23 - Al-Muminoon ()

|

(1) ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿចំពោះអល់ឡោះដែលអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ នឹងទទួលបានជោគជ័យ ដោយការទទួលបាននូវអ្វីដែលគេប្រាថ្នា និងរួចផុតពីអ្វីដែលគេរត់គេច។

(2) ពួកគេ គឺបណ្តាអ្នកដែលមានភាពឱនលំទោនក្នុងការប្រតិបត្តិសឡាតរបស់ពួកគេ ដោយរាងកាយរបស់គេមានភាពនឹងនរ ស្ងប់ស្ងៀម ហើយដួងចិត្តរបស់គេជ្រះស្រឡះពីការរំខានទាំងឡាយ។

(3) និងបណ្តាអ្នកដែលងាកចេញ(បោះបង់ចោល)ពីទង្វើដែលមិនត្រឹមត្រូវ ការលេងសើច(ឥតប្រយោជន៍) និងទង្វើទាំងឡាយដែលជាអំពើល្មើស ទាំងពាក្យសម្តីនិងកាយវិការ។

(4) និងបណ្តាអ្នកដែលជម្រះសម្អាតខ្លួនប្រាណរបស់ពួកគេពីប្រការអាក្រក់ទាំងឡាយ ហើយនិងជម្រះសម្អាតទ្រព្យសម្បត្តិរបស់ពួកគេតាមរយៈការបរិច្ចាគហ្សាកាត់។

(5) និងបណ្តាអ្នកដែលថែរក្សាប្រដាក់ភេទរបស់ពួកគេដោយបញ្ចៀសវាពីប្រការហ្ស៊ីណា លីវ៉ត(រួមភេទជាមួយភេទដូចគ្នា) និងអំពើអសីលធម៌ផ្សេងៗទៀត ពីព្រោះពួកគេ គឺជាអ្នកដែលមានភាពបរិសុទ្ធ ជ្រះស្អាត។

(6) លើកលែងតែចំពោះភរិយារបស់ពួកគេ ឬស្រ្តីបម្រើដាច់ថ្ងៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនត្រូវបានគេស្តីបន្ទោសក្នុងការត្រេកត្រអាលជាមួយពួកនាង តាមរយៈការរួមដំណេក និងអ្វីផ្សេងពីនេះទៀតនោះទេ។

(7) ដូច្នេះ ជនណាហើយដែលស្វែងរកនូវការត្រេកត្រអាលក្រៅពីចំពោះភរិយានិងស្រ្តីបម្រើដាច់ថ្ងៃដែលជាកម្មសិទ្ធិរបស់គេនោះ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពានព្រំដែនរបស់អល់ឡោះ ដោយបំពានចំពោះអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតឲ្យគេត្រេកត្រអាលជាមួយ ទៅរកអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់មិនឲ្យត្រេកត្រអាលជាមួយ។

(8) និងបណ្តាអ្នកដែលនៅពេលណាដែលអល់ឡោះជាម្ចាស់ទ្រង់ទុកចិត្តចំពោះគេ ឬក៏ខ្ញុំបម្រើរបស់ទ្រង់(មនុស្សលោក)ទុកចិត្តចំពោះគេ ហើយនិងចំពោះការសន្យារបស់ពួកគេនោះ គឺពួកគេថែរក្សា (ទំនុកចិត្ត និងការសន្យានោះ)ដោយមិនបំពានឡើយ។ ផ្ទុយទៅវិញ ពួកគេបំពេញតាមអ្វីដែលពួកគេបានសន្យា។

(9) និងបណ្តាអ្នកដែលថែរក្សានូវការប្រតិបត្តិសឡាតរបស់ពួកគេយ៉ាងខ្ជាប់ខ្ជួន ដោយពួកគេប្រតិបត្តិវាចំពេលវេលារបស់វា និងរូកុន(គោលគ្រឹះ)របស់វា ប្រការវ៉ាជិប(ប្រការដែលបាច់ត្រូវធ្វើ)របស់វា និងប្រការស៊ូណិត(ប្រការដែលគួរគប្បីធ្វើ)របស់វា។

(10) បណ្តាអ្នកដែលមានលក្ខណៈដូចបានរៀបរាប់ទាំងនោះហើយ ពួកគេគឺជាអ្នកដែលត្រូវទទួលមត៌ក។

(11) ដែលពួកគេនឹងត្រូវទទួលមត៌កឋានសួគ៌ហ្វៀរទ័ស(ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត)ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ភាពសប្បាយរីករាយរបស់ពួកគេនៅក្នុងឋានសួគ៌ គឺមិនមានការកាត់ផ្តាច់នោះឡើយ។

(12) ហើយជាការពិតណាស់ យើងបានបង្កើតបិតានៃមនុស្សលោក គឺព្យាការីអាហ្ទាំពីដីឥដ្ឋ (ដែលផ្សំពីទឹកនិងដី)

(13) ក្រោយមក យើងបានបង្កើតពូជពង្សរបស់គេ(ព្យាការីអាហ្ទាំ)ជាបន្តបន្ទាប់មកទៀតអំពីទឹកកាមដែលស្ថិតនៅក្នុងស្បូនស្ត្រី រហូតដល់ពេលប្រសូត។

(14) ក្រោយមក យើងបានបង្កើតបន្ទាប់ពីទឹកកាមដែលស្ថិតក្នុងស្បូននោះទៅជាដុំឈាមក្រហមមួយដុំ។ ក្រោយមកទៀត យើងបានធ្វើឲ្យដុំឈាមក្រហមនោះទៅជា(ដូច)ដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត យើងបានបង្កើតដុំសាច់មួយដុំនោះឲ្យមានជាឆ្អឹងដែលភ្ជាប់គ្នា ហើយយើងបានគ្របដណ្តប់ឆ្អឹងនោះដោយសាច់។ បន្ទាប់មកទៀត យើងក៏បានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត ដោយការផ្លុំបញ្ចូលនូវព្រលឹងចូលទៅក្នុងវា និងបញ្ចេញវាឲ្យមានជីវិត។ ហើយអល់ឡោះទ្រង់មហាឧត្តុង្គឧត្តមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។

(15) បន្ទាប់មក ពួកអ្នក(ឱមនុស្សលោក)ក្រោយពីបានឆ្លងកាត់នូវដំណាក់ទាំងនេះហើយនោះ ជាការពិតណាស់ ពួកអ្នកនឹងត្រូវស្លាប់ទៅវិញនៅពេលដែលអាយុកាលកំណត់របស់ពួកអ្នកដល់ទីបញ្ចប់។

(16) បន្ទាប់មកទៀត ក្រោយពីការស្លាប់របស់ពួកអ្នកនោះ ពួកអ្នកនឹងត្រូវគេពង្រស់ឲ្យរស់ចេញពីផ្នូររបស់ពួកអ្នកឡើងវិញនៅថ្ងៃបរលោក ដើម្បីជំនុំជម្រះចំពោះទង្វើដែលពួកអ្នកបានសាង។

(17) ហើយជាការពិតណាស់ យើងបានបង្កើតមេឃទាំងប្រាំពីរជាន់ដែលនៅពីលើគ្នានោះ ស្ថិតនៅខាងលើពួកអ្នក(ឱមនុស្សលោក) ហើយយើងមិនបានព្រងើយកន្តើយចំពោះការបង្កើតរបស់យើងឡើយ ហើយក៏មិនភ្លេចវានោះដែរ។

(18) ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃដោយកំណត់ទៅតាមតម្រូវការ ដោយមិន(បញ្ចុះវា)ច្រើនពេកដែលនាំឲ្យមានការអន្តរាយ ឬក៏(បញ្ចុះវា)តិចពេកដែលធ្វើឲ្យវាមិនគ្រប់គ្រាន់(ក្នុងការប្រើប្រាស់)។ ហើយយើងបានឲ្យវា(ទឹកភ្លៀង)ស្ថិតនៅលើផែនដីដែលផ្តល់ផលប្រយោជន៍ដល់មនុស្សនិងសត្វ។ ជាការពិតណាស់ យើងជាអ្នកមានសមត្ថភាពធ្វើឲ្យវាបាត់បង់(រីង)ទៅវិញ ដោយ(ពេលនោះ)ពួកអ្នកមិនអាចទាញយកផលប្រយោជន៍ពីវាបានឡើយ។

(19) ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបង្កើតនូវច្បារដំណាំជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នក។ នៅក្នុងចម្ការទាំងនោះ មានផ្លែឈើជាច្រើនប្រភេទនិងច្រើនពណ៌ខុសៗគ្នា ដូចជាផ្លែទីន ផ្លែទទឹម និងផ្លែប៉ោមជាដើមសម្រាប់ពួកអ្នកបរិភោគ។

(20) ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតសម្រាប់ពួកអ្នកនូវដើមហ្សៃទូន ដែលដុះនៅតំបន់ភ្នំតួរសៃណាក(ក្នុងប្រទេសអេហ្ស៊ីប) ដែលអាចចម្រាញ់ចេញជាប្រេងពីផ្លែរបស់វា និងធ្វើជាចំណីអាហារសម្រាប់ពួកអ្នកបរិភោគ។

(21) ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ(សត្វអូដ្ឋ សត្វគោ និងសត្វពពែ)នោះ គឺជាមេរៀន និងជាភស្តុតាងមួយសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះពួកអ្នក។ យើង(អល់ឡោះ)បានឲ្យពួកអ្នកទទួលទាននូវទឹកដោះដ៏បរិសុទ្ធដែលមាននៅក្នុងពោះសត្វពាហនៈទាំងនោះដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្តាអ្នកដែលទទួលទានវា។ ហើយចំពោះសត្វពាហនៈទាំងនោះទៀត គឺវាផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជា(ពួកអ្នក)អាចយកធ្វើជាសត្វជំនិះ អាចយករោម និងស្បែករបស់វា ហើយពួកអ្នកក៏អាចទទួលទានសាច់របស់វាបានផងដែរ។

(22) ហើយពួកអ្នកអាចដឹកជញ្ជូនទំនិញនៅលើសត្វអូដ្ឋពេលធ្វើដំណើរលើដីគោក និងដឹកជញ្ជូនទំនិញនៅលើសំពៅពេលធ្វើដំណើរតាមសមុទ្រ។

(23) ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហទៅកាន់ក្រុមរបស់គេដោយអំពាវនាវពួកគេទៅកាន់អល់ឡោះជាម្ចាស់ ដោយគេបានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមរបស់ទ្រង់ទេឬ?

(24) ពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះក្នុងចំណោមក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកដែលតាមពួកគេ និងមនុស្សទូទៅថាៈ អ្នកដែលអះអាងថាខ្លួនគេ គឺជាអ្នកនាំសារនោះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេចង់ធ្វើជាមេដឹកនាំ និងធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់ចង់បញ្ជូនអ្នកនាំសារណាម្នាក់មកកាន់ពួកយើងមែននោះ ទ្រង់នឹងបញ្ជូនម៉ាឡាអ៊ីកាត់មកជាមិនខាន ហើយទ្រង់មិនបញ្ជូនមនុស្សលោកមកនោះទេ។ ពួកយើងមិនដែលបានឮរឿងដូចដែលគេបានអះអាងនេះពីបុព្វបុរសរបស់ពួកយើងដែលជាអ្នកជំនាន់មុនពួកយើងឡើយ។

(25) រូបគេ(ព្យាការីនួហ)គ្មានអ្វីក្រៅពីជាបុរសដែលកើតរោគវិកលចរិតនោះឡើយ។ អ្វីដែលគេនិយាយ គ្មានន័យអ្វីនោះឡើយ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលគេចុះ រហូតដល់កិច្ចការរបស់គេបានបញ្ជាក់ច្បាស់ដល់មនុស្ស។

(26) ព្យាការីនួហបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាជួយខ្ញុំឲ្យយកឈ្នះទៅលើពួកគេផង ដោយសូមទ្រង់មេត្តាសងសឹកពួកគេឲ្យខ្ញុំ ដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំផងចុះ។

(27) ដូច្នេះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថាៈ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនរបស់យើងចំពោះអ្នក ថាតើអ្នកត្រូវសង់វាដោយរបៀបណា។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងនៃការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើនបំផុតនោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់អ្វីៗដែលមានជីវិតទាំងអស់ ឈ្មោលមួយ ញីមួយដើម្បីឲ្យវាបន្តពូជពង្សតទៅទៀត។ ហើយចូរអ្នកនាំចូលទៅក្នុងសំពៅនោះផងដែរនូវក្រុមគ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនពីអល់ឡោះក្នុងការបំផ្លាញពួកគេប៉ុណ្ណោះ ដូចជាប្រពន្ធ និងកូនប្រុសរបស់អ្នកជាដើម។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឲ្យជួយសង្រ្គោះពួកដែលបានបំពានដោយការប្រឆាំង និង(សុំឲ្យ)បោះបង់ការដាក់ទណ្ឌកម្មចំពោះពួកគេឲ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេបំផ្លាញឲ្យវិនាសអន្តរាយដោយការលិចលង់ក្នុងទឹកជំនន់(ដោយចៀសមិនផុតឡើយ)

(28) ហើយនៅពេលដែលអ្នក(ព្យាការីនួហ) និងបណ្តាអ្នកដែលរួមជំនឿជាមួយអ្នកដែលរួចផុត(ពីគ្រោះទឹកជំនន់)បានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថាៈ ការសរសើរទាំងឡាយ គឹសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានសង្គ្រោះពួកយើងពីក្រុមប្រឆាំងដែលទ្រង់បានបំផ្លាញពួកគេនោះ។

(29) ហើយចូរអ្នក(ព្យាការីនួហ)ពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចុះចតនៅលើផែនដីនៅកន្លែងមួយដែលមានពរជ័យផងចុះ ហើយទ្រង់ជាអ្នកប្រទានកន្លែង(ចុះចត)ដ៏ល្អបំផុត។

(30) ជាការពិតណាស់ នៅក្នុងរឿង(ដែលយើងបាន)សង្គ្រោះព្យាការីនួហ និងអ្នករួមជំនឿជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងដែលបានលើកឡើងមកនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាពរបស់យើងក្នុងការជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបំផ្លាញពួកដែលប្រឆាំងនឹងពួកគេ។ ហើយយើងពិតជាបានសាកល្បងក្រុមរបស់ព្យាការីនួហតាមរយៈការបញ្ជូនគេទៅកាន់ពួកគេ ដើម្បីបញ្ជាក់ឲ្យឃើញច្បាស់នូវអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿ អ្នកដែលប្រតិបត្តិតាមនិងអ្នកដែលប្រឆាំង។

(31) ក្រោយមក យើងបានបង្កើតប្រជាជាតិផ្សេងទៀតបន្ទាប់ពីការបំផ្លាញក្រុមរបស់ព្យាការីនួហរួច។

(32) ហើយយើងបានតែងតាំងឲ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ ដោយគេ(អ្នកនាំសារ)បានអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយគេបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ទេឬ?

(33) ហើយពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គេ(អ្នកនាំសារ)ដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងថ្ងៃបរលោក ហើយនិងអ្វីដែលមាននៅមានក្នុងថ្ងៃនោះ ដូចជាផលបុណ្យនិងទណ្ឌកម្ម ព្រមទាំងពួកដែលយើងបានផ្តល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយដល់ពួកគេនោះ ពួកគេបាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេ និងមនុស្សទូទៅថាៈ គេ(អ្នកនាំសារ)ម្នាក់នេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកប៉ុណ្ណោះ ដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយនិងផឹកនូវអ្វីដែលពួកអ្នកផឹក។ ដូចនេះ គេគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នក រហូតដល់ត្រូវបានគេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារមកកាន់ពួកអ្នកនោះទេ។

(34) ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាខាតបង់មិនខានឡើយ ដោយសារតែពួកអ្នកមិនបានផលប្រយោជន៍អ្វីពីការប្រតិបត្តិតាមគេដោយពួកអ្នកបោះបង់ព្រះនានារបស់ពួកអ្នក និងដើរតាមអ្នកដែលគ្មានលក្ខណៈពិសេសអ្វីលើសពួកអ្នកសោះនោះឡើយ។

(35) តើអ្នកដែលអះអាងថា គេជាអ្នកនាំសាររូបនេះបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកបានស្លាប់ ហើយបានក្លាយទៅជាដី ចំណែកឯឆ្អឹងវិញពុកផុយអស់ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញពីផ្នូរបស់ពួកអ្នកឲ្យរស់រានមានជីវិតឡើងវិញម្តងទៀតឬ? តើវាសមហេតុផលដែរឬ?

(36) ដែលគេបានសន្យានឹងពួកអ្នកអំពីការបញ្ចេញពួកអ្នកពីផ្នូររបស់ពួកអ្នកឲ្យមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នក ដោយពួកអ្នកបានក្លាយជាដីហើយឆ្អឹងបានពុកផុយហើយនោះ គឺឆ្ងាយជាទីបំផុត(មិនអាចកើតឡើងទៅរួចនោះឡើយ)

(37) គ្មានជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយនេះនោះឡើយ។ គ្មានជីវិតបរលោកអ្វីនោះទេ។ អ្នកដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានឡើយ ហើយអ្នកផ្សេងទៀតក៏បានកើតមក និងរស់រានមានជីវិត(បន្តពីពួកគេ)។ ហើយពួកយើងក៏នឹងមិនត្រូវបានគេបញ្ចេញ(ពីផ្នូរ)ក្រោយពីពួកយើងបានស្លាប់ដើម្បីជំនុំជម្រះនាថ្ងៃបរលោកអ្វីនោះដែរ។

(38) អ្នកដែលអះអាងថា ពិតណាស់ រូបគេជាគឺអ្នកនាំសារមកកាន់ពួកអ្នកនេះ គ្មានអ្វីក្រៅពីជាបុរសដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះចំពោះការអះអាងរបស់គេនោះទេ ហើយពួកយើងក៏មិនមានជំនឿនឹងគេដែរ។

(39) អ្នកនាំសារបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ចូរទ្រង់មេត្តាជួយដល់ខ្ញុំឲ្យយកឈ្នះលើពួកគេផង ដោយសូមទ្រង់សងសឹកពួកគេឲ្យខ្ញុំ ដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំផងចុះ។

(40) អល់ឡោះជាម្ចាស់ទ្រង់បានឆ្លើយតបចំពោះគេ(អ្នកនាំសារនោះ) ដោយទ្រង់បានមានបន្ទូលថាៈ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកដែលបដិសេធចំពោះអ្វីដែលអ្នកបាននាំមកនោះ ពួកគេនឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន ដោយសារតែការបដិសេធរបស់ពួកគេ(ចំពោះអ្វីដែលអ្នកបាននាំមក)នោះ។

(41) ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេ ព្រោះពួកគេសាកសមនឹងទទួលទណ្ឌកម្មនេះដោយសារតែភាពចចេសរឹងរូសរបស់ពួកគេ ហើយយើងបានធ្វើឲ្យពួកគេវិនាសអន្តរាយប្រៀបដូចជាសំរាមដែលអណ្តែតលើផ្ទៃទឹក។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។

(42) បន្ទាប់ពីការបំផ្លាញពួកគេរួចមក យើងបានបង្កើតក្រុម និងប្រជាជាតិជាច្រើនផ្សេងទៀត ដូចជាក្រុមរបស់ព្យាការីលូត ក្រុមរបស់ព្យាការីស៊្ហូអែប និងក្រុមរបស់ព្យាការីយូនូសជាដើម។

(43) គ្មានប្រជាជាតិណាមួយក្នុងចំណោមប្រជាជាតិដែលបដិសេធទាំងនេះអាចធ្វើឲ្យពេលវេលានៃបំផ្លាញវានោះមកដល់(កើតឡើង)មុនពេលកំណត់របស់វាបានឡើយ ហើយក៏មិនអាចពន្យារពេលបានដែរ ទោះបីពួកគេប្រើមធ្យោបាយ ឬវិធីសាស្ត្រជាច្រើនក៏ដោយ។

(44) ក្រោយមក យើងបានតែងតាំងអ្នកនាំសារទាំងឡាយរបស់យើងជាបន្តបន្ទាប់។ រាល់ពេលដែលអ្នកនាំសារម្នាក់បានទៅដល់ប្រជាជាតិណាមួយក្នុងចំណោមប្រជាជាតិដែលគេ(អល់ឡោះ)តែងតាំងគេទៅកាន់នោះ ពួកគេ(ប្រជាជាតិនោះ)តែងតែបដិសេធចំពោះគេ។ ហើយយើងបានធ្វើឲ្យពួកគេវិនាសអន្តរាយជាបន្តបន្ទាប់។ ដូច្នេះ គ្មានសេសសល់អ្វីសម្រាប់ពួកគេក្រៅពីពាក្យសម្តីដែលមនុស្សនិយាយអំពីពួកគេប៉ុណ្ណោះ។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលគ្មានជំនឿនឹងអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកកាន់ពួកគេពីម្ចាស់របស់ពួកគេ។

(45) ក្រោយមកទៀត យើងបានតែងតាំងព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវអច្ឆរិយភាពរបស់យើងចំនួនប្រាំបួន(គឺដំបង ដៃ សត្វកណ្តូប សត្វចៃ សត្វកង្កែប ឈាម ទឹកជំនន់ គ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល) ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់។

(46) យើងបានតែងតាំងគេទាំងពីរទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីនៃបក្សពួករបស់គេ(ហ្វៀរអោន) តែពួកគេបែរជាក្រអឺតក្រទម ដោយមិនព្រមប្រគល់ខ្លួនក្នុងការមានជំនឿចំពោះគេទាំងពីរឡើយ ហើយពួកគេជាក្រុមដែលធ្លាប់ព្រហើនក្អេងក្អាងចំពោះមនុស្សលោកដោយការប្រើអំណាចផ្តាច់ការ និងការបំពាន។

(47) ហើយពួកគេបាននិយាយថាៈ តើឲ្យពួកយើងមានជំនឿលើមនុស្សពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ដោយគេទាំងពីរគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងសោះនោះ ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលគោរព ឱនលំទោនចំពោះពួកយើងហ្នឹងឬ?

(48) ហើយពួកគេបានបដិសេធចំពោះគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)ចំពោះអ្វីដែលគេទាំងពីរបាននាំមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ដោយសារតែការប្រឆាំងរបស់ពួកគេ ពួកគេក៏ស្ថិតក្នុងចំណោមពួកដែលត្រូវបានគេបំផ្លាញដោយការលិចលង់(ក្នុងទឹកសមុទ្រ)

(49) ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត សង្ឃឹមថា តាមរយៈគម្ពីរនេះ គេនឹងចង្អុលបង្ហាញក្រុមរបស់គេទៅកាន់សេចក្តីពិត និងអនុវត្តតាមវា។

(50) ហើយយើងបានធ្វើឲ្យព្យាការីអ៊ីសាកូនរបស់មើរយ៉ាំ និងម្តាយរបស់គេ(មើរយ៉ាំ) ក្លាយជាសញ្ញាភស្តុតាងមួយដែលបញ្ជាក់ទៅលើសមត្ថភាពរបស់យើង។ ពិតប្រាកដណាស់ នាងបានពពោះគេ(ព្យាការីអ៊ីសា)ដោយគ្មានឪពុក ហើយយើងបានផ្តល់ឲ្យគេទាំងពីរនូវកន្លែងដែលខ្ពស់ផុតពីដីដែលអាចស្នាក់នៅលើវាបាន ហើយនៅទីនោះ គឺមានប្រភពទឹកដែលហូរផ្លាស់ប្តូរជាប់ជានិច្ច។

(51) ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចុះអំពីអ្វីដែលយើងបានអនុញ្ញាតឲ្យពួកអ្នកនូវអ្វីដែលល្អដែលអាចទទួលទានបាន។ ហើយចូរពួកអ្នកសាងនូវទង្វើកុសលដែលស្របនឹងច្បាប់បញ្ញត្តិ(សាសនា)។ ពិតប្រាកដណាស់ យើងមហាដឹងបំផុតចំពោះទង្វើដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីយើងបានឡើយ។

(52) ហើយពិតប្រាកដណាស់ សាសនារបស់ពួកអ្នក(ឱបណ្តាអ្នកនាំសារទាំងឡាយ) គឺជាសាសនាតែមួយគត់ នោះគឺសាសនាឥស្លាម ហើយយើងគឺជាម្ចាស់របស់ពួកអ្នក ដោយពួកអ្នកគ្មានម្ចាស់ណាផ្សេងក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើងដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់យើង និងចៀសវាងពីបម្រាមទាំងឡាយរបស់យើងដែលយើងបានហាមឃាត់។

(53) ក្រោយមក អ្នកដែលដើរតាមអ្នកនាំសារបានបែកបាក់គ្នានៅក្នុងសាសនាបន្ទាប់ពីពួកគេ(អ្នកនាំសារ) ដោយពួកគេ(បានបែងចែកគ្នា)ក្លាយទៅជាក្រុមជាច្រើន។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលគេជឿថា វាគឺជាសាសនាដែលអល់ឡោះពេញចិត្ត ហើយពួកគេមិនងាកមើលទៅកាន់អ្វីដែលអ្នកផ្សេងពីពួកគេមាននោះទេ។

(54) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេ បណ្តោយពួកគេឲ្យស្ថិតក្នុងភាពអវិជ្ជា និងភាពស្រពេចស្រពិលចុះ រហូតដល់ពេលដែលទណ្ឌកម្មធ្លាក់ទៅលើពួកគេ។

(55) តើបណ្តាក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបានឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ទាំងនោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ដូចនេះនោះឡើយ។

(56) តើបណ្តាក្រុមដែលសប្បាយចិត្តនឹងអ្វីដែលពួកគេមានទាំងនោះគិតស្មានថា ទ្រព្យសម្បត្តិ និងកូនចៅដែលយើងបានប្រទានដល់ពួកគេនៅក្នុងជីវិតលោកិយនេះ គឺ ជាការប្រទាននូវប្រការល្អដល់ពួកគេភ្លាមៗដែលពួកគេសាកសមនឹងទទួលបាននោះឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតនោះទេ។ តាមពិត យើងប្រទានរបស់ទាំងនោះដល់ពួកគេ គឺគ្រាន់តែដើម្បីជាការសាកល្បង និងជាការល្បួងដល់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទទួលអារម្មណ៍ដូច្នោះនោះឡើយ។

(57) ពិតប្រាកដណាស់ បណ្តាអ្នកដែលព្រមជាមួយនឹងការមានជំនឿរបស់ពួកគេ ហើយនិងការសាងនូវអំពើល្អរបស់ពួកគេ គឺពួកគេមានការកោតខ្លាចម្ចាស់របស់ពួកគេ(ថែមទៀត)

(58) និងបណ្តាអ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌនៃគម្ពីររបស់ទ្រង់។

(59) ហើយនិងបណ្តាអ្នកដែលគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។

(60) ព្រមទាំងបណ្តាអ្នកដែលព្យាយាមក្នុងកិច្ចការសប្បុរស និងបញ្ជិតខ្លួនទៅកាន់អល់ឡោះ តាមរយៈការសាងនូវទង្វើកុសល ហើយពួកគេខ្លាចអល់ឡោះជាម្ចាស់មិនទទួលយកពីពួកគេនូវការបរិច្ចាគរបស់ពួកគេនិងទង្វើកុសលនានារបស់ពួកគេ នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ទ្រង់នាថ្ងៃបរលោក។

(61) បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់ខាងលើនេះ គឺជាអ្នកដែលរួសរាន់ទៅកាន់ការសាងអំពើ ហើយពួកគេជាអ្នកដែលឈានមុខគេក្នុងការធ្វើអំពើល្អ។ ហើយជនណាដែលបង្អែរបង្អង់(មានភាពយឺតយ៉ាវក្នុងការសាងអំពើល្អ)នោះ គឺអ្នកដទៃនឹងយកឈ្នះពួកគេ។

(62) ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពដែលគេអាចធ្វើបាននោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែលយើងបានចារទាំងអស់នៅក្នុងវានូវទង្វើដែលបុគ្គលម្នាក់ៗប្រព្រឹត្ត ដែលបញ្ជាក់យ៉ាងពិតប្រាកដដែលគ្មានការសង្ស័យនៅក្នុងវាឡើយ។ ហើយពួកគេមិនត្រូវបានគេបំពានដោយបំបាត់នូវអំពើល្អរបស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវអំពើអាក្រក់របស់ពួកគេនោះដែរ។

(63) ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកដែលប្រឆាំង គឺស្ថិតក្នុងការធ្វេសប្រហែសចំពោះគម្ពីរ(សៀវភៅកំណត់ត្រា)ដែលបញ្ជាក់យ៉ាងប្រាកដនេះ ហើយនិងគម្ពីរដែលគេបានបញ្ចុះទៅឲ្យពួកគេ។ ហើយសម្រាប់ពួកគេ គឺមានទង្វើ(អាក្រក់)ផ្សេងទៀតក្រៅពីការប្រឆាំង ដែលពួកគេកំពុងតែប្រព្រឹត្តវា។

(64) លុះដល់ពេលដែលយើងបានឆក់យកជីវិតពួកដែលមានទ្រព្យស្តុកស្តម្ភនៅក្នុងលោកិយនេះដោយទណ្ឌកម្មនាថ្ងៃបរលោកនោះ ស្រាប់តែពួកគេតម្លើងសម្លេងរបស់ពួកគេស្រែកសុំជំនួយ។

(65) ពេលនោះ មានគេនិយាយទៅកាន់ពួកគេដោយធ្វើឲ្យពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ថាៈ ពួកអ្នកមិនត្រូវស្រែក និងសុំជំនួយនៅក្នុងថ្ងៃនេះនោះទេ។ ជាការពិតណាស់ សម្រាប់ពួកអ្នក គឺគ្មានអ្នកជួយណាដែលអាចរារាំង(ការពារ)ពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់នោះឡើយ។

(66) ជាការពិតណាស់ បណ្តាវាក្យខណ្ឌនៃគម្ពីររបស់អល់ឡោះធ្លាប់ត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ហើយនៅក្នុងលោកិយ តែពួកអ្នកបែរជានាំគ្នាត្រឡប់ក្រោយបែរចេញពីវានៅពេលដែលពួកអ្នកស្តាប់ឮវាដោយការមិនពេញចិត្តចំពោះវាទៅវិញ។

(67) ពួកអ្នកធ្វើដូច្នោះ ដោយពួកអ្នកក្រអឺតក្រទមចំពោះមនុស្សនូវអ្វីដែលពួកអ្នកអះអាងចំពោះវាថា ជាការពិតណាស់ ពួកអ្នកគឺជាម្ចាស់នៃទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) តែតាមពិត ពួកអ្នកមិនមែនជាម្ចាស់របស់វានោះទេ ពីព្រោះម្ចាស់របស់វា(ទឹកដីពិសិដ្ឋ)នោះ គឺមានតែបណ្តាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ប៉ុណ្ណោះ ហើយពួកអ្នកថែមទាំងបាននិយាយពាក្យអាក្រក់អំពីវានៅពេលយប់ទៀតផង។ ដូច្នេះ ពួកអ្នកមិនមែនជាអ្នកដែលលើកតម្កើងវានោះទេ។

(68) តើពួកមុស្ហរីគីនទាំងនោះមិនបានគិតពិចារណាចំពោះគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមក ដើម្បីពួកគេមានជំនឿនឹងវា ហើយប្រព្រឹត្តតាមនូវអ្វីដែលមាននៅក្នុងវាទេឬ? ឬក៏វា(គម្ពីរគួរអាន)បានមកដល់ពួកគេនូវអ្វីដែលជីដូជីតាពួកគេពីមុនមិនធ្លាប់បានទទួល ទើបពួកគេប្រឆាំងនិងបដិសេធចំពោះវាបែបនេះ?

(69) ឬមួយក៏ពួកគេមិនបានស្គាល់ព្យាការីមូហាំម៉ាត់ដែលអល់ឡោះបានបញ្ជូនគាត់ទៅកាន់ពួកគេ ទើបពួកគេបដិសេធនឹងគាត់បែបនេះ? ជាការពិតណាស់ ពួកគេស្គាល់គាត់ ហើយក៏បានដឹងពីភាពសច្ចៈ និងភាពស្មោះត្រង់របស់គាត់ផងដែរ។

(70) ផ្ទុយទៅវិញ ពួកគេចោទប្រកាន់ថា គាត់(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត ទើបបានជាពួកគេបដិសេធបែបនេះ។ ផ្ទុយទៅវិញ គាត់បាននាំមកកាន់ពួកគេនូវការពិតដែលគ្មានការសង្ស័យក្នុងវាឡើយដែលថា វាគឺពិតជាមកពីអល់ឡោះនោះ។ ហើយភាគច្រើននៃពួកគេ គឺមិនពេញចិត្តនឹងការពិតឡើយ។ ពួកគេស្អប់គាត់ ព្រោះតែភាពច្រណែនឈ្នានីសចេញពីខ្លួនពួកគេ និងការងប់ងល់នឹងប្រការមិនពិតរបស់ពួកគេប៉ុណ្ណោះ។

(71) ហើយប្រសិនបើអល់ឡោះបណ្តោយកិច្ចការនោះ និងរៀបចំវាឲ្យស្របទៅតាមចំណង់តណ្ហានិងទំនើងចិត្តរបស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដីនឹងវិនាសអន្តរាយជាមិនខាន ហើយអ្នកដែលរស់នៅក្នុងវា(មេឃនិងផែនដី)ក៏នឹងវិនាសអន្តរាយផងដែរ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេចំពោះលទ្ធផលចុងក្រោយនៃកិច្ចការនោះ និង(ល្ងង់ខ្លៅ)ចំពោះភាពត្រឹមត្រូវនិងភាពមិនត្រឹមត្រូវនៃការចាត់ចែង។ ផ្ទុយទៅវិញ យើងបានផ្តល់ឲ្យពួកគេនូវកិត្តិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្តិយសដ៏ថ្លៃថ្នូរនោះទៅវិញ។

(72) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទាមទារកម្រៃពីពួកគេចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេឬទើបបានជាធ្វើឲ្យពួកគេបដិសេធនឹងការអំពាវនាវបែបនេះ? រឿងនេះ(ការទាមទារកម្រៃលើការអំពាវនាវ)មិនបានកើតចេញពីអ្នកនោះទេ។ ជាការពិតណាស់ ការតបស្នងនៃម្ចាស់របស់អ្នក និងផលបុណ្យរបស់ទ្រង់នោះ គឺល្អប្រសើរជាងការតបស្នងរបស់ពួកគេ និងអ្នកក្រៅពីពួកគេទៅទៀត។ ហើយទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

(73) ហើយពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកអំពាវនាវពួកគេនិងអ្នកផ្សេងទៀតក្រៅពីពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ នោះគឺមាគ៌ានៃសាសនាឥស្លាម។

(74) ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក និងអ្វីដែលមាននៅក្នុងថ្ងៃនោះនៃការជំនុំជម្រះ ទណ្ឌកម្ម និងផលបុណ្យនោះ គឺពួកគេងាកចេញពីមាគ៌ាឥស្លាមទៅកាន់មាគ៌ាជាច្រើនដែលមានភាពវៀចវេរ ដែលនាំ(ពួកគេ)ទៅកាន់ឋាននរក។

(75) ហើយប្រសិនបើយើងអាណិតអាសូរចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះរាំងស្ងួត និងភាពអត់ឃ្លានដែលបានកើតឡើងចំពោះពួកគេនោះ ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងចេញអំពីការពិត ដោយពួកគេស្រពេចស្រពិល និងមិនច្បាស់លាស់ដដែល។

(76) ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយប្រភេទនៃគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ និងឱនលំទោនចំពោះទ្រង់ដដែល ហើយពួកគេក៏មិនបួងសួងសុំពីទ្រង់ដោយភាពភ័យខ្លាចដើម្បីឲ្យទ្រង់ដកចេញនូវគ្រោះទាំងឡាយចេញពីពួកគេវិញនៅពេលដែលវាធ្លាក់មក(លើពួកគេ)នោះដែរ។

(77) លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ ស្រាប់តែពួកគេអស់សង្ឃឹមពីការរួចផុតពីទុក្ខព្រួយ និង(អស់សង្ឃឹម)ពីប្រការល្អនានា។

(78) ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតឲ្យពួកអ្នក(នែពួកដែលប្រឆាំងនឹងការពង្រស់មនុស្សឡើងវិញ)មានត្រចៀកសម្រាប់ឲ្យពួកអ្នកស្តាប់ មានភ្នែកសម្រាប់ឲ្យពួកអ្នកមើល និងមានដួងចិត្តសម្រាប់ឲ្យពួកអ្នកស្វែងយល់។ ទោះជាបែបនេះក៏ដោយ ក៏ពួកអ្នកមិនថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងនេះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

(79) ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យមានជីវិតនៅលើផែនដីនេះ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រមូលទៅកាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

(80) ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ មិនមានអ្នកដែលធ្វើឲ្យរស់ក្រៅពីទ្រង់នោះទេ ហើយទ្រង់តែមួយគត់ដែលជាអ្នកដែលធ្វើឲ្យស្លាប់ មិនមានអ្នកដែលធ្វើឲ្យស្លាប់ក្រៅពីទ្រង់នោះឡើយ។ ហើយចំពោះទ្រង់តែមួយគត់ដែលកំណត់ចំពោះភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ ភាពងងឹតនិងពន្លឺ វែងនិងខ្លី។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះសមត្ថភាពបស់ទ្រង់ និងភាពតែមួយរបស់ទ្រង់ក្នុងការបង្កើត និងការចាត់ចែង(អ្វីៗគ្រប់យ៉ាង)ទេឬ?

(81) ផ្ទុយទៅវិញ ពួកគេបាននិយាយ(ពាក្យប្រឆាំង)ដូចអ្វីដែលជីដូនជីតា និងបុព្វបុរសរបស់ពួកគេបាននិយាយនោះដែរ

(82) ដោយពួកគេបាននិយាយក្នុងន័យមិនជឿថាវាអាចកើតឡើងនិងប្រឆាំងថាៈ តើនៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងវិញក៏ពុករលួយអស់ហើយនោះ តើពួកយើងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះឬ?

(83) ជាការពិតណាស់ ពួកយើង និងបុព្វបុរសរបស់ពួកយើង ក៏ត្រូវបានគេសន្យាចំពោះរឿងនេះ(ការពង្រស់មនុស្សឡើងវិញបន្ទាប់ពីស្លាប់)កាលពីមុនដូចគ្នាដែរ ប៉ុន្តែពួកយើងមិនដែលបានឃើញការសន្យានោះកើតឡើងពិតនោះទេ។ រឿងនេះ គ្មានអ្វីក្រៅពីជាការបោកប្រាស់ ភូតកុហករបស់អ្នកជំនាន់មុនប៉ុណ្ណោះ។

(84) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ តើផែនដីនេះនិងអ្វីៗដែលមាននៅលើវានោះ ជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកមានចំណេះដឹងមែននោះ?

(85) ពួកគេនឹងឆ្លើយថាៈ ផែនដី និងអ្វីៗដែលមាននៅលើវានោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនភ្ញាក់រលឹកទេឬថា ពិតប្រាកដណាស់ អ្នកដែលជាម្ចាស់កម្មសិទ្ធិនៃផែនដី និងអ្វីៗដែលមាននៅលើវានោះ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យពួកអ្នកមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកនោះ?

(86) ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងដែលគ្មានម៉ាខ្លូកណាមួយធំជាងវានោះ?

(87) ពួកគេនឹងឆ្លើយថាៈ មេឃទាំងប្រាំពីរជាន់និងអារ៉ស្ហដ៏ធំធេង គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ដើម្បីឲ្យពួកអ្នកមានសុវត្ថិភាពពីទណ្ឌកម្មរបស់ទ្រង់ទេឬ?

(88) ចូរអ្នកសួរទៅកាន់ពួកគេទៀតថាៈ តើអ្នកណាដែលជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ដោយផ្ទាល់ដៃទ្រង់ ដោយគ្មានភាពមិនប្រក្រតីណាមួយនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយទ្រង់ជួយអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចរារាំងចំពោះជនណាដែលទ្រង់ចង់ឲ្យបុគ្គលនោះបានអាក្រក់ និងការពារគេពីទណ្ឌកម្មបាន ប្រសិនបើពួកអ្នកមានការចេះដឹងមែននោះ?

(89) ពួកគេនឹងឆ្លើយថាៈ អ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ ដូច្នេះ តើសតិបញ្ញារបស់ពួកអ្នកបានបាត់បង់ ហើយពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់យ៉ាងដូចម្តេច ខណៈដែលពួកអ្នកទទួលស្គាល់យ៉ាងដូច្នោះហើយនោះ?

(90) រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ យើងបាននាំមកឲ្យពួកគេនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេអះអាងថា អល់ឡោះមានដៃគូ និងមានបុត្រនោះ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីរបស់ពួកគេ(ដែលពួកគេបានចោទប្រកាន់)

(91) អល់ឡោះជាម្ចាស់ទ្រង់មិនមានបុត្រដូចអ្វីដែលពួកប្រឆាំងបានអះអាងនោះឡើយ ហើយក៏គ្មានព្រះណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ហើយប្រសិនបើមានព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយទ្រង់មែននោះ ព្រះនីមួយៗពិតជានឹងនាំយកទៅគ្រប់គ្រងនូវម៉ាខ្លូកណាមួយដែលខ្លួនគេបានបង្កើតរៀងៗខ្លួនជាមិនខានឡើយ ហើយពួកវា(ព្រះទាំងនោះ)នឹងយកប្រៀបលើគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងនៃចក្រវាឡទាំងមូលនឹងត្រូវវិនាសអន្តរាយជាមិនខាន ។ ប៉ុន្តែជាក់ស្តែង រឿងទាំងនោះមិនបានកើតឡើងនោះឡើយ។ នេះជាភស្តុតាងបង្ហាញថា ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ មានតែមួយអង្គប៉ុណ្ណោះ នោះគឺអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនបានពណ៌នាចំពោះទ្រង់នូវលក្ខណៈដែលមិនសាកសមនឹងទ្រង់ដែលថាទ្រង់មានបុត្រ និងមានដៃគូនោះ។

(92) ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនៃម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងនូវអ្វីដែលគេមើលឃើញ និងអ្វីដែលគេអាចដឹងដោយអារម្មណ៍(មិនអាចមើលឃើញ)។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់(មិនឲ្យទ្រង់ដឹង)នោះឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីការដែលថា ទ្រង់មានដៃគូនោះ។

(93) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពិតជាបង្ហាញឲ្យខ្ញុំបានឃើញនូវទណ្ឌកម្មដែលទ្រង់បានសន្យានឹងពួកមុស្ហរីគីនមែននោះ។

(94) ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ដាក់ទណ្ឌកម្មពួកគេ ខណៈដែលខ្ញុំនៅឃើញពួកគេត្រូវទណ្ឌកម្មនោះ សូមទ្រង់មេត្តាកុំឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេដោយឲ្យខ្ញុំទទួលនូវទណ្ឌកម្មដូចដែលពួកគេបានទទួលនោះអ្វី។

(95) ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកមានសមត្ថភាពក្នុងការធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ាត់)អាចមើលឃើញនូវទណ្ឌកម្មដែលយើងបានសន្យាចំពោះពួកគេនោះ។ រឿងនេះ ក៏ដូចជារឿងផ្សេងទៀតដែរ គឺគ្មានអ្វីដែលយើងអសមត្ថភាពនោះឡើយ។

(96) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដែលអ្នកដទៃធ្វើមកលើអ្នកដោយវិធី ឬរបៀបដែលល្អប្រសើរបំផុត ដោយអ្នកអាចអធ្យាស្រ័យចំពោះគេ មានការអត់ធ្មត់ចំពោះការធ្វើបាបរបស់គេ(ចំពោះអ្នក)ជាដើម។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង ដូចជាប្រការស្ហ៊ីរិក និងការបដិសេធ(ចំពោះអ្នក) ហើយនិងអ្វីដែលពួកគេបានប្រឌិត(ចោទប្រកាន់)វាឡើងចំពោះអ្នកដែលមិនសាកសមនឹងអ្នកទាល់តែសោះ ដូចជាការចោទថា អ្នកជាគ្រូមន្តអាគម និងជាមនុស្សវិកលចរិតជាដើម។

(97) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំសុំការការពារពីទ្រង់ពីការពង្វក់របស់ស្ហៃតន និងការយាយីរបស់ពួកវាផងចុះ។

(98) ហើយខ្ញុំសុំពីទ្រង់ ឱម្ចាស់របស់ខ្ញុំ ឲ្យបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាមកក្បែរខ្ញុំក្នុងរឿងអ្វីមួយក៏ដោយក្នុងចំណោមកិច្ចការរបស់ខ្ញុំផង។

(99) លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនទាំងនោះ ហើយគេបានឃើញផ្ទាល់នឹងភ្នែកនូវអ្វីដែលចុះទៅកាន់គេ គេនឹងនិយាយដោយមានវិប្បដិសារីចំពោះអាយុជីវិតរបស់គេដែលបានកន្លងផុតទៅ និងទៅលើអ្វីដែលគេបានធ្វើឲ្យបាត់បង់នូវកាតព្វកិច្ចរបស់អល់ឡោះ(ដោយពួកគេមិនបានបំពេញកាតព្វកិច្ចដែលទ្រង់បានប្រើ) ដោយគេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)ផង។

(100) ដើម្បីខ្ញុំនឹងសាងទង្វើកុសលវិញនៅពេលដែលខ្ញុំបានវិលត្រឡប់ទៅកាន់លោកិយម្តងទៀតនោះ។ មិនដូច្នោះទេ! រឿងនោះមិនដូចអ្វីដែលគេទាមទារ ឬស្នើសុំនោះឡើយ។ ពិតប្រាកដណាស់ វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយទទេៗតែប៉ុណ្ណោះ ពីព្រោះទោះបីជារូបគេត្រូវបានគេ(អល់ឡោះ)ឲ្យត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតក៏ដោយ ក៏គេនឹងមិនធ្វើតាមអ្វីដែលគេបានសន្យាចំពោះវា(ថានឹងធ្វើល្អ)នោះដែរ។ ហើយអ្នកដែលស្លាប់ទាំងនោះ នឹងស្ថិតនៅក្នុងជញ្ជាំងខណ្ឌមួយរវាងលោកិយ និងថ្ងៃបរលោក រហូតដល់ថ្ងៃដែលគេពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។ ដូច្នេះ ពួកគេមិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញដើម្បីឲ្យពួកគេអាចបំពេញនូវអ្វី(កាតព្វកិច្ច)ដែលពួកគេបានខកខាន និងកែលម្អនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តខុសឆ្គងនោះឡើយ។

(101) ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកលើការផ្លុំត្រែបានផ្លុំត្រែលើកទីពីរ ជាការប្រកាសពីថ្ងៃបរលោកហើយនោះ ពេលនោះ គ្មានសាច់សាលោហិតរវាងពួកគេដែលពួកគេអួតអាងនឹងវាទៀតនោះទេ ដោយសារតែការមមាញឹករបស់ពួកគេម្នាក់ៗពីស្ថានភាពដ៏រន្ធត់នាថ្ងៃបរលោកនោះ ហើយពួកគេក៏គ្មានការសួរគ្នាទៅវិញទៅមកនោះដែរ ដោយសារតែការមមាញឹករបស់ពួកគេនឹងអ្វីដែលសំខាន់ចំពោះពួកគេ។

(102) ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីងនៃអំពើល្អរបស់គេមានទម្ងន់ធ្ងន់ជាងអំពើអាក្រក់នោះ ពិតណាស់អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យ ដោយពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។

(103) តែជនណាហើយដែលភ្នែកជញ្ជីងនៃអំពើអាក្រក់របស់គេមានទម្ងន់ធ្ងន់ជាងអំពើល្អនោះ ពិតណាស់អ្នកទាំងនោះហើយគឺជាពួកដែលបានខាតបង់ខ្លួនឯងដោយសារតែការប្រព្រឹត្តនូវទង្វើដែលនាំគ្រោះថ្នាក់ដល់ខ្លួន ហើយបោះបង់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនគេ ដូចជាការមានជំនឿ និងការសាងនូវទង្វើកុសលផ្សេងៗ។ ហើយពួកគេ គឺស្ថិតនៅក្នុងនកជើហាន់ណាំ(ជាអមតៈ)ដោយគ្មានថ្ងៃចេញឡើយ។

(104) ភ្លើងនរកបានឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។

(105) ហើយមានគេពោលទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសចំពោះពួកគេថាៈ តើគេមិនធ្លាប់បានសូត្របណ្តាវាក្យខណ្ឌនៃគម្ពីរគួរអានឲ្យពួកអ្នកស្តាប់កាលនៅក្នុងលោកិយ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ?

(106) ពួកគេបានតបថាៈ ឱម្ចាស់របស់ពួកយើង! ចំណង់ចំណូលចិត្តរបស់ពួកយើងបានគ្របដណ្តប់មកលើពួកយើងដូចដែលទ្រង់បានដឹងពីមុនមក ហើយពួកយើងគឺជាក្រុមមួយដែលវង្វេងចេញពីការពិត។

(107) ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចេញពួកយើងពីឋាននរកផងចុះ។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងត្រឡប់ទៅ(កាន់លោកិយ)ធ្វើអ្វីដែលពួកយើងធ្លាប់បានធ្វើពីមុននៃការប្រឆាំង និងការវង្វេងទៀតនោះ ជាការពិតណាស់ ពួកយើងគឺជាពួកដែលបំពានលើខ្លួនឯង ហើយពេលនោះ ពួកយើងក៏គ្មានអ្វីដោះសារទៀតនោះដែរ។

(108) អល់ឡោះទ្រង់បានមានបន្ទូលតប(ទៅកាន់ពួកគេ)វិញថាៈ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះដោយភាពអាម៉ាស់ទៅចុះ ហើយចូរពួកឯងកុំនិយាយជាមួយនឹងយើងទៀតឲ្យសោះ។

(109) ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿនឹងយើង ពួកគេបានបួងសួថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿចំពោះទ្រង់ហើយ។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។

(110) តែពួកអ្នកបែរជាបានសើចចំអក និងប្រមាថមើលងាយចំពោះបណ្តាអ្នកមានជំនឿដែលបានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងនោះ ហើយពួកអ្នកសើចចំអកឲ្យពួកគេរហូតដល់យើងបានធ្វើឲ្យពួកអ្នករវល់នឹងការសើចចំអកចំពោះពួកគេភ្លេចនូវការរំលឹកមកចំពោះយើង(អល់ឡោះ)។ ហើយពួកអ្នកបានសើចចំអកឡកឡឺយ និងមើលងាយចំពោះពួកគេ។

(111) ពិតប្រាកដណាស់ យើងបានតបស្នងដល់បណ្តាអ្នកមានជំនឿទាំងនោះនូវជោគជ័យដោយទទួលបានឋានសួគ៌នៅថ្ងៃបរលោក ដោយសារតែការអត់ធ្មត់របស់ពួកគេចំពោះការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ទៅលើអ្វីដែលពួកគេទទួលរងនូវការធ្វើទុក្ខបុកម្នេញពីពួកអ្នក។

(112) ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ? ហើយតើរយៈពេលប៉ុន្មានដែរដែលពួកអ្នកបានខ្ជះខ្ជាយពេលវេលានៅក្នុងលោកិយនោះ?

(113) ពេលនោះ ពួកគេក៏បានឆ្លើយតបដោយសម្តីរបស់ពួកគេថាៈ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមទ្រង់សួរអ្នកដែលចេះគណនាពីថ្ងៃខែទៅ។

(114) ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ដែលវាងាយស្រួលបំផុតក្នុងការអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះនៅក្នុងលោកិយនោះ ប្រសិនបើពួកអ្នកពិតជាបានដឹងពីរយៈពេលនៃការរស់នៅរបស់ពួកអ្នកមែននោះ។

(115) តើពួកអ្នក(ឱមនុស្សលោក)គិតថាៈ ពិតណាស់ យើងបានបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ដោយគ្មានបុព្វហេតុ(ក្នុងការបង្កើតពួកអ្នក) គ្មាន(ការតបស្នង)ផលបុណ្យ និងគ្មាន(ការដាក់)ទណ្ឌកម្ម (ដោយបង្កើតពួកអ្នកទទេៗ)ដូចជាសត្វធាតុ ហើយពួកអ្នកពិតជាមិនត្រូវបានគេឲ្យវិលត្រឡប់មកជួបយើងវិញនៅថ្ងៃបរលោកនេះដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះឬ?

(116) ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាបរិសុទ្ធ ជាស្តេចដែលគ្រប់គ្រង និងចាត់ចែងចំពោះម៉ាខ្លូករបស់ទ្រង់តាមតែទ្រង់មានចេតនា។ ទ្រង់គឺជាម្ចាស់ដ៏ពិត ការសន្យារបស់ទ្រង់ គឺជាការពិត ពាក្យបន្ទូលរបស់ទ្រង់គឺជាការពិត ហើយក៏គ្មានព្រះណាផ្សេងដែលត្រូវបានគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើងដែលជាម៉ាខ្លូកដ៏ធំធេងជាងគេបំផុត។ ហើយអ្នកណាហើយដែលជាម្ចាស់របស់ម៉ាខ្លូកដែលធំជាងគេ(អារ៉ស្ហ)នោះ ជាការពិតណាស់ ទ្រង់ក៏ជាម្ចាស់នៃគ្រប់អ្វីៗទាំងអស់ដែរ។

(117) ហើយជនណាដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់លើភាពសាកសមរបស់វាក្នុងការត្រូវគោរពសក្ការៈនោះ (រឿងនេះកើតមានគ្រប់អ្នកដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះទាំងអស់) ជាការពិតណាស់ ការតបស្នងចំពោះទង្វើដ៏អាក្រក់នេះ គឺស្ថិតនៅលើម្ចាស់របស់គេ។ ពិតណាស់ ទ្រង់នឹងតបស្នងនូវទណ្ឌកម្មចំពោះពួកគេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ នឹងមិនទទួលបានជោគជ័យតាមអ្វីដែលពួកគេប្រាថ្នានោះឡើយ ហើយក៏មិនអាចរួចផុតពីអ្វីដែលពួកគេរត់គេចនោះដែរ។

(118) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងអាណិតស្រឡាញ់ចំពោះខ្ញុំដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។ ហើយទ្រង់គឺជាអ្នកអាណិតស្រឡាញ់ដ៏ប្រសើរបំផុតចំពោះអ្នកដែលមានបាបកម្មទាំងឡាយ។ ដូច្នេះ ទ្រង់ក៏ទទួលយកនូវការសារភាពកំហុសរបស់គាត់(ព្យាការីមូហាំម៉ាត់)