26 - Ash-Shu'araa ()

|

(1) ត ស៊ីន មីម (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ)

(2) ទាំងនេះ គឺជាបណ្តាវាក្យខណ្ឌរបស់គម្ពីរគួរអានដ៏ច្បាស់លាស់ដែលបញ្ជាក់ពីប្រការដែលពិត និងប្រការដែលមិនពិត។

(3) ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងសម្លាប់ខ្លួនឯងដោយសារតែទុក្ខព្រួយ និងការយកចិត្តទុកដាក់របស់អ្នកលើការចង្អុលបង្ហាញពួកគេទៅហើយ។

(4) ប្រសិនបើយើងមានចេតនាបញ្ចុះនូវសញ្ញាភស្តុតាងណាមួយពីលើមេឃទៅកាន់ពួកគេនោះ យើងពិតជានឹងបញ្ចុះវាទៅកាន់ពួកគេជាមិនខាន។ នៅពេលនោះ ច្បាស់ជាក្បាលរបស់ពួកគេនឹងឱនលំទោនមករកវាជារៀងរហូតមិនខានឡើយ។ ក៏ប៉ុន្តែ យើងមិនមានចេតនាដូច្នោះឡើយ ដើម្បីជាការសាកល្បងចំពោះពួកគេ ថាតើពួកគេមានជំនឿនឹងប្រការអាថ៌កំបាំងដែរឬទេ?

(5) ហើយគ្មានការរំលឹកណាមួយដែលថ្មីដែលត្រូវបានគេបញ្ចុះវាពីម្ចាស់ដ៏មហាសប្បុរសបានមកដល់ពួកមុស្ហរីគីនទាំងនោះដោយមាននូវភស្តុតាងដែលបញ្ជាក់អំពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងបញ្ជាក់ពីសច្ចភាពរបស់ព្យាការីរបស់ទ្រង់នោះឡើយ លើកលែងតែពួកគេបានងាកចេញមិនស្តាប់វា និងមិនមានការជឿជាក់ចំពោះវាឡើយ។

(6) ដូច្នេះ ជាការពិតណាស់ ពួកគេបានបដិសេធចំពោះអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកកាន់ពួកគេ។ ដូចនេះ ការបញ្ជាក់ពីដំណឹងដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ នឹងមកដល់ពួកគេ ហើយទណ្ឌកម្មប្រាកដជានឹងធ្លាក់លើពួកគេជាមិនខាន។

(7) តើពួកដែលបន្តស្ថិតលើការប្រឆាំងដែលនៅសេសសល់ទាំងនោះ ពួកគេមិនបានមើលទៅកាន់ផែនដីទេឬ ថាតើយើងបានបណ្តុះនៅលើវា(ផែនដី)នោះនូវរុក្ខជាតិប៉ុន្មានប្រភេទក្នុងចំណោមប្រភេទនៃរុក្ខជាតិដែលមានទេសភាពដ៏ល្អស្រស់ស្អាត និងមានផលប្រយោជន៍ជាច្រើននោះ?

(8) ពិតប្រាកដណាស់ នៅក្នុងការបណ្តុះចេញពីដីនូវរុក្ឋជាតិជាច្រើនប្រភេទខុសៗគ្នាបែបនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសមត្ថភាពរបស់(អល់ឡោះ)អ្នកដែលបណ្តុះវា(រុក្ខជាតិ)ក្នុងការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញបាន។ ក៏ប៉ុន្តែ ពួកគេភាគច្រើនគ្មានជំនឿឡើយ។

(9) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់ដ៏មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។

(10) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) ខណៈពេលដែលម្ចាស់របស់អ្នកបានហៅព្យាការីមូសាដោយដាក់បទបញ្ជាចំពោះគេដោយឲ្យគេធ្វើដំណើរទៅកាន់ក្រុមដែលបំពាន តាមរយៈការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការយកក្រុមរបស់ព្យាការីមូសាធ្វើជាទាសករនោះ។

(11) ហើយពួកគេនោះ គឺជាក្រុមរបស់ហ្វៀរអោន។ ហើយគេ(ព្យាការីមូសា)ត្រូវបង្គាប់ប្រើពួកគេដោយទន់ភ្លន់បំផុត ដោយឲ្យពួកគេគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។

(12) ព្យាការីមូសាបានតបថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំចំពោះអ្វីដែលខ្ញុំបានផ្សព្វផ្សាយវាដល់ពួកគេអំពីទ្រង់នោះ។

(13) ហើយទ្រូងរបស់ខ្ញុំបានចង្អៀតដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំ ហើយអណ្តាតរបស់ខ្ញុំក៏និយាយមិនសូវច្បាស់ទៀត។ ដូច្នេះ សូមទ្រង់មេត្តាបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីលទៅកាន់បងប្រុសរបស់ខ្ញុំ ហារូន ដើម្បីឲ្យគាត់ធ្វើជាជំនួយការសម្រាប់ខ្ញុំផងចុះ។

(14) ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋមួយជាមួយពួកគេ ដោយសារតែខ្ញុំបានសម្លាប់ពួក”គិបទី”ម្នាក់។ ដូច្នេះ ខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំវិញ(ប្រសិនបើខ្ញុំទៅជួបពួកគេនោះ)

(15) អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ព្យាការីមូសាវិញថាៈ ទេ! ពួកគេមិនអាចសម្លាប់អ្នកបានជាដាច់ខាត។ ហេតុនេះ ចូរអ្នក និងបងប្រុសរបស់អ្នក ហារូន នាំយកនូវសញ្ញាភស្តុតាងរបស់យើងដែលជាភស្តុតាងបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកទាំងពីរចុះ។ ជាការពិតណាស់ យើងនៅជាមួយនឹងអ្នកទាំងពីរដោយការជួយនិងការគាំទ្រ ជាអ្នកដែលដឹងឮនៅពេលដែលពួកអ្នកបាននិយាយ និងនៅពេលដែលគេនិយាយមកកាន់ពួកអ្នក។ គ្មានអ្វីមួយដែលអាចរំលងផុតពីយើងដោយយើងមិនបានដឹងឮពីវានោះឡើយ។

(16) ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយនិយាយទៅកាន់គេថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់ គឺជាអ្នកនាំសារនៃម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់(ដែលត្រូវបានគេបញ្ជូន)មកកាន់អ្នក។

(17) សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយពួកយើងផង។

(18) ហ្វៀរអោនក៏បានតបទៅកាន់ព្យាការីមូសាថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ថែរក្សាអ្នកនៅក្នុងគ្រួសាររបស់យើងកាលអ្នកនៅតូច ហើយបានឲ្យអ្នករស់នៅជាមួយយើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ? តើអ្វីដែលអូសទាញអ្នកទៅកាន់ការអះអាងថា រូបអ្នកជាព្យាការី(របស់អល់ឡោះ)នោះ?

(19) ហើយអ្នកបានប្រព្រឹត្តរឿង(បទឧក្រិដ្ឋ)ដ៏ធំមួយ ខណៈដែលអ្នកបានសម្លាប់បុរស”គិបទី”ម្នាក់ ដើម្បីជួយដល់បុរសម្នាក់នៃក្រុមរបស់អ្នកនោះ។ ហើយអ្នក គឺជាមនុស្សដែលស្ថិតនៅក្នុងចំណោមអ្នកដែលរមិលគុណចំពោះគុណបំណាច់របស់យើងចំពោះអ្នក។

(20) ព្យាការីមូសាបានតបទៅកាន់ហ្វៀរអោនវិញដោយទទួលស្គាល់(ចំពោះអ្វីដែលហ្វៀរអោនបានលើកឡើង)ថាៈ ខ្ញុំពិតជាបានសម្លាប់បុរសនោះមែនខណៈដែលខ្ញុំស្ថិតក្នុងចំណោមអ្នកដែលល្ងង់ខ្លៅ មុនពេលដែលវ៉ាហ៊ីបានមកល់ខ្ញុំ។

(21) ហើយខ្ញុំក៏បានរត់គេចចេញពីពួកអ្នកទៅកាន់ស្រុកម៉ាទយ៉ាន់ក្រោយពីខ្ញុំបានសម្លាប់គេ ដោយសារតែខ្ញុំខ្លាចពួកអ្នកសម្លាប់ខ្ញុំវិញ(ព្រោះតែខ្ញុំបានសម្លាប់គេ)។ ក្រោយមក ម្ចាស់របស់ខ្ញុំបានផ្តល់នូវចំណេះដឹងដល់ខ្ញុំ ហើយបានតែងតាំងខ្ញុំជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបញ្ជូនពួកគេទៅកាន់មនុស្សលោក។

(22) ហើយការដែលអ្នកចិញ្ចឹមបីបាច់ថែរក្សាខ្ញុំដោយអ្នកមិនបានយកខ្ញុំធ្វើជាទាសករ ខណៈដែលអ្នកបានយកអម្បូរអ៊ីស្រាអែលផ្សេងទៀតធ្វើជាទាសករនោះ គឺជាគុណបំណាច់ដ៏ពិតប្រាកដមួយដែលអ្នកបានផ្តល់វាឲ្យខ្ញុំ ក៏ប៉ុន្តែនោះ មិនអាចរារាំងខ្ញុំមិនឲ្យអំពាវនាវអ្នកនោះទេ។

(23) ហ្វៀរអោនបានសួរទៅកាន់ព្យាការីមូសាថាៈ ហើយតើអ្វីទៅដែលជាម្ចាស់នៃម៉ាខ្លូកទាំងឡាយដែលអ្នកបានអះអាងថា អ្នកគឺជាអ្នកនាំសារម្នាក់របស់ទ្រង់នោះ?

(24) ព្យាការីមូសាក៏បានឆ្លើយតបទៅកាន់ហ្វៀរអោនវិញថាៈ ម្ចាស់នៃម៉ាខ្លូកទាំងអស់នោះ ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាម្ចាស់នៃផែនដី ហើយនិងជាម្ចាស់នៃអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ។ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿច្បាស់លាស់ថា ទ្រង់គឺជាម្ចាស់របស់ពួកវាទាំងនោះមែននោះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់។

(25) ហ្វៀរអោនក៏បាននិយាយទៅកាន់ពួកមន្ត្រីដែលនៅជុំវិញគេដែលជាបក្សពួករបស់គេថាៈ តើពួកអ្នកមិនបានឮនូវចម្លើយរបស់មូសា ហើយនិងពាក្យអះអាងភូតកុហក(របស់គេ)ទេឬ?

(26) ព្យាការីមូសាបាននិយាយទៅកាន់ពួកគេទៀតថាៈ អល់ឡោះជាម្ចាស់នោះ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់ជីដូនជីតារបស់ពួកអ្នកពីមុនៗមកផងដែរ។

(27) ហ្វៀរអោនបាននិយាយថាៈ ជាការពិតណាស់ អ្នកដែលអះអាងថា ខ្លួនគេគឺជាអ្នកនាំសារមកកាន់ពួកអ្នកនោះ គឺពិតជាមនុស្សវិកលចរិតដែលមិនដឹងថាត្រូវឆ្លើយដូចម្តេច ហើយនិយាយនូវអ្វីដែលគេយល់មិនដល់។

(28) ព្យាការីមូសាបានពោលថាៈ អល់ឡោះជាម្ចាស់ដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ទ្រង់នោះ គឺជាម្ចាស់នៃទិសខាងកើត និងជាម្ចាស់នៃទិសខាងលិច ហើយក៏ជាម្ចាស់នៃអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ ប្រសិនបើពួកអ្នកពិតជាមានសតិបញ្ញាដែលចេះគិតពិចារណាពិតមែននោះ។

(29) ក្រោយពីហ្វៀរអោនអសមត្ថភាពក្នុងការជជែកវែកញែកជាមួយព្យាការីមូសារួចមក គេក៏បាននិយាយទៅកាន់ព្យាការីមូសាថាៈ ប្រសិនបើអ្នកគោរពសក្ការៈចំពោះម្ចាស់ផ្សេងក្រៅពីយើងនោះ យើងនឹងធ្វើឲ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវគេឃុំឃាំងមិនខានឡើយ។

(30) ព្យាការីមូសាក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ តើអ្នកនឹងដាក់ខ្ញុំទៅក្នុងចំណោមអ្នកដែលត្រូវគេឃុំឃាំងឬ បើទោះបីជាខ្ញុំបាននាំមកកាន់អ្នកនូវអ្វីដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំចំពោះអ្វីដែលខ្ញុំបាននាំមកកាន់អ្នកអំពីអល់ឡោះជាម្ចាស់ក៏ដោយនោះ?

(31) ហ្វៀនអោនបានតបថាៈ បើដូច្នោះមែន ចូរអ្នកនាំយកនូវអ្វីដែលអ្នកលើកឡើងថា វាគឺជាសញ្ញាភស្តុតាងដែលបង្ហាញទៅលើសច្ចភាពរបស់អ្នកមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងចំពោះវាមែននោះ។

(32) នៅពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់ទៅលើដី។ រំពេចនោះ វាក៏បានប្រែក្លាយទៅជាសត្វពស់មួយយ៉ាងពិតប្រាកដសម្រាប់អ្នកដែលទស្សនាទាំងឡាយ។

(33) ហើយគាត់(ព្យាការីមូសា)ក៏ដាក់ដៃរបស់គាត់ចូលទៅក្នុងហោប៉ៅរបស់គាត់ដោយវាគ្មានពន្លឺសចែងចាំងអ្វីនោះទេ។ តែនៅពេលដែលគាត់បានដកដៃរបស់គាត់ចេញ(ពីហោប៉ៅ)មកវិញ រំពេចនោះ វាក៏មានពន្លឺសចែងចាំង ជាពន្លឺរស្មីដែលសចែងចាំង ពុំមែនជាពន្លឺសភឿកនោះទេ ហើយអ្នកដែលនៅទស្សនាទាំងអស់ក៏បានឃើញយ៉ាងដូច្នោះដែរ។

(34) ហ្វៀរអោនក៏បាននិយាយទៅកាន់ពួកមន្ត្រីដែលនៅជុំវិញគេដែលជាបក្សពួករបស់គេថាៈ ពិតប្រាកដណាស់ បុរសម្នាក់នេះ គឺជាគ្រូមន្តអាគមម្នាក់ដែលចេះមន្តអាគមដ៏ប៉ិនប្រសប់បំផុត។

(35) គេចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេ។ ដូច្នេះ តើពួកអ្នកមានគំនិតបែបណាដែរ? តើយើងគួរទប់ទល់នឹងគេវិញយ៉ាងដូចម្តេច?

(36) ពួកគេបានឆ្លើយថាៈ ចូរអ្នកពន្យារពេលឲ្យគេ និងបងប្រុសរបស់គេសិនចុះ កុំប្រញាប់ដាក់ទណ្ឌកម្មចំពោះគេទាំងពីរ។ ហើយចូរអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងនៃប្រទសអេហ្ស៊ីបនេះ ដើម្បីប្រមូលអ្នកចេះមន្តអាគមទាំងអស់មក។

(37) ពួកគេនឹងនាំមកឲ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញបំផុតខាងមន្តអាគម។

(38) ក្រោយមក ហ្វៀរអោនក៏បានប្រមូលពួកដែលចេះមន្តអាគមរបស់គេទាំងអស់ដើម្បីប្រកួតជាមួយនឹងព្យាការីមូសា នៅក្នុងពេលវេលានិងទីកន្លែងមួយដែលត្រូវបានកំណត់ជាក់លាក់។

(39) ហើយមានគេនិយាយទៅកាន់មនុស្សលោក(ដែលមកចូលរួមទស្សនា)ថាៈ តើពួកអ្នកមកជួបជុំគ្នានេះដើម្បីមើល ថាតើមូសា ឬក៏ពួកគ្រូមន្តអាគមដែលជាអ្នកឈ្នះឬ?

(40) សង្ឃឹមថា ពួកយើងនឹងតាមសាសនារបស់គ្រូមន្តអាគមទាំងនោះប្រសិនបើពួកគេទទួលជ័យជម្នះលើមូសានោះ។

(41) ហើយនៅពេលដែលពួកគ្រូមន្តអាគមទាំងនោះបានមកដល់ហ្វៀរអោនដើម្បីប្រកួតជាមួយនឹងព្យាការីមូសា ពួកគេបាននិយាយទៅកាន់ហ្វៀរអោនថាៈ តើពួកយើងនឹងទទួលបានការតបស្នងជាតំណែង ឬរង្វាន់អ្វីដែរឬទេ ប្រសិនបើពួកយើងអាចយកឈ្នះលើមូសាបាននោះ?

(42) ហ្វៀរអោនបានតបទៅកាន់ពួកគេវិញថាៈ បាទ ពួកអ្នកនឹងទទួលបាននូវការតបស្នង(ពីយើង)។ ហើយពិតណាស់ នៅពេលដែលពួកអ្នកយកឈ្នះលើគេបាននោះ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិតរបស់យើង ដោយយើងនឹងផ្តល់នូវតំណែងដ៏ខ្ពង់ខ្ពស់ដល់ពួកអ្នក។

(43) ព្យាការីមូសាបាននិយាយទៅកាន់ពួកគេប្រកបដោយភាពជឿជាក់ចំពោះការជួយរបស់អល់ឡោះ និងប្រាកដច្បាស់(ក្នុងចិត្ត)ថា ពិតណាស់អ្វីដែលគាត់មាននោះ គឺមិនមែនជាមន្តអាគមនោះទេ ដោយគាត់ពោលថាៈ ចូរពួកអ្នកបោះខ្សែ និងដំបងរបស់ពួកអ្នក(មុន)ចុះ។

(44) ពេលនោះ ពួកគេក៏បានបោះខ្សែនិងដំបងរបស់ពួកគេ ហើយពួកគេបានស្បថនៅពេលដែលពួកគេបានបោះវាថាៈ ដោយអំណាចរបស់ហ្វៀរអោន ជាការពិតណាស់ ពួកយើង ពិតជាអ្នកដែលទទួលជ័យជម្នះ(អ្នកឈ្នះ) ហើយមូសា គឺជាអ្នកដែលទទួលបរាជ័យ(អ្នកចាញ់)

(45) បន្ទាប់មក ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់ដ៏ធំមួយ ហើយវាក៏ទៅលេបនូវអ្វីដែលពួកគេ(គ្រូមន្តអាគម)កំពុងបំភ័ន្តភ្នែកមនុស្សអំពីមន្តអាគមនោះ។

(46) នៅពេលដែលគ្រូមន្តអាគមទាំងនោះបានឃើញដំបងរបស់ព្យាការីមូសាបានលេបនូវមន្តអាគមរបស់ពួកគេដែលពួកគេបានបោះនោះ ពួកគេក៏លំឱនកាយស៊ូជោត។

(47) ដោយពួកគេបាននិយាយថាៈ ពួកយើងមានជំនឿហើយនឹងម្ចាស់នៃម៉ាខ្លូកទាំងអស់។

(48) ដែលជាម្ចាស់របស់ព្យាការីមូសា និងជាម្ចាស់របស់ព្យាការីហារូន។

(49) ហ្វៀរអោនក៏បាននិយាយបដិសេធចំពោះការមានជំនឿរបស់គ្រូមន្តអាគមទាំងនោះថាៈ តើពួកអ្នកមានជំនឿចំពោះមូសាមុននឹងយើងអនុញ្ញាតឲ្យពួកអ្នកមានជំនឿឬ? ជាការពិតណាស់ មូសា គឺជាគ្រូរបស់ពួកអ្នកដែលបានបង្រៀនមន្តអាគមដល់ពួកអ្នក ហើយពិតណាស់ ពួកអ្នកទាំងអស់គ្នាបានសហការគ្នាក្នុងការបណ្តេញប្រជាជនអេហ្ស៊ីបទាំងអស់ចេញពីទឹកដីរបស់ពួកគេ។ ដូច្នេះ ពួកអ្នកគង់តែនឹងដឹងពីទារុណកម្មដែលនឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ យើងពិតជានឹងកាត់ជើងម្ខាង ហើយនិងដៃម្ខាងឆ្លាស់គ្នារវាងវាទាំងពីរ ដោយកាត់ជើងស្តាំនឹងដៃឆ្វេង ហើយនិងផ្ទុយមកវិញ(កាត់ជើងឆ្វេងនឹងដៃស្តាំ)។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នាទៅនឹងគល់ល្មើដោយមិនលើកលែងនរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ។

(50) ពួកគ្រូមន្តអាគមទាំងនោះក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ គ្មានគ្រោះថ្នាក់អ្វីនោះទេចំពោះការគំរាមរបស់អ្នកមកចំពោះពួកយើង ដែលថានឹងកាត់(ដៃជើងឆ្លាស់គ្នា) និងចងឆ្កាងពួកយើងនៅក្នុងលោកិយនេះនោះ ពីព្រោះទារុណកម្មរបសស់អ្នក(ចំពោះពួកយើង)នឹងបាត់បង់ទៅវិញ ហើយពួកយើងនឹងវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកយើងវិញជាមិនខាន។ ហើយ(ពេលនោះ)ទ្រង់នឹងបញ្ចូលពួកយើងទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់ជារៀងរហូត។

(51) ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថា អល់ឡោះជាម្ចាស់ទ្រង់នឹងលុបលាងបាបកម្មទាំងឡាយរបស់ពួកយើងពីមុនមកដែលពួកយើងធ្លាប់បានប្រព្រឹត្តនោះ ពីព្រោះពួកយើងគឺជាអ្នកដែលមានជំនឿ និងជឿជាក់ចំពោះព្យាការីមូសាមុនគេ។

(52) ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាដោយបង្គាប់ប្រើគេឲ្យនាំអម្បូរអ៊ីស្រាអែលភៀសខ្លួនចេញទាំងយប់ ពីព្រោះហ្វៀរអោន ហើយនិងបក្សពួករបស់គេតាមចាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ហើយ ដើម្បីនាំពួកគេត្រឡប់ទៅវិញ។

(53) នៅពេលនោះ ហ្វៀរអោនបានចាត់តាំងមេទ័ពរបស់គេមួយចំនួនឲ្យប្រមូលទ័ពតាមបណ្តាក្រុងនានាដើម្បីតាមចាប់អម្បូរអ៊ីស្រាអែលឲ្យត្រឡប់មកវិញ នៅពេលដែលគេ(ហ្វៀរអោន)បានដឹងពីការរត់ភៀសខ្លួនរបស់ពួកគេ(អម្បូរអ៊ីស្រាអែល)ចេញពីទឹកដីអេហ្ស៊ីបនោះ។

(54) ហ្វៀរអោនបាននិយាយដោយមើលស្រាលចំពោះអម្បូរអ៊ីស្រអែលថាៈ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមតូចមួយប៉ុណ្ណោះ។

(55) ហើយពិតណាស់ ពួកគេបានធ្វើនូវទង្វើដែលធ្វើឲ្យយើងខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេ។

(56) ហើយពិតណាស់ ពួកយើងទាំងអស់គ្នាបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីតាមចាប់ពួកគេ។

(57) ដូច្នេះ យើង(អល់ឡោះ)បានបណ្តេញហ្វៀរអោននិងបក្សពួករបស់គេចេញពីទឹកដីអេហ្ស៊ីបដែលពោរពេញទៅដោយសួនឧទ្យាន មានប្រភពទឹកហូរជាច្រើន។

(58) និងមានឃ្លាំងទ្រព្យដ៏មានតម្លៃ ហើយនិងឋានៈដ៏ខ្ពង់ខ្ពស់។

(59) ហើយដូចដែលយើងបានបណ្តេញហ្វៀរអោននិងបក្សពួករបស់គេចេញពីឧបការគុណទាំងនេះដែរ យើងបានប្រទាននូវឧបការគុណទាំងនេះឲ្យអម្បូរអ៊ីស្រាអែលនៅក្នុងទឹកដីស្ហាមបន្ទាប់ពីពួកគេ(ហ្វៀរអោននិងបក្សពួករបស់គេ)

(60) ហើយហ្វៀរអោននិងបក្សពួករបស់គេបានតាមទាន់អម្បូរអ៊ីស្រាអែលនៅពេលថ្ងៃរះ។

(61) ហើយនៅពេលដែលហ្វៀរអោននិងបក្សពួករបស់គេបានជួបនឹងព្យាការីមូសានិងក្រុមរបស់គាត់ ដោយក្រុមនីមួយៗបានមើលឃើញគ្នាទៅវិញទៅមក ក្រុមរបស់ព្យាការីមូសាក៏បាននិយាយថាៈ ពិតប្រាកដណាស់ ហ្វៀរអោននិងបក្សពួករបស់គេនឹងតាមទាន់ពួកយើងហើយ ហើយពួកយើងនឹងមិនមានផ្លូវអាចគេចពីពួកគេបាននោះឡើយ។

(62) ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថាៈ រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតស្មានឡើយ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់ស្ថិតនៅជាមួយខ្ញុំដោយការពង្រឹង និងការជួយ។ ទ្រង់នឹងបង្ហាញផ្លូវខ្ញុំ និងចង្អុលបង្ហាញខ្ញុំទៅកាន់ផ្លូវដែលជោគជ័យ(រួចផុតពីហ្វៀរអោន)ជាមិនខាន។

(63) នៅពេលនោះ យើង(អល់ឡោះ)ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាដោយបញ្ជាឲ្យគេវាយទឹកសមុទ្រនឹងដំបងរបស់គេ។ ពេលនោះ គេក៏បានវាយវា(ទឹកសមុទ្រ)នឹងដំបងនោះ។ រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នា ហើយបែកចេញពីគ្នាទៅជាដប់ពីរផ្លូវទៅតាមចំនួននៃកុលសម្ព័ន្ធរបស់អម្បូរអ៊ីស្រាអែល។ ហើយរាល់បំណែកទឹកសមុទ្រនីមួយៗដែលញែកចេញពីគ្នានោះ ប្រៀបបាននឹងភ្នំដ៏ធំ ដោយគ្មានទឹកហូរចេញពីវា(ផ្លូវដែលញែកចេញ)នោះឡើយ។

(64) ហើយយើងបានធ្វើឲ្យហ្វៀរអោននិងបក្សពួករបស់គេកាន់តែខិតទៅជិតទីនោះ រហូតដល់ពួកគេបានចូលទៅក្នុងសមុទ្រនោះ ដោយពួកគេគិតស្មានថា ផ្លូវនោះអាចឲ្យពួកគេឆ្លងកាត់បាន។

(65) ហើយយើងក៏បានសង្គ្រោះព្យាការីមូសានិងអម្បូរអ៊ីស្រាអែលដែលនៅជាមួយគេ ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទទួលរងនូវក្តីអន្តរាយឡើយ។

(66) បន្ទាប់មក យើងបានបំផ្លាញហ្វៀរអោន និងបក្សពួករបស់គេឲ្យលិចលង់ក្នុងទឹកសមុទ្រ។

(67) ជាការពិតណាស់ នៅក្នុងការញែក(ទឹក)សមុទ្រសម្រាប់ព្យាការីមូសា ការសង្គ្រោះគេ(ព្យាការីមូសា) និងការបំផ្លាញហ្វៀរអោននិងបក្សពួករបស់គេនោះ គឺជាសញ្ញាភស្តុតាងមួយដែលបញ្ជាក់ពីសច្ចភាពរបស់ព្យាការីមូសា។ តែភាគច្រើននៃអ្នកដែលនៅជាមួយហ្វៀរអោន គឺគ្មានជំនឿឡើយ។

(68) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

(69) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រ(រៀបរាប់)ពីរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីមឲ្យពួកគេស្តាប់ចុះ។

(70) ខណៈដែលគាត់បានសួរទៅកាន់ឪពុករបស់គាត់ អាហ្សើរ និងក្រុមរបស់គាត់ថាៈ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ?

(71) ក្រុមរបស់គាត់បានឆ្លើយថាៈ ពួកយើងកំពុងគោរពសក្ការៈចំពោះរូបបដិមាទាំងអស់នេះ ហើយពួកយើងនឹងបន្តប្រកាន់ខ្ជាប់នឹងការគោរពសក្ការៈចំពោះវាជារៀងរហូត។

(72) ព្យាការីអ៊ីព្រហ៊ីមបានសួរពួកគេទៀតថាៈ តើរូបបដិមាទាំងនេះអាចស្តាប់ឮនូវការបួងសួងរបស់ពួកអ្នកដែរឬទេនៅពេលដែលពួកអ្នកបួងសួងសុំពីពួកវានោះ?

(73) ឬមួយ តើពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកនៅពេលណាដែលពួកអ្នកគោរពប្រតិបត្តិចំពោះពួកវា ឬក៏ផ្តល់នូវគ្រោះថ្នាក់ដល់ពួកអ្នកនៅពេលដែលពួកអ្នកប្រឆាំងនឹងពួកវាដែរឬទេ?

(74) ពួកគេបានឆ្លើយថាៈ ពួកវាមិនបានឮពួកយើងនោះទេនៅពេលដែលពួកយើងបួងសួងសុំពីពួកវា ហើយក៏មិនអាចផ្តល់ផលប្រយោជន៍ដល់ពួកយើងនោះដែរប្រសិនបើពួកយើងគោរពប្រតិបត្តិចំពោះពួកវា និងក៏មិនអាចផ្តល់នូវគ្រោះថ្នាក់ដល់ពួកយើងដែរប្រសិនបើពួកយើងប្រឆាំងនឹងពួកវានោះ។ ផ្ទុយទៅវិញ ជាក់ស្តែង(គឺដោយសារតែ)ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើដូច្នេះ។ ហេតុនេះ ពួកយើងក៏ធ្វើតាមពួកគាត់ទៅ។

(75) ព្យាការីអ៊ីព្រហ៊ីមបានតបថាៈ តើពួកអ្នកបានគិតពិចារណា និងមើលឃើញទេថា រូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះ។

(76) ហើយនិងអ្វីដែលជីដូនជីតារបស់ពួកអ្នកជំនាន់មុនបានគោរពសក្ការៈចំពោះវានោះ។

(77) ពិតប្រាកដណាស់ ពួកវាទាំងអស់នោះ គឺជាសត្រូវរបស់ខ្ញុំ ដោយសារតែវា(គឺជាព្រះ)ក្លែងក្លាយ លើកលែងតែអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ប៉ុណ្ណោះ។

(78) ដែលទ្រង់គឺជាអ្នកដែលបានបង្កើតខ្ញុំ និងជាអ្នកដែលចង្អុលបង្ហាញផ្លូវដល់ខ្ញុំទៅកាន់ប្រការដែលល្អ ទាំងក្នុងលោកិយនិងថ្ងៃបរលោក។

(79) ហើយទ្រង់តែមួយគត់ដែលជាអ្នកផ្តល់ចំណីអាហារដល់ខ្ញុំនៅពេលដែលខ្ញុំឃ្លាន និងផ្តល់ទឹកផឹកដល់ខ្ញុំនៅពេលដែលខ្ញុំស្រេកទឹក។

(80) ហើយនៅពេលដែលខ្ញុំមានជំងឺ គឺទ្រង់តែមួយដែលធ្វើឲ្យខ្ញុំជាសះស្បើយពីជំងឺ ដោយគ្មាននរណាម្នាក់អាចធ្វើឲ្យខ្ញុំជាសះស្បើយពីជំងឺក្រៅពីទ្រង់ឡើយ។

(81) ហើយទ្រង់តែមួយគត់ដែលជាអ្នកអាចធ្វើឲ្យខ្ញុំស្លាប់នៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់ខ្ញុំបានមកដល់ ហើយទ្រង់ជាអ្នកដែលធ្វើឲ្យខ្ញុំរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ខ្ញុំ។

(82) ហើយទ្រង់តែមួយគត់ដែលខ្ញុំសង្ឃឹមចំពោះទ្រង់ថា ទ្រង់នឹងអភ័យទោសនូវរាល់បាបកម្មទាំងឡាយរបស់ខ្ញុំនៅថ្ងៃដែលទទួលការតបស្នង(ថ្ងៃបរលោក)

(83) ព្យាការីអ៊ីព្រហ៊ីមបានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់ខ្ញុំនូវការយល់ដឹងក្នុងសាសនា និងបញ្ចូលខ្ញុំទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសលនៃបណ្តាព្យាការីទាំងឡាយមុនខ្ញុំ ដោយសូមទ្រង់មេត្តាបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ជាមួយនឹងពួកគេផងចុះ។

(84) ហើយសូមទ្រង់មេត្តាផ្តល់ឲ្យខ្ញុំនូវការរំលឹក និងការកោតសរសើរដ៏ល្អប្រពៃពីបណ្តាអ្នកជំនាន់ក្រោយបន្ទាប់ពីខ្ញុំ(មកចំពោះខ្ញុំ)ផងចុះ។

(85) ហើយសូមទ្រង់មេត្តាឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលមត៌កឋានសួគ៌ណាអ៊ីម(ជាឋានសួគ៌)ដែលខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿសោយសុខក្នុងវា និងសូមឲ្យខ្ញុំបានស្ថិតនៅក្នុងឋានសួគ៌នោះផងចុះ។

(86) ហើយសូមទ្រង់មេត្តាអភ័យទោសដល់ឪពុករបស់ខ្ញុំផងចុះ។ ជាការពិតណាស់ រូបគាត់បានស្ថិតក្នុងចំណោមពួកដែលវង្វេងពីការពិតដោយការធ្វើស្ហ៊ីរិក(ចំពោះទ្រង់)។ ការបួងសួងរបស់ព្យាការីអ៊ីព្រហ៊ីមដល់ឪពុករបស់គាត់នេះ គឺមុនពេលដែលអល់ឡោះបានបញ្ជាក់ដល់គាត់ថា ជាការពិតណាស់ ឪពុករបស់គាត់ គឺស្ថិតក្នុងចំណោមពួកដែលចូលក្នុងឋាននរកជើហ៊ីម។ ដូច្នេះ នៅពេលដែលបានបញ្ជាក់ដល់គាត់យ៉ាងដូច្នោះហើយនោះ គាត់ក៏បានដកខ្លួនចេញ ហើយក៏មិនបួងសួងឲ្យឪពុករបស់គាត់ទៀតដែរ។

(87) ហើយសូមទ្រង់មេត្តាកុំធ្វើឲ្យខ្ញុំអាម៉ាស់ដោយត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃដែលគេពង្រស់មនុស្សឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះផងចុះ។

(88) គឺនៅថ្ងៃដែលទ្រព្យសម្បត្តិដែលមនុស្សខំប្រឹងប្រមូលកាលនៅក្នុងលោកិយនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីនោះទេ ហើយក៏គ្មានកូនចៅដែលអាចជួយគេបាននោះដែរ។

(89) លើកលែងតែបុគ្គលណាដែលបានវិលត្រឡប់ទៅជួបអល់ឡោះដោយដួងចិត្តបរិសុទ្ធ ដោយគ្មានជាប់ទៅជាមួយនូវប្រការស្ហ៊ីរិក ភាពពុតត្បុត ប្រការរីយ៉ាក(ធ្វើអ្វីដើម្បីចង់ឲ្យគេឃើញ) និងភាពក្រអឺតក្រទម(ទៅជាមួយ)ប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់គេដែលគេបានចំណាយវាក្នុងមាគ៌ាអល់ឡោះ ហើយនិងកូនចៅរបស់គេដែលបានបួងសួងដល់គេនោះអាចផ្តល់ផលប្រយោជន៍ដល់គេបាន។

(90) ហើយឋានសួគ៌ត្រូវបានគេធ្វើឲ្យជិតទៅចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយការអនុវត្តនូវបទបញ្ជាទាំងឡាយដែលទ្រង់បង្គាប់ប្រើ និងចៀសឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។

(91) ហើយឋាននរកត្រូវបានគេបង្ហាញឲ្យឃើញនៅឯទីវាលប្រមូលផ្តុំចំពោះពួកដែលវង្វេង ដែលពួកគេបានវង្វេងចេញពីការពិត។

(92) ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោសចំពោះពួកគេថាៈ តើឯណាទៅរូបបដិមាទាំងឡាយដែលពួកអ្នកធ្លាប់គោរពសក្ការៈ

(93) ដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ? តើពួកវាអាចជួយពួកអ្នកដោយការពារពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ឬក៏ពួកវាអាចជួយខ្លួនឯងបានដែរឬទេ?

(94) ហើយពួកវា(រូបបដិមា) និងអ្នកដែលពួកវាធ្វើឲ្យវង្វេងនោះ ត្រូវបានគេបោះចូលទៅក្នុងនរកជើហ៊ីមដោយគរលើគ្នា។

(95) ហើយបក្សពួករបស់អ៊ីព្លិសក្នុងចំណោមពួកស្ហៃតនទាំងអស់(ក៏ត្រូវបានគេបោះចូលទៅក្នុងនរកជើហ៊ីម)ផងដែរ ដោយគ្មានលើកលែងនរណាម្នាក់ក្នុងចំណោមពួកគេនោះឡើយ។

(96) ពួកមុស្ហរីគីនដែលធ្លាប់គោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ថែមទាំងបានយកពួកវាធ្វើជាម្ចាស់ក្រៅពីអល់ឡោះនោះ ពួកគេបាននិយាយឈ្លោះប្រកែកគ្នាជាមួយនឹងពួក(ព្រះនានា)ដែលពួកគេធ្លាប់គោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះថា ៖

(97) សូមស្បថនឹងអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងពិតជាធ្លាប់ស្ថិតក្នុងភាពវង្វេងពីការពិតយ៉ាងច្បាស់លាស់

(98) ខណៈដែលពួកយើងបានឲ្យតម្លៃពួកអ្នកស្មើនឹង(អល់ឡោះ)ម្ចាស់នៃម៉ាខ្លូកទាំងអស់ដោយពួកយើងគោរពសក្ការៈចំពោះពួកអ្នកដូចដែលពួកយើងគោរពសក្ការៈចំពោះទ្រង់នោះ។

(99) ហើយគ្មានរណាម្នាក់ដែលបានធ្វើឲ្យពួកយើងវង្វេងពីមាគ៌ាដែលត្រឹមត្រូវ ក្រៅពីពួកដែលប្រព្រឹត្តអំពើបាបដែលបានអូសទាញពួកយើងឲ្យគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះឡើយ។

(100) ដូច្នេះ សម្រាប់ពួកយើង គ្មាននរណាម្នាក់ដែលអាចជួយអន្តរាគមន៍ដល់ពួកយើងចំពោះអល់ឡោះដើម្បីរំដោះពួកយើងឲ្យរួចផុតពីទណ្ឌកម្មរបស់ទ្រង់នោះឡើយ។

(101) ហើយក៏គ្មានមិត្តជិតស្និទ្ធដែលស្រឡាញ់ស្មោះស្ម័គ្រណាម្នាក់អាចជួយការពារពួកយើង និងអាចជួយអន្តរាគមន៍ដល់ពួកយើងនោះដែរ។

(102) តែប្រសិនបើពួកយើងមានឱកាសអាចវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតនោះ ពួកយើងនឹងក្លាយជាអ្នកដែលមានជំនឿលើអល់ឡោះជាមិនខាន។

(103) ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវរបស់អ៊ីព្រហ៊ីមដែលបានលើកឡើងមកនេះ ហើយនិងកន្លែងវិលត្រឡប់របស់ពួកដែលបដិសេធនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។

(104) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

(105) ក្រុមរបស់ព្យាការីនួហបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធនឹងព្យាការីនួហ។

(106) នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?

(107) ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

(108) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(109) ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

(110) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(111) ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើឲ្យពួកយើងមានជំនឿចំពោះអ្នក(ឱនួហ) និងឲ្យពួកយើងគោរពតាមអ្វីដែលអ្នកបាននាំមកនិងអនុវត្តតាមវាយ៉ាងដូចម្តេច បើស្ថានភាពនៃអ្នកដែលដើរតាមអ្នកនោះ គឺសុទ្ធតែជាពួកដែលក្រីក្រទន់ខ្សោយ ហើយគ្មានឃើញក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ្នក)នោះនូវអ្នកដែលមានឋានសក្តិ និងមេដឹកនាំផងនោះ?

(112) ព្យាការីនួហបានពោលទៅកាន់ពួកគេថាៈ តើជាការងាររបស់ខ្ញុំឬដែលខ្ញុំត្រូវដឹងអំពីអ្វីដែលបណ្តាអ្នកមានជំនឿទាំងនោះបានប្រព្រឹត្តនោះ? ពិតប្រាកដណាស់ ខ្ញុំពុំមែនជាអ្នកដែលទទួលខុសត្រូវលើការកត់ត្រាទង្វើរបស់ពួកគេនោះឡើយ។

(113) ការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់ដែលទ្រង់ជាអ្នកដឹងនូវការលាក់បាំង និងការលាតត្រដាងរបស់ពួកគេ ពុំមែនខ្ញុំ(ជាអ្នកជំនុំជម្រះពួកគេ)នោះទេ។ ប្រសិនបើពួកអ្នកដឹងដូច្នោះនោះ ពួកអ្នកនឹងមិននិយាយបែបនេះនោះទេ។

(114) ហើយខ្ញុំមិនមែនជាអ្នកដែលបណ្តេញបណ្តាអ្នកដែលមានជំនឿចេញពីកន្លែងជួបជុំរបស់ខ្ញុំ ដើម្បីជាការឆ្លើយតបនឹងការទាមទាររបស់ពូកអ្នកដើម្បីឲ្យពួកអ្នកមានជំនឿនោះឡើយ។

(115) ខ្ញុំមិនមែនជាអ្វីក្រៅពីជាអ្នកដែលដាស់តឿនព្រមានយ៉ាងច្បាស់លាស់ ដែលព្រមានពួកអ្នកឲ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ។

(116) ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ ប្រសិនបើអ្នកមិនព្រមបញ្ឈប់នូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វាទេនោះ អ្នកពិតជានឹងក្លាយទៅជាអ្នកដែលត្រូវគេប្រមាថ និងជាអ្នកដែលត្រូវគេសម្លាប់ដោយគប់នឹងដុំថ្មជាមិនខាន។

(117) ព្យាការីនួហបានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបានបដិសេធនឹងខ្ញុំ ហើយពួកគេមិនជឿជាក់ចំពោះខ្ញុំនូវអ្វីដែលខ្ញុំបាននាំមកពីទ្រង់នោះឡើយ។

(118) ដូច្នេះ សូមទ្រង់មេត្តាវិនិច្ឆ័យរវាងខ្ញុំនិងពួកគេនូវការវិនិច្ឆ័យមួយ(ដ៏យុត្តិធម៌) ដោយបំផ្លាញពួកគេផងចុះដោយសារតែពួកគេនៅតែបន្តស្ថិតក្នុងភាពមិនត្រឹមត្រូវ ហើយសូមទ្រង់មេត្តាសង្គ្រោះរូបខ្ញុំ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយខ្ញុំពីអ្វី(ទណ្ឌកម្ម)ដែលទ្រង់នឹងបំផ្លាញក្រុមរបស់ខ្ញុំដែលជាពួកប្រឆាំងផង។

(119) ពេលនោះ យើង(អល់ឡោះ)ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ ហើយយើងបានសង្គ្រោះគេ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេ(ដោយផ្ទុកពួកគេ)ទៅក្នុងសំពៅមួយដែលផ្ទុកទៅដោយមនុស្ស និងសត្វ។

(120) បន្ទាប់មក យើងបានពន្លិចពួកដែលនៅសេសសល់ក្រោយពីពួកគេ(អ្នកមានជំនឿ)ទាំងអស់ ពោលគឺក្រុមរបស់ព្យាការីនួហ(ដែលជាពួកប្រឆាំង)

(121) ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវដែលបានលើកឡើង ដូចជារឿងរ៉ាវរបស់ព្យាការីនួហនិងក្រុមរបស់គេ ការសង្គ្រោះព្យាការីនួហនិងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងនៃក្រុមរបស់គេនោះ គឺជាមេរៀនមួយសម្រាប់បណ្តាអ្នកទាំងឡាយដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។

(122) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចដាក់ផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

(123) ពួកអាទបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធនឹងអ្នកនាំសាររបស់ពួកគេ គឺព្យាការីហ៊ូទ។

(124) នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?

(125) ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

(126) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(127) ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

(128) តើពួកអ្នកសាងសង់សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃនៅគ្រប់ទីកន្លែងបែបនេះទទេៗដោយមិនចង់បានផលប្រយោជន៍អ្វីត្រឡប់មកកាន់ពួកអ្នកវិញ មិនថាក្នុងលោកិយ ឬបរលោករបស់ពួកអ្នកនោះឬ?

(129) ហើយពួកអ្នកបានសាងសង់បន្ទាយនានា និងវិមានដ៏ប្រណីតទាំងនេះ ហាក់បីដូចជាពួកអ្នកនឹងរស់នៅជាអមតៈក្នុងលោកិយនេះដោយមិនចាកចេញពីវា(លោកិយ)ឬ?

(130) ហើយនៅពេលដែលពួកអ្នកវាយសម្លាប់ ឬវាយធ្វើបាបនរណាម្នាក់ ពួកអ្នកវាយធ្វើបាប(ពួកគេ)ដោយភាពព្រហើនកោងកាច គ្មានចិត្តអាណិតអាសូរ និងក្តីមេត្តាករុណាបន្តិចណាឡើយ។

(131) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(132) ហើយចូរពួកអ្នកខ្លាចការខឹងសម្បារបស់អល់ឡោះ ដែលទ្រង់គឺជាអ្នកដែលបានប្រទាននូវឧបការគុណទាំងឡាយរបស់ទ្រង់ដល់ពួកអ្នកនូវអ្វីដែលពួកអ្នកដឹង។

(133) ទ្រង់បានប្រទាននូវសត្វពាហនៈ និងកូនចៅជាច្រើនដល់ពួកអ្នក។

(134) ទ្រង់ក៏បានប្រទានឲ្យពួកអ្នកនូវសួនឧទ្យាន និងប្រភពទឹកជាច្រើនផងដែរ។

(135) ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃបរលោក។

(136) ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ វាដូចតែគ្នាទេសម្រាប់ពួកយើង ទោះបីអ្នករំលឹកដល់ពួកយើង ឬមិនរំលឹកដល់ពួកយើងក៏ដោយ ក៏ពួកយើងមិនមានជំនឿចំពោះអ្នកជាដាច់ខាត ហើយក៏មិនវិលត្រឡប់(ចាកចេញ)ពីអ្វីដែលពួកយើងកំពុងតែស្ថិតនៅលើវានោះដែរ។

(137) (សាសនារបស់ពួកយើង)នេះគឺគ្មានអ្វីក្រៅពីសាសនារបស់អ្នកជំនាន់មុន ទំនៀមទម្លាប់របស់ពួកគេ និងអត្តចរិតរបស់ពួកគេនោះឡើយ។

(138) ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ទណ្ឌកម្មនោះដែរ។

(139) ដូច្នេះ ពួកគេក៏នៅតែបន្តស្ថិតនៅលើការបដិសេធនឹងព្យាការីរបស់ពួកគេ គឺព្យាការីហ៊ូទ ហើយយើងក៏បានបំផ្លាញពួកគេដោយខ្យល់ព្យុះស្ងួតព្រោះតែការបដិសេធរបស់ពួកគេ។ ពិតណាស់នៅក្នុងព្រឹត្តិការណ៍នៃការបំផ្លាញនេះ គឺជាមេរៀនមួយសម្រាប់បណ្តាអ្នកទាំងឡាយដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។

(140) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

(141) ពួកសាមូទបានបដិសេធនឹងអ្នកនាំសារទាំងអស់ ដោយសារតែការបដិសេធរបស់ពួកគេចំពោះព្យាការីរបស់ពួកគេ គឺព្យាការីសឡេះ។

(142) នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?

(143) ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

(144) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(145) ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

(146) តើពួកអ្នកគិតស្មានថា គេនឹងទុកឲ្យពួកអ្នកស្ថិតនៅលើអ្វីដែលពួកអ្នកកំពុងតែមាន(សព្វថ្ងៃ)នៃប្រការល្អ និងឧបការគុណទាំងឡាយដោយសុវត្ថិភាព ដោយគ្មានការភ័យខ្លាចឬ?

(147) គឺនៅក្នុងសួនឧទ្យាននានា និងប្រភពទឹកជាច្រើន

(148) ព្រមទាំងដំណាំដាំដុះ ហើយនិងដើមល្មើដែលផ្លែរបស់វាទន់ផ្អែមឆ្ងាញ់។

(149) ហើយពួកអ្នកចោះភ្នំជាច្រើនដើម្បីធ្វើជាផ្ទះសម្រាប់ពួកអ្នកស្នាក់នៅ ដោយពួកអ្នកមានភាពស្ទាត់ជំនាញក្នុងការឆ្លាក់វា។

(150) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(151) ហើយចូរពួកអ្នកកុំគោរពតាមបទបញ្ជារបស់ពួកដែលបង្កវិនាសកម្មលើខ្លួនឯងតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្មឲ្យសោះ។

(152) គឺពួកដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការធ្វើឲ្យរីកសុសសាយនូវទង្វើបាបកម្ម និងមិនព្រមកែខ្លួនដោយការប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិអល់ឡោះនោះឡើយ។

(153) ក្រុមរបស់គាត់បានតបមកកាន់គាត់វិញថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗ រហូតធ្វើឲ្យមន្តអាគមនោះគ្របដណ្តប់លើស្មារតីរបស់ពួកគេ ហើយធ្វើឲ្យស្មារតីរបស់ពួកគេបាត់បង់ប៉ុណ្ណោះ។

(154) អ្នកមិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងនោះឡើយ ហើយអ្នកក៏គ្មានលក្ខណៈពិសេសអ្វីលើសពួកយើងដើម្បីឲ្យអ្នកក្លាយជាអ្នកនាំសារ(របស់អល់ឡោះ)នោះដែរ។ ហេតុនេះ ចូរអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកពិតជាអ្នកនាំសារ(ពីអល់ឡោះ)មក ប្រសិនបើអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកអះអាងថា អ្នកពិតជាអ្នកនាំសារមែននោះ។

(155) ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេ(នៅពេលដែលអល់ឡោះទ្រង់បានប្រទាននូវសញ្ញាភស្តុតាងមួយដល់គាត់ នោះគឺសត្វអូដ្ឋញីមួយក្បាលដែលអល់ឡោះបានបញ្ចេញវាចេញពីដុំថ្ម)ថាៈ នេះគឺជាសត្វអូដ្ឋញីមួយក្បាលដែលគេ(អល់ឡោះ)ឲ្យអ្នកឃើញនិងអាចប៉ះវាបាន។ សម្រាប់វា គឺមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នកក៏មានចំណែកផឹកទឹកដូចគ្នាដែរទៅតាមថ្ងៃដែលគេបានកំណត់ជាក់លាក់។ វា(សត្វអូដ្ឋ)មិនផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់ពួកអ្នកនោះទេ ហើយពួកអ្នកក៏មិនត្រូវផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់វានោះដែរ។

(156) ហើយចូរពួកអ្នកកុំប៉ះពាល់វាដោយប្រការអាក្រក់ណាមួយ ដូចជាការបង្ករបួសស្នាម ឬវាយវាឲ្យសោះ ព្រោះជាហេតុនាំឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីអល់ឡោះដែលទ្រង់នឹងបំផ្លាញពួកអ្នកនឹងវានៅថ្ងៃដ៏ធំធេង ដោយសារតែនៅក្នុងថ្ងៃនោះ គឺទណ្ឌកម្មនឹងធ្លាក់លើពួកអ្នក។

(157) តែពួកគេ(ក្រុមរបស់ព្យាការីសឡេះដែលជាពួកប្រឆាំង)បានឯកភាពគ្នាលើការសំឡេះវា(សត្វអូដ្ឋ) ហើយអ្នកដែលឃោឃៅជាងគេក្នុងចំណោមពួកគេក៏បានសំឡេះវា។ ពេលនោះ ពួកគេក៏បានក្លាយជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត នៅពេលដែលពួកគេបានដឹងថា ទណ្ឌកម្មនឹងធ្លាក់ទៅលើពួកគេដោយចៀសមិនផុត។ ក៏ប៉ុន្តែ ការមានវិប្បដិសារីនៅពេលដែលឃើញនូវទណ្ឌកម្មហើយនោះ គឺគ្មានប្រយោជន៍ឡើយ។

(158) នៅពេលនោះ ទណ្ឌកម្មដែលពួកគេត្រូវបានគេសន្យានឹងវា គឺការរញ្ជួយដី និងសម្រែកដ៏ខ្លាំងក្លានោះ ក៏បានឆក់យកជីវិតពួកគេ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងនៃរឿងរ៉ាវរបស់ព្យាការីសឡេះ និងក្រុមរបស់គាត់នោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។

(159) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

(160) ក្រុមរបស់ព្យាការីលូតបានបដិសេធនឹងអ្នកនាំសារទាំងអស់ ដោយសារតែការបដិសេធពួកគេចំពោះព្យាការីរបស់ពួកគេ គឺព្យាការីលូត។

(161) នៅពេលដែលព្យាការីលូតដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?

(162) ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

(163) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(164) ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

(165) ហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងមនុស្សប្រុសដូចគ្នាតាមទ្វារក្រោយ(រន្ធគូទ)របស់ពួកគេ

(166) ហើយពួកអ្នកបែរជាបោះបង់ការរួមភេទជាមួយភរិយារបស់ពួកអ្នក(តាមទ្វារមាសរបស់ពួកនាង)ដែលអល់ឡោះបានបង្កើតវាដើម្បីបំពេញនូវចំណង់តណ្ហារបស់ពួកអ្នកបែបនេះទៅវិញ? ផ្ទុយទៅវិញ ពួកអ្នក គឺជាពួកដែលបំពានទៅលើព្រំដែនរបស់អល់ឡោះតាមរយៈទង្វើខុសប្រក្រតីដ៏អាក្រក់នេះ(គឺរួមភេទនឹងបុរសដូចគ្នា)

(167) ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ ឱលូត! ប្រសិនបើអ្នកមិនបញ្ឈប់ការហាមឃាត់ពួកយើងពីទង្វើនេះ និងបដិសេធពីទង្វើនេះចំពោះពួកយើងទេនោះ ពិតណាស់ រូបអ្នក ហើយនិងអ្នកដែលនៅជាមួយអ្នក(ដែលជាអ្នកមានជំនឿ)នឹងស្ថិតក្នុងចំណោមពួកដែលត្រូវគេបណ្តេញចេញពីភូមិស្រុករបស់ពួកយើងជាមិនខាន។

(168) ព្យាការីលូតក៏បានតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានប្រព្រឹត្តវានេះ។

(169) គាត់(ព្យាការីលូត)បានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាជួយសង្គ្រោះរូបខ្ញុំ ព្រមទាំងជួយសង្គ្រោះក្រុមគ្រួសាររបស់ខ្ញុំពីទណ្ឌកម្មដែលពួកទាំងនោះនឹងទទួលរងព្រោះតែទង្វើអាក្រក់របស់ពួកគេដែលពួកគេបានប្រព្រឹត្តនោះផងចុះ។

(170) ពេលនោះ យើង(អល់ឡោះ)ក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា។

(171) លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលនាងគឺជាអ្នកដែលគ្មានជំនឿ។ ដូច្នេះ នាងក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលនូវភាពវិនាសអន្តរាយ។

(172) ក្រោយពីព្យាការីលូតនិងក្រុមគ្រួសាររបស់គាត់បានចាកចេញពីភូមិ(សាទូម)ហើយនោះ យើងក៏បានបំផ្លាញក្រុមរបស់គេដទៃទៀតដែលនៅសេសសល់ក្រោយពីគេ(ព្យាការីលូត) ដោយការបំផ្លាញមួយយ៉ាងខ្លាំង។

(173) ហើយយើងបានបញ្ចុះដុំថ្មពីលើមេឃទៅកាន់ពួកគេដែលប្រៀបបាននឹងភ្លៀងធ្លាក់។ ហើយភ្លៀង(ដុំថ្ម)ដែលព្យាការីលូតធ្លាប់បានព្រមានពួកទាំងនោះ ព្រមទាំងបានឲ្យពួកគេប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះប្រសិនបើពួកគេនៅតែបន្តប្រព្រឹត្តនូវទង្វើអាក្រក់ អសីលធម៌បែបនេះទៀតនោះ វាគឺជាភ្លៀងដែលអាក្រក់បំផុត។

(174) ពិតប្រាកដណាស់ នៅក្នុងការលើកឡើងពីរឿងរ៉ាវនៃការទម្លាក់ទណ្ឌកម្មទៅលើក្រុមរបស់ព្យាការីលូតដោយសារតែ(ពួកគេប្រព្រឹត្ត)ទង្វើអាស្រូវ អសីលធម៌នោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។

(175) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

(176) ក្រុមអៃកាស ជាក្រុមមួយដែលភូមិស្រុករបស់ពួកគេព័ទ្ធជុំវិញទៅដោយដើមឈើជាច្រើន ដែល(ភូមិនោះ)ស្ថិតនៅជិតតំបន់ម៉ាទយ៉ាន់ បានបដិសេធនឹងអ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធចំពោះព្យាការីរបស់ពួកគេ គឺព្យាការីស៊្ហូអែប។

(177) នៅពេលដែលស៊្ហូអែបដែលជាព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?

(178) ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។

(179) ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។

(180) ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។

(181) ហើយចូរពួកអ្នកបំពេញនូវការវាល់ដល់មនុស្សលោកឲ្យបានគ្រប់នៅពេលដែលពួកអ្នកលក់(អ្វីមួយ)ឲ្យពួកគេ ហើយចូរពួកអ្នកកុំធ្វើខ្លួនជាអ្នកដែលគៃបំបាត់វាល់មិនគ្រប់ឲ្យគេនៅពេលដែលលក់(អ្វីមួយ)ឲ្យគេឲ្យសោះ។

(182) ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជឺងដែលត្រឹមត្រូវនៅពេលដែលពួកអ្នកថ្លឹងឲ្យអ្នកដទៃ(កុំប្រើជញ្ជីងដែលមិនត្រឹមត្រូវ)

(183) ហើយចូរពួកអ្នកកុំកេងប្រវ័ញ្ចមនុស្សលោកចំពោះកម្មសិទ្ធិរបស់ពួកគេ។ ហើយចូរពួកអ្នកកុំបង្កើននូវការបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្មឲ្យសោះ។

(184) ហើយចូរពួកអ្នកកោតខ្លាច(អល់ឡោះ)អ្នកដែលបានបង្កើតពួកអ្នក និងបានបង្កើតប្រជាជាតិជំនាន់មុនៗជាច្រើន ខ្លាចក្រែងទ្រង់ទម្លាក់នូវទណ្ឌកម្មមកលើពួកអ្នក។

(185) ក្រុមរបស់ព្យាការីស៊្ហូអែបបានពោលទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ពិតប្រាកដណាស់ រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗ រហូតដល់មន្តអាគមនោះគ្របដណ្តប់លើប្រាជ្ញាស្មារតីរបស់អ្នក ហើយធ្វើឲ្យវា(ប្រាជ្ញាស្មារតី)បាត់បង់។

(186) ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងដែរប៉ុណ្ណោះ ដោយអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ដូច្នេះ តើអ្នកអាចក្លាយជាអ្នកនាំសារ(របស់អល់ឡោះ)យ៉ាងដូចម្តេចទៅ? ហើយយើងជឿជាក់ថា រូបអ្នក គឺជាអ្នកដែលនិយាយកុហកចំពោះអ្វីដែលអ្នកអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(មកពីអល់ឡោះ)នោះ។

(187) ដូច្នេះ ចូរអ្នកទម្លាក់មួយបំណែក(នៃទណ្ឌកម្ម)ពីលើមេឃមក ប្រសិនបើអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។

(188) ព្យាការីស៊្ហូអែបបានតបទៅកាន់ពួកគេវិញថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនៃប្រការស្ហ៊ីរិក និងអំពើបាបកម្មនានា ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ។

(189) ហើយពួកគេនៅតែបន្តស្ថិតនៅលើការបដិសេធនឹងគាត់(ព្យាការីស៊្ហូអែប)។ ដូច្នេះ ពួកគេក៏ទទួលនូវទណ្ឌកម្មដ៏ធំធេង ខណៈដែលពពកបានបាំងជាម្លប់ដល់ពួកគេបន្ទាប់ពីថ្ងៃដ៏ក្តៅខ្លាំង រួចមក ភ្លៀងភ្លើងបានធ្លាក់ទៅលើពួកគេ ហើយក៏បានដុតបំផ្លាញពួកគេ។ ពិតប្រាកដណាស់ ថ្ងៃនៃការវិនាសអន្តរាយរបស់ពួកគេនោះ គឺជាថ្ងៃដ៏សែនរន្ធត់បំផុត។

(190) ពិតប្រាកដណាស់ នៅក្នុងព្រឹត្តិការណ៍ដែលបានលើកឡើងខាងលើនៃវិនាសកម្មរបស់ក្រុមព្យាការីស៊្ហូអែបនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។

(191) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

(192) ហើយពិតប្រាកដណាស់ គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់នៃម៉ាខ្លូកទាំងឡាយ។

(193) ដែលម៉ាឡាអ៊ីកាត់ជីព្រីលដែលជាអ្នកស្មោះត្រង់បំផុត បាននាំវាមក។

(194) ដោយគេ(ជីព្រីល)សូត្រវាទៅលើដួងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកក្លាយជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយដែលដាស់តឿនព្រមានដល់មនុស្សលោក និងព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ។

(195) ដែលគេបានបញ្ចុះវាជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់។

(196) ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ ក៏ត្រូវបានលើកឡើង(បញ្ជាក់ប្រាប់)នៅក្នុងបណ្តាគម្ពីរមុនៗ(ដែលបានបញ្ចុះពីលើមេឃ)មកផងដែរ។ ជាការពិតណាស់ បណ្តាគម្ពីរដែលបញ្ចុះពីលើមេឃពីមុនៗមក សុទ្ធតែបានផ្តល់ដំណឹងរីករាយចំពោះវា(ចំពោះការមកដល់នៃគម្ពីគួរអាន)

(197) តើវាមិនមែនជាភស្តុតាងមួយដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក(ព្យាការីមូហាំម៉ាត់)សម្រាប់ពួកដែលបដិសេធនឹងអ្នកទាំងនោះទៀតឬ ដែលមានអ្នកចេះដឹងនៃអម្បូរអ៊ីស្រាអែលបានដឹងពីធាតុពិតនៃអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក ដូចជា អាប់ទុលឡោះ កូនរបស់ សាឡាម ជាដើមនោះ?

(198) ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើពូជសាសន៍មួយចំនួនក្រៅពីជនជាតិអារ៉ាប់ដែលពួកគេមិនមែនជាអ្នកដែលនិយាយភាសាអារ៉ាប់ទេនោះ

(199) រួចមក គេ(អ្នកដែលមិនមែនជាជនជាតិអារ៉ាប់)បានសូត្រវាឲ្យពួកគេស្តាប់នោះ ក៏ពួកគេមិនជឿនឹងវាដដែល ពីព្រោះពួកគេនឹងនិយាយថា ពួកយើងមិនយល់វា(គម្ពីរគួរអាន)ឡើយ។ ដូច្នេះ ចូរ ឲ្យពួកគេកោតសរសើរចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសារបស់ពួកគេ(ភាសាអារ៉ាប់)នោះ។

(200) ដូច្នោះហើយ យើងបានបញ្ចូលការប្រឆាំង និងការបដិសេធនេះទៅក្នុងដួងចិត្តរបស់ពួកដែលបំពាន។

(201) ពួកគេមិនកែប្រែភាពប្រឆាំងដែលពួកគេមាននោះទេ ហើយពួកគេក៏គ្មានជំនឿនោះដែរ លុះត្រតែពួកគេបានឃើញទណ្ឌកម្មយ៉ាងឈឺចាប់(ផ្ទាល់នឹងភ្នែក)

(202) ក្រោយមក ទណ្ឌកម្មក៏មកដល់ពួកគេមួយភ្លាមៗ ខណៈពួកគេមិនបានដឹងពីការមកដល់របស់វា។

(203) ពេលនោះ ពួកគេនឹងនិយាយដោយភាពសោកស្តាយបំផុតនៅពេលដែលទណ្ឌកម្មធ្លាក់ទៅលើពួកគេភ្លាមៗនោះថាៈ តើពួកយើងជាអ្នកដែលត្រូវគេពន្យារពេលដើម្បីឲ្យពួកយើងអាចសារភាពកំហុសចំពោះអល់ឡោះឬទេ?

(204) ដូច្នេះ តើពួកប្រឆាំងទាំងនោះសុំឲ្យទណ្ឌកម្មរបស់យើងធ្លាក់មកលើពួកគេភ្លាមៗឬ ដោយពួកគេនិយាយថាៈ ពួកយើងមិនមានជំនឿចំពោះអ្នកឡើយ លុះត្រាតែមួយចំណែកនៃទណ្ឌកម្មពីលើមេឃធ្លាក់មកត្រូវពួកយើងដូចដែលអ្នកបានអះអាង?

(205) ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងទេថា ប្រសិនបើយើងបានឲ្យពួកគ្មានជំនឿដែលងាកចេញពីការមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកទាំងនោះបានសោយសុខនឹងឧបការគុណទាំងឡាយក្នុងរយៈពេលំណត់មួយ។

(206) ក្រោយមក បន្ទាប់ពីពេលវេលាដែលពួកគេបានសោយសុខនឹងឧបការគុណទាំងឡាយនោះមក ទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនោះក៏បានមកដល់ពួកគេនោះ។

(207) តើឧបការគុណលោកិយអ្វីដែលពួកគេធ្លាប់មានដែលបានផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ? ជាការពិតណាស់ ឧបការគុណទាំងនោះបានកាត់ផ្តាច់(បាត់បង់)ពីពួកគេ ហើយគេគ្មានឃើញ(សេសសល់)អ្វីនោះទេ។

(208) ហើយយើងមិនបានបំផ្លាញប្រជាជាតិណាមួយនោះទេ លើកលែងតែបន្ទាប់ពីមានអ្នកដាស់តឿនព្រមានទៅកាន់ពួកគេ តាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារទាំងឡាយ និងការបញ្ចុះនូវបណ្តាគម្ពីរទាំងឡាយប៉ុណ្ណោះ។

(209) ដើម្បីជាការទូន្មាន និងក្រើនរំលឹកដល់ពួកគេ។ ហើយយើងមិនមែនជាអ្នកដែលបំពានដោយការធ្វើទារុណកម្មពួកគេនោះទេ ក្រោយពីមានអ្នកដាស់តឿនព្រមានទៅកាន់ពួកគេតាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារទាំងឡាយ និងការបញ្ចុះនូវបណ្តាគម្ពីរទាំងឡាយហើយនោះ។

(210) ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះគម្ពីរគួរអាននេះទៅលើដួងចិត្តរបស់អ្នកនាំសារមូហាំម៉ាត់ឡើយ។

(211) វាមិនសាកសមទេចំពោះពួកវាក្នុងការបញ្ចុះ(គម្ពីរគួរអាន)ទៅលើដួងចិត្តរបស់គេ(មូហាំម៉ាត់)នោះ ហើយពួកវាក៏គ្មានសមត្ថភាពធ្វើដូច្នោះនោះដែរ។

(212) ពួកវាគ្មានសមត្ថភាពធ្វើដូច្នោះនោះឡើយ ដោយសារតែពួកវាត្រូវបានគេបណ្តេញចេញពីកន្លែងរបស់វាដែលនៅលើមេឃទៅហើយ។ ដូច្នេះ តើពួកវាអាចទៅដល់វា(គម្ពីរគួរអាន) និងអាចបញ្ចុះវាបានយ៉ាងដូចម្តេច?

(213) ហេតុនេះ ចូរអ្នកកុំគោរពសក្ការៈចំពោះព្រះផ្សេងរួមនឹងអល់ឡោះ ដោយយកវាធ្វើជាដៃគូរួមជាមួយនឹងទ្រង់ឲ្យសោះ ដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេដាក់ទណ្ឌកម្ម។

(214) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានសាច់ញាតិដែលជិតបំផុតនៃក្រុមរបស់អ្នក ដើម្បីកុំឲ្យពួកគេទទួលរងនូវទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេនៅតែបន្តស្ថិតនៅលើការធ្វើស្ហ៊ីរិក(ចំពោះអល់ឡោះ)នោះ។

(215) ហើយចូរអ្នកបន្ទាបខ្លួនរបស់អ្នក ទាំងពាក្យសម្តីនិងកាយវិការចំពោះបណ្តាអ្នកមានជំនឿដែលដើរតាមអ្នក និងត្រូវមានក្តីមេត្តាករុណា និងទន់ភ្លន់ចំពោះពួកគេ។

(216) តែប្រសិនបើពួកគេប្រឆាំងនឹងអ្នក និងមិនបានឆ្លើយតប(នឹងអ្នក)នៅពេលដែលអ្នកបានដាក់បទបញ្ជាចំពោះពួកគេ ដូចជាការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងការគោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងប្រការស្ហ៊ីរិក និងការប្រព្រឹត្តល្មើសដែលពួកអ្នកបានប្រព្រឹត្តវានោះទេ។

(217) ហើយចូរអ្នកប្រគល់ការទុកចិត្តគ្រប់កិច្ចការទាំងឡាយរបស់អ្នកទៅចំពោះម្ចាស់ដែលមហាខ្លាំងពូកែ ដែលទ្រង់អាចដាក់ទោសសត្រូវបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានវិលត្រឡប់ទៅកាន់ទ្រង់(សារភាពកំហុស)ក្នុងចំណោមពួកគេចុះ។

(218) ដែលទ្រង់ជាអ្នកដែលបានឃើញអ្នកនៅពេលដែលអ្នកក្រោកប្រតិបត្តិសឡាត។

(219) ហើយទ្រង់ក៏ឃើញរាល់សកម្មភាពសឡាតរបស់អ្នក(នៅពេលដែលអ្នកសឡាត)ជាមួយបណ្តាអ្នកដែលប្រតិបត្តិសឡាតទាំងឡាយ។ គ្មានអ្វីមួយដែលអ្នក(ព្យាការីមូហាំម៉ាត់) និងអ្នកផ្សេងពីអ្នកបានប្រព្រឹត្តនោះអាចលាក់បាំងពីទ្រង់បានឡើយ។

(220) ពិតប្រាកដណាស់ ទ្រង់មហាឮនៅពេលដែលអ្នកសូត្រគម្ពីរគួរអាន និងការរំលឹក(ចំពោះអល់ឡោះ)នៅក្នុងពេលសឡាតរបស់អ្នក ហើយទ្រង់មហាដឹងបំផុតចំពោះការនៀត(ចេតនា)របស់អ្នក។

(221) តើចង់ឲ្យយើង(អល់ឡោះ)ប្រាប់ពួកអ្នកទេថា តើពួកស្ហៃតនដែលពួកអ្នកអះអាងថា ពិតណាស់ ពួកវានាំគម្ពីរគួរអានចុះមកនោះ តើវា(ពពួកស្ហៃតននោះ)ចុះទៅលើនរណា?

(222) ពួកស្ហៃតននោះ គឺវាចុះទៅលើរាល់ពួកដែលភូតកុហក មានបាបកម្មច្រើន និងប្រព្រឹត្តល្មើសក្នុងចំណោមពួកគ្រូទាយទាំងឡាយ។

(223) ពួកស្ហៃតនវាបានលួចស្តាប់ដំណឹងពីម៉ាឡាអ៊ីកាត់ដែលនៅខាងលើ ហើយពួកវាក៏បានផ្តល់ដំណឺងនោះទៅកាន់អ្នកជំនិតរបស់ពួកវាដែលជាគ្រូទាយ។ ហើយគ្រូទាយភាគច្រើន គឺជាអ្នកដែលភូតកុហក បោកប្រាស់។ ប្រសិនបើពួកគេនិយាយពាក្យពិតមួយដង នោះពួកគេនឹងនិយាយកុហកមួយរយដង។

(224) ហើយពួកកវីនិពន្ធទាំងឡាយដែលពួកអ្នកចោទថា ជាការពិតណាស់ ព្យាការីមូហាំម៉ាត់ស្ថិតក្នុងចំណោមពួកគេនោះ គឺពួកដែលវង្វេងចេញពីការចង្អុលបង្ហាញនិង(ពី)ភាពត្រឹមត្រូវនោះ ជាអ្នកដែលដើរតាមពួកគេ ហើយពួកគេបានឃើញហើយនូវពាក្យកំណាព្យកាព្យឃ្លោងដែលពួកគេ(ករីនិពន្ធទាំងនោះ)និយាយនោះ។

(225) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ ក្នុងចំណោមភាពជាក់ស្តែងនៃភាពមិនត្រឹមត្រូវ(មិនប្រក្រតី)របស់ពួកគេ(កវីនិពន្ធ)នោះ គឺពួកគេមានភាពមិនច្បាស់លាស់នៅក្នុងការនិពន្ធរបស់ពួកគេ ដោយម្តងពួកគេកោតសរសើរ ម្តងពួកគេបន្តុះបង្អាប់ ឬផ្សេងពីនេះទៀត។

(226) ហើយពួកគេនិយាយភូតកុហកដោយពួកគេនិយាយថាៈ ពួកយើងបានធ្វើដូច្នោះ ប៉ុន្តែ(ជាក់ស្តែង)ពួកគេមិនបានធ្វើវាឡើយ។

(227) លើកលែងតែកវីនិពន្ធទាំងឡាយណាដែលមានជំនឿ និងបានសាងនូវទង្វើកុសល ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំងបានទទួលជ័យជម្នះលើសត្រូវរបស់អល់ឡោះ ក្រោយពីពួកសត្រូវបានបំពានលើពួកគេប៉ុណ្ណោះ ដូចជា ហាស្សាន កូន សាពិត ជាដើម។ ហើយពួកដែលបំពានដោយបានប្រព្រឹត្តនូវទង្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយនិងបង្កភាពជាសត្រូវជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់នោះនឹងដឹងថា តើកន្លែងវិលត្រឡប់ណាមួយដែលពួកគេត្រូវវិលត្រឡប់ទៅកាន់(នៅថ្ងៃបរលោក)នោះ។ ជាការពិតណាស់ ពួកគេនឹងវិលត្រឡប់ទៅកាន់ទីកន្លែងមួយដ៏ធំធេង និងការជំនុំជម្រះមួយដ៏ល្អិតល្អន់បំផុត។