73 - Al-Muzzammil ()

|

(1) ឱអ្នកដែលដណ្ដប់ភួយ (ពោលគឺព្យាការីមូហាំម៉ាត់)

(2) ចូរអ្នកក្រោកសឡាតនៅពេលយប់ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ(ដើម្បីសម្រាក)

(3) ចូរអ្នកសឡាតឲ្យបានពាក់កណ្ដាលយប់ប្រសិនបើអ្នកចង់ ឬតិចជាងពាក់កណ្តាលយប់បន្ដិច រហូតដល់ស្មើមួយភាគបីនៃយប់។

(4) ឬអាចបន្ថែមច្រើនជាងពាក់កណ្ដាលយប់បន្ដិចរហូតដល់ស្មើពីភាគបីនៃយប់។ ហើយចូរអ្នកសូត្រគម្ពីរគួរអានឲ្យច្បាស់ៗ មួយៗតាមសម្រួល។

(5) ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ វាគឺជាបន្ទូលដ៏ឧត្ដុង្គឧត្ដម ដែលនៅក្នុងនោះ គឺមានចែងពីកាតព្វកិច្ច(ប្រការហ្វើរទូ) ច្បាប់ព្រហ្មទណ្ឌ ច្បាប់សាសនា សីលធម៌ និងផ្សេងៗទៀត។

(6) ពិតប្រាកដណាស់ ពេលវេលានៅពេលយប់ គឺជាពេលវេលាដែលចិត្ដមានភាពនឹងនរ និងធ្វើឱ្យការសូត្រគម្ពីរគួរអានមានភាពត្រឹមត្រូវជាងពេលថ្ងៃ។

(7) ពិតប្រាកដណាស់ សម្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នៅពេលថ្ងៃ គឺបានចំណាយពេលច្រើនដើម្បីធ្វើកិច្ចការងារផ្សេងៗរបស់អ្នកដែលធ្វើឲ្យអ្នករវល់មិនបានសូត្រគម្ពីរគួរអាន។ ដូច្នេះ ចូរអ្នកក្រោកសឡាតនៅពេលយប់។

(8) ហើយចូរអ្នករំលឹកទៅចំពោះអល់ឡោះជាម្ចាស់តាមរយៈប្រភេទនៃការរំលឹកផ្សេងៗ ហើយចូរអ្នកផ្តាច់ខ្លួនទៅកាន់ការគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះស។

(9) ទ្រង់ជាម្ចាស់នៃទិសខាងកើត និងជាម្ចាស់នៃទិសខាងលិច។ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពាររាល់កិច្ចការទាំងឡាយរបស់អ្នកចុះ។

(10) ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកដែលបដិសេធបាននិយាយ ដូចជាការសើចចំអក និងការជេរប្រមាថ និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយដ៏ល្អប្រពៃ។

(11) ហើយចូរអ្នកកុំយកចិត្តទុកដាក់នឹងពួកដែលបដិសេធ ជាក្រុមដែលត្រេកត្រអាលនឹងភាពសប្បាយរីករាយនៃលោកិយ ហើយចូរអ្នកទុកឱ្យយើង(អល់ឡោះ)ចាត់ចែងពួកគេ និងទុកពេលឱ្យពួកគេបន្ដិចសិនចុះរហូតដល់ពេលកំណត់របស់ពួកគេបានមកដល់។

(12) ពិតប្រាកដណាស់ នៅថ្ងៃបរលោក យើងមានខ្សែច្រវ៉ាក់ដ៏ធ្ងន់ និងភ្លើងនរកដែលឆាបឆេះ

(13) ព្រមទាំងចំណីអាហារដ៏អាក្រក់ដែលធ្វើឱ្យគេស្លាក់ដោយសារតែភាពល្វីងយ៉ាងខ្លាំងរបស់វា ហើយនិងទណ្ឌកម្មដ៏សែនឈឺចាប់បំផុតបន្ថែមពីលើហ្នឹងទៀត។

(14) ទណ្ឌកម្មនោះ នឹងកើតឡើងលើពួកដែលបដិសេធនៅថ្ងៃដែលផែនដីនិងភ្នំទាំងឡាយញ័ររញ្ជួយ(គឺថ្ងៃបរលោក) ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយដោយសារការញ័ររញ្ជួយដ៏ខ្លាំងក្លារបស់វា។

(15) ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកនាំសារម្នាក់ទៅកាន់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់)ដែលធ្វើជាសាក្សីលើទង្វើរបស់ពួកអ្នកនៅថ្ងៃបរលោក ដូចដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់ គឺព្យាការីមូសាទៅកាន់ហ្វៀរអោននោះដែរ។

(16) តែហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារដែលម្ចាស់របស់គេបានបញ្ជូនទៅកាន់គេនោះ។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅលើលោកិយដោយការលិចលង់(ក្នុងទឹកសមុទ្រ) និងដោយទណ្ឌកម្មភ្លើងនរកនៅថ្ងៃបរលោក។ ដូច្នេះ ចូពួកអ្នកកុំប្រឆាំងនឹងអ្នកនាំសាររបស់ពួកអ្នក ដែលជាហេតុនាំឱ្យពួកអ្នកទទួលនូវទណ្ឌកម្មដូចគេ(ហ្វៀរអោន)ដែរ។

(17) តើពួកអ្នកអាចរារាំងខ្លួនរបស់ពួកអ្នក និងការពារវាយ៉ាងដូចម្តេចនៅថ្ងៃមួយដែលមានរយៈពេលយូរបំផុត ដែលធ្វើឱ្យក្មេងតូចក្លាយជាសក់ស្កូវដោយសារតែភាពរន្ធត់ដ៏ខ្លាំងក្លា និងរយៈពេលដ៏យូររបស់វា បើសិនជាពួកអ្នកប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសារបស់ទ្រង់នោះ?

(18) (នៅថ្ងៃនោះ)មេឃនឹងប្រេះបែកនិងបាក់ខ្ទេចខ្ទីដោយសារតែភាពរន្ធត់របស់វា។ ការសន្យារបស់អល់ឡោះនឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុតឡើយ។

(19) ពិតប្រាកដណាស់ ការទូន្មានទាំងនេះ(ការបង្ហាញពីភាពរន្ធត់និងទុក្ខលំបាកនៃថ្ងៃបរលោក) គឺជាការរំលឹកមួយ ដែលអ្នកមានជំនឿអាចទាញយកផលប្រយោជន៍ពីវាបាន។ ហេតុនេះ ជនណាហើយដែលជ្រើសរើសយកមាគ៌ាទៅកាន់ម្ចាស់របស់គេនោះ ចូរឲ្យគេជ្រើសយកវាចុះ។

(20) ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្នកពិតជាក្រោកសឡាតតិចជាងពីរភាគបីនៃពេលយប់ ជួនកាលពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយមួយក្រុមនៃអ្នកមានជំនឿដែលនៅជាមួយអ្នក ពួកគេក៏ធ្វើដូច្នោះដែរ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកកំណត់ពេលយប់និងពេលថ្ងៃ ហើយទ្រង់ដឹងច្បាស់ពីរយៈពេលនៃពេលយប់និងពេលថ្ងៃនេះ។ ទ្រង់ដឹងថា ពួកអ្នកពុំមានសមត្ថភាពក្នុងការកំណត់ពីរយៈពេលនៃពេលយប់ និងពេលថ្ងៃឡើយ។ ដូច្នេះ វាពិតជាមានការលំបាកសម្រាប់ពួកអ្នកក្នុងការបំពេញទៅតាមអ្វីដែលគេទាមទារ។ ហេតុនេះ ទ្រង់បានបន្ធូរបន្ថយដល់ពួកអ្នក។ ដូចនេះ ចូរពួកអ្នកក្រោកសឡាតពេលយប់ទៅតាមលទ្ធភាពដែលពួកអ្នកអាចធ្វើបាន ដោយសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ទ្រង់ក៏បានដឹងដែរថា នៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ) មានអ្នកដែលអសមត្ថភាពក្នុងការក្រោកឈរសឡាតពេលយប់ដោយសារមានជំងឺ ហើយអ្នកខ្លះទៀត ត្រូវធ្វើដំណើរលើផែនដីដើម្បីស្វែងរកលាភសក្ការៈរបស់អល់ឡោះ ហើយក៏មានអ្នកខ្លះទៀត ត្រូវចេញប្រយុទ្ធនឹងពួកប្រឆាំងដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ដើម្បីឲ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ឡើង។ ជាការពិតណាស់ អ្នកទាំងនេះ ពួកគេមានការលំបាកក្នុងការក្រោកសឡាតនៅពេលយប់។ ដូចេ្នះ ចូរពួកអ្នកសឡាតដោយសូត្រអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាតកាតព្វកិច្ចឱ្យបានល្អពេញលេញ និងបរិច្ចាគហ្សាកាត់អំពីទ្រព្យសម្បត្តិរបស់ពួកគេ និងបរិច្ចាគទានទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងមាគ៌ាអល់ឡោះ។ ហើយប្រការល្អណាមួយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯងនោះ ពួកអ្នកនឹងទទួលបាននូវភាពល្អប្រសើរនិងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់វិញ។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។