(1) អាលីហ្វ ឡាម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឲ្យអ្នកបញ្ចេញមនុស្សលោកពីភាពគ្មានជំនឿ អវិជ្ជា និងភាពវង្វេង ឆ្ពោះទៅកាន់ការមានជំនឿ ចំណេះដឹង និងការចង្អុលបង្ហាញទៅកាន់សាសនាឥស្លាមតាមការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដែលវាគឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងជាម្ចាស់ដែលអ្វីៗទាំងអស់កោតសរសើរចំពោះទ្រង់។
(2) អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកគ្រប់គ្រង។ ដូចនេះ ទ្រង់សាកសមនឹងត្រូវបានគេគោរពសក្ការៈតែមួយគត់ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់នោះឡើយ។ ហើយពួកគ្មានជំនឿនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។
(3) ពួកគ្មានជំនឿដែលឆាកជីវិតលោកិយនិងភាពសប្បាយរីករាយបណ្តោះអាសន្នរបស់វាមានឥទ្ធិពលលើពួកគេជាងជីវិតថ្ងៃបរលោកនិងការសោយសុខជាអមតៈនាថ្ងៃនោះ ហើយពួកគេបានបង្វែរមនុស្សលោកចេញពីមាគ៌ារបស់អល់ឡោះ និងមានបំណងចង់ឲ្យមាគ៌ា(របស់អល់ឡោះ)មានភាពវៀចវេរដើម្បីកុំឲ្យនរណាម្នាក់អាចដើរលើវាបាននោះ ពួកដែលមានលក្ខណៈដូចបានរៀបរាប់នេះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយពីការពិត និងភាពត្រឹមត្រូវ។
(4) ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់នោះទេ លើកលែងតែយើងបានតែងតាំងគេ(អ្នកនាំសារ)ជាមនុស្សដែលនិយាយភាសានៃក្រុមរបស់គេ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ(ក្រុមរបស់អ្នកនាំសារ)ក្នុងការយល់ពីអ្វីដែលអ្នកនាំសារបាននាំមកពីអល់ឡោះជាម្ចាស់។ ហើយយើងក៏មិនបានបញ្ជូនគេ(អ្នកនាំសារ)ដើម្បីបង្ខំពួកគេឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាដោយក្តីសប្បុរសរបស់ទ្រង់។ ហើយទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។
(5) ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីមូសា និងបានពង្រឹងគេតាមរយៈសញ្ញាភស្តុតាងជាច្រើនដែលបង្ហាញទៅលើសច្ចភាពរបស់គេ។ ហើយពិតណាស់ គេគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់គេ។ ហើយយើងបានដាក់បទបញ្ជាដល់គេឲ្យបញ្ចេញក្រុមរបស់គេពីភាពគ្មានជំនឿនិងភាពអវិជ្ជា ទៅកាន់ការមានជំនឿនិងចំណេះដឹង ហើយយើងក៏បានប្រើគេឲ្យរំលឹកក្រុមរបស់គេអំពីថ្ងៃរបស់អល់ឡោះដែលទ្រង់បានប្រទាននូវឧបការគុណទៅលើពួកគេក្នុងថ្ងៃនោះផងដែរ។ ជាការពិតណាស់ នៅក្នុងបណ្តាថ្ងៃទាំងនោះ គឺជាភស្តុតាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងសមត្ថភាពដ៏ធំធេងរបស់ទ្រង់ ហើយនិងឧបការគុណរបស់ទ្រង់ទៅលើអ្នកមានជំនឿ។ នេះហើយជាអ្វីដែលអ្នកមានការអត់ធ្មត់ក្នុងការគោរពប្រតិបត្តិអល់ឡោះដែលតែងតែថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់នោះអាចទាញយកប្រយោជន៍ពីវាបាន។
(6) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបានអនុវត្តន៍តាមបទបញ្ជានៃម្ចាស់របស់គាត់ ដោយគាត់បានពោលទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែល ជាការរំលឹកពួកគេពីឧបកការគុណរបស់អល់ឡោះចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីបក្សពួករបស់ហ្វៀរអោន ហើយទ្រង់បានផ្តល់សុវត្ថិភពដល់ពួកអ្នកពីកលល្បិចរបស់ពួកគេ ដែលពួកគេបានឲ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មដ៏អាក្រក់(ព្រៃផ្សៃ)បំផុត ដោយពួកគេ(បក្សពួកហ្វៀរអោន)បានសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នកដើម្បីកុំឲ្យមានក្មេងប្រុសណាម្នាក់(នៅថ្ងៃអនាគត)អាចត្រួតត្រាទៅលើអំណាចរបស់ហ្វៀរអោនបាន ហើយពួកគេទុកជីវិតឲ្យកូនស្រីទាំងឡាយរបស់ពួកអ្នកឲ្យរស់រានមានជីវិតដើម្បីធ្វើឲ្យពួកនាងទទួលរងនូវភាពអាម៉ាស និងអាប់ឱន(ដោយការយកពួកនាងធ្វើជាអ្នកបម្រើ)។ ហើយនៅក្នុងទង្វើរបស់ពួកគេនេះ គឺជាការសាកល្បងដ៏ធំធេងចំពោះពួកអ្នកលើការអត់ធ្មត់។ ហើយទ្រង់បានតបស្នងចំពោះការអត់ធ្មត់របស់ពួកអ្នកលើការសាកល្បងនេះវិញ ដោយរំដោះពួកអ្នកចេញពីកលល្បិចរបស់បក្សពួកហ្វៀរអោន។
(7) ហើយព្យាការីមូសាបានពោលទៅកាន់ពួកគេទៀតថាៈ ចូរពួកអ្នកចងចាំ នៅពេលដែលម្ចាស់របស់ពួកអ្នកបានប្រកាសប្រាប់ដល់ពួកអ្នកឲ្យបានដឹងយ៉ាងច្បាស់ថាៈ ប្រសិនបើពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នកដូចដែលបានរៀបរាប់មកនេះ ទ្រង់ពិតជានឹងបន្ថែមនូវឧបការគុណនិងការប្រោសប្រទានរបស់ទ្រង់ដល់ពួកអ្នកថែមទៀត។ តែប្រសិនបើពួកអ្នកប្រឆាំង(រមិលគុណ)នឹងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នក ហើយមិនថ្លែងអំណរគុណចំពោះវានោះ ពិតណាស់ទណ្ឌកម្មរបស់ទ្រង់ គឺធ្ងន់ធ្ងរបំផុតសម្រាប់ជនទាំងឡាយណាដែលរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ហើយមិនថ្លែងអំណរគុណចំពោះវាទេនោះ។
(8) ហើយព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នក រួមទាំងអ្នកដែលនៅលើផែនដីទាំងនេះទាំងអស់នាំគ្នាប្រឆាំង(នឹងអល់ឡោះ)នោះ ពិតណាស់ គ្រោះថ្នាក់នៃការប្រឆាំងរបស់ពួកអ្នក គឺត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់ដោយខ្លួនរបស់ទ្រង់ផ្ទាល់ ជាអ្នកដែលគេចាំបាច់ត្រូវទទួលបាននូវការកោតសរសើរដោយខ្លួនរបស់ទ្រង់ផ្ទាល់។ ការមានជំនឿរបស់អ្នកដែលមានជំនឿនោះ គឺពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ទ្រង់ឡើយ ហើយការប្រឆាំងក្រុមអ្នកដែលគ្មានជំនឿនោះ ក៏មិនផ្តល់នូវគ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ។
(9) តើដំណឹងនៃការវិនាសអន្តរាយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នក(ឱពួកគ្មានជំនឿ)មិនបានមកដល់ពួកអ្នកទេឬ ដែលពួកទាំងនោះមាន ក្រុមរបស់ព្យាការីនួហ ក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ព្រមទាំងប្រជាជាតិជាច្រើនទៀតដែលបានមកបន្ទាប់ពីពួកគេ ដែលពួកគេមានចំនួនច្រើនដែលគ្មាននរណាម្នាក់ដឹងពីចំនួនរបស់ពួកគេក្រៅពីអល់ឡោះនោះ? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបានយកដៃរបស់ពួកគេដាក់ក្នុងមាត់និងខាំម្រាមដៃរបស់ពួកគេដោយកំហឹងចំពោះអ្នកនាំសារទៅវិញ ហើយពួកគេបាននិយាយទៅកាន់អ្នកនាំសាររបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកយើងគ្មានជំនឿចំពោះអ្វីដែលគេបានបញ្ជូនវាមកជាមួយពួកអ្នកឡើយ ហើយពិតណាស់ ពួកយើងមានភាពមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។
(10) បណ្តាអ្នកនាំសាររបស់ពួកគេបាននិយាយតបទៅកាន់ពួកគេវិញថាៈ តើការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការទទួលយកទ្រង់តែមួយគត់ដើម្បីគោរពសក្ការៈនោះ ពួកអ្នកមានការសង្ស័យឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងជាអ្នកដែលបង្កើតផែនដី ហើយធ្វើឲ្យវាទាំងពីរកើតមានឡើងដោយគ្មានគំរូពីមុនមកសោះនោះ? ទ្រង់អំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះទ្រង់(តែមួយគត់) ដើម្បីទ្រង់លុបលាងបាបកម្មរបស់ពួកអ្នកពីមុន ហើយទ្រង់ពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកអ្នកនៅក្នុងឆាកជីវិតលោកិយ(បានមកដល់)។ ក្រុមរបស់ពួកគេបាននិយាយទៅកាន់ពួកគេវិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ដោយពួកអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ពួកអ្នកចង់បង្វែរពួកយើងពីការគោរពសក្ការៈចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកនាំមកឲ្យពួកយើងនូវភស្តុតាងដ៏ច្បាស់លាស់មួយដែលបង្ហាញទៅលើភាពស្មោះត្រង់របស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ពួកអ្នក គឺពិតជាអ្នកនាំសារពីអល់ឡោះមកកាន់ពួកយើងពិតមែន។
(11) បណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ពួកយើងគ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នករាល់គ្នាដែរ ហើយពួកយើងមិនបដិសេធនូវភាព(ជាមនុស្ស)ដូចគ្នានឹងពួកអ្នកនេះនោះទេ ក៏ប៉ុន្តែ ភាពដូចគ្នានេះ មិនចាំបាច់ត្រូវតែដូចគ្នាគ្រប់អ្វីៗទាំងអស់នោះទេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងដោយការប្រោសប្រទានជាពិសេសរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយអល់ឡោះបានជ្រើសរើសពួកគេធ្វើជាអ្នកនាំសារទៅកាន់មនុស្សលោក។ ហើយពួកយើងពុំអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកតាមការស្នើសុំរបស់ពួកអ្នកនោះទេ លើកលែងតែដោយចេតនារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ជាការពិតណាស់ ការនាំមក(នូវសញ្ញាភស្តុតាង)នេះ គឺមិនមែនស្ថិតក្រោមដែនសមត្ថភាពរបស់ពួកយើង(ដែលជាអ្នកនាំសារ)ឡើយ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពចំពោះរឿងនោះ ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។
(12) តើមានអ្វីមួយដែលរារាំងពួកយើង ឬជាលេសមិនឲ្យពួកយើងប្រគល់ការទុកចិត្តទៅចំពោះទ្រង់នោះ? ជាការពិតណាស់ ទ្រង់បានចង្អុលបង្ហាញពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវនិងច្បាស់លាស់ ហើយពួកយើងត្រូវតែអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកអ្នកមកលើពួកយើងដោយការបដិសេធ និងការសើចចំអកនេះ។ ហើយចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តប្រគល់ការទុកចិត្តនូវរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។
(13) ហើយនៅពេលដែលពួកគេអសមត្ថភាពក្នុងការជជែករកខុសត្រូវជាមួយបណ្តាអ្នកនាំសាររបស់ពួកគេ ពួកប្រឆាំងក្នុងចំណោមក្រុមទាំងឡាយរបស់បណ្តាអ្នកនាំសារទាំងនោះបាននិយាយថាៈ យើងពិតជានឹងបណ្តេញពួកអ្នកចេញពីភូមិស្រុករបស់ពួកយើង ឬក៏ពួកអ្នកត្រូវតែបោះបង់សាសនារបស់ពួកអ្នក ហើយវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ពេលនោះ អល់ឡោះជាម្ចាស់បានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាអ្នកនាំសារទាំងនោះដើម្បីជាការពង្រឹងដល់ពួកគេថាៈ យើងពិតជានឹងបំផ្លាញពួកបំពានដែលជាពួកប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ជាមិនខាន។
(14) ហើយយើងនឹងឲ្យពួកអ្នក(ឱបណ្តាអ្នកនាំសារនិងអ្នកដែលតាមពួកអ្នក)រស់នៅលើទឹកដីនេះក្រោយពីការបំផ្លាញពួកគេ(ឲ្យវិនាសអន្តរាយ)។ ការបំផ្លាញពួកប្រឆាំងដែលជាពួកបដិសេធ និងការផ្តល់ឲ្យបណ្តាអ្នកនាំសាររបស់ពួកគេនិងអ្នកដែលមានជំនឿបានរស់នៅលើទឹកដីរបស់ពួកគេ(ពួកបំពាន)ក្រោយពីការបំផ្លិចបំផ្លាញពួកគេដែលបានលើកឡើងនោះ គឺសម្រាប់អ្នកដែលដឹងពីភាពធំធេងរបស់យើង និង(ដឹងពី)ការឃ្លាំមើលរបស់យើងចំពោះគេ ហើយនិងភ័យខ្លាចការព្រមានពីទណ្ឌកម្មរបស់យើងចំពោះគេ។
(15) ហើយបណ្តាអ្នកនាំសារទាំងនោះក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេ ដោយសុំឲ្យទ្រង់ជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវរបស់ពួកគេ។ ហើយការខាតបង់ គឺសម្រាប់រាល់ពួកដែលក្អេងក្អាង ចចេសរឹងរូសមិនទទួលយកការពិតដោយគេមិនដើរតាមវា(ការពិត) ទោះបីជាវាបានស្តែងចេញចំពោះគេក៏ដោយនោះ។
(16) នៅថ្ងៃបរលោក នៅពីមុខជនក្អេងក្អាងរូបនោះ គឺនរកជើហាន់ណាំ ដែលវាគឺជាកន្លែងដែលគេត្រៀមទុកសម្រាប់រូបគេ ហើយនៅក្នុងឋាននរកនោះ គេនឹងឲ្យជននោះផឹកនូវទឹកខ្ទុះឈាមដែលហូរចេញពីពួកឋាននរក ប៉ុន្តែវាមិនបានធ្វើឲ្យរូបគេបាត់ស្រេកនោះទេ។ ពិតប្រាកដណាស់ រូបគេនៅតែត្រូវបានគេដាក់ទណ្ឌកម្មដោយការធ្វើឲ្យស្រេកទឹក ហើយនិងប្រភេទនៃទណ្ឌកម្មផ្សេងៗជាច្រើនទៀត។
(17) រូបគេទ្រាំផឹកវា(ទឹកខ្ទុះឈាម)ទាំងលំបាកម្តងហើយម្តងទៀត ដោយសារតែភាពល្វីងជូចត់ កម្តៅដ៏ខ្លាំង និងក្លិនដ៏ស្អុយអាក្រក់របស់វា ប៉ុន្តែគេមិនអាចលេបវាចូលនោះឡើយ។ ហើយសេចក្តីស្លាប់មកដល់គេគ្រប់ទិសទីទាំងអស់ដោយសារតែការទទួលរងនូវទណ្ឌកម្មដ៏សែនខ្លាំងក្លា ក៏ប៉ុន្តែ វាមិនមែនជាសេចក្តីស្លាប់ដែលអាចឲ្យពួកគេសម្រាក(ស្រាកស្រាន្តពីទណ្ឌកម្ម)បាននោះឡើយ។ ផ្ទុយទៅវិញ រូបគេនៅតែនៅមានជីវិតដោយទទួលនូវទណ្ឌកម្មដដែល។ ហើយនៅពីមុខជននោះ គឺទណ្ឌកម្មដ៏សែនខ្លោចផ្សាផ្សេងទៀតដែលនៅរង់ចាំរូបគេ។
(18) ការប្រៀបធៀបអំពើល្អដែលពួកគ្មានជំនឿបានសាង ដូចជាការបរិច្ចាគទាន ការធ្វើល្អ និងការមានក្តីមេត្តាករុណាចំពោះអ្នកទន់ខ្សោយនោះ ទង្វើរបស់ពួកគេប្រៀបបាននឹងធូលីដែលត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរាដ៏ខ្លាំងមួយដោយបានបក់បោកនាំយកវា(ធូលី)ទៅយ៉ាងខ្លាំង ហើយធ្វើឲ្យវាត្រូវរាយប៉ាយគ្រប់ទីកន្លែង រហូតដល់គ្មានបន្សល់ស្លាកស្នាមអ្វីបន្តិចឡើយ។ បែបនេះឯង ទង្វើរបស់ពួកគ្មានជំនឿដែលពួកគេបានសាងនោះ គឺគ្មានបានផ្តល់ផលប្រយោជន៍អ្វីដល់អ្នកដែលបានសាងវាឡើយនៅថ្ងែបរលោក។ ទង្វើដែលគ្មានមូលដ្ឋានស្ថិតនៅលើជំនឿបែបនេះ គឺជាការរង្វេងដ៏សែនឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវ។
(19) តើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដីយ៉ាងពិតប្រាកដនោះ? ជាការពិតណាស់ ទ្រង់មិនបានបង្កើតវាទាំងពីរនេះជាការលេងសើច(ទទេៗ)នោះទេ។ ហើយប្រសិនបើទ្រង់មានចេតនាចង់ឲ្យពួកអ្នក(ឱមនុស្សទាំងឡាយ)វិនាសអន្តរាយ ហើយនាំមកនូវម៉ាខ្លូកផ្សេងទៀតដែលពួកគេគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់មកជំនួសពួកអ្នកនោះ ទ្រង់ប្រាកដនឹងធ្វើឲ្យពួកអ្នកវិនាសហើយនាំមកនូវម៉ាខ្លូកផ្សេងទៀតដែលគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់ជាមិនខាន។ ជាការពិតណាស់ វាជាការងារមួយដែលងាយស្រួលបំផុតចំពោះទ្រង់។
(20) ហើយការបំផ្លាញពួកអ្នកនិងនាំមកនូវម៉ាខ្លូកផ្សេងទៀតក្រៅពីពួកអ្នកនោះ មិនមែនជារឿងដែលទ្រង់អសមត្ថភាពនោះទេ។ ពិតប្រាកដណាស់ ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
(21) ហើយម៉ាខ្លូកទាំងអស់នឹងចេញពីផ្នូររបស់ពួកគេឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់នាថ្ងៃសន្យា(ថ្ងៃបរលោក)។ ហើយពួកទន់ខ្សោយដែលជាអ្នកដើរតាមគេ បាននិយាយទៅកាន់ពួកចៅហ្វាយនាយដែលជាមេដឹកនាំថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានដើរតាមពួកអ្នក ដោយពួកយើងគោរពតាមបទបញ្ជាទាំងឡាយរបស់ពួកអ្នក ហើយពួកយើងឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលពួកអ្នកបានហាមឃាត់។ ដូច្នេះ តើពួកអ្នកអាចការពារពួកយើងពីទណ្ឌកម្មរបស់អល់ឡោះបន្តិចបានដែរឬទេ? ពួកចៅហ្វាយនាយដែលជាពួកមេដឹកនាំបានតបវិញថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ យើងក៏នឹងចង្អុលបង្ហាញពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវដែរ ហើយពួកយើងនឹងរួចផុតពីទណ្ឌកម្មរបស់អល់ឡោះទាំងអស់គ្នាមិនខាន។ ក៏ប៉ុន្តែ ពួកយើងបានវង្វេង។ ដូច្នេះ ពួកយើងក៏ធ្វើឲ្យពួកអ្នកង្វេងដែរ។ វាមិនខុសគ្នាទេចំពោះពួកយើងនិងពួកអ្នក ទោះបីជាពួកយើងត្អូញត្អែរចំពោះការទទួលរងនូវទណ្ឌកម្ម ឬពួកយើងទ្រាំអត់ធ្មត់ក៏ដោយ ក៏ពួកយើងគ្មានកន្លែងដែលអាចរត់គេចពីទណ្ឌកម្មនេះបានដែរ។
(22) ហើយនៅពេលដែលបណ្តាអ្នកឋានសួគ៌បានចូលក្នុងឋានសួគ៌អស់ ហើយពួកឋាននរកបានចូលឋាននរកអស់ អ៊ីព្លិសបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺការសន្យាមួយដែលពិតប្រាកដ។ ដូច្នេះ ទ្រង់ក៏បានតបស្នងឲ្យពួកអ្នកចំពោះអ្វីដែលទ្រង់បានសន្យាជាមួយពួកអ្នក(ពិតប្រាកដមែន)។ ចំណែកខ្ញុំវិញ ខ្ញុំបានសន្យាជាមួយពួកអ្នក ដែលជាការសន្យាមួយដែលភូតកុហក(ជាការសន្យាបោកប្រាស់)។ ដូចនេះ ខ្ញុំក៏មិនអាចគោរពតាមនូវអ្វីដែលខ្ញុំបានសន្យាជាមួយពួកអ្នកនោះដែរ។ ខ្ញុំគ្មានអំណាចអ្វីដែលអាចគាបសង្កត់បង្ខិតបង្ខំពួកអ្នកនៅក្នុងលោកិយឲ្យពួកអ្នកប្រឆាំង និងវង្វេងឡើយ ប៉ុន្តែខ្ញុំគ្រាន់តែអំពាវនាវពួកអ្នកទៅកាន់ការប្រឆាំង ហើយខ្ញុំបានតុបតែងលម្អដល់ពួកអ្នកនូវទង្វើបាបកម្មទាំងឡាយ(ឲ្យមើលទៅឃើញថាល្អ)ប៉ុណ្ណោះ តែពួកអ្នករួសរាន់មកគោរពតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោសខ្ញុំឲ្យសោះចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៃការវង្វេងនោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ ទើបវាសាកសមត្រូវបន្ទោសជាង។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មបាននោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំពីទណ្ឌកម្មបាននោះដែរ។ ជាការពិតណាស់ ខ្ញុំបានដកខ្លួនចេញពីការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូជាមួយអល់ឡោះក្នុងការគោរពសក្ការៈហើយ។ ពិតប្រាកដណាស់ ពួកដែលបំពាន(ដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនៅក្នុងលោកិយ និងការប្រឆាំងនឹងទ្រង់នោះ) ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនាថ្ងៃបរលោក។
(23) ផ្ទុយពីកន្លែងវិលត្រឡប់របស់ដែលពួកបំពាន(ទាំងនោះ) គេនឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេរស់នៅទីនោះជាអមតៈដោយការអនុញ្ញាតពីម្ចាស់របស់ពួកគេ និងអានុភាពរបស់ទ្រង់។ ពួកគេផ្តល់ការស្វាគមន៍ចំពោះគ្នាទៅវិញទៅមក។ ហើយម៉ាឡាអ៊ីកាត់ និង(អល់ឡោះ)ម្ចាស់របស់ពួកគេបានស្វាគមន៍ពួកគេដោយពាក្យសាឡាម(សន្តិភាព)។
(24) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើអល់ឡោះជាម្ចាស់ទ្រង់លើកឧទាហរណ៍យ៉ាងដូចម្តេចចំពោះកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះ) នោះគឺ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ខណៈដែលទ្រង់បានប្រៀបធៀបវាទៅនឹងដើមឈើដ៏ល្អមួយដើម នោះគឺដើមល្មើ ដែលមានឫសរបស់វាចាក់ចូលទៅក្នុងដីយ៉ាងមាំ ដោយស្រូបយកទឹកតាមរយៈរឹសដ៏ល្អរបស់វា ហើយមែកធាងរបស់វាចាក់ឆ្ពោះទៅលើមេឃ ដោយវាស្រូបយកទឹកសន្សើម និងស្រូបយកខ្យល់បរិសុទ្ធនោះ?
(25) ដើមឈើដ៏ល្អមួយដើមនេះ នឹងផ្តល់នូវផលានុផលដែលល្អគ្រប់ពេលវេលាទៅតាមបទបញ្ជានៃម្ចាស់របស់វា។ ហើយអល់ឡោះទ្រង់លើកយកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេនឹងចងចាំ។
(26) ហើយការប្រៀបធៀបពាក្យសម្តីស្ហ៊ីរិកដែលអាក្រក់ គឺប្រៀបដូចជាដើមឈើដែលអាក្រក់ នោះគឺដើមហាន់ហ្សល់(ជាប្រភេទឪឡឹកម្យ៉ាងដែលល្វីងមិនអាចហូបបាន) ដែលគេអាចដកវាទាំងឫសបាន ដោយវាគ្មានភាពរឹងមាំជាប់ទៅនឹងដីនោះទេ ហើយក៏មិន(មានមែក)ចាក់ឆ្ពោះទៅលើមេឃដែរ។ ដូចនេះ ពេលដែលវាងាប់ គឺវានឹងប៉ើងទៅតាមខ្យល់។ ពិតណាស់ ពាក្យសម្តីស្ហ៊ីរិកនោះ គឺនឹងវិនាសអន្តរាយ ហើយទង្វើរបស់អ្នកដែលសាងអំពើល្អ(នៃពួកប្រឆាំង)ក៏មិនឡើងទៅជួបអល់ឡោះដែរ។
(27) អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រឹងដល់បណ្តាអ្នកដែលមានជំនឿនឹងកាលីម៉ះតាវហេទដែលរឹងមាំនោះ នូវជំនឿដ៏ពេញលេញនៅក្នុងឆាកជីវិតលោកិយ រហូតដល់ពួកគេស្លាប់ក្នុងខណៈដែលពួកគេស្ថិតនៅលើសេចក្តីជំនឿ ហើយនិងនៅក្នុងផ្នូររបស់ពួកគេ(ទ្រង់ពង្រឹងពួកគេ)នៅពេលដែលឆ្លើយនឹងសំណួរបស់ម៉ាឡាអ៊ីកាត់ ព្រមទាំងទ្រង់នឹងពង្រឹងដល់ពួកគេនៅថ្ងៃបរលោកផងដែរ។ ហើយអល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនិងការប្រឆាំងចំពោះទ្រង់នោះ វង្វេងចេញពីភាពត្រឹមត្រូវនិងការចង្អុលបង្ហាញ។ ហើយអល់ឡោះទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេវង្វេងដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបាននូវការចង្អុលបង្ហាញដោយក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ គ្មានអ្នកដែលបង្ខិតបង្ខំទ្រង់ឡើយ។
(28) ជាការពិតណាស់ អ្នកបានឃើញហើយនូវស្ថានភាពរបស់ពួកដែលប្រឆាំងចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមពួកគូរ៉័ស្ស ខណៈដែលពួកគេរមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ តាមរយៈការធ្វើឲ្យមាននូវសុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) និងតាមរយៈការតែងតាំងព្យាការីមូហាំម៉ាត់(ធ្វើជាអ្នកនាំសារ)ក្នុងចំណោមពួកគេ តែពួកគេបែរជាប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះទៅវិញ ខណៈដែលពួកគេបានបដិសេធចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំពីម្ចាស់របស់គេមកកាន់ពួកគេ ហើយពួកគេបានទម្លាក់អ្នកដែលដើរតាមពួកគេចំពោះការប្រឆាំងក្នុងចំណោមក្រុមរបស់ពួកគេនោះទៅក្នុងកន្លែងដែលវិនាសអន្តរាយ។
(29) ហើយកន្លែងដែលវិនាសអន្តរាយនោះ គឺនរកជើហាន់ណាំដែលពួកគេនឹងត្រូវចូលទៅក្នុងវា ដោយពួកគេនឹងត្រូវទទួលរងនូវកម្តៅរបស់វា។ ហើយកន្លែងស្នាក់នៅដ៏អាក្រក់បំផុតនោះ គឺកន្លែងស្នាក់នៅរបស់ពួកគេនេះឯង។
(30) ហើយពួកមុស្ហរីគីនបានយកព្រះនានាមកធ្វើជាដៃគូជាមួយនឹងអល់ឡោះដើម្បីធ្វើឲ្យអ្នកដែលដើរតាមពួកគេវង្វេងចេញពីមាគ៌ារបស់អល់ឡោះក្រោយពីពួកគេខ្លួនឯងបានវង្វេញចេញអំពីវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសប្បាយរីករាយនឹងចំណង់តណ្ហា និងការផ្សព្វផ្សាយភាពមន្ទិលសង្ស័យនៅក្នុងឆាកជីវិតលោកិយនេះសិនចុះ។ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ពិតប្រាកដរបស់ពួកអ្នកនាថ្ងៃបរលោកនោះ គឺឆ្ពោះទៅកាន់ឋាននរក ដោយពួកអ្នកគ្មានកន្លែងវិលត្រឡប់ណាក្រៅពីនេះឡើយ។
(31) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿថាៈ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ហើយចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកទាំងការបរិច្ចាគទាំងដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចាគទានដោយស្ម័គ្រចិត្ត ទាំងអាថ៌កំបាំងដោយសារខ្លាចភាពរីយ៉ាក(ធ្វើដើម្បីឲ្យគេឃើញ) និងទាំងលាតត្រដាងដើម្បីឲ្យអ្នកដទៃយកគំរូតាមពួកអ្នក មុននឹងថ្ងៃមួយ(ថ្ងៃបរលោក)មកដល់ ដែលជាថ្ងៃមួយដែលគ្មានការលក់ដូរនោះទេ ហើយក៏គ្មានការដោះដូរដែលអាចលោះខ្លួនគេពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ ហើយក៏គ្មានដែរមិត្តភាព(នៅក្នុងថ្ងៃនោះ)ដើម្បីឲ្យមិត្តភក្តិគេអាចជួយអន្តរាគមន៍ដល់មិត្តរបស់គេបាននោះ។
(32) អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយគ្មានគំរូសោះពីមុនមក។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនោះ ទ្រង់បានបញ្ចេញនូវភោគផលជាច្រើនប្រភេទដែលជាលាភសក្ការៈសម្រាប់ពួកអ្នក(ឱមនុស្សលោក)។ ហើយទ្រង់បានបង្កើតឲ្យមានសំពៅដែលធ្វើដំណើរនៅលើផ្ទៃទឹកទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកនូវទន្លេជាច្រើនផងដែរដើម្បីឲ្យពួកអ្នកទទួលទានអំពីវា និងផ្តល់វាដល់សត្វពាហនៈរបស់ពួកអ្នក ក៏ដូចជា(សម្រាប់)ស្រោចស្រពដំណាំរបស់ពួកអ្នកផងដែរ។
(33) ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យនិងព្រះចន្ទដែលវាទាំងពីរធ្វើចលនាតាមគន្លងរបស់វា។ ហើយទ្រង់បានបង្កើតពេលយប់ និងពេលថ្ងៃសម្រាប់ពួកអ្នកដែលនៅផ្លាស់ប្តូរបន្តបន្ទាប់គ្នា ដោយពេលយប់ គឺសម្រាប់ឲ្យពួកអ្នកសម្រាន្តនិងសម្រាក ហើយពេលថ្ងៃ គឺសម្រាប់ឲ្យពួកអ្នកចេញសកម្មភាព និងការខិតខំប្រឹងប្រែងផ្សេងៗ។
(34) ហើយទ្រង់បានផ្តល់ឲ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នកសុំពីទ្រង់ និងអ្វីដែលពួកអ្នកមិនបានសុំពីទ្រង់។ ហើយប្រសិនបើពួកអ្នកគណនាចំនួនឧបការគុណរបស់អល់ឡោះជាម្ចាស់នោះ ពួកអ្នកគ្មានសមត្ថភាពក្នុងការគណនាវាអស់នោះឡើយព្រោះតែវាមានចំនួនច្រើនលើសលុប ហើយអ្វីដែលគេបានរៀបរាប់ដល់ពួកអ្នកនេះ គ្រាន់តែជាឧទាហរណ៍មួយចំនួនអំពីវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកដែលបំពានលើខ្លួនឯង និងរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ។
(35) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) បន្ទាប់ពីព្យាការីអ៊ីព្រហ៊ីមបានទុកកូនរបស់គាត់ គឺព្យាការីអ៊ីស្មាអែល និងម្តាយរបស់គេ គឺនាងហាជើរ នៅឯជ្រលងភ្នំឯទឹកដីម៉ាក្កះ នៅពេលនោះគាត់(ព្យាការីអ៊ីព្រហ៊ីម)ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យទឹកដីដែលខ្ញុំបានទុកក្រុមគ្រួសាររបស់ខ្ញុំនៅកន្លែងនោះ(ពោលគឺទីក្រុងម៉ាក្កះ) ក្លាយជាទឹកដីដែលមានសុខសន្តិភាព ដោយគ្មានការបង្ហូរឈាមគ្នានៅក្នុងវា និងគ្មាននរណាម្នាក់បំពាននៅក្នុងវាផងចុះ។ ហើយសូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំ ក៏ដូចជាកូនចៅរបស់ខ្ញុំឲ្យឃ្លាតឆ្ងាយពីកាគោរពសក្ការៈរូបដិមានានាផង។
(36) ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ រូបបដិមាទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនវង្វេង ខណៈពួកគេគិតថា ពិតណាស់ វា(រូបបដិមា)អាចជួយអន្តរាយគមន៍ដល់ពួកគេបាន។ ដូច្នេះ ពួកគេក៏មានភាពវឹកវរដោយសារតែវា ហើយពួកគេក៏គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះ។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំដោយគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់នោះ ពិតណាស់ រូបគេគឺពិតជាស្ថិតក្នុងក្រុមរបស់ខ្ញុំនិងជាអ្នកដែលដើរតាមខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំដោយមិនដើរតាមខ្ញុំចំពោះការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និង(មិន)គោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ជាការពិតណាស់ ទ្រង់(ឱម្ចាស់របស់ខ្ញុំ) គឺជាអ្នកដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំឡាយចំពោះជនណាដែលទ្រង់មានចេតនាអភ័យទោសដល់គេ ហើយទ្រង់ជាអ្នកដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
(37) ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួន គឺកូនប្រុសរបស់ខ្ញុំ(ព្យាការីអ៊ីស្មាអែល) និងកូនចៅរបស់គេ ឲ្យរស់នៅឯជ្រលងភ្នំមួយ(នោះគឺទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ ហើយក៏គ្មានទឹកនោះដែរ ដែលទីតាំងនោះ គឺនៅក្បែរពៃតុលឡោះ(កាក់ហ្ពះ)។ ឱម្ចាស់របស់យើងខ្ញុំ! ខ្ញុំឲ្យពួកគេរស់នៅក្បែរកន្លែងនោះ គឺដើម្បីឲ្យពួកគេប្រតិបត្តិសឡាតនៅក្នុងវា។ ហេតុនេះ សូមទ្រង់មេត្តាធ្វើឲ្យដួងចិត្តរបស់មនុស្សមួយចំនួនចូលចិត្តពួកគេ និងចូលចិត្តទៅកាន់ទឹកដីនេះផងចុះ ហើយសូមទ្រង់មេត្តាប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេ។
(38) ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីដែលពួកយើងលាក់បាំង និងរាល់អ្វីដែលពួកយើងលាតត្រដាង ហើយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ មិនថានៅលើផែនដី ឬនៅលើមេឃនោះទេ។ ផ្ទុយទៅវិញ ទ្រង់ដឹងបំផុតអំពីវា។ ដូច្នេះ គ្មានសេចក្តីត្រូវការណាមួយ និងភាពខ្វះខាតណាមួយរបស់ពួកយើអាចលាក់បាំងពីទ្រង់នោះឡើយ។
(39) ការថ្លែងអំណរគុណ និងការកោតសរសើរ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានឆ្លើយតបនឹងការបួងសួងរបស់ខ្ញុំ ដោយទ្រង់បានប្រទានឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អ ហើយទ្រង់ក៏បានប្រទានឲ្យខ្ញុំនូវអ៊ីស្មាអែលជាកូនជាមួយនឹងហាជើរ ហើយនិងអ៊ីស្ហាកជាកូនជាមួយនឹងសារ៉ោះ ខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាលឺបំផុតនូវការបួងសួងសុំចំពោះជនទាំងឡាយដែលបានបួងសួងសុំពីទ្រង់។
(40) ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំក្លាយជាអ្នកដែលប្រតិបត្តិសឡាតយ៉ាងពេញលេញផង ហើយសូមទ្រង់មេត្តាធ្វើឲ្យកូនចៅរបស់ខ្ញុំក្លាយជាអ្នកប្រតិបត្តិសឡាតយ៉ាងពេញលេញដូចគ្នាផងដែរចុះ។ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាឆ្លើយតបនូវការបួងសួងរបស់ខ្ញុំផង ហើយសូមទ្រង់មេត្តាទទួលយកផងចុះ។
(41) ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំផង ហើយសូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មឪពុកម្តាយរបស់ខ្ញុំផងចុះ(គាត់បួងសួងសុំការអភ័យទោសឲ្យឪពុករបស់គាត់ដូច្នោះមុនពេលដែលគាត់បានដឹងថា ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ។ ដូចនេះ នៅពេលដែលគាត់បានដឹងថា ឪពុករបស់គាត់ជាសត្រូវរបស់អល់ឡោះហើយនោះ គាត់ក៏ដកខ្លួនឈប់បួងសួងដូច្នោះវិញ)។ ហើយសូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់បណ្តាអ្នកមានជំនឿទាំងឡាយនៅថ្ងៃដែលមនុស្សលោកទាំងអស់នឹងត្រូវឈរនៅចំពោះមុខម្ចាស់របស់ពួកគេដើម្បីទទួលការជំនុំជម្រះផងចុះ។
(42) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា ការរពន្យារពេលរបស់អល់ឡោះជាម្ចាស់ក្នុងដាក់ទណ្ឌកម្មចំពោះពួកដែលបំពាននោះ គឺ(ដោយសារ)ទ្រង់មិនបានដឹងពីទង្វើបំពានរបស់ពួកគេដែលបានប្រព្រឹត្ត ដូចជាការបដិសេធ ការរារាំងមនុស្សពីមាគ៌ាអល់ឡោះ និងអ្វីផ្សេងទៀតឲ្យសោះ។ ផ្ទុយទៅវិញ ទ្រង់ជាអ្នកដែលដឹងបំផុតពីរឿងទាំងនោះ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។ តាមពិត ទ្រង់គ្រាន់តែពន្យារពេលដាក់ទណ្ឌកម្មពួកគេរហូតដល់ថ្ងៃបរលោកប៉ុណ្ណោះ ហើយថ្ងៃនោះ គឺជាថ្ងៃដែលភ្នែករបស់ពួកគេម្លឹងមើលដោយភាពភ័យខ្លាចព្រោះតែភាពរន្ធត់ចំពោះអ្វីដែលពួកគេបានឃើញ។
(43) គឺនៅថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូររបស់ពួកគេទាំងប្រញាប់ប្រញាល់ទៅរកអ្នកដែលស្រែកហៅ ដោយពួកគេងើយក្បាលរបស់ពួកគេសម្លឹងមើលទៅលើមេឃដោយការព្រួយបារម្ភដោយពួកគេមិនទម្លាក់ក្រសែភ្នែករបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ភ្នែករបស់ពួកគេនៅនឹងថ្កល់ ដោយសារតែភាពរន្ធត់ចំពោះអ្វីដែលពួកគេបានឃើញ។ ចំណែកឯចិត្តរបស់ពួកគេវិញ គឺទទេស្អាត គ្មានវិញ្ញាណនោះឡើយ ហើយពួកគេក៏មិនយល់ពីអ្វីដែលពួកគេកំពុងតែឃើញនោះដែរ។
(44) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចប្រជាជាតិរបស់អ្នកពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់នោះនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាពន្យារពេលដល់ពួកយើងផង ហើយសូមមេត្តាពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកយើង ព្រមទាំងមេត្តាត្រឡប់ពួកយើងទៅកាន់លោកិយវិញមួយរយៈពេលដ៏ខ្លីផងចុះ (ពេលនោះ)ពួកយើងនឹងមានជំនឿចំពោះទ្រង់ ហើយនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយដែលទ្រង់បានតែងតាំងពួកគេមកកាន់ពួកយើងមិនខាន។ ពេលនោះ មានគេឆ្លើយតបដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលនៅក្នុងជីវិតលោកិយទេឬថា ពិតណាស់ ពួកអ្នកមិនមានការផ្លាស់ប្តូរពីជីវិតលោកិយទៅកាន់ជីវិតបរលោកឡើយ ដោយពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ?
(45) ហើយពួកអ្នកបានមកស្នាក់នៅក្នុងលំនៅឋានរបស់ប្រជាជាតិជំនាន់មុនដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះមុនពួកអ្នក ដូចជាក្រុមរបស់ព្យាការីហ៊ូទ និងក្រុមរបស់ព្យាការីសឡេះ ហើយគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនូវអ្វីដែលយើងបំផ្លាញពួកគេ។ ហើយយើងបានលើកជាឧទហរណ៍ជាច្រើនទៀតនៅក្នុងគម្ពីររបស់អល់ឡោះដើម្បីឲ្យពួកអ្នកយកវាធ្វើជាមេរៀន តែពួកអ្នកមិនបានយកវាធ្វើជាមេរៀននោះឡើយ។
(46) ហើយជាការពិតណាស់ ពួកដែលស្នាក់នៅក្នុងផ្ទះសម្បែងរបស់ប្រជាជាតិដែលបំពានទាំងនោះបានរៀបចំឧបាយកលជាច្រើនដើម្បីសម្លាប់ព្យាការីមូហាំម៉ាត់ និង(ដើម្បី)បញ្ចប់ការអំពាវនាវរបស់គាត់ តែអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីឧបាយកលរបស់ពួកគេដែលពួកគេបានរៀបចំ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយការរៀបចំ(ឧបាយកល)របស់ពួកគេនោះ គឺទន់ខ្សោយខ្លាំងណាស់ ពីព្រោះវាមិនបានធ្វើឲ្យភ្នំទាំងឡាយ ឬអ្វីផ្សេងទៀតរលាយបាត់រូបរាងនោះឡើយ ដោយសារតែភាពទន់ខ្សោយរបស់វា ខុសពីគម្រោងការរបស់អល់ឡោះចំពោះពួកគេ(ដែលអាចធ្វើឲ្យពួកគេវិនាសអន្តរាយបាន)។
(47) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលជាអ្នកសន្យានឹងបណ្តាអ្នកនាំសាររបស់ទ្រង់ដោយការផ្តល់ជំនួយ និង(សន្យា)ធ្វើឲ្យសាសនា(របស់ទ្រង់)ត្រដែតឡើងនោះ ទ្រង់ក្បត់នូវអ្វីដែលទ្រង់បានសន្យានឹងបណ្តាអ្នកនាំសារទ្រង់ឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់នឹងធ្វើឲ្យអ្នកដែលទ្រង់ពេញចិត្តខ្លាំងពូកែ ហើយទ្រង់គឺជាអ្នកដែលមានអានុភាពផ្តន្ទាទោសយ៉ាងខ្លាំងក្លាបំផុតចំពោះសត្រូវរបស់ទ្រង់ និងសត្រូវទាំងឡាយរបស់បណ្តាអ្នកនាំសាររបស់ទ្រង់។
(48) ការផ្តន្ទាទោសចំពោះពួកប្រឆាំងនេះ នឹងកើតឡើង(យ៉ាងពិតប្រាកដ)នៅពេលដែលថ្ងៃបរលោកកើតឡើង គឺនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេងដែលមានពណ៌សថ្លា ហើយមេឃជាច្រើនជាន់វិញ ក៏ត្រូវបានគេផ្លាស់ប្តូរទៅជាមេឃផ្សេងដែរ។ ហើយមនុស្សលោកទាំងអសស់បានក្រោកចេញពីផ្នូររបស់ពួកគេ ទាំងខ្លួនរបស់ពួកគេនិងទង្វើរបស់ពួកគេដើម្បីឈរនៅចំពោះមុខអល់ឡោះជាម្ចាស់ដែលជាអ្នកដែលមានអំណាចគ្រប់គ្រង និងធំធេងតែមួយគត់ ជាអ្នកដែលខ្លាំងពូកែ ជាអ្នកដែលយកឈ្នះលើគេដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។
(49) ហើយនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លាស់ប្តូរមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកប្រឆាំង និងពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់នោះ គឺធ្វើអំពីជ័រ(ដែលងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។
(50) ហើយនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លាស់ប្តូមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារ)ឃើញពួកប្រឆាំងនិងពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់នោះ គឺធ្វើអំពីជ័រ(ដែលវាងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។
(51) ដើម្បីអល់ឡោះនឹងតបស្នងរាល់ៗបុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេបានសាង មិនថាប្រការល្អ ឬប្រការអាក្រក់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុតចំពោះទង្វើទាំងឡាយ ។
(52) គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺជាការប្រកាសមួយពីអល់ឡោះជាម្ចាស់ទៅកាន់មនុស្សលោក និងដើម្បីដាស់តឿងព្រមានពួកគេតាមរយៈអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការព្រមានបន្លាច និងការសន្យាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនិងដើម្បីឲ្យពួកគេបានដឹងថាៈ ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ពួកគេនឹងគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) ហើយពួកគេនឹងមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នូវអ្វីមួយឡើយ ព្រមទាំងដើម្បីឲ្យអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវយកវាធ្វើជាមេរៀន ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវាតាមរយៈដំបូន្មាន និងមេរៀនជាច្រើន(ដែលមាននៅក្នុងវា)។