(1) អ្នកនាំសារមូហាំម៉ាត់បានធ្វើមុខក្រញូវ ហើយបានងាកមុខចេញ។
(2) ព្រោះមានជនពិការភ្នែកម្នាក់ដែលមានឈ្មោះថា អាប់ទុលឡោះ ពិន អុំមូមឹកទូម បានមកសុំការណែនាំពីគាត់ក្នុងពេលដែលគាត់កំពុងតែជាប់រវល់អំពាវនាវពួកមេដឹកនាំដែលជាអ្នកមានមុខមាត់នៃពួកមុស្ហរីគីន ដោយគាត់សង្ឃឹមថា ពួកទាំងនោះនឹងទទួលបានការចង្អុលបង្ហាញ។
(3) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹងបានយ៉ាងដូមេ្ដចទៅ? ជួនកាលជនពិការភ្នែកម្នាក់នេះអាចមកសម្អាតខ្លួនរបស់គេពីបាបកម្មក៏ថាបាន។
(4) ឬក៏គេចង់ស្តាប់នូវការទូន្មានពីអ្នក ហើយវាអាចផ្ដល់ផលប្រយោជន៍ដល់គេក៏ថាបាន។
(5) រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់វិញនោះ គេមិនត្រូវការសេចក្តីជំនឿដែលអ្នកបាននាំមកនោះទេ។
(6) តែអ្នកបែរជាយកចិត្តទុកដាក់ចំពោះគេទៅវិញ។
(7) តើមានរឿងអ្វីកើតឡើងចំពោះអ្នក ប្រសិនបើគេមិនសម្អាតខ្លួនពីបាបកម្មដោយការសារភាពកំហុសចំពោះអល់ឡោះនោះ?
(8) រីឯអ្នកដែលខំព្យាយាមមកជួបអ្នក ដើម្បីស្វែងរកប្រការល្អ
(9) ហើយរូបគេក៏កោតខ្លាចម្ចាស់របស់គេផងនោះ
(10) អ្នកបែរជាព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះគេដោយសារពួកមេដឹកនាំនៃពួកមុស្ហរីគីនទៅវិញ។
(11) រឿងនោះគឺមិនដូច្នោះទេ! តាមពិត វាគឺជាការទូន្មាន និងជាការក្រើនរំលឹកសម្រាប់អ្នកដែលទទួលយកវាប៉ុណ្ណោះ។
(12) ដូចេ្នះ ជនណាហើយមានបំណងនឹករលឹកចំពោះអល់ឡោះនោះ គេនឹងនឹករលឹកចំពោះទ្រង់ ហើយគេពិតជានឹងយកអ្វីដែលមាននៅក្នុងគម្ពីរគួរអានធ្វើជាមេរៀនមិនខាន។
(13) ជាការពិតណាស់ គម្ពីរគួរអាននេះ គឺស្ថិតនៅក្នុងគម្ពីរដ៏ពិសិដ្ឋនៅឯម៉ាឡាអ៊ីកាត់
(14) ដែលស្ថិតនៅទីកន្លែងដ៏ខ្ពង់ខ្ពស់ និងស្អាតស្អំ ដែលគ្មានប្រឡាក់ធូលីនិងភាពកខ្វក់អ្វីឡើយ។
(15) វា(គម្ពីរគួរអាន)នៅនឹងដៃអ្នកដែលនាំវ៉ាហ៊ីមក គឺម៉ាឡាអ៊ីកាត់។
(16) ជាអ្នកដែលថ្កុំថ្កើងនៅចំពោះម្ចាស់របស់ពួកគេ និងជាអ្នកដែលប្រព្រឹត្តតែអំពើល្អ និងប្រតិបត្តិតាមបទបញ្ជា។
(17) មនុស្សដែលប្រឆាំងត្រូវបានគេដាក់បណ្តាសារ។ តើមានអ្វីដែលខ្លាំងក្លាជាងការប្រឆាំងរបស់គេចំពោះអល់ឡោះទៀតនោះ!
(18) តើអល់ឡោះបានបង្កើតរូបគេពីអ្វី ទើបបានជាគេហ៊ានក្រអើតក្រទមនៅលើផែនដី និងហ៊ានប្រឆាំងនឹងទ្រង់បែបនេះ?
(19) ទ្រង់បានបង្កើតរូបគេពីទឹកកាម ហើយទ្រង់បានកំណត់រួចជាស្រេចនូវការបង្កើតរបស់គេ(នៅក្នុងផ្ទៃម្តាយ)ពីមួយដំណាក់កាលទៅមួយដំណាក់កាល។
(20) បន្ទាប់មក ទ្រង់បានសម្រួលឲ្យគេចេញពីផ្ទៃរបស់ម្តាយគេបន្ទាប់ពីឆ្លងកាត់កំណាក់កាលទាំងនោះរួច។
(21) បន្ទាប់មក ក្រោយពីទ្រង់បានកំណត់នូវអាយុជីវិតរបស់គេ(ដែលត្រូវរស់នៅក្នុងលោកិយ)ហើយនោះ ទ្រង់ក៏បានឱ្យគេស្លាប់ រួចទ្រង់ក៏បានផ្តល់ឱ្យគេនូវផ្នូរសម្រាប់ស្នាក់នៅ រហូតដល់ថ្ងៃគេពង្រស់ឡើងវិញ(ថ្ងៃបរលោក)។
(22) បន្ទាប់មក នៅពេលដែលទ្រង់មានចេតនា ទ្រង់នឹងពង្រស់គេ(ឲ្យរស់)ឡើងវិញ ដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង។
(23) រឿងនោះមិនដូចអ្វីដែលជនគ្មានជំនឿរូបនេះបានអះអាងនោះឡើយដែលថា ពិតណាស់ រូបគេបានបំពេញកាតព្វកិច្ចនៃរបស់ម្ចាស់យ៉ាងពិតប្រាកដ។ តាមពិត រូបគេមិនបានបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់បានដាក់លើរូបគេឡើយ។
(24) ដូចេ្នះ ចូរឱ្យមនុស្សដែលប្រឆាំងនឹងអល់ឡោះមើលទៅកាន់ចំណីអាហាររបស់គេដែលគេហូបចុះ តើគេទទួលបានវាដោយរបៀបណា?
(25) ពិតណាស់ ប្រភពដើមរបស់វា គឺបានមកពីទឹកភ្លៀងដែលធ្លាក់ចុះពីលើមេឃមកយ៉ាងច្រើនសន្ធឹកសន្ធាប់។
(26) បន្ទាប់មក យើងបានបំបែកដី(ជាបំណែកៗ) ហើយរុក្ខជាតិក៏ដុះចេញមក។
(27) ហើយយើងបានបណ្តុះនៅលើផែនដីនូវគ្រាប់ធញ្ញជាតិជាច្រើនប្រភេទ ដូចជាស្រូវសាលី ពោត និងផ្សេងៗទៀត។
(28) ហើយយើងបានបណ្តុះនៅលើដីផងដែរនូវដើមទំពាំងបាយជូរ និងបន្លែស្រស់ដើម្បីជាចំណីសម្រាប់សត្វរបស់ពួកគេ
(29) និងដើមអូលីវ ដើមលើ្ម
(30) ព្រមទាំងចម្ការជាច្រើនដែលមានដើមឈើធំៗ។
(31) យើងក៏បានបណ្តុះនៅលើផែនដីផងដែរនូវផល្លានុផល ហើយនិងរុក្ខជាតិជាច្រើនសម្រាប់សត្វពាហនៈរបស់ពួកអ្នក
(32) ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។
(33) ហើយនៅពេលដែលសម្រែកយ៉ាងខ្លាំងនៃការផ្លុំត្រែដែលធ្វើឱ្យត្រចៀកថ្លង់ស្តាប់លែងឮបានមកដល់ នោះគឺជា(សម្លេងនៃ)ការផ្លុំត្រែលើកទីពីរ។
(34) ជាថ្ងៃដែលបុគ្គលម្នាក់ៗរត់គេចពីបងប្អូនរបស់គេ
(35) និងរត់គេចពីម្តាយ និងឪពុករបស់ពួកគេ
(36) ហើយនិងរត់គេចពីប្រពន្ធ និងកូនចៅរបស់គេ។
(37) ហើយនិងរត់គេចពីប្រពន្ធ និងកូនចៅរបស់គេ។
(38) ទឹកមុខរបស់អ្នកដែលមានសុភមង្គល(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺពោរពេញដោយពន្លឺរស្មី
(39) (ដោយពួកគេ)សើចសប្បាយ និងរីករាយចំពោះអ្វីដែលអល់ឡោះជាម្ចាស់បានត្រៀមទុកសម្រាប់ពួកគេអំពីក្តីមេត្តាករុណារបស់ទ្រង់។
(40) ហើយទឹកមុខរបស់ពួកដែលអពមង្គល(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់សុទ្ធតែធូលី។
(41) ភាពខ្មៅងងឹតបានគ្របដណ្តប់លើផ្ទៃមុខរបស់គេ។
(42) ពួកដែលមានលក្ខណៈសម្បត្តិបែបនោះ គឺជាពួកដែលមានទាំងការប្រឆាំង និងការល្មើសបំពាន។