88 - Al-Ghaashiya ()

|

(1) តើរឿងរ៉ាវនៃថ្ងៃបរលោក ជាថ្ងៃដែលមនុស្សលោកគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់ខ្លាំងបំផុតនោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?

(2) ពិតណាស់ មនុស្សនៅថ្ងៃបរលោកនោះ មានទាំងអ្នកដែលមានទុក្ខសោក និងមានទាំងអ្នកដែលសប្បាយរីករាយ។ ហើយអ្នកដែលមានទុក្ខសោកនោះ ផ្ទៃមុខរបស់ពួកគេ គឺពោរពេញដោយភាពអាម៉ាស់ ហើយឱនមុខចុះ។

(3) ពួកគេនឿយហត់ខ្លាំងបំផុតដោយសារតែច្រវាក់ដែលគេអូសទាញពួកគេ ហើយនិងខ្នោះដែលគេដាក់។

(4) ពួកដែលមានទឹកមុខបែបនោះ ពួកគេនឹងត្រូវចូលក្នុងភើ្លងនរក ដោយទទួលរងនូវកម្តៅដ៏សែនក្ដៅបំផុតរបស់វា។

(5) គេនឹងបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។

(6) គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីចំណីអាហារដ៏អាក្រក់បំផុតនោះទេ។ ហើយគេបញ្រ្ចកពួកគេនឹងរុក្ខជាតិបន្លាមួយប្រភេទដែលគេហៅថាស្ហ៊ីពរីក ដែលនៅពេលណាដែលវាស្ងួត គឺវាក្លាយជាជាតិពុល។

(7) វា(ចំណីអាហារនោះ)មិនបានធ្វើឲ្យអ្នកដែលទទួលទានវាធំធាត់នោះទេ ហើយក៏មិនធ្វើឱ្យពួកគេបាត់សេ្រកឃ្លាននោះដែរ។

(8) ចំណែកឯទឹកមុខរបស់អ្នកដែលសប្បាយរីករាយនៅថ្ងៃនោះវិញ គឺពោពេញទៅដោយឧបការគុណ ភាពស្រស់ស្រាយ និងភាពសប្បាយរីករាយ ព្រោះពួកគេទទួលបានឧបការគុណ(ពីអល់ឡោះ)

(9) ដោយសារពួកគេពេញចិត្តនឹងទង្វើកុសលដែលគេបានសាងកាលនៅក្នុងលោកិយ។ ជាការពិតណាស់ រូបគេបានឃើញផលបុណ្យនៃទង្វើដែលគេបានសាងទុកសម្រាប់ថ្ងៃបរលោកនោះ កើនឡើងទ្វេដង។

(10) (ពួកគេ)នៅក្នុងឋានសួគ៌ដែលជាទីកន្លែងខ្ពង់ខ្ពស់ និងមានឋានៈខ្ពង់ខ្ពស់។

(11) នៅក្នុងឋានសួគ៌នោះ គេមិនលឺពាក្យសំដីឥតបានការ និងពាក្យសម្តីឥតប្រយោជន៍នោះឡើយ ជាពិសេសគឺការស្តាប់លឺនូវពាក្យសម្ដីដែលគេហាមឃាត់។

(12) នៅក្នុងឋានសួគ៌នេះទៀត គឺមានប្រភពទឹកជាច្រើនដែលហូរកាត់តាមវា ហើយពួកគេអាចប្រើប្រាស់វាតាមចិត្តចង់។

(13) នៅក្នុងឋានសួគ៌នោះដែរ មានគ្រែខ្ពស់ៗ

(14) និងកែវដែលបានរៀបចំទុកដាក់ជាសេ្រចសម្រាប់យកមកពិសារ។

(15) ហើយនៅក្នុងឋានសួគ៌នោះដែរ មានខ្នើយកើយដែលរៀបដាក់ជាជួរ។

(16) នៅក្នុងឋានសួគ៌នោះផងដែរ គឺមានកម្រាលព្រំដែលក្រាលសន្ធឹងរួចជាសេ្រចគ្រប់ទីកន្លែង។

(17) តើពួកគេមិនសង្កេតមើលដោយពិចារណាទៅកាន់សត្វអូដ្ឋទេឬ ថាតើអល់ឡោះជាម្ចាស់បានបង្កើតវា និងសម្រួលវាដល់កូនចៅអាហ្ទាំ(មនុស្សលោក)យ៉ាងដូចម្តេច?

(18) និងមើលទៅមេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងរហូតក្លាយជាដំបូលការពារ(ផែនដី)នៅពីលើពួកគេ ដោយមិនធ្លាក់មកលើពួកគេយ៉ាងដូចមេ្ដច?

(19) និងមើលទៅកាន់ភ្នំទាំងឡាយ ថាតើវាត្រូវបានគេបោះភ្ជាប់នឹងដីយ៉ាងរឹងមាំដើម្បីកុំឲ្យវា(ផែនដី)ញ័ររញ្ជួយលើមនុស្សយ៉ាងដូចមេ្ដច ?

(20) និងមើលទៅកាន់ផែនដី ថាតើវាត្រូវបានគេលាតសន្ធឹង និងរៀបចំវាសម្រាប់ឲ្យមនុស្សរស់នៅលើផែនដីនោះយ៉ាងដូចមេ្ដច?

(21) ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំបូន្មាននិងបំភ័យពួកទាំងនោះ(ពួកគ្មានជំនឿ)ពីទណ្ឌកម្មរបស់អល់ឡោះចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។ គេមិនទាមទារអ្វីពីអ្នកក្រៅពីការដាស់រំលឹកពួកគេនោះឡើយ។ រីឯផ្តល់ការចង្អុលបង្ហាញពួកគេទៅកាន់ការមានជំនឿវិញ គឺស្ថិតនៅក្នុងកណ្តាប់អល់ឡោះតែមួយគត់។

(22) អ្នកពុំមែនជាអ្នកដែលប្រើអំណាចផ្តាច់ការទៅលើពួកគេ រហូតបង្ខំពួកគេឲ្យមានជំនឿឡើយ។

(23) ក៏ប៉ុន្តែ ជនណាហើយក្នុងចំណោមពួកគេដែលបានងាកចេញពីសេចក្តីជំនឿ ហើយប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ

(24) អល់ឡោះនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅថ្ងៃបរលោក ដោយបញ្ចូលរូបគេទៅក្នុងនរកជើហាន់ណាំជាអមតៈ។

(25) ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេបន្ទាប់ពីពួកគេបានស្លាប់នោះ គឺមកកាន់យើង(អល់ឡោះ)តែមួយគត់។

(26) បន្ទាប់មក ការជំនុំជម្រះទៅលើទង្វើរបស់ពួកគេនោះ គឺជាតួនាទីរបស់យើងតែម្នាក់គត់ ពុំមែនជាតួនាទីរបស់អ្នក(ឱមូហាំម៉ាត់) ឬនរណាម្នាក់ក្រៅពីអ្នកនោះទេ។