(1) អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងថ្ងៃបរលោក ជាថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់គ្រប់គ្រងពិភពទាំងអស់។
(2) ហើយទ្រង់ស្បថនឹងវិញ្ញាណដែលល្អប្រពៃ(វិញ្ញាណអ្នកមានជំនឿ)ដែលស្តីបន្ទោសចំពោះកំហុសរបស់ខ្លួនដែលមិនបានសាងទង្វើកុសលឲ្យបានច្រើន និងសោកស្តាយលើការប្រព្រឹត្តអំពើអាក្រក់។ ទ្រង់ស្បថនឹងប្រការទាំងពីរនេះថា ទ្រង់ពិតជានឹងធ្វើឱ្យមនុស្សទាំងអស់រស់ឡើងវិញដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង(ដល់ពួកគេ)។
(3) តើមនុស្សលោកគិតស្មានថា យើងមិនអាចប្រមូលឆ្អឹងរបស់ពួកគេបន្ទាប់ពីពួកគេបានស្លាប់ដើម្បីពង្រស់ពួកគេឱ្យរស់ឡើងវិញឬ?
(4) មិនដូច្នោះទេ យើងពិតជាមានសមត្ថភាពក្នុងការប្រមូលវាឡើងវិញ យើងអាចប្រមូលចុងម្រាមដៃរបស់គេ រួចបង្កើតវាឱ្យដូចដើមវិញ។
(5) ផ្ទុយទៅវិញ តាមរយៈការបដិសេធនឹងការពង្រស់មនុស្សឱ្យរស់ឡើងវិញនេះ គឺមនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅទៀត ដោយគ្មានអ្នករារាំង។
(6) គេសួរក្នុងន័យមិនជឿនឹងថ្ងៃបរលោកថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?
(7) នៅពេលដែលភ្នែកភ័យស្លន់ស្លោស្រឡាំងកាំង ខណៈដែលគេបានឃើញនូវអ្វីដែលរូបគេធ្លាប់បានបដិសេធនោះកើតឡើង(ពិតប្រាកដមែន)។
(8) ហើយពន្លឺរបស់ព្រះចន្ទបានបាត់។
(9) ហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល។
(10) នៅថ្ងៃនោះ អ្នកដែលប្រព្រឹត្តបាបកម្មនឹងនិយាយថាៈ តើពួកយើងត្រូវរត់គេចទៅទីណា?
(11) ទេ! គ្មានកន្លែងរត់គេចឡើយក្នុងថ្ងៃនោះ ហើយក៏គ្មានទីជម្រកណាមួយសម្រាប់ពួកដែលប្រព្រឹត្តបាបកម្មនោះឡើយ ហើយក៏គ្មានកន្លែងដែលអាចការពារពួកគេបានដែរ។
(12) កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប៉ុណ្ណោះ ដើម្បីជំនុំជម្រះ និងទទួលការតស្នង។
(13) នៅថ្ងៃនោះ មនុស្សលោកត្រូវបានគេប្រាប់នូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនបានប្រព្រឹត្ដ។
(14) ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង ដោយគ្រប់អវយវៈទាំងអស់របស់ធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងចំពោះបាបកម្មដែលគេធ្លាប់បានប្រព្រឹត្ត។
(15) ហើយទោះបីជាគេនាំមកនូវលេសដោះសារដែលថា រូបគេមិនបានប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏គ្មានប្រយោជន៍អ្វីសម្រាប់រូបគេនោះដែរ។
(16) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំកម្រើកអណ្តាតរបស់អ្នកលឿនពេកនៅពេលសូត្រគម្ពីរគួរអាន ដោយសារតែប្រញាប់ទន្ទេញវាឲ្យសោះ។
(17) ជាការពិតណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវានៅក្នុងទ្រូងរបស់អ្នក ហើយឱ្យអ្នកសូត្រវាបានត្រឹមត្រូវ។
(18) ដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង ពោលគឺម៉ាឡាអ៊ីកាត់ជីព្រីល បានសូត្រវាឱ្យអ្នកស្តាប់នោះ ចូរអ្នកនៅស្ងៀម ស្តាប់ការសូត្ររបស់គេ និងត្រាប់តាមការសូត្ររបស់គេចុះ។
(19) បន្ទាប់មក ពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជាក់ប្រាប់ដល់អ្នក។
(20) ទេ! រឿងនោះវាមិនដូចអ្វីដែលពួកអ្នកអះអាងនោះទេដែលថា មិនអាចទៅរួចឡើយក្នុងការពង្រស់ឲ្យរស់ឡើងវិញនោះ ពីព្រោះពួកអ្នកបានដឹងថា អ្នកដែលមានលទ្ធភាពអាចបង្កើតពួកអ្នកកាលពីដំបូង(ពីភាពទទេ គ្មានពីមុនមក)នោះ មិនមែនជាអ្នកដែលអសមត្ថភាពក្នុងការធ្វើឱ្យពួកអ្នករស់ឡើងវិញបន្ទាប់ពីពួកអ្នកបានស្លាប់នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញនោះ គឺដោយសារតែពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយដែលនឹងវិនាសទៅវិញយ៉ាងឆាប់រហ័សនេះប៉ុណ្ណោះ។
(21) ហើយពួកអ្នកបោះបង់ចោលឆាកជីវិតនៅថ្ងៃបរលោក ដែលមាគ៌ារបស់វានោះ គឺការប្រតិបត្តិតាមនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ និងបោះបង់ចោលនូវអ្វីដែលទ្រង់ហាមឃាត់ពួកអុ្នក។
(22) នៅថ្ងៃនោះ ទឹកមុខរបស់អ្នកមានជំនឿនិងអ្នកដែលមានសុភមង្គលទាំងឡាយ គឺមានរស្មីចែងចាំង
(23) ដោយសម្លឹងមើលទៅកាន់ម្ចាស់របស់គេដោយក្តីរីករាយបំផុត។
(24) រីឯទឹកមុខរបស់ពួកគ្មានជំនឿនិងពួកដែលអពមង្គលវិញ នៅថ្ងៃនោះ គឺ(មានទឹកមុខ)ក្រញូវ
(25) ដោយរូបគេជឿជាក់យ៉ាងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សាជាមិនខាន។
(26) រឿងនោះមិនដូចអ្វីដែលពួកមុស្ហរីគីនគិតស្រមៃឡើយដែលថា នៅពេលដែលពួកគេស្លាប់ ទៅ ពួកគេមិនត្រូវបានគេដាក់ទណ្ឌកម្មនោះ។ ពិតប្រាកដណាស់ នៅពេលដែលដង្ហើមរបស់គេបានមកដល់បំពង់ក
(27) មនុស្សលោកនឹងនិយាយទៅកាន់គ្នាថាៈ តើមាននរណាអាចព្យាបាលគេឲ្យជាសះស្បើយបាន?
(28) ហើយអ្នកដែលស្ថិតក្នុងភាពឈឺចាប់វិញ នៅពេលនោះគេបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ពិតណាស់ រូបគេដល់ពេលដែលត្រូវលាចាកលោកិយ(ស្លាប់)ហើយ។
(29) ស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំនៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។
(30) ក្រោយពេលគេដកវិញ្ញាណរួច គេនាំវិញ្ញាណនោះឆ្ពោះទៅកាន់ម្ចាស់របស់គេ។
(31) ហើយពួកគ្មានជំនឿមិនបានជឿជាក់ចំពោះអ្វីដែលអ្នកនាំសារបាននាំមកនោះទេ ហើយក៏មិនបានសឡាតទៅចំពោះអល់ឡោះជាម្ចាស់នោះដែរ។
(32) ក៏ប៉ុន្ដែ រូបគេបានបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក និងបានបែរចេញវា។
(33) បន្ទាប់មក ជនគ្មានជំនឿរូបនេះបានទៅជួបជុំគ្រួសាររបស់គេដោយដើរក្នុងលក្ខណៈក្រអឺតក្រទម និងអួតអាង។
(34) ហើយអល់ឡោះបានព្រមានជនគ្មានជំនឿរូបនេះថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះ នឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។
(35) បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ម្តងទៀតថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះនឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។
(36) តើមនុស្សលោកគិតស្មានថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បោះបង់ពួកគេចោល មិនអើពើ ដោយមិនដាក់បទបញ្ជាឱ្យពួកគេធ្វើអ្វីឬ?
(37) តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូន(ម្តាយរបស់គេទេ)ឬ?
(38) បន្ទាប់មក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលក្ខណៈ។
(39) ក្រោយមក ទ្រង់បានបង្កើតគេឲ្យមានជាគូៗ មានប្រុស មានស្រី។
(40) តើអ្នកដែលមានលទ្ធភាពអាចបង្កើតមនុស្សអំពីទឹកកាម រួចក្លាយជាដុំឈាមនោះ ពុំមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញសារជាថ្មីដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងទេឬ? ពុំមែននោះទេ ទ្រង់ពិតជាមានសមត្ថភាពគ្រប់គ្រាន់(ក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។