(1) ពួកដែលគ្មានជំនឿនៃពួកយូដានិងពួកណាសរ៉នី ព្រមទាំងពួកមូស្ហរីគីន មិនបោះបង់ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក(អំពើពហុទេពនិយម)របស់ពួកគេជាដាច់ខាត រហូតទាល់តែភស្ដុតាងយ៉ាងច្បាស់លាស់ និងអំណះអំណាងដ៏ជាក់លាក់បានមកដល់ពួកគេ។
(2) ភស្ដុតាងយ៉ាងច្បាស់លាស់នោះនិងអំណះអំណាងដ៏ជាក់លាក់នោះគឺ អ្នកនាំសារម្នាក់មកពីអល់ឡោះដែលទ្រង់បានតែងតាំងមក ដែលនឹងសូត្រគម្ពីរដ៏ស្អាតស្អំ(គម្ពីរគួរអាន)ឲ្យពួកគេស្តាប់ ដែលគម្ពីរនោះ គ្មាននរណាអាចប៉ះពាល់វាឡើយលើកលែងតែអ្នកជ្រះស្អាត។
(3) នៅក្នុងគម្ពីរនោះ គឺមានដំណឺងពិត និងច្បាប់ដ៏យុត្តិធម៌ដែលនាំមនុស្សលោកទៅកាន់អ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងផ្តល់ការចង្អុលបង្ហាញដល់ពួកគេ។
(4) ហើយពួកយូដាដែលត្រូវបានគេផ្តល់គម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលត្រូវបានគេផ្តល់គម្ពីរអ៊ិនជីលឲ្យពួកគេនោះ មិនដែលខ្វែងគំនិតគ្នានោះទេ លើកលែងតែក្រោយពីអល់ឡោះបានតែងតាំងព្យាការីរបស់ទ្រង់(គឺព្យាការីមូហាំម៉ាត់)ទៅកាន់ពួកគេប៉ុណ្ណោះ។ ពេលនោះក្នុងចំណោមពួកគេ មានអ្នកដែលបានចូលឥស្លាម ហើយមានអ្នកខ្លះទៀតនៅតែបន្តស្ថិតក្នុងភាពគ្មានជំនឿរបស់គេដដែល ទោះបីជារូបគេបានដឹងច្បាស់យ៉ាងច្បាស់ពីសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ហើយក៏ដោយ។
(5) ហើយការស្តែងឲ្យឃើញនូវបទល្មើស និងភាពចចេសរឹងរូសពួកយូដា និងពួកណាសរ៉នីនោះ គឺអ្វីដែលគេបានដាក់បទបញ្ជារទៅលើពួកគេនៅក្នុងគម្ពីគួរអានគឺមិនខុសអ្វីពីបទបញ្ជារដែលគេបានបង្គាប់ប្រើពួកគេនៅក្នងគម្ពីរបស់ពួកគេនោះទេ ដូចជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ជៀសវាងពីប្រការស្ហ៊ីរិក(ពហុទេពនិយម) ប្រតិបត្ដិសឡាត(ថ្វាយបង្គំ) និងការបរិច្ចាគហ្សាកាត់នោះឡើយ។ ដូច្នេះ អ្វីដែលគេបានបង្គាប់ប្រើពួកគេនោះហើយនោះ គឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានវៀចវេឡើយ។
(6) ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿក្នុងចំណោមពួកយូដា ពួកណាសរ៉នី(ពួកគ្រឹស្ទាន) និងពួកមូស្ហរីគីននោះ នឹងចូលក្នុងនរកជើហាន់ណាំនៅថ្ងៃបរលោកដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះ គឺជាម៉ាខ្លូកដែលអាក្រក់បំផុត ដោយសារពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់។
(7) ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយ គឺជាម៉ាខ្លូកដែលល្អបំផុត។
(8) ការតបស្នងរបស់ពួកគេនៅឯម្ចាស់របស់ពួកគេនោះ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេដោយសារតែពួកគេបានមានជំនឿចំពោះទ្រង់ និងគោរពប្រតិបត្តិតាមទ្រង់ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរដោយសារតែពួកគេទទួលបាននូវក្តីមេត្តាករុណាអំពីទ្រង់។ ការទទួលបាននូវក្តីមេត្តាករុណានេះ គឺសម្រាប់តែជនណាដែលកោតខ្លាចម្ចាស់របស់គេដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។