70 - Al-Ma'aarij ()

|

(1) មានបុរសម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានបួងសួងសុំឱ្យទណ្ឌកម្មកើតមានឡើងទៅលើខ្លួនគេនិងក្រុមរបស់គេប្រសិនបើទណ្ឌកម្មមានពិតមែននោះ។ នេះជាការចំអកឡកឡឺយពីរូបគេប៉ុណ្ណោះ។ តែទណ្ឌកម្ម គឺពិតជានឹងមានពិតនៅថ្ងៃបរលោក។

(2) ចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះ គឺគ្មានអ្នកណាម្នាក់អាចការពាររូបគេពីទណ្ឌកម្មនេះបានឡើយ។

(3) (គឺការពារពីទណ្ឌកម្ម)មកពីអល់ឡោះដែលជាម្ចាស់នៃជណ្តើរឡើងដ៏ធំមហិមា។

(4) ម៉ាឡាអ៊ីកាត់ទាំងឡាយ ព្រមទាំងម៉ាឡាអ៊ីកាត់ជីព្រីលឡើងទៅកាន់ទ្រង់តាមជណ្តើរដ៏ធំមហិមានេះនៅថ្ងៃបរលោក។ វាជាថ្ងៃមួយដែលមានរយៈពេលយ៉ាងវែង ដោយមួយថ្ងៃរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ។

(5) ចូរអត់ធ្មត់(ឱអ្នកនាំសារមូហាំម៉ាត់)នូវការអត់ធ្មត់មួយដ៏ល្អប្រសើរ ដែលគ្មានឡើយការសោកសង្រេង និងត្អួញត្អែរនៅក្នុងវា។

(6) ពិតប្រាកដណាស់ ពួកគេឃើញទណ្ឌកម្មនៅឆ្ងាយបំផុតដែលមិនអាចនឹងកើតឡើងបានឡើយ។

(7) តែយើង(អល់ឡោះ)ឃើញវានៅជិតបង្កើយ ដែលវានឹងកើតឡើងយ៉ាងពិតប្រាកដ។

(8) ថ្ងៃដែលមេឃនឹងរលាយដូចគេដុតរំលាយស្ពាន់ មាស និងអ្វីផ្សេងទៀត។

(9) ហើយភ្នំទាំងឡាយក្លាយទៅជាស្រាលដូចរោមសត្វ។

(10) ហើយនៅថ្ងៃនោះ គ្មានសាច់ញាតិណាម្នាក់សួរសុខទុក្ខគ្នាទេ ដោយសារពួកគេនៅជាប់រវល់រៀងៗខ្លួន។

(11) មនុស្សគ្រប់រូបមើលឃើញសាច់ញាតិរបស់គេគ្មានបាត់ម្នាក់ណាឡើយ។ ទោះជាបែបនេះក្តី ក៏គ្មាននរណាម្នាក់សួរគ្នាទៅវិញទៅមកឡើយ ដោយសារស្ថានភាពដ៏រន្ធត់នៅពេលនោះ។ អ្នកដែលសាងអំពើបាប គឺគេមានបំណងលោះខ្លួនរបស់គេឱ្យរួចផុតពីទណ្ឌកម្មនៅថ្ងៃនោះដោយយកកូនចៅរបស់គេ

(12) ដោយយកប្រពន្ធរបស់គេ និងបងប្អូនរបស់គេ

(13) ដោយយកក្រុមគ្រួសារសាច់សាលោហិតរបស់គេដែលពឹងពាក់គ្នាពេលមានបញ្ហាផ្សេងៗ

(14) និងដោយយកអ្នកនៅលើផែនដីទាំងអស់ ទាំងមនុស្ស ទាំងជិន និងអ្នកផ្សេងទៀត។ បន្ទាប់មក គេ(សុខចិត្ត)ប្រគល់ការលោះទាំងអស់នោះ(ឲ្យអល់ឡោះទាំងអស់) ដើម្បីសង្គ្រោះរូបគេឲ្យរួចផុតពីទណ្ឌកម្មភ្លើងនរក។

(15) តែរឿងនោះមិនដូចអ្វីដែលអ្នកសាងបាបកម្មរូបនេះប្រាថ្នាឡើយ។ ជាការពិតណាស់ វាគឺជាភ្លើងនរកនៅថ្ងៃបរលោកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ

(16) ដែលវាបកស្បែកក្បាលជាផ្នែកៗដោយសារតែកម្ដៅដ៏ក្តៅ និងភាពសន្ធោសន្ធៅរបស់វា។

(17) វា(នរក)បានស្រែកហៅអ្នកដែលបែរចេញពីមាគ៌ាត្រឹមត្រូវ និងចេញឆ្ងាយអំពីវា ហើយមិនមានជំនឿចំពោះវា និងមិនអនុវត្តតាមវា(មាគ៌ាត្រឹមត្រូវ)

(18) ហើយប្រមូលទ្រព្យសម្បត្ដិ រួចលាក់ទុកមិនព្រមបរិច្ចាគទានក្នុងមាគ៌ាអល់ឡោះ។

(19) ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើងដោយគ្មានភាពអត់ធ្មត់ឡើយ។

(20) នៅពេលមានគ្រោះអាក្រក់កើតឡើងចំពោះគេ ដូចជាជំងឺ ឬភាពក្រីក្រ គឺពួកគេពុំសូវមានភាពអត់ធ្មត់នោះឡើយ។

(21) តែនៅពេលដែលគេទទួលបានប្រការល្អ ដូចជាសុខភាពល្អ និងមានទ្រព្យសម្បត្ដិនោះ គឺគេបែរជារិះកំណាញ់មិនបរិច្ចាគទានក្នុងមាគ៌ាអល់ឡោះទៅវិញ។

(22) លើកលែងតែអ្នកដែលប្រតិបត្តិសឡាតប៉ុណ្ណោះដែលពួកគេជ្រះស្អាតពីចរិតលក្ខណៈដ៏អាក្រក់នេះ។

(23) ពួកគេជាអ្នកដែលប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតជានិច្ច ដោយពួកគេមិនធ្វេសប្រហែសពីការសឡាតឡើយ ហើយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់។

(24) និងបណ្ដាអ្នកដែលដកយកមួយចំណែកអំពីទ្រព្យសម្បត្ដិរបស់ពួកគេបរិច្ចាគវាតាមច្បាប់កំណត់

(25) ចែកជូនដល់អ្នកក្រីក្រដែលសុំទានគេ និងអ្នកក្រីក្រដែលមិនសុំទានគេក្នុងចំណោមអ្នកដែលខ្វះខាត ទោះដោយមូលហេតុអ្វីក៏ដោយ។

(26) និងបណ្ដាអ្នកដែលជឿជាក់នឹងថ្ងៃបរលោក ជាថ្ងៃដែលអល់ឡោះទ្រង់តបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាកសមនឹងទទួលបាន។

(27) និងបណ្ដាអ្នកដែលកោតខ្លាចទណ្ឌកម្មនៃម្ចាស់របស់ពួកគេ ទោះបីជាពួកគេបានសាងទង្វើកុសល(ច្រើន)ហើយក៏ដោយ។

(28) ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់ពួកគេគឺគួរឱ្យខ្លាច។ គ្មានអ្នកណាដែលចេះគិតពិចារណាហើយមិនខ្លាចវានោះឡើយ។

(29) និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេតាមរយៈការបិទបាំងវានិងបញ្ចៀសវាពីទង្វើអសីលធម៌នានា។

(30) លើកលែងតែចំពោះភរិយារបស់ពួកគេ ឬខ្ញុំបម្រើស្រីដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ ពីព្រោះពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយក្នុងការត្រេកត្រអាលជាមួយពួកនាងដោយការរួមភេទ ឬផ្សេងពីនេះទៀតនោះ។

(31) តែជនណាហើយដែលស្វែងរកការតេ្រកត្រអាលផ្សេងក្រៅពីជាមួយប្រពន្ធនិងខ្ញុំបម្រើដាច់ស្រីថ្លៃដែលបានលើកឡើងនោះ ជាការពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះជាម្ចាស់នោះ។

(32) និងបណ្ដាអ្នកដែលនៅពេលណាដែលពួកគេត្រូវបានគេផ្តល់ទំនុកចិត្តចំពោះពួកគេ ដូចជាទ្រព្យសម្បត្តិ កិច្ចការសម្ងាត់ ឬអ្វីផ្សេងៗ ហើយនិងការសន្យារបស់ពួកគេដែលពួកគេបានសន្យាជាមួយនឹងមនុស្សលោកនោះ គឺពួកគេថែរក្សាវា ដោយពួកគេមិនក្បត់ទំនុកចិត្ត និងមិនក្បត់ការសន្យារបស់ពួកគេឡើយ។

(33) និងបណ្តាអ្នកដែលប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ក្នុងការធ្វើសាក្សី ដោយភាពជាសាច់ញាតិ ឬភាពជាសត្រូវមិនជះឥទ្ធិពល(លើពួកគេ)ក្នុងការប្រកាន់ភាពយុត្តិធម៌នោះឡើយ។

(34) ហើយនិងបណ្តាអ្នកដែលថែរក្សាសឡាតរបស់ពួកគេ ដោយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់របស់វា ប្រកបដោយមានភាពជ្រះស្អាតនិងមានចិត្តនឹងនរដោយគ្មានអ្វីមួយអាចមករំខានពួកគេបានឡើយ។

(35) បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិទាំងនោះហើយ គឺជាអ្នកដែលស្ថិតក្នុងឋានសួគ៌ដែលត្រូវបានគេលើកតម្កើង ដោយពួកគេនឹងទទួលបាននូវឧបការគុណជានិរន្ត និងបានឃើញវង់ភក្ដ្ររបស់អល់ឡោះជាម្ចាស់ដ៏មហាថ្កុំថ្កើង។

(36) តើមានអ្វីដែលធ្វើឲ្យពួកមុស្ហរីគីនក្នុងចំណោមក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រញាប់បដិសេធចំពោះអ្នកលឿនយ៉ាងនេះ?

(37) ពួកគេស្ថិតនៅជុំវិញអ្នក ទាំងខាងស្ដាំនិងខាងឆេ្វង ជាក្រុមៗ។

(38) តើរាល់បុគ្គលម្នាក់ៗក្នុងចំណោមពួកគេសង្ឃឹមថាអល់ឡោះជាម្ចាស់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ណាអ៊ីមដោយទទួលបាននូវការប្រោសប្រទានទាំងឡាយជានិរន្តខណៈដែលពួកគេបន្តស្ថិតក្នុងភាពគ្មានជំនឿបែបនេះឬ?

(39) រឿងនោះមិនដូចអ្វីដែលពួកគេស្រមៃនោះទេ! ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបង្កើតពួកគេពីអ្វីដែលពួកគេស្គាល់វា។ ជាការពិតណាស់ យើងបានបង្កើតពួកគេគឺទឹកកាមដ៏ទន់ខ្សោយ។ ដូចនេះ ពួកគេគឺទន់ខ្សោយ ដោយពួកគេគ្មានលទ្ធភាពផ្តល់ប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានឡើយ។ ដូចនេះ ហេតុអ្វីបានជាពួកគេក្រអឺតក្រទមបែបនេះ?

(40) អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្លួនឯង ខណៈដែលទ្រង់ជាម្ចាស់គ្រប់គ្រងកន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងលិចថាៈ ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់ដ៏មានអានុភាពបំផុត។

(41) លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមផេ្សងដែលប្រតិបត្តិតាមអល់ឡោះ និងបំផ្លាញពួកគេចោល។ យើងពុំមែនអសមត្ថភាពក្នុងការធ្វើដូច្នោះនោះឡើយ។ ហើយនៅពេលណាដែលយើងមានចេតនាចង់បំផ្លាញពួកគេ និងផ្លាស់ប្តូរពួកគេនឹងក្រុមផ្សេងនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះ(រារាំង)យើងបានឡើយ។

(42) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ក្នុងប្រការខុសឆ្គង និងវង្វេងរបស់ពួកគេ និងលេងសើចក្នុងជីវិតលោកិយរបស់ពួកគេ រហូតដល់ពួកគេជួបនឹងថ្ងៃបរលោកដែលត្រូវបានគេសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេនៅក្នុងគម្ពីរគួរអានចុះ។

(43) គឺនៅថ្ងៃដែលពួកគេនឹងងើបចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេកាលនៅលើលោកិយ)ដូច្នោះដែរ។

(44) ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់លើពួកគេ។ នោះហើយគឺជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យានៅក្នុងលោកិយ តែពួកគេមិនដែលខ្វល់ពីវាឡើយ។