណងអ្វីចំពោះចំនួន(ម៉ាឡាអ៊ីកាត់)ដ៏ចម្លែកនេះ។ ដូចដែលអល់ឡោះទ្រង់បានធ្វើឱ្យវងេ្វងចំពោះអ្នកដែលបដិសេធនឹងចំនួន(ម៉ាឡាអ៊ីកាត់)នេះ ហើយចង្អុលបង្ហាញចំពោះអ្នកដែលជឿជាក់ចំពោះវានោះដែរ ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃម្ចាស់របស់អ្នកឡើយ ព្រោះពួកគេមានចំនួនច្រើនលើសលប់ លើកលែងតែទ្រង់មួយអង្គគត់។ ហេតុនេះ ចូរឲ្យអាពូហ្ជាហាល់ដែលនិយាយក្នុងលក្ខណៈមើលស្រាល និងបដិសេធថា “តើមូហាំម៉ាត់មានបក្សពួកតែដប់ប្រាំបួននាក់នេះទេឬ?” ដឹងដូចនេះចុះ។ ហើយឋាននរកនោះ គ្មានអ្វីក្រៅពីជាការរំលឹកដល់មនុស្សលោកឲ្យបានដឹងពីភាពខ្លាំងពូកែរបស់អល់ឡោះជាម្ចាស់ឡើយ។
(32) ពាក្យសម្តីនោះ មិនដូចអ្វីដែលពួកមុស្ហរីគីនខ្លះបានអះអាងនោះទេដែលថា ក្រុមរបស់គេអាចយកទប់ទល់នឹងឆ្មាំនរកជើហាន់ណាំបាននោះ។ អល់ឡោះទ្រង់បានស្បថនឹងព្រះចន្ទ។
(33) ហើយទ្រង់បានស្បថនឹងពេលយប់ខណៈដែលវាបានរំលងផុតទៅ។
(34) ហើយទ្រង់ស្បថនឹងពេលព្រឹកនៅពេលដែលវាបពោ្ចញពន្លឺ។
(35) ជាការពិតណាស់ នរកជើហាន់ណាំនោះ ជាសាកល្បងមួយដ៏ធំធេង
(36) ដើម្បីជាការព្រមាន និងបន្លាចដល់មនុស្សលោក។
(37) សម្រាប់ជនណាក្នុងចំណោមពួកអ្នក(មនុស្សលោក)ដែលចង់ដើរទៅមុខដោយមានជំនឿចំពោះអល់ឡោះនិងសាងនូវទង្វើកុសល ឬចង់ដើរថយក្រោយដោយការប្រឆាំងនិងប្រព្រឹត្តល្មើស។
(38) រាល់បុគ្គលគ្រប់រូប គឺគេ(អល់ឡោះ)យកទោសពៃរ៍តាមទង្វើរបស់គេ(ដែលគេបានសាង)។ ជួនកាលទង្វើរបស់គេអាចបំផ្លាញគេ ហើយជួនកាលទង្វើរបស់គេអាចជួយរំដោះនិងសង្រ្គោះគេពីក្តីអន្តរាយ
(39) លើកលែងតែបណ្តាអ្នកមានជំនឿប៉ុណ្ណោះ។ ពិតប្រាកដណាស់ គេមិនយកទោសពៃរ៍ចំពោះបាបកម្មរបស់ពួកគេនោះឡើយ ផ្ទុយទៅវិញ គេនឹងអភ័យទោសឲ្យពួកគេ ដោយសារតែទង្វើកុសលរបស់ពួកគេ(ដែលពួកគេបានសាង)។
(40) ហើយនៅថ្ងៃបរលោក ពួកគេសួរនាំគ្នាទៅវិញទៅមកនៅក្នុងឋានសួគ៌
(41) អំពីពួកគ្មានជំនឿដែលបានបំផ្លាញខ្លួនឯងដោយការប្រព្រឹត្ដអំពើបាបកម្ម។
(42) បណ្តាអ្នកមានជំនឿបានសួរពួកគ្មានជំនឿថាៈ មូលហេតុអ្វីទើបបានជាគេបញ្ចូលពួកអ្នកទៅក្នុងនរកជើហាន់ណាំដូចនេះ?
(43) ពួកគេបានឆ្លើយថាៈ (ដោយសារតែ)ពួកយើងកាលពីមុនមិនបានស្ថិតក្នុងចំណោមអ្នកដែលប្រតិបត្ដិសឡាតដែលគេដាក់កាតព្វកិច្ចឡើយកាលនៅលើលោកិយ។
(44) ហើយពួកយើងក៏មិនធ្លាប់បានផ្ដល់អាហារដល់អ្នកក្រីក្រនោះដែរនូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកយើងនោះ។
(45) ហើយពួកយើងធ្លាប់បានស្ថិតនៅជាមួយនឹងពួកដែលដើរផ្លូវខុស។ រាល់ពេលដែលពួកគេវង្វេង ពួកយើងក៏វង្វេងតាមពួកគេដែរ។ ហើយពួកយើងនិយាយជាមួយពួកដែលវង្វេង និងពួកដែលនិយាយតាមតែទំនើងចិត្ត។
(46) ហើយពួកយើងធ្លាប់បានបដិសេធមិនជឿថ្ងៃតបស្នង(ថ្ងៃបរលោក)។
(47) ហើយពួកយើងរឹងរូសស្ថិតនៅក្នុងការបដិសេធបែបនេះ រហូតដល់សេចក្ដីស្លាប់បានមកដល់ពួកយើង។ ពេលនោះ រវាងពួកយើង និងការសារភាពកំហុសត្រូវបានបញ្ចប់។
(48) ហើយការធ្វើអន្ដរាគមន៍ពីបណ្ដាម៉ាឡាអ៊ីកាត់ បណ្តាព្យាការី និងពីបណ្តាអ្នកសាងកុសលទាំងឡាយ គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះក្នុងចំណោមលក្ខខណ្ឌនៃការទទួលយកការធ្វើអន្តរាគមន៍នោះ គឺទាល់តែអ្នកដែលត្រូវគេជួយអន្តរាគមន៍នោះ យល់ព្រម។
(49) តើអ្វីទៅដែលធ្វើឱ្យពួកមុស្ហរីគីនទាំងនោះងាកចេញពីគម្ពីរគួរអាន?
(50) ការដែលពួកគេងាកចេញអំពីគម្ពីរគួរអានដូចនេះ គឺពួកគេប្រៀបដូចជាសត្វលាដែលផ្អើលខ្លាំង
(51) ដែលវា(សត្វលា)រត់គេចពីសត្វតោដោយភាពភ័យខ្លាច។
(52) ផ្ទុយទៅវិញ ម្នាក់ៗក្នុងចំណោមពួកមុស្ហរីគីនទាំងនោះចង់ឱ្យអល់ឡោះទ្រង់បញ្ចុះគម្ពីរដែលរីកសុសសាយឱ្យពួកគេម្នាក់មួយដោយមានការបញ្ជាក់នៅក្នុងគម្ពីរនោះថា ព្យាការីមូហាំម៉ាត់ ពិតជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់ពិតមែន។ ហើយមូលហេតុដែលនាំឱ្យពួកគេចង់បានបែបនេះ គឺពុំមែនដោយសារតែអំណះអំណាងមានតិច ឬភស្តុតាងខ្សោយនោះទេ តាមពិត គឺដោយសារភាពចចេសរឹងរូស និងភាពក្រអឹតក្រទមរបស់ពួកគេប៉ុណ្ណោះ។
(53) រឿងនោះមិនដូច្នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលនាំឲ្យពួកគេចចេសរឹងរូសក្នុងភាពវង្វេងនោះ គឺដោយសាតែពួកគេមិនមានជំនឿនឹងទណ្ឌកម្មនៅថ្ងៃបរលោកឡើយ។ ដូចនេះ ពួកគេក៏ស្ថិតលើភាពគ្មានជំនឿរបស់ពួកគេនោះដដែល។
(54) ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាដំបូន្មាន និងជាការដាស់រំលឹក។
(55) ដូចនេះ ជនណាហើយដែលមានបំណងចង់សូត្រគម្ពីរគួរអាន និងយកវាជាមេរៀននោះ គឺគេនឹងសូត្រវា និងយកវាធ្វើជាមេរៀនមិនខាន។
(56) ហើយពួកគេមិនទទួលយកវា(គម្ពីរគួរអាន)ធ្វើជាមេរៀននោះឡើយ លើកលែងតែអល់ឡោះមានចេតនាឲ្យពួកគេយកវាជាមេរៀនប៉ុណ្ណោះ។ ទ្រង់គឺជាម្ចាស់ដែលគេត្រូវកោតខ្លាចដោយការគោរពតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីអ្វីដែលទ្រង់ហាមឃាត់ និងជាម្ចាស់ដែលអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំបម្រើរបស់ទ្រង់នៅពេលដែលណាពួកគេសារភាពកំហុសទៅចំពោះទ្រង់។