51 - Adh-Dhaariyat ()

|

(1) អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្យល់ដែលបក់បោកលំអងធូលី។

(2) ហើយទ្រង់ស្បថនឹងពពកដែលនាំទឹកភ្លៀងដ៏ច្រើន។

(3) ហើយទ្រង់ស្បថនឹងនាវាដែលធ្វើដំណើរលើផ្ទៃសមុទ្រប្រកបដោយភាពងាយស្រួល។

(4) ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលបែងចែកកិច្ចការរបស់ខ្ញុំបម្រើអល់ឡោះទៅតាមបទបញ្ជារបស់ទ្រង់។

(5) ពិតប្រាកដណាស់ ការជំនុំជម្រះ និងការផ្តល់ការតបស្នងដែលម្ចាស់របស់ពួកអ្នកបានសន្យានឹងពួកអ្នកនោះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។

(6) ហើយការជំនុំជម្រះខ្ញុំបម្រើរបស់អល់ឡោះនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដនៅថ្ងៃបរលោក ដោយចៀសមិនផុតឡើយ។

(7) ហើយអល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងមេឃដ៏ស្រស់ស្អាតដែលមានគន្លងជាច្រើន។

(8) ជាការពិតណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)មានយោបល់ខុសៗគ្នា។ ម្តងពួកអ្នកនិយាយថាៈ គម្ពីរគួរអាន គឺជាមន្តអាគម ម្តងពួកអ្នកនិយាយថា វាជាកំណាព្យ។ ហើយម្តងពួកអ្នកនិយាយថា ព្យាការីមូហាំម៉ាត់ គឺជាគ្រូមន្តអាគម ហើយម្តងពួកអ្នកនិយាយថា ព្យាការីមូហាំម៉ាត់ គឺជាកវីនិពន្ធ។

(9) គេបង្វែរចេញពីការមានជំនឿចំពោះគម្ពីរគួរអាននិងព្យាការីមូហាំម៉ាត់ ចំពោះជនណាដែលត្រូវបានគេបង្វែរចេញអំពីវាដែលស្ថិតនៅក្នុងការដឹងរបស់អល់ឡោះ ពីព្រោះទ្រង់ដឹងថា រូបគេគ្មានជំនឿនោះទេ។ ដូច្នេះ ទ្រង់មិនផ្តល់ការចង្អុលបង្ហាញដល់គេឡើយ។

(10) ពួកបដិសេធដែលបាននិយាយប្រឌិតចំពោះគម្ពីរគួរអាននិងអ្នកនាំសាររបស់ពួកគេទាំងនោះ ត្រូវបានគេដាក់បណ្តាសា។

(11) ពួកគេ គឺជាពួកដែលស្ថិតក្នុងភាពល្ងង់ខ្លៅ ព្រងើយកន្តើយចំពោះថ្ងៃបរលោក ដោយពួកគេមិនខ្វាយខ្វល់ពីវាឡើយ។

(12) ពួកគេសួរថាៈ តើថ្ងៃទទួលការតបស្នង(ថ្ងៃបរលោក)នោះ នឹងកើតឡើងនៅពេលណា ខណៈពួកគេមិនបានធ្វើអ្វីសោះសម្រាប់ថ្ងៃបរលោកនោះ។

(13) ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបនឹងសំណួររបស់ពួកគេថាៈ គឺនៅថ្ងៃដែលពួកគេត្រូវបានគេដាក់ទណ្ឌកម្មនៅលើឋាននរក។

(14) មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈចំអកថាៈ ចូរពួកអ្នកភ្លក្សទណ្ឌកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំឲ្យវាឆាប់មកដល់(ក្នុងលក្ខណៈសើចចំអក)នៅពេលដែលគេបានព្រមានពួកអ្នកអំពីវានោះ។

(15) ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ នៅថ្ងៃបរលោក ពួកគេនឹងស្ថិតនៅក្នុងសួន(ឋានសួគ៌) និងប្រភពទឹកហូរជាច្រើន។

(16) ពួកគេទទួលយកនូវអ្វីដែលម្ចាស់របស់ពួកគេបានប្រទានឲ្យពួកគេនៃការតបស្នងដ៏ប្រពៃ។ ពិតប្រាកដណាស់ មុននឹងទទួលបានការតបស្នងដ៏ប្រពៃនេះ ពួកគេធ្លាប់ជាអ្នកដែលសាងអំពើល្អកាលនៅក្នុងលោកិយ។

(17) គឺពួកគេក្រោកសឡាតនៅពេលយប់ដោយពួកគេមិនគេងនោះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

(18) ហើយនៅពេលទៀបភ្លឺ(មុនពេលហ្វាជើរ) គឺពួកគេតែងតែសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ចំពោះបាបកម្មទាំងឡាយរបស់ពួកគេ។

(19) ហើយចំពោះទ្រព្យសម្បត្តិរបស់ពួកគេវិញ គឺមានចំណែក(ដែលពួកគេបរិច្ចាគវាដោយស្ម័គ្រចិត្ត)សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំដោយសារតែមូលហេតុណាមួយ។

(20) ហើយចំពោះផែនដី និងអ្វីដែលមាននៅលើវា ដូចជាភ្នំ សមុទ្រ ទន្លេ ដើមឈើ រុក្ខជាតិ និងសត្វពាហនៈនោះ គឺជាសញ្ញាភស្តុតាងដ៏ច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះសម្រាប់បណ្តាអ្នកដែលមានជំនឿដ៏ពិតប្រាកដដែលថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកបង្កើត និងជាអ្នកដែលផ្តល់រូបរាង។

(21) ហើយចំពោះខ្លួនរបស់ពួកអ្នកវិញ(ឱមនុស្សលោកទាំងឡាយ) ក៏មានភស្តុតាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់នោះដែរ។ ដូច្នេះ តើពួកអ្នកមិនពិនិត្យមើលដើម្បីយកវាធ្វើជាមេរៀនទេឬ?

(22) ហើយនៅលើមេឃវិញ គឺមានលាភសក្ការៈរបស់ពួកអ្នកទាំងសម្រាប់ការរស់នៅក្នុងលោកិយ និងទាំងសាសនា។ ហើយនៅមេឃនោះដែរ គឺមាននូវប្រការល្អឬប្រការអាក្រក់ដែលគេបានសន្យាចំពោះពួកអ្នក។

(23) ហើយ(អល់ឡោះ)ម្ចាស់ដែលគ្រប់គ្រងមេឃនិងផែនដីបានស្បថនឹងខ្លួនទ្រង់ថាៈ ជាការពិតណាស់ ការពង្រស់(មនុស្សឲ្យរស់)ឡើងវិញនោះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ ដូចដែលគ្មានការសង្ស័យនៅក្នុងពាក្យសម្តីរបស់ពួកអ្នកនៅពេលដែលពួកអ្នកនិយាយនោះដែរ។

(24) តើរឿងរ៉ាវនៃភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលជាម៉ាឡាអ៊ីកាត់ដែលត្រូវបានគេលើកតម្កើងពួកគេនោះ បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេ?

(25) នៅពេលដែលពួកគេ(ភ្ញៀវរបស់គាត់ដែលជាម៉ាឡាអ៊ីកាត់នោះ)បានចូលទៅជួបគាត់ ពេលនោះពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយទៅកាន់គាត់ថាៈ សូមសន្តិភាព(កើតមានចំពោះអ្នក)។ ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅពួកគេវិញថាៈ សូមសន្តិភាព(កើតមានចំពោះអ្នកដូចគ្នា)។ ហើយគាត់បាននិយាយក្នុងចិត្តថាៈ អ្នកទាំងនេះ គឺជាក្រុមដែលយើងមិនស្គាល់ឡើយ។

(26) ពេលនោះ គាត់ក៏បានដើរទៅកាន់ក្រុមគ្រួសាររបស់គាត់យ៉ាងស្ងៀមស្ងាត់ ហើយគាត់ក៏បាននាំមកនូវកូនគោអាំងធាត់មួយក្បាល(មកទទួលពួកគេ) ដោយគាត់គិតស្មានថា ពួកគេគឺជាមនុស្សលោក។

(27) ហើយគាត់ក៏បានយកកូនគោអាំងនោះដាក់ជិតពួកគេ ហើយគាត់បាននិយាយដោយទន់ភ្លន់ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនទទួលទានអាហារដែលគេរៀបចំសម្រាប់ពួកអ្នកទេឬ?

(28) ហើយនៅពេលដែលពួកគេ(ភ្ញៀវរបស់គាត់)មិនទទួលទានអាហារ(ដែលគាត់រៀបចំជូន)ទេនោះ គាត់ក៏មានការភ័យខ្លាចនៅក្នុងអារម្មណ៍របស់គាត់អំពីពួកគេ។ ពេលនោះ ពួកគេក៏បានបង្ហាញឲ្យគាត់បានដឹងច្បាស់ ដោយពួកគេបាននិយាយទៅកាន់គាត់ថាៈ ចូរអ្នកកុំខ្លាច។ តាមពិត ពួកយើងគឺជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់។ ហើយពួកគេក៏បានផ្តល់ដំណឹងរីករាយដល់គាត់ថាៈ ពិតប្រាកដណាស់ គេនឹងប្រសូត្របុត្រមួយឲ្យគាត់ដែលជាក្មេងប្រុសម្នាក់ដែលពោរពេញដោយចំណេះដឹង ហើយអ្នកដែលគេផ្តល់ដំណឹងរីករាយចំពោះគាត់នោះគឺ ព្យាការីអ៊ីស្ហាក។

(29) នៅពេលដែលភរិយារបស់ព្យាការីអ៊ីព្រហ៊ីម(នាងសារ៉ោះ)បានឮដំណឹងដ៏រីករាយនេះ គាត់ក៏បានចេញមក ដោយបានស្រែកដោយក្តីរីករាយ និងបានទះមុខខ្លួនឯង ហើយគាត់ក៏បាននិយាយដោយភ្ញាក់ផ្អើលថាៈ តើស្ត្រីដែលចាស់ជរាម្នាក់អាចមានកូនដែរឬ ខណៈដែលគេជាស្ត្រីអារ(មិនអាចមានកូន)ទៀតនោះ?

(30) ម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់គាត់(នាងសារ៉ោះ)ថាៈ អ្វីដែលខ្ញុំប្រាប់អ្នកនោះ គឺជាអ្វីដែលម្ចាស់របស់អ្នកបានមានបន្ទូល ហើយអ្វីដែលទ្រង់បានមានបន្ទូលនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។ ជាការពិតណាស់ ទ្រង់គឺជាម្ចាស់មហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការកំណត់របស់ទ្រង់ មហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ ហើយនិងអ្វីដែលល្អប្រសើរសម្រាប់ពួកគេ។

(31) ព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ តើពួកអ្នកមានកិច្ចការអ្វីដែរ? តើអ្វីជាគោលបំណងរបស់ពួកអ្នក?

(32) ម៉ាឡាអ៊ីកាត់បានឆ្លើយតបទៅកាន់គាត់វិញថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជូនពួកយើងទៅកាន់ក្រុមដែលបំពាន ដែលពួកគេបានប្រព្រឹត្តបាបកម្មដ៏អាក្រក់បំផុត

(33) ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ

(34) ដែលវាជាសញ្ញាមកពីម្ចាស់របស់អ្នក(ឱព្យាការីអ៊ីព្រហ៊ីម)ដែលគេបញ្ជូនទៅកាន់ពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដែលបានប្រឆាំងនិងប្រព្រឹត្តល្មើសហួសហេតុ។

(35) ហើយយើងបានបញ្ចេញបណ្តាអ្នកមានជំនឿដែលរស់នៅក្នុងភូមិរបស់ព្យាការីលូតនោះ ដើម្បីកុំឲ្យពួកគេទទួលរងនូវទណ្ឌកម្មដូចដែលពួកប្រព្រឹត្តបាបកម្មទទួលរង។

(36) ក្រោយមក យើងមិនបានឃើញអ្វីនៅក្នុងភូមិរបស់ពួកគេនោះឡើយ ក្រៅពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ នោះគឺផ្ទះរបស់ក្រុមគ្រួសារព្យាការីលូត។

(37) ក្រោយមក យើងមិនបានឃើញអ្វីនៅក្នុងភូមិរបស់ពួកគេនោះឡើយ ក្រៅពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ នោះគឺផ្ទះរបស់ក្រុមគ្រួសារព្យាការីលូត។

(38) ហើយនៅក្នុងរឿងរបស់ព្យាការីមូសា នៅពេលដែលយើងបានចាត់បញ្ជូនគេទៅកាន់ហ្វៀរអោន ដោយនាំនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់នោះ ក៏ជាភស្តុតាងមួយផងដែរសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់។

(39) ក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញពីសចក្តីពិតដោយភាពក្អេងក្អាងនឹងអំណាចនិងកងទ័ពរបស់ខ្លួន ហើយគេបាននិយាយអំពីព្យាការីមូសាថាៈ រូបគេ(ព្យាការីមូសា) គឺជាគ្រូធ្មប់ដែលដាក់អំពើធ្មប់ទៅលើមនុស្សលោក ឬជាមនុស្សវិកលចរិតដែលនិយាយគ្មានដឹងអ្វី។

(40) ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេទាំងអស់ ដោយយើង បានបោះពួកគេចូលទៅក្នុងសមុទ្រ។ ពេលនោះ ពួកគេក៏បានលិចលង់ស្លាប់ ហើយវិនាសអន្តរាយ។ ហើយហ្វៀរអោនជាអ្នកដែលត្រូវបានគេស្តីបន្ទោសចំពោះអ្វីដែលគេបានបដិសេធ(ចំពោះអ្នកនាំសារ) និងការអះអាងថា រូបគេជាព្រះជាម្ចាស់។

(41) ហើយនៅក្នុងរឿងរបស់ពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក៏ជាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ខ្លោចផ្សាផងដែរ ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ ជាខ្យល់ដែលគ្មានពាំនាំទឹកភ្លៀង មិនបំប៉នដល់ដើមឈើ ហើយក៏គ្មានផ្តល់ភាពចម្រុងចម្រើននៅក្នុងវាឡើយ។

(42) រាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ មិនថាជីវិត ឬទ្រព្យសម្បត្តិ ឬផ្សេងពីនេះទៀតឡើយ គឺសុទ្ធតែត្រូវបានខ្យល់នេះបំផ្លាញទាំងអស់ ហើយវាបានបន្សល់របស់ទាំងនោះ(ឲ្យនៅខ្ទេចខ្ទី)ដូចជាផេះផង់។

(43) ហើយនៅក្នុងរឿងរបស់ពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ក៏ជាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់ផងដែរ នៅពេលដែលគេបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកសប្បាយរីករាយនឹងឆាកជីវិតរបស់ពួកអ្នកសិនចុះ មុននឹងពេលកំណត់នៃជីវិតរបស់ពួកអ្នកបានបញ្ចប់។

(44) ហើយពួកគេបានក្អេងក្អាងចំពោះការអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ ហើយពួកគេបានក្រអឺតក្រទម ក្អេងក្អាង មិនព្រមមានជំនឿ និងគោរពប្រតិបត្តិតាមឡើយ។ ពេលនោះ រន្ទះនៃទណ្ឌកម្មក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេតែកំពុងរង់ចាំវាមកដល់ ពីព្រោះពួកគេត្រូវបានគេសន្យាថា ទណ្ឌកម្មនឹងធ្លាក់(លើពួកគេ)តាំងពីបីថ្ងៃមុនមកម្លេះ។

(45) នៅពេលនោះ ពួកគេគ្មានសមត្ថភាពការពារខ្លួនឯងឲ្យរួចផុតពីទណ្ឌកម្មដែលបានធ្លាក់លើពួកគេនោះឡើយ ហើយពួកគេក៏គ្មានអានុភាពអ្វីអាចរារាំងវាបាននោះដែរ។

(46) ហើយពិតប្រាកដណាស់ យើងបានបំផ្លាញក្រុមរបស់ព្យាការីនួហមុនពួកដែលបានលើកឡើងទាំងនេះទៅទៀត ដោយឲ្យពួកគេលិចលង់ក្នុងទឹក(ជំនន់)។ ពិតប្រាកដណាស់ ពួកគេ គឺជាក្រុមមួយដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ដូច្នេះ ពួកគេសក្តិសមនឹងទទួលនូវការដាក់ទណ្ឌកម្ម។

(47) ហើយចំពោះមេឃ យើងបានបង្កើតវា ហើយយើងបានបង្កើតវាយ៉ាងរឹងមាំដោយអានុភាព(របស់យើង) ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលពង្រីកនូវវិសាលភាពរបស់វា។

(48) ហើយចំពោះផែនដីវិញ យើងបានបង្កើតវាឲ្យលាតសន្ធឹងសម្រាប់អ្នកដែលស្នាក់នៅលើវា ប្រៀបដូចជាកម្រាលសម្រាប់ពួកគេ។ ជាការពិតណាស់ យើងជាអ្នកដែលបានក្រាលវាយ៉ាងល្អបំផុតសម្រាប់ពួកគេ។

(49) ហើយយើងបានបង្កើតអ្វីៗទាំងអស់ឲ្យមានជាគូៗ ដូចជា ប្រុសនិងស្រី មេឃនិងដី ដីគោកនិងផ្ទៃទឹក សង្ឃឹមថាពួកអ្នកនឹងនឹកឃើញពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ ដែលបានបង្កើតរាល់អ្វីៗទាំងអស់ឲ្យមានជាគូៗ ហើយនិងនឹកឃើញអំពីអានុភាពរបស់ទ្រង់។

(50) ដូច្នេះ ចូរអ្នករត់ចេញពីទណ្ឌកម្មរបស់អល់ឡោះទៅកាន់ផលបុណ្យរបស់ទ្រង់ ដោយការគោរពប្រតិបត្តិចំពោះទ្រង់ និងកុំប្រព្រឹត្តល្មើសនឹងទ្រង់។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានអំពីទណ្ឌកម្មរបស់ទ្រង់ដ៏ច្បាស់លាស់ម្នាក់សម្រាប់ពួកអ្នក។

(51) ហើយចូរពួកអ្នកកុំបង្កើតម្ចាស់ផ្សេងទៀតដែលពួកអ្នកគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះជាម្ចាស់ឲ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។

(52) ហើយដូចជាការបដិសេធដែលពួកអ្នកស្រុកម៉ាក្កះបានបដិសេធ(មិនជឿ)ចំពោះវានោះដែរ ប្រជាជាតិជំនាន់មុនជាច្រើនក៏បានបដិសេធដូចគ្នាដែរ។ ជាការពិតណាស់ គ្មានអ្នកនាំសារណាម្នាក់ដែលមកពីអល់ឡោះបានមកដល់ពួកគេ(ប្រជាជាតិជំនាន់មុន)នោះឡើយ លើកលែងតែពួកគេបាននិយាយថាៈ គេជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត នោះឡើយ។

(53) តើពួកប្រឆាំងជំនាន់មុន និងពួកប្រឆាំងជំនាន់ក្រោយ បានផ្តាំផ្ញើគ្នាមិនឲ្យជឿចំពោះបណ្តាអ្នកនាំសារទាំងឡាយឬ? មិនមែនទេ! ផ្ទុយទៅវិញ គឺដោយសារតែពួកគេទាំងអស់គ្នា គឺជាក្រុមដែលបំពាន។

(54) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកដែលគ្មានជំនឿទាំងនោះចុះ។ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ ពីព្រោះអ្នកបានផ្សព្វផ្សាយដល់ពួកគេហើយនូវអ្វីដែលគេបានបញ្ជូនអ្នកទៅកាន់ពួកគេនោះ។

(55) ហើយចូរកុំឲ្យការបែរចេញរបស់អ្នកអំពីពួកគេនោះ រារាំងអ្នកពីការទូន្មានពួកគេ និងដាស់រំលឹកដល់ពួកគេឲ្យសោះ។ ដូចនេះ ចូរអ្នកផ្តល់ការទូន្មាននិងដាស់រំលឹកចំពោះពួកគេចុះ ព្រោះថា ការដាស់រំលឹកនោះ គឺផ្តល់ផលប្រយោជន៍ដល់អ្នកដែលមានជំនឿចំពោះអល់ឡោះ។

(56) ហើយយើងបានបង្កើតពពួកជិននិងមនុស្សលោកមិនមែនដើម្បីអ្វី ក្រៅពីដើម្បីឲ្យពួកគេគោរពសក្ការៈមកកាន់យើងតែមួយគត់នោះឡើយ។ យើងមិនបានបង្កើតពួកគេដើម្បីឲ្យពួកគេបង្កើតដៃគូសម្រាប់យើង(ក្នុងការគោរពសក្ការៈ)នោះទេ។

(57) យើងមិនត្រូវការលាភសក្ការៈអ្វីពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឲ្យពួកគេផ្តល់អាហារដល់យើងនោះដែរ។

(58) ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ព្រោះថា គ្រប់អ្វីៗទាំងអស់ សុទ្ធតែត្រូវការលាភសក្ការៈរបស់ទ្រង់ ហើយទ្រង់ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុតដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ។ ហើយទាំងពពួកជិន និងមនុស្សលោកទាំងអស់ ឱនលំទោនចំពោះអានុភាពទ្រង់។

(59) ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពានលើខ្លួនឯងតាមរយៈការបដិសេធ(មិនជឿ)ចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ពួកគេនឹងទទួលបានចំណែកនៃទណ្ឌកម្មដូចជាពួកជំនាន់មុនរបស់ពួកគេបានទទួលដែរ។ ទ្រង់មានពេលកំណត់ជាក់លាក់របស់ទ្រង់។ ហេតុនេះ ចូរពួកគេកុំទាមទារពីខ្ញុំឲ្យប្រញាប់(ដាក់ទណ្ឌកម្មពួកគេ)មុនពេលកំណត់របស់វាមកដល់។

(60) ដូច្នេះ ភាពអន្តរាយនិងការខាតបង់ គឺសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធអ្នកនាំសាររបស់ពួកគេនៅថ្ងៃបរលោក ជាថ្ងៃដែលពួកគេត្រូវបានសន្យាថានឹងទម្លាក់ទណ្ឌកម្មទៅលើពួកគេ។