27 - An-Naml ()

|

(1) ត ស៊ីន (បានបកស្រាយរួចមកហើយនៅដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)។ បណ្តាវាក្យខណ្ឌដែលត្រូវបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាវាក្យខណ្ឌទាំងឡាយនៃគម្ពីរគួរអាន និងជាគម្ពីរដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ចំពោះជនណាដែលអនុវត្តតាមវាដោយដឹងថា ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺមកពីអល់ឡោះជាម្ចាស់។

(2) បណ្តាវាក្យខណ្ឌទាំងនេះ គឺជាអ្នកចង្អុលបង្ហាញទៅកាន់ការពិត ជាអ្នកណែនាំផ្លូវទៅកាន់វា និងជាអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។

(3) គឺបណ្តាអ្នកដែលប្រតិបត្តិសឡាតយ៉ាងពេញលេញ និងបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ដោយផ្តល់វាដល់អ្នកដែលមានសិទ្ធិទទួលវា(ហ្សាកាត់) ហើយពួកគេ ជាអ្នកដែលជឿជាក់យ៉ាងច្បាស់ចំពោះ(ការទទួលបាន)ផលបុណ្យ និង(ការទទួល)ទណ្ឌកម្មនៅថ្ងៃបរលោក។

(4) ពិតប្រាកដណាស់ ពួកប្រឆាំងដែលគ្មានជំនឿនឹងថ្ងៃបរលោក និងគ្មានជំនឿចំពោះផលបុណ្យនិងទណ្ឌកម្មនាថ្ងៃនោះ គឺយើងបានតុបតែងលម្អអំពើអាក្រក់របស់ពួកគេ។ ដូនេះ ពួកគេនៅតែបន្តធ្វើវា(ទង្វើប្រឆាំង)។ ជាការពិតណាស់ ពួកគេជាពួកដែលមានភាពស្រពេចស្រពិល ដោយពួកគេមិនទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវ និងទទួលបានការណែនាំនោះឡើយ។

(5) ពួកដែលមានលក្ខណៈដូចបានលើកឡើងនេះ គឺជាពួកដែលទទួលនូវទណ្ឌកម្មយ៉ាងអាក្រក់បំផុតនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក។ ហើយនៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់ ដោយពួកគេខាតបង់ទាំងខ្លួនពួកគេផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយសារតែពួកគេត្រូវស្ថិតនៅជាអមតៈក្នុងឋាននរក។

(6) ហើយពិតប្រាកដណាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេផ្តល់ឲ្យនូវគម្ពីរគួរអាននេះដែលត្រូវបានបញ្ចុះទៅកាន់អ្នកពី(អល់ឡោះ)ម្ចាស់ដែលមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងមហាដឹងបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់ចំពោះអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឡើយ។

(7) ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ ខ្ញុំនឹងនាំដំណឹងខ្លះៗដល់ពួកអ្នកពីអ្នកដែលដុតភ្លើងនោះ ដោយគេអាចបង្ហាញផ្លូវដល់ពួកយើង ឬក៏ខ្ញុំអាចនាំយកដុំភ្លើងមកបង្កាត់ឲ្យពួកអ្នកដើម្បីឲ្យពួកអ្នកអាចផ្តល់កម្តៅដល់ខ្លួនពួកអ្នក(ដើម្បីការពារ)ពីភាពត្រជាក់បាន។

(8) ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងពន្លឺភ្លើងដែលគាត់បានឃើញនោះ អល់ឡោះជាម្ចាស់ទ្រង់បានស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់ គេបានប្រសិទ្ធិពរជ័យដល់អ្នកដែលនៅជិតពន្លឺភ្លើង ហើយនិងអ្នកដែលនៅជុំវិញវានៃបណ្តាម៉ាឡាអ៊ីកាត់ និងជាការលើកតម្កើងចំពោះម្ចាស់នៃពិភពទាំងអស់ ហើយបញ្ជាក់ពីភាពស្អាតស្អំ(របស់ទ្រង់)ពីលក្ខណៈទាំងឡាយដែលមិនសាកសមចំពោះទ្រង់ ក្នុងចំណោមលក្ខណៈមួយចំនួនដែលពួកវង្វេងបានពិពណ៌នាចំពោះទ្រង់នោះ។

(9) អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ជាការពិតណាស់ យើងនេះហើយគឺជាអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែដោយគ្មាននរណាម្នាក់អាចយកឈ្នះយើងបានឡើយ ហើយយើងមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់យើង។

(10) ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានធ្វើតាមបទបញ្ជា។ ហើយនៅពេលដែលព្យាការីមូសាបានឃើញដំបងនោះកម្រើក និងមានចលនាដូចជាសត្វពស់ គាត់ក៏រត់ត្រឡប់ក្រោយដោយមិនត្រឡប់មកវិញឡើយ។ ពេលនោះ ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកកុំខ្លាចវាអី។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារទាំងឡាយ(របស់យើង) ពួកគេមិនខ្លាចសត្វពស់ ហើយនិងអ្វីផ្សេងទៀតក្រៅពីវានៅចំពោះមុខយើងឡើយ។

(11) ក៏ប៉ុន្តែ ចំពោះជនណាហើយដែលបានបំពានដោយប្រព្រឹត្តនូវទង្វើបាបកម្ម ក្រោយមក គេបានសារភាពកំហុសក្រោយពីនោះ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោស និងមហាអាណិតស្រឡាញ់បំផុតចំពោះគេ។

(12) ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ។ ក្រោយពីអ្នកបានដាក់ដៃចូល(ក្នុងហោប៉ៅរបស់អ្នក)ហើយនោះ វានឹងបញ្ចេញពន្លឺសចែងចាំងប្រៀបដូចព្រិល មិនមែន(ស)ដូចកើតឃ្លង់នោះទេ ដែលវាស្ថិតក្នុងចំណោមអច្ឆរិយភាពទាំងប្រាំបួនដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក(ដោយក្នុងនោះមានដូចជា ដំបង គ្រោះរាំងស្ងួតជាច្រើនឆ្នាំ កាត់បន្ថយភោគផល គ្រោះទឺកជំនន់ សត្វកណ្តូប សត្វចៃ សត្វកង្កែប និងឈាម)ទៅកាន់ហ្វៀរអោន ហើយនិងក្រុមរបស់គេ។ ជាការពិតណាស់ ពួកគេ គឺជាក្រុមដែលចាកចេញពីការប្រតិបត្តិតាមអល់ឡោះតាមរយៈការ(ដែលពួកគេ)គ្មានជំនឿចំពោះទ្រង់។

(13) តែនៅពេលដែលសញ្ញាភស្តុតាងរបស់យើងបានមកដល់ពួកគេយ៉ាងច្បាស់លាស់ជាក់ស្តែងដែលយើងបានពង្រឹងវាតាមរយៈព្យាការីមូសាហើយនោះ ពួកគេបែរជានិយាយថាៈ សញ្ញាភស្តុតាងទាំងឡាយដែលព្យាការីមូសាបាននាំមកនោះ គឺជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។

(14) ហើយពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះ ព្រមទាំងពួកគេមិនទទួលស្គាល់វាឡើយ ដោយសារតែការបំពានរបស់ពួកគេ និងការក្រអឺតក្រទមរបស់ពួកគេពីការពិត ខណៈដែលពួកគេជឿជាក់(ដឹង)យ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ សញ្ញាភស្តុតាងទាំងនោះ គឺមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រឆាំង និងការបំពានរបស់ពួកគេនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេ និងកម្ទេចពួកគេទាំងអស់គ្នា។

(15) ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ាន នូវចំណេះដឹងដ៏ខ្ពង់ខ្ពស់ ដោយក្នុងចំណោមនោះ គឹការដែលគេអាចស្តាប់យល់នូវពាក្យសម្តីរបស់សត្វបក្សាបក្សីទាំងឡាយបាន។ ហើយព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ានបានពោលដោយថ្លែងអំណរគុណចំពោះអល់ឡោះជាម្ចាស់ថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានលើកតម្កើងយើង(ទាំងពីរនាក់)ច្រើនជាងគេក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ តាមរយៈ(ការប្រទាននូវ)ភាពជាព្យាការី និងឲ្យពួកយើងអាចត្រួតត្រាលើពពួកជិន និងពពួកស្ហៃតនបាន។

(16) ក្រោយមក ព្យាការីស៊ូឡៃម៉ានបានទទួលមត៌កពីបិតារបស់គាត់ ព្យាការីហ្ទាវូទនូវភាពជាព្យាការី ចំណេះវិជ្ជា និងភាពជាស្តេចផែនដី។ ហើយគាត់ក៏បានរំលឹកពីឧបការគុណរបស់អល់ឡោះចំពោះគាត់ និងចំពោះបិតារបស់គាត់(ព្យាការីហ្ទារូទ)ថាៈ ឱមនុស្សលោកទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនយើងឲ្យយល់ពីសំឡេង(ភាសា)របស់សត្វបង្សី ហើយទ្រង់បានប្រទានដល់យើងនូវអ្វីៗគ្រប់បែបយ៉ាងនូវអ្វីដែលទ្រង់បានប្រទានវាដល់បណ្តាព្យាការី និងស្តេចទាំងឡាយ។ ពិតប្រាកដណាស់ ប្រការទាំងអស់ដែលអល់ឡោះបានប្រទានដល់យើងនេះ គឺជាការប្រោសប្រទានយ៉ាងច្បាស់លាស់(អំពីទ្រង់)

(17) ហើយគេបានប្រមូលឲ្យព្យាការីស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់អំពីមនុស្សលោក ជិន និងសត្វបក្សាបក្សីទាំងឡាយ។ ជាការពិតណាស់ ពួកគេត្រូវបានបែងចែកជាក្រុមៗ(ក្នុងការធ្វើដំណើរ)ប្រកបដោយសណ្តាប់ធ្នាប់។

(18) ហើយពួកគេនៅតែបន្តធ្វើដំណើរជាក្រុមបែបនេះ រហូតដល់ពួកគេបានទៅដល់ជ្រលងសត្វស្រមោចមួយ(ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសស្ហាម)។ ពេលនោះ មេក្រុមរបស់សត្វស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់! ចូរពួកអ្នកនាំគ្នាចូលសំបុករបស់ពួកអ្នក ដើម្បីកុំឲ្យស៊ូឡៃម៉ាននិងកងទ័ពរបស់គេបំផ្លាញពួកអ្នក ខណៈដែលពួកគេមិនដឹងពី(វត្តមាន)ពួកអ្នក។ ប្រសិនបើពួកគេបានដឹងពី(វត្តមាន)ពួកអ្នកនោះ ពួកគេនឹងមិនដើរជាន់(កម្ទេច)ពួកអ្នកនោះឡើយ។

(19) នៅពេលដែលព្យាការីស៊ូឡៃម៉ានបានឮនូវសម្តីមេក្រុមរបស់ស្រមោចនោះ គាត់ក៏បានញញឺមដោយអស់សំណើចនឹងសម្តីរបស់វា ហើយគាត់ក៏បានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ខ្ញុំ ដើម្បីឲ្យខ្ញុំថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានវាដល់ខ្ញុំ និង(បានប្រទានវាដល់)មាតាបិតារបស់ខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តាចង្អុលបង្ហាញខ្ញុំដើម្បីឲ្យខ្ញុំសាងនូវទង្វើកុសលដែលទ្រង់ពេញចិត្តផង ហើយសូមទ្រង់មេត្តាបញ្ចូលរូបខ្ញុំទៅក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសលដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។

(20) ហើយគាត់(ព្យាការីស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វបក្សីទាំងឡាយ តែគាត់ពុំបានឃើញសត្វហ៊ុទហ៊ុទនោះទេ។ ពេលនោះ គាត់ក៏បានសួរថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហុទ? តើមានអ្វីមួយដែលរារាំងខ្ញុំមិនឲ្យឃើញវា ឬមួយក៏វាអវត្តមាន(មិនបានមកចូលរួម)?

(21) នៅពេលដែលគេបានបញ្ជាក់ពីអវត្តមានរបស់វា(សត្វហ៊ុទហ៊ុទ)ដល់គាត់ហើយនោះ គាត់ក៏បាននិយាយបន្តទៀតថាៈ ខ្ញុំពិតជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬក៏ខ្ញុំនឹងសម្លេះវា ជាទណ្ឌកម្មចំពោះវាលើការអវត្តមានរបស់វា ឬមួយវាត្រូវនាំនូវហេតុផលដ៏ច្បាស់លាស់(សមហេតុផល)ណាមួយមកឲ្យខ្ញុំដែលបញ្ជាក់ពីឧបសគ្គ(ហេតុផល)នៃការមិនបានមកចូលរួមរបស់វា។

(22) តែមិនយូរប៉ុន្មាន សត្វហ៊ុទហ៊ុទនោះក៏បានមកដល់។ នៅពេលដែលវាមកដល់ វាក៏បាននិយាយទៅកាន់ព្យាការីស៊ូឡៃម៉ានថាៈ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹងអំពីវា ហើយខ្ញុំបាននាំមកឲ្យអ្នក(នូវដំណឹងមួយ)ពីអ្នកស្រុកសាហ្ពាក់ដែលជាដំណឺងមួយដ៏ច្បាស់លាស់ពិតប្រាកដដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។

(23) ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់ដែលជាមហាក្សត្រីយ៍គ្រប់គ្រងពួកគេ(នគរសាហ្ពាក់) ហើយស្ត្រីម្នាក់នោះ ត្រូវបានគេផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងនៃមូលហេតុនៃភាពខ្លាំងក្លា និងភាពជាស្តេច ហើយនាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ ដោយនាងចាត់ចែង(មើលការខុសត្រូវ)កិច្ចការក្រុមរបស់នាង(អ្នកដែលនាងគ្រប់គ្រង)ពីលើបល្ល័ង្គនោះ។

(24) ខ្ញុំបានឃើញស្ត្រីម្នាក់នោះហើយនិងក្រុមរបស់នាង ពួកគេក្រាបស៊ូជោតទៅកាន់ព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើទាំងឡាយរបស់ពួកគេ(ដែលពួកគេប្រព្រឹត្ត)អំពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយ ហើយវាបានបង្វែរពួកគេពីមាគ៌ាដែលត្រឹមត្រូវ។ ដូច្នេះ ពួកគេមិនបានទទួលការចង្អុលបង្ហាញទៅកាន់វា(មាគ៌ាត្រឹមត្រូវ)នោះឡើយ។

(25) ស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើស្ហ៊ីរិកនិងទង្វើបាបកម្មនានា ដើម្បីកុំឲ្យពួកគេស៊ូជោត(គោរពសក្ការៈ)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបានបញ្ចេញនូវអ្វីដែលលាក់ទុកនៅលើមេឃនៃទឹកភ្លៀង ហើយនិង(អ្វីដែលលាក់ទុក)ក្នុងផែនដីនៃរុក្ខជាតិផ្សេងៗ ហើយទ្រង់ដឹងនូវទង្វើដែលពួកគេលាក់កំបាំង និងទង្វើដែលពួកគេលាតត្រដាង ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។

(26) អល់ឡោះ ទ្រង់គឺជាម្ចាស់(តែមួយគត់)ដែលគ្មានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ ហើយទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។

(27) ព្យាការីស៊ូឡៃម៉ានបានតបទៅកាន់សត្វហ៊ុទហ៊ុទវិញថាៈ យើងនឹងរង់ចាំមើល ថាតើឯងបាននិយាយពិតចំពោះអ្វីដែលឯងបានអះអាង ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែលនិយាយភូតកុហក។

(28) ពេលនោះ ស៊ូឡៃម៉ានក៏បានសរសេរសារមួយច្បាប់ រួចបានប្រគល់វាឲ្យសត្វហ៊ុទហ៊ុទ ហើយគាត់បាននិយាយទៅកាន់វាថាៈ ចូរឯងនាំសាររបស់យើងនេះ ហើយទម្លាក់វាឲ្យអ្នកស្រុកសាហ្ពាក់ ហើយឲ្យពួកគេទទួលយកវា(សារនោះ)។ បន្ទាប់មក ចូរឯងទៅឲ្យឆ្ងាយពីគេបន្តិចដើម្បីចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។ចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។

(29) មហាក្សត្រីយ៍នោះក៏បានទទួលរាជសារ(របស់ព្យាការីស៊ូឡៃម៉ាន) ហើយទ្រង់ក៏បានមានបន្ទូលថាៈ ឱមន្ត្រីទាំងឡាយ! ពិតប្រាកដណាស់ គេបានប្រគល់នូវរាជសារដ៏វិសេសវិសាលខ្ពង់ខ្ពស់មួយដល់ខ្ញុំ។

(30) នៅក្នុងរាជសារនោះ គេបានសរសេរថាៈ ពិតណាស់ រាជសារនេះត្រូវបានបញ្ជូនមកពីស៊ូឡៃម៉ាន ដែល(សារនោះ)ចាប់ផ្តើមដោយពាក្យ بسم الله الرحمن الرحيم (ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រឡាញ់)

(31) ចូរពួកអ្នកកុំក្រអឺតក្រទមឲ្យសោះ ហើយចូរពួកអ្នកមកប្រគល់ខ្លួនឲ្យខ្ញុំនៅពេលដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងបោះបង់ចោលនូវទង្វើស្ហ៊ីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះ ខណៈដែលពួកអ្នកគោរពសក្ការៈចំពោះព្រះអាទិត្យរួមជាមួយនឹងទ្រង់នោះ។

(32) មហាក្សត្រីយ៍នោះបានមានបន្ទូលថាៈ ឱបណ្តាពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកផ្តល់យោបល់ដែលត្រឹមត្រូវដល់ខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំនេះ។ ខ្ញុំមិនអាចសម្រេចកិច្ចការណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយខ្ញុំ ហើយបង្ហាញនូវគំនិតយោបល់របស់ពួកអ្នកចំពោះបញ្ហានេះ។

(33) ពួកមន្ត្រីនៃក្រុមរបស់ព្រះនាងបាននិយាយថាៈ ពួកយើងសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុតក្នុងការធ្វើសង្គ្រាម ហើយគំនិតអ្វីដែលម្ចាស់ក្សត្រីយ៍ចង់នោះ សូមទ្រង់មេត្តាពិចារណាមើលចុះ ថាតើទ្រង់ដាក់បទបញ្ជាបែបណាចំពោះពួកយើងនោះ។ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលមានសមត្ថភាពក្នុងការអនុវត្តវា(បទបញ្ជាដែលព្រះនាងបានដាក់)

(34) ម្ចាស់ក្សត្រីយ៍ក៏បានតបថាៈ ជាការពិតណាស់ ក្សត្រទាំងឡាយ កាលណាពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជាបំផ្លិចបំផ្លាញវា ដោយពួកគេធ្វើការកាប់សម្លាប់ ឆក់ប្លន់ និងធ្វើឲ្យអ្នកមានកិត្តិយសខ្ពង់ខ្ពស់និងពួកមេដឹកនាំក្លាយជាជនទាបថោកជាមិនខាន ក្រោយពីពួកគេធ្លាប់ជាពួកដែលខ្លាំងក្លា និងខ្លាំងពូកែ។ ពួកក្សត្រទាំងនោះតែងតែធ្វើបែបនេះជានិច្ចនៅពេលដែលពួកគេទទួលជ័យជម្នះលើស្រុកភូមិណាមួយ ដើម្បីបណ្តុះនូវការខ្លាចញញើត និងភាពភ័យរន្ធត់ទៅក្នុងដួងចិត្ត(របស់ប្រជាជននៃភូមិស្រុកនោះ)

(35) ក៏ប៉ុន្តែ ខ្ញុំពិតជានឹងបញ្ជូនតង្វាយមួយថ្វាយទៅកាន់ម្ចាស់រាជសារនេះ និងក្រុមរបស់គេ ហើយខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញក្រោយពីការបញ្ជូនតង្វាយនេះ(ទៅកាន់ពួកគេ)ហើយនោះ។

(36) ហើយនៅពេលដែលអ្នកនាំសាររបស់ម្ចាស់ក្សត្រីយ៍ ហើយនិងមន្ត្រីដែលនៅជាមួយគេនោះបាននាំយកនូវតង្វាយទៅកាន់ព្យាការីស៊ូឡៃម៉ាននោះ ព្យាការីស៊ូឡៃម៉ានក៏បានបដិសេធនឹងពួកគេចំពោះការបញ្ជូនតង្វាយមកនេះកាន់គាត់ ដោយគាត់បានពោលថាៈ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(តង្វាយ)ទាំងនេះឲ្យខ្ញុំដើម្បីឲ្យខ្ញុំលើកលែងដល់ពួកអ្នកឬ? ពិតណាស់ អ្វីដែលអល់ឡោះបានប្រទានឲ្យខ្ញុំនៃភាពជាព្យាការី ភាពជាស្តេចផែនដី និងទ្រព្យសម្បត្តិទាំងឡាយនោះ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ផ្ទុយទៅវិញ ពួកអ្នកវិញទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្តល់ឲ្យពួកអ្នកអំពីលាភសក្ការៈលោកិយនោះ។

(37) ព្យាការីស៊ូឡៃម៉ាន បាននិយាយទៅកាន់អ្នកនាំសាររបស់មហាក្សត្រីយ៍នោះថាៈ ចូរអ្នកនាំយកតង្វាយដែលអ្នកបាននាំមកនេះត្រឡប់ទៅកាន់ពួកគេវិញចុះ។ យើងពិតជានឹងដឹកនាំកងទ័ពឆ្ពោះទៅកាន់ព្រះនាង និងក្រុមរបស់ព្រះនាង ដែលពួកគេមិនអាចមានសមត្ថភាពទប់ទល់ និងប្រឈមមុខនឹងពួកគេ(កងទ័ពរបស់យើង)បានឡើយ ហើយយើងពិតជានឹងបណ្តេញពួកគេចេញពីទឹកដីសាហ្ពាក់យ៉ាងអាម៉ាស់បំផុតក្រោយពីពួកគេធ្លាប់ជាពួកដែលមានភាពក្លាំងក្លានៅក្នុងទឹកដីនោះ ប្រសិនបើពួកគេមិនព្រមមកប្រគល់ខ្លួនចំពោះយើងទេនោះ។

(38) ព្យាការីស៊ូឡៃម៉ានបាននិយាយទៅកាន់មន្ត្រីរបស់គាត់ថាៈ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យខ្ញុំមុននឹងពួកគេមកប្រគល់ខ្លួនឲ្យខ្ញុំ(ចូលសាសនាឥស្លាម)នោះ?

(39) អ៊ីហ្វរីត ដែលជាជិនដ៏ខ្លាំងម្នាក់បានឆ្លើយថាៈ ខ្ញុំអាចនាំយករាជបល្ល័ង្គរបស់ព្រះនាងមកប្រគល់ឲ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នកដែលអ្នកកំពុងតែអង្គុយនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលខ្លាំងពូកែបំផុតក្នុងការនាំវាមក និងជាអ្នកដែលស្មោះត្រង់បំផុតចំពោះកិច្ចការនេះ ដោយខ្ញុំនឹងមិនធ្វើឲ្យមានការបាត់បង់អ្វីបន្តិចពីបល្ល័ង្គនោះឡើយ។

(40) បុរសម្នាក់ដែលជាអ្នកសាងទង្វើកុសល ជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ចំពោះព្យាការីស៊ូឡៃម៉ាន និងមានចំណេះដឹងជ្រៅជ្រះម្នាក់ខាងគម្ពីរ ដែលនៅក្នុងចំណោមចំណេះដឹងដែលគេមាននោះ គឺគេដឹងពីព្រះនាមរបស់អល់ឡោះដ៏ធំធេង ដែលនៅពេលណាដែលគេបួងសួង(សុំពីអល់ឡោះ)នឹងព្រះនាមនោះ ទ្រង់នឹងឆ្លើយតបចំពោះគេ បាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ) ដោយខ្ញុំគ្រាន់តែបួងសួងសុំពីអល់ឡោះ នោះវា(បល្ល័ង្គនោះ)នឹងមកដល់ភ្លាម។ ពេលនោះ គេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ។ ហើយនៅពេលដែលព្យាការីស៊ូឡៃម៉ានបានឃើញរាជបល្ល័ង្គរបស់ព្រះនាងស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំចំពោះខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ឬក៏ជាអ្នករមិលគុណចំពោះវា? ហើយជនណាដែលដឹងគុណអល់ឡោះនោះ ពិតណាស់ ផលនៃការដឹងគុណរបស់គេ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់បំផុត ដោយការថ្លែងអំណរគុណ ឬការដឹងគុណរបស់ខ្ញុំបម្រើទ្រង់នោះមិនបានបន្ថែមអ្វីដល់ទ្រង់នោះឡើយ។ តែជនណាហើយដែលរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះ ដោយគេមិនថ្លែងអំណរគុណអល់ឡោះចំពោះវាទេនោះ ពិតប្រាកណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាមានលើសលប់មិនត្រូវការការដឹងគុណរបស់គេនោះទេ ហើយទ្រង់មហាសប្បុរសបំផុត ហើយក្នុងចំណោមភាពសប្បុរសរបស់ទ្រង់នោះ គឺទ្រង់ប្រទានឧបការគុណរបស់ទ្រង់(ចំពោះពួកគេ) សូម្បីតែពួកដែលរមិលគុណចំពោះឧបការគុណក៏ដោយ។

(41) ព្យាការីស៊ូឡៃម៉ានបាននិយាយថាៈ ចូរពួកអ្នកផ្លាស់ប្តូររូបរាងបល្ល័ង្គរបស់នាងឲ្យខុសពីរូបរាងដើមរបស់វាដែលមានពីមុន យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថាវានោះគឺជាបល្ល័ង្គរបស់នាង ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថា ទាំងនោះជារបស់របរ(បល្ល័ង្គ)របស់ពួកគេ។

(42) ហើយនៅពេលដែលម្ចាស់ក្សត្រីយ៍នៃទឹកដីសាហ្ពាក់បានមកដល់ព្យាការីស៊ូឡៃម៉ាន មានគេសួរទៅកាន់ទ្រង់ដើម្បីជាសាកល្បងចំពោះទ្រង់ថាៈ តើបល្ល័ង្គនេះ ដូចនឹងបល្ល័ង្គរបស់ព្រះនាងដែរឬទេ? ទ្រង់ក៏បានឆ្លើយតបចំពោះសំណួរនោះថាៈ ដូចជាវាហ្នឺងហើយ។ ពេលនោះ ព្យាការីស៊ូឡៃម៉ានបានពោលថាៈ យើងត្រូវបានអល់ឡោះប្រទាននូវចំណេះដឹងមុនព្រះនាងដោយអានុភាពរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងឡាយដែលដូចនឹងកិច្ចការនេះ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជារបស់អល់ឡោះ(ចូលឥស្លាមមុននាង) និងជាអ្នកដែលប្រតិបត្តិចំពោះទ្រង់។

(43) ហើយអ្វីៗដែលព្រះនាងធ្លាប់បានគោរពសក្ការៈផ្សេងពីអល់ឡោះដោយដើរតាមក្រុមរបស់ព្រះនាង និងធ្វើតាមពួកគេដោយងងឹតងងុលនោះ បានបង្វែរព្រះនាងពីការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ព្រះនាងគឺជាស្ត្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុមដែលគ្មានជំនឿចំពោះអល់ឡោះ ហើយព្រះនាងក៏ធ្លាប់ជាអ្នកដែលគ្មានជំនឿដូចពួកគេដែរ។

(44) មានគេនិយាយទៅកាន់ព្រះនាងថាៈ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះទៅ ហើយវាមានផ្ទៃរាបស្មើ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់ស្មានថាវាជាទឹកនោះ ទ្រង់ក៏បានសើយសំពត់របស់ទ្រង់រហូតដល់ស្មងជើងរបស់ទ្រង់ដើម្បីកុំឲ្យទទឹក។ (ពេលនោះ) ព្យាការីស៊ូឡៃម៉ានក៏បាននិយាយថាៈ ពិតប្រាកដណាស់ វាជាវិមានមួយដែលគេបានក្រាលដោយកញ្ចក់ ហើយគាត់ក៏បានអំពាវនាវព្រះនាងឲ្យចូលសាសនាឥស្លាម។ ពេលនោះ ព្រះនាងក៏បានទទួលយកការអំពាវនាវរបស់គាត់ទៅកាន់សាសនាឥស្លាម ដោយព្រះនាងបានមានបន្ទូលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯងដោយការគោរពសក្ការៈអ្នកផ្សេងរូមជាមួយនឹងទ្រង់ ហើយខ្ញុំសូមព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់។

(45) ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនពូជពង្សរបស់ពួកគេ ដោយ(គាត់បង្គាប់)ឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយក្រោយពីការអំពាវនាវរបស់គាត់ចំពោះពួកគេនោះ ស្រាប់តែពួកគេបានបែកជាពីរក្រុម គឺក្រុមមួយជាក្រុមអ្នកដែលមានជំនឿ ហើយក្រុមមួយទៀត គឺជាក្រុមអ្នកដែលគ្មានជំនឿ ដោយពួកគេបានឈ្លោះប្រកែកគ្នា ថាតើក្នុងចំណោមពួកគេ ក្រុមមួយណាដែលស្ថិតនៅលើការពិតនោះ។

(46) ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំឲ្យទទួលនូវទណ្ឌកម្មមុនក្តីមេត្តាករុណាដូច្នេះ? ហេតុអ្វីបានជាពួកអ្នកមិនសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកដើម្បីឲ្យទ្រង់ផ្តល់ក្តីមេត្តាករុណាចំពោះពួកអ្នកទៅ?

(47) ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញដោយភាពចចេសរឹងរូសមិនទទួលយកការពិតថាៈ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែអ្នក និងបណ្តាអ្នកមានជំនឿដែលនៅជាមួយអ្នកនេះហើយ។ ព្យាការីសឡេះបានតបទៅកាន់ពួកគេវិញថាៈ អ្វីដែលពួកអ្នកមានប្រផ្នូលអាក្រក់ចំពោះប្រការមិនល្អដែលនឹងធ្លាក់មកលើពួកអ្នកនោះ ចំណេះដឹងរបស់វា គឺនៅជាមួយនឹងអល់ឡោះ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងនឹងទ្រង់បាននោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលត្រូវគេសាកល្បងចំពោះប្រការល្អដែលពួកអ្នកទទួលបានយ៉ាងទូលាយ និងចំពោះប្រការអាក្រក់ដែលកើតឡើងចំពោះពួកអ្នកនោះ។

(48) ហើយនៅក្នុងទីក្រុងហ៊ីជរី មានបុរសប្រាំបួននាក់ដែលពួកគេតែងបង្កវិនាសកម្មនៅលើផែនដីដោយការប្រឆាំងនិងការប្រព្រឹត្តអំពើបាបកម្មទាំងឡាយ ហើយពួកគេមិនព្រមកែលម្អខ្លួនឲ្យបានល្អប្រសើរនៅក្នុងវាវិញដោយការមានជំនឿ និងការសាងទង្វើកុសលនោះឡើយ។

(49) ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថាៈ ចូរឲ្យម្នាក់ៗក្នុងចំណោមពួកអ្នកស្បថនឹងអល់ឡោះថា ពួកយើងនឹងទៅរកគេ(ព្យាការីសឡេះ)នៅឯផ្ទះរបស់គេនៅយប់នេះ ហើយយើងពិតជានឹងសម្លាប់ពួកគេចោល។ បន្ទាប់មក យើងពិតជានឹងប្រាប់សាច់ញាតិរបសស់គេ(ព្យាការីសឡេះ)ថាៈ ពួកយើងមិនបានចូលរួមក្នុងការសម្លាប់សឡេះនិងក្រុមគ្រួសាររបស់គេនោះទេ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកយើងបានអះអាង។

(50) ហើយពួកគេបានរៀបចំឧបាយកលសម្ងាត់មួយដើម្បីបំផ្លាញ(សម្លាប់)ព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿទាំងឡាយដែលដើរតាមគាត់។ តែយើងក៏បានរៀបចំល្បិចកលដើម្បីជួយគេ និងរំដោះគេពីឧបាយកលរបស់ពួកគេវិញ ថែមទាំងបានបំផ្លាញពួកគ្មានជំនឿ នៃក្រុមរបស់គេផងដែរ ដោយពួកគេមិនបានដឹងពីរឿងនេះនោះឡើយ។

(51) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយនៃគម្រោងការរបស់ពួកគេ និងកលល្បិចរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេខ្ទេចខ្ទីដោយការទម្លាក់នូវទណ្ឌកម្មពីយើងទៅកាន់ពួកគេ។ ពេលនោះ ពួកគេក៏បានវិនាសអន្តរាយទាំងអស់គ្នា(គ្មានសេសសល់ម្នាក់ឡើយ)

(52) ហើយលំនៅឋានរបស់ពួកទាំងនោះបានបាក់ខ្ទេចខ្ទីរាបដល់ដី ហើយក្លាយទៅជាស្ងាត់ជ្រងំគ្មានមនុស្សនៅដោយសារតែការបំពានរបស់ពួកគេ។ ពិតប្រាកដណាស់ ចំពោះទណ្ឌកម្មដែលពួកគេទទួលរងដោយសារតែការបំពានរបស់ពួកគេនោះ គឺជាមេរៀនមួយសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលយកសញ្ញាភស្តុតាងទាំងឡាយធ្វើជាមេរៀន។

(53) ហើយយើងបានសង្គ្រោះបណ្តាអ្នកមានជំនឿចំពោះអល់ឡោះក្នុងចំណោមក្រុមរបស់ព្យាការីសឡេះ(ឲ្យរួចផុតពីទណ្ឌកម្ម) ហើយពួកគេគឺជាអ្នកដែលធ្លាប់កោតខ្លាចអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់ហាមឃាត់។

(54) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីលូតបានពោលទៅកាន់ក្រុមរបស់គាត់ ជាការស្តីបន្ទោសចំពោះពួកគេ និងបដិសេធចំពោះទង្វើរបស់ពួកគេថាៈ ហេតុអ្វីបានជាពូកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏អាក្រក់នេះ(ស្រឡាញ់ភេទដូចគ្នា)ដោយបើកចំហនៅក្នុងភូមិស្រុកខណៈដែលពួកអ្នកដឹងថា វាជាប្រការអាក្រក់ឬ?

(55) តើពួកអ្នកពិតជាបានយកបុរសៗ(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី ដោយពួកអ្នកមិនចង់រក្សាខ្លួនឲ្យបរិសុទ្ធ និងមិនចង់បានកូននោះឬ? តាមពិត ទង្វើបែបនេះ គឺជាការបំពេញចំណង់តណ្ហារបស់សត្វធាតុទេ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលល្ងង់ខ្លៅបំផុតចំពោះអ្វីដែលជាកាតព្វកិច្ចលើពួកអ្នកនៃការមានជំនឿ ភាពស្អាតស្អំ ហើយនិងការចាកឆ្ងាយពីការប្រព្រឹត្តល្មើស។

(56) ហើយការឆ្លើយតបនៃក្រុមរបស់គេ(ព្យាការីលូត)គ្មានអ្វីក្រៅពីពួកគេនិយាយថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ជាការពិតណាស់ ពួកគេជាមនុស្សដែលស្អាតស្អំពីប្រការអាក្រក់ និងប្រការកខ្វក់ទាំងឡាយ។ ពួកគេនិយាយដូច្នោះ គឺគ្រាន់តែជាការចំអកឡកឡឺយឲ្យក្រុមគ្រួសាររបស់ព្យាការីលូតដែលមិនចូលរួមជាមួយពួកគេក្នុងការប្រព្រឹត្តទង្វើអសីលធម៌នោះតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពួកគេ(ក្រុមគ្រួសារលូត)ថែមទាំងប្រឆាំងចំពោះទង្វើ(អសីលធម៌)របស់ពួកគេថែមទៀត។

(57) ដូចនេះ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលយើងបានកំណត់ឲ្យនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម ដោយនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបំផ្លាញ។

(58) ហើយយើងបានបញ្ចុះភ្លៀងដុំថ្មពីលើមេឃទៅលើពួកគេ។ ហើយភ្លៀងដែលគេបញ្ចុះទៅកាន់ពួកដែលគេបានព្រមានពួកគេពីទណ្ឌកម្ម តែពួកគេមិនបានឆ្លើយតបនោះ គឺជាភ្លៀងដ៏អាក្រក់បំផុត និងជាភ្លៀងដែលបំផ្លិចបំផ្លាញ។

(59) ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ ហើយសូមឲ្យសុខសន្តិភាពកើតមានចំពោះក្រុមរបស់ព្យាការីមូហាំម៉ាត់ពី(ការទទួល)ទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានទម្លាក់ទៅលើក្រុមរបស់ព្យាការីលូត និងក្រុមរបស់ព្យាការីសឡេះ។ តើអល់ឡោះដែលជាម្ចាស់ត្រូវគេគោរពសក្ការៈដ៏ពិត ដែលអ្វីៗទាំងអស់គឺជាកម្មសិទ្ធិរបស់ទ្រង់នោះល្អប្រសើរជាង ឬក៏ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ និងគ្រោះថ្នាក់អ្វីនោះ ល្អប្រសើរជាង?

(60) ឬអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដែលគ្មានគំរូសោះពីមុនមក ហើយបានបញ្ចុះទឹកភ្លៀងទៅកាន់ពួកអ្នក(ឱមនុស្សលោក)ពីលើមេឃមកល្អប្រសើរជាង? ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញមកនូវសួនឧទ្យានជាច្រើនដែលមានភាពស្រស់បំព្រង ដែលពួកអ្នកមិនអាចធ្វើឲ្យដុះចេញនូវដើមឈើនៅក្នុងសួនឧទ្យានទាំងនោះបានទេដោយសារតែការអសមត្ថភាពរបស់ពួកអ្នកក្នុងការធ្វើដូច្នោះ តែអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែល(មានសមត្ថភាព)ធ្វើឲ្យវាដុះឡើង។ តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលងាកចេញពីការពិត ដោយពួកគេធ្វើឲ្យមានភាពស្មើគ្នារវាង(អល់ឡោះជាម្ចាស់)អ្នកដែលបង្កើត និងអ្នកដែលត្រូវគេបង្កើត(ពួកព្រះនានា)ដោយបំពាន។

(61) ឬមូយអ្នកដែលបានធ្វើឲ្យផែនដីមានលំនឹងដោយមិនមានការញ័ររញ្ជួយចំពោះអ្នកដែលនៅលើវា និងបានបង្កើតនៅខាងក្នុងវា(ផែនដី)នូវទន្លេជាច្រើនដែលហូរកាត់ ហើយនិងបានបង្កើតឲ្យមានភ្នំជាច្រើននៅលើវាដើម្បីទប់លំនឹង ព្រមទាំងបង្កើតឲ្យមានរនាំងបាំងនៅចន្លោះរវាងសមុទ្រពីរ គឺទឹកប្រៃ និងទឹកសាប ដែលរារាំងមិនឲ្យទឹកសាបនិងទឹកប្រៃនោះលាយឡំចូលគ្នា ដែលនាំឲ្យវាខូចខាត ហើយមិនអាចផឹកបាននោះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនគឺមិនដឹងឡើយ។ ហើយប្រសិនបើពួកគេដឹងនោះ ពួកគេនឹងមិនយកអ្វីមួយអំពីម៉ាខ្លូករបស់អល់ឡោះមកស្ហ៊ីរិកជាមួយទ្រង់នោះឡើយ។

(62) ឬមូយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានការលំបាកនិងមានភាពតានតឹងចំពោះកិច្ចការរបស់គេនៅពេលដែលពួកគេបួងសួងសុំពីទ្រង់ និងបានដកយកនូវអ្វីដែលបានកើតឡើងចំពោះមនុស្ស ដូចជាជំងឺ ភាពក្រីក្រ និងអ្វីផ្សេងពីវាទាំងពីរចេញពីរូបគេ ព្រមទាំងបង្កើតពួកអ្នកធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី ដោយពួកអ្នកគ្រប់គ្រងបន្តបន្ទាប់គ្នាពីមួយជំនាន់ទៅមួយជំនាន់នោះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ អ្វីដែលពួកអ្នកពិចារណា និងយកវាធ្វើជាមេរៀននោះ គឺតិចតួចបំផុត។

(63) ឬក៏អ្នកដែលចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ អំពីសញ្ញាសម្គាល់និងហ្វូងតារាដើម្បីជាភាពងាយស្រួលដល់ពួកអ្នក និងជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អមួយបង្ហាញថាភ្លៀងជិតធ្លាក់ ដែលវា(ទឹកភ្លៀង)ជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះបម្រើរបស់ទ្រង់តាមរយៈ(ការបញ្ចុះ)ទឹកភ្លៀងនេះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? អល់ឡោះទ្រង់មហាស្អាតស្អំ ពីអ្វីដែលពួកគេយកម៉ាខ្លូកទាំងឡាយរបស់ទ្រង់មកធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។

(64) ឬមួយក៏អ្នកដែលផ្តល់កំណើតដល់សត្វលោកនៅក្នុងស្បូនស្ត្រីពីមួយដំណាក់កាលទៅមួយដំណាក់កាល បន្ទាប់មក ទ្រង់ធ្វើឲ្យគេរស់ឡើងវិញក្រោយពីគេបានស្លាប់នោះ(ល្អប្រសើរជាង? ហើយតើអ្នកណាដែលប្រទានឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ ហើយប្រទានលាភសក្ការៈដល់ពួកអ្នកនៅលើផែនដីតាមរយៈរុក្ខជាតិដែលទ្រង់បានបណ្តុះវានៅលើផែនដីនោះ? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវ ភស្តុតាងនានាដែលបញ្ជាក់(ពីភាពត្រឹមត្រូវ)ចំពោះទង្វើស៊្ហីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកអ្នកស្ថិតនៅលើការពិតមែននោះ។

(65) ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ គ្មាននរណាម្នាក់ដែលនៅលើមេឃក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់អាចដឹងពីប្រការអាថ៌កំបាំងនោះទេ ហើយក៏គ្មាននរណាម្នាក់នៅលើផែនដីក្នុងចំណោមមនុស្សលោកអាចដឹងពីប្រការអាថ៌កំបាំងនោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងអំពីវា(ប្រការអាថ៌កំបាំង)នោះ។ ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់ គឺមិនដឹងទេថា តើពេលណាពួកគេត្រូវបានគេ(អល់ឡោះ)ពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងក្រៅពីអល់ឡោះនោះឡើយ។

(66) ឬមួយពួកគេបានដឹងអំពីថ្ងៃបរលោក ហើយពួកគេបានដឹងយ៉ាងច្បាស់ចំពោះវា? ទេ ផ្ទុយទៅវិញ ពួកគេមានការសង្ស័យ និងស្រពេចស្រពិលចំពោះថ្ងៃបរលោក។ មិនតែប៉ុណ្ណោះ ថែមទាំងពួកគេងងឹតមិនដឹងអ្វីសោះពីវាទៀតផង។

(67) ហើយពួកដែលប្រឆាំងបាននិយាយបដិសេធ(នឹងការពង្រស់ឡើងវិញ)ថាៈ តើនៅពេលដែលពួកយើងនិងជីដូនជីតារបស់ពួកយើងបានស្លាប់ ហើយពួកយើងបានក្លាយទៅជាដីហើយនោះ តើពួកយើងអាចត្រូវគេពង្រស់ឲ្យរស់ឡើងវិញឬ?

(68) ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងក៏ធ្លាប់ត្រូវបានគេសន្យាតាំងពីមុនមកម្លេះថា ពិតណាស់ ពួកយើងពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញទាំងអស់គ្នា តែពួកយើងមិនដែលបានឃើញការសន្យានោះក្លាយជាការពិតនោះឡើយ។ អ្វីដែលគេបានសន្យាចំពោះពួកយើងទាំងអស់គ្នា(ថានឹងត្រូវគេពង្រោះឲ្យរស់ឡើងវិញ)នេះ គ្មានអ្វីក្រៅពីរឿងព្រេងនិទានរបស់អ្នកជំនាន់មុនដែលគេសរសេរនៅក្នុងបណ្តាគម្ពីរទាំងឡាយរបស់ពួកគេនោះឡើយ។

(69) ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពូកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើរតាមទិសណាមូយនៅលើផែនដីនេះចុះ ហើយចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកប្រព្រឹត្តអាក្រក់ដែលបដិសេធចំពោះការពង្រស់ឡើងវិញនោះយ៉ាងដូចម្តេច? ពិតណាស់ យើងបានបំផ្លាញពួកគេដោយសារតែការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនេះ។

(70) ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំកើតទុក្ខ ព្រួយបារម្ភ ដោយសារតែការប្រឆាំងរបស់ពួកមុស្ហរីគីនចំពោះការអំពាវនាវរបស់អ្នក ហើយកុំឲ្យទ្រូងរបស់អ្នកចង្អៀត(ពិបាកចិត្ត)ដោយសារកលល្បិចរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលជួយអ្នកឲ្យយកឈ្នះលើពួកគេ។

(71) ហើយពួកគ្មានជំនឿដែលបដិសេធនឹងការពង្រស់ឡើងវិញក្នុងចំណោមក្រុមរបស់អ្នក ពួកគេបាននិយាយថាៈ តើពេលណាទើបទណ្ឌកម្មដែលអ្នក(ព្យាការីមូហាំម៉ាត់) និងបណ្តាអ្នកដែលមានជំនឿបានព្រមានយើងនោះកើតឡើងពិតប្រាកដទៅ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងចំពោះវាមែននោះ?

(72) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាយ់)តបទៅកាន់ពួកគេវិញថាៈ ជួនកាលទណ្ឌកម្មមួយចំនួនដែលពួកអ្នកបានសុំឲ្យវាឆាប់មកដល់ពួកអ្នកនោះ វាបានខិតមកជិតពួកអ្នករួចទៅហើយ។

(73) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ទ្រង់មានការប្រោសប្រទានចំពោះមនុស្សលោកបំផុត ដោយទ្រង់មិនដាក់ទណ្ឌកម្មលើពួកគេភ្លាមៗនោះទេបើទោះបីជាពួកគេស្ថិតលើការប្រឆាំងនិងទង្វើបាបកម្មក៏ដោយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនថ្លែងអំណរគុណចំពោះអល់ឡោះទៅលើអ្វីដែលអល់ឡោះទ្រង់ប្រទានដល់ពួកគេនោះឡើយ។

(74) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលចិត្តរបស់ខ្ញុំបម្រើរបស់ទ្រង់លាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។

(75) ហើយគ្មានអាថ៌កំបាំងណាមួយដែលលាក់បាំងពីមនុស្សលោក មិនថានៅលើមេឃនិងនៅលើផែនដីនោះទេ លើកលែងតែវាត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរដ៏ច្បាស់លាស់ គឺឡាវហ៊ុលម៉ះហ៊្វូស។

(76) ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺបកស្រាយប្រាប់ដល់អម្បូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នាអំពីវា និងលាតត្រដាងនូវការងាកចេញ(ពីសេចក្តីពិត)របស់ពួកគេ។

(77) ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន) គឺជាការចង្អុលបង្ហាញនិងជាក្តីមេត្តាករុណាសម្រាប់បណ្តាអ្នកមានជំនឿដែលអនុវត្តតាមអ្វីដែលបាននាំមកនៅក្នុងវា។

(78) ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)នឹងកាត់សេចក្តីរវាងមនុស្សលោកទាំងឡាយ ទាំងអ្នកមានជំនឿនិងអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេនៅថ្ងៃបរលោកប្រកបដោយភាពយុត្តិធម៌បំផុត ហើយទ្រង់មានក្តីមេត្តាករុណាចំពោះអ្នកមានជំនឿ ហើយដាក់ទណ្ឌកម្មចំពោះអ្នកដែលគ្មានជំនឿ។ ហើយទ្រង់មហាខ្លាំងពូកែបំផុតដែលអាចដាក់ទោសសត្រូវទាំងឡាយរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បាននោះឡើយ។ ទ្រង់មហាដឹងបំផុតដែលទ្រង់មិនមានភាពភ័ន្តច្រឡំ(មិនដឹងច្បាស់)ថា អ្នកណាត្រូវ អ្នកណាខុសនោះទេ។

(79) ដូច្នេះ ចូរអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ និងប្រគល់ការទុកចិត្តនៅក្នុងកិច្ចការទាំងឡាយរបស់អ្នកចំពោះទ្រង់ចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។

(80) ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចធ្វើឲ្យអ្នកដែលស្លាប់ដួងចិត្តដោយសារតែការប្រឆាំងនឹងអល់ឡោះនោះអាចស្តាប់លឺបានឡើយ ហើយអ្នកក៏មិនអាចធ្វើឲ្យអ្នកដែលថ្លង់អាចស្តាប់លឺនូវអ្វីដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះដែរ នៅពេលដែលពួកគេត្រឡប់ក្រោយបែរចេញពីអ្នកហើយនោះ។

(81) ហើយអ្នកក៏មិនមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហាញដល់អ្នកងងឹតភ្នែកដែលមើលមិនឃើញការពិតនោះដែរ។ ដូច្នេះ ចូរអ្នកកុំកើតទុក្ខចំពោះពួកគេហើយធ្វើឲ្យនឿយហត់ចំពោះខ្លួនឯងឲ្យសោះ។ អ្នកមិនអាចធ្វើឲ្យនរណាម្នាក់ស្តាប់លឺនូវការអំពាវនាវរបស់អ្នកក្រៅពីអ្នកដែលមានជំនឿចំពោះវាក្យខណ្ឌរបស់យើងនោះទេ ពីព្រោះពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនក្នុងការប្រតិបត្តិតាមរាល់បទបញ្ជាទាំងឡាយរបស់អល់ឡោះ។

(82) ហើយនៅពេលដែលទណ្ឌកម្មបានកំណត់ថានឹងធ្លាក់ទៅលើពួកគេដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងប្រព្រឹត្តបាបកម្ម ហើយនៅសល់តែមនុស្សដែលអាក្រក់ៗ(នៅលើផែនដី)នោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនៅពេលដែលថ្ងៃបរលោកជិតឈានមកដល់នូវសញ្ញាមួយក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោក នោះគឺសត្វមួយដែលផុសចេញពីដី ដោយសត្វនោះនឹងនិយាយទៅកាន់ពួកគេនូវអ្វីដែលមនុស្សអាចស្តាប់យល់បានថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើព្យាការីរបស់យើងនោះទេ។

(83) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលយើងនឹងប្រមូលផ្តុំរាល់ប្រជាជាតិទាំងអស់នូវក្រុមមួយក្នុងចំណោមពួកដែលបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយរៀបពួកគេដាក់ជាក្រុមៗពីជំនាន់ដំបូងរហូតដល់ជំនាន់ចុងក្រោយបង្អស់។ ក្រោយមក ពួកគេនឹងត្រូវបានគេគៀងទៅកាន់ការជំនុំជម្រះ។

(84) ហើយគេនៅតែបន្តគៀងពួកគេ រហូតទាល់តែពួកគេបានមកដល់កន្លែងជំនុំជម្រះរបស់ពួកគេ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេក្នុងដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយរបស់យើង ហើយនិងមានផ្ទុកទៅដោយក្បួនច្បាប់នានារបស់យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះទេ ថាវាគឺជាប្រការខុសឆ្គងដែលជាហេតុឲ្យពួកអ្នកបដិសេធនឹងវាទេនោះ? ឬមួយអ្វីខ្លះដែលពួកអ្នកបានធ្វើវា ថាតើជឿជាក់ ឬបដិសេធចំពោះវា។

(85) ហើយទណ្ឌកម្មត្រូវបានធ្លាក់ទៅលើពួកគេដោយសារតែការបំពានរបស់ពួកគេដោយការប្រឆាំងចំពោះអល់ឡោះ និងបដិសេធនូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់។ ដូច្នេះ ពួកគេមិនអាចនិយាយដោះសារដើម្បីការពារខ្លួនពួកគេនោះទេ ដោយសារតែការអសមត្ថភាពរបស់ពួកគេក្នុងការធ្វើដូច្នេះ ហើយនិងការក្លាយជាអសារបង់នៃអំណះអំណាងរបស់ពួកគេ។

(86) តើពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬ ពិតប្រាកដណាស់ យើងបានបង្កើតពេលយប់ដើម្បីឲ្យពួកគេសម្រាកនៅក្នុងវាដោយការគេង ហើយយើងបានបង្កើតពេលថ្ងៃឲ្យមានពន្លឺដើម្បីឲ្យពូកគេអាចមើលឃើញនៅក្នុងវា(ពេលថ្ងៃ) ហើយពួកគេធ្វើកិច្ចការងាររបស់ពួកគេ។ ពិតប្រាកដណាស់ នៅក្នុងការស្លាប់(គេង)ដដែលៗ និងការរស់ឡើងវិញ(ក្រោកពីគេង)បន្ទាប់ពី(ការគេង)នោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលមានជំនឿ។

(87) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់មួយរូបដែលទទួលបន្ទុកលើការផ្លុំត្រែបានធ្វើការផ្លុំត្រែជាលើកទីពីរ។ ពេលនោះ អ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់បានភ័យរន្ធត់ លើកលែងតែជនណាដែលទ្រង់លើកលែងចំពោះគេមិនឲ្យមានការភ័យរន្ធត់ដោយការប្រោសប្រណីពីទ្រង់ប៉ុណ្ណោះ។ ហើយរាល់ម៉ាខ្លូករបស់អល់ឡោះទាំងអស់នៅថ្ងៃនោះ នឹងមកជួបទ្រង់ដោយការគោរពតាម និងឱនលំទោន។

(88) ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក) អ្នកនឹងបានឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់មួយកន្លែងមិនធ្វើចលនានោះ នឹងរសាត់យ៉ាងលឿនដូចពពក។ វាជាបទបញ្ជារបស់អល់ឡោះដោយទ្រង់ជាអ្នកដែលធ្វើឲ្យវាមានចលនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានធ្វើ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកវិញ។

(89) ជនណាហើយដែលបាននាំមកនូវសេចក្តីជំនឿ និងទង្វើកុសលនៅថ្ងៃបរលោកនោះ សម្រាប់គេគឺនឹងទទួលបាននូវឋានសួគ៌។ ហើយពួកគេគឺជាអ្នកដែលមានសុវត្ថិភាពបំផុត ដោយអល់ឡោះបានផ្តល់នូវសុវត្ថិភាពដល់ពួកគេពីការភ័យរន្ធត់នៅបរលោក។

(90) តែជនណាហើយដែលបាននាំមកនូវការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ នឹងទទួលបាននូវឋាននរក ដោយត្រូវគេគ្រវែងចូលទៅក្នុងវាដោយផ្កាប់មុខ។ ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោស និងបន្ទាបបន្ថោកចំពោះពួកគេថាៈ តើពួកអ្នកមិនត្រូវបានគេតបស្នងឲ្យក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនៃការប្រឆាំង និងការប្រព្រឹត្តល្មើសទេឬ?

(91) ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេថាៈ ជាការពិតណាស់ គេបានបង្គាប់ប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះ(អល់ឡោះ)ម្ចាស់របស់ទឹកដីម៉ាក្កះនេះ ដែលទ្រង់បានហាមឃាត់នៅក្នុងនោះ។ ហេតុនេះ គេមិនត្រូវបង្ហូរឈាមគ្នានៅក្នុងវា(ទឹកដីម៉ាក្កះ)នោះឡើយ ហើយក៏មិនត្រូវបំពានចំពោះនរណាម្នាក់នៅក្នុងវានោះដែរ។ មិនត្រូវសម្លាប់សត្វប្រមាញ់ ហើយក៏មិនត្រូវកាប់ដើមឈើ(ដែលនៅក្នុងទឹកដីម៉ាក្កះ)នោះដែរ។ ហើយអ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយខ្ញុំត្រូវបានគេបង្គាប់ប្រើឲ្យស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ និងគោរពតាមទ្រង់ដោយការគោរពប្រតិបត្តិ។

(92) ហើយគេក៏បង្គាប់ឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យមនុស្សលោកស្តាប់ផងដែរ។ ដូច្នេះ ជនណាហើយដែលទទួលបានការបង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញរបស់វា(គម្ពីរគួរអាន) ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ ពិតណាស់ ផលនៃការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ តែជនណាហើយដែលវង្វេងនិងងាកអំពីអ្វីដែលមាននៅក្នុងវា ហើយប្រឆាំងនឹងវា ព្រមទាំងមិនអនុវត្តតាមអ្វីដែលមាននៅក្នុងវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានទាំងឡាយប៉ុណ្ណោះ ដែលដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ហើយខ្ញុំពុំមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហាញដល់ពួកអ្នកនោះទេ។

(93) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដែលមិនអាចគណនាអស់ឡើយ។ អល់ឡោះទ្រង់នឹងបង្ហាញឲ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់នៅក្នុងខ្លួនរបស់ពួកអ្នកផ្ទាល់ អ្វីៗដែលនៅលើមេឃ អ្វីៗដែលនៅលើផែនដី និងនៅក្នុងលាភសក្ការៈទាំងឡាយ ហើយពួកអ្នកនឹងបានដឹងអំពីវានូវការដឹងមួយដែលអាចចង្អុលបង្ហាញពួកអ្នកទៅកាន់ទទួលយកការពិត។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវរាល់ទង្វើដែលពួកអ្នកបានសាង។