(1) អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងផ្កាយនៅពេលដែលវាធ្លាក់ចុះ។
(2) ព្យាការីមូហាំម៉ាត់ដែលជាអ្នកនាំសាររបស់អល់ឡោះនោះ មិនបានងាកចេញពីមាគ៌ានៃការចង្អុលបង្ហាញឡើយ ហើយគេក៏មិនមែនជាអ្នកដែលភ័ន្តច្រឡំនោះដែរ។ ក៏ប៉ុន្តែ គេជាមនុស្សវាងវៃណាស់។
(3) ហើយគេក៏មិននិយាយចំពោះគម្ពីរគួរអាននេះទៅតាមទំនើងចិត្តរបស់គេនោះដែរ។
(4) គម្ពីរគួរអាននេះគ្មានអ្វីក្រៅពីវ៉ាហ៊ី(សារ)ដែលអល់ឡោះជាម្ចាស់ទ្រង់បានវ៉ាហ៊ីទៅកាន់គេតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីលនោះឡើយ។
(5) ឡាអ៊ីកាត់ដែលមានកម្លាំងខ្លាំងក្លាបានបង្រៀនដល់គេ(ព្យាការីមូហាំម៉ាត់) នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល។
(6) ហើយម៉ាឡាអ៊ីកាត់ជីព្រីលនោះ មានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញរូបរាងពិតដែលអល់ឡោះបានបង្កើតគេនោះ ឲ្យព្យាការីមូហាំម៉ាត់បានឃើញ។
(7) ដោយជីព្រីលស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។
(8) បន្ទាប់មក ជីព្រីលក៏បានខិតទៅជិតព្យាការី និងកាន់តែខិតជិតទៅៗ។
(9) នៅពេលនោះ គម្លាតរវាងម៉ាឡាអ៊ីកាត់ជីព្រីលនិងព្យាការីមូហាំម៉ាត់នោះ មានប្រវែង(ស្មើនឹង)ចម្ងាយរវាងចុងទាំងពីរនៃធ្នូ ឬក៏ជិតជាងនេះទៅទៀត។
(10) ហើយជីព្រីលក៏បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់អល់ឡោះ គឺព្យាការីមូហាំម៉ាត់ នូវអ្វីដែលទ្រង់បានផ្តល់វ៉ាហ៊ី។
(11) ដួងចិត្តរបស់ព្យាការីមូហាំម៉ាត់នោះ មិនបានភូតកុហកចំពោះអ្វីដែលភ្នែករបស់គាត់បានឃើញនោះទេ។
(12) តើពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែប្រកែកជាមួយគាត់(ព្យាការីមូហាំម៉ាត់)ចំពោះអ្វីដែលអល់ឡោះបានឲ្យគាត់មើលឃើញនៅយប់អ៊ិសរ៉កឬ?
(13) ហើយពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់បានឃើញម៉ាឡាអ៊ីកាត់ជីព្រីលក្នុងរូបភាពដើមរបស់គេម្តងទៀតនៅយប់អ៊ិសរ៉ក។
(14) នៅឯ “ស៊ិទរ៉តុលមុនតាហា” ដែលវា គឺជាដើមឈើដ៏ធំអស្ចារ្យដែលស្ថិតនៅលើមេឃជាន់ទីប្រាំពីរ។
(15) នៅកន្លែងដើមឈើនេះ គឺមានឋានសួគ៌ម៉ាក់វ៉ា។
(16) នៅពេលដែលកិច្ចការរបស់អល់ឡោះដ៏អស្ចារ្យគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានោះ គ្មានអ្នកណាម្នាក់អាចដឹងពីធាតុពិតរបស់វានោះឡើយ ក្រៅពីអល់ឡោះ។
(17) កែវភ្នែករបស់ព្យាការីមូហាំម៉ាត់មិនបានងាករេឆ្វេងស្តាំឡើយ ហើយក៏មិនសម្លឹងទៅហួសពីអ្វីដែលគេកំណត់ឲ្យ(មើលទៅកាន់)នោះដែរ។
(18) ពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់គាត់បានឃើញនៅក្នុងយប់ដែលគេនាំគាត់ឡើងទៅលើមេឃនោះ(យប់អ៊ីស្រក) នូវបណ្តាសញ្ញាភស្តុតាងដ៏ធំធេងនៃម្ចាស់របស់គាត់ដែលជាភស្តុតាងបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ ដោយគាត់បានឃើញឋានសួគ៌ ឋាននរក និងបានឃើញអ្វីផ្សេងជាច្រើនទៀត។
(19) តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះរូបបដិមាទាំងនេះដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះ គឺរូបបដិមាឈ្មោះ អាល់ឡាត និងរូបបដិមាឈ្មោះ អ៊ុហ្សា នោះ?
(20) ហើយនិងរូបបដិមាទីបីទៀត គឺរូបបដិមាឈ្មោះ ម៉ាណាត ដែលជារូបបដិមារបស់ពួកអ្នក។ ចូរពួកអ្នកប្រាប់ខ្ញុំមក តើរូបបដិមាទាំងនោះអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ឬអាចផ្តល់គ្រោះថ្នាក់ណាមួយដល់ពួកអ្នកដែរឬទេ?
(21) ពួកអ្នក(ឱពួកមុស្ហរីគីន)មានកូនប្រុសដែលពួកអ្នកស្រឡាញ់ពេញចិត្តនឹងវា(ពួកអ្នកចង់បាន) ហើយសម្រាប់អល់ឡោះជាម្ចាស់ដ៏មហាស្អាតស្អំនោះ មានបុត្រីដែលពួកអ្នកស្អប់ខ្ពើម(មិនចង់បាន)ឬ?
(22) ការបែងចែកដែលពួកអ្នកបែងចែកវាតាមទំនើងចិត្តរបស់ខ្លួនបែបនេះ វាគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។
(23) ពួកបដិមាទាំងនោះ គ្មានអ្វីក្រៅតែពីជាឈ្មោះដែលគ្មានអត្ថន័យប៉ុណ្ណោះ។ ដូចនេះ វាគ្មានលក្ខណៈសម្បត្តិជាព្រះដែលត្រូវគោរពសក្ការៈនោះឡើយ។ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវាដោយខ្លួនឯងប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងបញ្ជាក់អំពីវាឡើយ។ ពួកមុស្ហរីគីនមិនបានធ្វើតាមអ្វីឡើយចំពោះគោលជំនឿរបស់ពួកគេនោះ ក្រៅពីធ្វើតាមការស្មាននិងតាមទំនើងចិត្តរបស់ខ្លួនដែលស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេបានមកដល់ពួកគេតាមរយៈពាក្យសម្ដីព្យាការីរបស់ទ្រង់ ក៏ប៉ុន្តែពួកគេពុំទទួលបានការចង្អុលបង្ហាញឡើយ។
(24) ឬក៏មនុស្សអាចទទួលបាននូវការជួយអន្តរាគមន៍ពីរូបបដិមាទាំងនោះទៅកាន់អល់ឡោះ(ឲ្យពួកគេ)ដូចដែលពួកគេប្រាថ្នាឬ?
(25) ទេ គេមិនអាចទទួលបានតាមអ្វីដែលគេប្រាថ្នាឡើយ ត្បិតកិច្ចការនៃថ្ងៃបរលោកនិងក្នុងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់នឹងប្រទានឲ្យនូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់នឹងរារាំងនូវអ្វីដែលទ្រង់មានចេតនា។
(26) ហើយមានម៉ាឡាអ៊ីកាត់ជាច្រើនដែលនៅលើមេឃជាច្រើនជាន់ ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានប្រយោជន៍អ្វីបន្តិចណាឡើយប្រសិនបើពួកគេចង់ជួយអន្តរាគមន៍ដល់នរណាម្នាក់ លើកលែងតែក្រោយពីអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ហើយទ្រង់យល់ព្រមឲ្យអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះប៉ុណ្ណោះ។ ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មិនអនុញ្ញាតឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ជួយអន្តរាគមន៍ឡើយ ហើយទ្រង់ក៏មិនយល់ព្រមឲ្យអ្នកដែលគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះ ទទួលបាននូវការជួយអន្តរាគមន៍នោះដែរ។
(27) • ការជួយអន្តរាគមន៍មិនអាចកើតឡើងនោះឡើយ លុះត្រាតែមានលក្ខខណ្ឌពីរគឺ ៖ អល់ឡោះអនុញ្ញាតឲ្យអ្នកដែលចង់ជួយអន្តរាគមន៍ និងអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះ ត្រូវតែជាអ្នកដែលអល់ឡោះពេញចិត្តដែរ។
(28) ហើយពួកគេគ្មានចំណេះដឹងអ្វីដែលជាទីបង្អែកឲ្យពួកគេដាក់ឈ្មោះពួកម៉ាឡាអ៊ីកាត់ទាំងនោះថាជាភេទស្រីនោះឡើយ។ ក្នុងរឿងនោះ ពួកគេគ្មានតាមអ្វីក្រៅពីការស្មាន និងការស្រមើស្រមៃប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ប្រយោជន៍ក្នុងការបញ្ជាក់ពីការពិតអ្វីបន្តិចបានឡើយ។
(29) ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីអ្នកដែលបែរចេញពីការរំលឹកចំពោះអល់ឡោះ ហើយមិនយកចិត្តទុកដាក់ចំពោះវាចុះ។ រូបគេគ្មានចង់បានអ្វីក្រៅពីជីវិតលោកិយប៉ុណ្ណោះ។ ដូចនេះ រូបគេមិនសាងទង្វើ(កុសល)សម្រាប់ថ្ងៃបរលោករបស់គេនោះទេ ព្រោះគេមិនមានជំនឿចំពោះថ្ងៃបរលោកនោះឡើយ។
(30) ពាក្យសម្តីដែលពួកមុស្ហរីគីនទាំងនោះបាននិយាយ(ដូចដាក់ឈ្មោះឲ្យម៉ាឡាអ៊ីកាត់ថាជាភេទស្រី)នោះ គឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេដែលពួកគេមាន ពីព្រោះពួកគេ គឺជាពួកល្ងង់បំផុត។ ពួកគេមិនអាចឈានទៅដល់ចំណេះដឹងដែលជាក់លាក់ឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះជនណាដែលលម្អៀងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ារបស់ទ្រង់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
(31) ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទាំងការគ្រប់គ្រង ការបង្កើត និងការចាត់ចែង ដើម្បីទ្រង់តបស្នងដល់ពួកដែលប្រព្រឹត្តអាក្រក់នៅលើលោកិយនេះ នូវទណ្ឌកម្មដែលសាកសមទៅតាមទង្វើអាក្រក់របស់ពួកគេ ហើយតបស្នងដល់បណ្តាអ្នកដែលមានជំនឿនូវឋានសួគ៌ ទៅតាមទង្ចើកុសលដែលពួកគេបានសាង។
(32) គឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើល្មើសដែលអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ(ដែលពួកគេជ្រុលជ្រួស)។ ពិតណាស់ បាបកម្មតូចតាចទាំងនេះ ត្រូវបានគេអភ័យទោសឲ្យតាមរយៈការបោះបង់នូវបាបកម្មធំៗ និងការសាងនូវអំពើល្អច្រើន។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាអ្នកដែលទូលំទូលាយបំផុតចំពោះការអភ័យទោស។ ទ្រង់នឹងអភ័យទោសចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នៅពេលណាដែលពួកគេសារភាពកំហុសពីបាបកម្មនោះ។ ទ្រង់ដឹងបំផុតពីស្ថានភាពនិងកិច្ចការរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី និងនៅពេលដែលអ្នកនៅជាគភ៌នៅក្នុងផ្ទៃម្តាយរបស់ពួកអ្នក ដោយពួកអ្នកត្រូវបានគេបង្កើតពីមួយដំណាក់កាលទៅមួយដំណាក់កាល។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថា ជាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ឲ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាចចំពោះទ្រង់ពិតប្រាកដ តាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
(33) តើអ្នកបានឃើញដែរឬទេពីស្ថានភាពដ៏អាក្រក់របស់ពួកដែលងាកចេញពីសាសនាឥស្លាមក្រោយពេលដែលពួកគេបានទៅជិតសាសនាឥស្លាមហើយនោះ?
(34) ហើយគេបានបរិច្ចាគទ្រព្យសម្បត្តិបន្តិចបន្តូចប៉ុណ្ណោះ បន្ទាប់មក គេក៏បានឈប់(បរិច្ចាគ)វិញ ព្រោះថា ភាពកំណាញ់ស្វិត គឺជាសារជាតិដើមរបស់គេ។ តែទោះជាយ៉ាងនេះក្តី រូបគេនៅតែសរសើរខ្លួនឯង(ថាជាមនុស្សល្អ)ដដែល។
(35) តើគេមានចំណេះដឹងពីប្រការអាថ៌កំបាំង ដោយគេបានឃើញ ហើយនិយាយប្រាប់ពីប្រការអាថ៌កំបាំងនោះឬ?
(36) ឬមួយគេជាអ្នកបង្កើតរឿងប្រឌិតទៅលើអល់ឡោះ? ឬក៏អ្នកដែលបង្កើតរឿងប្រឌិតទៅលើអល់ឡោះនេះ មិនត្រូវបានគេប្រាប់ពីអ្វីដែលមាននៅក្នុងគម្ពីរដែលអល់ឡោះបានបញ្ចុះទៅកាន់ព្យាការីមូសា?
(37) និងនៅក្នុងគម្ពីរស៊ូហ៊ុហ្វរបស់ព្យាការីអ៊ីព្រហ៊ីម ដែលគាត់បានប្រតិបត្តិនិងបំពេញរាល់កាតព្វកិច្ចដែលម្ចាស់របស់គាត់បានដាក់មកលើគាត់ទេឬ?
(38) ពិតប្រាកដណាស់ មនុស្សគ្រប់រូបមិនទទួលរែកពន់បាបកម្មរបស់អ្នកដទៃឡើយ។
(39) ហើយពិតប្រាកដណាស់ មនុស្សលោកក៏មិនបានទទួលផលបុណ្យអ្វីក្រៅពីផលបុណ្យដែលខ្លួនបានសាងនោះដែរ។
(40) ហើយពិតណាស់ ទង្វើរបស់គេ(ដែលបានសាងនោះ) នឹងត្រូវបានគេបង្ហាញឲ្យឃើញផ្ទាល់ភ្នែកនៅថ្ងៃបរលោក។
(41) បន្ទាប់មក គេនឹងផ្តល់ជូននូវការតបស្នងទៅលើអំពើរបស់គេយ៉ាងពេញលេញ គ្មានខ្វះអ្វីបន្តិចណាឡើយ។
(42) ហើយជាការពិតណាស់ កន្លែងដែលខ្ញុំបម្រើរបស់ទ្រង់ត្រូវវិលត្រលប់ទៅកាន់បន្ទាប់ពីការស្លាប់របស់ពួកគេនោះ គឺឆ្ពោះទៅកាន់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។
(43) ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឲ្យជនណាដែលទ្រង់មានចេតនាមានភាពរីករាយ រួចគេក៏សើចសប្បាយ ហើយនិងធ្វើឲ្យជនណាដែលទ្រង់មានចេតនាមានទុក្ខព្រួយ រួចគេក៏យំសោក។
(44) ហើយពិតប្រាកដណាស់ ទ្រង់ធ្វើឲ្យអ្នកដែលមានជីវិតនៅក្នុងលោកិយនេះស្លាប់ ហើយទ្រង់ ធ្វើឲ្យអ្នកដែលស្លាប់ហើយនោះរស់ឡើងវិញ ដោយការពង្រស់ពួកគេ(នៅថ្ងៃបរលោក)។
(45) ហើយពិតណាស់ ទ្រង់បានបង្កើតឲ្យមានជាគូៗ មានប្រុស មានស្រី
(46) ពីទឹកកាមមួយតំណក់ កាលណាគេបានដាក់ទៅក្នុងស្បូនស្ត្រី។
(47) ហើយពិតប្រាកដណាស់ ការបង្កើតពួកគេទាំងពីរភេទឡើងវិញក្រោយពីពួកគេទាំងពីរបានស្លាប់ហើយនោះ គឺជាកាតព្វកិច្ចរបស់ទ្រង់។
(48) ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ក្លាយជាអ្នកមាន ដោយឲ្យគេក្តោបក្តាប់ទ្រព្យសម្បត្តិ ហើយទ្រង់បានផ្តល់ទ្រព្យសម្បត្តិមួយចំនួនដែលធ្វើឲ្យមនុស្សពេញចិត្ត។
(49) ហើយទ្រង់ជាម្ចាស់នៃផ្កាយ “អាស់ស្សៀករ៉” ជាផ្កាយដែលពូកមុស្ហរីគីនមួយចំនួនគោរពសក្ការៈចំពោះវារួមជាមួយនឹងអល់ឡោះ។
(50) ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាទមុនគេ ដែលពួកគេ គឺជាក្រុមរបស់ព្យាការីហ៊ូទ នៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ។
(51) ហើយទ្រង់បានបំផ្លាញពួកសាមូដដែលជាក្រុមរបស់ព្យាការីសឡេះ ដោយទ្រង់មិនបានបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេ(ឲ្យរស់រានមានជីវិត)ឡើយ។
(52) ហើយទ្រង់ក៏បានបំផ្លាញក្រុមរបស់ព្យាការីនួហមុននឹងក្រុមអាដនិងពួកសាមូដផងដែរ។ ពិតប្រាកដណាស់ ក្រុមរបស់ព្យាការីនួហ ពួកគេជាពួកដែលបំពានដ៏ខ្លាំងក្លា និងរឹងរូសជាងក្រុមអាដ និងពួកសាមូដទៅទៀត ពីព្រោះព្យាការីនួហបានរស់នៅជាមួយពួកគេរយៈពេលប្រាំបួនរយហាសិបឆ្នាំ អំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈទៅចំពោះអល់ឡោះតែមួយគត់ ក៏ប៉ុន្តែពួកគេមិនទទួលយកការអំពាវនាវនេះនោះទេ។
(53) ហើយចំពោះភូមិឋាននៃក្រុមរបស់ព្យាការីលូតវិញ ទ្រង់បានលើកវាយ៉ាងខ្ពស់ទៅលើមេឃ បន្ទាប់មក ទ្រង់បានក្រឡាប់វា ហើយបានទម្លាក់វាមកលើផែនដីវិញ។
(54) ហើយទ្រង់បានគ្របដណ្តប់ភូមិឋាននោះដោយដុំថ្ម បន្ទាប់ពីទ្រង់បានលើកវា(ភូមិ)ទៅលើមេឃ ហើយទម្លាក់វាមកលើផែនដីវិញ។
(55) ដូចនេះ តើមានសញ្ញាភស្តុតាងណាមួយនៃម្ចាស់របស់អ្នកដែលបង្ហាញពីសមត្ថភាពរបស់ទ្រង់ ដែលពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នៅជជែកដេញដោល ដោយមិនបានយករឿងទាំងនេះធ្វើជាមេរៀននោះ?
(56) អ្នកនាំសារដែលគេបានបញ្ជូនមកកាន់ពួកអ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាប្រភេទតែមួយជាមួយនឹងបណ្តាអ្នកនាំសារទាំងឡាយពីមុនមកនោះដែរ(ជាមនុស្សលោកដូចពួកគេដែរ)។
(57) ថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។
(58) គ្មានអ្នកណាដែលអាចរារាំងវាបានឡើយ ហើយក៏គ្មានអ្នកណាម្នាក់អាចដឹងថា តើវានឹងកើតឡើងនៅពេលណានោះដែរ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
(59) ដូច្នេះ តើគម្ពីរគួរអានដែលគេបានសូត្រឲ្យពួកអ្នកស្តាប់នេះ ធ្វើឲ្យពួកអ្នកងឿងឆ្ងល់ថា តើវាមកពីអល់ឡោះមែនឬ?
(60) ហើយពួកអ្នកនាំគ្នាសើចចំអកវា(គម្ពីរគួរអាន) និងមិនបានយំនៅពេលស្តាប់ឮការទូន្មានរបស់វាទេឬ?
(61) ហើយពួកអ្នកព្រងើយកន្តើយចំពោះវា និងមិនយកចិត្តទុកដាក់ចំពោះវាឡើយ។
(62) ដូច្នេះ ចូរពួកអ្នកក្រាបស៊ូជោតទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយគោរពសក្ការៈចំពោះទ្រង់ដោយចិត្តស្មោះសចុះ។