6 - Al-An'aam ()

|

(1) ការពិពណ៌នានូវភាពពេញលេញឥតខ្ចោះ និងការកោតសរសើរចំពោះភាពល្អប្រពៃខ្ពង់ខ្ពស់ជាមួយសេចក្តីស្រលាញ់ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមក។ ហើយទ្រង់បានបង្កើតពេលយប់និងពេលថ្ងៃដែលកំពុងផ្លាស់ប្តូរវេនគ្នា(ទៅវិញទៅមក)។ ពេលយប់ ទ្រង់បានបង្កើតវាសម្រាប់ជាភាពងងឹត ហើយពេលថ្ងៃទ្រង់បានបង្កើតវាសម្រាប់ជាពន្លឺ។ ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកដែលគ្មានជំនឿនៅតែចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់ ហើយពួកគេបានយកអ្នកផ្សេងធ្វើជាដៃគូ(គោរពសក្ការៈ)រួមនឹងទ្រង់ដដែល។

(2) (អល់ឡោះជាម្ចាស់)ទ្រង់គឺជាព្រះដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំឡាយ)អំពីដីឥដ្ឋ ខណៈដែលទ្រង់បានបង្កើតព្យាការីអាហ្ទាំដែលជាឪពុករបស់ពួកអ្នកអំពីដីឥដ្ឋ។ បន្ទាប់មក ទ្រង់បានកំណត់ពេលវេលាសម្រាប់ពួកអ្នករស់នៅក្នុងលោកិយ ហើយទ្រង់បានកំណត់ពេលវេលាមួយផ្សេងទៀត(ថ្ងៃបរលោក)ដែលគ្មាននរណាម្នាក់អាចដឹងពីការកំណត់នេះបានឡើយលើកលែងតែទ្រង់ប៉ុណ្ណោះ ដើម្បីទ្រង់ពង្រោះពួកអ្នកឱ្យរស់ឡើងវិញនាថ្ងៃបរលោក។ ហើយក្រោយមក ពួកអ្នកនៅតែសង្ស័យចំពោះសមត្ថភាពរបស់ទ្រង់ក្នុងការប្រោសឱ្យរស់ឡើងវិញដដែល។

(3) ហើយ(អល់ឡោះ)ទ្រង់ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ទាំងអ្នកនៅលើមេឃជាច្រើនជាន់ និងអ្នកនៅផែនដី។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងបំផុតនូវអ្វីពួកអ្នកលាក់ទុក មិនថាការនៀត(ការប៉ង) ពាក្យសំដី និងទង្វើ(របស់ពួកអ្នក)នោះទេ។ ហើយទ្រង់មហាដឹងបំផុតនូវអ្វីៗដែលពួកអ្នកលាតត្រដាងឲ្យឃើញ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។

(4) ហើយគ្មានភស្តុតាងណាមួយមកពីព្រះជាម្ចាស់របស់មុស្ហរីគីនទាំងនោះបានមកដល់គេ ក្រៅពីពួកគេបានបោះបង់វាចោលដោយគ្មានខ្វាយខ្វល់អ្វីឡើយ។ ពិតប្រាកដណាស់ បណ្តាភស្តុតាងដ៏ច្បាស់លាស់និងអំណះអំណាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះបានមកដល់ពួកគេ ហើយបណ្តាភស្តុតាងដែលបង្ហាញពីសច្ចភាពរបស់បណ្តាអ្នកនាំសាររបស់ទ្រង់ក៏បានមកដល់ពួកគេដែរ។ តែទោះបីយ៉ាងនេះក៏ដោយ ក៏ពួកគេនៅតែងាកចេញពីភស្តុតាងទាំងនោះ ដោយគ្មានអើពើអ្វីទាល់តែសោះ។

(5) ហើយប្រសិនបើពួកគេបានងាកចេញពីបណ្តាភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងដ៏ឧត្តុង្គឧត្តមទាំងនោះ គឺពួកគេពិតជាបានងាកចេញពីអ្វីដែលច្បាស់លាស់បំផុត ពីព្រោះពួកគេបានបដិសេធនូវអ្វីដែលដែលព្យាការីមូហាំម៉ាត់បាននាំនៃគម្ពីរគួរអាន។ ហើយពួកគេនឹងដឹងថា អ្វីដែលពួកគេធ្លាប់បានសើចចំអកចំពោះបណ្តាភស្តុតាងដែលបានមកដល់ពួកគេនោះ វាគឺជាការពិត នៅពេលដែលពួកគេបានឃើញទណ្ឌកម្មនៅថ្ងៃបរលោក។

(6) តើពួកគ្មានជំនឿមិនបានដឹងទេឬអំពីមាគ៌ារបស់អល់ឡោះក្នុងការបំផ្លាញប្រជាជាតិដែលបំពាននោះ? ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបំផ្លាញប្រជាជាតិជំនាន់មុនពួកគេជាច្រើនមកហើយ ដែលប្រជាជាតិទាំងនោះ ទ្រង់បានប្រទានឱ្យពួកគេអំពីមូលហេតុដែលធ្វើឱ្យពួកគេខ្លាំងពូកែ និងមានជីវិតរស់នៅលើផែនដីបានយូរអង្វែង ដែលទ្រង់ពុំធ្លាប់បានប្រទានឱ្យពួកគ្មានជំនឿ(ជំនាន់ព្យាការីមូហាំម៉ាត់)ទាំងនោះទេ។ ហើយទ្រង់ក៏បានបញ្ចុះទឹកភ្លៀងយ៉ាងច្រើន(ទៅលើពួកគេ) និងបានធ្វើឲ្យមានទន្លេជាច្រើនហូរនៅខាងក្រោមលំនៅដ្ឋានរបស់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាប្រឆាំងនឹងអល់ឡោះជាម្ចាស់ទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេចំពោះអំពើល្មើសដែលពួកគេបានប្រព្រឹត្ត។ ហើយអល់ឡោះបានបង្កើតប្រជាជាតិមួយថ្មីទៀតបន្ទាប់ពីពួកគេ។

(7) ហើយប្រសិនបើយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ហើយពួកគេបានឃើញគម្ពីរនោះដោយផ្ទាល់ភ្នែករបស់ពួកគេ ហើយពួកគេបញ្ជាក់ឱ្យកាន់តែច្បាស់ចំពោះវា ដោយពួកគេស្ទាបគម្ពីរនោះនឹងដៃរបស់ពួកគេផ្ទាល់ក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿនឹងវាដដែល ដោយសារតែភាពប្រឆាំង និងភាពរឹងរូសចេញអំពីពួកគេ ហើយពួកគេបាននិយាយថាៈ អ្វីដែលអ្នកនាំមកនេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងពិតប្រាកដនោះទេ។ ដូចនេះ ពួកយើងនឹងមិនមានជំនឿចំពោះវាជាដាច់ខាត។

(8) ហើយពួកគ្មានជំនឿទាំងនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់បញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយព្យាការីមូហាំម៉ាត់ឱ្យមកនិយាយជាមួយពួកយើង ហើយម៉ាឡាអ៊ីកាត់នោះបញ្ជាក់ថា ពិតណាស់ គាត់(មូហំាម៉ាត់)គឺជាអ្នកនាំសារម្នាក់(មកពីអល់ឡោះ)ពិតមែននោះ ពួកយើងប្រាកដជានឹងមានជំនឿមិនខាន។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់មួយរូប(អមព្យាការី)តាមអ្វីដែលពួកគេរៀបរាប់ចង់បាននោះ ច្បាស់ជាយើងនឹងកម្ទេចពួកគេតែម្តងនៅពេលពួកគេមិនមានជំនឿនោះ ហើយពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យសារភាពកំហុសឡើយ ប្រសិនបើរឿងនោះបានកើតឡើងមែននោះ។

(9) ហើយប្រសិនបើយើងបានបញ្ជូនអ្នកនាំសារជាម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេវិញនោះ ច្បាស់ជាយើងបង្កើតម៉ាឡាអ៊ីកាត់នោះក្នុងរូបភាពជាបុរសភេទ ដើម្បីឱ្យពួកគេអាចស្តាប់ និងអាចទទួលសេចក្តីបង្រៀនពីគេបាន ពីព្រោះពួកគេមិនអាចស្តាប់ និងមិនអាចទទួលយកសេចក្តីបង្រៀនពី(អ្នកនាំសារដែលជា)ម៉ាឡាអ៊ីកាត់បាននោះទេនៅពេលដែលគេស្ថិតក្នុងរូបភាពដែលអល់ឡោះជាម្ចាស់បានបង្កើតនោះ។ សូម្បីតែយើងបានបង្កើតគេក្នុងរូបរាងជាបុរសភេទក៏ដោយ ក៏រឿងនោះនៅតែធ្វើឱ្យពួកគេភាន់ច្រឡំដដែល។

(10) ហើយប្រសិនបើពួកទាំងនោះបានចំអកឡកឡឺយដោយពួកគេទាមទារឱ្យបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបមកជាមួយអ្នក(ព្យាការីមូហាំម៉ាត់)នោះ ពិតណាស់ ប្រជាជាតិជាច្រើននៅជំនាន់មុនអ្នកក៏បានចំអកឡកឡឺយចំពោះបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ។ ពេលនោះ ពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មដែលពួកគេធ្លាប់បានបដិសេធនិងធ្លាប់បានសើចចំអកនៅពេលគេលើកយកទណ្ឌកម្មនេះមកគំរាមបន្លាចពួកគេនោះ។

(11) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿដែលចំអកឡកឡឺយទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះចុះ បន្ទាប់មក ចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនឹងបណ្តាអ្នកនាំសាររបស់អល់ឡោះនោះទៅជាយ៉ាងណា? ពិតណាស់ ពួកគេត្រូវបានទទួលរងនូវការដាក់ទណ្ឌកម្មពីអល់ឡោះ បន្ទាប់ពីពួកគេមានភាពខ្លាំងពូកែនិងរឹងមាំ។

(12) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើការគ្រប់គ្រងមេឃជាច្រើនជាន់ ការគ្រប់គ្រងផែនដី និងការគ្រប់គ្រងអ្វីៗដែលមាននៅរវាងមេឃនិងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយប្រាប់(ពួកគេ)ថាៈ ការគ្រប់គ្រងវាទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់ ជាក្តីសប្បុរសអំពីទ្រង់ចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនប្រញាប់ដាក់ទណ្ឌពួកគេភ្លាមៗឡើយ។ លុះនៅពេលដែលពួកគេមិនព្រមសារភាពកំហុសនោះ ទ្រង់នឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ជាថ្ងៃដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខ្លួនពួកគេបានខាតបង់ដោយការគ្មានជំនឿចំពោះអល់ឡោះនោះ ចូរឱ្យពួកគេសង្គ្រោះខ្លួនរបស់ពួកគេពីភាពខាតបង់ចុះ។

(13) ការគ្រប់គ្រងអ្វីៗទាំងអស់ មិនថាស្ថិតនៅពេលយប់ឬពេលថ្ងៃ គឺជាកម្មសិទិ្ធរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីរបស់ពួកគេ មហាដឹងបំផុតនូវទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។

(14) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈរូបបដិមា និងអ្វីផ្សេងទៀតរួមជាមួយនឹងអល់ឡោះថាៈ តើអាចទទួលយកបានដែរឬទេដែលខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ ហើយខ្ញុំសុំជំនួយពីគេនោះ ខណៈដែលទ្រង់ គឺជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយគ្មានគំរូពីមុនមកសោះនោះ? ពិតណាស់ មេឃនិងផែនដីមិនត្រូវបានគេបង្កើតពីមុនមកនោះទេ។ ហើយទ្រង់គឺជាអ្នកដែលប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មានខ្ញុំបម្រើរបស់ទ្រង់អ្នកណាម្នាក់ផ្តល់លាភសក្ការៈដល់ទ្រង់នោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់នោះទេ តែបណ្តាខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ទៅវិញទេដែលពួកគេជាអ្នកមានតម្រូវការចំពោះទ្រង់នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានម្ចាស់របស់ខ្ញុំបញ្ជាឱ្យក្លាយទៅជាអ្នកគោរពប្រណិប័តន៍និងបន្ទាបខ្លួនចំពោះទ្រង់(ជាជនមូស្លីម)មុនគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។ ហើយទ្រង់បានហាមខ្ញុំមិនឱ្យខ្ញុំក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលយកអ្វីផ្សេងមកគោរពសក្ការៈរួមជាមួយនឹងទ្រង់ឡើយ។

(15) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាចទ្រង់នឹងដាក់ទណ្ឌកម្មខ្ញុំនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោកនៅពេលដែលខ្ញុំប្រព្រឹត្តអំពើល្មើសដែលទ្រង់បានហាមឃាត់មកចំពោះរូបខ្ញុំ ដូចជាការធ្វើស្ហ៊ីរិក និងអ្វីផ្សេងទៀត ឬក៏ខ្ញុំបោះបង់ចោលនូវអ្វីដែលទ្រង់បានដាក់បទបញ្ជាមកចំពោះខ្ញុំ ដូចជាការមានជំនឿ ឬប្រការផ្សេងៗទៀតនៃការគោរពប្រតិបត្តិនោះ។

(16) ជនណាដែលអល់ឡោះបញ្ជៀសរូបគេពីទណ្ឌកម្មនៅថ្ងៃបរលោកនោះ គឺគេពិតជាបានទទួលជោគជ័យដោយក្តីមេត្តាករុណារបស់អល់ឡោះ។ ការរួចផុតពីទណ្ឌកម្មនោះ គឺជាជោគជ័យមួយដ៏ច្បាស់លាស់ ដោយគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

(17) ហើយប្រសិនបើអល់ឡោះឱ្យគ្រោះថ្នាក់អ្វីមួយប៉ះទង្គិចអ្នក(ឱកូនចៅអាហ្ទាំ)នោះ គឺគ្មានអ្នកណាអាចជួយការពារអ្នកពីគ្រោះថ្នាក់នោះក្រៅពីអល់ឡោះជាម្ចាស់បានឡើយ។ ហើយប្រសិនបើទ្រង់ធ្វើឱ្យអ្នកទទួលបាននូវប្រការល្អវិញនោះ ក៏គ្មានអ្នកណាម្នាក់មករារាំងប្រការនោះបានឡើយ ហើយក៏គ្មានអ្នកណាម្នាក់អាចទប់ស្កាត់ភាពសប្បុរសរបស់ទ្រង់បានដែរ។ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

(18) ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលអាចធ្វើឱ្យពួកគេអាប់ឱន ជាម្ចាស់មហាខ្ពង់ខ្ពស់ទៅលើពួកគេគ្រប់រូបភាពទាំងអស់ដែលគ្មាននរណាអាចធ្វើឱ្យទ្រង់អសមត្ថភាពបានឡើយ ហើយក៏គ្មាននរណាម្នាក់ឱ្យយកឈ្នះទ្រង់បាននោះដែរ។ អ្វីៗទាំងអស់សុទ្ធតែឱនលំទោនចំពោះទ្រង់។ ទ្រង់ស្ថិតនៅខាងលើខ្ញុំបម្រើរបស់ទ្រង់ទៅតាមអ្វីដែលសាកសមនឹងទ្រង់។ ហើយទ្រង់គឺជាម្ចាស់ដែលមហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ជាម្ចាស់មហាដឹងបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

(19) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធ(មិនព្រមជឿ)ចំពោះអ្នកចុះថាៈ តើអ្វីដែលជាសាក្សីដ៏ខ្ពង់ខ្ពស់និងធំធេងជាងគេដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំនោះ? ចូរអ្នកឆ្លើយថាៈ អល់ឡោះជាម្ចាស់គឺជាសាក្សីខ្ពង់ខ្ពស់ និងធំធេងបំផុតដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ។ ទ្រង់នោះហើយជាសាក្សីរវាងខ្ញុំនិងរវាងពួកអ្នកទាំងអស់គ្នា។ ទ្រង់ដឹងបំផុតចំពោះអ្វីដែលខ្ញុំបាននាំមកឱ្យពួកអ្នក និងដឹងបំផុតចំពោះអ្វីដែលពួកអ្នកកំពុងច្រានចោលផងដែរ។ ហើយអល់ឡោះបានវ៉ាហ៊ី(ផ្តល់សារ)នូវគម្ពីរគួរអាននេះមកកាន់ខ្ញុំដើម្បីឲ្យខ្ញុំព្រមានបន្លាចពួកអ្នកតាមរយៈគម្ពីរនេះ។ ហើយខ្ញុំនឹងបន្លាចតាមរយៈគម្ពីរគួរអាននេះចំពោះជនណាហើយដែលគម្ពីរនេះបានទៅដល់រូបគេក្នុងចំណោមមនុស្សលោក និងជិន។ ជាការពិតណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែមានជំនឿថា ពិតណាស់មានព្រះផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនធ្វើសាក្សីលើអ្វីដែលពួកអ្នកបានទទួលស្គាល់នោះឡើយ ដោយសារតែភាពមិនពិតរបស់វា។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ ហើយពិតណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ឡើយ។

(20) ពួកយូដាដែលយើងបានប្រទានគម្ពីរតាវរ៉តដល់ពួកគេ និងពួកណាសរ៉នីដែលយើងបានប្រទានគម្ពីរអិនជីលដល់ពួកគេនោះ ពួកទាំងនោះស្គាល់ព្យាការីមូហាំម៉ាត់ច្បាស់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេច្បាស់ជាងកូនចៅរបស់អ្នកដទៃដូច្នោះដែរ។ ពួកទាំងនោះ គឺពួកដែលខាតបង់ខ្លួនឯង ដោយពួកគេត្រូវបានបញ្ចូលទៅក្នុងឋាននរក ដោយសារតែពួកគេគ្មានជំនឿ។

(21) គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលចោទថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូ ហើយគេបានគោរពសក្ការៈចំពោះអ្នកផ្សេងនោះរួមជាមួយទ្រង់ ឬបដិសេធនឹងភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់នោះទេ។ ជាការពិតណាស់ ពួកដែលបំពានដោយចោទថា អល់ឡោះជាម្ចាស់មានដៃគូ និងមិនមានជំនឿចំពោះបណ្តាភស្តុតាងរបស់ទ្រង់នោះ ពួកគេគ្មានថ្ងៃទទួលបានជោគជ័យជាដាច់ខាត បើសិនជាពួកគេមិនទទួលសារភាពកំហុសទេនោះ។

(22) ចូរអ្នកនឹកឃើញចុះពីថ្ងៃបរលោក នៅពេលដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នាដោយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេអាចរួចផុតបានឡើយ។ បន្ទាប់មក យើងមានបន្ទួលទៅកាន់ពួកដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយអល់ឡោះ ជាការស្តីបន្ទោសចំពោះពួកគេថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានអះអាងដោយភូតកុហកថា ពួកវាជាដៃគូរបស់អល់ឡោះជាម្ចាស់នោះនៅឯណាទៅ?

(23) ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីនោះទេបន្ទាប់ពីការសាកសួរនេះហើយនោះ ក្រៅពីពួកគេនិយាយលាងខ្លួនពួកគេពីពួកព្រះទាំងអស់នោះប៉ុណ្ណោះ ហើយពួកគេនិយាយទាំងភូតភរថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង! កាលនៅលើលោកិយ ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេងរួម)ជាមួយនឹងទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកយើង គឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយអង្គគត់។

(24) ចូរអ្នក(ឱមូហាំម៉ាត់)មើលចុះ ថាតើពួកគេភូតកុហកចំពោះខ្លួនឯង ដោយបដិសេធថា ពួកគេពុំធ្លាប់ធ្វើស្ហ៊ីរិក(ពហុទេពនិយមជាមួយអល់ឡោះ)នោះយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានបង្កើតវាធ្វើជាដៃគូរួមជាមួយអល់ឡោះកាលនៅក្នុងលោកិយនោះ បានបាត់ចេញពីពួកគេនិងបានបោកប្រាស់ពួកគេ។

(25) ហើយក្នុងចំណោមពួកមុស្ហរីគីន គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលអ្នកសូត្រគម្ពីរគួរអាន។ ប៉ុន្តែពួកគេមិនទទួលបានទទួលផលប្រយោជន៍ពីអ្វីដែលពួកគេស្ដាប់លឺនោះទេ ដោយសារតែយើងបានបង្កើតគម្របនៅលើដួងចិត្តរបស់ពួកគេ រហូតដល់ពួកគេមិនអាចយល់ពីគម្ពីរគួរអានបាន ដោយសារតែភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេ។ ហើយយើងបានបង្កើតឆ្នុកមួយនៅក្នុងត្រចៀករបស់ពួកគេ ដោយពួកគេមិនអាចស្តាប់លឺនូវអ្វីដែលមានផលប្រយោជន៍ឡើយ ហើយបើទោះបីជាពួកគេបានឃើញសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់ក្រឡែតហើយក៏ដោយ ក៏ពួកគេគ្មានជំនឿដែរ។ លុះដល់ពេលពួកគេបានទៅជួបអ្នក ពួកគេបានឈ្លោះប្រកែកនឹងអ្នកដោយយករឿងមិនពិតមកតតាំងនឹងរឿងពិតដោយនិយាយថាៈ អ្វីដែលអ្នកនាំមកឱ្យនេះសុទ្ធតែដកស្រង់ចេញពីបណ្តាគម្ពីររបស់ពួកជំនាន់មុនមកប៉ុណ្ណោះ។

(26) ហើយពួកគេហាមឃាត់អ្នកដទៃមិនឱ្យមានជំនឿចំពោះអ្នកនាំសារ ហើយពួកគេផ្ទាល់ក៏ចៀសឆ្ងាយអំពីការមានជំនឿចំពោះអ្នកនាំសារដែរ។ ដូចនេះ ពួកគេមិនទុកឱ្យនរណាម្នាក់អាចទទួលបានផលប្រយោជន៍ពីការមានជំនឿចំពោះអ្នកនាំសារនោះទេ ហើយពួកគេក៏មិនទទួលបានផលប្រយោជន៍ពីវាដែរ។ ហើយពួកគេមិនបានដឹងឡើយថា អ្វីដែលពួកគេកំពុងតែប្រព្រឹត្តនោះ គ្មានផ្តល់អ្វីក្រៅពីការបំផ្លាញខ្លួនឯងនោះឡើយ។

(27) ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញពេលដែលពួកគេត្រូវបានគេយកទៅបង្ហាញខ្លួននៅមុខឋាននរកនៅថ្ងៃបរលោក ដោយពួកគេនិយាយទាំងមានវិប្បដិសារីថាៈ ឱអនិច្ចាអ្វីម្លេះទេពួកយើង! ប្រសិនបើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតនោះ ពួកយើងពិតជានឹងមិនបដិសេធបណ្តាភស្តុតាងរបស់អល់ឡោះម្ចាស់ទៀតនោះទេ ហើយពួកយើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនខាន។ (ប្រសិនបើអ្នកមើលឃើញដូច្នោះនោះ) អ្នកនឹងបានឃើញអំពីស្ថានភាពដ៏អាក្រក់របស់ពួកគេ។

(28) រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះទេដែលថា បើសិនជាពួកគេត្រូវបានគេត្រលប់(មកកាន់លោកិយ)វិញនោះ ពួកគេច្បាស់ជាមានជំនឿនោះ។ ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងអំពីពាក្យសំដីរបស់ពួកគេដែលបាននិយាយថា “សូមស្បថទៅចំពោះអល់ឡោះ! យើងមិនមែនជាអ្នកពហុទេពនិយមនោះទេ”នោះ បានលាតត្រដាងឱ្យពួកគេបានឃើញ នៅពេលដែលអវយវៈទាំងអស់របស់ពួកគេបានធ្វើសាក្សីប្រឆាំងនឹងពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេកំណត់ឲ្យ(ពួកគេអាច)វិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)បានមែននោះ ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែលទៀត ដូចជាការគ្មានជំនឿ និង(ការប្រព្រឹត្ត)អំពើពហុទេពនិយមជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះការសន្យារបស់ពួកគេដែលថា ពួកគេនឹងមានជំនឿប្រសិនបើពួកគេបានវិលត្រលប់(មកកាន់ជីវិតលោកិយ)វិញនោះ។

(29) ហើយពួកមុស្ហរីគីនទាំងនោះបាននិយាយថាៈ គ្មានជីវិតណាក្រៅពីជីវិត(លោកិយ)ដែលពួកយើងកំពុងតែស្ថិតនៅនេះនោះទេ ហើយពួកយើងក៏មិនត្រូវបានគេពង្រស់ឱ្យរស់ឡើងវិញដើម្បីជំនុំជម្រះនោះដែរ។

(30) ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញ នៅពេលដែលពួកគ្មានជំនឿលើការពង្រស់(មនុស្ស)ឱ្យរស់ឡើងវិញត្រូវបានគេឲ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេនោះ អ្នកច្បាស់ជានឹងបានឃើញទាំងភ្ញាក់ផ្អើលអំពីស្ថានភាពដ៏អាក្រក់របស់ពួកគេ ខណៈដែលទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ តើការពង្រស់ឱ្យរស់ឡើងវិញដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវានេះ វាពុំមែនជាការពិតដែលគ្មានការសង្ស័យចំពោះវាទេឬ? ពួកគេបានឆ្លើយតបថាៈ ពួកយើងសូមស្បថនឹងម្ចាស់ដែលបានបង្កើតពួកយើង! ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មានការសង្ស័យអ្វីឡើយចំពោះវា។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេនៅពេលនោះទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មដោយសារតែភាពគ្មានជំនឿរបស់ពួកអ្នកនឹងថ្ងៃនេះ(ថ្ងៃបរលោក)ចុះ។ ពិតប្រាកដណាស់ ពួកកអ្នកធ្លាប់បានបដិសេធ(មិនជឿ)នឹងថ្ងៃបរលោកនេះកាល(ពួកអ្នក)នៅលើលោកិយ។

(31) ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿលើការពង្រស់ឱ្យរស់ឡើងវិញនៅថ្ងៃបរលោក ហើយពួកគេសុំបញ្ចៀសខ្លួនគេឲ្យឆ្ងាយអំពីការឈរនៅចំពោះមុខអល់ឡោះនោះ ពិតជាបានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេមួយភ្លាមៗដោយពួកគេមិនបានដឹងជាមុននោះ ពួកគេក៏បាននិយាយទាំងមានវិប្បដិសារីយ៉ាងខ្លាំងថាៈ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើង! ក្តីសង្ឃឹមរបស់ពួកយើងបានបាត់បង់ដោយសារតែអ្វីដែលពួកយើងបានធេ្វសប្រហែស ដូចជាការមិនមានជំនឿចំពោះអល់ឡោះ និងពុំមានការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ខណៈដែលពួកគេរែកពន់អំពើអាក្រក់របស់ពួកគេនៅលើខ្នងរបស់ពួកគេ។ ពិតប្រាកដណាស់ អ្វីដែលពួកគេរែកពន់នៃប្រការអាក្រក់នោះ គឺអាក្រក់ជាទីបំផុត។

(32) ហើយជីវិតលោកិយដែលពួកអ្នកស្រឡាញ់នេះ គ្មានអ្វីក្រៅពីជាល្បែងកំសាន្ត និងជាការបោកបញ្ឆោតចំពោះអ្នកដែលមិនបានធ្វើអ្វីដែលអល់ឡោះពេញចិត្តនោះប៉ុណ្ណោះ។ រីឯឋានបរលោកវិញ គឺល្អប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ តាមរយៈការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ ដូចជាការជំនឿនិងការគោរពប្រតិបត្តិ និងបោះបង់ចោលប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសនានា។ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនពិចារណាចំពោះរឿងនោះទេឬ? ហេតុនេះ ចូរពួកអ្នកមានជំនឿនិងសាងនូវទង្វើកុសលចុះ។

(33) យើង(អល់ឡោះ)ពិតជាដឹងថា ការដែលពួកគេបដិសេធមិនមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយបើកចំហបែបនេះ ធ្វើឱ្យអ្នកមានទុក្ខព្រួយ។ តែចូរអ្នកចុះដឹងថា តាមពិតទៅ នៅក្នុងចិត្តរបស់ពួកគេ គឺពួកគេមិនមែនមិនជឿលើអ្នកនោះទេ ដោយសារតែពួកគេបានដឹងអំពីភាពសច្ចៈ និងភាពទៀងត្រង់របស់អ្នក។ ក៏ប៉ុន្ដែ ពួកគេជាក្រុមដែលបំពាន ប្រឆាំងនឹងបទបញ្ជារបស់អ្នកក្នុងលក្ខណៈបើកចំហ ខណៈពួកគេជឿជាក់យ៉ាងពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេ(ពីភាពជាព្យាការីរបស់អ្នក)

(34) ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ការបដិសេធមិនព្រមជឿនេះ គឺកើតមានតែចំពោះអ្វីដែលអ្នកបាននាំមកនោះ។ ជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធមិនព្រមមានជំនឿដែរ ហើយពួកគេត្រូវបានក្រុមរបស់ពួកគេធ្វើទុកបុកម្នេញ តែពួកគេបានប្រឈមមុខនឹងបញ្ហាទាំងនោះដោយការអត់ធ្មត់លើការអំពាវនាវ និងការតស៊ូនៅក្នុងមាគ៌ារបស់អល់ឡោះ រហូតទាល់តែជំនួយពីអល់ឡោះបានមកដល់ពួកគាត់។ ហើយគ្មានកែប្រែនោះឡើយនូវអ្វីដែលអល់ឡោះបានកត់ត្រាទុកអំពីការជួយ(ដល់បណ្តាអ្នកនាំសាររបស់ទ្រង់) និងពាក្យសន្យាជាមួយបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។ ពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)មួយចំនួនរបស់បណ្តាអ្នកនាំសារជំនាន់មុនអ្នក និងអ្វីដែលពួកគេបានជួបប្រទះពីក្រុមរបស់ពួកគេ ហើយនិងជំនួយដែលអល់ឡោះបានផ្តល់ឲ្យពួកគេដោយឲ្យពួកគេមានជ័យជម្នះលើសត្រូវរបស់ពួកគេតាមរយៈការបំផ្លាញសត្រូវរបស់ពួកគេនោះ គឺបានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ាត់)នូវ។

(35) ប្រសិនបើមានការលំបាក(កើតមាន)ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវអ្វីដែលអ្នកបានជួបប្រទះ ដូចជាការបដិសេធមិនព្រមជឿ និងការងាកបែរចេញរបស់ពួកគេពីអ្វីដែលអ្នកបាននាំមកនៃសេចក្តីពិតនោះ ដូច្នេះ ប្រសិនបើអ្នកមានលទ្ធភាពស្វែងរករូងមួយចូលទៅក្នុងដី ឬជណ្ដើរមួយឡើងទៅលើមេឃ ហើយអ្នកអាចនាំយកភស្ដុតាងណាមួយមកឲ្យពួកគេផ្សេងពីអ្វី(សញ្ញាភស្តុតាង)ដែលយើងបានពង្រឹងដល់អ្នកនោះ ចូរអ្នកធ្វើចុះ។ ហើយប្រសិនបើអល់ឡោះមានចេតនាប្រមូលផ្ដុំពួកគេទាំងអស់ឱ្យស្ថិតលើការចង្អុលបង្ហាញដែលអ្នកបាននាំមកនោះ ទ្រង់ពិតនឹងជាប្រមូលផ្ដុំពួកគេទាំងអស់គ្នាជាមិនខាន ក៏ប៉ុន្តែទ្រង់មិនមានចេតនាដូច្នោះឡើយ ដោយសារតែមានបុព្វហេតុច្បាស់លាស់របស់វា។ ដូចនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលមិនដឹងរឿងនេះ ដែលជាហេតុធ្វើឲ្យអ្នកមានទុក្ខព្រួយដោយសារតែពួកគេគ្មានជំនឿនោះឡើយ។

(36) តាមពិត មានតែអ្នកដែលស្តាប់ពាក្យសម្តី(របស់ព្យាការីមូហាំម៉ាត់) និងយល់វាទេ ដែលឆ្លើយតបដោយទទួលយកនូវអ្វីដែលអ្នកបាននាំមកនោះ។ ចំណែកឯពួកដែលគ្មានជំនឿដែលជាមនុស្សស្លាប់(ចិត្ត)វិញនោះ គឺពួកគេគ្មានអ្វីនឹងឆ្លើយចំពោះអ្នកនោះទេ ពីព្រោះដួងចិត្តរបស់ពួកគេបានស្លាប់បាត់ទៅហើយ។ ហើយចំពោះអ្នកដែលស្លាប់វិញ អល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទាប់មក ពួកគេនឹងវិលត្រលប់ទៅកាន់ទ្រង់តែមួយទ្រង់គត់ ដើម្បីទ្រង់នឹងតបស្នងពួកគេលើអ្វីដែលពួកគេបានសាងកន្លងមក។

(37) ហើយពួកមុស្ហរីគីនបាននិយាយដោយភាពរឹងរូស និងគ្មានជំនឿថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះសញ្ញាភស្តុតាងមួយដ៏អស្ចារ្យមកឱ្យព្យាការីមូហាំម៉ាត់តែម្តងទៅ ដើម្បីយកធ្វើជាអំណះអំណាងពីម្ចាស់របស់គេបញ្ជាក់ពីសច្ចភាពរបស់គេចំពោះអ្វីដែលគេបាននាំមកឱ្យនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពក្នុងការបញ្ចុះសញ្ញាភស្តុតាងណាមួយស្របតាមអ្វីដែលពួកគេចង់បាន។ ក៏ប៉ុន្ដែភាគច្រើននៃពួកមុស្ហរីគីនដែលទាមទារឱ្យបញ្ចុះសញ្ញាភស្តុតាងនោះ ពួកគេមិនដឹងថា ការបញ្ចុះបណ្តាសញ្ញាភស្តុតាងទាំងឡាយ គឺអាស្រ័យទៅតាមគតិបណ្ឌិតរបស់អល់ឡោះ(តែមួយគត់) ពុំមែនអាស្រ័យទៅតាមអ្វីដែលពួកគេទាមទារនោះទេ។ ប្រសិនបើអល់ឡោះបញ្ចុះសញ្ញាភស្តុតាងនោះ តែក្រោយមកពួកគេមិនមានជំនឿនោះ ប្រាកដជាទ្រង់នឹងកម្ទេចពួកគេជាមិនខាន។

(38) ហើយសត្វគ្រប់ប្រភេទដែលធ្វើចលនានៅលើផែនដី និងបក្សីគ្រប់ប្រភេទដែលហើរនៅលើមេឃ គឺមានអម្បូរជាច្រើនប្រភេទដែលអល់ឡោះបានបង្កើត និងប្រទានលាភសក្ការៈឱ្យពួកវាដូចពួកអ្នក(ឱកូនចៅអាហ្ទាំ)ដែរ។ យើងមិនបានទុកចោលអ្វីមួយ(ដែលមានកត់ត្រា)នៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)នោះទេ លើកលែងតែយើងនឹងឲ្យវាកើតមានឡើង(យ៉ាងពិតប្រាកដ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងនូវរឿងរ៉ាវទាំងអស់របស់ពួកគេ។ បន្ទាប់មកនៅថ្ងៃបរលោក ពួកគេនឹងត្រូវប្រមូលផ្តុំទៅកាន់ម្ចាស់របស់ពួកគេវិញតែមួយគត់ដើម្បីជំនុំជម្រះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាកសមនឹងទទួលបាន។

(39) ហើយពួកដែលបានបដិសេធមិនជឿនឹងបណ្តាភស្តុតាងនានារបស់យើង ពួកគេប្រៀបដូចជាមនុស្សថ្លង់ស្តាប់អ្វីមិនឮ និងមនុស្សគមិនចេះនិយាយអញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ ពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ។ សម្រាប់អ្នកដែលស្ថិតនៅក្នុងស្ថានភាពបែបនេះ តើគេអាចទទួលបានការចង្អុលបង្ហាញបានយ៉ាងដូចម្តេចទៅ? ជនណាហើយក្នុងចំណោមមនុស្សលោកដែលអល់ឡោះមានចេតនាឱ្យគេវងេ្វងនោះ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេវងេ្វង ហើយជនណាហើយដែលទ្រង់មានចេតនាចង្អុលបង្ហាញផ្លូវពិតដល់គេវិញ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរជាមិនខាន។

(40) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃបរលោកដែលគេបានសន្យាចំពោះពួកអ្នកបានមកដល់ពួកអ្នកនោះ តើក្នុងខណៈពេលនោះ ពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឱ្យបញ្ចៀសគ្រោះថ្នាក់ ឬការលំបាកចេញពីពួកអ្នកឬ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងថា ព្រះទាំងឡាយរបស់ពួកអ្នកអាចផ្តល់ប្រយោជន៍ និងអាចការពារគ្រោះថ្នាក់បានមែននោះ?

(41) ជាការពិតណាស់ (នៅពេលនោះ) ពួកអ្នកប្រាកដជានឹងមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលបានបង្កើតពួកអ្នកឲ្យបញ្ចៀសពួកអ្នកពីការសាកល្បង និងដកយកគ្រោះថ្នាក់ទាំងនោះចេញពីពួកអ្នកនោះឡើយ ពីព្រោះទ្រង់គឺជាម្ចាស់គ្រប់គ្រងរឿងរ៉ាវទាំងនោះ និងជាអ្នកដែលមានអានុភាពលើប្រការទាំងនោះ។ រីឯព្រះនានារបស់ពួកអ្នកដែលពួកអ្នកយកមកធ្វើជាដៃគូរួមជាមួយអល់ឡោះនោះ ពួកអ្នកបានបោះបង់វាចោល ដោយសារតែពួកអ្នកដឹងថា ពួកវាគ្មានលទ្ធភាពអាចផ្តល់ផលប្រយោជន៍ និងបង្កគ្រោះថ្នាក់ណាមួយ(ដល់ពួកអ្នក)បានឡើយ។

(42) ជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ប្រជាជាតិមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) តែពួកគេ(ប្រជាជាតិទាំងនោះ)បានគេបដិសេធនឹងអ្នកនាំសារទាំងនោះ ហើយបានងាកចេញពីអ្វីដែលពួកគេបាននាំមក។ ពេលនោះ យើងបានដាក់ទោសពួកគេដោយឱ្យពួកគេទទួលរងនូវទុក្ខលំបាកវេទនា ដូចជាភាពក្រខ្សត់ និងអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួនប្រាណរបស់ពួកគេ ដូចជាជំងឺដង្កាត់ជាដើម ដើម្បីឱ្យពួកគេឱនលំទោន និងបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ។

(43) ប្រសិនបើពួកគេឱនលំទោនចំពោះអល់ឡោះនៅពេលដែលគ្រោះថ្នាក់របស់យើងបានមកដល់ពួកគេ ដើម្បីឱ្យទ្រង់ដកយកគ្រោះថ្នាក់ចេញពីពួកគេនោះ ច្បាស់ជាយើងអាណិតអាសូរដល់ពួកគេជាមិនខាន។ ក៏ប៉ុន្តែពួកគេមិនបានធ្វើដូច្នោះឡើយ។ ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកគេមានភាពរឹងរួសដោយពួកគេមិនព្រមយកជាមេរៀន និងមិនព្រមទទួលយកការទូន្មាននោះឡើយ ហើយស្ហៃតនបានតុបតែងលម្អនូវអ្វីដែលពួកគេកំពុងតែប្រព្រឹត្តនៃភាពគ្មានជំនឿ និងការប្រព្រឹត្តល្មើស។ ដូចនេះ ពួកគេនៅតែបន្តស្ថិតនៅលើអ្វី(ភាពគ្មានជំនឿ)ដែលពួកគេបានប្រព្រឹត្តនោះ។

(44) ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានផ្តល់ជាដំបូន្មានដល់ពួកគេតាមរយៈវា ដូចជាភាពក្រខ្សត់ និងជំងឺដង្កាត់នានា ហើយពួកគេមិនបានប្រតិបត្តិតាមបទបញ្ជារបស់អល់ឡោះនោះ យើងបានល្បួងពួកគេ ដោយការបើកទ្វារលាភសក្ការៈឱ្យពួកគេ និងធ្វើឱ្យពួកគេមានភាពធូធារបន្ទាប់ពីភាពក្រខ្សត់ ព្រមទាំងធ្វើឲ្យខ្លួនប្រាណរបស់ពួកគេជាសះស្បើយបន្ទាប់ពីមានជំងឺ។ លុះដល់ពេលពួកគេមានភាពក្អេងក្អាង ហើយអារម្មណ៍សប្បាយភ្លើតភ្លើនបានមកគ្រប់គ្រងលើពួកគេនោះ ទណ្ឌកម្មរបស់យើងក៏បានមកដល់ពួកគេភ្លាមៗ។ ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹមរបស់ពួកគេនោះ។

(45) ហើយអ្នកចុងក្រោយគេបង្អស់ក្នុងចំណោមពួកគ្មានជំនឿត្រូវបានគេ(អល់ឡោះ)បំផ្លាញផ្ដាច់ពូជទាំងអស់ ហើយជ័យជម្នះក៏បានទៅលើបណ្តាអ្នកនាំសាររបស់អល់ឡោះ។ ហើយការដឹងគុណនិងការកោតសរសើរ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ ដែលទ្រង់បានបំផ្លាញសត្រូវរបស់ទ្រង់ និងជួយដល់បណ្តាមេដឹកនាំទ្រង់។

(46) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ សូមអ្នកទាំងអស់គ្នាប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះជាម្ចាស់ធ្វើឲ្យពួកអ្នកថ្លង់ដោយទ្រង់បានដកយកសោតវិញ្ញាណ(ការលឺ)របស់ពួកអ្នក ទ្រង់ធ្វើឲ្យពួកអ្នកពិការភ្នែកដោយដកយកចក្ខុវិញ្ញាណ(ការមើលឃើញ)របស់ពួកអ្នក ហើយទ្រង់បានបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកអ្នកដោយពួកអ្នកមិនអាចយល់អ្វីបាននោះ តើមានម្ចាស់ណាផ្សេងពីអល់ឡោះដែលនឹងនាំមកឱ្យពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានបាត់បង់ទាំងនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាចុះថា តើយើងបានបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេយ៉ាងដូចម្តេចខ្លះ? បន្ទាប់មក ពួកគេនៅតែងាកចេញពីភស្តុតាងទាំងនោះដដែល។

(47) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ សូមអ្នកទាំងអស់គ្នាប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗដោយពួកអ្នកគ្មានអារម្មណ៍ដឹងមុនសោះ ឬវាបានមកដល់ពួកអ្នកដោយស្ដែងៗ ផ្ទាល់នឹងភ្នែកនោះ តើមានអ្នកណាដែលត្រូវគេបំផ្លាញដោយទណ្ឌកម្ម ក្រៅពីពួកបំពានដោយសារភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះនិងការបដិសេធ(របស់ពួកគេ)ចំពោះបណ្ដាអ្នកនាំសាររបស់ទ្រង់នោះ?

(48) ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់យើងនោះទេ ក្រៅតែពីដើម្បីឲ្យពួកគេផ្តល់ដំណឹងរីករាយចំពោះអ្នកដែលមានជំនឿ និងអ្នកដែលគោរពប្រតិបត្តិនូវការសើយសុខ(ឋានសួគ៌)ដែលស្ថិតស្ថេរ មិនចេះរីងស្ងួត និងមិនចេះផុតរលត់ និងដើម្បីព្រមានបន្លាចពួកគ្មានជំនឿ និងពួកដែលប្រព្រឹត្តល្មើសអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងនោះឡើយ។ ដូច្នេះ ជនណាហើយដែលមានជំនឿចំពោះបណ្ដាអ្នកនាំសារ និងបានកែប្រែទង្វើរបស់ពួកគេនោះ គឺពួកគេគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏មិនមានទុក្ខព្រួយ និងវិប្បដិសារីទៅលើអ្វីដែលបានកន្លងផុតពីពួកគេនៃលាភសំណាងលោកិយនោះដែរ។

(49) ហើយពួកដែលបានបដិសេធមិនជឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ គឺពួកគេនឹងទទួលនូវទណ្ឌកម្មជាមិនខាន ដោយសារតែការចាកចេញរបស់ពួកគេពីគោរពប្រតិបត្តិចំពោះអល់ឡោះ។

(50) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ខ្ញុំមិនដែលប្រាប់ពូកអ្នកថា ពិតប្រាកដណាស់ ខ្ញុំមានឃ្លាំងនៃលាភសក្ការៈរបស់អល់ឡោះ ហើយខ្ញុំផ្តល់វាទៅឲ្យជនណាដែលខ្ញុំមានចេតនានោះទេ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកថា ខ្ញុំដឹងនូវប្រការអាថ៌កំបាំងនោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំបានដឹងប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ខ្ញុំគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយនោះដែរ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេ(អល់ឡោះ)បានផ្តល់មកឱ្យខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនទាមទារនូវអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនោះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នាដែរឬទេរវាងពួកគ្មានជំនឿដែលពិការភ្នែកមើលមិនឃើញការពិត និងបណ្តាអ្នកមានជំនឿដែលមើលឃើញការពិត និងបានជឿនោះ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនយកខួរក្បាលរបស់ពួកអ្នកមកធ្វើការពិចារណាចំពោះសញ្ញាភស្តុតាងទាំងឡាយដែលមាននៅជុំវិញខ្លួនពួកអ្នកទេឬ?

(51) ហើយតាមរយៈគម្ពីរគួរអាននេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ម្ចាស់របស់ពួកគេនាថ្ងៃបរលោកចុះ។ សម្រាប់ពួកគេ គ្មានអ្នកគាំពារណាផ្សេងពីអល់ឡោះដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេឡើយ ហើយក៏គ្មានអ្នកណាដែលអាចធ្វើអន្តរាគមន៍រំដោះពួកគេពីគ្រោះថ្នាក់បាននោះដែរ។ សង្ឃឹមថាពួកគេនឹងគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយការអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ ពីព្រោះអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានផលប្រយោជន៍តាមរយៈគម្ពីរគួរអាននោះ។

(52) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំបណ្ដេញបណ្តាជនមូស្លីមក្រីក្រដែលពួកគេតែងតែ គោរពសក្ការៈចំពោះអល់ឡោះជានិច្ច ទាំងពេលព្រឹកនិងពេលល្ងាច ដោយមានចិត្តស្មោះត្រង់ក្នុងការគោរពសក្ការៈនោះចេញពីកន្លែងជួបជុំរបស់អ្នកឲ្យសោះ។ ចូរអ្នកកុំបណ្ដេញពួកគេដើម្បីផ្គាប់ចិត្តពួកមេដឹកនាំនៃពួកមុស្ហរីគីនឱ្យសោះ។ អ្នកគ្មានតួនាទីអ្វីបន្តិចសោះឡើយក្នុងការកាត់សេចក្តីលើជនក្រីក្រទាំងនោះ។ តាមពិត ការកាត់ក្តីរបស់ពួកគេ គឺស្ថិតនៅលើ(អល់ឡោះ)ម្ចាស់របស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេក៏គ្មានតួនាទីអ្វីបន្តិចណាឡើយក្នុងការកាត់សេចក្តីលើអ្នកនោះ។ ជាការពិតណាស់ ប្រសិនបើអ្នកបណ្ដេញពួកគេឱ្យចេញពីកន្លែងជួបជុំរបស់អ្នកនោះ ពិតណាស់ គឺរូបអ្នកនឹងស្ថិតនៅក្នុងចំណោមពួកអ្នកដែលបំពានព្រំដែនរបស់អល់ឡោះជាម្ចាស់ហើយ។

(53) ហើយដូច្នោះដែរ យើងបានសាកល្បងចំពោះពួកគេមួយចំនួននឹងពួកគេមួយចំនួនទៀត ដោយយើងបានធ្វើឱ្យពួកគេមានសំណាងនៅក្នុងលោកិយខុសៗគ្នា។ យើងសាកល្បងពួកគេតាមរយៈរឿងនេះ ដើម្បីឲ្យពួកអ្នកមានជីវភាពធូធារនៃពួកគ្មានជំនឿនិយាយទៅកាន់បណ្តាអ្នកក្រីក្រនៃអ្នកដែលមានជំនឿថាៈ តើអ្នកក្រីក្រទាំងអស់នេះឬដែលអល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ពួកគេ ដោយផ្ដល់នូវការចង្អុលបង្ហាញឱ្យពួកគេក្នុងចំណោមពួកយើងនោះ? ប្រសិនបើការមានជំនឿជារឿងល្អមែននោះ ច្បាស់ជាវាបានមកពួកយើងមុនគេហើយ ព្រោះថាពួកយើងគឺជាក្រុមដែលឈានមុខគេ។ តើអល់ឡោះមិនមែនជាអ្នកដែលដឹងបំផុតចំពោះបណ្តាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ដោយទ្រង់បានចង្អុងបង្ហាញពួកគេទៅកាន់ការមានជំនឿ និងដឹងបំផុតចំពោះពួកដែលរមិលគុណនឹងឧបការគុណរបស់ទ្រង់ ដោយទ្រង់ធ្វើឲ្យពួកគេគ្មានជំនឿទេឬ? ពិតមែនហើយ អល់ឡោះជាម្ចាស់ពិតជាអ្នកដែលដឹងបំផុតចំពោះពួកគេ។

(54) ហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងបណ្ដាសញ្ញាភស្តុតាងទាំងឡាយរបស់យើងដែលជាសាក្សីបញ្ជាក់ទៅលើសច្ចភាព(ភាពត្រឹមត្រូវ)នៃអ្វីដែលអ្នកបាននាំមកឱ្យនោះបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបសាឡាមទៅកាន់ពួកគេដើម្បីជាការផ្ដល់កិត្តិយសដល់ពួកគេ។ ហើយចូរអ្នកផ្ដល់ដំណឹងរីករាយដល់ពួកគេចុះថា ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ទូលំទូលាយបំផុត។ ពិតប្រាកដណាស់ អល់ឡោះបានដាក់កំណត់ក្តីមេត្តាករុណា និងការឆ្លើយតបនូវការសុំការអនុគ្រោះទៅលើខ្លួនរបស់ទ្រង់ផ្ទាល់។ ដូច្នេះ ជនណាដែលបានប្រព្រឹត្តនូវអំពើបាបកម្មក្នុងចំណោមពួកអ្នក ដោយភាពអវិជ្ជានិងល្ងង់ខ្លៅ បន្ទាប់មក គេបានសារភាពកំហុសបន្ទាប់ពីបានប្រព្រឹត្តអំពើបាបកម្ម និងបានកែប្រែទង្វើរបស់គេនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសឱ្យគេនូវអ្វីដែលគេបានប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមបណ្តាខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

(55) ហើយដូចដែលយើងបានបញ្ជាក់ប្រាប់អ្នកចំពោះអ្វីដែលគេបានលើកឡើងនេះដែរ យើងនឹងបញ្ជាក់នូវភស្តុតាងរបស់យើងទៅលើពួកដែលស្ថិតនៅលើផ្លូវខុស ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់នូវមាគ៌ារបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់និងមាគ៌ារបស់ពួកគេ ដើម្បីឱ្យគេប្រយ័ត្ន ចៀសវាង និងប្រុងប្រយ័ត្នអំពីវា។

(56) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ជាការពិតណាស់ ខ្ញុំត្រូវបានអល់ឡោះហាមឃាត់មិនឱ្យគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារ)ពោលទៀតថាៈ ខ្ញុំមិនធ្វើតាមទំនើងចិត្តរបស់ពួកអ្នកក្នុងការគោរពបូជាចំពោះអ្វីក្រៅពីអល់ឡោះនោះទេ។ ជាការពិតណាស់ ប្រសិនបើខ្ញុំធ្វើតាមទំនើងចិត្តរបស់ពួកអ្នកក្នុងរឿងនោះ ខ្ញុំនឹងក្លាយជាអ្នកដែលវង្វេងចេញពីផ្លូវពិតជាមិនខាន ហើយខ្ញុំក៏នឹងមិនទទួលបាននូវការចង្អុលបង្ហាញទៅកាន់ផ្លូវពិតនោះដែរ។ រឿងនេះ គឺជាបញ្ហាររបស់រាល់អ្នកដែលបានធ្វើតាមទំនើងចិត្តដោយពុំមានភស្តុតាងណាមួយមកអំពីអល់ឡោះឡើយ។

(57) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ពុំមែនស្ថិតនៅលើការធ្វើតាមទំនើងចិត្តនោះទេ តែពួកអ្នកបែរជាបដិសេធមិនជឿលើភស្តុតាងនេះទៅវិញ។ ខ្ញុំគ្មានទណ្ឌកម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់នោះទេ ហើយខ្ញុំក៏គ្មានសញ្ញាភស្តុតាងដ៏អស្ចារ្យទាំងឡាយដែលពួកអ្នកបានទាមទារនោះដែរ។ តាមពិត រឿងទាំងនោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូច្នោះ ការកាត់សេចក្តី(ដែលក្នុងចំណោមនោះ ក៏មានអ្វីដែលពួកអ្នកបានស្នើសុំដែរនោះ) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មានបន្ទូលការពិត ហើយទ្រង់នឹងកាត់សេចក្តីនឹងវា។ ហើយទ្រង់ជាអ្នកដែលល្អបំផុតក្នុងការវែកញែក និងបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវអ្នកដែលស្ថិតនៅលើផ្លូវពិត និងអ្នកដែលស្ថិតនៅលើផ្លូវខុស។

(58) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ប្រសិនបើនៅក្នុងកណ្តាប់ដៃរបស់ខ្ញុំមាននូវទណ្ឌកម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់មែននោះ ប្រាកដជាខ្ញុំនឹងបញ្ចុះមកឱ្យពួកអ្នកជាមិនខាន ហើយនៅពេលនោះ រឿងរ៉ាវរវាងខ្ញុំនិងពួកអ្នកនឹងត្រូវបានដោះស្រាយរួចរាល់។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពាន រយៈពេលប៉ុន្មានដែលទ្រង់ពន្យារពេលឲ្យពួកគេ និងនៅពេលណាដែលទ្រង់នឹងដាក់ទោសពួកគេ។

(59) ហើយកូនសោរនៃប្រការអាថ៌កំបាំងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់តែមួយគត់។ គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីទ្រង់នោះទេ។ ហើយទ្រង់ដឹងនូវរាល់អ្វីៗដែលមាននៅលើគោកដែលទ្រង់បានបង្កើត ដូចជាសត្វ រុក្ខជាតិ និងវត្ថុនានា។ ហើយទ្រង់ដឹងរាល់អ្វីៗដែលមាននៅក្នុងសមុទ្រ ដូចជាសត្វ រុក្ខជាតិ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះមកស្ថិតនៅទីកន្លែងណាមួយ ឬគ្រាប់ធញ្ញជាតិណាមួយត្រូវបានកប់ក្នុងដី ឬមានសំណើម ឬក្រៀមស្វិតនោះ ក្រៅពីសុទ្ធតែត្រូវបានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់ដែលត្រូវគេរក្សាទុក គឺឡាវហ៊ុលម៉ះហ៊្វូស។

(60) ហើយអល់ឡោះជាអ្នកដែលដកយកព្រលឹងរបស់អ្នកជាបណ្តោះអាសន្ននៅពេលអ្នកគេង។ ហើយទ្រង់គឺជាអ្នកដែលដឹងនូវអ្វីដែលអ្នកទទួលបានពីការងារក្នុងពេលថ្ងៃ ដែលជាពេលវេលានៃសកម្មភាពរបស់ពួកអ្នក។ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នកក្រោកឡើងនៅពេលថ្ងៃបន្ទាប់ពីដកយកព្រលឹងរបស់ពួកអ្នកដោយការគេងលក់(នៅពេលយប់) ដើម្បីឱ្យអ្នកអាចបំពេញការងាររបស់ពួកអ្នកបាន រហូតដល់ចុងបញ្ចប់នៃអាយុកាលនៃជីវិតរបស់ពួកអ្នកដែលត្រូវបានអល់ឡោះកំណត់ជាស្រេច។ ហើយបន្ទាប់មក ពួកអ្នកនឹងវិលត្រលប់ទៅកាន់ទ្រង់វិញតែមួយគត់ តាមរយៈការពង្រស់ពួកអ្នកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ ហើយបន្ទាប់មកទៀត ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកបានធ្វើការរស់រានមានជីវិតនៅលើលោកិយ ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានធ្វើ។

(61) ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់់ ហើយទ្រង់ជាអ្នកផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ។ ទ្រង់ជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ជាងពួកគេគ្រប់រូបភាពទាំងអស់។ ទ្រង់ជាម្ចាស់ដែលអ្វីៗគ្រប់យ៉ាងឱនលំទោនចំពោះទ្រង់។ ទ្រង់នៅខាងលើខ្ញុំបម្រើរបស់ទ្រង់ គឺការនៅខាងលើដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់។ ហើយទ្រង់ជាអ្នកបញ្ជូនម៉ាឡាអ៊ីកាត់”គីរ៉ម៉ាន់”ទៅកាន់ពួកអ្នកដើម្បីកត់ត្រាទង្វើទាំងឡាយរបស់ពួកអ្នក(ទាំងល្អទាំងអាក្រក់) រហូតដល់សេចក្ដីស្លាប់បានមកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក ដោយម៉ាឡាអ៊ីកាត់ដកព្រលឹងនិងបរិវារបស់គេបានមកដកយកព្រលឹងរបស់គេ ដោយពួកគេមិនធេ្វសប្រហែសចំពោះភារកិច្ចរបស់ពួកគេឡើយ។

(62) ក្រោយមក អ្នកដែលត្រូវបានគេដកយកព្រលឹងទាំងអស់នឹងត្រូវគេបង្វិលត្រលប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពួកគេដ៏ពិតប្រាកដ ដើម្បីទ្រង់តបស្នងពួកគេលើទង្វើដែលពួកគេបានសាង(នៅក្នុងលោកិយ)។ ទ្រង់ជាម្ចាស់ដែលមានសិទ្ធិក្នុងការសម្រេចក្តី និងវិនិច្ឆ័យប្រកបដោយភាពយុត្តិធម៌ចំពោះពួកគេ ហើយទ្រង់ជាអ្នកជំនុំជម្រះចំពោះទង្វើរបស់ពួកអ្នកលឿនជាងការគណនារបស់ពួកអ្នកទៅទៀត។

(63) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកជួយសង្គ្រោះពួកអ្នក និងធ្វើឱ្យពួកអ្នករួចផុតពីមហន្តរាយដែលពួកអ្នកបានជួបនៅក្នុងភាពងងឹត ទាំងនៅលើគោក និងនៅក្នុងសមុទ្រនោះ? ពួកអ្នកបួងសួងសុំពីទ្រង់តែមួយគត់ដោយឱនលំទោនទាំងពេលអាថ៌កំបាំង និងទាំងពេលបើកចំហថាៈ បើសិនជាម្ចាស់របស់ពួកយើងបានរំដោះពួកយើងរួចផុតអំពីមហន្តរាយទាំងនេះ ពួកយើងពិតជានឹងស្ថិតនៅក្នុងចំណោមអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់មកលើពួកយើងទាំងអស់គ្នា ដោយមិនគោរពម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ។

(64) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អល់ឡោះជាអ្នកជួយសង្គ្រោះ និងធ្វើឱ្យពួកអ្នករួចផុតពីគ្រោះអាសន្នទាំងអស់នោះ។ តែក្រោយពីរឿងនោះមក ពួកអ្នកបែរជាធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នៅពេលដែលពួកអ្នកមានភាពរីករាយទៅវិញ។ តើមានការបំពានមួយណាដែលធ្ងន់ធ្ងរជាងអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះទៀតនោះ?

(65) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នក។ វាអាចមកពីខាងលើពួកអ្នកដូចជា ដុំថ្ម រន្ទះបាញ់ ទឹកជំនន់ ឬអាចមកពីខាងក្រោមជើងពួកអ្នកដូចជា ការរញ្ជួយដី ដីស្រុត ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយពួកអ្នកធ្វើអ្វីទៅតាមទំនើងចិត្តរបស់គេរៀងៗខ្លួន ដោយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក។ ចូរអ្នក(ឱអ្នកនាំសារ)ពិចារណាមើលចុះថា តើយើងបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេ និងបកស្រាយបញ្ជាក់ដល់ពួកគេយ៉ាងដូចម្ដេចខ្លះ ដើម្បីឱ្យពួកគេបានយល់ថា អ្វីដែលអ្នកបាននាំមក គឺជាការពិត ហើយអ្វីដែលមាននៅឯពួកគេគឺក្លែងក្លាយនោះ។

(66) ហើយក្រុមរបស់អ្នក(ព្យាការីមូហាំម៉ាត់)បានបដិសេធមិនជឿចំពោះគម្ពីរគួរអាននេះ ខណៈដែលគម្ពីរនោះ គឺជាសេចក្តីពិតដែលគ្មានមន្ទិលសង្ស័យនៅក្នុងវាឡើយដែលថា វាមកពីអល់ឡោះនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំពុំមែនជាអ្នកគាំពារដោយឃ្លាំមើលពួកអ្នកនោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលមាននៅចំពោះមុខខ្ញុំប៉ុណ្ណោះ។

(67) រាល់ព័ត៌មាន(រឿងរ៉ាវ)ទាំងអស់សុទ្ធតែមានកំណត់ពេលវេលានិងទីបញ្ចប់របស់វា ហើយក្នុងនោះដែរ គឺដំណឹងពីទីស្នាក់អាស្រ័យរបស់ពួកអ្នក និងលទ្ធផលចុងក្រោយរបស់ពួកអ្នក។ ដូចនេះ ពួកអ្នកនឹងដឹងអំពីរឿងនោះនៅពេលដែលពួកអ្នកត្រូវគេពង្រស់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោក។

(68) ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកមុស្ហរីគីនកំពុងនិយាយចំអកឡកឡឺយ និងលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ ចូរអ្នកដកខ្លួនចេញឱ្យឆ្ងាយពីពួកគេចុះ រហូតដល់ពួកគេឈប់និយាយចំអកឡកឡឺយនិងលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀត។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ដោយអ្នកបានអង្គុយជាមួយពួកគេ បន្ទាប់មកអ្នកនឹកឃើញឡើងវិញនោះ ចូរអ្នកចាកចេញពីកន្លែងជួបជុំរបស់ពួកគេចុះ ហើយចូរអ្នកកុំអង្គុយជាមួយពួកដែលបំពានទាំងនោះតទៅទៀតឲ្យសោះ។

(69) ហើយពុំមែនជាតួនាទីរបស់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះដោយការអនុវត្តតាមបទបញ្ជារបស់ទ្រង់និងជៀសឆ្ងាយពីបម្រាមរបស់ទ្រង់នោះទេក្នុងការទទួលខុសត្រូវលើការជំនុំជម្រះពួកដែលបំពាននោះ។ ក៏ប៉ុន្តែ តួនាទីរបស់ពួកគេ(បណ្តាអ្នកដែលកោតខ្លាច)នោះ គឺត្រូវហាមឃាត់ពួកគេ(ពួកបំពាន)ពីអំពើអាក្រក់ដែលពួកគេកំពុងប្រព្រឹត្ត។ សង្ឃឹមថាពួកគេកោតខ្លាចអល់ឡោះ ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។

(70) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំរវីរវល់នឹងពួកមុស្ហរីគីនដែលបានយកសាសនារបស់ពួកគេធ្វើជាល្បែងកំសាន្ត និងជាការចំអកឡកឡឺយទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតនូវអ្វីដែលមាននៅក្នុងលោកិយនៃការសប្បាយមួយរយៈពេលខ្លី។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់) ដាស់តឿនមនុស្សលោកតាមរយៈគម្ពីរគួរអានចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារខ្លួនបានធ្វើអំពើអាក្រក់។ សម្រាប់បុគ្គលម្នាក់ៗ គឺពុំមានអ្នកជួយណាមួយក្រៅពីអល់ឡោះដែលពួកគេត្រូវសុំជំនួយនោះទេ ហើយក៏គ្មាននរណាម្នាក់អាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះដែរ។ ហើយប្រសិនបើបុគ្គលនោះចង់លោះខ្លួនចេញពីទណ្ឌកម្មរបស់អល់ឡោះ ដោយថ្នូរណាមួយនោះ ក៏គេមិនទទួលយកការលោះខ្លួននោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែពួកគេបានប្រព្រឹត្តអំពើល្មើស។ គ្រឿងផឹករបស់ពួកគេនាថ្ងៃបរលោកនោះ គឺជាទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។

(71) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មុស្ហរីគីនទាំងនោះថាៈ តើឲ្យយើងគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ដល់យើង ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់យើង ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទាប់ពីអល់ឡោះបានចង្អុលបង្ហាញផ្លូវដល់យើងហើយនោះ ដែលជាហេតុធ្វើឲ្យពួកយើងក្លាយទៅជាដូចអ្នកដែលពពួកស្ហៃតនបានពង្វក់ ហើយវាបានបោះបង់រូបគេចោលឱ្យស្ថិតនៅក្នុងភាពវង្វេងមិនទទួលបានការចង្អុលបង្ហាញ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលស្ថិតនៅលើមាគ៌ាត្រឹមត្រូវដែលអំពាវនាវគេទៅរកការពិត តែគេបែរជាបដិសេធមិនឆ្លើយតបនូវអ្វីដែលគេបានអំពាវនាវទៅកាន់នោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបង្គាប់ប្រើពួកយើងឱ្យគោរពតាមទ្រង់ ដោយការប្រកាន់ខ្ជាប់នឹងជំជឿចំពោះ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ទ្រង់នោះហើយគឺជាម្ចាស់គ្រប់គ្រងពិភពទាំងឡាយ។

(72) ហើយទ្រង់បានបង្គាប់ប្រើពួកយើងឱ្យប្រតិបត្តិសឡាតឱ្យបានពេញលេញ ហើយទ្រង់ក៏បានបង្គាប់ប្រើពួកយើងឱ្យយើងគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់ផងដែរ។ ហើយទ្រង់តែមួយគត់ដែលប្រមូលផ្តុំមនុស្សលោកទៅកាន់ទ្រង់វិញនៅថ្ងៃបរលោក ដើម្បីទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលពួកគេបានសាងនៅលើលោកិយ)

(73) ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ ថ្ងៃដែលអល់ឡោះមានបន្ទូលចំពោះអ្វីមួយថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមមួយរំពេច ខណៈដែលទ្រង់មានបន្ទូលនៅថ្ងៃបរលោកថាៈ “ចូរពួកអ្នកក្រោកឡើង”។ ពេលនោះ ពួកគេក៏ក្រោកឡើងភ្លាម។ បន្ទូលរបស់ទ្រង់ គឺជាការពិត ដែលវានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃបរលោក គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ខណៈដែលម៉ាឡាអ៊ីកាត់អ៊ីស្រហ្វេលផ្លុំត្រែជាលើកទីពីរ។ ទ្រង់ជាអ្នកដឹងបំផុតនូវអ្វីដែលមានវត្តមាន និងអ្វីដែលអវត្តមាន។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។ ទ្រង់មហាដឹងបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ មិនថាប្រការដែលលាក់កំបាំង និងប្រការដែលលាតត្រដាងនោះទេ។

(74) ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់ឈ្មោះអាហ្សើរ ដែលជាអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ថាៈ ឱឪពុករបស់ខ្ញុំ! តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះគោរពបូជាក្រៅពីអល់ឡោះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកដែលគោរពសក្ការៈរូបបដិមាទាំងនោះ ស្ថិតនៅក្នុងភាពវង្វេងចេញអំពីមាគ៌ាត្រឹមត្រូវយ៉ាងច្បាស់ក្រឡែត ដោយសារតែពួកអ្នកគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីអល់ឡោះ។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ (តែមួយគត់)ហើយព្រះផ្សេងដែលគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺសុទ្ធតែជាព្រះក្លែងក្លាយទាំងអស់។

(75) ហើយដូចដែលយើងបានឱ្យគេ(ព្យាការីអ៊ីព្រហ៊ីម)ឃើញពីភាពវង្វេងរបស់ឪពុកគេ និងក្រុមរបស់គេដូច្នោះដែរ យើងបានឱ្យគេឃើញនូវអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីដ៏ធំធេង។ តាមរយៈអំណាចដ៏ធំមហិមានេះ ទ្រង់យកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(ដើម្បីបញ្ជាក់)ពីជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដើម្បីឱ្យរូបគេ(ព្យាការីអ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាក់ថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់តែមួយគត់ដែលមិនមានដៃគូឡើយ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

(76) ហើយនៅពេលដែលភាពងងឹតនៃពេលរាត្រីបានគ្របដណ្តប់លើគាត់(អ៊ីព្រហ៊ីម) គាត់ក៏បានឃើញផ្កាយ។ ពេលនោះ គាត់បាននិយាយថាៈ នេះជាម្ចាស់របស់ខ្ញុំ។ ហើយនៅពេលដែលផ្កាយនោះបានលិចបាត់ទៅវិញ គាត់ក៏បាននិយាយថាៈ ខ្ញុំមិនចូលចិត្តអ្វីដែលលិចបាត់ទៅវិញនោះទេ ព្រោះថា ព្រះជាម្ចាស់ដ៏ពិតប្រាកដនោះ គឺទ្រង់នៅអមតៈ មិនលិចបាត់នោះឡើយ។

(77) ហើយនៅពេលដែលគាត់បានឃើញដួងចន្ទរះឡើង គាត់ក៏បាននិយាថាៈ នេះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលដួងចន្ទបានលិចបាត់ទៅវិញនោះ គាត់បាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញខ្ញុំឱ្យមានជំនឿភាពជាម្ចាស់តែមួយគត់ និងគោរសក្ការៈចំពោះទ្រង់តែមួយគត់ទេនោះ ខ្ញុំពិតជាស្ថិតក្នុងចំណោមពួកដែលឃ្លាតឆ្ងាយពីសាសនារបស់ទ្រង់ដ៏ពិតជាមិនខាន។

(78) នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់បាននិយាយថាៈ ព្រះអាទិត្យដែលរះឡើងនេះហើយជាម្ចាស់របស់ខ្ញុំ ហើយមួយនេះធំជាងផ្កាយ និងដួងចន្ទទៅទៀត។ តែនៅពេលដែលវាបានលិចបាត់ទៅវិញ គាត់ក៏បាននិយាថាៈ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ខ្ញុំពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកជាមួយនឹងអល់ឡោះនោះឡើយ។

(79) ជាការពិតណាស់ ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)មានភាពស្មោះសចំពោះសាសនារបស់ខ្ញុំទៅចំពោះ(អល់ឡោះ)អ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុន ដោយងាកចេញពីភាពស្ហ៊ីរិក(ពហុទេពនិយម)ទៅកាន់ការមានជំនឿដ៏ស្មោះសចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម)។ ហើយខ្ញុំមិនស្ថិតនៅក្នុងចំណោមពួកពហុទេពនិយមដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយទ្រង់ឡើយ។

(80) ហើយក្រុមរបស់គាត់ដែលជាពួកពហុទេពនិយមបានឈ្លោះប្រកែកជាមួយគាត់ក្នុងបញ្ហាទាក់ទងនឹងជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) ហើយពួកគេបានយកបដិមានានារបស់ពួកគេមកបន្លាចគាត់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមកឈ្លោះប្រកែកជាមួយខ្ញុំនៅក្នុងបញ្ហាជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ និងការគោរពសក្ការៈចំពោះទ្រង់តែមួយនោះឬ? ជាការពិតណាស់ ម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់ទ្រង់។ ហើយខ្ញុំក៏មិនខ្លាចញញើតរូបបដិមាទាំងឡាយរបស់ពួកអ្នកនោះទេ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់អ្វីបាននោះឡើយ។ ដូចនេះ ពួកវាក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្ញុំបានដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ ហើយអ្វីដែលទ្រង់មានចេតនា គឺប្រាកដជានឹងកើតឡើង។ ជាមួយនឹងការដឹងអ្វីគ្រប់យ៉ាងរបស់អល់ឡោះនោះ គឺគ្មានអ្វីមួយដែលមាននៅលើមេឃនិងនៅលើផែនដីអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិននឹកឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងតែស្ថិតនៅលើភាពគ្មានជំនឿចំពោះអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់ ដោយពួកអ្នក(ងាកមក)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់វិញនោះ?

(81) តើឲ្យខ្ញុំខ្លាចញញើតរូបដិមានានាដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះយ៉ាងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លាចញញើតចំពោះការដែលពួកអ្នកធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកលើរឿងនោះផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង? ប្រសិនបើពួកអ្នកដឹងថា ក្រុមណាមួយដែលសាកសមជាងនោះ ចូរពួកអ្នកដើរតាមក្រុមនោះចុះ។ ហើយក្រុមដែលសាកសមជាងគេ(ដោយគ្មានមន្ទិលសង្ស័យឡើយ) គឺជាក្រុមនៃបណ្តាអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់នោះឯង។

(82) សុវត្ថិភាពនិងសន្តិភាពនោះ គឺសម្រាប់តែបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ ហើយធ្វើតាមអ្វីដែលច្បាប់បានបង្គាប់ប្រើ និងមិនលាយឡំជំនឿរបស់ពួកគេជាមួយនឹងប្រការស្ហ៊ីរិក(ពហុទេពនិយម)ប៉ុណ្ណោះ មិនមែនសម្រាប់អ្នកដទៃក្រៅពីពួកគេនោះឡើយ។ ហើយពួកគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ ដោយម្ចាស់របស់ពួកគេបានចង្អុលបង្ហាញផ្លូវដល់ពួកគេ។

(83) ហើយភស្ដុតាងនោះ ពោលគឺបន្ទូលរបស់ទ្រង់ថាៈ “តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង?” ដែលព្យាការីអ៊ីព្រហ៊ីមបានយកឈ្នះក្រុមរបស់គាត់តាមរយៈភស្តុតាងនេះ រហូតដល់អាចផ្តួលអំណះអំណាងរបស់ពួកគេបាននោះ វាគឺជាភស្តុតាងរបស់យើង ដែលយើងបានផ្តល់វាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់ និងជាម្ចាស់មហាដឹងបំផុតចំពោះបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

(84) ហើយយើងបានប្រទានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក និងចៅប្រុសម្នាក់ឈ្មោះយ៉ាក់កូបទៅឱ្យព្យាការីអ៊ីព្រហ៊ីម។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវដល់ពួកគេ។ ហើយព្យាការីនួហ យើងក៏បានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់គាត់ដែរកាលពីមុនពួកគេ។ ហើយយើងបានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់ពូជអម្បូររបស់ព្យាការីនួហផងដែរ ដែលពួកគេទាំងនោះមានដូចជា ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គាត់ គឺព្យាការីសូឡៃម៉ាន ព្យាការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូនដែលជាបងប្រុសរបស់ព្យាការីមូសា។ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះបណ្តាព្យាការីទាំងឡាយទៅលើអំពើល្អរបស់ពួកគេ(ដែលពួកគេបានសាង)នេះដែរ គឺយើងនឹងតបស្នងចំពោះបណ្តាអ្នកធ្វើអំពើល្អចំពោះទង្វើល្អរបស់ពួកគេដូចគ្នាដែរ។

(85) ក៏ដូចគ្នាដែរ យើងបានចង្អុលបង្ហាញដល់ពួកគេម្នាក់ៗផងដែរ ដូចជាព្យាការីហ្សាការីយ៉ា ព្យាការីយ៉ះយ៉ា ព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារីយ៉ាំ និងព្យាការីអ៊ិលយ៉ាស់។ ហើយបណ្តាព្យាការីទាំងអស់នេះ គឺស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសលលដែលត្រូវបានអល់ឡោះជ្រើសរើសពួកគេធ្វើជាអ្នកនាំសារ។

(86) ហើយក៏ដូចគ្នាដែរ យើងក៏បានចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ)ដល់ព្យាការីអ៊ីស្មាអេល ព្យាការីអិលយ៉ាសាក់ ព្យាការីយូនុស និងព្យាការីលូត។ ហើយពួកគេម្នាក់ៗគ្នាសុទ្ធតែជាព្យាការីទាំងអស់ ហើយព្យាការីទាំងអស់នេះដឹកនាំដោយព្យាការីមូហាំម៉ាត់។ ហើយយើងបានលើកតម្កើងអ្នកទាំងនោះឱ្យខ្ពង់ខ្ពស់ជាងគេទាំងអស់លើពិភពលោកទាំងមូល។

(87) ហើយយើងបានចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ)ដល់ជីដូនជីតា កូនចៅ និងបងប្អូនរបស់ពួកគេមួយចំនួនក្នុងចំណោមអ្នកដែលយើងមានចេតនាចង្អុលបង្ហាញផ្លូវដល់ពួកគេ និងជ្រើសរើសពួកគេ។ ហើយយើងបានចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវដល់ពួកគេ ដែលមាគ៌ានោះ គឺមាគ៌ានៃការជឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពប្រតិបត្តិទ្រង់។

(88) នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ ដោយទ្រង់ចង្អុលបង្ហាញដល់បុគ្គលណាដែលទ្រង់ចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ តែប្រសិនបើពួកគេ(បណ្តាព្យាការី)បានធ្វើស្ហ៊ីរិក(គោរពសក្ការៈចំពោះអ្នកផ្សេង)រួមជាមួយនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ ទង្វើទាំងឡាយរបស់ពួកគេដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន ព្រោះថាអំពើស្ហ៊ីរិក គឺវាធ្វើឲ្យទង្វើកុសលទាំងឡាយក្លាយជាអសារបង់។

(89) បណ្តាព្យាការីដែលបានលើកឡើងទាំងនោះ គឺជាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវបណ្តាគម្ពីរ ប្រទានឱ្យពួកគេនូវគតិបណ្ឌិត និងបានប្រទានឱ្យពួកគេនូវភាពជាព្យាការី។ តែប្រសិនបើក្រុមរបស់អ្នក(អ្នកស្រុកម៉ាក្កះ)មិនមានជំនឿចំពោះប្រការទាំងបីដែលយើងបានប្រទានឱ្យពួកគេ(បណ្តាព្យាការី)នេះទេនោះ ជាការពិតណាស់ យើងបានរៀបចំបញ្ជូនក្រុមផ្សេងទៀតដែលមិនមែនជាពួកគ្មានជំនឿចំពោះរឿងទាំងនេះមកជំនួសវិញ។ មិនតែប៉ុណ្ណោះ ពួកគេ គឺជាអ្នកដែលមានជំនឿ ដែលប្រកាន់ខ្ជាប់នឹងវា(ប្រការទាំងបីខាងលើនេះ) ហើយអ្នកទាំងនោះ គឺពួកមូហាជីរីន(ពួកចំណាកស្រុកពីទីក្រុងម៉ាក្កះ) និងពួកអាន់សរ(អ្នកដែលចាំគាំទ្រព្យាការីនៅក្រុងម៉ាទីណះ) ហើយនិងបណ្តាអ្នកដែលបានដើរតាមពួកគេដោយភាពល្អត្រឹមត្រូវរហូតដល់ថ្ងៃបរលោក។

(90) បណ្តាព្យាការី និងអ្នកគេ(អល់ឡោះ)ដែលបានលើកឡើងជាមួយនឹងពួកគេក្នុងចំណោមជីដូនជីតារបស់ពួកគេ កូនចៅរបស់ពួកគេ និងបងប្អូនរបស់ពួកគេទាំងនោះ ពួកគេ គឺជាក្រុមដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកដើរតាម និងធ្វើតាមពួកគេចុះ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ក្រុមរបស់អ្នកចុះថាៈ ខ្ញុំមិនទាមទាការតបស្នងពីពួកអ្នកលើការផ្សព្វផ្សាយគម្ពីរគួរអាននេះនោះទេ។ ជាការពិតណាស់ គម្ពីរគួរអាន គ្មានអ្វីក្រៅពីការដាស់រំលឹកដល់ពិភពទាំងឡាយ ដូចជាមនុស្សលោក និងជិន(អមនុស្ស)ដើម្បីដឹកនាំពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងមាគ៌ាដែលពិតនោះឡើយ។

(91) ហើយពួកមុស្ហរីគីនមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឱ្យសាកសមទៅនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់នោះទេ ខណៈដែលពួកគេនិយាយទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ អល់ឡោះមិនបានបញ្ចុះវ៉ាហ៊ី(សាររបស់អល់ឡោះ)ទៅកាន់មនុស្សលោកបន្តិចណាឡើយ។ ចូអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរតាវរ៉តទៅឱ្យព្យាការីមូសា ដែលជាជាពន្លឺ ជាការចង្អុលបង្ហាញ និងជាមគ្គុទេសន៍សម្រាប់ចង្អុលបង្ហាញដល់ក្រុមរបស់គាត់នោះ? ហើយពួកយូដាបានសរសេរវា(គម្ពីរតាវរ៉ត)ដាក់ក្នុងសៀវភៅផ្សេងៗ ដោយពួកគេបង្ហាញនូវផ្នែកខ្លះដែលស្របទៅនឹងចំណង់ចំណូលចិត្តរបស់គេ ហើយពួកគេបានលាក់បាំងនូវផ្នែកខ្លះ(នៃគម្ពីរតាវរ៉ត)ចំពោះអ្វីដែលផ្ទុយពីចំណង់ចូលចិត្តរបស់ពួកគេ ដូចជាលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់ជាដើម។ ហើយពួកអ្នក(ឱជនជាតិអារ៉ាប់)ត្រូវបានគេបង្រៀនពួកអ្នកនូវគម្ពីរគួរអានដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹងពីមុនមក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និយាយប្រាប់ពួកគេចុះថាៈ គឺអល់ឡោះជាម្ចាស់ជាអ្នកដែលបានបញ្ចុះវាមក។ បន្ទាប់មក ចូរអ្នកទុកពួកគេឱ្យស្ថិតនៅក្នុងភាពល្ងង់ខ្លៅ និងភាពវង្វេងរបស់ពួកគេ រហូតដល់សេចក្តីស្លាប់បានមកដល់ពួកគេចុះ។

(92) ហើយគម្ពីរគួរអានដែលយើងបានបញ្ចុះវាមកឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)នេះ គឺជាគម្ពីរមួយដែលប្រកបដោយពរជ័យ និងជាអ្នកបញ្ជាក់ទៅលើបណ្តាគម្ពីរដែលត្រូវបានបញ្ចុះពីលើមេឃពីមុនមក ដើម្បីឲ្យអ្នកដាស់តឿនព្រមានពួកអ្នកស្រុកម៉ាក្កះ និងមនុស្សលោកទាំងអស់ដែលស្ថិតនៅទិសខាងកើតនិងទិសខាងលិចនៃផែនដី រហូតដល់ពួកគេទទួលបាននូវការចង្អុលបង្ហាញ។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះជីវិតថ្ងៃបរលោក គឺពួកគេមានជំនឿចំពោះគម្ពីរគួរអាននេះ ហើយពួកគេបានអនុវត្តតាមនូវអ្វីដែលមាននៅក្នុងគម្ពីរគួរអាននេះ និងបានថែរក្សាលើការប្រតិបត្តិសឡាត(ថ្វាយបង្គំ)របស់ពួកគេ ដោយបានបំពេញវាទៅតាមរូកុន(គោលគ្រឹះ) និងហ្វារទូ(ប្រការដែលត្រូវធ្វើ) និងបណ្តាប្រការស៊ូណាត់(ប្រការគួរគប្បី)របស់វា និងប្រតិបត្តិវាតាមពេលវេលាដែលច្បាប់បានកំណត់។

(93) គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចាស់នោះទេ ដោយគេបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះអ្វីមួយមកឱ្យមនុស្សលោកឡើយ ឬគេបាននិយាយកុហកថាៈ ជាការពិតណាស់ អល់ឡោះបានផ្តល់វ៉ាហ៊ី(សារពីទ្រង់)មកឲ្យរូបគេ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីទៅឲ្យជននោះបន្តិចណាសោះឡើយ ឬគេបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញនៅពេលដែលពួកបំពានទាំងនោះស្ថិតក្នុងភាពឈឺចាប់នៃសេចក្តីស្លាប់(ដំណាក់កាលចុងក្រោយនៃជីវិត) ហើយម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង) ដោយការដាក់ទណ្ឌកម្ម និងការវាយដំ។ ម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេទាំងហិង្សាថាៈ ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! ពេលនេះ ពួកយើងនឹងដកយកវា។ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាសនិងថោកទាបជាទីបំផុត ដោយសារតែពួកអ្នកធ្លាប់និយាយប្រឌិតកុហកទៅលើអល់ឡោះដោយអះអាងថាខ្លួនជាព្យាការី និងទទួលវ៉ាហ៊ី(ពីអល់ឡោះ) និងអាចបញ្ចុះ(គម្ពីរ)ដូចដែលអល់ឡោះបានបញ្ចុះមកដែរ និងដោយសារតែភាពក្អេងក្អាងរបស់ពួកអ្នកមិនព្រមមានជំនឿនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។ បើអ្នក(ឱមូហាំម៉ាត់)បានឃើញដូចនោះ អ្នកប្រាកដជាបានឃើញរឿងមួយដ៏គួរឱ្យខ្លាច។

(94) ហើយគេនឹងនិយាយទៅកាន់ពួកគេនៅថ្ងៃពង្រស់ឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)ថាៈ ជាការពិតណាស់ ពួកអ្នកបានមកកាន់យើងនៅថ្ងៃនេះជាលក្ខណៈបុគ្គល(ម្នាក់ៗឯង) ដោយមិនមានទ្រព្យសម្បត្តិ និងមុខតំណែងអ្វីមកជាមួយពួកអ្នកឡើយដូចដែលយើងបានបង្កើតពួកអ្នកកាលពីដំបូង ដោយ(ពួកអ្នក)ដើរដោយជើងទទេ គ្មានសម្លៀកបំពាក់ និងគ្មានកាត់ស្បែកចុងអង្គជាតិដូច្នោះដែរ។ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកកាលនៅលោកិយដាក់នៅខាងក្រោយខ្នងពួកអ្នកទាំងពួកមិនពេញចិត្ត។ ហើយនៅថ្ងៃនេះ យើងក៏មិនបានឃើញព្រះទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានអះអាងថា ពួកវាជាអ្នកសម្រុះសម្រួលឲ្យពួកអ្នក និងជាដៃគូរបស់អល់ឡោះដែលសក្តិសមក្នុងការគោរពសក្ការៈនោះស្ថិតនៅជាមួយពួកអ្នកនោះដែរ។ ជាការពិតណាស់ ទំនាក់ទំនងរវាងពួកអ្នក(នឹងពួកវា)ត្រូវបានកាត់ផ្តាច់។ ហើយអ្វីដែលពួកអ្នកបានអះអាងពីការជួយអន្តរាគមន៍របស់ពួកវា និងថាពួកវាជាដៃគូរបស់អល់ឡោះនោះ បានរសាត់បាត់អស់ពីពួកអ្នក។

(95) ៩៥. ជាការពិតណាស់ អល់ឡោះជាម្ចាស់តែមួយគត់ជាអ្នកធ្វើឲ្យគ្រាប់ធញ្ញជាតិប្រេះបែក រួចហើយបណ្តូលរុក្ខជាតិក៏បានដុះចេញពីគ្រាប់នោះ។ ហើយទ្រង់បានធ្វើឲ្យគ្រាប់ល្មើប្រេះបែក រួចហើយដើមល្មើក៏បានដុះចេញពីគ្រាប់នោះ។ ទ្រង់បញ្ចេញរបស់ពីរបស់ស្លាប់ ខណៈដែលមនុស្សនិងសត្វដទៃទៀតកើតចេញពីទឹកកាម ហើយទ្រង់បានបញ្ចេញរបស់ស្លាប់ពីរបស់រស់ ខណៈដែលទឹកកាមចេញមកពីមនុស្ស ហើយស៊ុតមាត់កើតចេញមកពីមេមាន់។ អ្នកដែលបង្កើតអ្វីទាំងអស់នេះ គឺអល់ឡោះជាម្ចាស់ដែលបានបង្កើតពួកអ្នក។ ដូចនេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)បានងាកចេញពីសេចក្តីពិតយ៉ាងដូចម្តេច ខណៈដែលពួកអ្នកកំពុងមើលឃើញការបង្កើតរបស់ទ្រង់ដែលមិនមានគំរូពីមុនមក(ផ្ទាល់នឹងភ្នែក)ហើយនោះ?

(96) ហើយទ្រង់គឺជាអ្នកដែលធ្វើឲ្យពន្លឺពេលព្រឹកញែកចេញពីភាពងងឹតនៅពេលយប់។ ហើយទ្រង់ជាអ្នកដែលធ្វើឱ្យពេលយប់ក្លាយពេលសម្រាកសម្រាប់មនុស្សលោកដើម្បីអាចបញ្ឈប់សកម្មភាពនៃការស្វែងរកជីវភាពរស់នៅ និងដើម្បីឱ្យពួកគេអាចសម្រាកពីការហត់នឿយរបស់ពួកគេក្នុងកំឡុងពេលស្វែងរកជីវភាពរស់នៅរបស់ពួកគេនៅពេលថ្ងៃ។ ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទធ្វើចលនាតាមការកំណត់ដ៏ជាក់លាក់។ ការបង្កើតដ៏អស្ចារ្យដែលបានរៀបរាប់ខាងលើនេះ គឺជាការកំណត់របស់ព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់មហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ និងអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។

(97) ហើយទ្រង់គឺជាអ្នកដែលបានបង្កើតផ្កាយជាច្រើននៅលើមេឃសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ) ដើម្បីបង្ហាញផ្លូវពួកអ្នកនៅក្នុងការធ្វើដំណើររបស់ពួកអ្នកនៅពេលដែលពួកអ្នកវង្វេងផ្លូវនៅក្នុងដែនគោកនិងនៅលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវបណ្ដាភស្តុតាង និងអំណះអំណាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់យើងចំពោះក្រុមដែលចេះពិចារណាចំពោះភស្តុតាងទាំងនោះ ដោយពួកគេអាចទទួលបានផលប្រយោជន៍អំពីវា។

(98) ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែមួយ គឺឪពុករបស់ពួកអ្នក ព្យាការីអាហ្ទាំ។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកចេញអំពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងស្នាក់នៅដែលពួកអ្នកស្នាក់នៅក្នុងវា ដូចជាស្បូនម្ដាយរបស់ពួកអ្នក និងកន្លែងផ្ទុកដែលគេផ្ទុកពួកអ្នកនៅកន្លែងនោះ ដូចជាក្នុងឆ្អឹងខ្នងឪពុករបស់ពួកអ្នក។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវបណ្ដាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលយល់ពីបន្ទូលរបស់អល់ឡោះ។

(99) ហើយទ្រង់(អល់ឡោះ)គឺជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ តាមរយៈទឹកភ្លៀងនេះ យើងបានបណ្ដុះនូវរុក្ខជាតិគ្រប់ប្រភេទ។ ហើយយើងបានបញ្ចេញពីរុក្ខជាតិនោះនូវដំណាំនិងរុក្ខជាតិបៃតង។ យើងបានបញ្ចេញពីរុក្ខជាតិបៃតងនោះនូវគ្រប់ធញ្ញជាតិដែលតម្រួតពីលើគ្នាទៅវិញទៅមក ដូចដែលកើតមាននៅក្នុងកួរស្រូវ។ ហើយចំពោះចង្កោមផ្លែល្មើដែលចេញពីលំអងរបស់វានោះស្ថិតនៅទាបៗ ងាយស្រួលក្នុងការបេះទាំងអ្នកឈរនិងទាំងអ្នកអង្គុយ។ ហើយយើងបានបញ្ចេញចម្ការជាច្រើនអំពីទំពាំងបាយជូរ និងបានបញ្ចេញដើមអូលីវ និងដើមទទឹមដែលស្លឹករបស់វាទាំងពីរមានទម្រង់ប្រហាក់ប្រហែលគ្នា តែផ្លែរបស់វាមានទម្រង់ខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)សម្លឹងមើលទៅកាន់ផ្លែរុក្ខជាតិនៅពេលដែលវាចាប់ផ្តើមចេញក្តិបដំបូង និងនៅពេលដែលវាទុំចុះ។ ជាការពិតណាស់ នៅក្នុរឿងទាំងអស់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញពីសមត្ថភាពរបស់ទ្រង់សម្រាប់ក្រុមដែលមានជំនឿចំពោះរបស់អល់ឡោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីបណ្តាភស្តុតាង និងអំណះអំណាងទាំងនោះ។

(100) ហើយពួកមុស្ហរីគីនបានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះក្នុងការគោរពសក្ការៈ ដោយពួកគេមានជំនឿថា វាអាចផ្ដល់ផលប្រយោជន៍និងអាចបង្កគ្រោះថ្នាក់(ដល់ពួកគេ)បាន ខណៈដែលអល់ឡោះគឺជាអ្នកបង្កើតពួកគេឲ្យមានវត្តមានដែលគ្មាននរណាម្នាក់បង្កើតពួកគេក្រៅពីទ្រង់ឡើយ។ ដូចនេះ ទ្រង់នោះហើយជាម្ចាស់ដែលសាកសមនឹងត្រូវបានគេគោរពសក្ការៈបំផុត។ ហើយពួកគេបានប្រឌិតកុហកថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រា ដូចដែលពួកយូដាបានចាត់ទុកថា អ៊ូហ្សែតជាបុត្រអល់ឡោះ ហើយពួកណាសរ៉នីបានចាត់ទុកថា ព្យាការីអ៊ីសាជាបុត្រអល់ឡោះនោះដែរ និងបានប្រឌិតកុហក(ទៅលើអល់ឡោះ)ថា អល់ឡោះមានបុត្រីជាច្រើននាក់ដូចដែលពួកមុស្ហរីគីនបានចាត់ទុកថា ម៉ាឡាអ៊ីកាត់ជាបុត្រីរបស់អល់ឡោះដូច្នោះដែរ។ ទ្រង់មហាបរិសុទ្ធ និងមហាជ្រះស្អាតបំផុតអំពីអ្វីដែលពួកដែលមានជំនឿខុសឆ្គងទាំងនោះពិពណ៌នា។

(101) ហើយទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមកឡើយ។ តើទ្រង់មានបុត្រាយ៉ាងដូចម្តេច បើទ្រង់គ្មានភរិយាផងនោះ? ហើយពិតប្រាណាស់ ទ្រង់បានបង្កើតគ្រប់អ្វីៗទាំងអស់ ហើយទ្រង់ដឹងពីអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

(102) អ្នកដែលមានលក្ខណៈសម្បត្ដិបែបនោះហើយ គឺជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ ពួកអ្នកគ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏គ្មានម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ឱ្យមានវត្តមាន។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ពីព្រោះទ្រង់សាកសមបំផុតដែលត្រូវគេគោរពសក្ការៈ ហើយទ្រង់ជាអ្នកថែរក្សាលើអ្វីៗទាំងអស់។

(103) គ្មាននរណាម្នាក់អាចមើលឃើញទ្រង់បាននោះឡើយ(នៅក្នុងលោកិយនេះ) តែទ្រង់ទេដែលជាអ្នកមើលអ្វីទាំងអស់។ ទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសល ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។

(104) ជាការពិតណាស់ បណ្តាភស្ដុតាង និងអំណះអំណាងដ៏ច្បាស់លាស់ជាច្រើនពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ បុគ្គលណាហើយដែលបានឃើញនិងអនុវត្ដតាមភស្ដុតាងទាំងនេះ ផលរបស់វានឹងវិលត្រលប់ទៅរកគេវិញ។ រីឯបុគ្គលណាដែលមើលមិនឃើញ និងមិនអនុវត្ដតាមភស្ដុតាងទាំងនេះទេនោះ គ្រោះថ្នាក់នៃទង្វើនោះ ក៏នឹងត្រូវធ្លាក់ទៅលើរូបគេដូចគ្នាដែរ។ ហើយខ្ញុំ(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកឃ្លាំមើលនិងកត់ត្រាអំពើរបស់ពួកអ្នកនោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់ខ្ញុំប៉ុណ្ណោះ ហើយទ្រង់ទៅវិញទេដែលជាអ្នកឃ្លាំមើលពួកអ្នកនោះ។

(105) ហើយដូចដែលយើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្ដុតាងនិងអំណះអំណាងជាច្រើនប្រភេទដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះនោះដែរ យើងក៏បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌជាច្រើនប្រភេទនៃគម្ពីរគួរអានពាក់ព័ន្ធទៅនឹងការសន្យា(ផ្តល់ផលបុណ្យ) ការព្រមាន(ដាក់ទោសទណ្ឌ) និងការដាស់តឿនព្រមានផងដែរ។ ហើយពួកមុស្ហរីគីននឹងនិយាយថា នេះមិនមែនជាវ៉ាហ៊ី(សារពីអល់ឡោះ)នោះទេ។ តាមពិតអ្នក(ព្យាការីមូហាំម៉ាត់)បានសិក្សាវាពីពួកអះលីគីតាប(ពួកដែលអល់ឡោះបានប្រទានគម្ពីរឲ្យ)មុនអ្នកប៉ុណ្ណោះ។ ហើយយើងនឹងបកស្រាយបញ្ជាក់នូវការពិតដល់មនុស្សលោកតាមរយៈការបែងចែកវាក្យខណ្ឌទាំងនេះជាច្រើនប្រភេទសម្រាប់បណ្តាអ្នកមានជំនឿក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ ពីព្រោះពួកគេ គឺជាអ្នកដែលព្រមទទួលយក និងដើរតាមការពិតនោះ។

(106) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុវត្តតាមការពិតដែលម្ចាស់របស់អ្នកបានផ្តល់វ៉ាហ៊ីទៅឱ្យអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់នោះហើយគឺជាម្ចាស់ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរអ្នកកុំធ្វើឲ្យចិត្តរបស់អ្នករវល់នឹងពួកគ្មានជំនឿ និងភាពរឹងរួសរបស់ពួកគេឱ្យសោះ ពីព្រោះកិច្ចការរបស់ពួកគេគឺស្ថិតនៅលើអល់ឡោះជាម្ចាស់។

(107) ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនឲ្យនរណាម្នាក់ធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ គឺគ្មាននរណាម្នាក់ធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។ ហើយយើងមិនបានចាត់តាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាឃ្លាំមើលនិងកត់ត្រាទង្វើរបស់ពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែរ។ តាមពិត រូបអ្នក(ព្យការីមូហាំម៉ាត់)គឺគ្រាន់តែជាអ្នកនាំសារម្នាក់ប៉ុណ្ណោះ ហើយតួនាទីរបស់អ្នក គ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)នោះទេ។

(108) ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជេរប្រមាថរូបបដិមានានាដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)គោរពសក្ការៈរួមជាមួយនឹងអល់ឡោះឱ្យសោះ ទោះបីជាពួកវាគួរឱ្យស្អប់ខ្ពើមនិងសាកសមនឹងជេរប្រមាថយ៉ាងក៏ដោយ ដើម្បីកុំឲ្យពួកមុស្ហរីគីនជេរប្រមាថនិងបំពានទាំងល្ងង់ខ្លៅលើអល់ឡោះ(ជាម្ចាស់របស់ពួកអ្នក)វិញ។ ហើយដូចដែលគេបានតុបតែងលម្អឱ្យពួកគេនូវភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅលើវានោះដែរ យើង(អល់ឡោះ)បានតុបតែងលម្អនូវរាល់ប្រជាជាតិនីមួយៗនូវទង្វើរបស់ពួកគេទាំងល្អ ទាំងអាក្រក់។ ដូច្នេះ ពួកគេនឹងទៅរកអ្វីដែលយើងបានតុបតែងឱ្យពួកគេនោះ។ ក្រោយមក ពួកគេនឹងវិលត្រឡប់ទៅរក(អល់ឡោះ)ម្ចាស់របស់ពួកគេវិញនៅថ្ងៃបរលោក ហើយទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញលើទង្វើទាំងនោះ។

(109) ហើយពួកមុស្ហរីគីនបានស្បថនឹងអល់ឡោះជាម្ចាស់ ដោយពួកគេស្បថយ៉ាងម៉ឺងម៉ាត់ថាៈ ប្រសិនបើព្យាការីមូហាំម៉ាត់បាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយដែលពួកគេបានស្នើសុំនោះ ពួកគេប្រាកដជានឹងមានជំនឿលើសញ្ញាភស្តុតាងនោះជាមិនខាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំគ្មានសញ្ញាភស្តុតាងទាំងនេះដើម្បីខ្ញុំនឹងបញ្ចុះវា(តាមការស្នើសុំរបស់ពួកអ្នក)ឡើយ។ តាមពិត សញ្ញាភស្តុតាងទាំងនេះ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់ទៅវិញទេ ដោយទ្រង់បញ្ចុះវាតែនៅពេលណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងថា នៅពេលដែលសញ្ញាទាំងនេះបានមកដល់ពួកគេស្របទៅតាមអ្វីដែលពួកគេបានស្នើសុំ ក៏ពួកគេនៅតែមិនព្រមជឿដដែលនោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេដដែល ដោយសារពួកគេមិនចង់ទទួលបាននូវការចង្អុលបង្ហាញឡើយ។

(110) ហើយយើងនឹងបង្វែរដួងចិត្តនិងការមើលឃើញរបស់ពួកគេ(ពួកគ្មានជំនឿ)ចេញពីការចង្អុលបង្ហាញទៅកសេចក្តីពិត ដូចដែលយើងបានបង្វែរពួកគេចេញពីការមានជំនឿចំពោះគម្ពីរគួររអានតាំងពីគ្រាដំបូងដោយសារតែភាពរឹងរូសរបស់ពួកគេដូច្នោះដែរ។ ហើយយើងបានបណ្ដោយពួកគេឱ្យស្ថិតនៅក្នុងភាពវង្វេងនិងការប្រព្រឹត្តល្មើសរបស់ពួកគេចំពោះម្ចាស់របស់ពួកគេទាំងភាពល្ងង់ខ្លៅ។

(111) បើទោះបីជាយើងឆ្លើយតបចំពោះពួកគេតាមការស្នើសុំដោយយើងបញ្ជូនម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេហើយពួកគេបានឃើញម៉ាឡាអ៊ីកាត់ទាំងនោះ ហើយបើទោះបីជាអ្នកដែលស្លាប់ហើយអាចនិយាយនិងរ៉ាយរ៉ាប់ប្រាប់ពួកគេអំពីការពិតនូវអ្វីដែលអ្នក(ព្យាការីមូហាំម៉ាត់)បាននាំមក ព្រមទាំងយើងប្រមូលផ្តុំឲ្យពួកគេទាំងអស់នូវអ្វីដែលពួកគេបានស្នើសុំដើម្បីឲ្យពួកគេបានឃើញផ្ទាល់នឹងភ្នែកក៏ដោយ ក៏ពួកគេមិនមានជំនឿនឹងអ្វីដែលអ្នកនាំមកដែរ លើកលែងតែជនណាដែលអល់ឡោះមានចេតនាផ្តល់ការចង្អុលបង្ហាញដល់រូបគេក្នុងចំណោមពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពួកគេភាពច្រើនមិនដឹងអំពីរឿងនោះឡើយ។ ដូច្នោះ ពួកគេគ្មានទីបង្អែកណាមួយដើម្បីនឹងឲ្យអល់ឡោះជាម្ចាស់ចង្អុលបង្ហាញពួកគេនោះឡើយ។

(112) ហើយដូចដែលយើងបានសាកល្បងអ្នកតាមរយៈភាពជាសត្រូវរបស់ពួកមុស្ហរីគីនមកចំពោះអ្នកនោះដែរ យើងក៏ធ្លាប់បានសាកល្បងចំពោះបណ្តាព្យាការីជំនាន់មុនអ្នកដូច្នោះដែរ។ ពិតណាស់ យើងបានចាត់តាំងទៅចំពោះម្នាក់ៗក្នុងចំណោមពួកគេ(បណ្តាព្យាការីទាំងនោះ)នូវសត្រូវជាច្រើនដែលមានទាំងសត្រូវដែលជាមនុស្ស និងសត្រូវដែលជាពពួកជិន ដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នាទៅវិញទៅមកតាមរយៈការតុបតែងលម្អប្រការដែលអាក្រក់(ឲ្យមើលឃើញថាជាប្រការល្អ)ដើម្បីពួកវាបោកប្រាស់ពួកគេ។ ហើយប្រសិនអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនចង់ឲ្យពួកគេធ្វើដូច្នោះទេនោះ ពិតណាស់ ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់មានចេតនាចង់សាកល្បងពួកគេយ៉ាងដូច្នោះ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ ហើយនិងអ្វីដែលពួកគេបានប្រឌិតឡើងនៃការប្រឆាំង និងប្រការដែលមិនពិតនោះចុះ ហើយចូរអ្នកកុំតាមពួកគេឲ្យសោះ។

(113) និងដើម្បីឲ្យដួងចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកអ្វីដែលពួកវាកំពុងតែញុះញង់និងពង្វក់គ្នាទៅវិញទៅមកនោះ ហើយក៏ដើម្បីឲ្យពួកគេទទួលយកវាសម្រាប់ខ្លួនពួកគេ ហើយពួកគេពេញចិត្តចំពោះវា។ ម្យ៉ាងទៀត ក៏ដើម្បីឲ្យពួកគេទទួលនូវផលកម្មដែលពួកគេបានសាង(នៅក្នុងលោកិយនេះ)នៃអំពើល្មើស និងអំពើបាប។

(114) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះថាៈ តើសមហេតុផលដែរឬទេក្នុងការដែលខ្ញុំទទួលយកការកាត់សេចក្តីរវាងខ្ញុំនិងពួកអ្នកផ្សេងពីអល់ឡោះនោះ? ជាការពិតណាស់ អល់ឡោះ ទ្រង់គឺជាម្ចាស់ដែលបានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ពួកអ្នកដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់នូវរាល់ប្រការទាំងអស់។ ហើយចំពោះពួកយូដាដែលយើងបានប្រទានដល់ពួកគេនូវគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលយើងបានប្រទានដល់ពួកគេនូវគម្ពីរអ៊ិនជីលនោះ ពួកគេបានដឹងយ៉ាងច្បាស់ថា ជាការពិតណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នោះ គឺពោរពេញទៅដោយសេចក្តីពិត ដោយសារតែពួកគេបានប្រទះឃើញវានៅក្នុងគម្ពីររបស់ពួកគេទាំងពីរ(ពួកយូដា និងពួកណាសរ៉នី)នូវភស្តុតាងដែលបញ្ជាក់យ៉ាងដូច្នោះ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការសង្ស័យចំពោះអ្វីដែលយើងបានវ៉ាហ៊ីទៅកាន់អ្នកឲ្យសោះ។

(115) បន្ទូលម្ចាស់របស់អ្នក(គម្ពីរគួរអាន) គឺបានបំពេញដោយត្រឹមត្រូវនិងយុត្តិធម៌បំផុត។ គ្មាននរណាអាចផ្លាស់ប្តូរបន្ទូលរបស់ទ្រង់ឡើយ។ ហើយទ្រង់គឺជាម្ចាស់មហាលឺបំផុតចំពោះពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់(ដែលពួកគេបាននិយាយ) ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះជនណាដែលព្យាយាមផ្លាស់ប្តូរបន្ទូលរបស់ទ្រង់។

(116) ប្រសិនបើគេកំណត់ឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើតាមមនុស្សភាគច្រើននៅលើផែនដីនោះ ពួកទាំងនោះនឹងធ្វើឲ្យអ្នកវង្វេងចេញពីសាសនារបស់អល់ឡោះជាមិនខាន។ ជាការពិតណាស់ មាគ៌ារបស់អល់ឡោះជាម្ចាស់នៅតែបន្តស្ថិតនៅភាពត្រឹមត្រូវជានិច្ច ទោះបីជាមាន(មនុស្ស)ចំនួនតិច(ជឿតាម)ក៏ដោយ។ ពិតណាស់ មនុស្សលោកភាគច្រើនពួកគេមិនដើរតាមអ្វីក្រៅពីការគិតស្មានដែលគ្មានអ្វីជាបង្អែកនោះឡើយ ដោយពួកគេគិតស្មានថាៈ ពិតណាស់ ព្រះនានាដែលពួកគេគោរពសក្ការៈនោះអាចនាំពួកគេឲ្យខិតជិតទៅកាន់អល់ឡោះជាម្ចាស់បាន ហើយពួកគេពិតជាភូតកុហកនៅក្នុងរឿងនេះ។

(117) ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះអ្នកដែលធ្វើឲ្យមនុស្សលោកវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយនៅក្នុងរឿងនេះ។

(118) ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវសត្វដែលគេបានសំឡេះដោយរំលឹកនាមរបស់អល់ឡោះនោះ ប្រសិនបើពួកអ្នកពិតជាអ្នកមានជំនឿពិតប្រាកដចំពោះភស្តុតាងរបស់អល់ឡោះដ៏ជាក់ច្បាស់មែននោះ។

(119) តើអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)មិនឲ្យទទួលទាននូវអ្វី(សត្វដែលគេសំឡេះ)ដែលគេបានរំលឹកព្រះនាមអល់ឡោះជាម្ចាស់ទៅលើវានោះ? ជាការពិតណាស់ អល់ឡោះបានបញ្ជាក់ដល់ពួកអ្នកទាំងអស់គ្នារួចហើយពីប្រការដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នកទាំងអស់គ្នា។ ដូច្នេះ ចាំបាច់លើពួកអ្នកត្រូវបោះបង់វា(ប្រការដែលគេហាមឃាត់)ចោល លើកលែងតែពួកអ្នកមានតម្រូវការចាំបាច់បំផុតចំពោះវាប៉ុណ្ណោះ ពីព្រោះភាពចាំបាច់ អាចធ្វើឲ្យប្រការដែលគេហាមឃាត់ក្លាយជាប្រការដែលគេអនុញ្ញាតវិញបាន។ ហើយជាការពិតណាស់ មានពួកមុស្ហរីគីនជាច្រើនបានធ្វើឲ្យអ្នកដែលដើរតាមពួកគេឃ្លាតឆ្ងាយពីប្រការពិតព្រោះតែគំនិតដ៏អាក្រក់របស់ពួកគេដោយសារតែភាពអវិជ្ជាដែលកើតចេញពីពួកគេ ខណៈដែលពួកគេអនុញ្ញាត(ឲ្យទទួលទាន)នូវប្រការដែលអល់ឡោះបានដាក់បម្រាមហាមឃាត់លើពួកគេ(មិនឲ្យទទួលទាន) ដូចជាសត្វដែលស្លាប់(ដោយមិនបានសំឡេះត្រឹមត្រូវ)ជាដើម ហើយពួកគេដាក់បម្រាមហាមឃាត់(មិនឲ្យទទួលទាន)នូវប្រការដែលអល់ឡោះបានអនុញ្ញាតដល់ពួកគេ ដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាល់វ៉ាស៊ីឡះ និង អាល់ហាមី និងសត្វផ្សេងទៀតជាដើម។ ជាការពិតណាស់ ម្ចាស់របស់អ្នក (ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះពួកដែលបំពានព្រំដែនរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងចំពោះពួកដែលបំពានទាំងនោះលើការដែលពួកគេបំពានព្រំដែនរបស់ទ្រង់។

(120) ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បោះបង់ចោលនូវអំពើល្មើសទាំងឡាយ ទាំងលាតត្រលាងនិងលាក់កំបាំង។ ជាការពិតណាស់ ពួកដែលប្រព្រឹត្តអំពើល្មើសទាំងលាតត្រដាងនិងលាក់កំបាំងនោះ អល់ឡោះជាម្ចាស់នឹងតបស្នងដល់ពួកគេចំពោះអំពើល្មើសដែលពួកគេបានសាង។

(121) ហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឲ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំលឹកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ) ទោះបីសត្វនោះត្រូវបានគេរំលឹកឈ្មោះអ្នកផ្សេងក្រៅពីអល់ឡោះ ឬក៏មិនរំលឹកឈ្មោះអ្នកផ្សេងក៏ដោយ។ ពិតណាស់ ការបរិភោគវា(សត្វដែលគេមិនបានរំលឹកឈ្មោះអល់ឡោះនៅពេលសំឡេះ)នោះ គឺនឹងធ្វើឲ្យគេឃ្លាតចេញពីការគោរពប្រតិបត្តិអល់ឡោះទៅកាន់ការប្រព្រឹត្តល្មើសចំពោះទ្រង់។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាតាមរយៈការបង្កើតនូវក្តីមន្ទិលសង្ស័យផ្សេងៗនៅក្នុងបញ្ហានៃការទទួលទានសត្វដែលស្លាប់នេះដើម្បីឲ្យពួកគេ(អ្នកគាំពារស្ហៃតន)ជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ធ្វើតាមពួកវា(ស្ហៃតន)ចំពោះអ្វីដែលពួកវាបានបង្កើតឡើងនៃក្តីមន្ទិលសង្ស័យផ្សេងៗ(ដើម្បីអនុញ្ញាតឲ្យទទួលសត្វស្លាប់ដែលមិនបានសំឡេះត្រឹមត្រូវ)នោះ ទាំងពួកអ្នកនិងពួកវា គឺស្មើគ្នាចំពោះការធ្វើស្ហ៊ីរិក។

(122) តើអ្នកដែលមុននឹងទទួលបានការចង្អុលបង្ហាញពីអល់ឡោះជាម្ចាស់នោះ គឺគេស្ថិតក្នុងភាពជាមនុស្សស្លាប់ (ព្រោះរូបគេកំពុងស្ថិតនៅក្នុងភាពគ្មានជំនឿ អវិជ្ជា និងប្រព្រឹត្តល្មើសចំពោះអល់ឡោះ) ហើយក្រោយមក យើងបានធ្វើឲ្យគេរស់ឡើងវិញតាមរយៈការចង្អុលបង្ហាញរូបគេទៅកាន់សេចក្តីជំនឿ ចំណេះដឹង និងការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ មានភាពស្មើគ្នាជាមួយនឹងអ្នកដែលស្ថិតនៅក្នុងភាពងងឹតនៃភាពគ្មានជំនឿ អវិជ្ជា និងប្រព្រឹត្តល្មើសចំពោះអល់ឡោះដែលពួកគេមិនមានលទ្ធភាពចាកចេញពីប្រការទាំងអស់នេះបាននោះដែរឬទេ? ដូចដែលគេបានលម្អសម្រាប់ពួកមុស្ហរីគីនទាំងនោះនូវអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវា ដូចជាប្រការស្ហ៊ីរិក ការទទួលទានសត្វស្លាប់ និងការជជែកដេញដោលគ្នាលើប្រការដែលមិនពិតនោះដែរ គេក៏នឹងលម្អរផងដែរចំពោះពួកប្រឆាំងនូវអ្វីដែលពួកគេបានប្រព្រឹត្តនៃអំពើល្មើសទាំងនោះ ដើម្បីទ្រង់នឹងតបស្នងដល់ពួកគេនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏ឈឺចាប់។

(123) ហើយដូចអ្វីដែលបានកើតឡើងចំពោះពួកមេដឹកនាំនៃពួកមុស្ហរីគីនម៉ាក្កះអំពីការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះដូច្នោះដែរ យើងបានបង្កើតឲ្យមាននៅគ្រប់តំបន់ទាំងអស់នូវមេដឹកនាំ និងពួកមេកន្ទ្រាញនានាដែលពួកទាំងនោះបានប្រើល្បិចកលអាក្រក់ដើម្បីអូសទាញមនុស្សលោកទៅកាន់មាគ៌ារបស់ស្ហៃតន និងធ្វើការប្រយុទ្ធនឹងបណ្តាអ្នកនាំសារនិងអ្នកដែលដើរតាមពួកគាត់ដូចគ្នាដែរ។ តែការពិតជាក់ស្តែង ឧបាយកលនានាដែលពួកគេបានរៀបចំនោះ គឺវិលត្រឡប់ទៅរកពួកគេវិញប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេមិនបានដឹងដូច្នោះនោះឡើយ ដោយសារតែភាពអវិជ្ជា និងការដើរតាមទំនើងរបស់ពួកគេ។

(124) ហើយនៅពេលដែលភស្តុតាងណាមួយក្នុងចំណោមបណ្តាភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីរបស់ទ្រង់បានមកដល់ពួកមេដឹកនាំនៃពួកគ្មានជំនឿទាំងនោះ ពួកគេបាននិយាយថាៈ ពួកយើងនឹងមិនមានជំនឿជាដាច់ខាត លុះត្រាតែអល់ឡោះទ្រង់ប្រទានឲ្យពួកយើងដូចអ្វីដែលទ្រង់បានប្រទានទៅឲ្យបណ្តាព្យាការីៗទាំងឡាយនៃភាពជាព្យាការីនិងសាររបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលសាររបស់ទ្រង់ និងអនុវត្តតាមអ្វីដែលមាននៅក្នុងវា។ ដូច្នេះ អល់ឡោះទ្រង់ជ្រើសរើសរូបគេសម្រាប់ទទួលតំណែងជាព្យាការី និងទទួលនូវសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពអាម៉ាសនិងភាពថោកទាបបំផុតព្រោះតែភាពអំណួតក្អេងក្អាងរបស់ពួកគេអំពីការពិត ហើយនិង(ទទួល)ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចរបស់ពួកគេដែលពួកគេបានរៀបចំ។

(125) ដូច្នេះជនណាហើយដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាបង្ហាញរូបគេទៅកាន់មាគ៌ានៃការចង្អុលបង្ហាញនោះ ទ្រង់នឹងធ្វើឲ្យទ្រូង(ដួងចិត្ត)របស់គេមានភាពទូលាយ និងរៀបចំរូបគេឲ្យទទួលយកសាសនាឥស្លាម។ រីឯជនណាហើយដែលទ្រង់មានចេតនាឲ្យរូបគេវង្វេង និងមិនផ្តល់ការចង្អុលបង្ហាញដល់រូបគេទេនោះ ទ្រង់នឹងធ្វើឲ្យដើមទ្រូង(ដួងចិត្ត)របស់គេមានភាពចង្អៀតចង្អល់ពីការទទួលយកសេចក្តីពិត ដោយទ្រង់រារាំងមិនឲ្យសេចក្តីពិតនោះជ្រាបចូលដល់ដួងចិត្តរបស់គេឡើយ ប្រៀបដូចជាការដែលរូបគេត្រូវបានរារាំងមិនឲ្យឡើងទៅលើមេឃបាន ខណៈដែលរូបគេមិនមានលទ្ធភាពក្នុងការឡើងដោយខ្លួនឯងដូច្នោះដែរ។ ដូចដែលអល់ឡោះបានធ្វើឲ្យស្ថានភាពរបស់ពួកដែលវង្វេងមានចិត្តចង្អៀតបែបនេះដែរ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះពួកដែលគ្មានជំនឿចំពោះទ្រង់។

(126) ហើយសាសនា(ឥស្លាម)ដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នេះហើយ គឺជាមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវដោយគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ។ ពិតណាស់ យើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនសម្រាប់ជនដែលចេះគិតពិចារណា និងស្វែងយល់។

(127) សម្រាប់ពួកគេ គឺទទួលបាននូវលំនៅឋានដែលមានសន្តិភាព ចាកផុតពីប្រការអាក្រក់ទាំងឡាយ នោះគឺឋានសួគ៌។ ហើយអល់ឡោះជាអ្នកដែលជួយដល់ពួកគេនិងទំនុកបម្រុងពួកគេ ជាការតបស្នងចំពោះទង្វើកុសលដែលពួកគេបានសាង។

(128) ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំមនុស្សលោក និងពពួកជិន ក្រោយមក ទ្រង់មានបន្ទូលថាៈ ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង ព្រមទាំងបានរារាំងពួកគេពីមាគ៌ារបស់អល់ឡោះថែមទៀត។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សលោកបានឆ្លើយតបនឹងម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងម្នាក់ៗសុទ្ធតែបានទទួលផលប្រយោជន៍ពីមិត្តភក្តិរបស់ពួកយើង។ ពួកជិនបានទទួលផលប្រយោជន៍ពីការគោរពប្រតិបត្តិរបស់មនុស្សចំពោះពួកវា រីឯមនុស្សលោកវិញ ពួកគេទទួលផលប្រយោជន៍តាមរយៈការត្រេកត្រអាលនៃកិលេសតណ្ហារបស់ពួកគេ។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះពួកយើងហើយ ព្រោះពេលនេះ គឺជាថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ឋានរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកត្រូវស្ថិតនៅក្នុងវាជាអមតៈ លើកលែងតែរយៈពេលមួយដែលអល់ឡោះមានចេតនា ដែលនៅចន្លោះរវាងការពង្រស់ពួកគេពីផ្នូររបស់ពួកគេវិញ រហូតដល់ពេលវេលាដែលត្រឡប់ពួកគេទៅកាន់នរកជើហាន់ណាំ។ នេះហើយជារយៈពេលពួកគេមិនស្ថិតនៅជាអមតៈក្នុងឋាននរកនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់ដែលមហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងថាតើជនណាដែលសាកសមនឹងទទួលនូវទណ្ឌកម្ម។

(129) ហើយដូចដែលយើងបានធ្វើឲ្យពួកជិនក្លាយជាអ្នកដឹកនាំ ហើយយើងបានឲ្យពួកវាគ្រប់គ្រងទៅលើមនុស្សមួយចំនួនដើម្បីធ្វើឲ្យពួកគេវង្វេងនោះដែរ យើងនឹងបង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាពួកបំពានដូចគ្នាដែលជម្រុញរូបគេឲ្យធ្វើប្រការអាក្រក់និងរារាំងរូបគេពីប្រការល្អ ជាការតបស្នងទៅលើអំពើល្មើសដែលពួកគេធ្លាប់បានប្រព្រឹត្ត។

(130) ហើយយើង(អល់ឡោះ)នឹងមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថាៈ ឱបណ្តាក្រុមមនុស្សលោក និងជិនទាំងឡាយ! តើបណ្តាអ្នកនាំសារដែលមកពីពូជពង្សពួកអ្នក(គឺពូជមនុស្ស)មិនបានមកដល់ពួកអ្នក ហើយសូត្រនូវអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេ ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក ពោលគឺថ្ងៃបរលោកនេះទេឬ? ពួកគេបានឆ្លើយតបថាៈ ពិតមែនហើយ ពួកគេ(បណ្តាអ្នកនាំសារ)ពិតជាបានមកដល់ពួកយើងមែន។ នៅក្នុងថ្ងៃនេះ ពួកយើងសូមទទួលស្គាល់ចំពោះខ្លួនពួកយើងផ្ទាល់ថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ទ្រង់ គឺពិតជាបានផ្សព្វផ្សាយមកដល់ពួកយើងមែន ហើយពួកយើងក៏ទទួលស្គាល់ដែរពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែ ពួកយើងធ្លាប់បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបដិសេធ(មិនព្រមជឿ)ពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេដោយសារតែអ្វីដែលមាននៅក្នុងវា(លោកិយ)នៃការតុបតែងលម្អ ភាពឆើតឆាយនៃលោកិយ និងការសើយសុខដែលមិនស្ថិតស្ថេរនេះ។ ហើយពួកគេបានទទួលស្គាល់ចំពោះខ្លួនពួកគេថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់ពិតមែនកាលនៅក្នុងលោកិយ។ ក៏ប៉ុន្តែ ការទទួលស្គាល់ និងការមានជំនឿរបស់ពួកគេ(នៅក្នុងថ្ងៃបរលោកនេះ) គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះវាហួសពេលទៅហើយ។

(131) ហេតុផលនៃការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយទៅកាន់មនុស្សលោកនិងជិននោះ គឺ ដើម្បីកុំឲ្យនរណាម្នាក់(ក្នុងចំណោមពួកគេ)ត្រូវបានគេដាក់ទណ្ឌកម្មទៅលើអ្វីដែលពួកគេបានសាង ខណៈដែលគ្មានអ្នកនាំសារណាម្នាក់ត្រូវបានបញ្ជូនទៅកាន់ពួកគេ(ដើម្បីណែនាំពួកគេ) និងការអំពាវនាវមិនបានទៅដល់រូបគេនោះ ពីព្រោះយើង(អល់ឡោះ)មិនដាក់ទណ្ឌកម្មលើប្រជាជាតិណាមួយនោះឡើយ លើកលែងតែក្រោយពីយើងបានបញ្ជូនបណ្តាអ្នកនាំសារទៅកាន់ពួកគេហើយប៉ុណ្ណោះ។

(132) ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈរៀងៗខ្លួនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ដូចនេះ មិនស្មើគ្នានោះទេរវាងអ្នកដែលសាងទង្វើអាក្រក់ច្រើននិងអ្នកដែលសាងទង្វើអាក្រក់តិចតួចនោះ ហើយអ្នកដែលតាមគេនិងអ្នកដែលត្រូវបានគេដើរតាមក៏មិនស្មើគ្នានោះដែរ។ ក៏ដូចគ្នាដែរ ផលបុណ្យនៃអ្នកដែលសាងទង្វើកុសលម្នាក់ៗក៏មិនស្មើគ្នានោះដែរ។ ហើយម្ចាស់របស់អ្នកទ្រង់មិនធ្វេសប្រហែសនូវទង្វើដែលពួកគេធ្លាប់បានប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ឃើញទាំងអស់នូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយអល់ឡោះនឹងតបស្នងដល់ពួកគេនូវទង្វើដែលពួកគេបានសាង។

(133) ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មហាមានលើសលប់ចំពោះខ្ញុំបម្រើរបសស់ទ្រង់។ ដូចនេះ ទ្រង់មិនត្រូវការខ្ញុំបម្រើរបស់ទ្រង់នោះទេ ហើយទ្រង់ក៏មិនត្រូវការការគោរពសក្ការៈរបស់ពួកគេនោះដែរ ហើយការប្រឆាំង(មិនព្រមជឿ)របស់ពួកគេនោះ គឺគ្មានផលប៉ះពាល់អ្វីមួយដល់ទ្រង់នោះឡើយ។ ហើយជាមួយនឹងការដែលទ្រង់មហាមានលើសលប់មិនត្រូវការពួកគេនោះ ទ្រង់ថែមទាំងមានក្តីមេត្តាករុណាចំពោះពួកគេថែមទៀត។ ប្រសិនបើទ្រង់មានចេតនាបំផ្លាញពួកអ្នក(ឱខ្ញុំបម្រើអល់ឡោះដែលជាអ្នកប្រឆាំងទាំងឡាយ)នោះ ទ្រង់នឹងបំផ្លាញពួកអ្នកផ្តាច់ពូជដោយទណ្ឌកម្មមកពីទ្រង់ជាមិនខាន ហើយទ្រង់នឹងបង្កើតឲ្យមានក្រោយពីទ្រង់បានបំផ្លាញពួកអ្នកហើយនោះនូវអ្នកដែលមានជំនឿចំពោះទ្រង់ និងគោរពប្រតិបត្តិទ្រង់ ចំពោះជនណាដែលទ្រង់មានចេតនា ដូចដែលគេបានបង្កើតពួកអ្នកចេញពីពូជអម្បូរផ្សេងៗគ្នានៃពួកអ្នកជំនាន់មុនៗពួកអ្នកនោះដែរ។

(134) ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មានជំនឿទាំងឡាយ) ដូចជាការពង្រស់ឲ្យរស់ឡើងវិញបន្ទាប់ពីស្លាប់ ការជំនុំជម្រះ និងទណ្ឌកម្មនោះ គឺពិតជានឹងមកដល់យ៉ាងពិតប្រាកដដោយចៀសមិនផុតដោយពួកអ្នកមិនអាចរត់គេចពីម្ចាស់របស់ពួកអ្នកបាននោះឡើយ(នៅថ្ងៃនោះ)។ ពិតណាស់ ទ្រង់ជាអ្នកចាប់សក់ក្បាលរបស់ពួកអ្នក និងជាអ្នកដាក់ទណ្ឌកម្មពួកអ្នកដោយទណ្ឌកម្ម(ដ៏សែនខ្លោចផ្សា)របស់ទ្រង់។

(135) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ារបស់ពួកអ្នក និងអ្វីដែលពួកអ្នកកំពុងស្ថិតនៅលើវានៃការប្រឆាំងនិងភាពវង្វេងចុះ។ ជាការពិតណាស់ ខ្ញុំបានលើកហេតុផលនិងផ្តល់ភស្តុតាងជាច្រើនដល់ពួកអ្នកតាមរយៈការផ្សព្វផ្សាយ(សារ)មួយយ៉ាងច្បាស់លាស់។ ដូចនេះ ខ្ញុំមិនខ្វាយខ្វល់ចំពោះការប្រឆាំងនិងការវង្វេងរបស់ពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់នឹងប្រការត្រឹមត្រូវដែលខ្ញុំកំពុងតែស្ថិតនៅលើវានេះដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានជោគជ័យនៅក្នុងលោកិយ និងទទួលមត៌កនៃផែនដីនេះ ហើយតើនរណាដែលនឹងទទួលបាននូវលំនៅឋាននៅថ្ងៃបរលោកនោះ។ ពិតណាស់ ពួកមុស្ហរីគីនមិនទទួលបានជោគជ័យនោះទេ មិនថានៅក្នុងលោកិយ ឬថ្ងៃបរលោក។ ផ្ទុយទៅវិញ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការខាតបង់ប៉ុណ្ណោះ ប្រសិនបើពួកគេនៅតែត្រេកត្រអាលនឹងអ្វីដែលពួកគេកំពុងតែមាននៅក្នុងលោកិយ(នាពេលបច្ចុប្បន្ន)នេះ។

(136) ហើយពួកមុស្ហរីគីនបានបង្កើតរឿងថ្មីចំពោះអល់ឡោះដោយពួកគេបានរំលែកមួយចំណែកសម្រាប់អល់ឡោះជាម្ចាស់អំពីអ្វីដែលទ្រង់បានបង្កើតនៃផល្លានុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈ ដោយពួកគេអះអាងថា មួយចំណែកនេះ គឺសម្រាប់អល់ឡោះ ហើយមួយចំណែកផ្សេងទៀត គឺសម្រាប់រូបបដិមានិងព្រះនានារបស់ពួកគេ។ ជាការពិតណាស់ អ្វីដែលពួកគេរៀបចំសម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អ្នកដែលអល់ឡោះទ្រង់បានកំណត់ច្បាប់ឲ្យផ្តល់ការបរិច្ចាគទៅកាន់ពួកគេ ដូចជាអ្នកក្រខ្សត់ និងអ្នកក្រីក្រនោះទេ តែអ្វីដែលពួកគេ(ពួកមុស្ហរីគីន)បានរៀបចំវាសម្រាប់អល់ឡោះនោះ គឺនឹងទៅដល់ព្រះនានារបស់ពួកគេដែលជារូបបដិមា ដោយពួកគេចាត់ចែងវានៅក្នុងកិច្ចការរបស់ពួកគេ។ អ្វីដែលពួកគេបានកំណត់ និងបែងចែកនេះ គឺអាក្រក់ជាទីបំផុត។

(137) ហើយដូចដែលស្ហៃតនបានតុបតែងលម្អដល់ពួកមុស្ហរីគីនចំពោះការកំណត់ដ៏អយុត្តិធម៌នេះដែរ ព្រះនានារបស់ពួកមុស្ហរីគីនដែលជាពួកស្ហៃតនទាំងនោះ ក៏បានលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរដោយឲ្យពួកគេ(ពួកមុស្ហរីគីន)សម្លាប់កូនៗរបស់ពួកគេដោយសារតែខ្លាចភាពក្រីក្រ ដើម្បីពួកវា(ស្ហៃតន)បំផ្លាញពួកមុស្ហរីគីនទាំងនោះដោយធ្វើឲ្យពួកគេធ្លាក់ចូលទៅក្នុងបទឧក្រិដ្ឋនៃការសម្លាប់ជីវិតដែលត្រូវបានអល់ឡោះហាមឃាត់ និងដើម្បីពួកវា(ស្ហៃតន)បំភ័ន្តពួកគេនូវសាសនារបស់ពួកគេ ដោយពួកគេមិនដឹងទេថា តើអ្វីដែលច្បាប់បង្គាប់ប្រើ និងអ្វីដែលមិនមែនជាច្បាប់បង្គាប់ប្រើ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកគេធ្វើដូច្នោះនោះ ពួកគេនឹងមិនធ្វើដូច្នោះឡើយ ក៏ប៉ុន្តែទ្រង់មានចេតនាយ៉ាងដូច្នោះដោយសារមានហេតុផលច្បាស់លាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកមុស្ហរីគីនទាំងនោះនិងអ្វីដែលពួកគេបានប្រឌិតទៅលើអល់ឡោះដោយការកុហកបោកប្រាស់នោះចុះ។ ជាការពិតណាស់ រឿងនោះមិនបានផ្តល់ផលប៉ះពាល់ណាមួយមកលើអ្នកនោះទេ ហើយចូរអ្នកប្រគល់កិច្ចការរបស់ពួកគេឲ្យអល់ឡោះជាម្ចាស់ចុះ។

(138) ពួកមុស្ហរីគីនបាននិយាយថាៈ សត្វពាហនៈ និងផល្លានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យបរិភោគនោះឡើយ លើកលែងតែជនណាដែលពួកគេចង់(ឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាអ្នកដែលធ្វើការបម្រើរូបបដិមាជាដើម ដោយការអះអាងនិងការប្រឌិតរបស់ពួកគេ ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នងរបស់វា គឺត្រូវបានហាមឃាត់មិនឲ្យជិះនិងដឹកជញ្ជូនឥវ៉ាន់នោះទេ ដែលសត្វទាំងនោះមានដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាស្សាអ៊ីហ្ពះ និង អាល់ហាមី។ ហើយសត្វពាហនៈទាំងនេះផងដែរ ពួកគេមិនរំលឹកព្រះនាមអល់ឡោះនៅពេលសំឡេះនោះទេ។ តាមពិត គឺពួកគេសំឡេះដោយរំលឹកឈ្មោះបដិមានានារបស់ពួកគេទៅវិញ។ ការធ្វើដូច្នេះរបស់ពួកគេ គឺជាការភូតកុហកមូលបង្កាច់ទៅលើអល់ឡោះជាម្ចាស់ដែលថា អ្វីដែលពួកគេធ្វើទាំងអស់នោះ គឺមកពីអល់ឡោះជាម្ចាស់(អល់ឡោះទ្រង់បង្គាប់ប្រើពួកគេយ៉ាងដូច្នេះ)។ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងចំពោះពួកគេនូវទណ្ឌកម្មរបស់ទ្រង់ដោយសារតែអ្វីដែលពួកគេប្រឌិតមូលបង្កាច់ទៅលើទ្រង់នោះ។

(139) ហើយពួកគេបាននិយាយទៀតថាៈ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ ប្រសិនបើវាកើតមកហើយនៅរស់នោះ គឺវាត្រូវបានអនុញ្ញាត(ឲ្យបរិភោគ)សម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយវាត្រូវបានហាមឃាត់(មិនឲ្យបរិភោគនោះទេ)ចំពោះស្ត្រីៗរបស់ពួកយើង។ ក៏ប៉ុន្តែ ប្រសិនបើសត្វនោះកើតមកហើយស្លាប់នោះ ទាំងបុរសទាំងស្ត្រី គឺមានចំណែកដូចគ្នា(អាចបរិភោគបានដូចគ្នា)។ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងដល់ពួកគេយ៉ាងសក្តិសមបំផុតចំពោះពាក្យសម្តីដែលពួកគេបាននិយាយនេះ។ ជាការពិតណាស់ ទ្រង់គឺជាម្ចាស់ដ៏មហាគតិបណ្ឌិតនៅក្នុងការរដាក់បញ្ញត្តិច្បាប់ និងការគ្រប់គ្រងចំពោះកិច្ចការនៃម៉ាខ្លូករបស់ទ្រង់(ដែលទ្រង់បានបង្កើត) ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។

(140) ពិតប្រាដកណាស់ ពួកដែលបានសម្លាប់កូនៗរបស់ពួកគេដោយសារតែភាពល្ងង់ខ្លៅ និងភាពអវិជ្ជារបស់ពួកគេ គឺពិតជាវិនាសអន្តរាយ។ ហើយពួកគេបានហាមឃាត់ខ្លួនឯងនូវសត្វពាហនៈដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដោយពួកគេចោទប្រកាន់ដោយកុហកបោកប្រាស់(មូលបង្កាច់)ទៅលើអល់ឡោះថា ទ្រង់គឺជាអ្នកដែលហាមឃាត់(ពួកគេមិនឲ្យទទួលទាន)។ ជាការពិតណាស់ ពួកគេបានឃ្លាតឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវ ហើយពួកគេក៏មិនមែនជាពួកដែលទទួលបានការចង្អុលបង្ហាញឡើយ។

(141) ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតនូវចម្ការច្បារដំណាំជាច្រើនដែលលាតសន្ធឹងនៅលើផែនដីដោយ(ដំណាំខ្លះ)មិនឡើងទ្រើង ហើយមានដំណាំខ្លះទៀតដុះឡើងទ្រើង។ ហើយទ្រង់បានបង្កើតដើមល្មើ ព្រមទាំងដំណាំផ្សេងៗជាច្រើនទៀតដែលផ្លែរបស់វាមានរូបរាង និងរសជាតិផ្សេងៗពីគ្នា។ ទ្រង់ក៏ជាអ្នកដែលបានបង្កើតផ្លែអូលីវ និងផ្លែទទឹម ដែលស្លឹករបស់វាមានលក្ខណៈ(និងរូបរាង)ស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វាវិញ)មានរសជាតិផ្សេងគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃដែលពួកអ្នកប្រមូលផល។ ហើយចូរពួកអ្នកកុំបំពានព្រំដែននៃក្បួនច្បាប់ដែលបានកំណត់ក្នុងការបរិភោគនិងការបរិច្ចាគនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃច្បាប់បញ្ញត្តិរបស់ទ្រង់ដែលទ្រង់បានកំណត់នោះទេ មិនថាចំពោះរឿងទាំងពីរនេះ ឬរឿងផ្សេងទៀតនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះគេ។ ពិតណាស់ អ្នកដែលបានបង្កើតនូវអ្វីៗទាំងអស់នោះ ទ្រង់នោះហើយគឺជាអ្នកដែលអនុញ្ញាតដល់ខ្ញុំបម្រើរបស់ទ្រង់(ឲ្យទទួលទានវា) ហើយជាពិតណាស់ ពួកមុស្ហរីគីនគ្មានសិទ្ធិហាមឃាត់ពួកគេ(មិនឲ្យទទួលទាន)នោះទេ។

(142) ហើយអល់ឡោះជាម្ចាស់ ទ្រង់ក៏ជាអ្នកដែលបានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នកដើម្បីឲ្យពួកវាអាចដឹកជញ្ជូនឥវ៉ាន់បាន ដូចជាសត្វអូដ្ឋធំ និងខ្លះទៀតមិនបានផ្តល់ផលប្រយោជន៍សម្រាប់ការដឹកជញ្ជូននោះទេ ដូចជាសត្វអូដ្ឋតូច និងសត្វចៀមជាដើម។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកអ្នកអំពីសត្វទាំងអស់នេះដែលទ្រង់បានអនុញ្ញាតដល់ពួកអ្នក(ទទួលទានវា)។ ហើយចូរពួកអ្នកកុំដើរតាមមាគ៌ារបស់ស្ហៃតននៅក្នុងការអនុញ្ញាតនូវរបស់ដែលអល់ឡោះបានដាក់បម្រាម និងដាក់បម្រាមនូវរបស់ដែលអល់ឡោះទ្រង់អនុញ្ញាតដូចអ្វីដែលពួកមុស្ហរីគីនបានធ្វើឲ្យសោះ។ ជាការពិតណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដោយវាចង់ឲ្យពួកអ្នកប្រឆាំងនឹងអល់ឡោះចំពោះបញ្ហានេះ។

(143) ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈចំនួនប្រាំបីគូ ក្នុងនោះ មានសត្វចៀមមួយគូ និងសត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនចុះថាៈ តើអល់ឡោះទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះដោយហេតុផលថា វាទាំងពីរជាសត្វឈ្មោលឬ? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងថា “ចុះហេតុអ្វីបានជាពួកអ្នកហាមឃាត់សត្វញី? ឬមួយក៏អល់ឡោះទ្រង់បានហាមឃាត់សត្វញីទាំងពីរប្រភេទនោះដោយហេតុផលថា វាទាំងពីរនោះជាសត្វញីឬ”? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងនោះទៀតថា “ចុះហេតុអ្វីបានជាពួកអ្នកបានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនោះ? ឬមួយក៏អល់ឡោះទ្រង់ហាមឃាត់នូវអ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរនោះ ដោយហេតុផលថា វាមានកូននៅក្នុងផ្ទៃឬ”? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងនោះទៀតថា “ចុះហេតុអ្វីបានជាពួកអ្នកបែងចែករវាងអ្វីដែលមាននៅក្នុងពោះសត្វនោះ ដោយម្តងពួកអ្នកហាមឃាត់សត្វឈ្មោលរបស់វា និងម្តងពួកអ្នកហាមឃាត់សត្វញីរបស់វា? ចូរពួកអ្នក(ឱពួកមុស្ហរីគីនទាំងឡាយ)ប្រាប់ខ្ញុំដោយផ្អែកលើមូលដ្ឋាននៃចំណេះដឹងដែលត្រឹមត្រូវមក ប្រសិនបើពួកអ្នកគឺជាទៀងត្រង់ចំពោះអ្វីដែលពួកអ្នកបានអះអាងថា ការដាក់បម្រាមបែបនេះ គឺមកពីអល់ឡោះជាម្ចាស់មែននោះ។

(144) ហើយប្រភេទដែលនៅសល់ក្នុងចំណោមសត្វទាំងប្រាំបីគូនោះគឺៈ សត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ប្រភេទទាំងពីរនេះដោយហេតុផលថា វាជាសត្វឈ្មោល ឬសត្វញី ឬដោយសារតែវាមានកូននៅក្នុងផ្ទៃរបស់វាឬ? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមាន(តាមការអះអាងរបស់ពួកអ្នក)ក្នុងខណៈពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកដោយការដាក់បម្រាមចំពោះសត្វពាហនៈដែលពួកអ្នកបានដាក់បម្រាមទាំងនោះ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពាននិងប្រព្រឹត្តបាបកម្មធំធេងជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះទេ ដោយពួកគេបានចោទថា ទ្រង់បានដាក់បម្រាមនូវអ្វីដែលអល់ឡោះមិនដាក់បម្រាមចំពោះវាសោះ ដើម្បីធ្វើឲ្យមនុស្សវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវដោយគ្មានមូលដ្ឋានពីចំណេះដឹងដែលត្រឹមត្រូវទាល់តែសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញពួកដែលបំពានដោយការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះនោះទេ។

(145) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនបានប្រទះឃើញនៅក្នុងអ្វីដែលអល់ឡោះបានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនូវការដាក់បម្រាមណាមួយនោះឡើយ ក្រៅពីសត្វដែលបានស្លាប់ដោយមិនបានសំឡេះ(ត្រឹមត្រូវតាមច្បាប់ឥស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូកនោះទេ ដោយសារវាជារបស់កខ្វក់ដែលត្រូវបានហាមឃាត់(មិនឲ្យបរិភោគ) ឬក៏សត្វដែលគេសំឡេះដោយរំលឹកឈ្មោះផ្សេងក្រៅពីព្រះនាមអល់ឡោះ ដូចជាការសំឡេះសម្រាប់ដាក់សែនដល់ព្រះនានារបស់ពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចំពោះបុគ្គលណាដែលមានភាពចាំបាច់ខ្លាំងក្នុងការទទួលទានរបស់ដែលត្រូវបានគេហាមឃាត់ទាំងនោះ ដោយសារតែការស្រេកឃ្លានខ្លាំង ដោយមិនមែនដោយសារចង់ភ្លក់រសជាតិរបស់វា និងមិនបំពានព្រំដែនរបស់វា ពោលគឺ(ទទួលទាន)មិនលើសពីតម្រូវការចាំបាច់ទេនោះ គឺគ្មានបាបកម្មអ្វីចំពោះគេនោះឡើយ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលបង្ខំចិត្តក្នុងការទទួលទានរបស់(ដែលត្រូវបានហាមឃាត់)ទាំងនោះ និងជាម្ចាស់ដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

(146) ហើយយើងបានដាក់បម្រាមហាមឃាត់ទៅលើពួកយូដា(មិនឲ្យទទួលទាន)រាល់សត្វទាំងឡាយដែលមានក្រចកជាប់គ្នា ដូចជាសត្វអូដ្ឋ និងសត្វអូទ្រីសជាដើម។ ហើយយើងក៏បានហាមឃាត់ទៅលើពួកគេផងដែរមិនឲ្យបរិភោគខ្លាញ់គោ និងខ្លាញ់ពពែ លើកលែងតែខ្លាញ់ដែលនៅជាប់នឹងឆ្អឹងខ្នងរបស់វា ឬក៏ខ្លាញ់ដែលជាប់នឹងពោះវៀន ឬខ្លាញ់ដែលនៅជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ យើងបានតបស្នងដល់ពួកគេទៅលើការបំពានរបស់ពួកគេ ដោយបានដាក់បម្រាមនូវរបស់ទាំងអស់នោះទៅលើពួកគេ(មិនឲ្យទទួលទាន)។ ហើយជាការពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុតចំពោះរាល់អ្វីៗដែលយើងបានប្រាប់។

(147) តែប្រសិនបើពួកគេបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងមិនជឿជាក់ចំពោះអ្វីដែលអ្នកបាននាំមកពីម្ចាស់របស់អ្នកទេនោះ ចូរអ្នកពោលទៅកាន់ពួកគេដើម្បីទាញនូវចំណាប់អារម្មណ៍របស់ពួកគេថាៈ ម្ចាស់របស់ពួកអ្នកទ្រង់មានក្តីមេត្តាករុណាយ៉ាងទូលំទូលាយបំផុតចំពោះពួកអ្នក ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកនោះ គឺទ្រង់ពន្យារពេលដល់ពួកអ្នកដោយទ្រង់មិនដាក់ទណ្ឌកម្មរបស់ទ្រង់ចំពោះពួកអ្នកភ្លាមៗនោះទេ។ ហើយចូរអ្នកពោលទៅកាន់ពួកគេ ជាការដាស់តឿងព្រមានចំពោះពួកគេចុះថាៈ ជាការពិតណាស់ ទណ្ឌកម្មរបស់អល់ឡោះ គឺគ្មាននរណាម្នាក់អាចរុញច្រានវាចេញពីក្រុមដែលប្រព្រឹត្តអំពើល្មើស និងប្រព្រឹត្តបាបកម្មបានឡើយ។

(148) ពួកមុស្ហរីគីននឹងនិយាយយកលេសដោះសារនឹងចេតនារបស់អល់ឡោះនិងសមត្ថភាពរបស់ទ្រង់ចំពោះភាពត្រឹមត្រូវនៃការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើង ក៏ដូចជាជីដូនជីតារបស់ពួកយើងធ្វើស្ហ៊ីរិកនឹងទ្រង់ទេនោះ ពួកយើងក៏មិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងដាក់បម្រាមនូវអ្វីដែលពួកយើងបានដាក់បម្រាមលើខ្លួនពួកយើងទេនោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ តាមរយៈការលើកឡើងនូវលេសដោះសារដែលមិនត្រឹមត្រូវរបស់ពួកគេបែបនេះ ពួកអ្នកជំនាន់មុនពួកគេក៏បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ ដោយពួកគេ(អ្នកជំនាន់មុន)បាននិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងបដិសេធពួកគេ(បណ្តាអ្នកនាំសារ)ទេនោះ ពួកយើងក៏មិនបដិសេធចំពោះពួកគេនោះដែរ។ ហើយពួកគេនៅតែបន្តការបដិសេធបែបនេះ រហូតដល់ពួកគេបានភ្លក្សនូវទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះទៅកាន់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើពួកអ្នកមានភស្តុតាងណាមួយដែលបញ្ជាក់ថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តឲ្យពួកអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់ និង(ពេញចិត្តឲ្យពួកអ្នក)ដាក់បម្រាមនូវអ្វីដែលទ្រង់បានអនុញ្ញាត ហើយអនុញ្ញាតនូវអ្វីដែលអល់ឡោះទ្រង់ដាក់បម្រាមនោះ? ការដែលពួកអ្នកធ្លាក់ក្នុងទង្វើបែបនេះ គឺមិនមែនជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់ពេញចិត្តចំពោះ(ទង្វើ)ពួកអ្នកនោះទេ។ ជាការពិតណាស់ ពួកអ្នកធ្វើដូច្នោះគឺគ្មានអ្វីក្រៅពីការស្មាននោះឡើយ ហើយពិតណាស់ ការស្មានមិនអាចផ្តល់នូវការពិតបន្តិចណានោះឡើយ ហើយពួកអ្នកគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។

(149) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើពួកអ្នកគ្មានភស្តុតាងអ្វីក្រៅពីភស្តុតាងដែលមិនត្រឹមត្រូវទាំងនេះទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានភស្តុតាងយ៉ាងច្បាស់លាស់ដែលកាត់ផ្តាច់នូវលេសដោះសាររបស់ពួកអ្នកដែលពួកអ្នកបានលើកឡើងនោះ និងធ្វើឲ្យការសង្ស័យដែលពួកអ្នកស្មាននោះខូចខាត(បាត់បង់)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នា(ឱពួកមុស្ហរីគីន)ទៅកាន់ការពិតនោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកជាមិនខាន។

(150) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាត ហើយអះអាងថា អល់ឡោះជាអ្នកដែលដាក់បម្រាមនោះថាៈ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថាៈ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកដែលដាក់បម្រាមនូវប្រការដែលពួកអ្នកបានដាក់បម្រាមទាំងអស់នេះមក។ ហើយប្រសិនបើពួកគេធ្វើសាក្សីដោយគ្មានចំណេះដឹងដែលថា ពិតណាស់ អល់ឡោះគឺជាអ្នកដែលដាក់បម្រាមវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំជឿនូវការធ្វើសាក្សីរបស់ពួកគេឲ្យសោះ ពីព្រោះវាជាការធ្វើសាក្សីកុហកបោកប្រាស់ប៉ុណ្ណោះ។ ហើយចូរអ្នកកុំតាមទំនើងចិត្តរបស់ពួកដែលកាត់សេចក្តីទៅតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ជាការពិតណាស់ ពួកគេបានបដិសេធនូវបណ្តាភស្តុតាងរបស់យើងខណៈដែលពួកគេបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាតចំពោះពួកគេ។ ហើយចូរអ្នកកុំតាមពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ហើយពួកគេធ្វើស្ហ៊ីរិកចំពោះម្ចាស់របស់ពួកគេ ដោយគោរពអ្នកផ្សេងស្មើនឹងទ្រង់ឲ្យសោះ។ តើឲ្យគេដើរតាមអ្នកដែលស្ថិតនៅលើមាគ៌ាបែបនេះជាមួយនឹងម្ចាស់របស់គេយ៉ាងដូចម្តេច?

(151) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មនុស្សលោកទាំងឡាយថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឲ្យពួកអ្នកស្តាប់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់ឡើយ និងមិនត្រូវអកតញ្ញូចំពោះឪពុកម្តាយរបស់ពួកអ្នកជាដាច់ខាត។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវកតញ្ញូចំពោះគាត់ទាំងពីរ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យសម្លាប់កូនៗរបស់ពួកអ្នកដោយសារតែ(ខ្លាច)ភាពក្រខ្សត់ដូចដែលពួកសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់)បានធ្វើនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនត្រូវបៀតបៀន ឬទៅជិតប្រការអាក្រក់(ហ្ស៊ីណា)នោះឡើយ ទោះបីដោយបើកចំហឬដោយលាក់លៀម។ ហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់មិនឲ្យសម្លាប់នោះទេ លើកលែងតែមានហេតុផលត្រឹមត្រូវ ដូចជាអ្នកដែលប្រព្រឹត្តហ្ស៊ីណា(ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់ការរៀបការរួច) និងអ្នកដែលវិលត្រឡប់ទៅរកភាពគ្មានគ្មានជំនឿបន្ទាប់ពីចូលសាសនាឥស្លាមហើយ(មួរតាត់)ជាដើម។ ប្រការដែលបានរៀបរាប់ខាងលើនេះ គឺអល់ឡោះទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណាចំពោះអល់ឡោះទាំងប្រការដែលទ្រង់បានបង្គាប់បញ្ជារប្រើ និងប្រការដែលទ្រង់បានហាមឃាត់។

(152) ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរមិនឲ្យបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រា(សំដៅលើក្មេងដែលឪពុករបស់គេបានស្លាប់មុននឹងគេធំដឹងក្តី) លើកលែងតែតាមវិធីដែលមានប្រយោជន៍សម្រាប់គេ(ក្មេងកំព្រា) និងធ្វើឲ្យទ្រព្យសម្បត្តិរបស់គេកើនឡើងប៉ុណ្ណោះ រហូតដល់គេធំពេញវ័យ ចេះបែងចែកខុសត្រូវ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យកេងប្រវ័ញ្ញនៅក្នុងការវាល់ និងថ្លឹង។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវមានភាពយុត្តិធម៌នៅក្នុងការទិញលក់។ យើង(អល់ឡោះ)មិនបានដាក់បន្ទុកទៅលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ ដូច្នេះ អ្វីដែលគេមិនអាចគ្រប់គ្រងវាបានអំពីការលើស ឬខ្វះ ក្នុងការថ្លឹង(ឬវាល់) និងអ្វីផ្សេងទៀតនោះ គឺគេមិនយកទោសពៃរ៍ចំពោះវានោះទេ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយនូវពាក្យសម្តីមិនពិតនៅក្នុងការប្រាប់ដំណឹង(ឬផ្តល់ព័ត៌មាន) ឬការធ្វើសាក្សី សូម្បីជាមួយសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធក៏ដោយ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរចំពោះការមិនបំពេញនូវកិច្ចសន្យារបស់អល់ឡោះនៅពេលដែលទ្រង់បានសន្យានឹងពួកអ្នក ឬពួកអ្នកបានសន្យានឹងទ្រង់ហើយនោះ ផ្ទុយទៅវិញ ពួកអ្នកចាំបាច់ត្រូវតែបំពេញនូវការសន្យានេះ។ បទបញ្ជាដែលអល់ឡោះបានបង្គាប់ប្រើលើពួកអ្នកខាងលើនោះ គឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត សង្ឃឹមថា ពួកអ្នកនឹងចងចាំពីលទ្ធផលចុងក្រោយនៃកិច្ចការរបស់ពួកអ្នក។

(153) ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរអំពីការដើរតាមមាគ៌ាដែលវង្វេងទាំងឡាយ។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវដើរតាមមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។ រីឯមាគ៌ាទាំងឡាយដែលវង្វេងវិញនោះ វានឹងនាំពួកអ្នកទៅកាន់ការបែកបាក់ និងការចាកឆ្ងាយពីមាគ៌ាដែលត្រឹមត្រូវ។ ការដើរតាមមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវនោះហើយ គឺជាអ្វីដែលអល់ឡោះបានផ្តែផ្តាំចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាចទ្រង់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។

(154) បន្ទាប់មក ក្រោយពីបានរៀបរាប់ប្រាប់នូវអ្វីដែលបានលើកឡើងទាំងនេះរួចមក យើង(អល់ឡោះ)បានប្រាប់រឿងរ៉ាវ(បន្ត)ទៀតថាៈ ជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ដើម្បីជាការបំពេញនូវឧបការគុណ ជាការតបស្នងទៅលើទង្វើកុសលរបស់គេដែលគេបានសាង និងដើម្បីជាការអធិប្បាយបញ្ជាក់(យ៉ាងលម្អិត)នូវរាល់កិច្ចការទាំងឡាយដែលគេត្រូវការពាក់ព័ន្ធនឹងកិច្ចការសាសនា ហើយវាក៏ជាភស្តុតាងដែលបញ្ជាក់ទៅលើសេចក្តីពិត និងជាក្តីមេត្តាករុណា(របស់ទ្រង់)ផងដែរ។ សង្ឃឹមថា ពួកគេនឹងមានជំនឿចំពោះការជួបម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ហើយពួកគេនឹងត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយការសាងនូវទង្វើកុសលផ្សេងៗ។

(155) ហើយនេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាមកពោរពេញទៅដោយពរជ័យយ៉ាងច្រើន ព្រោះវាផ្ទុកទៅដោយប្រការដែលមានប្រយោជន៍ជាច្រើនទាំងចំពោះកិច្ចការសាសនានិងកិច្ចការលោកិយ(របស់ពួកអ្នក)។ ដូច្នេះ ចូរពួកអ្នកដើរតាមអ្វីដែលទ្រង់បានបញ្ចុះនៅក្នុងគម្ពីរគួរអាននេះ ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងវា សង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។

(156) ដើម្បីកុំឲ្យពួកអ្នក(ឱពួកមុស្ហរីគីនអារ៉ាប់)និយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះនូវគម្ពីរតាវរ៉ត និងគម្ពីរអ៊ិនជីលទៅលើពួកយូដា និងពួកណាសរ៉នីមុនពួកយើង តែទ្រង់មិនបានបញ្ចុះមកឲ្យពួកយើងនូវគម្ពីរណាមួយនោះឡើយ។ ជាការពិតណាស់ ពួកយើងមិនចេះសូត្រគម្ពីររបស់ពួកគេនោះទេ ព្រោះថាគម្ពីរទាំងនោះ គឺ(ត្រូវបានបញ្ចុះមក)ជាភាសារបស់ពួកគេ ពុំមែនជាភាសារបស់ពួកយើងនោះឡើយ។

(157) ហើយនិងដើម្បីកុំឲ្យពួកអ្នកនិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងដូចដែលទ្រង់បានបញ្ចុះគម្ពីរទៅឲ្យពួកយូដា និងពួកណាសរ៉នីនោះ ប្រាកដជាពួកយើងគឺជាអ្នកដែលប្រកាន់ខ្ជាប់នឹងវា(គម្ពីរ)ច្រើនជាងពួកគេ(ពួកយូដានិងពួកណាសរ៉នី)ទៅទៀត។ ហើយជាការពិតណាស់ (ពេលនេះ)គម្ពីរមួយដែលអល់ឡោះបានបញ្ចុះវាទៅកាន់ព្យាការីរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ជាភាសារបស់ពួកអ្នក(ភាសាអារ៉ាប់)នោះ គឺបានមកដល់ពួកអ្នកហើយ ដែលវាគឺជាភស្តុតាងយ៉ាងច្បាស់លាស់ និងជាការចង្អុលបង្ហាញទៅកាន់សេចក្តីពិត ព្រមទាំងជាក្តីមេត្តាករុណាចំពោះប្រជាជាតិនេះ។ ហេតុនេះ ចូរពួកអ្នកកុំយកលេសដែលមិនត្រឹមត្រូវទាំងនោះមកដោះសារឲ្យសោះ។ ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងដាក់ទណ្ឌកម្មពួកដែលបានបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយយើងនឹងបញ្ចូលពួកគេទៅក្នុងនរកជើហាន់ណាំ ជាការតបស្នងចំពោះការបែរចេញរបស់ពួកគេ និងការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។

(158) ពួកដែលបដិសេធទាំងនោះគ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹង)និងបរិវារបស់គេ(ម៉ាលីគុលម៉ោត)មកដល់ពួកគេដើម្បីដកយកព្រលឹងរបស់ពួកគេពីលោកិយនេះ ឬក៏ការមកដល់នៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាថ្ងៃកាត់សេចក្តី(ថ្ងៃបរលោក)ដើម្បីកាត់សេចក្តីរវាងពួកគេ ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកដែលបង្ហាញពីការ(ជិត)មកដល់នៃថ្ងៃបរលោកនោះឡើយ។ នាថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកបានមកដល់ (ដូចជាថ្ងៃរះពីទិសខាងលិចជាដើម) ការមានជំនឿរបស់ពួកប្រឆាំងនោះ គឺគ្មានប្រយោជន៍អ្វីដល់គេឡើយ ហើយចំពោះអ្នកមានជំនឿវិញ ក៏គ្មានបានផលប្រយោជន៍អ្វីដល់រូបគេដូចគ្នា ប្រសិនបើគេមិនបានសាងទង្វើកុសលពីមុនមកទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នករង់ចាំប្រការណាមួយក្នុងចំណោមប្រការទាំងនេះចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។

(159) ជាការពិតណាស់ ពួកដែលធ្វើឲ្យសាសនារបស់ពួកគេបែកបាក់ជាក្រុមៗក្នុងចំណោមពួកយូដា និងពួកណាសរ៉នី ដោយពួកគេប្រកាន់ខ្ជាប់នូវច្បាប់មួយចំនួន និងបោះបង់ចោល(មិនអនុវត្តន៍)នូវច្បាប់មួយចំនួនទៀត ដែលធ្វើឲ្យពួកគេក្លាយជាក្រុមផ្សេងៗគ្នានោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានអ្វីពាក់ព័ន្ធជាមួយនឹងពួកគេបន្តិចណាឡើយ។ ជាការពិតណាស់ រូបអ្នកបានចាកផុតពីភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅនោះ ហើយអ្នកក៏គ្មានតួនាទីអ្វីក្រៅពីការព្រមានដល់ពួកគេនោះឡើយ។ ដូចនេះ កិច្ចការរបស់ពួកគេត្រូវបានប្រគល់លើអល់ឡោះហើយ។ បន្ទាប់មក នៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្តនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើរបស់ពួកគេ។

(160) អ្នកមានជំនឿណាម្នាក់ដែលបាននាំយកទៅជាមួយរូបគេនាថ្ងៃបរលោកនូវទង្វើល្អមួយនោះ អល់ឡោះជាម្ចាស់នឹងតបស្នងដល់រូបគេទ្វេដង ដោយទង្វើល្អមួយនឹងទទួលបាននូវការតបស្នងវិញទ្វេជាដប់។ រីឯជនណាដែលបាននាំទៅជាមួយនូវទង្វើអាក្រក់មួយវិញនោះ ជាការពិតណាស់ គេមិនដាក់ទណ្ឌកម្មអ្វីចំពោះគេលើសពីទង្វើអាក្រក់ដែលគេបានប្រព្រឹត្តនោះទេ មិនថាតិចឬច្រើន។ ហើយនៅថ្ងៃលោក ពួកគេមិនត្រូវបានគេបំពានដោយការកាត់បន្ថយនូវផលបុណ្យចំពោះទង្វើកុសលរបស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវទណ្ឌកម្មលើសពីទង្វើអាក្រក់របស់ពួកគេ(ដែលបានសាង)នោះដែរ។

(161) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំនោះថាៈ ពិតណាស់ ម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ វាគឺជាមាគ៌ានៃសាសនាដ៏ពិតដែលឈរឡើងលើភាពល្អប្រសើរទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ហើយវាគឺសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដែលនាំទៅកាន់សេចក្តីពិត។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីនឡើយ។

(162) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ និងការសំឡេះសត្វរបស់ខ្ញុំ គឺសម្រាប់អល់ឡោះជាម្ចាស់ និងនៅលើព្រះនាមរបស់ទ្រង់ ពុំមែននៅលើអ្នកផ្សេងពីទ្រង់នោះឡើយ។ ដូចគ្នាដែរ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ ទាំងអស់នេះ គឺសម្រាប់អល់ឡោះតែមួយគត់ដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងឡាយ ហើយសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះ គឺគ្មានចំណែកអ្វីបន្តិចសម្រាប់ពួកគេចំពោះវានោះឡើយ។

(163) ទ្រង់ជាម្ចាស់ដែលគ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ ហើយក៏គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ហើយតាមរយៈជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលជ្រះស្អាត(ចាកផុត)ពីប្រការស្ហ៊ីរិកនេះហើយដែលអល់ឡោះទ្រង់ដាក់បទបញ្ជាដល់ខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលកាន់សាសនាឥស្លាមដំបូងគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។

(164) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើឲ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាម្ចាស់ឬ ខណៈដែលទ្រង់គឺជាម្ចាស់នៃអ្វីៗទាំងអស់នោះ? ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់របស់ព្រះនានាដែលពួកអ្នកយកវាមកគោរពសក្ការៈក្រៅពីទ្រង់នេះ។ ហើយគ្មាននរណាម្នាក់ទទួលបានផលនៃអំពើបាបក្រៅពីខ្លួនរបស់គេនោះឡើយ។ បន្ទាប់មក ចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់នាថ្ងៃបរលោក ហើយទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាកាលនៅក្នុងលោកិយពាក់ព័ន្ធនឹងកិច្ចការសាសនា។

(165) ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ដើម្បីធ្វើការអភិវឌ្ឍន៍លើវា(ផែនដី) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួនក្នុងចំណោមពួកអ្នកឲ្យលើសពីគ្នា មិនថាចំពោះការបង្កើត ការផ្តល់លាភសក្ការៈ ឬក្រៅពីនេះទៀត ដើម្បីទ្រង់នឹងសាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកនៃប្រការទាំងនេះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពទោសកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។