21 - Al-Anbiyaa ()

|

(1) ចំពោះមនុស្សលោក ការជំនុំជម្រះលើទង្វើរបស់ពួកគេនៅថ្ងៃបរលោកនោះបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ ងាកចេញអំពីថ្ងៃបរលោក ដោយសារតែការរវល់របស់ពួកគេនឹងរឿងលោកិយ(ភ្លេចអំពីថ្ងៃបរលោក)

(2) ហើយគ្មានវាក្យខណ្ឌដែលថ្មីណាមួយនៃគម្ពីរគួរអានដែលមកពីម្ចាស់របស់ពួកគេបានមកដល់ពួកគេនោះទេ លើកលែងតែពួកគេស្តាប់វាដោយទទេៗឥតប្រយោជន៍ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកគេស្តាប់វាដោយលេងសើច មិនខ្វាយខ្វល់(យកចិត្តទុកដាក់)នឹងអ្វីដែលមាននៅក្នុងវានោះឡើយ។

(3) ពួកគេស្តាប់វា(គម្ពីរគួរអាន)ទាំងដែលដួងចិត្តរបស់ពួកគេព្រងើយកន្តើយចំពោះវា។ ហើយពួកដែលបំពានដោយការប្រឆាំងនោះបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថាៈ តើអ្នក(ព្យាការីមូហាំម៉ាត់)ដែលអះអាងថា ខ្លួនគេជាអ្នកនាំសារនេះ គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកដែលគ្មានអ្វីពិសេសលើសពួកអ្នកនោះឬ? ហើយចំពោះមន្តអាគមដែលគេបាននាំវាមកនេះ តើពួកអ្នកដើរតាមគេឬ ខណៈដែលពួកអ្នកដឹងថា គេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក ហើយអ្វីដែលគេនាំមកនោះគឺជាមន្តអាគមនោះ?

(4) អ្នកនាំសារមូហាំម៉ាត់បានពោលថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវពាក្យសម្តីខ្សឹបខ្សៀវគ្នារបស់ពួកអ្នកដែលពួកអ្នកបានលាក់បាំង ហើយទ្រង់ដឹងបំផុតនូវរាល់ពាក្យសម្តីដែលចេញពីមាត់របស់អ្នកដែលពួកអ្នកនិយាយ ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ហើយទ្រង់មហាលឺបំផុតនូវពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់(ដែលគេបាននិយាយ) និងមហាដឹងបំផុតចំពោះទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

(5) ផ្ទុយទៅវិញ ពួកគេស្ទាក់ស្ទើរចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក ដោយម្តងពួកគេនិយាយថាៈ វាជាសុបិន្តដែលច្របូកច្របល់ដែលមិនអាចបកស្រាយបាន ម្តងពួកគេនិយាយថាៈ ទេ ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើងដោយគ្មានមូលដ្ឋានអ្វីឡើយ ហើយម្តងទៀត ពួកគេបែរជានិយាយថាៈ គេ(ព្យាការីមូហាំម៉ាត់)គឺជាកវីនិពន្ធម្នាក់។ ហើយប្រសិនបើគេ(ព្យការីមូហាំម៉ាត់)ពិតជាអ្នកដែលទៀងត្រង់ចំពោះអ្វីដែលគេអះអាងមែននោះ ចូរឲ្យគេនាំមកឲ្យពួកយើងនូវអច្ឆរិយភាពណាមួយដូចបណ្តាអ្នកនាំសារជំនាន់មុនទាំងឡាយបាននាំមកចុះ។ ពិតណាស់ ពួកគេ(បណ្តាអ្នកនាំសារ)បាននាំមកនូវអច្ឆរិយភាពផ្សេងៗ ដូចជា ដំបងរបស់ព្យាការីមូសា និងសត្វអូដ្ឋញីរបស់សឡេះជាដើម។

(6) គ្មាន(ប្រជាជន)ស្រុកភូមិណាមួយមុនពួកដែលបានទាមទារ(អច្ឆរិយភាព)ទាំងនេះមានជំនឿនៅពេលដែលយើងបានផ្តល់ឲ្យពួកគេនូវអច្ឆរិយភាពដូចអ្វីដែលពួកគេបានទាមទារនោះឡើយ។ ផ្ទុយទៅវិញ ពួកគេ(នៅតែ)បដិសេធចំពោះវា(ដដែល)។ ដូចនេះ យើងក៏បានបំផ្លាញពួកគេទៅ។ តើពួកទាំងនោះ មានជំនឿឬទេ?

(7) ហើយយើងមិនបានតែងតាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ក្រៅពីពួកបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងផ្តល់វ៉ាហ៊ីដល់ពួកគេប៉ុណ្ណោះ ហើយយើងក៏មិនបានតែងតាំងពួកគេ(អ្នកនាំសារ)នោះ ជាម៉ាឡាអ៊ីកាត់នោះដែរ។ ហេតុនេះ ចូរពួកអ្នកសួរពួកដែលគេប្រទានគម្ពីរឲ្យមុនពួកអ្នកចុះ ប្រសិនបើពួកអ្នកមិនបានអំពីរឿងនេះទេនោះ។

(8) ហើយយើងមិនបានបង្កើតបណ្តាអ្នកនាំសារទាំងឡាយដែលយើងបានបញ្ជូនទៅកាន់ពួកគេនោះមានរូបរាងកាយដែលមិនទទួលទានចំណីអាហារនោះទេ។ ផ្ទុយទៅវិញ ពួកគេទទួលទានអាហារដូចអ្នកដទៃទៀតដែរ ហើយពួកគេក៏មិននៅគង់វង្សនៅលើលោកិយដោយមិនស្លាប់នោះដែរ។

(9) ក្រោយមក យើងបានធ្វើឲ្យអ្វីដែលយើងបានសន្យាចំពោះបណ្តាអ្នកនាំសាររបស់យើងក្លាយជាការពិត ដោយយើងបានសង្គ្រោះពួកគេ ហើយនិងអ្នកដែលយើងមានចេតនាក្នុងចំណោមបណ្តាអ្នកដែលមានជំនឿអំពីភាពវិនាសកម្ម។ ហើយយើងបានបំផ្លាញពួកដែលបំពានព្រំដែនដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ ហើយនិងប្រព្រឹត្តល្មើសរបស់ពួកគេ។

(10) ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរគួរអានទៅកាន់ពួកអ្នក ដែលមាននៅក្នុងវានោះ គឺភាពខ្ពង់ខ្ពស់និងភាពថ្លៃថ្នូររបស់ពួកអ្នក ប្រសិនបើពួកអ្នកមានជំនឿនឹងវា ហើយអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា។ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនេះ ហើយរួសរាន់ទៅកាន់ការមានជំនឿចំពោះវា និងអនុវត្តនូវអ្វីដែលមានផ្ទុកនៅក្នុងវាទេឬ?

(11) ហើយស្រុកភូមិជាច្រើនមកហើយដែលយើងបានបំផ្លាញវា ដោយសារតែការបំពានរបស់វា(ចំពោះយើង)ដោយការប្រឆាំង។ ក្រោយមក យើងបានបង្កើតក្រុមមួយផ្សេងទៀតបន្ទាប់ពីវា។

(12) ហើយនៅពេលដែលពួកដែលនឹងត្រូវគេបំផ្លាញទាំងនោះបានឃើញនូវទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើង ស្រាប់តែពួកគេរត់ចេញពីភូមិស្រុករបស់ពួកគេយ៉ាងលឿនដើម្បីគេចចេញពីការបំផ្លិចបំផ្លាញ។

(13) ពេលនោះ មានគេស្រែកហៅពួកគេក្នុងន័យសើចចំអកថាៈ ចូរពួកអ្នកកុំរត់គេចឲ្យសោះ ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អ្វីដែលពួកអ្នកធ្លាប់មាននៃការសើយសុខ និង(ទៅកាន់)លំនៅដ្ឋានរបស់ពួកអ្នកវិញចុះ ប្រហែលជាពួកអ្នកនឹងត្រូវគេសួរអ្វីមួយអំពីលោកិយរបស់ពួកអ្នកមិនខាន។

(14) ពួកដែលបំពានទាំងនោះបាននិយាយដោយទទួលស្គាល់ចំពោះបាបកម្មរបស់ពួកគេថាៈ វិនាសអន្តរាយ និងខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បំពានដោយពួកយើងបានប្រឆាំងនឹងអល់ឡោះជាម្ចាស់។

(15) ហើយពួកគេនៅតែបន្តទទួលស្គាល់បាបកម្មរបស់ពួកគេ និងនៅតែបន្តបួងសួងសុំឲ្យខ្លួនរបស់ពួកគេវិនាសអន្តរាយ រហូតទាល់តែយើងធ្វើឲ្យពួកគេប្រៀបដូចជាដំណាំដែលគេច្រូតកាត់ដែលងាប់គ្មានកម្រើកអ្វីទាំងអស់។

(16) ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរជាការលេងសើច ទទេៗនោះទេ។ ផ្ទុយទៅវិញ យើងបង្កើតវាទាំងពីរនេះ គឺដើម្បីជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យើងប៉ុណ្ណោះ។

(17) ប្រសិនបើយើងមានបំណងចង់យកមហេសី ឬបុត្រនោះ ប្រាកដជាយើងនឹងយកវាពីអ្នកដែលនៅក្បែរយើងមិនខានឡើយ។ ក៏ប៉ុន្តែយើងមិនធ្វើដូច្នោះនោះឡើយ ពីព្រោះយើងស្អាតស្អំពីប្រការនោះ។

(18) ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតដែលយើងបានផ្តល់វាជាវ៉ាហ៊ីទៅកាន់អ្នកនាំសាររបស់យើងទៅលើភាពមិនពិតរបស់ពួកប្រឆាំង ហើយវារលាយសាបសូន្យ។ ពេលនោះ ភាពមិនពិតរបស់ពួកគេក៏បានបាត់បង់ និងសាបសូន្យ។ ហើយសម្រាប់ពួកអ្នក(នែអ្នកដែលនិយាយថា អល់ឡោះទ្រង់មានមហេសី និងមានបុត្រ) គឺនឹងវិនាសអន្តរាយ ដោយសារតែពួកអ្នកចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសាកសមនឹងទ្រង់។

(19) ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពួកម៉ាឡាអ៊ីកាត់ដែលនៅក្បែទ្រង់នោះ ពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈចំពោះទ្រង់ឡើយ ហើយពួកគេក៏មិនមានការនឿយហត់ក្នុងការគោរពសក្ការៈចំពោះទ្រង់នោះដែរ។

(20) ពួកគេនាំគ្នាលើកតម្កើងអល់ឡោះជាប្រចាំជាប់ជានិច្ចដោយគ្មានការធុញទ្រាន់នោះឡើយ។

(21) ផ្ទុយទៅវិញ ពួកមុស្ហរីគីនបានយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចាស់ ដែលពួកវាទាំងនោះមិនអាចប្រោសជីវិតដែលស្លាប់ឲ្យរស់ឡើងវិញបានឡើយ។ ដូច្នេះ តើពួកគេគោរពចំពោះអ្នកដែលអសមត្ថភាពក្នុងការធ្វើដូច្នោះយ៉ាងដូចម្តេចទៅ?

(22) ប្រសិនបើនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីមានព្រះច្រើនផ្សេងៗគ្នានោះ វាទាំងពីរ(មេឃនិងផែនដី)ច្បាស់ជាអន្តរាយជាមិនខាន ដោយសារតែព្រះទាំងនោះនឹងបែងចែកគ្នាយកធ្វើជាកម្មសិទ្ធិរៀងៗខ្លួន។ តែជាក់ស្តែង គឺវាផ្ទុយពីនោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយប្រឌិតភូតកុហកដែលចោទថា ទ្រង់មានដៃគូនោះ។

(23) ហើយអល់ឡោះជាម្ចាស់ គឺទ្រង់តែម្នាក់គត់ដែលមានសិទ្ធិនៅក្នុងការគ្រប់គ្រង និងការកំណត់របស់ទ្រង់ ដោយគ្មាននរណាម្នាក់សួរទ្រង់អំពីអ្វីដែលទ្រង់បានកំណត់នោះទេ តែទ្រង់ទៅវិញទេដែលជាអ្នកសួរខ្ញុំបម្រើរបស់ទ្រង់ពីទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

(24) ផ្ទុយទៅវិញ ពួកគេបានយកព្រះផ្សេងក្រៅពីអល់ឡោះមកគោរពសក្ការៈ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកដែលបញ្ជាក់ពីភាពសាកសមរបស់វា(ព្រះនានា)ក្នុងការគោរពសក្ការៈចំពោះពួកវាមក។ ជាការពិតណាស់ គម្ពីរ(គួរអាន)ដែលគេបានបញ្ចុះមកកាន់ខ្ញុំ និងបណ្តាគម្ពីរផ្សេងទៀតដែលគេបានបញ្ចុះទៅលើបណ្តាអ្នកនាំសារទាំងឡាយនោះ នៅក្នុងវាមិនមានភស្តុតាងសម្រាប់ពួកអ្នក(ចំពោះការគោរពសក្ការៈចំពោះពួកវា)នោះឡើយ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនមានអ្វីជាសំអាងក្រៅភាពល្ងង់ខ្លៅ និងធ្វើតាមគេដោយល្ងិតល្ងង់នោះឡើយ ពីព្រោះពួកគេ ពួកគេគឺជាពួកដែលបដិសេធមិនទទួលយកការពិតឡើយ។

(25) ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថាៈ ជាការពិតណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែយើងប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើងតែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកនឹងយើងនូវអ្វីមួយឲ្យសោះ។

(26) ហើយពួកមុស្ហរីគីនបាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់បានយកពួកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី(កូនស្រី)។ អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់អំពីពាក្យប្រឌិតភូតកុហកដែលពួកគេបាននិយាយ។ ផ្ទុយទៅវិញ ពួកម៉ាឡាអ៊ីកាត់នោះ គឺជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវបានគេលើកតម្កើង និងជាអ្នកជំនិតចំពោះទ្រង់។

(27) ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្តើមសម្តីមុនម្ចាស់របស់ពួកគេនោះទេ ហើយពួកគេក៏មិននិយាយអ្វីនោះដែរ លុះត្រាតែទ្រង់ប្រើពួកគេ(ឲ្យនិយាយ)ប៉ុណ្ណោះ។ ហើយពួកគេប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់ ដោយពួកគេមិនប្រឆាំងនឹងបទបញ្ជាណាមួយរបស់ទ្រង់ឡើយ។

(28) ទ្រង់ដឹងពីទង្វើរបស់ពួកគេកាលពីមុន និងទង្វើដែលនៅខាងមុខ(ដែលពួកគេនឹងសាង)។ ហើយពួកគេមិនសុំអន្តរាគមន៍ដល់នរណានោះទេ លើកលែងតែដោយការអនុញ្ញាតរបស់ទ្រង់សម្រាប់ជនណាដែលអល់ឡោះពេញចិត្តឲ្យធ្វើអន្តរាគមន៍ចំពោះគេប៉ុណ្ណោះ។ ហើយពួកគេប្រុងប្រយ័ត្នដោយកោតខ្លាចទ្រង់។ ហេតុនេះ ពួកគេមិនប្រព្រឹត្តផ្ទុយពីបទបញ្ជា និងបម្រាមរបស់ទ្រង់នោះទេ។

(29) ហើយជនណាម្នាក់ក្នុងចំណោមពួកម៉ាឡាអ៊ីកាត់ដែលនិយាយថា “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះ”នោះ យើងពិតជានឹងតបស្នងចំពោះសម្តីដែលគេនិយាយនោះនូវទណ្ឌកម្មនៃនរកជើហាន់ណាំនាថ្ងៃបរលោកដោយគេស្ថិតនៅទីនោះជាអមតៈ។ ហើយដូចនឹងការតបស្នងនេះដែរ យើងនឹងតបស្នងដល់ពួកដែលបំពានដោយការប្រឆាំង និងការស្ហ៊ីរិកចំពោះអល់ឡោះ។

(30) តើពួកដែលគ្មានជំនឿចំពោះអល់ឡោះមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លាប់ស្ថិតនៅជាប់គ្នាដោយគ្មានចន្លោះរវាងវាទាំងពីរនោះទេ។ នៅពេលនោះ ទ្រង់ក៏បានបញ្ចុះទឹកភ្លៀងអំពីវា ហើយយើងក៏បានបំបែកវាទាំងពីរចេញពីគ្នាវិញ។ ហើយយើងបានបង្កើតចេញពីទឹកដែលធ្លាក់ចុះពីលើមេឃមកកាន់ផែនដីនោះរាល់អ្វីៗទាំងអស់ ដូចជាសត្វពាហនៈ និងរុក្ខជាតិទាំងឡាយ។ ដូច្នេះ តើពួកគេមិនយករឿងនោះធ្វើជាមេរៀន ហើយមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយទេឬ?

(31) ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនសម្រាប់ទប់លំនឹងវាដើម្បីកុំឲ្យវាញ័ររញ្ជួយដល់អ្នកដែលនៅលើផែនដីនេះ។ ហើយយើងបានបង្កើតឲ្យមានផ្លូវជាច្រើនយ៉ាងធំទូលាយនៅលើផែនដីនេះ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញនៅក្នុងការធ្វើដំណើររបស់ពួកគេឆ្ពោះទៅកាន់គោលដៅដែលពួកគេចង់ទៅ។

(32) ហើយយើងបានបង្កើតមេឃធ្វើជាដំបូលដែលត្រូវបានការពារពីការធ្លាក់ ដោយវាគ្មានសសរ(សម្រាប់ទ្រ)នោះឡើយ ព្រមទាំងត្រូវបានការពារអំពីការលួចស្តាប់(របស់ពួកស្ហៃតន)។ តែពួកមុស្ហរីគីនវិញ ចំពោះសញ្ញាភស្តុតាងជាច្រើនដែលមាននៅលើមេឃជាច្រើនជាន់(ដូចជាព្រះអាទិត្យ និងព្រះចន្ទ)នោះ ពួកគេបែរជាងាកចេញមិនព្រមយកវាធ្វើជាមេរៀនទៅវិញ។

(33) ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបានបង្កើតពេលយប់ដើម្បីសម្រាក និងបានបង្កើតពេលថ្ងៃដើម្បីរកស៊ីទទួលទាន។ ហើយទ្រង់បានបង្កើតព្រះអាទិត្យជាសញ្ញាបង្ហាញថាពេលថ្ងៃ និងព្រះចន្ទជាសញ្ញាបង្ហាញថាជាពេលយប់។ ហើយទាំងព្រះអាទិត្យនិងព្រះចន្ទនោះ គឺពួកវាកំពុងធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន ដោយវាមិនងាកចេញពីគន្លងរបស់វាឡើយ។

(34) ហើយយើងមិនបានផ្តល់ឲ្យមនុស្សលោកណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវជីវិតអមតៈនៅលើផែនដីនេះនោះទេ។ ប្រសិនបើជីវិតរបស់អ្នកត្រូវបានកំណត់(ឲ្យមានទីបញ្ចប់)នៅក្នុងឆាកជីវិតលោកិយនេះ ហើយអ្នកត្រូវស្លាប់នោះ ដូច្នេះ តើពួកគេទាំងនោះអាចនៅគង់វង្សជាអមតៈបន្ទាប់ពីអ្នកឬ? គឺមិនអាចនោះទេ។

(35) រាល់ជីវិតទាំងអស់ មិនថាអ្នកមានជំនឿ ឬអ្នកគ្មានជំនឿនោះទេ គឺនឹងភ្លក្សរសជាតិនៃសេចក្តីស្លាប់នៅក្នុងលោកិយនេះ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្សលោក)នៅក្នុងជីវិតលោកិយនេះដោយការដាក់កាតព្វកិច្ចនានា ការប្រទានឧបការគុណ និងប្រការអាក្រក់ទាំងឡាយ។ ក្រោយមក បន្ទាប់ពីពួកអ្នកស្លាប់ទៅ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ មិនមែនត្រឡប់ទៅកាន់អ្នកណាផ្សេងពីយើងនោះទេ ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាង។

(36) ហើយនៅពេលដែលពួកមុស្ហរីគីនទាំងនោះបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយចំពោះអ្នកនោះទេ ដោយពួកគេនិយាយថាៈ តើគេ(ព្យាការីមូហាំម៉ាត់)នេះឬដែលជេរប្រមាថព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈនោះ? ហើយជាមួយនឹងការសើចចំអកចំពោះអ្នកនេះផងដែរ ពួកគេក៏ជាពួកដែលបដិសេធចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេនៃគម្ពីរគួរអានផងដែរ ហើយចំពោះឧបការគុណដែលទ្រង់បានប្រទានដល់ពួកគេវិញ គឺពួកគេប្រឆាំង(រមិលគុណ)។ ពិតណាស់ ពួកគេសាកសមនឹងទទួលភាពអាប់ឱនបំផុត ដោយសារតែពួកគេប្រមូលផ្តុំទៅដោយប្រការអាក្រក់ទាំងអស់។

(37) គេបានបង្កើតមនុស្សលោកមក គឺមានលក្ខណៈអន្ទះសារ ដោយពួកគេតែងសុំចង់ឲ្យប្រការអ្វីមួយកើតឡើងមុនពេលវេលាកំណត់របស់វាមកដល់ ហើយក្នុងចំណោមនោះដែរ គឺពួកមុស្ហរីគីនបានសុំឲ្យគេដាក់ទណ្ឌកម្មលើពួកគេភ្លាមៗ។ យើងនឹងបង្ហាញឲ្យពួកអ្នក(នែពួកដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់មកដល់)បានឃើញនូវអ្វីដែលពួកអ្នកសុំវាឲ្យកើតឡើងនោះ។ ហេតុនេះ ចូរពួកអ្នកកុំសុំឲ្យវាឆាប់មកដល់ពេក ។

(38) ហើយពួកប្រឆាំងដែលបដិសេធចំពោះការពង្រស់មនុស្សឡើងវិញ ពួកគេបាននិយាយក្នុងន័យសុំឲ្យវាឆាប់កើតឡើងថាៈ តើការពង្រស់មនុស្សលោកឲ្យរស់ឡើងវិញដែលពួកអ្នក(ឱអ្នកមូស្លីម)បានសន្យានឹងពួកយើងថានឹងកើតឡើងនោះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា វាពិតជានឹងកើតឡើងមែននោះ?

(39) ប្រសិនបើពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះបានដឹងពីពេលវេលាដែលពួកគេមិនអាចរុញច្រាន(ការពារ)ភ្លើងនរកចេញពីមុខរបស់ពួកគេ និងពីខ្នងរបស់ពួកគេបាន ហើយនិងគ្មានអ្នកណាដែលអាចជួយការពារទណ្ឌកម្មពីពួកគេបានទេនោះ ប្រសិនពួកគេបានដឹងដូច្នោះនោះ ម្ល៉ោះពួកគេនឹងមិនសុំឲ្យទណ្ឌកម្មនោះឆាប់មកដល់(ពួកគេ)ភ្លាមៗនោះទេ។

(40) ភ្លើងនរកដែលគេនឹងដាក់ទណ្ឌកម្មពួកគេនឹងវានោះ នឹងមិនមកដល់ពួកគេដោយឲ្យពួកគេដឹងមុននោះទេ ផ្ទុយទៅវិញ វានឹងមកដល់ពួកគេភ្លាមៗ។ ពេលនោះ ពួកគេនឹងមិនមានសមត្ថភាពរុញច្រាន(ទប់ទល់)វាចេញពីពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដើម្បីឲ្យពួកគេសារភាពកំហុស ហើយទទួលបាននូវការអាណិតស្រឡាញ់(ពីអល់ឡោះ)នោះដែរ។

(41) ហើយប្រសិនបើក្រុមរបស់អ្នកបានសើចចំអកចំពោះអ្នកនោះ ពិតណាស់ អ្នកមិនមែនជាមនុស្សដំបូងគេនោះទេដែលទទួលរងការសើចចំអកបែបនេះនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារជាច្រើនទៀតមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ពួកគេទទួលរងនូវការសើចចំអក(ពីសំណាក់ក្រុមរបស់ពួកគេ)ដូចគ្នាដែរ។ ហើយទណ្ឌកម្មដែលពួកប្រឆាំងធ្លាប់បានសើចចំអកចំពោះវាកាលនៅក្នុងលោកិយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបានព្រមានបន្លាចពួកគេអំពីវានោះ ក៏បានហ៊ុមព័ទ្ធពួកគេ។

(42) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មឆាប់កើតឡើងទាំងនោះថាៈ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេលថ្ងៃអំពីទណ្ឌកម្ម និងការបំផ្លិចបំផ្លាញពួកអ្នកដែលម្ចាស់មហាសប្បុរសទ្រង់មានចេតនាទម្លាក់ទៅលើពូកអ្នកនោះ? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការំលឹក និងដំបូន្មានរបស់ម្ចាស់ពួកអ្នក ព្រមទាំងងាកចេញពីភស្តុតាងទាំងឡាយរបស់ទ្រង់ ដោយពួកគេមិនយកអ្វីមួយអំពីវាមកត្រិះរិះពិចារណាឡើយ ដោយសារតែភាពល្ងង់ខ្លៅ និងការខ្សោយប្រាជ្ញារបស់ពួកគេ។

(43) ឬមួយពួកគេមានព្រះនានាដែលអាចការពារពួកគេពីទណ្ឌកម្មរបស់យើង? ព្រះទាំងនោះ វាមិនមានសមត្ថភាពនឹងជួយខ្លួនឯងដោយការពារគ្រោះថ្នាក់អំពីវា ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងនោះផង។ ដូចនេះ អ្នកដែលមិនអាចជួយដល់ខ្លួនឯងបានផងនោះ តើគេអាចជួយដល់អ្នកដទៃបានយ៉ាងដូចម្តេច? ហើយពួកវាក៏មិនរួចផុតពីទណ្ឌកម្មរបស់យើងបាននោះដែរ។

(44) ផ្ទុយទៅវិញ យើងបានផ្តល់ភាពសប្បាយរីករាយដល់ពួកប្រឆាំងទាំងនោះ និងបានផ្តល់ភាពសប្បាយរីករាយដល់ជីដូនជីតារបស់ពួកគេតាមរយៈឧបការគុណរបស់យើងដែលយើងបើកទូលាយចំពោះពួកគេ ជាការល្បួងចំពោះពួកគេ រហូតដល់ពួកគេមានអាយុវែង ហើយពួកគេចាញ់បោកនឹងរឿងនោះ(ឧបការគុណដែលទ្រង់បើកទូលាយចំពោះពួកគេ) ហើយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេ។ តើពួកដែលចាញ់បោកនឹងឧបការគុណរបស់យើងដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានរំដោះយកទឹកដី(ឲ្យអ្នកមានជំនឿ)ពីគ្រប់ទិសទីដោយអំណាចរបស់យើង ហើយយើងឲ្យអ្នកមានជំនឿយកឈ្នះលើពួកគ្មានជំនឿ ហើយពួកគេយករឿងនោះធ្វើជាមេរៀនដើម្បីកុំឲ្យវាកើតឡើងចំពោះពួកគេដូចអ្វីដែលមានកើតឡើងចំពោះអ្នកផ្សេងពីពួកគេនោះ? ពិតណាស់ ពួកគេទាំងនោះមិនមែនជាអ្នកដែលឈ្នះនោះទេ តាមពិតពួកគេគឺជាពួកដែលចាញ់។

(45) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ពីទណ្ឌកម្មរបស់អល់ឡោះតាមរយៈវ៉ាហ៊ីដែលម្ចាស់របស់ខ្ញុំបានវ៉ាហ៊ីមកកាន់ខ្ញុំប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តាប់មិនលឺការពិតនូវអ្វីដែលគេអំពាវនាវពួកគេទៅកាន់វាដោយការស្តាប់ដែលទទួលយកនោះឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះ។

(46) ហើយប្រសិនបើទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្លាក់ទៅលើពួកដែលសុំឲ្យទណ្ឌកម្មកើតឡើងឆាប់ៗនោះតែបន្តិច នៅពេលនោះ ពួកគេប្រាកដជានឹងនិយាយថាៈ ឱវិនាសអន្តរាយ និងខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបដិសេធនូវអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក។

(47) ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌សម្រាប់មនុស្សលោកនៅថ្ងៃបរលោកដើម្បីថ្លឹងទង្វើរបស់ពួកគេ។ ដូចនេះ គ្មានបុគ្គលណាម្នាក់ត្រូវបានគេបំពាននៅក្នុងថ្ងៃនោះដោយការកាត់បន្ថយផលបុណ្យ ឬបង្កើនផលបាបរបស់ពួកគេនោះឡើយ សូម្បីតែទង្វើដែលត្រូវថ្លឹងនោះមានតិចតួច ប្រៀបដូចជាគ្រាប់ស្ពៃក៏ដោយ ក៏គេនាំវាមកថ្លឹងដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ ហើយយើងនឹងជំនុំជម្រះលើទង្វើរបស់ខ្ញុំបម្រើរបស់យើងទាំងអស់។

(48) ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសា និងព្យាការីហារូន នូវគម្ពីរតាវរ៉ត ដែលជាការបែងចែករវាងប្រការពិត និងប្រការដែលមិនពិត ប្រការដែលគេអនុញ្ញាត និងប្រការដែលគេហាមឃាត់ និងជាការចង្អុលបង្ហាញសម្រាប់អ្នកដែលមានជំនឿនឹងវា ហើយនិងជាការរំលឹកដល់បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ។

(49) គឺបណ្តាអ្នកដែលខ្លាចទណ្ឌកម្មម្ចាស់របស់ពួកគេដែលពួកគេមានជំនឿចំពោះវា បើទោះបីជាពួកគេមិនដែលឃើញវា(ទណ្ឌកម្ម)ផ្ទាល់នឹងភ្នែកក៏ដោយ ហើយពួកគេខ្លាចថ្ងៃបរលោកបំផុត។

(50) ហើយគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺជាការរំលឹកសម្រាប់អ្នកដែលចង់យកវាធ្វើជាមេរៀន និងពោរពេញទៅដោយផលប្រយោជន៍និងប្រការល្អជាច្រើន។ ដូច្នេះ តើទោះបីជាបែបនេះក៏ដោយ ក៏ពួកអ្នកនៅតែបដិសេធចំពោះវា(គម្ពីរគួរអាន) ហើយពួកមិនទទួលស្គាល់នូវអ្វីដែលមាននៅក្នុងវា ហើយនិងមិនអនុវត្តតាមវាទៀតឬ?

(51) ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីអ៊ីព្រហ៊ីមនូវសញ្ញាភស្តុតាងទៅលើក្រុមរបស់គេតាំងពីគេនៅក្មេងវ័យ ហើយយើងដឹងយ៉ាងច្បាស់អំពីគេ។ ហេតុនេះ យើងក៏បានប្រទានឲ្យគេនូវសញ្ញាភស្តុតាងទៅលើក្រុមរបស់គេដែលសាកសមនឹងគេ(ព្យាការីអ៊ីព្រហ៊ីម)ដោយការដឹងរបស់យើង ។

(52) នៅពេលដែលគេបាននិយាយទៅកាន់ឪពុករបស់គេ អាហ្សើរ និងក្រុមរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកធ្វើវាដោយដៃពួកអ្នកផ្ទាល់ ហើយពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះវាទាំងនោះ គឺជាអ្វី?

(53) ក្រុមរបស់គេបានឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា(រូបបដិមា)។ ដូច្នេះ ពួកយើងក៏គោរពសក្ការៈចំពោះពួកវាតាមពួកគាត់ទៅ។

(54) ព្យាការីអ៊ីព្រហ៊ីមក៏បានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកដែលធ្វើតាមដូនតា) និងជីដូនជីតារបស់ពួកអ្នក(ដែលពួកអ្នកធ្វើតាម)នោះ គឺស្ថិតនៅក្នុងភាពវង្វេងពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងច្បាស់លាស់។

(55) ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើអ្នកនាំមកឲ្យពួកយើងនូវការពិតឬ ទើបអ្នកនិយាយបែបនេះ(ដាក់ពួកយើង) ឬមួយអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនិយាយលេងសើច?

(56) ព្យាការីអ៊ីព្រហ៊ីមតបថាៈ ផ្ទុយទៅវិញ ខ្ញុំនាំមកកាន់ពួកអ្នកនូវការពិត មិនមែននិយាយលេងសើចនោះទេ។ ជាការពិតណាស់ ម្ចាស់របស់អ្នក ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ដែលទ្រង់បានបង្កើតពួកវាដោយគ្មានគំរូពីមុនទាល់តែសោះ។ ហើយខ្ញុំគឺជាសាក្សីដែលថា ពិតណាស់ ទ្រង់គឺជាម្ចាស់របស់អ្នក និងជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ហើយរូបបដិមា(ទាំងអស់)របស់ពួកអ្នកវិញ គឺគ្មានចំណែកអ្វីបន្តិចក្នុងរឿងនេះនោះឡើយ។

(57) ដោយក្រុមរបស់គាត់មិនព្រមស្តាប់តាមគាត់នោះ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយថាៈ ខ្ញុំសូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចរូបបដិមាទាំងអស់របស់ពួកអ្នក ទោះបីពួកអ្នកមិនពេញចិត្តក៏ដោយ ក្រោយពីពួកអ្នកចាកចោលពួកវាទៅចូលរួមពិធីបុណ្យរបស់ពួកអ្នកនោះ។

(58) ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានវាយកម្ទេចរូបបដិមារបស់ពួកគេ រហូតដល់ពួកវាក្លាយជាបំណែកតូចៗ ប៉ុន្តែគាត់ទុករូបបដិមាមួយដែលធំជាងគេ ដើម្បីឲ្យនៅពេលដែលពួកគេត្រឡប់មក ពួកគេសួរវា(រូបបដិមា) ថាតើអ្នកណាជាអ្នកកម្ទេចពួកវា។

(59) នៅពេលដែលពួកគេបានត្រឡប់មក(ពីពិធីបុណ្យ)វិញ ហើយបានឃើញរូបបដិមារបស់ពួកគេត្រូវបានគេវាយកម្ទេចដូច្នេះ ពួកគេក៏សួរគ្នាទៅវិញទៅមកថាៈ តើអ្នកណាជាអ្នកកម្ទេចព្រះដែលពួកយើងគោរពសក្ការៈនេះ? ពិតណាស់ អ្នកដែលវាយកម្ទេចវានោះ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន ដោយគេមើលស្រាលចំពោះអ្វីដែលសាកសមនឹងលើកតម្កើង និងធ្វើសក្ការៈ។

(60) ពួកគេមួយចំនួនបាននិយាយថាៈ ពួកយើងបានឮយុវជនម្នាក់និយាយអាក្រក់ពីវា(បដិមា) ព្រមទាំងបន្ទាបបន្ថោកចំពោះវា ដែលគេហៅ(យុវជនម្នាក់នោះ)ថា អ៊ីព្រហ៊ីម។ ប្រហែលជាគេ ជាអ្នកដែលកម្ទេចពួកវា។

(61) មេដឹកនាំរបស់ពួកគេបាននិយាយថាៈ ចូរពួកអ្នកនាំអ៊ីព្រហ៊ីមមកនៅចំពោះមុខមហាជន ទាំងឡាយ ដើម្បីឲ្យពួកគេធ្វើជាសាក្សីលើការទទួលស្គាល់របស់គេ(ព្យាការីអ៊ីព្រហ៊ីម)នូវអ្វីដែលគេបានធ្វើ ហើយការទទួលស្គាល់របស់គេនោះ នឹងក្លាយជាភស្តុតាងសម្រាប់ពួកអ្នកក្នុងការដាក់បន្ទុកលើរូបគេ។

(62) នៅពេលដែលពួកគេបាននាំព្យាការីអ៊ីព្រហ៊ីមមក ពេលនោះពួកគេក៏បានសួរគាត់ថាៈ តើអ្នកឬដែលបានធ្វើនូវទង្វើដ៏អាក្រក់បែបនេះដាក់រូបបដិមារបស់ពួកយើង ឱអ៊ីព្រហ៊ីម?

(63) ព្យាការីអ៊ីព្រហ៊ីមក៏បានឆ្លើយតប(ក្នុងន័យចំអកឡកឡឺយចំពោះពួកគេ និងដើម្បីស្តែងពីការអសមត្ថភាពរបស់រូបបដិមារបស់ពួកគេនៅចំពោះមហាជន)ថាៈ ខ្ញុំមិនបានធ្វើដូច្នោះនោះទេ! ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនោះហើយដែលបានធ្វើ(កម្ទេច)វានោះ។ ហេតុនេះ ចូរពួកអ្នកសួររូបបដិមារបស់ពួកអ្នកចុះ ប្រសិនបើពួកវាចេះនិយាយមែននោះ។

(64) ពេលនោះ ពួកគេក៏បានបែរមកធ្វើការត្រិះរិះពិចារណា និងគិតឡើងវិញ។ ដូច្នេះ វាក៏បានបញ្ជាក់ដល់ពួកគេថា ពិតណាស់ រូបបដិមារបស់ពួកគេ គឺមិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីបានដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពានខណៈដែលពួកគេគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះជាម្ចាស់នោះ។

(65) ក្រោយមក ពួកគេក៏បានត្រឡប់មកវិញដោយសារតែភាពចចេសរឹងរូសនិងប្រឆាំងរបស់ពួកគេ ហើយពួកគេបាននិយាយថាៈ ជាការពិតណាស់ អ្នក(ឱអ៊ីព្រហ៊ីម)ដឹងច្បាស់ហើយថា ជាការពិតណាស់ រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។ ដូច្នេះ តើអ្នកប្រើឲ្យពួកយើងសួរទៅកាន់ពួកវាយ៉ាងដូចម្តេចទៅ? ពួកគេនិយាយដូច្នោះដើម្បីជាលេសសម្រាប់ពួកគេប៉ុណ្ណោះ ប៉ុន្តែ(តាមពិត) វាគឺជាភស្តុតាងប្រឆាំងនឹងពួកគេទៅវិញទេ។

(66) ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញ(ដោយបដិសេធចំពោះពួកគេ)ថាៈ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះរូបបដិមាទាំងនោះផ្សេងពីអល់ឡោះ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ? ពិតប្រាកដណាស់ វាគ្មានសមត្ថភាពក្នុងការការពារខ្លួនរបស់វាអំពីគ្រោះថ្នាក់ ឬក៏ផ្តល់ផលប្រយោជន៍ដល់ខ្លួនវានោះឡើយ។

(67) គួរឲ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងគួរឲ្យអាម៉ាស់បំផុតចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះ ដែលវា(រូបបដិមា)ទាំងនោះមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីផងនោះ។ ដូច្នេះ តើពួកអ្នកមានគិតពិចារណាចំពោះបញ្ហានេះ ហើយបោះបង់ការគោរពសក្ការៈចំពោះវាដែរឬទេ?

(68) នៅពេលដែលពួកគេអសមត្ថភាពក្នុងការតទល់ជាមួយនឹងព្យាការីអ៊ីព្រហ៊ីមដោយលើកហេតុផល(មកតទល់)នោះ ពួកគេក៏ប្រើកម្លាំងបាយវិញម្តង ដោយពួកគេនិយាយថាៈ ចូរពួកអ្នកដុតអ៊ីព្រហ៊ីមនឹងភ្លើង ហើយនាំគ្នាជួយសង្គ្រោះរូបបដិមារបស់ពួកអ្នកដែលគេបានបំផ្លាញនិងកម្ទេចវានោះចុះ ប្រសិនបើពួកអ្នកចង់ដាក់ទណ្ឌកម្មចំពោះគេនោះ។

(69) នៅពេលនោះ ពួកគេក៏នាំគ្នាដុតភ្លើង ហើយបោះគាត់ចូលទៅក្នុងភ្លើងនោះ។ ពេលនោះ យើង(អល់ឡោះ)បានមានបន្ទូលថាៈ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។ ខណៈនោះ ភ្លើងក៏ប្រែទៅជាត្រជាក់ ដោយគ្មានគ្រោះថ្នាក់អ្វីប៉ះពាល់ដល់គាត់ឡើយ។

(70) ហើយក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម មានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ដោយដុតគាត់(ទាំងរស់) ប៉ុន្តែយើងបានធ្វើឲ្យផែនការរបស់ពួកគេក្លាយជាអសារបង់ ហើយយើងបានធ្វើឲ្យពួកគេជាពួកដែលទទួលរងការបំផ្លាញ និងជាអ្នកដែលទទួលបរាជ័យ។

(71) ហើយយើងបានជួយសង្គ្រោះគេ(ព្យាការីអ៊ីព្រហ៊ីម) និងបានជួយសង្គ្រោះព្យាការីលូត ហើយយើងបាននាំគេទាំងពីរទៅកាន់ទឹកដីស្ហាមដែលយើងបានប្រទានពរជ័យចំពោះទឹកដីនេះ តាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើននៅក្នុងទឹកដី(ស្ហាម)នេះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជាច្រើននៅក្នុងវា។

(72) ហើយយើងបានប្រទានព្យាការីអ៊ីស្ហាកដល់គេ(អ៊ីព្រហ៊ីម)នៅពេលដែលគេបានបួងសួងសុំពីម្ចាស់របស់គេឲ្យប្រទានកូនប្រុសម្នាក់ និងបានប្រទានព្យាការីយ៉ាក់កូប(ជាចៅ)បន្ថែមទៀតដល់គេ។ ហើយទាំងព្យាការីអ៊ីព្រហ៊ីម និងកូនប្រុសរបស់គេ ព្យាការីអ៊ីស្ហាក ហើយនិងព្យការីយ៉ាក់កូប យើងបានធ្វើឲ្យពួកគេក្លាយជាអ្នកដែលសាងទង្វើកុសល គោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់។

(73) ហើយយើងបានឲ្យពួកគេក្លាយទៅជាអ្នកដឹកនាំដែលចង្អុលបង្ហាញមនុស្សទៅកាន់ប្រការល្អ ដោយពួកគេអំពាវនាវមនុស្សទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ តាមការអនុញ្ញាតរបស់ទ្រង់។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេថាៈ ចូរពួកអ្នកសាងអំពើល្អ និងប្រតិបតិ្តសឡាតឲ្យបានពេញលក្ខណៈ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់។ ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។

(74) ហើយចំពោះព្យាការីលូតវិញ យើងបានប្រទានឲ្យគេនូវការ(ចេះ)កាត់សេចក្តីរវាងអ្នកដែលមានជម្លោះនឹងគ្នា ហើយយើងក៏បានប្រទានដល់គេនូវចំណេះដឹងអំពីកិច្ចការសាសនារបស់គេផងដែរ។ ហើយយើងបានផ្តល់សុវត្ថិភាពដល់គេពីទណ្ឌកម្មដែលយើងបានទម្លាក់វាទៅលើភូមិស្រុករបស់គេ(គឺភូមិសាទូម) ដែលអ្នកភូមិនោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក អសីលធម៌(ស្រឡាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម ចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេ។

(75) ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង ខណៈដែលយើងបានសង្គ្រោះគេពីទណ្ឌកម្មដែលក្រុមរបស់គេទទួលរង។ ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលដែលអនុវត្តតាមអ្វីដែលយើងបានបង្គាប់ប្រើ និងបញ្ឈប់នូវទង្វើទាំងឡាយណាដែលយើងបានហាមឃាត់។

(76) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវរឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងសុំពីអល់ឡោះមុនព្យាការីអ៊ីព្រហ៊ីម និងព្យាការីលូតទៅទៀត ហើយយើងក៏បានទទួលយកនូវការបួងសួងរបស់គេដោយប្រទានដល់គេនូវអ្វីដែលគេបានស្នើសុំ។ ហើយយើងបានសង្គ្រោះគេ និងក្រុមរបស់គេដែលជាអ្នកមានជំនឿឲ្យរួចផុតពីគ្រោះមហន្តរាយដ៏ធំធេង(ទឹកជំនន់)

(77) ហើយយើងបានសង្គ្រោះគេពីល្បិចកលនៃក្រុមដែលបដិសេធនឹងអ្វីដែលយើងបានពង្រឹងដល់គេតាមរយៈវានៃបណ្តាសញ្ញាភស្តុតាងទាំងឡាយដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម និងប្រព្រឹត្តអាក្រក់។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេទាំងអស់គ្នាដោយការលិចលង់។

(78) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងដែលគេបានប្តឹងទៅកាន់អ្នកទាំងពីរ អំពីគូជម្លោះពីរនាក់ ដែលហ្វូងចៀមរបស់បុគ្គលម្នាក់ក្នុងចំណោមគេទាំងពីរនោះបានចូលទៅក្នុងចម្ការរបស់បុគ្គលម្នាក់ទៀតនៅយប់មួយ ហើយបានបំផ្លាញដំណាំរបស់គេខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីទៅលើការកាត់ក្តីរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន។ ការកាត់ក្តីរបស់គេទាំងពីរមិនអាចលាក់បាំងអ្វីបន្តិចពីយើងនោះឡើយ។

(79) ក្រោយមក យើងបានឲ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ ដោយឪពុករបស់គេ ព្យាការីហ្ទាវូទ មិនបានយល់នោះទេ។ ហើយទាំងព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ដល់គេនូវភាពជាព្យាការី និងចំណេះដឹងពាក់ព័ន្ធនឹងក្បួនច្បាប់ទាំងឡាយ ដោយយើងមិនបានផ្តល់ឲ្យតែចំពោះព្យាការីស៊ូឡៃម៉ានតែម្នាក់នោះទេ។ ហើយយើងបានធ្វើឲ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងគឺជាអ្នកដែលធ្វើរឿងទាំងនេះ ពោលគឺធ្វើឲ្យគេយល់ ផ្តល់នូវភាពឈ្លាសវៃ ចំណេះដឹង និងផ្តល់ភាពងាយស្រួល។

(80) ហើយយើងបានបង្រៀនព្យាការីហ្ទាវូទឲ្យចេះធ្វើអាវក្រោះដើម្បីការពារពីការកាប់សម្លាប់ដោយអាវុធទៅលើខ្លួនប្រាណរបស់ពួកអ្នក តែយើងមិនបានបង្រៀនព្យាការីស៊ូឡៃម៉ាន(ឲ្យចេះធ្វើអាវក្រោះ)នោះទេ។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណចំពោះឧបការគុណដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នកនេះដែរឬទេ?

(81) ហើយយើងបានផ្តល់ឲ្យព្យាការីស៊ូឡៃម៉ានអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេនៅពេលដែលគេបានប្រើវាឲ្យ(បោកបក់)ទៅកាន់ទឹកដីស្ហាមដែលយើងបានប្រទានពរជ័យដល់វា តាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើននៅលើទឹកដីនោះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជាច្រើននៅក្នុងវា។ ហើយយើងដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីយើងបានឡើយ។

(82) ហើយយើងបានបង្កើតឲ្យមានក្នុងចំណោមពពួកស្ហៃតននោះ គឺមានអ្នកដែលជ្រមុជទឹកក្នុងសមុទ្រឲ្យគេ(ព្យាការីស៊ូឡៃម៉ាន)ដើម្បីរុករកគុជខ្យងនិងអ្វីផ្សេងៗទៀត ហើយនិងធ្វើកិច្ចការផ្សេងពីនេះទៀត ដូចជាការសាងសង់(សំណង់នានា)ជាដើម។ ហើយយើងគឺជាអ្នកដែលថែរក្សាការរៀបចំ និងកិច្ចការងាររបស់ពួកគេ ដោយគ្មានអ្វីមួយអំពីរឿងនេះអាចរំលងផុតពី(ការថែរក្សារបស់)យើងបានឡើយ។

(83) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីអៃយ៉ូប ខណៈដែលគេបានបួងសួងសុំពីម្ចាស់របស់គេនៅពេលដែលគេជួបប្រទះនូវការសាកល្បង(ពីអល់ឡោះ) ដោយគេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានទទួលរងនូវជំងឺឈឺថ្កាត់ និងការបាត់បង់ក្រុមគ្រួសារ ហើយមានតែទ្រង់ទេដែលជាអ្នកដែលអាណិតស្រឡាញ់ជាងគេបំផុត។ ហេតុនេះ សូមទ្រង់មេត្តាធ្វើឲ្យគ្រោះទាំងនេះរសាយចេញពីខ្ញុំផងចុះ។

(84) ពេលនោះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងបានធ្វើឲ្យគ្រោះដែលគេជួបនោះរសាយចេញពីរូបគេ។ ហើយយើងក៏បានប្រទានឲ្យគេនូវក្រុមគ្រួសារនិងកូនចៅដែលគេបានបាត់បង់នោះវិញ ព្រមទាំងបានប្រទានឲ្យគេដូចអ្វីដែលធ្លាប់មាននៅជាមួយពួកគេ(កាលពីមុន)។ អ្វីដែលយើងបានប្រទានដល់គេនោះ គឺជាក្តីមេត្តាករុណាពីយើង និងជាការរំលឹកដល់រាល់អ្នកដែលគោរពតាមអល់ឡោះដោយការគោរពសក្ការៈ(ចំពោះទ្រង់)ដើម្បីឲ្យគេចេះអត់ធ្មត់ដូចដែលព្យាការីអៃយ៉ូបបានអត់ធ្មត់។

(85) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីអ៊ីស្មាអែល ព្យការីអ៊ីទ្រីស និងព្យាការីហ្ស៊ុលគីហ្វលី ដែលពួកគេទាំងអស់នោះ សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ចំពោះការសាកល្បង និង(អត់ធ្មត់)លើការបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ទៅលើពួកគេ។

(86) ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់យើង ដោយយើងបានឲ្យពួកគេក្លាយជាព្យាការី ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌(នៅថ្ងៃបរលោក)។ ជាការពិតណាស់ ពួកគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល ដែលបានគោរពប្រតិបត្តិម្ចាស់របស់ពួកគេ និងជាអ្នកដែលធ្វើល្អទាំងនៅពេលស្ងាត់កំបាំង និងពេលលាតត្រដាង។

(87) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី គឺព្យាការីយូនូស ខណៈដែលគេបានចាកចេញ(ពីភូមិដែលគេត្រូវអំពាវនាវ)ដោយមិនមានការអនុញ្ញាតពីម្ចាស់របស់គេ ព្រោះតែការខឹងសម្បាចំពោះក្រុមរបស់គេដោយសារតែពួកគេនៅតែបន្តស្ថិតនៅក្នុងការប្រឆាំង ដោយគេ(ព្យាការីយូនូស)គិតថា យើងមិនចង្អៀតចង្អល់ចំពោះគេដោយដាក់ទណ្ឌកម្មលើរូបគេដោយសារការចាកចេញរបស់គេ(ពីក្រុមរបស់គេដោយគ្មានការអនុញ្ញាតពីអល់ឡោះ)នោះឡើយ។ ក៏ប៉ុន្តែយើងបានសាកល្បងគេ ដោយឲ្យគេចង្អៀតចង្អល់បំផុត ខណៈដែលត្រីបានលេបរូបគេចូលទៅក្នុងពោះ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹតនៃពោះត្រី ភាពងងឹតនៃទឹកសមុទ្រ ព្រមទាំងភាពងងឹតនៃពេលយប់ ដោយគេបានទទួលស្គាល់ចំពោះបាបកម្មរបស់គេ និងបានសារភាពទោសកំហុសចំពោះអល់ឡោះជាម្ចាស់អំពីរឿងនោះ ដោយគេបានបួងសួងថាៈ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុត។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។

(88) ពេលនោះយើងក៏បានទទួលយកនូវការបួងសួងរបស់គេ ព្រមទាំងបានសង្គ្រោះគេពីទុក្ខព្រួយដ៏ធ្ងង់ធ្ងរនេះ ដោយបញ្ចេញរូបគេពីភាពងងឹត និងពីពោះត្រីវិញ។ ហើយដូចដែលយើងបានរំដោះព្យាការីយូនូសពីទុក្ខព្រួយនេះដែរ យើងនឹងរំដោះបណ្តាអ្នកដែលមានជំនឿទាំងឡាយនៅពេលណាដែលគេធ្លាក់ក្នុងទុក្ខព្រួយ ហើយគេបួងសួងមកចំពោះអល់ឡោះ។

(89) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ហ្សាការីយ៉ា ខណៈដែលគេបានបួងសួងសុំពីម្ចាស់របស់គេដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាកុំទុកខ្ញុំឲ្យនៅម្នាក់ឯងដោយគ្មានកូន(ដើម្បីស្នងត្រកូល)ឲ្យសោះ ខណៈទ្រង់គឺជាអ្នកដែលផ្តល់នូវអ្នកស្នងត្រកូលដែលល្អបំផុត។ ហេតុនេះ សូមទ្រង់មេត្តាប្រទានដល់ខ្ញុំនូវកូនប្រុសម្នាក់ដើម្បីឲ្យគេនៅសល់(បន្តវង្សត្រកូល)បន្ទាប់ពីខ្ញុំផងចុះ។

(90) ពេលនោះ យើងក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានប្រទានកូនប្រុសម្នាក់ឲ្យគេ គឺព្យាការីយ៉ះយ៉ា ហើយយើងបានព្យាបាលភរិយារបស់គេ(ពីជំងឺអារ)។ ដូច្នេះ នាងក៏មានកូនវិញ ក្រោយពីនាងមិនអាចមានកូននោះ។ ជាការពិតណាស់ ព្យាការីហ្សាការីយ៉ា និងប្រពន្ធរបស់គេ ព្រមទាំងកូនរបស់គេ ពួកគេគឺជាអ្នកដែលរួសរាន់ក្នុងការសាងនូវអំពើល្អ ហើយពួកគេបួងសួងមកចំពោះយើងដោយក្តីសង្ឃឹមចំពោះផលបុណ្យដែលនៅជាមួយយើង និង(ដោយ)កោតខ្លាចនូវទណ្ឌកម្មដែលនៅជាមួយយើង។ ហើយពួកគេ គឺជាអ្នកដែលឱនលំទោនបំផុតមកចំពោះយើង។

(91) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ម៉ារយ៉ាំ(នាងម៉ារី)ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាងពីប្រការហ្ស៊ីណា ហើយយើងបានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីលទៅកាន់នាង ហើយគេ(ជីព្រីល)បានផ្លុំ(វិញ្ញាណ)ទៅក្នុងខ្លួននាង ហើយនាងក៏មានផ្ទៃពោះ(នូវកូនប្រុសម្នាក់ឈ្មោះ)អ៊ីសា។ ហើយនាង និងកូនប្រុសរបស់នាង ព្យាការីអ៊ីសា គឺជាសញ្ញាភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ ហើយពិតណាស់ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(ធ្វើវា)នោះឡើយ ខណៈដែលទ្រង់បានបង្កើតរូបគេ(ព្យាការីអ៊ីសា)ដោយគ្មានឪពុក។

(92) ជាការពិតណាស់ សាសនារបស់ពួកអ្នក(ឱមនុស្សលោក) គឺជាសាសនាតែមួយគត់ ដែលវានោះគឺ(សាសនាដែល)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពោលគឺសាសនាឥស្លាម ហើយយើងគឺជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈដោយចិត្តស្មោះសមកចំពោះយើងតែមួយគត់។

(93) ក៏ប៉ុន្តែ មនុស្សលោកបានបែកបាក់គ្នា ដោយមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកឯកទេពនិយម(គោរពព្រះអល់ឡោះតែមួយ) មានអ្នកខ្លះទៀត ជាអ្នកពហុពេទនិយម(គោរពព្រះច្រើន) មានអ្នកដែលគ្មានជំនឿ និងមានអ្នកដែលមានជំនឿ។ ហើយអ្នកទាំងអស់ដែលបែកបាក់គ្នានោះ គឺនឹងវិលត្រឡប់មកកាន់យើងតែមួយគត់នាថ្ងៃបរលោក ហើយយើងនឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលពួកគេបានសាង)

(94) ដូច្នេះ ក្នុងចំណោមពួកគេ ជនណាហើយដែលសាងទង្វើកុសល ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយនិងមានជំនឿចំពោះថ្ងៃបរលោកនោះ គឺគេមិនបដិសេធ(បំបាត់)ចំពោះទង្វើកុសលរបស់គេ(ដែលគេបានសាង)នោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងថ្លែងអំណរគុណចំពោះផលបុណ្យរបស់គេ(ដែលគេបានសាង) ដោយបន្ថែមវា(ផលបុណ្យ)ទ្វេដងដល់រូបគេ។ ហើយគេនឹងបានឃើញវា(ទង្វើកុសលរបស់គេ)នៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់គេនាថ្ងៃដែលគេពង្រស់មនុស្សឲ្យរស់ឡើងវិញ(ថ្ងៃបរលោក) ហើយគេនឹងមានភាពសប្បាយរីករាយនឹងវា។

(95) ហើយវាមិនអាចទៅរួចឡើយចំពោះអ្នកស្រុកភូមិមួយដែលយើងបានបំផ្លាញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេក្នុងការដែលពួកគេអាចវិលត្រឡប់ទៅកាន់លោកិយវិញ(ម្តងទៀត)ដើម្បីពួកគេអាចសារភាពកំហុស ហើយគេទទួលយកនូវការសារភាពកំហុសរបស់ពួកគេនោះ (គឺមិនអាចនោះឡើយ)

(96) ពួកគេមិនអាចវិលត្រឡប់មកវិញជារៀងរហូត រហូតទាល់តែគេបើករនាំងរបស់យ៉ាក់ជូច និងម៉ាក់ជូច ហើយនៅថ្ងៃនោះ ពួកវានឹងចេញមកយ៉ាងលឿនពីតាមតំបន់ខ្ពស់ៗទាំងឡាយ។

(97) ហើយថ្ងៃបរលោកបានខិតជិតមកដល់តាមរយៈការចេញមករបស់ពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ហើយភាពរន្ធត់ និងភាពតានតឹង(នៃថ្ងៃបរលោក)ក៏បានស្តែងចេញ(ឲ្យពួកគេបានឃើញ)។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែក(ធំៗ)ដោយសារតែភាពរន្ធត់ និងភាពតានតឹង(នៅក្នុងថ្ងៃនោះ) ដោយពួកគេនិយាយថាៈ វិនាសអន្តរាយហើយពួកយើង! កាលពួកយើងនៅក្នុងលោកិយ ពួកយើងស្ថិតនៅក្នុងការលេងសើច និងមិនរវីរវល់ពីការត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ធំធេងនេះនោះទេ។ ផ្ទុយទៅវិញ ពួកយើងគឺជាពួកដែលបំពានដោយការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)

(98) ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន) និងរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ព្រមទាំងមនុស្សលោក និងជិន(មួយចំនួន)ដែលពេញចិត្តឲ្យពួកអ្នកគោរពសក្ការៈចំពោះពួកវានោះ គឺជាគ្រឿងសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំ។ ពួកអ្នក និងព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះវានោះ នឹងចូលទៅក្នុងវា(ជាអមតៈ)

(99) ប្រសិនបើព្រះនានាដែលគេគោរពសក្ការៈទាំងនេះ គឺជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដមែននោះ ពួកវានឹងមិនចូលឋាននរកជាមួយនឹងពួកដែលគោរពសក្ការៈចំពោះពួកវានោះឡើយ។ ហើយទាំងអ្នកដែលគោរពសក្ការៈចំពោះគេ និងអ្នកដែលត្រូវបានគេគោរពសក្ការៈនោះ គឺនឹងស្ថិតនៅក្នុងឋាននរក(ទាំងអស់គ្នា) ដោយពួកគេស្ថិតនៅទីនោះជាអមតៈ គ្មានថ្ងៃចេញឡើយ។

(100) នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្នូរយ៉ាងខ្លាំង(ដោយសារតែភាពឈឺចាប់យ៉ាងក្រៃលែងដែលពួកគេទទួលរង)។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនលឺសម្លេងអ្វីឡើយ ដោយសារតែភាពរន្ធត់ និងការភ័យខ្លាចដែលពួកគេទទួលរងនោះខ្លាំងក្លាបំផុត។

(101) ហើយនៅពេលដែលពួកមុស្ហរីគីននិយាយថា “ជាការពិតណាស់ ព្យាការីអ៊ីសា ហើយនិងម៉ាឡាអ៊ីកាត់ដែលពួកគាត់ត្រូវបានគេគោរពសក្ការៈនោះ នឹងត្រូវចូលឋាននរកដែរ”នោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់អល់ឡោះថា ពួកគេគឺជាអ្នកដែលមានសុភមង្គល ដូចជាព្យាការីអ៊ីសា ជាដើមនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឲ្យឆ្ងាយពីភ្លើងនរក។

(102) សំឡេងនៃឋាននរកជើហាន់ណាំនឹងមិនឮទៅដល់ពួកគេឡើយ ហើយពួកគេសើយសុខជាអមតៈនៅក្នុងឧបការគុណ និងភាពសប្បាយរីករាយតាមអ្វីដែលពួកគេប្រាថ្នាចង់បាន ដោយឧបការគុណនោះគ្មានទីបញ្ចប់ឡើយ។

(103) ភាពតក់ស្លុតយ៉ាងក្រៃលែងនៅពេលដែលភ្លើងនរកគ្របដណ្តប់លើពួកឋាននរកនោះមិនបានធ្វើឲ្យពួកគេភ័យខ្លាច ព្រួយបារម្ភឡើយ។ ហើយពួកម៉ាឡាអ៊ីកាត់បានទទួលរាក់ទាក់ អបអរសាទរចំពោះពួកគេដោយពោលថាៈ នេះគឺជាថ្ងៃរបស់ពួកអ្នកដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យាកាលនៅក្នុងលោកិយ ហើយគេបានផ្តល់ដំណឹងរីករាយដល់ពួកអ្នកចំពោះឧបការគុណដែលពួកអ្នកទទួលបាននៅក្នុងវានេះ។

(104) នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាការមូរក្រដាសដើម្បីសរសេរ ហើយយើងនឹងប្រមូលផ្តុំម៉ាខ្លូកទាំងអស់ក្នុងរូបរាងលក្ខណៈ(ដើម)ដែលពួកគេត្រូវបានគេបង្កើតលើកដំបូងនោះ។ ហើយការសន្យារបស់យើងចំពោះរឿងនោះ គឺជាការសន្យាមួយដ៏ពិតប្រាកដដោយគ្មានការក្បត់សន្យានោះឡើយ។ ជាការពិតណាស់ យើងគឺជាអ្នកដែលបំពេញតាមការសន្យានូវអ្វីដែលយើងបានសន្យា។

(105) ហើយជាការពិតណាស់ យើងបានកត់ត្រានៅក្នុងបណ្តាគម្ពីរទាំងឡាយដែលយើងបានបញ្ចុះវាទៅឲ្យបណ្តាអ្នកនាំសារក្រោយពីយើងបានកត់ត្រាវានៅក្នុងឡាវហ៊ុលម៉ះហ៊្វូសរួចថាៈ ពិតប្រាកដណាស់ ភពផែនដីនោះ គឺខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលដែលគោរពប្រតិបត្តិចំពោះទ្រង់ជាអ្នកដែលទទួលមត៌ករបស់វា ហើយពួកគេនោះ គឺប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់។

(106) ជាការពិតណាស់ នៅក្នុងការទូន្មានដែលយើងបានបញ្ចុះវាមកនោះ គឺជាមេរៀនសម្រាប់ក្រុមដែលគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ទៅលើពួកគេ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។

(107) ហើយយើងមិនបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ាត់)ធ្វើជាអ្នកនាំសារឡើយ លើកលែងតែដើម្បីជាក្តីមេត្តាករុណាចំពោះម៉ាខ្លូកទាំងអស់ប៉ុណ្ណោះ ដោយសារតែអ្នក គឺជាអ្នកដែលយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មនុស្សលោក និងរំដោះពួកគេពីទណ្ឌកម្មរបស់អល់ឡោះ។

(108) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត គេគ្រាន់តែផ្តល់វ៉ាហ៊ីពីម្ចាស់របស់ខ្ញុំមកកាន់ខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ ដោយគ្មានស្ហ៊ីរិកនឹងទ្រង់ឡើយ នោះគឺអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរពួកអ្នកប្រគល់ខ្លួនទៅកាន់ការមានជំនឿចំពោះទ្រង់ ហើយគោរពប្រតិបត្តិចំពោះទ្រង់ចុះ។

(109) ហើយប្រសិនបើពួកទាំងនោះងាកចេញពីអ្វីដែលអ្នកបាននាំមកកាន់ពួកគេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំសូមប្រាប់ពួកអ្នកឲ្យបានដឹងថា ពិតណាស់ខ្ញុំ និងពួកអ្នក គឺមានភាពស្មើគ្នាចំពោះរឿងនោះ(ពេលដាក់ទណ្ឌកម្ម)។ ហើយខ្ញុំមិនដឹងទេថា តើទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានសន្យាចំពោះពួកអ្នក វានឹងធ្លាក់ទៅលើពួកអ្នកនៅពេលណានោះឡើយ។

(110) ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវពាក្យសម្តីរបស់ពួកអ្នកដែលពួកអ្នកលាតត្រដាងជាចំហ និងដឹងនូវពាក្យសម្តីដែលពួកអ្នកបិទបាំងវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់ចំពោះរឿងនេះនោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា(ពាក្យសម្តីដែលបាននិយាយ)

(111) ហើយខ្ញុំក៏មិនដឹងដែរ ប្រហែលការពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកអ្នក គឺជាការសាកល្បងមួយសម្រាប់ពួកអ្នក និងជាការល្បួងដល់ពួកអ្នក ហើយនិងជាការសប្បាយរីករាយមួយសម្រាប់ពួកអ្នករហូតដល់ពេលកំណត់មួយនៅក្នុងចំណេះដឹងរបស់អល់ឡោះ ដើម្បីឲ្យពួកអ្នកនៅតែបន្តស្ថិតនៅក្នុងភាពប្រឆាំង និងភាពវង្វេងរបស់ពួកអ្នកប៉ុណ្ណោះ។

(112) អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)បានបួងសួងចំពោះម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាវិនិច្ឆ័យរវាងពួកយើង និងក្រុមរបស់ពួកយើងដែលនៅតែបន្តស្ថិតនៅក្នុងភាពគ្មានជំនឿនូវការកាត់សេចក្តីដែលប្រកបដោយសច្ចធម៌ផងចុះ។ ហើយចំពោះម្ចាស់របស់យើងដ៏មហាសប្បុរស(តែមួយគត់)ដែលពួកយើងសុំឲ្យជួយប្រឆាំងនឹងអ្វីដែលពួកអ្នកបាននិយាយនៃប្រឆាំងនិងការបដិសេធ។