92 - Al-Lail ()

|

(1) អល់ឡោះទ្រង់ស្បថនឹងពេលយប់ នៅពេលដែលមេឃនិងផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។

(2) ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។

(3) ហើយទ្រង់ស្បថនឹងការបង្កើតរបស់ទ្រង់ដែល(ទ្រង់បានបង្កើតឱ្យ)មានពីរភេទ គឺភេទប្រុស និងភេទស្រី។

(4) ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺមានភាពខុសៗគ្នា។ អ្នកខ្លះធ្វើទង្វើល្អដែលជាមូលហេតុនាំឲ្យចូលឋានសួគ៌ ឯអ្នកខ្លះទៀតធ្វើទង្វើអាក្រក់ដែលជាមូលហេតុនាំឲ្យចូលឋាននរក។

(5) រីឯអ្នកដែលបានបរិច្ចាគនូវអ្វីដែលគេដាក់កាតព្វកិច្ចលើរូបគេឲ្យបរិច្ចាគ ដូចជាការបរិច្ចាគហ្សាកាត់ ការផ្គត់ផ្គង់ជីវភាពគ្រួសារ និងការផាកពិន័យ(ចំពោះកំហុសឆ្គងមួយចំនួន) ព្រមទាំងកោតខ្លាច(មិនប្រព្រឹត្ត)ចំពោះអ្វីដែលអល់ឡោះបានហាមឃាត់

(6) និងមានជំនឿជឿជាក់ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងប្រការល្អវិញនោះ

(7) យើងនឹងសម្រួលដល់គេក្នុងការសាងអំពើល្អ ហើយនិងការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ។

(8) រីឯជនណាដែលកំណាញ់ទ្រព្យសម្បត្តិរបស់គេ ដោយមិនព្រមបរិច្ចាគវាចំពោះអ្វីដែលជាកាតព្វកិច្ចលើរូបគេត្រូវបរិច្ចាគ និងមិនត្រូវការជំនួយពីអល់ឡោះដោយសារតែ(គេគិតថា)គេមានទ្រព្យសម្បត្តិហើយ។ ដូចនេះ គេមិនសុំពីអល់ឡោះឲ្យប្រទាននូវការប្រោសប្រទានអ្វីដល់គេទៀតឡើយ

(9) ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងផលបុណ្យចំពោះការបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះវិញនោះ

(10) គឺយើង(អល់ឡោះ)នឹងសម្រួលដល់គេក្នុងការប្រព្រឹត្តទង្វើអាក្រក់នោះ ហើយនិងផ្តល់ភាពលំបាកដល់គេក្នុងការប្រព្រឹត្តអំពើល្អ។

(11) ហើយទ្រព្យសម្បត្តិដែលគេរិះកំណាញ់ទាំងនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គេបន្តិចឡើយនៅពេលគេទទួលរងនូវភាពវិនាសអន្តរាយ ហើយធ្លាក់ចូលទៅក្នុងឋាននរកហើយនោះ។

(12) ជាការពិតណាស់ កាតព្វកិច្ចចំពោះយើង គឺការបកស្រាយបញ្ជាក់នូវមាគ៌ាដែលត្រឹមត្រូវនិងមាគ៌ាដែលមិនត្រឹមត្រូវ។

(13) ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។ យើងចាត់ចែងចំពោះវាតាមអ្វីដែលយើងមានចេតនា ដោយគ្មាននរណាម្នាក់ក្រៅពីយើងមានសិទ្ធិចាត់ចែងនោះឡើយ។

(14) ដូច្នេះ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ ប្រសិនបើពួកអ្នកប្រឆាំងនឹងអល់ឡោះនោះ។

(15) គ្មាននរណាម្នាក់ដែលទទួលរងនូវកម្តៅរបស់ភ្លើងនរកនេះនោះទេ លើកលែងតែមនុស្សអាក្រក់ប៉ុណ្ណោះ នោះគឺពួកគ្មានជំនឿ។

(16) គឺអ្នកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក ហើយបានងាកចេញពីការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ។

(17) ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះបំផុតក្នុងចំណោមមនុស្សលោកអំពីឋាននរក នោះគឺអាពូហ្ពាកើរ។

(18) ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងផ្លូវសប្បុរសដើម្បីជម្រះសម្អាតខ្លួនរបស់គេពីបាបកម្ម។

(19) គេមិនមែនបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីសងគុណនរណាម្នាក់ដែលធ្វើល្អចំពោះគេនោះឡើយ។

(20) ការបរិច្ចាគទ្រព្យសម្បត្តិរបស់គេនោះ គឺគ្មានបំណងអ្វីក្រៅពីដើម្បីស្វែងរកការពេញចិត្តពីម្ចាស់របស់គេដ៏មហាឧត្ដុង្គឧត្ដម ខ្ពង់ខ្ពស់លើម៉ាខ្លូករបស់ទ្រង់ប៉ុណ្ណោះ។

(21) ហើយគេពិតជានឹងពេញចិត្ដជាមិនខាននូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់តបស្នងដល់គេនៃការតបស្នងដ៏ប្រពៃ។