86 - At-Taariq ()

|

(1) អល់ឡោះបានស្បថនឹងមេឃ និងទ្រង់បានស្បថនឹងផ្កាយមួយដួងដែលបញ្ចេញរស្មីនៅពេលរាត្រី។

(2) តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អាត់តរិក ជាអ្វីនោះ?

(3) វាគឺជាផ្កាយមួយដួងដែលបញ្ចេញរស្មីយ៉ាងចិញ្ចែងចិញ្ចាចនៅលើមេឃ។

(4) ហើយជីវិតគ្រប់រូបសុទ្ធតែត្រូវបានអល់ឡោះឱ្យម៉ាឡាអ៊ីកាត់មួយរូបទទួលខុសត្រូវចំពោះវា ដោយថែរក្សា(កត់ត្រាទុក)ទង្វើរបស់គេដើម្បីជំនុំជម្រះនៅថ្ងៃបរលោក។

(5) ដូចេ្នះ ចូរឱ្យមនុស្សលោកពិចារណាមើលចុះ ថាតើអល់ឡោះបានបង្កើតរូបគេមកពីអ្វី ដើម្បីឱ្យគេបានដឹងច្បាស់ពីសមត្ថភាពដ៏អស្ចារ្យរបស់អល់ឡោះ និងការអសមត្ថភាពរបស់មនុស្សលោក។

(6) អល់ឡោះបានបង្កើតរូបគេពីទឹកកាមដែលបាញ់បញ្ចូលទៅក្នុងស្បូនមនុស្សស្រី។

(7) ទឹកនេះ គឺចេញពីឆ្អឹងខ្នងរបស់បុរស និងឆ្អឹងជំនីស្ត្រី។

(8) ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ ប្រសិនបើទ្រង់អាចបង្កើតរូបគេពីទឹកកាមដ៏ទន់ខ្សោយបាននោះ ពិតណាស់ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពអាចធ្វើឱ្យគេមានជីវិតសារជាថ្មីបន្ទាប់ពីរូបគេបានស្លាប់ដើម្បីជំនុំជំរះនិងទទួលការតបស្នងនោះដែរ។

(9) នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង ដោយគេលាតត្រដាងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត ដូចការនៀត(ការប៉ង) គោលជំនឿទាំងឡាយ និងអ្វីផ្សេងទៀត។ ដូច្នេះ គេអាចវែកញែករវាងអ្នកដែលធ្វើល្អ និងអ្នកដែលធ្វើអាក្រក់បាន។

(10) ពិតណាស់មនុស្សលោកនៅថ្ងៃនោះ គឺរូបគេគ្មានអានុភាពណាមួយអាចរារាំងខ្លួនរបស់គេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ ហើយក៏គ្មានអ្នកជួយសង្រ្គោះរូបគេ(ពីទណ្ឌកម្ម)នោះដែរ។

(11) អល់ឡោះស្បថនឹងមេឃដែលពោពេញដោយទឹកភ្លៀង ពីព្រោះវាធ្លាក់ពីលើមេឃម្តងហើយម្តងទៀត(មិនចេះអស់)

(12) ហើយទ្រង់ស្បថនឹងផែនដីដែលប្រេះបែកដោយសារការដុះចេញនូវរុក្ខជាតិ ផល្លានុផល និងដើមឈើជាច្រើន។

(13) ពិតប្រាកដណាស់ គម្ពីរគួរអានដែលបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺជាពាក្យវែកញែករវាងត្រូវនិងខុស ការពិតនិងការភូតកុហក។

(14) ហើយគម្ពីរគួរអានមិនមែនសម្រាប់លេងសើច ផ្ទុយទៅវិញវាគឺជាការពិត។

(15) ពិតប្រាកដណាស់ ពួកដែលបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកនោះ បានប្រើកលល្បិចជាច្រើនដើម្បីច្រានចោល(បដិសេធ)នូវការអំពាវនាវរបស់គាត់(អ្នកនាំសារ) និងបំផ្លាញការអំពាវនាវនោះ។

(16) ហើយយើង(អល់ឡោះ)ក៏មានផែនការតបតនឹងពួកគេវិញដែរ ដើម្បីបង្ហាញពីសាសនាពិតនិងប្រឆាំងនឹងប្រការមិនពិត។

(17) ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿទាំងនោះមួយរយៈពេលខ្លីសិនចុះ និងកុំសុំឱ្យទណ្ឌកម្មនិងការវិនាសអន្តរាយឆាប់កើតមានចំពោះពួកគេអ្វី។