64 - At-Taghaabun ()

|

(1) រាល់អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់នៃលក្ខណៈដែលខ្វះខាត។ អំណាចគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់មួយគត់ដោយគ្មានអ្នកគ្រប់គ្រងណាក្រៅពីទ្រង់ឡើយ ហើយរាល់ការកោតសរសើរដ៏ល្អប្រពៃ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

(2) ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋាននរក។ ហើយមួយចំនួនទៀត(នៃពួកគេ) ជាអ្នកដែលមានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។

(3) ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ ដោយទ្រង់ពុំបានបង្កើតវាទាំងពីរ ជាការលេងសើច ទទេៗនោះទេ។ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នក(ឱមនុស្សលោក) និងបានធ្វើឱ្យរូបរាងរបស់ពួកអ្នកល្អស្អាត ដែលជាគុណបំណាច់និងជាភាពសប្បុរសអំពីទ្រង់។ ហើយប្រសិនបើទ្រង់មានចេតនានោះ ទ្រង់ពិតជាអាចធ្វើវា(រូបរាងពួកអ្នក)ឲ្យអាក្រក់បាន។ ហើយការវិលត្រឡប់នៅថ្ងៃបរលោកនោះ គឺឆ្ពោះទៅកាន់ទ្រង់តែមួយគត់។ ពេលនោះ ទ្រង់នឹងតបស្នងឱ្យពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាង។ ប្រសិនបើសាងទង្វើល្អ នោះនឹងទទួលបានផលល្អ តែប្រសិនបើសាងទង្វើអាក្រក់ នោះនឹងទទួលបានផលអាក្រក់។

(4) ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះទង្វើដែលពួកអ្នកលាក់បាំង និងទង្វើដែលពួកអ្នកលាតត្រដាង។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ដនៃប្រការល្អឬអាក្រក់ដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។

(5) តើដំណឹងរបស់ប្រជាជាតិដែលប្រឆាំងជំនាន់មុនពួកអ្នក(ឱពួកមុស្ហរីគីន)មិនបានមកដល់ពួកអ្នកទេឬ ដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ និងក្រុមផ្សេងទៀតក្រៅពីពួកគេនោះ? ជាការពិតណាស់ ពួកគេបានភ្លក្សនូវទណ្ឌកម្មចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំងនៅលើលោកិយនោះ។ ហើយសម្រាប់ពួកគេ នឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។ ពិតមែនហើយ ដំណឹងទាំងនោះពិតជាបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះចំពោះអ្វីដែលបានកើតឡើងលើពួកគេ ហើយចូរពួកអ្នកសារភាពកំហុសទៅចំពោះអល់ឡោះមុនពេលដែលពួកអ្នកនឹងទទួលរងដូចអ្វីដែលពួកគេបានទទួល។

(6) ទណ្ឌកម្មដែលពួកគេទទួលរងនោះ តាមពិតគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេដែលមកពីអល់ឡោះ បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់និងអំណះអំណាងដ៏ពិតប្រាកដជាច្រើនមកកាន់ពួកគេ តែពួកគេបែរជានិយាយបដិសេធ ព្រោះតែអ្នកនាំសារទាំងនោះ គឺជាមនុស្សលោកដូចពួកគេដែរថាៈ តើមនុស្សលោក(ធម្មតាដូចពួកយើង)អាចចង្អុលបង្ហាញពួកយើងទៅកាន់សេចក្តីពិតឬ? ហើយពួកគេក៏បានប្រឆាំង និងបានបែរចេញពីការមានជំនឿលើអ្នកនាំសារទាំងនោះ។ ក៏ប៉ុន្តែ ពួកគេមិនបានផ្តល់ផលប៉ះពាល់អ្វីដល់អល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះទ្រង់មិនត្រូវការសេចក្តីជំនឿ និងការគោរពប្រតិបត្តិរបស់ពួកគេនោះទេ ពីព្រោះការគោរពប្រតិបត្តិរបស់ពួកគេនោះ មិនបានបន្ថែមអ្វីដល់ទ្រង់បន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់មហាមានលើសលុប ដោយទ្រង់មិនត្រូវការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នោះឡើយ ហើយទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរបំផុត ទាំងក្នុងពាក្យសំដី និងទង្វើរបស់ទ្រង់។

(7) ពួកដែលគ្មានជំនឿនឹងអល់ឡោះបានអះអាងថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងមិនពង្រស់ពួកគេឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកគេនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះចុះថាៈ មិនដូច្នោះឡើយ! សូមស្បថនឹងម្ចាស់របស់ខ្ញុំ! ទ្រង់ពិតជានឹងពង្រស់ពួកអ្នកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយ។ ហើយការពង្រស់(ពួកអ្នក)ឲ្យរស់ឡើងវិញនោះ គឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ។ ជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកលើកដំបូង។ ដូច្នេះ ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នករស់ឡើងវិញម្តងទៀតក្រោយពេលស្លាប់ដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។

(8) ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿលើអល់ឡោះ និងមានជំនឿលើអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។

(9) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃបរលោក ថ្ងៃដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកអ្នកដើម្បីតបស្នងចំពោះទង្វើរបស់ពួកអ្នក។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់របស់ពួកគ្មានជំនឿ ហើយនិងភាពខ្វះខាតរបស់ពួកគេ ខណៈដែលអ្នកមានជំនឿទទួលបានមត៌កគេហដ្ឋានរបស់ពួកឋាននរក(ដែលមាន)នៅក្នុងឋានសួគ៌ ហើយពួកឋាននរក ទទួលបានមត៌កគេហដ្ឋានរបស់អ្នកមានជំនឿ(ដែលមាន)នៅក្នុងឋាននរក។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេពុំចាកចេញពីឋានសួគ៌វិញឡើយ ហើយឧបការគុណទាំងឡាយក៏មិនត្រូវបានកាត់ផ្តាច់ពីពួកគេដែរ។ ហើយអ្វីដែលពួកគេទទួលបាននោះ គឺជាជោគជ័យមួយដ៏ធំបំផុត ដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

(10) រីឯពួកដែលប្រឆាំងនឹងអល់ឡោះ និងបានបដិសេធនឹងវាក្យខណ្ឌទាំងឡាយរបស់យើងដែលយើងបានបញ្ចុះមកឱ្យអ្នកនាំសាររបស់យើងនោះ ពួកទាំងនោះហើយគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ហើយកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់របស់ពួកគេនេះឯង។

(11) គ្មានអ្នកណាម្នាក់ទទួលរងនូវគ្រោះថ្នាក់(អ្វីមួយ) មិនថាចំពោះខ្លួនគេផ្ទាល់ ឬចំពោះទ្រព្យសម្បត្តិរបស់គេ ឬក៏ចំពោះកូនចៅរបស់គេនោះឡើយ លើកលែងតែ(វាកើតឡើង)ដោយការកំណត់របស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងជឿលើការកំណត់ព្រេងវាសនាល្អ និងអាក្រក់របស់ទ្រង់នោះ ទ្រង់នឹងចង្អុលបង្ហាញដល់ដួងចិត្ដរបស់គេឱ្យព្រមទទួលយកកិច្ចការរបស់ទ្រង់ និងពេញចិត្តនឹងការកំណត់របស់ទ្រង់។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។

(12) ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញពីអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកនោះ ពិតណាស់ ពួកអ្នកនឹងទទួលបាបកម្មពីការងាកចេញនោះ។ ហើយអ្នកនាំសាររបស់យើង ពុំមានតួនាទីអ្វីក្រៅពីផ្សព្វផ្សាយនូវអ្វីដែលយើងបានប្រើឲ្យគេផ្សព្វផ្សាយប៉ុណ្ណោះ ហើយពិតណាស់ គាត់ពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលគេបានប្រើឱ្យគាត់ផ្សព្វផ្សាយវាហើយ។

(13) អល់ឡោះគឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរឲ្យបណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

(14) ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ពិតប្រាកដណាស់ ភរិយារបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួន គឺជាសត្រូវរបស់ពួកអ្នក ព្រោះពួកគេរំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះ និងការតស៊ូក្នុងមាគ៌ារបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ កុំឲ្យពួកគេជះឥទ្ធិពល(អាក្រក់)ដល់ពួកអ្នក។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ពួកគេ និងសណ្ដោសប្រណី ព្រមទាំងបិទបាំងនូវកំហុសឆ្គងរបស់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នកវិញ ហើយនិងអាណិតស្រឡាញ់ដល់ពួកអ្នកថែមទៀត ព្រោះថាការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានប្រព្រឹត្ត។

(15) តាមពិត ទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក គឺគ្រាន់តែជាការសាកល្បងចំពោះពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេអាចអូសទាញពួកអ្នកឲ្យប្រព្រឹត្តនូវទង្វើដែលគេហាមឃាត់ និងបោះបង់ការគោរពប្រតិបត្តិចំពោះអល់ឡោះបាន។ ហើយអល់ឡោះមានការតបស្នងដ៏ធំធេងចំពោះអ្នកដែលឲ្យតម្លៃការគោរពប្រតិបត្តិចំពោះទ្រង់ជាងកូនចៅនិងទ្រព្យសម្បត្តិរបស់ពួកគេ។ ហើយការតបស្នងដ៏ធំធេងនោះ គឺឋានសួគ៌។

(16) ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ ទៅតាមលទ្ធភាពរបស់ពួកអ្នកអាចធ្វើបាន។ ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងចំណាយទ្រព្យសម្បត្ដិរបស់ពួកអ្នកដែលទ្រង់បានផ្តល់វាជាលាភសក្ការៈដល់ពួកអ្នកក្នុងផ្លូវសប្បុរស។ ហើយជនណាដែលអល់ឡោះការពារខ្លួនគេពីភាពកំណាញ់នោះ ពិតប្រាកដណាស់ អ្នកទាំងនោះគឺជាអ្នកដែលទទួលបានជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេច។

(17) ប្រសិនបើពួកអ្នកឱ្យអល់ឡោះទ្រង់ខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ ដោយពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកអ្នកក្នុងមាគ៌ារបស់ទ្រង់នោះ ទ្រង់នឹងបន្ថែមផលបុណ្យដល់ពួកអ្នកវិញទេ្វដង ដោយប្រការល្អមួយ នឹងកើនទ្វេទៅជាដប់ ហើយកើនទៅដល់ប្រាំពីររយ និងកាន់តែកើនឡើងទ្វេដង ហើយទ្រង់នឹងអភ័យទោសនូវបាបកម្មរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណបំផុត ដោយទ្រង់ផ្តល់ឱ្យទង្វើកុសលដែលតិចតួចនោះ នូវផលបុណ្យដ៏ច្រើន ហើយទ្រង់មហាទន់ភ្លន់បំផុត ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្ម(ដល់អ្នកដែលប្រព្រឹត្តខុស)ឡើយ។

(18) អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំង និងដឹងបំផុតចំពោះប្រការដែលលាតត្រដាង ដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ទ្រង់មហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។