(1) អល់ឡោះបានស្បថនឹងផ្លែទីន(ផ្លែល្វាអារ៉ាប់)និងកន្លែងដាំដុះរបស់វា ហើយទ្រង់ស្បថនឹងផ្លែហ្សៃទូន(ផ្លែអូលីវ)និងកន្លែងដាំដុះរបស់វាដែលស្ថិតនៅទឹកដីប៉ាឡេស្ទីន ជាកន្លែងដែលគេបានតែងតាំងព្យាការីអ៊ីសា(ជាអ្នកនាំសារ)។
(2) ហើយទ្រង់បានស្បថនឹងភ្នំទួរភ្នំស៊ីណា(ភ្នំស៊ីណៃ) ជាទីកន្លែងដែលអល់ឡោះបានមានបន្ទូល(ដោយផ្ទាល់)ជាមួយនឹងព្យាការីរបស់ទ្រង់ មូសា។
(3) ហើយទ្រង់ស្បថនឹងក្រុងម៉ាក្កះដែលជាទឹកដីដ៏ពិសិដ្ឋ ជាកន្លែងដែលផ្តល់សុខសន្តិភាពសម្រាប់អ្នកដែលចូលក្នុងទឹកដីនោះ ដែលវាគឺជាទីកន្លែងដែលគេតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ)។
(4) ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុងទ្រង់ទ្រាយមួយសមសួន និងមានរូបរាងល្អប្រពៃបំផុត។
(5) បន្ទាប់មក យើងបានបញ្ជូនគេត្រឡប់ទៅកាន់កន្លែងដែលថោកទាបបំផុត គឺបាតក្រោមបង្អស់នៃឋាននរក។
(6) លើកលែងតែបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ហើយពួកគេនូវតែទទួលបានផលបុណ្យជានិច្ចដោយគ្មានសាបសូន្យឡើយ នោះគឺឋានសួគ៌។
(7) ដូច្នេះ តើអី្វមួយដែលធ្វើឱ្យអ្នក(ឱមនុស្សលោក)បដិសេធនឹងថ្ងៃទទួលការតបស្នង(ថ្ងៃបរលោក)ក្រោយពីអ្នកបានឃើញសញ្ញាភស្តុតាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ផ្ទាល់នឹងភ្នែកហើយនោះ?
(8) តើមិនមែនអល់ឡោះជាម្ចាស់ទេឬដែលជាអ្នកកាត់សេចក្ដីដ៏សុក្រឹតបំផុត និងយុត្តិធម៌បំផុតជាងអ្នកកាត់សេចក្ដីទាំងឡាយនោះ? តើអាចទៅរួចដែរឬទេដែលអល់ឡោះជាម្ចាស់ទុកចោលខ្ញុំបម្រើរបស់ទ្រង់ដោយមិនកាត់ក្តីរវាងពួកគេ ដោយ(នៅថ្ងៃនោះ)ទ្រង់ធ្វើការតបស្នងដល់អ្នកដែលសាងទង្វើល្អឲ្យទទួលផលល្អ ហើយអ្នកដែលសាងទង្វើអាក្រក់ឲ្យទទួលផលអាក្រក់ដែលគេបានសាងនោះ?