(1) អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទាប់។
(2) ហើយទ្រង់ស្បថនឹងខ្យល់ព្យុះដែលបក់បោកយ៉ាងខ្លាំងក្លា។
(3) ហើយទ្រង់ស្បថនឹងខ្យល់ដែលពង្រាយទឹកភ្លៀង។
(4) ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកជាមួយនឹងការបែងចែករវាងប្រការពិតនិងប្រការមិនពិត។
(5) ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកដោយនាំមកនូវវ៉ាហ៊ី។
(6) គេ(ម៉ាឡាអ៊ីកាត់)ចុះមកដោយបាននាំមកនូវវាហ៊ីជាជាការដាស់តឿនព្រមានពីអល់ឡោះទៅកាន់មនុស្សលោក និងជាការដាស់តឿនព្រមានពួកគេឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះ។
(7) ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នក ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ និងការផ្តល់ការតបស្នងនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុតឡើយ។
(8) បន្ទាប់មក នៅពេលដែលផ្កាយទាំងឡាយត្រូវាបានគេបំបាត់ពន្លឺរបស់វា ហើយពន្លឺរបស់វាក៏បានបាត់បង់ទាំងស្រុង។
(9) ហើយនៅពេលដែលមេឃត្រូវប្រេះបែកដើម្បីឲ្យម៉ាឡាអ៊ីកាត់ទាំងឡាយចុះមក។
(10) ហើយនៅពេលដែលភ្នំទាំងឡាយត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទីពីកន្លែងរបស់វា រហូតដល់រសាត់ដូចជាធូលី។
(11) ហើយនៅពេលដែលបណ្ដាអ្នកនាំសារទាំងឡាយត្រូវបានគេប្រមូលតាមពេលកំណត់។
(12) សម្រាប់ថ្ងៃដ៏មហិមា ដែលពួកគាត់ត្រូវមានវត្តមាននៅថ្ងៃនេះដើម្បីធ្វើសាក្សីលើប្រជាជាតិរបស់ពួកគាត់។
(13) សម្រាប់ថ្ងៃកាត់ក្តីរវាងខ្ញុំបម្រើទាំងឡាយ។ ពេលនោះ អ្នកដែលឈរនៅលើការពិតត្រូវបានគេបែងចែកចេញពីអ្នកដែលឈរលើប្រការមិនពិត ហើយអ្នកដែលមានសុភមង្គលត្រូវបានគេបែងចែកចេញពីអ្នកដែលអពមង្គល។
(14) តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃកាត់សេចក្តីជាអ្វីនោះ ?
(15) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបានពាំនាំមកពីអល់ឡោះជាម្ចាស់។
(16) តើមិនមែនទេឬ យើងបានបំផ្លាញប្រជាជាតិជំនាន់មុន ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់ពួកគេនោះ?
(17) បន្ទាប់មក ពួកជំនាន់ក្រោយក៏បានបដិសេធដូចពួកគេទៀត។ ដូចនេះ យើងក៏បានបំផ្លាញពួកគេដូចពួកអ្នកមុនដែរ។
(18) ដូចការបំផ្លាញប្រជាជាតិទាំងនោះដែរ យើងបានបំផ្លាញពួកដែលបំពានដែលបដិសេធនឹងអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក។
(19) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងការព្រមានរបស់អល់ឡោះចំពោះការដាក់ទណ្ឌកម្មលើពួកដែលប្រព្រឹត្តអាក្រក់។
(20) តើពុំមែនទេឬ យើងបានបង្កើតពួកអ្នកពីធាតុទឹកដ៏ទន់ខ្សោយបំផុត នោះគឺទឹកកាមនោះ?
(21) ហើយយើងបានដាក់ទឹកដែលទន់ខ្សោយនោះនៅកន្លែងដែលត្រូវបានគេថែរក្សា នោះគឺនៅក្នុងស្បូនស្រ្តី
(22) រហូតដល់រយៈកាលកំណត់មួយ ពោលគឺរយៈពេលនៃការមានផ្ទៃពោះ។
(23) បន្ទាប់មក យើងបានកំណត់លក្ខណៈរបស់ទារក ព្រេងវាសនារបស់គេ កំណត់ពណ៌សម្បុររបស់គេ និងអ្វីផ្សេងទៀត។ ដូច្នេះ យើងគឺជាអ្នកដែលកំណត់ក្រឹត្យក្រមដ៏ប្រសើរបំផុត។
(24) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធចំពោះសមត្ថភាពរបស់អល់ឡោះ។
(25) តើយើងមិនបានបង្កើតផែនដីជាកន្លែងសម្រាប់ប្រមូលផ្តុំមនុស្សទាំងឡាយ
(26) ដោយប្រមូលផ្តុំទាំងមនុស្សដែលមានជីវិតឲ្យស្នាក់នៅនិងគ្រប់គ្រងនៅលើវា និងប្រមូលផ្តុំទាំងអ្នកដែលស្លាប់ដោយកប់នៅក្នុងផ្នូរទេឬ?
(27) ហើយយើងបានបង្កើតភ្នំខ្ពស់ៗទាំងឡាយនៅលើវា(ផែនដី)ដើម្បីទប់លំនឹង និងការពារពីការញ័ររញ្ជួយ។ ហើយយើងបានផ្ដល់ទឹកសាបដែលបរិសុទ្ធឱ្យពួកអ្នក(ឱមនុស្សលោក)។ ដូច្នេះ អ្នកដែលបានបង្កើតអ្វីៗទាំងនេះ គឺមិនអសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញឡើយ។
(28) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធ(រមិលគុណ)ចំពោះការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកគេ។
(29) ហើយមានគេនិយាយទៅកាន់ពួកដែលបដិសេធនឹងអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកថាៈ ចូរពួកអ្នក(ឱពួកដែលបដិសេធ)ធ្វើដំណើរទៅកាន់ទណ្ឌកម្មដែលពួកអ្នកធ្លាប់បានបដិសេធនឹងវានោះចុះ។
(30) ចូរពួកអ្នកធ្វើដំណើរទៅកាន់ម្លប់ផ្សែងនៃភ្លើងនរកដែលបែកទៅជាបីផ្នែកនោះចុះ។
(31) គ្មានម្លប់ត្រជាក់ឡើយ ហើយក៏គ្មានអ្វីអាចរារាំង(ពួកអ្នក)ពីអណ្តាតភ្លើងនរក និងកម្តៅរបស់វានោះដែរ។
(32) ពិតប្រាកដណាស់ ភ្លើងនរកនោះវាជះផ្កាភ្លើងយ៉ាងខ្លាំង។ រាល់ផ្កាភ្លើងនីមួយៗរបស់វាមានទំហំប៉ុនវិមានដ៏ធំស្កឹមស្កៃ។
(33) ផ្កាភ្លើងដែលផ្ទុះនោះ ទំហំរបស់វាប្រៀបដូចជាសត្វអូដ្ឋពណ៌លឿង។
(34) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងទណ្ឌកម្មរបស់អល់ឡោះ។
(35) នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយអ្វីបានឡើយ។
(36) ហើយពួកគេក៏មិនត្រូវបានគេអនុញ្ញាតឱ្យនិយាយដោះសាជាមួយនឹងម្ចាស់របស់ពួកគេពីការប្រឆាំង និងទង្វើអាក្រក់របស់ពួកគេបាននោះដែរ។
(37) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងដំណឹងនៃថ្ងៃនេះ។
(38) នេះហើយគឺជាថ្ងៃកាត់សេចក្ដីរវាងម៉ាខ្លូកទាំងឡាយ។ យើងបានប្រមូលផ្តុំពួកអ្នក និងប្រជាជាតិជំនាន់មុនទាំងអស់នៅកន្លែងតែមួយ។
(39) ដូចនេះ ប្រសិនបើពួកអ្នកមានកលល្បិចអ្វីយកមកប្រើដើម្បីរំដោះ(ពួកអ្នក)ពីទណ្ឌកម្មរបស់អល់ឡោះនោះ ចូរពួកអ្នកប្រើកលក្បិចនោះជាមួយនឹងយើងចុះ។
(40) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងនឹងថ្ងៃវិនិច្ឆ័យ(ថ្ងៃបរលោក)។
(41) ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ពួកគេស្ថិតនៅក្នុងម្លប់ដើមឈើឋានសួគ៌ដ៏ធំទូលាយ ហើយនិងប្រភពទឹកសាបហូរកាត់ជាច្រើន។
(42) និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នាចង់បរិភោគ។
(43) ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិភោគនូវរបស់ល្អៗ និងផឹកនូវភេសជ្ជៈល្អៗទាំងឡាយដោយក្ដីរីករាយចុះ ដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងកាលនៅលើលោកិយ។
(44) ពិតប្រាកដណាស់ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះពួកអ្នកនេះដែរ គឺយើងនឹងតបស្នងដល់បណ្ដាអ្នកដែលសាងអំពើល្អ។
(45) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់បណ្តាអ្នកដែលកោតខ្លាច។
(46) ហើយមានគេនិយាយទៅកាន់ពួកដែលបដិសេធថាៈ ចូរពួកអ្នកបរិភោគ និងសប្បាយរីករាយនឹងភាពត្រេកត្រអាលនៃជីវិតនៅក្នុងលោកិយដែលមានរយៈពេលដ៏ខ្លីនេះសិនចុះ ព្រោះពិតណាស់ ពួកអ្នកគឺជាពួកដែលប្រព្រឹត្តបាបកម្មដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់ និងការបដិសេធរបស់ពួកអ្នកចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។
(47) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងការតបស្នងចំពោះពួកគេនៅថ្ងៃបរលោក។
(48) ហើយនៅពេលមានគេនិយាយទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្តិសឡាតចំពោះអល់ឡោះចុះ ពួកគេបែរជាមិនព្រមសឡាតចំពោះទ្រង់ទៅវិញ។
(49) នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមកពីអល់ឡោះជាម្ចាស់។
(50) ដូចនេះ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអានដែលម្ចាស់របស់ពួកគេបានបញ្ចុះមកទៅហើយនោះ តើមានពាក្យសម្តីអ្វីក្រៅពីនេះទៀតដែលធ្វើឱ្យពួកគេមានជំនឿនោះ?