8 - Al-Anfaal ()

|

(1) បណ្តាមិត្តភក្តិ(សហាហ្ពាត់)របស់អ្នកនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ ថាតើត្រូវបែងចែកវាដោយរបៀបណា? ហើយតើបែងចែកទៅឲ្យនរណាខ្លះ? ចូរអ្នក(ឱអ្នកនាំសារ)ឆ្លើយតបទៅពួកគេវិញចុះថាៈ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវបែងចែកនិងចំណាយវាសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ តួនាទីរបស់ពួកអ្នក គ្មានអ្វីក្រៅពីការគោរពតាមនិងទទួលយកនោះទេ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កោតខ្លាចអល់ឡោះជាម្ចាស់(ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់)។ ហើយចូរពួកអ្នកផ្សះផ្សារវាងពួកអ្នកចំពោះការកាត់ផ្តាច់(ទំនាក់ទំនង) និងការបែរខ្នងដាក់គ្នា(មិននិយាយរកគ្នា) ដោយការស្រឡាញ់រាប់អាន ភ្ជាប់ទំនាក់ទំនងនឹងគ្នា សីលធម៌ល្អប្រពៃ និងការចេះអធ្យាស្រ័យដល់គ្នា។ ហើយចូរប្រកាន់ខ្ជាប់នឹងកាគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដមែននោះ ពីព្រោះជំនឿ គឺត្រូវភ្ជាប់ជាមួយនឹងការគោរពប្រតិបត្តិនិងការចាកឆ្ងាយពីអំពើល្មើសនានា។ ហើយសំណួរនេះ គឺកើតមានឡើងក្រោយពីសង្គ្រាមហ្ពាហ្ទើរបានកើតឡើង។

(2) តាមពិត បណ្តាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដនោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំលឹកចំពោះអល់ឡោះជាម្ចាស់នោះ ចិត្តរបស់ពួកគេមានការភ័យខ្លាច ហើយដួងចិត្តរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេញាប់ញ័រ(ត្រៀម)សម្រាប់ការគោរពប្រតិបត្តិ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ ពួកគេពិចារណាចំពោះវា។ ដូច្នេះ វាបានធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះម្ចាស់របស់ពួកគេតែមួយគត់ក្នុងការទទួលបាននូវប្រការល្អ ក៏ដូចជាការពារពួកគេពីប្រការអាក្រក់នានា។

(3) ពួកគេ)គឺបណ្តាអ្នកដែលតែងតែប្រតិបត្តិសឡាតទៅតាមរបៀបរបបរបស់វាយ៉ាងពេញលេញនៅក្នុងពេលវេលារបស់វា ហើយចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេនោះ គឺពួកគេបរិច្ចាគវា ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដែលជាការស្ម័គ្រចិត្ត។

(4) បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើនេះហើយគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ ពីព្រោះពួកគេមានទាំងសេចក្តីជំនឿនៅក្នុងចិត្ត និងមានទាំងឥស្លាមនៅខាងក្រៅ។ ហើយការតបស្នងរបស់ពួកគេនោះ គឹពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់នៅឯម្ចាស់របស់ពួកគេ ហើយនិងការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងទទួលបាននូវលាភសក្ការៈដ៏ប្រពៃ នោះគឺជាឧបការគុណ(ឋានសួគ៌)ដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេ។

(5) ដូចដែលអល់ឡោះជាម្ចាស់បានដកយកពីពួកអ្នកចំពោះការបែងចែកទ្រព្យជ័យភណ្ឌក្រោយពីពួកអ្នកបានខ្វែងគំនិតគ្នាក្នុងការបែងចែកវា និងបានដណ្តើមគ្នាចំពោះវា រួចទ្រង់បានចាត់ទុកទ្រព្យជ័យភណ្ឌនោះ គឺសម្រាប់ទ្រង់និងអ្នកនាំសាររបស់ទ្រង់នោះដែរ ម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យចាកចេញពីក្រុងម៉ាទីណះដើម្បីទៅជួបនឹងពួកមុស្ហរីគីនតាមរយៈវ៉ាហ៊ីដែលទ្រង់បានបញ្ចុះវាទៅកាន់អ្នក ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្តក្នុងការចាកចេញទៅក៏ដោយ។

(6) អ្នកមានជំនឿមួយក្រុមនោះ ពួកគេជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីបញ្ហាការធ្វើសង្គ្រាមជាមួយនឹងពួកមុស្ហរីគីន ក្រោយពីបានបង្ហាញយ៉ាងច្បាស់ចំពោះពួកគេថា វា(សង្គ្រាម)នឹងកើតឡើងយ៉ាងពិតប្រាកដហើយនោះ ហាក់បីដូចជាពួកគេត្រូវបានអូសទាញទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែសម្លើងមើលទៅកាន់វា(សេចក្តីស្លាប់)នឹងភ្នែករបស់ពួកគេដូច្នោះដែរ។ នោះគឺដោយសារតែពួកគេមិនពេញចិត្តក្នុងការចេញទៅច្បាំង ពីព្រោះពួកគេមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធនោះទេ ហើយពួកគេក៏មិនបានរៀបចំនូវសម្ភារៈសឹកដើម្បីធ្វើសង្គ្រាមនោះដែរ។

(7) ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជជែកដេញដោល)ចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីររបស់ពួកមុស្ហរីគីន ពោលគឺ អាចជាក្រុមសត្វអូដ្ឋហើយនិងទ្រព្យសម្បត្តិ(ឬទំនិញ)ដែលវាកំពុងដឹក ហើយពួកអ្នកយកវាធ្វើជាទ្រព្យជ័យភ័ណ្ឌ ឬក៏(ទទួលជ័យជម្នះ)ទៅលើក្រុមកងទ័ព ដោយពួកអ្នកប្រយុទ្ធតទល់ជាមួយពួកគេ ហើយពួកអ្នកត្រូវបានគេ(អល់ឡោះ)ជួយឲ្យទទួលបានជ័យជម្នះលើពួកគេ។ ពេលនោះ ពួកអ្នកពេញចិត្តចំពោះការទទួលជ័យជម្នះលើក្រុមសត្វអូដ្ឋដោយសារតែភាពងាយស្រួលក្នុងការយកឈ្នះលើពួកគេដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយដាក់បទបញ្ជាពួកអ្នកឲ្យចេញច្បាំង ដើម្បីឲ្យពួកអ្នកសម្លាប់ពួកមេដឹកនាំនៃពួកមុស្ហរីគីន ហើយពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹកបានយ៉ាងច្រើន រហូតដល់បានស្តែងចេញនូវភាពខ្លាំងក្លារបស់ឥស្លាម។

(8) ដើម្បីអល់ឡោះជាម្ចាស់នឹងបង្ហាញនូវការពិតតាមរយៈការបង្ហាញនូវសាសនាឥស្លាម និងអ្នកដែលកាន់តាមវា។ នោះគឺតាមរយៈបង្ហាញនូវភស្តុតាងទាំងឡាយដែលបញ្ជាក់ពីភាពពិតរបស់វា។ ហើយអល់ឡោះនឹងលុបបំបាត់នូវប្រការដែលមិនត្រឹមត្រូវ តាមរយៈការបង្ហាញនូវភស្តុតាងដែលបញ្ជាក់ពីភាពមិនត្រឹមត្រូវរបស់វា ទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលបង្ហាញវា(ឲ្យពួកមុស្ហរីគីនបានឃើញ)

(9) ហើយចូរពួកអ្នកចងចាំថ្ងៃសមរភូមិហ្ពាហ្ទើរ នៅពេលដែលពួកអ្នកសុំជំនួយពីអល់ឡោះឲ្យទ្រង់ជួយពួកអ្នកយកជ័យជម្នះទៅលើសត្រូវរបស់ពួកអ្នក។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកការបួងសួងរបស់ពួកអ្នក ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ដោយទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនមួយពាន់នាក់មកជាបន្តបន្ទាប់គ្នា។

(10) ហើយការដែលអល់ឡោះជាម្ចាស់ទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ទាំងនេះមក គឺគ្មានអ្វីក្រៅពីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នក ហើយក៏ដើម្បីធ្វើឲ្យចិត្ពរបស់ពួកអ្នកមានភាពនឹងនរដោយជឿជាក់ចំពោះជ័យជម្នះ។ ហើយការទទួលបានជ័យជម្នះ(លើសត្រូវ)នោះ មិនមែនដោយសារមានគ្នាច្រើននោះទេ ហើយក៏មិនដោយសារពួកអ្នកមានសម្ភារៈសឹកច្រើននោះដែរ។ តាមពិត ការទទួលបានជ័យជម្នះនោះ គឺមកពីអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពួកែចំពោះការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។

(11) ចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានឲ្យការងងុយគេងគ្របដណ្តប់លើពួកអ្នក ជាសុវត្ថិភាព(អំពីទ្រង់) ក្នុងពេលដែលពួកអ្នកកំពុងតែមានការភ័យខ្លាចសត្រូវរបស់ពួកអ្នក។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកឲ្យពួកអ្នកដើម្បីជម្រះសម្អាតភាពស្មោគគ្រោកចេញពីពួកអ្នក និងដើម្បីបំបាត់ការញុះញង់របស់ស្ហៃតនចេញពីពួកអ្នកផងដែរ ហើយក៏ដើម្បីពង្រឹងដួងចិត្តរបស់ពួកអ្នកដើម្បីជាការពង្រឹងខ្លួនប្រាណរបស់ពួកអ្នកនៅពេលដែលជួបនឹងសត្រូវ ព្រមទាំងដើម្បីជាការពង្រឹងជើងរបស់ពួកអ្នក តាមរយៈការធ្វើឲ្យដីខ្សាច់នោះទន់(មិនហុយ)ដើម្បីកុំឲ្យប្រឡាក់ជើងរបស់ពួកអ្នក។

(12) នៅពេលដែលម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)បានផ្តល់វ៉ាហ៊ីទៅកាន់ម៉ាឡាអ៊ីកាត់ដែលបានជួយបណ្តាអ្នកមានជំនឿនៅក្នុងសមរភូមិហ្ពាហ្ទើរថាៈ ជាការពិតណាស់ យើងនៅជាមួយពួកអ្នក(ឱម៉ាឡាអ៊ីកាត់)តាមរយៈការជួយនិងការគាំទ្រ។ ដូច្នេះ ចូរពួកអ្នកពង្រឹងកម្លាំងរបស់អ្នកមានជំនឿក្នុងការវាយលុកទៅលើសត្រូវរបស់ពួកគេចុះ យើងនឹងបញ្ចូលភាពភ័យខ្លាចយ៉ាងធ្ងន់ធ្ងរទៅក្នុងដួងចិត្តបស់ពួកគ្មានជំនឿ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កាត់ក្បាលពួកគ្មានជំនឿទាំងនោះដើម្បីឲ្យពួកគេស្លាប់ ហើយចូរពួកអ្នកកាត់រាល់ៗសន្លាក់ឆ្អឹងទាំងអស់របស់ពួកគេដើម្បីបញ្ឈប់ពួកគេមិនឲ្យសម្លាប់ពួកអ្នកបាន។

(13) ការសម្លាប់ និងការកាត់ឆ្អឹងសន្លាក់ដែលបានកើតឡើងលើពួកគ្មានជំនឿទាំងនោះ គឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយពួកគេមិនអនុវត្តតាមអ្វីដែលគេបង្គាប់ប្រើពួកគេ(ឲ្យធ្វើ)នោះទេ ហើយពួកគេក៏មិនបញ្ឈប់នូវអ្វីដែលគេបានហាមឃាត់ពួកគេ(មិនឲ្យធ្វើ)នោះដែរ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចំពោះបញ្ហានេះ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតលើរូបគេនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងឋាននរក។

(14) ទណ្ឌកម្មដែលបានលើកឡើងខាងលើនេះ គឺសម្រាប់ពួកអ្នក(នែពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់)។ ដូច្នេះ ចូរពួកអ្នកភ្លក្សរសជាតិវាភ្លាមៗចុះនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងទទួលនូវទណ្ឌកម្មក្នុងឋាននរកប្រសិនបើពួកអ្នកស្លាប់ដោយស្ថិតក្នុងភាពប្រឆាំង(គ្មានជំនឿ) និងការចចេសរឹងរូសរបស់ពួកអ្នកដូចនេះនោះ។

(15) ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកបានជួបនឹងពួកមុស្ហរីគីននៅក្នុងសមរភូមិដោយប្រឈមមុខជាមួយពួកគេនោះ ចូរពួកអ្នកកុំចុះចាញ់ពួកគេ និងកុំបែរខ្នងដាក់ពួកគេដោយការរត់គេច(ពីពួកគេ)ឲ្យសោះ ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកអ្នកត្រូវមានភាពរឹងមាំក្នុងការប្រឈមមុខនឹងពួកគេ ហើយចូរពួកអុ្នកអត់ធ្មត់ក្នុងការជួបជាមួយពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកអ្នកតាមរយៈការជួយ និងការគាំទ្ររបស់ទ្រង់។

(16) ហើយជនណាដែលបានបែរខ្នងរបស់គេដាក់សត្រូវ(រត់ចោលជួរ)ដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីវាយបកទៅលើសត្រូវវិញ ឬក៏មិនមែនជាការដកថយទៅរកក្រុមអ្នកមានជំនឿដើម្បីសុំជំនួយពីពួកគេទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បារពីអល់ឡោះជាម្ចាស់ ហើយរូបគេសមនឹងទទូលបានដូច្នេះហើយ។ ហើយទីកន្លែរបស់គេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតរបស់គេ។

(17) ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកមុស្ហរីគីននាថ្ងៃសមរភូមិហ្ពាហ្ទើរដោយសារតែសមត្ថភាពនិងភាពខ្លាំងក្លារបស់ពួកអ្នកនោះទេ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានជួយពួកអ្នកក្នុងរឿងនេះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ខ្សាច់)ទៅលើពួកមុស្ហរីគីននោះដែរនៅពេលដែលអ្នកគប់(គ្រាប់ខ្សាច់)ទៅលើពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកគប់ពួកគេនោះ ដោយទ្រង់បានធ្វើឲ្យការគប់(គ្រាប់ខ្សាច់)របស់អ្នកទៅដល់(ភ្នែក)ពួកគេ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿតាមរយៈអ្វីដែលទ្រង់បានផ្តល់ជាឧបការគុណដល់ពួកគេនៃការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេទោះបីជាគ្នារបស់ពួកគេ និងសម្ភារៈសឹករបស់ពួកគេមានចំនួនតិច(ជាងពួកសត្រូវ)ក៏ដោយ ដើម្បីឲ្យពួកគេថ្លែងអំណរគុណចំពោះទ្រង់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវការបួងសួងសុំរបស់ពួកអ្នក និងពាក្យសម្តី(និយាយគ្នា)របស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ហើយនិងអ្វីដែលមានផលប្រយោជន៍ចំពោះពួកអ្នក។

(18) ការសម្លាប់ពួកមុស្ហរីគីន និងការគប់(គ្រាប់ខ្សាច់)ទៅលើពួកគេរហូតដល់ពួកគេចុះចាញ់ រត់បែរក្រោយ ព្រមទាំងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់បណ្តាអ្នកមានជំនឿតាមរយៈការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេដែលបានលើកឡើងខាងលើនោះ គឺមកពីអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឲ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយដែលពួកគេបានប្រើកលល្បិចមកលើសាសនាឥស្លាម។

(19) ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឲ្យអល់ឡោះដាក់ទណ្ឌកម្ម និងគ្រោះកាចទៅលើពួកដែលបំពាននោះ ពិតប្រាកដណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសុំ។ ហើយទ្រង់នឹងបញ្ចុះទៅកាន់ពួកអ្នកនូវអ្វីដែលជាទណ្ឌកម្មសម្រាប់ពួកអ្នក ហើយជាមេរៀនសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តែប្រសិនបើពួកអ្នកបញ្ឈប់ការសុំដូច្នោះនោះ ពិតណាស់ វាគឺជាការប្រសើរសម្រាប់ពួកអ្នក។ ជួនកាល ទ្រង់ទុកពេលឲ្យពួកអ្នកដោយទ្រង់មិនដាកទណ្ឌកម្មពួកអ្នកភ្លាមៗនោះទេ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅស្នើសុំ(ដូចមុន)(ត្រឡប់ទៅ)ធ្វើសង្គ្រាមជាមួយនឹងអ្នកមានជំនឿវិញ យើងសន្យាថានឹងទម្លាក់ទណ្ឌកម្មនោះទៅលើពួកអ្នក ហើយនិងផ្តល់ជ័យជំនះដល់បណ្តាអ្នកមានជំនឿទៀតជាមិនខាន ហើយ(ពេលនោះ)ក្រុមរបស់ពួកអ្នក និងកងជំនួយរបស់ពួកអ្នកនឹងមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយ ទោះបីជាគ្នាពួកអ្នក និងសម្ភារៈសឹករបស់ពួកអ្នកមានចំនួនច្រើន ហើយអ្នកមានជំនឿមានគ្នាតិចក៏ដោយ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកមានជំនឿដោយការជួយ និងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះគេបានឡើយ។

(20) ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះ និងគោរពប្រតិបត្តិអ្នកនាំសាររបស់ទ្រង់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំប្រឆាំងនឹងទ្រង់ដោយធ្វើផ្ទុយពីបទបញ្ជារបស់ទ្រង់ ហើយប្រព្រឹត្តនូវទង្វើដែលទ្រង់បានហាមឃាត់ឲ្យសោះ ខណៈដែលពួកអ្នកបានស្តាប់លឺបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលគេសូត្រឲ្យពួកអ្នកស្តាប់ហើយនោះ។

(21) ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំធ្វើដូចពួកពួកពុតត្បុត និងពួកមុស្ហរីគីនឲ្យសោះ ដែលពួកគេនៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ គឺពួកគេនិយាយថាៈ ពួកយើងបានលឺនឹងត្រចៀករបស់ពួកយើងហើយនូវគម្ពីរគួរអានដែលគេសូត្រឲ្យពួកយើងស្តាប់នោះ ខណៈដែលពួកគេមិនបានស្តាប់ដោយយកចិត្តទុកដាក់ ត្រិះរិះពិចារណា និងយកវាជាមេរៀនដើម្បីទទួលបាននូវផលប្រយោជន៍ពីការស្តាប់នេះនោះឡើយ។

(22) ជាការពិតណាស់ សត្វលោកដែលអាក្រក់ជាងគេបំផុតនៅលើផែនដីនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺអ្នកថ្លង់ដែលពួកគេមិនព្រមស្តាប់ការពិត និងអ្នកគដែលមិននិយាយ(ការពិត)។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនដឹងអ្វីជាបទបញ្ជារបស់អល់ឡោះ និងអ្វីជាប្រការដែលទ្រង់ហាមឃាត់នោះទេ។

(23) ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពួកមូស្ហរីគីនដែលបដិសេធទាំងនោះមានភាពល្អប្រសើរនោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យពួកគេអាចស្តាប់លឺនូវការលឺដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ ហើយទ្រង់នឹងធ្វើឲ្យពួកគេមានប្រាជ្ញាស្មារតីចេះពិចារចំពោះបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់ជាមិនខាន ក៏ប៉ុន្តែទ្រង់បានដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេគ្មានភាពល្អប្រសើរនោះទេ។ ហើយបើទោះបីជាទ្រង់ធ្វើឲ្យពួកគេអាចស្តាប់លឺក៏ដោយ ក៏ពួកគេនឹងបែរចេញពីការមានជំនឿដោយភាពចចេសរឹងរួសរបស់ពួកគេនោះដែរ ហើយពួកគេគឺជាពួកដែលប្រឆាំង។

(24) ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយការទទួលយក និងប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះនៅពេលដែលគេអំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។ ដូចនេះ ទ្រង់មានសមត្ថភាពក្នុងការផ្លាស់ប្តូររវាងពួកអ្នកនិងរវាងការទទួលយកសេចក្តីពិត ប្រសិនបើពួកអ្នកចង់ទទួលបានវាក្រោយពីពួកអ្នកបានបដិសេធវានោះ។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់សេចក្តីពិតនោះ ហើយពួកអ្នកត្រូវជឿជាក់ថា ពិតណាស់នៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់ទង្វើដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនេះ។

(25) ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះដែលមិនត្រឹមតែធ្លាក់ទៅលើពួកដែលប្រព្រឹត្តបាបកម្មក្នុងចំណោមពួកអ្នកនោះទេ ផ្ទុយទៅវិញ គឺវានឹងប៉ះពាល់ដល់អ្នកផ្សេងទៀត(មនុស្សល្អ)ក្រៅពីរូបគេផងដែរ។ នោះគឺដោយសារតែ នៅពេលដែលការបំពានបានលេចឡើង ពួកគេ(មនុស្សល្អ)មិនព្រមផ្លាស់ប្តូរ(កែប្រែ)វា។ ហើយចូរពួកអ្នកជឿជាក់ថា ពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះពួកដែលប្រព្រឹត្តល្មើសនឹងទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នពីការប្រព្រឹត្តល្មើសចំពោះទ្រង់។

(26) ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) នៅពេលដែលពួកអ្នកស្ថិតនៅទីក្រុងម៉ាក្កះ ដោយពួកអ្នកមានគ្នាតិច និងមានភាពទន់ខ្សោយ ព្រមទាំងត្រូវទទួលរងនូវការគាបសង្កត់ពីពួកគេ(ពួកមុស្ហរីគីន)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នកភ្លាមៗ តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នកដែលពួកអ្នកអាចភៀសខ្លួនទៅកាន់វាបាន នោះគឺទីក្រុងម៉ាទីណះ។ ហើយអល់ឡោះបានពង្រឹងពួកអ្នកដោយការធ្វើឲ្យពួកអ្នកទទួលជ័យជម្នះលើសត្រូវរបស់ពួកអ្នកនៅក្នុងសមរភូមិជាច្រើន ដែលក្នុងចំណោមនោះ គឺសមរភូមិហ្ពាហ្ទើរ។ ហើយទ្រង់បានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក ដែលក្នុងចំណោមនោះ គឺទ្រព្យជ័យភណ្ឌដែលពួកអ្នកដកហូតបានពីសត្រូវរបស់ពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់ ដើម្បីទ្រង់នឹងបន្ថែមវាដល់ពួកអ្នកទៀត។ ហើយចូរពួកអ្នកកុំរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យទ្រង់ដកហូតវាពីពួកអ្នកវិញ ហើយទ្រង់នឹងដាក់ទណ្ឌកម្មលើពួកអ្នកថែមទៀត។

(27) ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំក្បត់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយបោះបង់ការអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងមិនចៀសឆ្ងាយពីប្រការដែលទ្រង់បានហាមឃាត់ពួកអ្នកឲ្យសោះ។ ហើយចូរពួកអ្នកកុំក្បត់នូវអ្វីដែលគេបានផ្តល់ទំនុកចិត្តមកលើពួកអ្នក ដូចជាបំណុលនិងអ្វីៗផ្សេងទៀត ខណៈដែលពួកអ្នកបានដឹងថា អ្វីដែលពួកអ្នកបានធ្វើនោះគឺជាការក្បត់ ដែលជាហេតុធ្វើឲ្យពួកអ្នកស្ថិតក្នុងចំណោមពួកក្បត់ឲ្យសោះ។

(28) ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងចុះថាៈ ជាការពិតណាស់ ទ្រព្យសម្បត្តិរបស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកនោះ គឺគ្រាន់តែជាការសាកល្បងពីអល់ឡោះមកលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាអាចរារាំងពួកអ្នកពីការសាងទង្វើ(ល្អ)សម្រាប់ថ្ងៃបរលោក និងអាចនាំឲ្យពួកអ្នកធ្លាក់ក្នុងអំពើក្បត់បាន។ ហើយចូរពួកអ្នកដឹងចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យដ៏ធំធេង។ ហេតុនេះ ពួកអ្នកមិនត្រូវឲ្យផលបុណ្យនេះបាត់បង់ពីពួកអ្នកដោយសារតែការយកចិត្តទុកដាក់របស់ពួកអ្នកចំពោះទ្រព្យសម្បត្តិនិងកូនចៅ ហើយប្រព្រឹត្តអំពើក្បត់ព្រោះតែពួកគេនោះទេ។

(29) ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកដឹងចុះថាៈ ជាការពិតណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យពួកអ្នកចេះបែងចែករវាងប្រការពិតនិងប្រការដែលមិនពិត។ ដូច្នេះ វាទាំងពីរនឹងមិនធ្វើឲ្យពួកអ្នកច្រឡំគ្នានោះទេ ហើយទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកបានសាង និងអភ័យទោសឲ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត ហើយក្នុងចំណោមភាពសប្បុរសដ៏ធំធេងរបស់ទ្រង់នោះ គឺទ្រង់បានត្រៀមឋានសួគ៌របស់ទ្រង់សម្រាប់បណ្តាអ្នកដែលកោតខ្លាចទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ។

(30) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបានរៀបចំល្បិចកលដើម្បីឃុំឃាំងអ្នក ឬក៏សម្លាប់អ្នក ឬក៏និរទេសអ្នកចេញពីភូមិស្រុករបស់អ្នកទៅកាន់កន្លែងផ្សេង។ ពួកគេបានប្រើល្បិចកលមកលើអ្នក តែអល់ឡោះបានបង្វែរល្បិចកលរបស់ពួកគេនោះឲ្យធ្លាក់ទៅលើពួកគេវិញ ហើយអល់ឡោះក៏បានប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះ គឺជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។

(31) ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់ ពួកគេបាននិយាយដោយភាពចចេសរឹងរូសមិនទទួលយកការពិត ព្រមទាំងមានភាពក្អេងក្អាងចំពោះវាថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានស្តាប់លឺដូចនេះពីមុនមកហើយ។ ប្រសិនបើពួកយើងចង់និយាយនូវពាក្យសម្តីអ្វីដូចគម្ពីរគួរអាននេះ ពួកយើងប្រាកដជានឹងនិយាយបានជាមិនខាន។ ហើយគម្ពីរគួរអានដែលពួកយើងបានស្តាប់លឺនេះ គឺគ្មានអ្វីក្រៅការភូតកុហក ប្រឌិតឡើងរបស់អ្នកជំនាន់មុននោះឡើយ។ ដូចនេះ ពួកយើងមិនមានជំនឿចំពោះវាជាដាច់ខាត។

(32) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបាននិយាយថាៈ ឱអល់ឡោះជាម្ចាស់! ប្រសិនបើអ្វីដែលមូហាំម៉ាត់បាននាំមកគឺជាការពិតមែននោះ សូមទ្រង់មេត្តាបញ្ចុះភ្លៀងដុំថ្មពីលើមេឃដើម្បីបំផ្លាញពួកយើង ឬក៏នាំមកនូវទណ្ឌកម្មដ៏ខ្លាំងក្លាមកកាន់ពួកយើងមក។ ពួកគេនិយាយដូចនេះ គ្រាន់តែជាការផ្គើនដើម្បីបន្ថែមនូវការប្រឆាំងនិងការបដិសេធរបស់ពួកគេតែប៉ុណ្ណោះ។

(33) ហើយអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មផ្តាច់ពូជប្រជាជាតិរបស់អ្នក(ព្យាការីមូហាំម៉ាត់)នោះទេ ខណៈដែលរូបអ្នកនៅមានជីវិត ហើយមានវត្តមាននៅជាមួយពួកគេនោះ ពីព្រោះវត្តមានរបស់អ្នកនៅជាមួយពួកគេ គឺជាសុវត្ថិភាពសម្រាប់ពួកគេពីទណ្ឌកម្ម។ ហើយអល់ឡោះជាម្ចាស់ក៏មិនដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេគឺជាអ្នកដែលសុំការអភ័យទោសពីទ្រង់នូវរាល់បាបកម្មរបស់ពួកគេនោះដែរ។

(34) ហើយតើអ្វីមួយដែលអាចរារាំងមិនឲ្យ(អល់ឡោះជាម្ចាស់)ដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេបានប្រព្រឹត្តប្រការដែលចាំបាច់ត្រូវតែទទួលនូវទណ្ឌកម្មដោយសារតែពួកគេបានរារាំងមនុស្សមិនឲ្យតវ៉ាហ្វ(ប្រទក្សិណ) និងសឡាតនៅក្នុងម៉ាស្ជិតហារ៉មនោះ? ហើយពួកមុស្ហរីគីនទាំងនោះ មិនមែនជាអ្នកគាំពាររបស់អល់ឡោះជាម្ចាស់នោះឡើយ ពីព្រោះអ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លាចទ្រង់ប៉ុណ្ណោះដែលពួកគេកោតខ្លាចទ្រង់ដោយគោរពប្រតិបត្តិតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែទ្រង់បានហាមឃាត់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនដឹងនោះទេនៅពេលដែលពួកគេអះអាងថា ពិតណាស់ ពួកគេគឺជាអ្នកគាំពាររបស់អល់ឡោះនោះ ក្នុងខណៈដែលពួកគេមិនមែនជាអ្នកគាំពាររបស់អល់ឡោះនោះឡើយ។

(35) ហើយការគោរពសក្ការៈរបស់ពួកមុស្ហរីគីននៅម៉ាស្ជិតហារ៉មនោះ គ្មានអ្វីក្រៅពីការហួចលេង និងទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្សរសជាតិទណ្ឌកម្មដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកនៅថ្ងៃសមរភូមិហ្ពាហ្ទើរចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ និងការបដិសេធរបស់ពួកអ្នកចំពោះអ្នកនាំសាររបស់ទ្រង់។

(36) ជាការពិតណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់នោះ ពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងមនុស្សពីសាសនារបស់ទ្រង់។ ពិតណាស់ ពួកគេនឹងចំណាយទ្រព្យរបស់ពួកគេ តែពួកគេមិនបានសម្រេច(ទទួលផល)ដូចអ្វីដែលពួកគេចង់បានឡើយ។ ក្រោយមក លទ្ធផលចុងក្រោយនៃការចំណាយទ្រព្យសម្បត្តិរបស់ពួកគេនោះ គឺមានតែការស្តាយក្រោយប៉ុណ្ណោះ ដោយសារតែទ្រព្យរបស់ពួកគេក៏បាត់បង់ ហើយគោលបំណងនៃការចំណាយរបស់ពួកគេក៏មិនបានសម្រេច។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យដោយសារតែអ្នកមានជំនឿបានយកជ័យជម្នះលើពួកគេ។ ហើយនៅថ្ងៃបរលោក ពួកដែលប្រឆាំងនឹងអល់ឡោះនឹងត្រូវបានគេប្រមូលទៅកាន់នរកជើហាន់ណាំ ដោយពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ។

(37) គេនាំយកពួកប្រឆាំងដែលចំណាយទ្រព្យរបស់ពួកគេដើម្បីរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះទាំងនោះទៅកាន់ឋាននរកជើហាន់ណាំដើម្បីអល់ឡោះទ្រង់ញែកចេញ ឬបែងចែកក្រុមដែលគ្មានជំនឿដែលជាមនុស្សអាក្រក់ចេញពីក្រុមអ្នកមានជំនឿដែលជាមនុស្សល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ៗ ដូចជាមនុស្សអាក្រក់ ទង្វើអាក្រក់ និងទ្រព្យសម្បត្តិដែលអាក្រក់គរលើគ្នាជាបន្តបន្ទាប់ រួចមក ទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានខាតបង់ទាំងខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។

(38) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមក្រុមរបស់អ្នកថាៈ ប្រសិនបើពួកគេបញ្ឈប់ការប្រឆាំង(គ្មានជំនឿ)របស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបញ្ឈប់ការរារាំងពីមាគ៌ារបស់អល់ឡោះចំពោះជនណាដែលមានជំនឿនឹងទ្រង់នោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកគេនូវបាបកម្មទាំងឡាយដែលពួកគេបានសាងកន្លងមក ពីព្រោះ(ការចូល)សាសនាឥស្លាម គឺបោសសម្អាត(លុបលាង)នូវរាល់អ្វី(បាបកម្ម)ដែលមានពីមុនមក។ តែប្រសិនបើពួកគេវិលត្រឡប់ទៅរកការប្រឆាំងរបស់ពួកគេវិញនោះ ពិតប្រាកដណាស់ មាគ៌ារបស់អល់ឡោះនោះបានកើតឡើងចំពោះអ្នកជំនាន់មុនរួចទៅហើយ ពោលគឺ ប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែលនោះ ទណ្ឌកម្មនឹងកើតឡើងចំពោះពួកគេភ្លាមៗ។

(39) ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នកដែលជាពួកប្រឆាំង(គ្មានជំនឿ) រហូតទាល់តែអំពើស្ហ៊ីរិកនិងការរារាំងអ្នកមូស្លីមពីសាសនារបស់អល់ឡោះលែងកើតមាន ហើយការគោរពសាសនា(ឥស្លាម)និងការគោរពប្រតិបត្តិសម្រាប់អល់ឡោះជាម្ចាស់តែមួយដោយគ្មានស្ហ៊ីរិកចំពោះទ្រង់កើតមាន។ ហើយប្រសិនបើពួកប្រឆាំងបានបញ្ឈប់នូវអំពើស្ហ៊ីរិក និងការរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះនោះ ចូរអ្នកអំពាវនាវពួកគេចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវទង្វើរបស់ពួកគេដោយគ្មានអ្វីមួយលាក់បាំងពីទ្រង់នោះឡើយ។

(40) តែប្រសិនបើពួកគេបែរចេញពីអ្វីដែលគេបានប្រើឲ្យពួកគេបញ្ឈប់ ដូចជាបញ្ឈប់កាប្រឆាំង និងការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជឿជាក់ចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកជួយពួកអ្នកឲ្យយកឈ្នះលើពួកគេ។ ទ្រង់គឺជាអ្នកគាំពារដ៏ប្រសើរបំផុតចំពោះជនណាដែលគាំពារទ្រង់ ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតចំពោះជនណាដែលជួយទ្រង់។ ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់គាំពាររូបគេ ជននោះពិតជាទទួលបានជោគជ័យ ហើយជនណាដែលទ្រង់ជួយគេនោះ ជននោះនឹងទទួលបាននូវជ័យជម្នះ។

(41) ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជ្រាបចុះថាៈ ជាការពិតណាស់ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំងក្នុងពេលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះ គឺត្រូវបែងចែកទៅជាប្រាំភាគប្រាំ(៥/៥) ដោយក្នុងនោះ បួនភាគប្រាំ(៤/៥) គឺត្រូវបែងចែកទៅឲ្យអ្នកដែលចូលរួមតស៊ូប្រយុទ្ធ និងមួយភាគប្រាំ(១/៥)ដែលនៅសល់ គឺត្រូវបែងចែកទៅជាប្រាំចំណែកទៀតគឺ៖ មួយចំណែកសម្រាប់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់សម្រាប់ចំណាយលើកិច្ចការទូទៅរបស់អ្នកឥស្លាម មួយចំណែកទៀតសម្រាប់សាច់ញាតិរបស់ព្យាការីមូហាំម៉ាត់នៃអម្បូរហាសឹមនិងអម្បូរអាល់មុតឡឹប មួយចំណែកទៀតសម្រាប់កូនកំព្រា(កំព្រាឪពុក) មួយចំណែកទៀតសម្រាប់អ្នកក្រីក្រនិងទុគ៌តជន និងមួយចំណែកទៀតសម្រាប់អ្នកដំណើរដែលដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿចំពោះអល់ឡោះនិងមានជំនឿចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់ខ្ញុំបម្រើរបស់យើង គឺព្យាការីមូហាំម៉ាត់ នៅថ្ងៃសមរភូមិហ្ពាហ្ទើរ ជាថ្ងៃដែលអល់ឡោះទ្រង់បានបែងចែករវាងខុសនិងត្រូវ ខណៈដែលទ្រង់បានជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នកមែននោះ។ ហើយអល់ឡោះជាម្ចាស់ដែលបានជួយពួកអ្នកនោះ ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។

(42) ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃជ្រលងដែលស្ថិតនៅផ្នែកខាងក្រុងម៉ាទីណះ ហើយពួកមុស្ហរីគីនស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពីជ្រលងដែលនៅប៉ែកខាងក្រុងម៉ាក្កះ។ ចំណែកឯក្រុមសត្វអូដ្ឋដឹកទំនិញវិញ គឺស្ថិតនៅកន្លែងដែលទាបជាងពួកអ្នក ដោយស្ថិតនៅប៉ែកខាងឆ្នេរសមុទ្រក្រហម។ ហើយទោះបីជាពួកអ្នកនិងពួកមុស្ហរីគីនសន្យា(ណាត់គ្នា)ថានឹងជួបគ្នានៅឯតំបន់ហ្ពាហ្ទើរក៏ដោយ ក៏ពួកអ្នកមិនអាចជួបគ្នាបានដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានប្រមូលផ្តុំរវាងពួកអ្នក(ទាំងពីរក្រុម)នៅឯតំបន់ហ្ពាហ្ទើរដោយគ្មានការសន្យា(ណាត់គ្នា)ជាមុន ដើម្បីទ្រង់បំពេញនូវកិច្ចការដែលបានកំណត់រួច នោះគឺការជួយដល់បណ្តាអ្នកមានជំនឿឲ្យទទួលជ័យជំនះ ហើយធ្វើឲ្យពួកគ្មានជំនឿទទួលបរាជ័យ ដើម្បីឲ្យពួកដែលប្រឆាំងនឹងភស្តុតាងដ៏ច្បាស់លាស់ដែលបានមកដល់ពួកគេកាន់តែប្រឆាំង និងដើម្បីឲ្យអ្នកដែលបានជឿនឹងភស្តុតាងដ៏ច្បាស់លាស់កាន់តែមានជំនឿថែមទៀត។ ហើយអល់ឡោះមហាលឺនូវរាល់ពាក្យសម្តីទាំងអស់ ហើយទ្រង់មហាដឹងនូវរាល់ទង្វើរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។

(43) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់អ្នកនិងបណ្តាអ្នកមានជំនឿ នៅពេលដែលអល់ឡោះទ្រង់បានបង្ហាញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនដ៏តិចតួចរបស់ពួកមុស្ហរីគីន។ ពេលនោះ អ្នកបានប្រាប់ដំណឹង(រីករាយ)នេះដល់បណ្តាអ្នកមានជំនឿ ហើយពួកគេក៏មានភាពសប្បាយរីករាយចំពោះដំណឹងល្អនេះ ហើយយើងបានពង្រឹងកម្លាំងរបស់ពួកគេនៅពេលដែលបានជួបនឹងសត្រូវហើយប្រយុទ្ធគ្នាជាមួយពួកគេ។ តែប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បង្ហាញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនទ័ពដ៏ច្រើនរបស់ពួកមុស្ហរីគីនវិញនោះ វានឹងធ្វើឲ្យកម្លាំងរបស់សហការី(សហាហ្ពាត់)អ្នកទន់ខ្សោយ ហើយពួកគេនឹងមានការភ័យខ្លាចក្នុងការប្រយុទ្ធជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បានផ្តល់សុវត្ថិភាព(ដល់ពួកអ្នក)ពីបញ្ហានេះ ហើយទ្រង់បានការពារពួកគេអំពីការបរាជ័យ ហើយទ្រង់ក៏បានធ្វើឲ្យពួកគេ(ពួកមុស្ហរីគីន)មានគ្នាតិចក្នុងក្រសែរភ្នែករបស់អ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាជ្រាបដឹងនូវអ្វីដែលប្រែប្រួលនិងអ្វីដែលលាក់បាំងនៅក្នុងចិត្ត។

(44) ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចងចាំ នៅពេលដែលអល់ឡោះទ្រង់បានបង្ហាញឲ្យពួកអ្នកបានឃើញ(កងទ័ព)ពួកមុស្ហរីគីនមានចំនួនតិចនៅពេលដែលពួកអ្នកបានជួបនឹងពួកគេ។ ដូច្នេះ វាបានលើកទឹកចិត្តពួកអ្នកឲ្យមានភាពក្លាហានមុះមុតក្នុងការប្រយុទ្ធនឹងពួកគេ។ ហើយទ្រង់ក៏បានឲ្យពួកគេមើលឃើញពួកអ្នកមានចំនួនតិចក្នុងក្រសែភ្នែករបស់ពួកគេផងដែរ ដើម្បីឲ្យពួកគេចាប់ផ្តើមប្រយុទ្ធនឹងពួកអ្នក និងមិនគិតទៅដល់ការវិលត្រឡប់(បកក្រោយ)វិញ ដើម្បីឲ្យអល់ឡោះសម្រេចកិច្ចការរបស់ទ្រង់ដែលបានកំណត់រួច ដោយការផ្តន្ទាទោសពួកមុស្ហរីគីនតាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹក ព្រមទាំងផ្តល់ឲ្យបណ្តាអ្នកមានជំនឿនូវជំនួយនិងការទទួលជ័យជម្នះលើសត្រូវ។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់ពួកដែលធ្វើអាក្រក់នោះនូវទង្វើអាក្រក់របស់ពួកគេ និង(តបស្នង)ដល់អ្នកធ្វើល្អនោះ នូវទង្វើល្អរបស់ពួកគេ។

(45) ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកប្រឈមមុខនឹងក្រុមមួយក្នុងចំណោមពួកប្រឆាំងនោះ ចូរពួកអ្នកមានភាពនឹងនរនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកកុំកំសាកឲ្យសោះ។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះជាម្ចាស់ឲ្យបានច្រើន ព្រមទាំងបួងសួងសុំពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានសមត្ថភាពក្នុងការជួយពួកអ្នកឲ្យយកជ័យជម្នះលើពួកគេ។ សង្ឃឹមថាទ្រង់នឹងផ្តល់ឲ្យពួកអ្នកនូវអ្វីដែលពួកអ្នកបានស្នើសុំ និងបញ្ចៀសពួកអ្នកពីអ្វីដែលពួកអ្នកប្រុងប្រយ័ត្ន។

(46) ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ ទាំងពាក្យសម្តី កាយវិការ និងគ្រប់ស្ថានភាពទាំងអស់របស់ពួកអ្នក ហើយចួរពួកអ្នកកុំមានទស្សនៈខ្វែងគ្នាឲ្យសោះ។ ជាការពិតណាស់ ការខ្វែងយោបល់គ្នារបស់ពួកអ្នកនោះ គឺជាមូលហេតុមួយដែលនាំឲ្យពួកអ្នកមានភាពទន់ខ្សោយ និងកំសាក ហើយធ្វើឲ្យបាត់បង់នូវភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់នៅពេលដែលជួបនឹងសត្រូវរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់តាមរយៈការជួយនិងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ ជាការពិតណាស់ រូបគេនឹងទទួលបានជោគជ័យយ៉ាងពិតប្រាកដ។

(47) ហើយចូរពួកអ្នកកុំធ្វើដូចពួកមុស្ហរីគីនដែលពួកគេបានចាកចេញពីក្រុងម៉ាក្កះប្រកបដោយភាពក្អេងក្អាងនិងចង់ឲ្យមនុស្សលោកឃើញ និងបានរារាំងមនុស្សពីសាសនារបស់អល់ឡោះ ថែមទាំងហាមឃាត់មនុស្សមិនឲ្យចូលសាសនារបស់ទ្រង់នោះឲ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានសាង។

(48) ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) ក្នុងចំណោមឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ គឺស្ហៃតនបានលម្អដល់ពួកមុស្ហរីគីននូវទង្វើរបស់ពួកគេ ហើយវាបានធ្វើឲ្យពួកគេមានភាពក្លាហានក្នុងការជួបអ្នកមានជំនឿនិងប្រយុទ្ធជាមួយពួកគេ។ ហើយវា(ស្ហៃតន)បាននិយាយទៅកាន់ពួកគេថាៈ គ្មាននរណាម្នាក់អាចយកជ័យជម្នះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកជួយពួកអ្នក និងជាអ្នកជួយសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ក៏ប៉ុន្តែ នៅពេលដែលក្រុមទាំងពីរបានជួបគ្នា គឺក្រុមអ្នកមានជំនឿដែលមានពួកម៉ាឡាអ៊ីកាត់នៅជាមួយពួកគេជាអ្នកជួយពួកគេ ហើយក្រុមពួកមុស្ហរីគីនដែលមានស្ហៃតននៅជាមួយពួកគេជាអ្នកបោកប្រាស់ពួកគេនោះ ស្ហៃតនក៏បានរត់ចេញពីពួកគេ ហើយវាក៏បាននិយាយទៅកាន់ពួកមុស្ហរីគីនថាៈ ពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំបានឃើញពួកម៉ាឡាអ៊ីកាត់ដែលពួកគេចុះមកដើម្បីជួយបណ្តាអ្នកមានជំនឿ។ ពិតណាស់ ខ្ញុំខ្លាចអល់ឡោះទ្រង់បំផ្លាញខ្ញុំឲ្យអន្តរាយ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយគ្មាននរណាម្នាក់អាចទ្រាំទ្រនឹងទណ្ឌកម្មរបស់ទ្រង់បានឡើយ។

(49) ហើយចូរពួកអ្នក(អ្នកមានជំនឿ)ចងចាំ នៅពេលដែលពួកពុតត្បុតនិងអ្នកដែលមានជំនឿទន់ខ្សោយបាននិយាយថាៈ អ្នកមូស្លីមទាំងនោះ សាសនារបស់ពួកគេបានបោកប្រាស់ពួកគេដែលសន្យានឹងពួកគេថា នឹងជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវទោះបីជាពួកគេមានគ្នាតិច សម្ភារៈសឹកក៏ខ្សោយ ហើយសត្រូវរបស់ពួកគេវិញមានចំនួនច្រើន ហើយកម្លាំងរបស់ពួកគេក៏ខ្លាំងជាងក៏ដោយ។ ពួកទាំងនោះ(ពួកពុតត្បុតនិងពួកដែលមានជំនឿទន់ខ្សោយ)មិនបានដឹងទេថា ជាការពិតណាស់ ជនណាហើយដែលប្រគល់ការទុកចិត្តទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយជឿជាក់ចំពោះអ្វីដែលទ្រង់បានសន្យាថានឹងជួយដល់ពួកគេនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលជួយពួកគេ ហើយទ្រង់មិនធ្វើឲ្យពួកគេទទួលបរាជ័យនោះឡើយ ទោះបីជាពួកគេទន់ខ្សោយ(ជាងសត្រូវ)ក៏ដោយ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់។

(50) ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកព្រលឹងរបស់ពួកគេនោះ (អ្នកនឹងឃើញ)ម៉ាឡាអ៊ីកាត់វាយមុខពួកគេនៅពេលដែលពួកគេទៅដល់ ហើយវាយខ្នងរបស់ពួកគេនៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)ត្រឡប់មកវិញ ហើយម៉ាឡាអ៊ីកាត់និយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្សចុះនូវទណ្ឌកម្មនៃភ្លើងនរកដ៏សន្ធោសន្ធៅ។ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បានឃើញ(ហេតុការណ៍)នោះ ប្រាកដណាស់ អ្នកបានឃើញនូវកិច្ចការមួយដ៏ធំធេង។

(51) ទណ្ឌកម្មដ៏សែនខ្លោចផ្សានៅពេលដែលគេដកហូតយកជីវិតរបស់ពួកអ្នក(នែពួកគ្មានជំនឿ) និងទណ្ឌកម្មនៃភ្លើងដ៏សន្ធោសន្ធៅនៅក្នុងផ្នូររបស់ពួកអ្នក និងនៅថ្ងៃបរលោកនោះ គឺដោយសារតែអ្វី(អំពើអាក្រក់)ដែលពួកអ្នកបានសាងដោយផ្ទាល់ដៃរបស់ពួកអ្នកនៅក្នុងលោកិយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានទៅលើនរណាម្នាក់នោះឡើយ។ តាមពិត ទ្រង់កាត់សេចក្តីរវាងពួកអ្នកដោយភាពយុត្តិធម៌ ព្រោះទ្រង់គឺជាអ្នកកាត់សេចក្តីដែលប្រកបដោយភាពយុត្តិធម៌បំផុត។

(52) ហើយទណ្ឌកម្មដែលពួកប្រឆាំងទទួលរងនោះ គឺមិនមែនសម្រាប់តែពួកប្រឆាំងទាំងនេះ(នៅជំនាន់នេះ)នោះទេ ផ្ទុយទៅវិញ វាគឺជាមាគ៌ារបស់អល់ឡោះដែលទ្រង់បានដាក់ទៅលើពួកប្រឆាំងដទៃទៀតនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងផងដែរ។ ជាការពិតណាស់ បក្សពួករបស់ហ្វៀរអោន និងប្រជាជាតិជំនាន់មុនពួកគេនោះ ក៏បានទទួលទណ្ឌកម្មបែបនេះដែរនៅពេលដែលពួកគេប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះជាម្ចាស់នោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មរបស់ម្ចាស់ដ៏មហាខ្លាំងក្លា មហាមានអានុភាព ដោយសារតែបាបកម្មរបស់ពួកគេ។ ដូចនេះ ទ្រង់ក៏ទម្លាក់ទណ្ឌកម្មរបស់ទ្រង់ទៅលើពួកគេ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លាបំផុតដែលគ្មានអ្នកណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជនដែលប្រព្រឹត្តល្មើសនឹងទ្រង់។

(53) ទណ្ឌកម្មដ៏សែនធ្ងន់ធ្ងរទាំងនោះ គឺដោយសារតែអល់ឡោះជាម្ចាស់ នៅពេលណាដែលទ្រង់ប្រទានឧបការគុណអំពីទ្រង់ដល់ក្រុមណាមួយនោះ គឺទ្រង់មិនដកយកវាចេញពីពួកគេវិញនោះទេ លុះតែពួកគេផ្លាស់ប្តូរឬកែប្រែខ្លួនរបស់ពួកគេផ្ទាល់ ដោយផ្លាស់ប្តូរពីភាពល្អប្រសើរដោយការមានជំនឿនិងការដឹងគុណចំពោះឧបការគុណនោះ ទៅកាន់ស្ថានភាពដែលអាក្រក់ដោយការប្រឆាំងនឹងអល់ឡោះ ប្រព្រឹត្តល្មើសនឹងទ្រង់ និងរមិលគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ប៉ុណ្ណោះ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់ និងទ្រង់មហាដឹងបំផុតនូវរាល់ទង្វើរបស់ពួកគេដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

(54) រឿងរ៉ាវរបស់ពួកដែលប្រឆាំងទាំងនោះ គឺដូចជារឿងរ៉ាវរបស់ពួកដែលប្រឆាំងនឹងអល់ឡោះផ្សេងទៀតដែរ ដូចជាបក្សពួករបស់ហ្វៀរអោន និងប្រជាជាតិទាំងឡាយដែលបានបដិសេធមុនពួកគេនោះ។ ពួកគេបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយនៃម្ចាស់របស់ពួកគេ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេដោយសារតែពួកគេបានប្រព្រឹត្តល្មើស។ ហើយអល់ឡោះបានបំផ្លាញក្រុមរបស់ហ្វៀរអោនដោយឲ្យពួកគេលិចលង់ក្នុងទឹកសមុទ្រ។ ហើយទាំងក្រុមរបស់ហ្វៀរអោន និងប្រជាជាតិ(ដែលបដិសេធ)ជំនាន់មុនៗនោះ ពួកគេគឺជាពួកបំពានដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ និងបានធ្វើស្ហ៊ីរិកនឹងទ្រង់។ ដូច្នេះ ពួកគេចាំបាច់ត្រូវតែទទួលនូវទណ្ឌកម្មរបស់អល់ឡោះបែបនេះ ហើយទណ្ឌកម្មនោះក៏បានកើតឡើងចំពោះពួកគេ។

(55) ជាការពិតណាស់ សត្វលោកដែលអាក្រក់ជាងគេបំផុតនៅលើផែនដីចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់។ ជាការពិតណាស់ ពួកគេគ្មានជំនឿនោះឡើយ បើទោះបីជាភស្តុតាងទាំងអស់បានមកដល់ពួកគេក៏ដោយ ដោយសារតែពួកគេនៅតែបន្តចចេសរឹងរូសនៅលើភាពប្រឆាំងរបស់ពួកគេ។ ពិតប្រាកដណាស់ មាគ៌ាដែលនាំពួកគេទៅកាន់ការចង្អុលបង្ហាញនោះ គឺត្រូវបានបំផ្លាញចេញពីប្រាជ្ញា ការស្តាប់លឺ និងការមើលឃើញរបស់ពួកគេ។

(56) គឺពួកដែលអ្នក(ព្យាការីមូហាំម៉ាត់)បានចុះកិច្ចសន្យានិងកិច្ចព្រមព្រៀងជាមួយពួកគេ(ដូចជាអម្បូរគូរ័យហ្សោះ) ក្រោយមក ពួកគេបានក្បត់កិច្ចសន្យាដែលអ្នកបានចុះជាមួយពួកគេរាល់ៗលើក ហើយពួកគេមិនមានការកោតខ្លាចអល់ឡោះឡើយ។ ពិតណាស់ ពួកគេមិនប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់ពួកគេនោះឡើយ ហើយពួកគេក៏មិនប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលគេបានដាក់ទៅលើពួកគេនោះដែរ។

(57) ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានជួបពួកដែលក្បត់កិច្ចសន្យាទាំងនោះក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេឲ្យបានខ្លាំងក្លាបំផុតរហូតដល់អ្នកផ្សេងបានលឺរឿងនេះដែរ ដើម្បីឲ្យពួកគេយកស្ថានភាពរបស់ពួកនេះធ្វើជាមេរៀន។ ដូច្នេះ ពួកគេនឹងមានការកោតញញើតក្នុងការសម្លាប់អ្នក និងការបង្ហាញភាពជាសត្រូវរបស់គេមកលើអ្នកជាមិនខាន។

(58) ក៏ប៉ុន្តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការបារម្ភខ្លាចក្រុមដែលអ្នកបានចុះកិច្ចព្រមព្រៀមជាមួយពួកគេនោះបោកប្រាស់និងក្បត់កិច្ចសន្យាតាមរយៈសញ្ញាដែលបានស្តែងចេញចំពោះអ្នកយ៉ាងដូច្នោះនោះ ចូរអ្នកប្រាប់ឲ្យពួកគេបានដឹងពីការបោះបង់(រំលាយ)កិច្ចសន្យារបស់ពួកគេ ដើម្បីឲ្យពួកគេបានដឹងស្មើគ្នាជាមួយអ្នក(បានដឹងដូចគ្នា) ហើយចូរអ្នកកុំធ្វើទាំងកម្រោលភ្លាមៗចំពោះពួកគេមុននឹងជូនដំណឹងដល់ពួកគេឲ្យសោះ។ ប្រសិនបើអ្នកក្បត់ពួកគេទាំងកម្រោលភ្លាមៗមុននឹងផ្តល់ដំណឹងដល់ពួកគេ(ពីការរំលាយកិច្ចព្រមព្រៀង)នោះ ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលក្បត់កិច្ចសន្យានោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមពួកគេ។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នអំពីការក្បត់នេះ។

(59) ហើយចូរពួកប្រឆាំងកុំគិតថា ពិតណាស់ពួកគេអាចគេចផុតនិងរួចខ្លួនពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់ឲ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនរួចខ្លួននោះដែរ។ ផ្ទុយទៅវិញ វា(ទណ្ឌកម្មនោះ)នឹងទៅដល់ពួកគេ និងទៅទាន់ពួកគេជាមិនខាន។

(60) ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកក្នុងការត្រៀមនូវកម្លាំងទ័ព និងគ្រឿងសព្វាវុធ ដូចជាព្រួញជាដើម ហើយចូរពួកអ្នករៀបចំសម្រាប់ពួកគេនូវសត្វសេះដែលពួកអ្នកចាប់បានពីសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកអ្នកត្រូវបន្លាចវាដល់សត្រូវរបស់អល់ឡោះនិងសត្រូវរបស់ពូកអ្នកដែលជាពួកប្រឆាំងដែលពួកគេទន្ទឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ ហើយពួកអ្នកត្រូវបន្លាចវាដល់ក្រុមផ្សេងទៀតដែលពួកអ្នកមិនស្គាល់ពួកគេ ហើយក៏មិនបានដឹងពីការលាក់បាំងនូវភាពជាសត្រូវរបស់ពួកគេចំពោះពួកអ្នកដែរ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលស្គាល់ពួកគេ ហើយទ្រង់ដឹងនូវអ្វីដែលពួកគេលាក់ទុកក្នុងចិត្តរបស់ពួកគេ។ ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានបរិច្ចាគ មិនថាតិចក្តីច្រើនក្តី អល់ឡោះជាម្ចាស់នឹងជំនួសវាដល់ពួកអ្នកវិញនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងនូវផលបុណ្យយ៉ាងពេញលេញដល់ពួកអ្នកដោយគ្មានបាត់បង់បន្តិចឡើយនៅថ្ងៃបរលោក។ ហេតុនេះ ចូរពួកអ្នករួសរាន់ក្នុងការបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ។

(61) ហើយប្រសិនបើពួកគេ(សត្រូវ)ទោរទន់ទៅរកការផ្សះផ្សា និងបោះបង់ការប្រយុទ្ធជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ដូច្នេះ អ្នកក៏ត្រូវទោរទន់ទៅរកការផ្សះផ្សាវិញដែរ ហើយត្រូវចុះកិច្ចព្រមព្រៀង(បញ្ចប់សង្គ្រាម)ជាមួយពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ និងជឿជាក់ចំពោះទ្រង់ចុះ ពីព្រោះទ្រង់មិនបោះបង់អ្នកចោលឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាលឺនូវពាក្យសម្តីរបស់ពួកគេ ហើយទ្រង់មហាដឹងនូវការនៀត(តាំងចិត្ត)របស់ពួកគេ និងទង្វើរបស់ពួកគេ។

(62) តែប្រសិនបើការទោរទន់ទៅរកការផ្សះផ្សា និងការបោះបង់ចោលការប្រយុទ្ធរបស់ពួកគេនោះ គឺក្នុងបំណងប្រើល្បិចកលកបោកប្រាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីពួកគេអាចត្រៀមខ្លួនក្នុងការប្រយុទ្ធនឹងអ្នកនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងឧបាយកលរបស់ពួកគេនិងការក្បត់របស់ពួកគេនោះ។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈជំនួយរបស់ទ្រង់ និងធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈការជួយរបស់ជនមូស្លីមចំពោះអ្នកក្នុងចំណោមពួកមូហាជីរីន និងពួកអាន់សរ។

(63) ហើយទ្រង់បានបង្រួបបង្រួមដួងចិត្តរបស់បណ្តាអ្នកមានជំនឿដែលបានជួយអ្នកប្រយុទ្ធនឹងពួកគេក្រោយពីវា(ដួងចិត្តរបស់អ្នកមានជំនឿ)មានការបែកបាក់។ ទោះបីជាអ្នកចំណាយទ្រព្យសម្បត្តិនៅលើផែនដីនេះទាំងអស់ដើម្បីបង្រួបបង្រួមដួងចិត្តរបស់ពួកគេក្រោយពីបែកបាក់នោះក៏ដោយ ក៏អ្នកមិនអាចបង្រួបបង្រួមដួងចិត្តរបស់ពួកគេបាននោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចបង្រួបបង្រួមដួងចិត្តរបស់ពួកគេបាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់ ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

(64) ឱព្យាការីមូហាំម៉ាត់! ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងអំពើអាក្រក់នៃសត្រូវរបស់អ្នក ហើយក៏គ្រប់គ្រាន់ដែរសម្រាប់អ្នកមានជំនឿដែលនៅជាមួយអ្នកនោះ។ ហេតុនេះ ចូរអ្នកជឿជាក់លើទ្រង់ និងប្រគល់ខ្លួនចំពោះទ្រង់ចុះ។

(65) ឱព្យាការីមូហាំម៉ាត់! ចូរអ្នកជម្រុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ និងត្រូវបញ្ចុះបញ្ចូលពួកគេលើការប្រយុទ្ធនេះតាមរយៈអ្វីដែលអាចជួយពង្រឹងឆន្ទៈរបស់ពួកគេ និងគោលជំហររបស់ពួកគេ។ ប្រសិនបើក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានចំនួនពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាចំនួនមួយពាន់នាក់បាន។ នេះគឺដោយសារតែពួកប្រឆាំងនោះ គឺជាក្រុមមួយដែលគ្មានការយល់ដឹងពីមាគ៌ារបស់អល់ឡោះដែលទ្រង់ជួយដល់បណ្តាអ្នកដែលគាំពារទ្រង់ និងធ្វើឲ្យសត្រូវ(របស់ពួកគេ)ចុះចាញ់នោះឡើយ ហើយពួកគេក៏មិនបានដឹងពីគោលបំណងនៃការប្រយុទ្ធគ្នានោះដែរ។ ជាការពិតណាស់ ពួកគេប្រយុទ្ធគឺក្នុងគោលបំណងដើម្បីទទួលបាននូវភាពខ្ពង់ខ្ពស់ក្នុងលោកិយនេះតែប៉ុណ្ណោះ។

(66) ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានសម្រាលដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដោយសារតែទ្រង់បានដឹងពីភាពទន់ខ្សោយរបស់អ្នក។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ទ្រង់បានដាក់កាតព្វកិច្ចលើម្នាក់ៗក្នុងចំណោមពួកអ្នក គឺត្រូវប្រឈមមុខនឹងពួកប្រឆាំងចំនួនពីរនាក់ជំនួសឲ្យដប់នាក់វិញ។(កាលពីមុន អ្នកមានជំនឿម្នាក់ត្រូវប្រឈមមុខនឹងពួកគ្មានជំនឿចំនួនដប់នាក់)។ ហេតុនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់ក្នុងចំណោមអ្នកមានជំនឿតាមរយៈការគាំទ្រ និងការជួយ។

(67) មិនគប្បីឡើយចំពោះព្យាការី(មូហាំម៉ាត់)ក្នុងការទុកឈ្លើយសឹកនៃពួកប្រឆាំង(ដើម្បីទទួលយកការលោះខ្លួន)ដែលបានធ្វើសង្គ្រាមប្រឆាំងនឹងគាត់(ព្យាការីមូហាំម៉ាត់)នោះឡើយ លុះត្រាតែគាត់បានសម្លាប់ពួកគេ(ពួកប្រឆាំង)បានច្រើនសិន ដើម្បីបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគេ រហូតដល់ពួកគេមិនហ៊ានវិលត្រឡប់មកប្រយុទ្ធនឹងគាត់ម្តងទៀត។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់ទទួលយកការលោះឈ្លើយសឹកក្នុងសង្គ្រាមហ្ពាហ្ទើរ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ផ្តល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃបរលោកដែលគេអាចទទួលបាន(ដូចនោះ)តាមរយៈការជួយសាសនារបស់ទ្រង់ និងពង្រឹងវាឲ្យមានភាពខ្លាំងក្លា។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងអំណាចរបស់ទ្រង់ ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

(68) ប្រសិនបើគ្មានការកំណត់ពីអល់ឡោះពីមុនមកដែលអនុញ្ញាតឲ្យពួកអ្នកនូវទ្រព្យជ័យភណ្ឌ និងអនុញ្ញាតដល់ពួកអ្នកក្នុងការទទួលយកការលោះឈ្លើយសឹកទេនោះ ពួកអ្នកប្រាកដជានឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតពីអល់ឡោះជាមិនខាន ដោយសារតែពួកអ្នកបានយកទ្រព្យជ័យភណ្ឌនិងទទួលយកនូវការលោះឈ្លើយសឹកមុនពេលដែលវ៉ាហ៊ីពីអល់ឡោះដែលអនុញ្ញាតឲ្យពួកអ្នកធ្វើដូច្នោះបានមកដល់ពួកអ្នក។

(69) ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលទានចុះនូវអ្វីដែលបានមកពីទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំង ដោយសារវាត្រូវបានគេអនុញ្ញាតចំពោះពួកអ្នកហើយ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

(70) ឱព្យាការីមូហាំម៉ាត់! ចូរអ្នកពោលទៅកាន់ឈ្លើយសឹកមុស្ហរីគីនដែលនៅក្នុងដៃពួកអ្នកដែលពួកអ្នកចាប់បាននៅថ្ងៃសមរភូមិហ្ពាហ្ទើរថាៈ ប្រសិនបើអល់ឡោះបានដឹងថា ក្នុងចិត្តបស់ពួកអ្នកមានគោលបំណងល្អ ហើយមានចេតនាល្អនោះ ទ្រង់ច្បាស់ជានឹងផ្តល់ឲ្យពួកអ្នកនូវអ្វីដែលល្អជាងទ្រព្យលោះដែលគេបានយកពីពួកអ្នកជាមិនខាន។ ហេតុនេះ ចូរពួកអ្នកកុំកើតទុក្ខនូវអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក។ ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នកទៀតផង។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ជាការពិតណាស់ ការសន្យារបស់អល់ឡោះបានកើតឡើងពិតប្រាកដមែនចំពោះមារបស់ព្យាការី គឺ អាប់ហ្ពាស និងអ្នកដទៃទៀតក្រៅពីគាត់ក្នុងចំណោមអ្នកដែលបានចូលឥស្លាម(នាពេលបន្ទាប់មក)

(71) ក៏ប៉ុន្តែ ប្រសិនបើពួកគេ(ឈ្លើយសឹកមុស្ហរីគីន)មានបំណងចង់ក្បត់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តាមរយៈពាក្យសម្តីដែលគេបានស្តែងចេញចំពោះមុខអ្នកនោះ ពិតប្រាកដណាស់ ពួកគេក៏ធ្លាប់បានក្បត់អល់ឡោះពីមុនរួចមកដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានជួយអ្នកឲ្យយកឈ្នះលើពួកគេ ដោយគេបានសម្លាប់ពួកគេ និងបានចាប់ពួកគេធ្វើជាឈ្លើយសឹក។ ហេតុនេះ ចូរឲ្យពួកគេរង់ចាំមើលគំរូយ៉ាងដូច្នេះទៀតចុះ ប្រសិនបើពួកគេត្រឡប់មកសារជាថ្មីនោះ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់និងអ្វីដែលល្អសម្រាប់ពួកគេ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែងរបស់ទ្រង់។

(72) ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ ហើយពួកគេបានចំណាកស្រុកចេញពីទឹកដីដែលគ្មានជំនឿទៅកាន់ទឺកដីឥស្លាម ឬទៅកាន់កន្លែងដែលគេអាចគោរពសក្ការៈចំពោះអល់ឡោះដោយសុវត្ថិភាព ហើយពួកគេបានតស៊ូដោយចំណាយទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីលើកកម្ពស់បន្ទូលរបស់អល់ឡោះ ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកដល់ពួកគេ និងបានជួយដល់ពួកគេនោះ អ្នកទាំងនោះ ពោលគឺទាំងអ្នកដែលបានធ្វើចំណាកស្រុក និងអ្នកដែលបានជួយដល់ពួកគេ(អ្នកម្ចាស់ស្រុក) គឺជាសម្ព័ន្ធមិត្តនឹងគ្នាដែលជួយគាំទ្រគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែពួកគេមិនបានធ្វើចំណាកស្រុកពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាមទេនោះ គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើការភៀសខ្លួន(ចំណាកស្រុក)ក្នុងមាគ៌ារបស់អល់ឡោះដែរ។ ហើយប្រសិនបើពួកប្រឆាំងបានបំពានទៅលើពួកគេ ហើយពួកគេសុំការជួយពីពួកអ្នកនោះ ដូច្នេះ ចូរពួកអ្នកជួយពួកគេទប់ទល់នឹងសត្រូវរបស់ពួកគេចុះ លើកលែងតែរវាងពួកអ្នកនិងសត្រូវរបស់ពួកគេ(អ្នកមានជំនឿដែលសុំឲ្យអ្នកជួយ)នោះ មានកិច្ចព្រមព្រៀងដែលពួកគេមិនទាន់បានរំលាយកិច្ចព្រមព្រៀងនោះនៅឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។

(73) ហើយពួកដែលគ្មានជំនឿចំពោះអល់ឡោះនោះ ពួកគេគឺជាសម្ព័ន្ធមិត្តនឹងគ្នាដែលជួយគ្នាទៅវិញទៅមក។ ហេតុនេះ អ្នកមានជំនឿមិនត្រូវយកពួកគេធ្វើជាអ្នកគាំពារនោះឡើយ។ ប្រសិនបើពួកអ្នកមិនយកបណ្តាអ្នកមានជំនឿធ្វើជាអ្នកគាំពារ ហើយយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារវិញនោះ ភាពវឹកវរនឹងកើតមានចំពោះបណ្តាអ្នកមានជំនឿជាមិនខាន ដោយសារតែពួកគេគ្មានអ្នកដែលជួយពួកគេដែលជាបងប្អូនរបស់ពួកគេក្នុងសាសនានោះឡើយ ហើយវិនាសកម្មយ៉ាងធំធេងនឹងកើតមាននៅលើផែនដីនេះជាមិនខាន តាមរយៈការរារាំង(មនុស្ស)ពីមាគ៌ារបស់អល់ឡោះ។

(74) ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយបានភៀសខ្លួនក្នុងមាគ៌ារបស់ទ្រង់(ពួកមូហាជីរីន) និងបណ្តាអ្នកដែលបានផ្តល់ទីជម្រកដល់អ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ(ពួកអាន់សរ៍) ព្រមទាំងបានជួយដល់ពួកគេទៀតនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយការតបស្នងរបស់អល់ឡោះចំពោះពួកគេនោះ គឺទ្រង់នឹងអភ័យទោសនូវរាល់បាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងប្រទាននូវលាភសក្ការៈយ៉ាងប្រពៃដល់ពួកគេ នោះគឺឋានសួគ៌។

(75) ហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់ពីពួកមូហាជីរីន និងពួកអាន់សរ៍ ហើយពួកគេបានភៀសខ្លួនពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាម ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទួលរបស់អល់ឡោះខ្ពង់ខ្ពស់ និងធ្វើឲ្យពាក្យសម្តីរបស់ពួកប្រឆាំងទាបថោកនោះ អ្នកទាំងនោះ ក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ សម្រាប់ពួកគេ ក៏មានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏បានកាតព្វកិច្ចត្រូវធ្វើដូចកាតព្វកិច្ចដែលគេដាក់លើពួកអ្នកដែរ។ ហើយចំពោះសាច់សាលោហិតរបស់ពួកគេនៅក្នុងច្បាប់របស់អល់ឡោះនោះ ពួកគេមានសិទ្ធិទទួលមត៌ពីគ្នាទៅវិញទៅមកអំពីការមានជំនឿ និងការភៀសខ្លួនដែលវាធ្លាប់មានពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។