28 - Al-Qasas ()

|

(1) ត ស៊ីន មីម (បានបកស្រាយរួចហើយនៅខាងដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)

(2) នេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់។

(3) យើងនឹងនិទានឲ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្តាប់នូវរឿងរ៉ាវរបស់ព្យាការីមូសានិងហ្វៀរអោនយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយនៅក្នុងវាសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា។

(4) ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដីអេហ្ស៊ីប និងបានគ្រប់គ្រងនៅលើវា ហើយគេបានធ្វើឲ្យអ្នកដែលរស់នៅទីនោះបែកបាក់ជាក្រុមៗ ដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ នោះគឺអម្បូរអ៊ីស្រាអែល តាមរយៈការសម្លាប់កូនប្រុសរបស់ពួកគេចោល ហើយទុកជីវិតឲ្យកូនស្រីរបស់ពួកគេដើម្បីពួកគេយកធ្វើជាអ្នកបម្រើ ក្នុងបំណងធ្វើឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)កាន់តែអាប់ឱនថែមទៀត។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្មនៅលើផែនដីតាមរយៈការបំពាន និងភាពព្រហើន ក្អេងក្អាង។

(5) ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អម្បូរអ៊ីស្រាអែលដែលត្រូវបានហ្វៀរអោនជិះជាន់ធ្វើបាបនៅលើទឹកដីអេហ្ស៊ីបនេះ តាមរយៈការបំផ្លាញសត្រូវរបស់ពួកគេ និងលុបបំបាត់នូវការជិះជាន់ចេញពីពួកគេ ហើយនិងធ្វើឲ្យពួកគេក្លាយទៅជាមេដឹកនាំទៅកាន់ការពិតដែលគេយកគំរូតាមពួកគេ ហើយយើងនឹងធ្វើឲ្យពួកគេក្លាយជាអ្នកដែលទទួលមត៌កលើទឹកដីស្ហាមដ៏មានពរជ័យបន្ទាប់ពីការបំផ្លាញហ្វៀរអោន ដូចដែលអល់ឡោះទ្រង់បានមានបន្ទូលថា ៖ មានន័យថា ៖ “ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ នៅទិសខាងកើតនិងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការរីកចម្រើន”

(6) ហើយយើងមានបំណងចង់ផ្តល់អំណាចឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)គ្រប់គ្រងនៅលើផែដីនេះ តាមរយៈការធ្វើឲ្យពួកគេក្លាយជាអ្នកដែលមានអំណាចនៅលើវា ហើយយើងនឹងឲ្យហ្វៀរអោននិងមន្ត្រីជំនិតរបស់គេ គឺហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរដែលជាជំនួយការរបស់ពួកគេទាំងពីរនៅក្នុងការគ្រប់គ្រងរបស់គេទាំងពីរនោះបានឃើញនូវការបាត់បង់អំណាចដែលពូកគេធ្លាប់ខ្លាចបាត់បង់វដោយស្នាដៃក្មេងប្រុសម្នាក់ដែលប្រសូត្រចេញមកពីអម្បូរអ៊ីស្រាអែល។

(7) ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ម្តាយរបស់មូសាថាៈ ចូរអ្នកបំបៅគេចុះ។ លុះនៅពេលដែលអ្នកមានការបារម្ភខ្លាចហ្វៀរអោន និងបក្សពួករបស់គេសម្លាប់គេ(មូសា)នោះ ចូរអ្នកដាក់គេក្នុងហិបមួយ ហើយយកទៅបណ្តែតនៅក្នុងទន្លេនីលចុះ។ ហើយចូរអ្នកកុំភ័យខ្លាចគេលិចលង់ ឬបារម្ភខ្លាចហ្វៀរអោនឲ្យសោះ និងចូរអ្នកកុំកើតទុក្ខព្រួយចំពោះការបែកពីគេអី។ ពិតប្រាកដណាស់ យើងនឹងបង្វិលគេត្រឡប់មកកាន់អ្នកវិញទាំងនៅមានជីវិត ហើយនឹងធ្វើឲ្យគេក្លាយជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលទ្រង់បានតែងតាំងពួកគេទៅកាន់ម៉ាខ្លូករបស់ទ្រង់។

(8) ពេលនោះ នាង(ម្តាយរបស់ព្យាការីមូសា)ក៏បានធ្វើនូវអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់នាងក្នុងការដាក់គេ(មូសា)ចូលក្នុងហិបមួយ រួចយកទៅបណ្តែតក្នុងទន្លេនោះ។ ពេលនោះ ក្រុមគ្រួសាររបស់ហ្វៀនអោនក៏បានឃើញនិងបានរើសយកគេ(ទៅចិញ្ចឹម) ដើម្បីឲ្យបំណងដែលអល់ឡោះទ្រង់មានចេតនានោះក្លាយទៅជាការពិត ដែលថា ព្យាការីមូសានឹងក្លាយទៅជាសត្រូវនឹងហ្វៀរអោន និងជាក្តីកង្វល់របស់ពួកគេ ដោយអល់ឡោះនឹងដកយកអំណាចរបស់ហ្វៀនអោនតាមរយៈស្នាដៃរបស់គាត់(មូសា)។ ពិតប្រាកដណាស់ ហ្វៀរអោន និងមន្ត្រីរបស់គេហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរ គឺជាពួកដែលប្រព្រឹត្តបាបកម្ម ដោយសារតែការប្រឆាំងរបស់ពួកគេ ការបំពានរបស់ពួកគេ និងការបង្កវិនាសកម្មរបស់ពួកគេនៅលើផែនដី។

(9) ហើយនៅពេលដែលហ្វៀរអោនមានបំណងចង់សម្លាប់គេ(ព្យាការីមូសា) ភរិយារបស់ហ្វៀនអោនក៏បានពោលទៅកាន់គេ(ហ្វៀរអោន)ថាៈ ក្មេងប្រុសម្នាក់នេះគឺជាប្រភពនៃសុភមង្គលសម្រាប់ខ្ញុំនិងសម្រាប់អ្នក។ ចូរអ្នកកុំសម្លាប់គេអី សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះយើង ដោយយើងអាចយកគេធ្វើជាអ្នកបម្រើ ឬក៏យកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ តែពួកគេពុំបានដឹងទេថា អំណាចគ្រប់គ្រងរបស់ពួកគេនឹងត្រូវបញ្ចប់ដោយសារស្នាដៃរបស់គេ(មូសា)នោះទេ។

(10) ហើយដួងចិត្តម្តាយរបស់ព្យាការីមូសា គឺក្លាយទៅជាទទេរស្អាតដោយគ្មានគិតអ្វីក្រៅពីរឿងរបស់មូសានោះទេ។ នាងស្ទើរតែមិនអាចអត់ធ្មត់បាននោះទេ រហូតដល់នាងស្ទើរតែបង្ហាញឲ្យគេបានដឹងថា តាមពិតក្មេងម្នាក់នោះ គឺជាកូនរបស់នាងទៅហើយ(ដោយសារតែការព្រួយបារម្ភពីកូនរបស់នាងខ្លាំងពេក) ប្រសិនបើយើងមិនបានទប់អារម្មណ៍របស់នាងឲ្យមានភាពនឹងនរដើម្បីឲ្យនាងស្ថិតក្នុងចំណោមអ្នកមានជំនឿដែលប្រគល់ការទុកចិត្តទៅចំពោះម្ចាស់របស់ពួកគេ និងជាអ្នកដែលអត់ធ្មត់ចំពោះអ្វីដែលទ្រង់បានកំណត់ចំពោះពួកគេទេនោះ។

(11) ហើយម្តាយរបស់មូសាបាននិយាយទៅកាន់បងស្រីរបស់មូសាក្រោយពីនាងបានដាក់គេបណ្តែតក្នុងទឹកទន្លេថាៈ ឯងត្រូវតាមឃ្លាំមើលគេផងដើម្បីឲ្យដឹងថា តើគេនឹងធ្វើអ្វីចំពោះចំពោះគេ(មូសា)។ ពេលនោះ នាង(បងស្រីរបស់ព្យាការីមូសា)បានឈរមើលគេពីចម្ងាយ ដើម្បីកុំឲ្យនរណាម្នាក់ដឹងពីរឿងរ៉ាវរបស់នាង។ ហើយហ្វៀរអោន និងបក្សពួករបស់គេមិនបានដឹងទេថា តាមពិត នាងគឺជាបងស្រីរបស់មូសា ហើយនាងនៅតាមដានពីដំណឹងរបស់មូសានោះ។

(12) ដោយការរៀបចំពីអល់ឡោះ ព្យាការីមូសាបានបដិសេធក្នុងការបំបៅដោះពីគ្រប់ស្ត្រីទាំងអស់។ ដូច្នេះ នៅពេលដែលបងស្រីរបស់ព្យាការីមូសាបានឃើញពីការព្យាយាមរបស់ពួកគេក្នុងការបំបៅដោះដល់ព្យាការីមូសានោះ នាងក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកចង់ឲ្យខ្ញុំចង្អុលបង្ហាញពួកអ្នកពីគ្រួសារមួយដែលអាចផ្តល់ការបំបៅ និងមើលថែចំពោះគេ ដោយពួកគេអាចថ្នាក់ថ្នមគេបានយ៉ាងល្អដែរឬទេ?

(13) ពេលនោះ យើងក៏បានត្រឡប់មូសាទៅកាន់ម្តាយរបស់គេវិញដើម្បីឲ្យនាងរំភើបរីករាយតាមរយៈការមើលថែគេ(កូនរបស់នាង)ដោយផ្ទាល់ ហើយឈប់ព្រួយបារម្ភដោយសារតែការបែកពីគេ និងដើម្បីឲ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងត្រឡប់គេ(មូសា)មកកាន់នាងវិញនោះ គឺជាការពិតដោយគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែ ពួកគេភាគច្រើនមិនបានដឹងឡើយចំពោះការសន្យានេះ ហើយក៏គ្មាននរណាម្នាក់បានដឹងដែរថា តាមពិតនាង(អ្នកដែលបំបៅមូសានោះ) គឺជាម្តាយបង្កើតរបស់គេផ្ទាល់។

(14) ហើយនៅពេលដែលគេបានធំពេញវ័យនិងមានកម្លាំងមាំមួន យើងបានប្រទានដល់គេនូវការយល់ដឹង និងចំណេះដឹងខ្ពង់ខ្ពស់នៅក្នុងសាសនារបស់អម្បូរអ៊ីស្រាអែលមុនពេលដែលគេបានក្លាយជាព្យាការីទៅទៀត។ ហើយដូចដែលយើងបានតបស្នងដល់មូសាចំពោះការគោរពប្រតិបត្តិរបស់គេ(ចំពោះអល់ឡោះ) យើងក៏នឹងតបស្នងឲ្យបណ្តាអ្នកដែលសាងអំពើល្អនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងដូចគ្នាដែរ។

(15) ហើយមូសាបានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សម្នាសម្រាកនៅក្នុងផ្ទះរបស់ពួកគេ ហើយគាត់ក៏បានប្រទះឃើញបុរសពីរនាក់កំពុងតែឈ្លោះប្រកែកគ្នា និងវាយតប់គ្នាទៅវិញទៅមក ដោយម្នាក់ក្នុងចំណោមគេទាំងពីរនោះ គឺមកពីអម្បូរអ៊ីស្រាអែលដែលជាក្រុមរបស់គេ(ព្យាការីមូសា) ហើយម្នាក់ទៀត គឺមកពីអម្បូរ”គិបទី” ជាក្រុមរបស់ហ្វៀរអោនដែលជាសត្រូវរបស់ព្យាការីមូសា។ ពេលនោះ បុរសដែលជាក្រុមរបស់មូសាបានសុំឲ្យមូសាជួយគេតទល់នឹងបុរសអម្បូរគិបទីដែលជាសត្រូវរបស់គេ។ ពេលនោះ ព្យាការីមូសាក៏បានដាល់បុរសអេហ៊្សីបនោះមួយដៃ។ ភ្លាមនោះ គេក៏បានស្លាប់ដោយសារតែកម្លាំង(ដ៏ខ្លាំង)នៃការដាល់នោះ។ ហើយព្យាការីមូសាក៏បានពោលថាៈ នេះគឺជាការតុបតែងលម្អររបស់ស្ហៃតន និងបក្សពួករបស់វាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវដែលធ្វើឲ្យវង្វេងចំពោះអ្នកដែលដើរតាមវា ជាសត្រូវក៏ច្បាស់លាស់។ ហើយអ្វីដែលកើតឡើងចេញអំពីខ្ញុំ គឺដោយសារភាពជាសត្រូវរបស់វា និងដោយសារតែវាជាអ្នកដែលធ្វើឲ្យគេវង្វេង ទើបវាមានបំណងធ្វើឲ្យខ្ញុំវង្វេងដែរ។

(16) ព្យាការីមូសាក៏បានបួងសួងចំពោះម្ចាស់របស់គាត់ដោយទទួលស្គាល់ចំពោះអ្វីដែលបានកើឡើងអំពីគាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំពិតជាបានបំពានលើខ្លួនឯងតាមរយៈការសម្លាប់បុរសគិបទីនេះ។ ដូច្នេះ សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំផងចំពោះបាបកម្មរបស់ខ្ញុំ។ ពេលនោះ អល់ឡោះក៏បានអភ័យទោសដល់ព្យាការីមូសា។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

(17) ព្យាការីមូសាក៏បានបួងសួងបន្តទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! តាមរយៈអ្វីដែលទ្រង់បានប្រទានដល់ខ្ញុំនៃកម្លាំងខ្លាំងក្លា គតិបណ្ឌិត ព្រមទាំងចំណេះដឹងខ្ពង់ខ្ពស់នោះ ខ្ញុំនឹងមិនជួយដល់ពួកដែលប្រព្រឹត្តអំពើបាបលើការប្រព្រឹត្តអំពើបាបរបស់ពួកគេទៀតជាដាច់ខាត។

(18) បន្ទាប់ពីការស្លាប់របស់បុរសគិបទីនោះមក ធ្វើឲ្យគាត់ស្ថិតនៅក្នុងទីក្រុងដោយភាពភ័យខ្លាច ចាំតាមដានមើល ថាតើនឹងមានអ្វីកើតឡើង។ ពេលនោះ ស្រាប់តែអ្នកដែលសុំឲ្យគាត់ជួយទប់ទល់នឹងសត្រូវរបស់គេដែលជាអម្បូរគីបទីកាលពីម្សិលមិញនោះ បានសុំឲ្យគាត់ជួយទប់ទល់នឹងបុរសដែលជាអម្បូរគីបទីម្នាក់ផ្សេងទៀត។ ព្យាការីមូសាក៏បានពោលទៅកាន់បុរស(ដែលសុំឲ្យគាត់ជួយ)នោះថាៈ ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពាន និងវង្វេងយ៉ាងច្បាស់លាស់។

(19) ហើយនៅពេលដែលព្យាការីមូសាមានបំណងចង់ចាប់បុរសគីបទីដែលជាសត្រូវរបស់គាត់និងជាសត្រូវរបស់អម្បូរអ៊ីស្រាអែលផងដែរនោះ បុរសដែលជាអម្បូរអ៊ីស្រាអែលនោះគិតស្មានថា មូសាមានបំណងចង់ចាប់រូបគេ ដោយសារតែគេបានលឺព្យាការីមូសាពោលថា “ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពាន និងវង្វេងយ៉ាងច្បាស់លាស់” គេក៏បានពោលទៅកាន់ព្យាការីមូសាថាៈ តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់មនុស្សម្នាក់កាលពីម្សិលមិញឬ? អ្នកគ្មានបំណងអ្វីក្រៅពីចង់ធ្វើជាអ្នកដែលក្អេងក្អាងនៅលើផែនដីនេះដោយការសម្លាប់មនុស្សនិងបំពានចំពោះពួកគេនោះឡើយ ហើយអ្នកក៏មិនចង់ធ្វើជាអ្នកសម្រុះសម្រួលរវាងគូជម្លោះទាំងឡាយនោះដែរ។

(20) ហើយនៅពេលដែលដំណឹង(នៃការសម្លាប់របស់មូសា)បានល្បីសុះសាយ មានបុរសម្នាក់បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ពីជាយក្រុងដោយក្តីព្រួយបាម្ភ គិតគូចំពោះព្យាការីមូសាខ្លាចគេតាមចាប់គាត់ ហើយគេក៏បានប្រាប់គាត់ថាៈ ឱមូសា! ពិតប្រាកដណាស់ ពួកមន្ត្រីនៃក្រុមរបស់ហ្វៀរអោនកំពុងពិគ្រោះពិភាក្សាគ្នាដើម្បីសម្លាប់អ្នក។ ដូច្នេះ ចូរអ្នកចាកចេញពីទឹកដីនេះចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកណែនាំដ៏ល្អម្នាក់ និងមានក្តីព្រួយបារម្ភចំពោះអ្នកខ្លាចក្រែងគេ(បក្សពួកហ្វៀរអោន)មកទាន់អ្នក ហើយសម្លាប់អ្នក។

(21) ដូចនេះ ព្យាការីមូសាក៏បានធ្វើតាមការណែនាំរបស់បុរសនោះ ហើយគាត់ក៏បានចាកចេញពីទឹកដី(អេហ្ស៊ីប)នោះទាំងភ័យខ្លាច និងតាមដានមើល ថាតើនឹងមានអ្វីកើតឡើងចំពោះគាត់។ គាត់បានបួងសួងចំពោះម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាសង្គ្រោះខ្ញុំពីក្រុមដែលបំពានផងចុះ ហើយសូមទ្រង់មេត្តាកុំឲ្យពួកគេនាំមកនូវប្រការអាក្រក់ដល់ខ្ញុំឲ្យសោះ។

(22) ហើយនៅពេលដែលគាត់(ព្យាការីមូសា)បានធ្វើដំណើរតម្រង់ឆ្ពោះទៅកាន់ទឹកដីម៉ាទយ៉ាន់ គាត់បានពោលថាៈ សង្ឃឹមថាម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដែលល្អដែលនឹងធ្វើឲ្យខ្ញុំមិនវង្វេងចេញពីវានោះទេ។

(23) ហើយនៅពេលដែលគាត់បានទៅដល់(អណ្តូង)ទឹកនៃតំបន់ម៉ាទយ៉ាន់ដែលមនុស្សម្នាតែងដងទឹកពីទីនោះ គាត់ក៏បានឃើញមនុស្សមួយក្រុមកំពុងដងទឹកឲ្យសត្វពាហនៈរបស់ពួកគេផឹក ហើយគាត់ក៏បានឃើញស្ត្រីពីរនាក់ផ្សេងទៀតក្រៅពីពួកគេដែលកំពុងតែរារាំងសត្វពពែរបស់ពួកនាងពីទឹកនោះ រហូតទាល់តែមនុស្សម្នាទាំងឡាយឲ្យទឹកដល់សត្វរបស់ពួកគេរួចរាល់។ ព្យាការីមូសាក៏បានសួរទៅកាន់ស្ត្រីទាំងពីរនាក់នោះថាៈ ហេតុអ្វីបានជាអ្នកទាំងពីរមិនព្រមឲ្យទឹកដល់សត្វផឹករួមជាមួយមនុស្សទាំងអស់នោះទៅ? អ្នកទាំងពីរក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ ទម្លាប់របស់ពួកយើង គឺពួកយើងអត់ធ្មត់(រង់ចាំ)សិនដោយពួកយើងមិនអាចឲ្យទឹកសត្វផឹកនោះទេ ទាល់តែពួកគង្វាលទាំងនោះចាកចេញទៅ ដើម្បីជាការប្រុងប្រយ័ត្នពីការនៅលាយឡំគ្នាជាមួយពួកគេ(រវាងបុរសនិងស្ត្រី)។ ហើយឪពុករបស់ពួកខ្ញុំ គាត់ជាមនុស្សដែលមានវ័យចាស់ជរាដែលគាត់មិនអាចឲ្យទឹកដល់សត្វផឹកបាននោះទេ។ ហេតុនេះ ពួកយើងត្រូវតែបង្ខំចិត្តដងទឹកឲ្យសត្វពពែរបស់ពួកយើង(ជំនួសគាត់)

(24) ពេលនោះ គាត់(មូសា)ក៏មានក្តីអាណិតអាសូរចំពោះអ្នកទាំងពីរ ហើយក៏បានដងទឺកឲ្យសត្វពពែរបស់អ្នកទាំងពីរនោះផឹក។ បន្ទាប់មក គាត់បានត្រឡប់ទៅរកម្លប់វិញដើម្បីសម្រាក ហើយគាត់ក៏បានបួងសួងចំពោះម្ចាស់របស់គាត់ ដោយបង្ហាញពីតម្រូវការរបស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំត្រូវការនូវអ្វីដែលល្អដែលទ្រង់ប្រទានឲ្យខ្ញុំ។

(25) នៅពេលដែលអ្នកទាំងពីរបានចាកចេញទៅ អ្នកទាំងពីរក៏បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់មូសាប្រាប់ដល់ឪពុករបស់ពួកនាង។ ពេលនោះ គាត់(ឪពុករបស់ស្ត្រីពីរនាក់នោះ)ក៏បានបញ្ជូនម្នាក់ក្នុងចំណោមនាងទាំងពីរទៅកាន់មូសាដើម្បីអញ្ជើញគាត់មក។ ពេលនោះ នាងក៏បានមកជួបនឹងមូសាដោយដើរក្នុងដំណើរយ៉ាងអៀនខ្មាស់។ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់បានអញ្ជើញអ្នកឲ្យទៅជួបគាត់ក្នុងគោលបំណងផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែលអ្នកបានដងទឹកឲ្យសត្វរបស់ពួកយើងផឹកនោះ។ នៅពេលដែលព្យាការីមូសាបានទៅជួបនឹងឪពុករបស់នាងទាំងពីរ ហើយបានរៀបរាប់ប្រាប់ពីដំណើររឿងរបស់គាត់(ដល់ឪពុករបស់ពួកនាង)នោះ គាត់(ឪពុករបស់ពួកនាង)ក៏បានពោលទៅកាន់មូសាដើម្បីឲ្យគាត់មានភាពនឹងនរថាៈ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុមដែលបំពាន គឺហ្វៀរអោន និងពួកមន្ត្រីរបស់គេហើយ។ ពិតប្រាកដណាស់ ពួកគេគ្មានអំណាចអ្វីនោះទេនៅលើទឹកដីម៉ាទយ៉ាន់នេះ។ ដូច្នេះ ពួកគេគ្មានសមត្ថភាពអ្វីនឹងនាំគ្រោះថ្នាក់ណាមួយមកដល់អ្នកបាននោះឡើយ។

(26) កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់គាត់បាននិយាយថាៈ ឱលោកឪពុកជាទីស្រឡាញ់! សូមលោកឪពុកជួលគាត់ឲ្យធ្វើជាអ្នកគង្វាលសត្វពពែរបស់ពួកយើងតែម្តងទៅ។ វាជារឿងត្រឹមត្រូវណាស់ដែលលោកឪពុកជួលគាត់នោះ ព្រោះគាត់មានទាំងកម្លាំង និងភាពស្មោះត្រង់។ តាមរយៈកម្លាំងដ៏ខ្លាំងក្លា(របស់គាត់) អាចឲ្យគាត់បំពេញនូវអ្វីដែលគេឲ្យគាត់ធ្វើ ហើយតាមរយៈភាពស្មោះត្រង់ គឺគាត់អាចថែរក្សានូវអ្វីដែលគេបានទុកចិត្តចំពោះគាត់បាន។

(27) ឪពុករបស់នាងទាំងពីរក៏បាននិយាយទៅកាន់ព្យាការីមូសាថាៈ ពិតប្រាកដណាស់ ខ្ញុំមានបំណងរៀបអាពាហ៍ពិពាហ៍កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់ខ្ញុំឲ្យទៅអ្នក ដោយខាន់ស្លារបស់វានោះ គឺអ្នកត្រូវឃ្វាលពពែឲ្យយើងរយៈពេលប្រាំបីឆ្នាំ ។ តែប្រសិនបើអ្នកចង់បង្គ្រប់វាឲ្យគ្រប់រយៈពេលដប់ឆ្នាំនោះ វាគឺជាក្តីសប្បុរសដែលចេញពីអ្នក មិនមែនជារឿងដែលចាំបាច់លើអ្នកនោះទេ ពីព្រោះកិច្ចព្រមព្រៀងនោះ គឺរយៈពេលប្រាំបីឆ្នាំប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលលើសពីនោះ គឺជាការស្ម័គ្រចិត្ត។ ហើយខ្ញុំគ្មានបំណងធ្វើឲ្យអ្នកមានការលំបាកនោះឡើយ។ អ្នកនឹងឃើញថា ខ្ញុំគឺជាមនុស្សល្អត្រឹមត្រូវម្នាក់ដែលជាអ្នកបំពេញនូវកិច្ចសន្យា ហើយមិនក្បត់កិច្ចសន្យានោះឡើយ ប្រសិនបើអល់ឡោះមានចេតនា។

(28) ព្យាការីមូសាក៏បានតបវិញថាៈ នេះគឺជាកិច្ចព្រមព្រៀងដែលពួកយើងបានចុះរវាងខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរដែលខ្ញុំបានធ្វើការឲ្យអ្នក ប្រាំបីឆ្នាំ ឬដប់ឆ្នាំនោះ ខ្ញុំពិតជានឹងបំពេញវាចំពោះអ្វីដែលជាកាតព្វកិច្ចមកចំពោះខ្ញុំ។ ហេតុនេះ អ្នកមិនត្រូវសុំអ្វីបន្ថែមទៀតពីខ្ញុំនោះឡើយ។ ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកយើងបានចុះកិច្ចព្រមព្រៀង និងជាអ្នកដែលឃ្លាំមើលចំពោះវា។

(29) នៅពេលដែលព្យាការីមូសាបានបំពេញតាមការកំណត់ទីពីរ ពោលគឺរយៈពេលដប់ឆ្នាំរួច គាត់ក៏បានធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ចេញពីទឹកដីម៉ាទយ៉ាន់ទៅកាន់ទឹកដីអេហ៊្សីប។ ពេលនោះ គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅក្បែរភ្នំតួរ។ គាត់ក៏បានពោលទៅកាន់ក្រុមគ្រួសាររបស់គាត់ថាៈ សូមពួកអ្នកនៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវាមកកាន់ពួកអ្នក ឬក៏យកដុំភ្លើងមកកាន់ពួកអ្នកបង្កាត់ភ្លើងដើម្បីអាចឲ្យពួកអ្នកកម្តៅខ្លួនពីភាពត្រជាក់បាន។

(30) ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងភ្លើងដែលគាត់បានឃើញនោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ចេញពីដើមឈើមួយដើមដែលនៅក្បែរជ្រលងភ្នំខាងស្តាំនៅទីកន្លែងដែលអល់ឡោះផ្តល់ពរជ័យដល់វាតាមរយៈការមានបន្ទូលរបស់ទ្រង់ទៅកាន់ព្យាការីមូសា(នៅទីនោះ)ថាៈ ឱមូសា! ពិតប្រាកដណាស់ យើងគឺអល់ឡោះដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងអស់។

(31) ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានបោះវាទៅតាមបទបញ្ជានៃម្ចាស់របស់គាត់។ នៅពេលដែលគាត់បានឃើញវាកម្រើក និងធ្វើចលនាយ៉ាងលឿនប្រៀបដូចជាសត្វពស់នោះ គាត់ក៏បានរត់ត្រឡប់ក្រោយវិញដោយសារភាពភ័យខ្លាចចំពោះវា និងមិនបានត្រឡប់ក្រោយវិញនោះទេ។ ពេលនោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ថាៈ ឱមូសា! ចូរអ្នកចូលមក ហើយកុំភ័យខ្លាចពីវាឲ្យសោះ។ ពិតប្រាកដណាស់ អ្នកស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាពអំពីវា និងពីអ្វីផ្សេងទៀតក្រៅពីវានូវអ្វីដែលធ្វើឲ្យអ្នកភ័យខ្លាច។

(32) ហើយចូរអ្នកដាក់ដៃស្តាំរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នក នោះវានឹងបញ្ចេញពន្លឺសចែងចាំងដែលមិនមែនសដោយសារជំងឺឃ្លង់នោះឡើយ។ ពេលនោះ ព្យាការីមូសាក៏បានដាក់ដៃរបស់គាត់ចូល(ក្នុងហោប៉ៅ) ហើយវាក៏បញ្ចេញពន្លឺសចែងចាំងប្រៀបដូចព្រិល។ ហើយចូរអ្នកឱបដៃរបស់អ្នកដើម្បីបំបាត់ភ័យខ្លាចចេញពីអ្នក។ ពេលនោះ ព្យាការីមូសាក៏បានឱបដៃរបស់គាត់ ហើយភាពភ័យខ្លាចក៏បានបាត់បង់អំពីគាត់។ ពិតណាស់ អ្វីដែលបានលើកឡើងទាំងពីរខាងលើនេះ(គឺដំបង និងដៃ) គឺជាភស្តុតាងពីរដែលគេបញ្ជូនពីម្ចាស់របស់អ្នកទៅកាន់ហ្វៀរអោន និងពួកមន្ត្រីនៃក្រុមរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រាស់ចាកពីការប្រតិបត្តិចំពោះអល់ឡោះដោយការប្រឆាំង និងការប្រព្រឹត្តល្មើស។

(33) ព្យាការីមូសាបានពោលទៅកាន់ម្ចាស់របស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានសម្លាប់ជីវិតគ្នាពួកគេម្នាក់ ហើយខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំវិញប្រសិនបើខ្ញុំទៅជួបពួកគេដើម្បីផ្សព្វផ្សាយដល់ពួកគេនូវអ្វីដែលគេបញ្ជូនមកឲ្យខ្ញុំនោះ។

(34) ហើយបងប្រុសរបស់ខ្ញុំ ហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាបញ្ជូនគាត់ឲ្យទៅជាមួយខ្ញុំជាជំនួយការដែលជួយសម្រួលក្នុងពេលដែលខ្ញុំនិយាយ ប្រសិនបើហ្វៀរអោន និងបក្សពួករបស់គេបដិសេធនឹងខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំដូចដែលទម្លាប់ធម្មតារបស់ពួកប្រជាជាតិជំនាន់មុនៗដែលគេបានបញ្ជូនអ្នកនាំសារទាំងឡាយទៅកាន់ពួកគេមុនខ្ញុំដែលពួកគេ(ប្រជាជាតិទាំងនោះ)បានបដិសេធចំពោះពួកគេ(បណ្តាអ្នកនាំសារទាំងឡាយ)

(35) អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលឆ្លើយតបចំពោះការស្នើសុំរបស់ព្យាការីមូសាថាៈ យើងនឹងពង្រឹងដល់អ្នក(ឱមូសា)តាមរយៈការបញ្ជូនបងប្រុសរបស់អ្នកឲ្យទៅជាមួយអ្នក ជាអ្នកនាំសារ និងជាជំនួយការម្នាក់។ ហើយយើងនឹងប្រទានឲ្យអ្នកទាំងពីរនូវសញ្ញាភស្តុតាង និងការគាំទ្រ។ ហើយពួកគេមិនអាចធ្វើឲ្យប្រការអាក្រក់ដែលអ្នកទាំងពីរមិនពេញចិត្តនោះប៉ះពាល់ដល់អ្នកទាំងពីរបានឡើយ។ តាមរយៈបណ្តាភស្តុតាងទាំងឡាយរបស់យើងដែលយើងបានបញ្ជូនអ្នកទាំងពីរដោយនាំយកវាទៅនោះ អ្នកទាំងពីរ ហើយនិងអ្នកដែលដើរតាមអ្នកទាំងពីរក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ នឹងទទួលបានជោគជ័យ។

(36) ហើយនៅពេលដែលព្យាការីមូសាបាននាំមកកាន់ពួកគេនូវបណ្តាភស្តុតាងរបស់យើងយ៉ាងច្បាស់លាស់នោះ ពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីការកុហកបោកប្រាស់ដែលមូសាបានប្រឌិតវាឡើងប៉ុណ្ណោះ ហើយពួកយើងមិនដែលបានលឺរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួកយើងមុនៗមកម្លេះ។

(37) ហើយព្យាការីមូសាបានឆ្លើយតបទៅកាន់ហ្វៀរអោនថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងចំពោះអ្នកដែលត្រឹមត្រូវដែលបាននាំមកនូវការចង្អុលបង្ហាញអំពីទ្រង់ ហើយទ្រង់ក៏ដឹងផងដែរចំពោះអ្នកណាដែលទទួលបាននូវលទ្ធផលចុងក្រោយដ៏គួរឲ្យកោតសរសើរនាថ្ងៃបរលោកនោះ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនបានទទួលជោគជ័យតាមក្តីប្រាថ្នារបស់ពួកគេនោះឡើយ ហើយក៏មិនអាចរួចខ្លួនបានដែរពីអ្វីដែលពួកគេខំរត់គេចអំពីវានោះ។

(38) ហើយហ្វៀរអោនបាននិយាយទៅកាន់ពួកមន្ត្រីដែលជាបក្សពួករបស់គេថាៈ ឱពួកមន្ត្រីទាំងឡាយ! យើងមិនដែលដឹងសោះថា ពួកអ្នកមានម្ចាស់ផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីយើងនោះ។ ឱហាម៉ាន! ចូរអ្នកដុតដីធ្វើជាដុំឥដ្ឋឲ្យយើង រួចសាងសង់វិមានមួយយ៉ាងខ្ពស់ឲ្យយើងដើម្បីយើងនឹងឡើងទៅមើលម្ចាស់របស់មូសា ហើយឈនៅចំពោះមុខទ្រង់។ ពិតប្រាកដណាស់ យើងគិតថា មូសា គឺជាអ្នកដែលកុហកបោកប្រាស់ចំពោះអ្វីដែលគេអះអាងថា ពិតណាស់ រូបគេគឺត្រូវបានបញ្ជូនមកពីអល់ឡោះមកកាន់យើងនិងមកកាន់ក្រុមរបស់យើងនោះ។

(39) ហើយហ្វៀរអោន និងពលទាហានរបស់គេកាន់តែក្រអឺតក្រទម ព្រមទាំងតម្កើងខ្លួននៅលើទឹកដីអាហ្ស៊ីបនេះដោយមិនសមហេតុផល។ ពួកគេបានបដិសេធនឹងការពង្រស់មនុស្សឡើងវិញ ហើយពួកគេគិតថា ពិតណាស់ ពួកគេនឹងមិនត្រូវវិលត្រឡប់មកកាន់យើងវិញនាថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលទណ្ឌកម្មនោះឡើយ។

(40) ក្រោយមក យើងបានក្របួចគេ ហើយនិងពលទាហានទាំងឡាយរបស់គេ រួចហើយក៏បានបោះពួកគេចូលទៅក្នុងសមុទ្រដោយធ្វើឲ្យពួកគេលិចលង់(ក្នុងទឹកសមុទ្រ)រហូតដល់ពួកគេវិនាសអន្តរាយទាំងអស់គ្នា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកបំពាននិងទីបញ្ចប់របស់ពួកគេយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ ហើយនិងទីបញ្ចប់របស់ពួកគេនោះ គឺមានតែការវិនាសអន្តរាយ។

(41) ហើយយើងបានធ្វើឲ្យពួកគេក្លាយជាគំរូសម្រាប់ពួកដែលបំពាន និងពួកដែលធ្វើឲ្យគេវង្វេងដែលអំពាវនាវមនុស្សទៅកាន់ភ្លើងនរក តាមរយៈអ្វីដែលគេបានបណ្តុះ(ធ្វើឲ្យរីកសាយភាយ)អំពីការប្រឆាំងនិងភាពវង្វេង។ ហើយនៅថ្ងៃបរលោក ពួកគេមិនត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ គេនឹងបន្ថែមនូវទណ្ឌកម្មទ្វេដងចំពោះពួកគេដោយសារតែពួកគេបានបង្កើតនូវប្រការអាក្រក់មួយក្នុងចំណោមប្រការអាក្រក់ទាំងឡាយ ហើយការអំពាវនាវទៅកាន់វា គឺស្ថិតក្នុងចំណោមភាពវង្វេង។ គេកត់ត្រា(បាបកម្ម)ចំពោះពួកគេនូវបាបកម្មនៃទង្វើរបស់ពួកគេ ហើយនិងបាបកម្មពីទង្វើរបស់អ្នកដែលអនុវត្តទង្វើនោះតាមពូកគេថែមទៀត។

(42) ហើយបន្ថែមពីលើទណ្ឌកម្មរបស់ពួកគេ(នៅថ្ងៃបរលោក)នោះទៀត គឺយើងនឹងធ្វើឲ្យពួកគេទទួលរងនូវភាពអាម៉ាសនិងការដាក់បណ្តានៅក្នុងលោកិយនេះ(ដោយវា)នៅតាមចងពៀរពួកគេ។ ហើយនៅថ្ងៃបរលោក ពួកគេគឺស្ថិតក្នុងចំណោមពួកដែលត្រូវបានគេស្តីបន្ទោស និងត្រូវបណ្តេញឲ្យឃ្លាតចេញឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ។

(43) ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ក្រោយពីយើងបានបញ្ជូនបណ្តាអ្នកនាំសាររបស់យើងទៅកាន់ប្រជាជាតិជំនាន់មុន តែពួកគេបានបដិសេធនឹងអ្នកនាំសារទាំងនោះ ហើយយើងក៏បានបំផ្លាញពួកគេដោយសារតែការបដិសេធរបស់ពូកគេចំពោះបណ្តាអ្នកនាំសារទាំងឡាយ។ នៅក្នុងគម្ពីរ(តាវរ៉ត)នោះ គឺមាននូវអ្វីដែលជាការបំភ្លឺដល់មនុស្សលោកនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេដើម្បីឲ្យពួកគេអនុវត្តន៍វា ហើយនិងអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ ដើម្បីឲ្យពួកគេបោះបង់វាចោល។ ហើយនៅក្នុគម្ពីរនោះផងដែរ គឺជាការចង្អុលបង្ហាញទៅកាន់ប្រការល្អនិងជាក្តីមេត្តាករុណា ដោយសារតែក្នុងវានោះ គឺមាននូវប្រការល្អទាំងឡាយទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ សង្ឃឹមថាពួកគេនឹងនឹកឃើញពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ហើយថ្លែងអំណរគុណចំពោះទ្រង់ ព្រមទាំងមានជំនឿលើទ្រង់។

(44) ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជាដល់មូសាដោយការបញ្ជូនគេ(ធ្វើជាអ្នកនាំសារ)ទៅកាន់ហ្វៀរអោននិងមន្ត្រីរបស់គេនោះ។ ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកដែលមានវត្តមាន ដែលធ្វើឲ្យអ្នកបានដឹងនូវរឿងរ៉ាវនោះហើយនិទានវាប្រាប់ដល់មនុស្សនោះដែរ។ តាមពិត អ្វីដែលអ្នកបាននិទានប្រាប់ដល់ពួកគេនោះ គឺជាវ៉ាហ៊ីពីអល់ឡោះទៅកាន់អ្នកប៉ុណ្ណោះ។

(45) ក៏ប៉ុន្តែ យើងបានបង្កើតប្រជាជាតិ និងម៉ាខ្លូកជាច្រើនបន្ទាប់ពីព្យាការីមូសា ។ ពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង រហូតទាល់តែពួកគេភ្លេចពីកិច្ចសន្យារបស់អល់ឡោះ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ាទយ៉ាន់ ដោយអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះដែរ ក៏ប៉ុន្តែ យើងទេដែលបានតែងតាំងអ្នកធ្វើជាអុ្នកនាំសារអំពីយើង ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវរឿងរ៉ាវរបស់ព្យាការីមូសា និងការស្នាក់នៅរបស់គេ(ព្យាការីមូសា)នៅក្នុងទឹកដីម៉ាទយ៉ាន់នោះ ហើយអ្នកក៏បានរៀបរាប់ប្រាប់ដល់មនុស្សលោកនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកអំពីរឿងរ៉ាវនោះ។

(46) ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងបានស្រែកហៅមូសាហើយបានវ៉ាហ៊ីទៅកាន់គេ រហូតដល់អ្នក(អាចដឹងពីរឿងរ៉ាវទាំងនោះ រួចហើយ)និយាយរឿងនោះប្រាប់ដល់ពួកគេនោះ។ ក៏ប៉ុន្តែ យើងបានចាត់បញ្ជូនអ្នក(ធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីម្ចាស់របស់អ្នកចំពោះមនុស្សលោកទាំងអស់ប៉ុណ្ណោះ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវដំណឹងនោះដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយ(ពួកអារ៉ាប់គូរ៉័ស្ហ)ដែលគ្មានអ្នកនាំសារណាម្នាក់ទៅដល់ពួកគេមុនអ្នកដែលដាស់តឿនព្រមានពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងយកវាធ្វើជាមេរៀន ហើយមានជំនឿចំពោះអ្វីដែលអ្នកបានពាំនាំទៅកាន់ពួកគេពីអល់ឡោះជាម្ចាស់។

(47) ហើយប្រសិនបើពួកគេមិនទទួលរងនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់ដោយសារតែការប្រឆាំង និងការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយពួកគេនិយាយដោះសារដោយសារតែគ្មានអ្នកនាំសារបានទៅដល់ពួកគេថាៈ ហេតុអ្វីបានជាគេមិនតែងតាំងអ្នកនាំសារម្នាក់មកកាន់ពួកយើង ដើម្បីឲ្យពួកយើងដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌរបស់ទ្រង់ និងអនុវត្តតាមវា និងដើម្បីឲ្យពួកយើងក្លាយជាអ្នកដែលមានជំនឿដែលអនុវត្តតាមបទបញ្ជាទាំងឡាយនៃម្ចាស់របស់ពួកគេ? ប្រសិនបើមិនព្រោះតែដូច្នេះទេនោះ យើងនឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខានឡើយ។ ក៏ប៉ុន្តែ យើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូតដល់ពេលដែលយើងបានតែងតាំងអ្នកនាំសារទៅកាន់ពួកគេសិន។

(48) ហើយនៅពេលដែលព្យាការីមូហាំម៉ាត់បានទៅដល់ពួកគូរ៉័ស្សដោយនាំនូវសារពីម្ចាស់របស់គាត់នោះ ពួកគេ(គូរ៉័ស្ស)បានសួរពួកយូដាអំពីគាត់(មូហាំម៉ាត់) ហើយពួកគេ(យូដា)ក៏បានបង្រៀន(ប្រាប់)ពួកគេ(ពួកគូរ៉័ស្ហ)នូវអំណះអំណាងនេះ ដោយពួកគេនិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឲ្យមូហាំម៉ាត់ដូចអ្វីដែលគេបានផ្ដល់ឲ្យមូសាអំពីអច្ឆរិយភាពទាំងឡាយដែលបង្ហាញថា រូបគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសារពីម្ចាស់របស់គេ ដូចជាដៃ និងដំបង(ដូចព្យាការីមូសា)នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ តើពុំមែនទេឬដែលពួកយូដាក៏ធ្លាប់បានបដិសេធនឹងអ្វីដែលគេបានប្រទានដល់ព្យាការីមូសាពីមុនដែរនោះ? ហើយពួកគេបាននិយាយចំពោះគម្ពីរតាវរ៉តនិងគម្ពីរគួរអានថាៈ តាមពិត វាទាំងពីរនេះគឺជាមន្តអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបដិសេធរាល់អ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរគួរអាននេះ។

(49) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉ត និងគម្ពីរគួរអានមកចុះ។ ប្រសិនបើពួកអ្នកអាចនាំមកនោះ ខ្ញុំនឹងប្រតិបត្តិតាមវាប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរតាវរ៉តនិងគម្ពីរគួរអាន គឺជាមន្តអាគមមែននោះ។

(50) តែប្រសិនបើពួកគូរ៉័ស្ហមិនអាចឆ្លើយតបចំពោះអ្នកនូវអ្វីដែលអ្នកស្នើសុំពីពួកគេដោយឲ្យនាំមកនូវគម្ពីរណាមួយដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉តនិងគម្ពីរគួរអានទេនោះ ចូរអ្នកដឹងឲ្យបានច្បាស់ថាៈ ពិតប្រាកដណាស់ ការបដិសេធរបស់ពួកគេចំពោះវាទាំងពីរ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន)នោះ គឺមិនមែនពាក់ព័ន្ធនឹងបញ្ហាភស្តុតាងនោះទេ។ តាមពិត ពួកគេគ្រាន់តែធ្វើតាមទំនើងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់ដែលវង្វេងជាងអ្នកដែលធ្វើតាមទំនើងចិត្តខ្លួនឯងដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះនោះទេ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនផ្តល់ការចង្អុលបង្ហាញនិងការណែនាំចំពោះក្រុមដែលបំពានលើខ្លួនឯងដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនោះឡើយ។

(51) ហើយជាការពិតណាស់ យើងបានបញ្ជាក់ជារឿយៗដល់ពួកមុស្ហរីគីន និងពួកយូដានៃអម្បូរអ៊ីស្រាអែលតាមរយៈរឿងរ៉ាវរបស់ប្រជាជាតិជំនាន់មុនៗ ហើយនិងទណ្ឌកម្មដែលយើងបានទម្លាក់ទៅលើពួកគេនៅពេលដែលពួកគេបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់យើង សង្ឃឹមថាពួកគេនឹងយករឿងទាំងនោះធ្វើជាមេរៀន ហើយពួកគេមានជំនឿ ដើម្បីកុំឲ្យពួកគេទទួលរងគ្រោះដូចអ្វីដែលពួកគេ(ប្រជាជាតិជំនាន់មុនៗ)បានទទួលរង។

(52) បណ្តាអ្នកដែលនៅតែមានជំនឿនឹងគម្ពីរតាវរ៉តមុននឹងការបញ្ចុះគម្ពីរគួរអាននោះ ពួកគេក៏ជាអ្នកដែលមានជំនឿនឹងគម្ពីរគួរអានផងដែរ ដោយសារតែពួកគេបានប្រទះឃើញនួវដំណឹង និងលក្ខណៈរបស់វា(គម្ពីរគួរអាន)នៅក្នុងបណ្តាគម្ពីរបស់ពួកគេ។

(53) ហើយនៅពេលដែលគេសូត្រវា(គម្ពីរគួរអាន)ឲ្យពួកគេស្តាប់ ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវាហើយ។ ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មានការសង្ស័យចំពោះវានោះទេ ហើយដែលត្រូវបានបញ្ចុះមកពីម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលព្រមទទួលយកសាសនាឥស្លាមមុននឹងការបញ្ចុះគម្ពីរគួរអាននេះទៅទៀតដោយសារតែពួកយើងមានជំនឿចំពោះអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមកមុនវា(មុនគម្ពីរគួរអាន)

(54) បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងទាំងនេះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវផលបុណ្យទៅលើទង្វើរបស់ពួកគេទ្វេដង ដោយសារតែការអត់ធ្មត់របស់ពួកគេលើការមានជំនឿនឹងគម្ពីររបស់ពួកគេ ហើយនិងការមានជំនឿរបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់នៅពេលដែលគាត់ត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)។ ពួកគេច្រានចោលប្រការអាក្រក់ដែលពួកគេធ្លាប់បានធ្វើនោះនឹងទង្វើកុសលទាំងឡាយ ហើយពួកគេបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេក្នុងផ្លួវល្អ។

(55) ហើយនៅពេលដែលបណ្តាអ្នកមានជំនឿទាំងនោះបានលឺពីពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)នូវពាក្យសម្តីដែលមិនត្រឹមត្រូវ(គ្មានប្រយោជន៍)នោះ ពួកគេងាកចេញពីវាដោយមិនងាកទៅរកវាឡើយ ហើយពួកគេ(អ្នកមានជំនឿ)បាននិយាយទៅកាន់ពួកទាំងនោះថាៈ ការតបស្នងចំពោះទង្វើរបស់ពួកយើងនោះ គឺសម្រាប់ពួកយើង ហើយការតបស្នងចំពោះទង្វើរបស់ពួកអ្នកនោះ គឺសម្រាប់ពួកអ្នក។ ពួកអ្នកទទួលបាននូវសុខសន្តិភាពពីពួកយើងអំពីការជេរប្រទេចនិងការបង្កនូវគ្រោះថ្នាក់នានា។ ពួកយើងមិនគប្បីរាប់អានពួកដែលល្ងង់ខ្លៅនោះទេ ដោយសារតែការរាប់អានពួកដែលល្ងង់ខ្លៅនោះ គឺនាំមកនូវគ្រោះថ្នាក់ និងប្រការអាក្រក់ ទាំងទៅលើសាសនានិង(ការរស់នៅ)ក្នុងលោកិយ។

(56) ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់ ដូចជាអាពូតឡឹប និងអ្នកផ្សេងទៀតជាដើម តាមរយៈការផ្តល់ការចង្អុលបង្ហាញដល់គេឲ្យមានជំនឿនោះឡើយ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបានការចង្អុលបង្ហាញ។ ហើយទ្រង់ក៏បានដឹងពីមុនរួចស្រេចដែរដែលថា ជនណាដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ។

(57) ហើយពួកមុស្ហរីគីនម៉ាក្កះបាននិយាយដោះសារចំពោះការប្រកាន់តាមសាសនាឥស្លាម និងការមានជំនឿនឹងវាថាៈ ប្រសិនបើពួកយើងតាមសាសនាឥស្លាមដែលអ្នកបាននាំវាមកនេះ សត្រូវរបស់ពួកយើងប្រាកដជានឹងបណ្តេញពួកយើងចេញពីទឹកដីរបស់ពួកយើងយ៉ាងឆាប់រហ័សជាមិនខាន។ តើយើង(អល់ឡោះ)មិនបានផ្តល់ឲ្យពួកមុស្ហរីគីនទាំងនោះនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ)ដែលគេហាមឃាត់នៅក្នុងវានូវការបង្ហូរឈាមគ្នានិងការបំពាន(ទៅលើគ្នា) ដោយពួកគេរស់នៅក្នុងវាប្រកបដោយសុខសុវត្ថិភាពអំពីការវាយប្រហារពីសំណាក់អ្នកដទៃទៅលើពួកគេ និងទទួលបាននូវផល្លានុផលគ្រប់ប្រភេទ ជាលាភសក្ការៈអំពីយើងដែលយើងប្រទានវាទៅឲ្យពួកគេទេឬ? ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនូវឧបការគុណដែលអល់ឡោះបានប្រទានដល់ពួកគេ ហើយថ្លែងអំណគុណទ្រង់ចំពោះវានោះទេ។

(58) ហើយមានភូមិស្រុកជាច្រើនដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់វា(ស្រុកភូមិ) ដោយពួកគេលិចលង់ក្នុងអំពើបាបកម្មនិងអំពើល្មើសនានា។ ដូច្នេះ យើងក៏បានបញ្ជូនទណ្ឌកម្មទៅកាន់វា(ភូមិស្រុក) ហើយយើងក៏បានបំផ្លាញវា(ភូមិស្រុក)នឹងទណ្ឌកម្មនោះ។ ហើយលំនៅដ្ឋានរបស់ពួកគេដែលត្រូវបានបំផ្លាញនោះ មនុស្សលោកបានដើរឆ្លងកាត់វា តែគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែងតែបន្តិចបន្តួចនៃអ្នកដំណើរ(ដែលរស់នៅបណ្តោះអាសន្តនៅទីនោះ)ប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមត៌ក ដែលយើងទទួលមត៌កមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្នកដែលនៅក្នុងវាទាំងពីរ។

(59) ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនដែលបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រាតែទ្រង់បានផ្តល់ហេតុផលដល់ពួកគេតាមរយៈការតែងតាំងនូវអ្នកនាំសារម្នាក់នៅក្នុងភូមិស្រុកដ៏ធំមួយនោះ ដូចដែលយើងបានតែងតាំងអ្នក(ព្យាការីមូហាំម៉ាត់)នៅក្នុងទឹកដីម៉ាក្កះនេះដូច្នោះដែរ។ ហើយយើងមិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយឡើយខណៈដែលពួកគេស្ថិតនៅលើការពិតនោះ។ តាមពិត យើងបំផ្លាញពួកគេ ដោយសារតែពួកគេជាពួកដែលបំពានដោយការប្រឆាំង និងការសាងទង្វើបាបកម្មនានាប៉ុណ្ណោះ។

(60) អ្វីក៏ដោយដែលម្ចាស់របស់ពួកអ្នកបានប្រទានដល់ពួកអ្នកនោះ វាគ្រាន់តែជាអ្វីដែលពួកអ្នកសើយសុខ និងជាការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ ក្រោយមកវានឹងបាត់បង់ទៅវិញមិនខាន។ ក៏ប៉ុន្តែ ផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោកដែលនៅជាមួយអល់ឡោះនោះ គឺល្អប្រសើរនិងគង់វង្សជាងការសើយសុខនិងការតុបតែងលម្អដែលនៅក្នុងលោកិយនេះទៅទៀត។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនោះ ដោយផ្តល់អាទិភាពចំពោះអ្វីដែលគង់វង្សជាងអ្វីដែលនឹងត្រូវវិនាសទេឬ?

(61) តើអ្នកដែលយើងបានសន្យាចំពោះគេនៅថ្ងៃបរលោក(ថានឹងប្រទានដល់គេ)នូវឋានសួគ៌ ហើយនិងអ្វីដែលមាននៅក្នុងវានៃភាពសុខសាន្តជានិរន្តន៍នោះ ដូចគ្នានឹងអ្នកដែលយើងបានប្រទានដល់គេនូវអ្វីដែលគ្រាន់តែជាការសើយសុខអំពីទ្រព្យសម្បត្តិ និងការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះ រួចក្រោយមក នៅថ្ងៃបរលោក គេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់នរកជើហាន់ណាំដែរឬទេ?

(62) ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងហៅពួកគេដោយបន្ទូលទ្រង់ថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីយើង ហើយពួកអ្នកអះអាងទៀតវា ពិតណាស់ ពួកវាគឺជាដៃគួរបស់យើងនោះនៅឯណាទៅ?

(63) ពួកដែលទណ្ឌកម្មត្រូវធ្លាក់ទៅលើពួកគេក្នុងចំណោមពួកដែលអំពាវនាវគេទៅកាន់ការប្រឆាំងនោះបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! ពួកទាំងនេះហើយដែលពួកយើងបានធ្វើឲ្យពួកគេវង្វេងដូចដែលពួកយើងបានវង្វេង(ខ្លួនឯង)ដែរ។ ពួកយើងសូមដកខ្លួនចេញពីពួកគេទៅកាន់ទ្រង់វិញហើយ។ ពួកគេមិនបានគោរពសក្ការៈចំពោះពួកយើងនោះទេ។ តាមពិត ពួកគេគោរពសក្ការៈចំពោះពួកស្ហៃតនប៉ុណ្ណោះ។

(64) ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្រែកហៅព្រះនានារបស់ពួកអ្នកដើម្បីឲ្យពួកវាជួយពួកអ្នកឲ្យរួចផុតអំពីភាពអាម៉ាស់ដែលពួកអ្នកកំពុងតែទទួលបាននេះមើល៍។ ពេលនោះ ពួកគេក៏បានស្រែកហៅព្រះនានារបស់ពួកគេ ក៏ប៉ុន្តែពួកវាមិនបានឆ្លើយតបនឹងការស្រែកហៅរបស់ពួកគេនោះទេ ហើយពួកគេក៏បានឃើញទណ្ឌកម្មដែលគេបានត្រៀមសម្រាប់ពួកគេ។ ពេលនោះ ពួកគេគិតថា ប្រសិនបើនៅក្នុងលោកិយ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅរកការពិតនោះ (ពួកគេនឹងមិនទទួលទណ្ឌកម្មឡើយ)

(65) ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងស្រែកហៅពួកគេថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនពួកគេទៅកាន់ពួកអ្នកនោះ?

(66) ហើយអ្វីដែលពួកគេយកធ្វើជាអំណះអំណាងនោះបានលាក់កំបាំងពីពួកគេ ដោយពួកគេនឹកមិនឃើញអ្វីបន្តិច(អំពីវា)នោះឡើយ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ ដោយសារតែពួកគេនៅក្នុងថ្ងៃនោះ ពោរពេញទៅដោយភាពភ័យរន្ធត់យ៉ាងខ្លាំងដោយសារតែពួកគេបានដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេនឹងត្រូវទទួលទណ្ឌកម្ម(ដោយចៀសមិនផុតឡើយ)

(67) រីឯជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកមុស្ហរីគីនទាំងនោះអំពីការប្រឆាំងរបស់គេ ហើយគេមានជឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងនូវទង្វើកុសលវិញនោះ សង្ឃឹមថា ពួកគេនឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យទៅតាមអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេបានរត់គេចចេញអំពីវា។

(68) ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារ) ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនាចង់បង្កើតវា ហើយទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាឲ្យគោរពប្រតិបត្តិចំពោះទ្រង់ និងផ្តល់ភាពជាព្យាការីដល់គេ។ ហើយសម្រាប់ពួកមុស្ហរីគីន ពួកគេគ្មានជម្រើសរហូតដល់គេអាច(ជ្រើសរើសយកការ)ប្រឆាំងនឹងអល់ឡោះនោះទេ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានគោរពសក្ការៈចំពោះព្រះនានារួមនឹងទ្រង់នោះ។

(69) ហើយម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលដួងចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។

(70) ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរទាំងឡាយនៅក្នុងលោកិយគឺសម្រាប់ទ្រង់តែមួយគត់ ហើយរាល់ការសរសើរទាំងឡាយនៅថ្ងៃបរលោក ក៏សម្រាប់ទ្រង់តែមួយគត់ដែរ។ ហើយការកាត់សេចក្តីដ៏សុក្រឹតដែលគេមិនអាចច្រានចោលនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់) ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។

(71) ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលយប់នៅស្ថិតស្ថេររហូតទៅលើពួកអ្នកដោយគ្មានឈប់(គ្មានពេលភ្លឺ)រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះណាផ្សេង(ដែលគេគោរពសក្ការៈ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺដូចជាពន្លឺភ្លឺនាពេលថ្ងៃមកឲ្យពួកអ្នកបាននោះ? ដូច្នេះ តើពួកអ្នកមិនស្តាប់ភស្តុតាងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺមកកាន់ពួកអ្នកទេឬ?

(72) ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលថ្ងៃនៅស្ថិតស្ថេររហូតទៅលើពួកអ្នក(ដោយគ្មានពេលយប់)រហូតដល់ថ្ងៃបរលោក តើមានព្រះឯណា(ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពេលយប់មកឲ្យពួកអ្នកដែលអាចឲ្យពួកអ្នកស្នាក់នៅក្នុងវាដើម្បីពួកអ្នកអាចសម្រាកពីភាពនឿយហត់នៃកិច្ចការផ្សេងៗនាពេលថ្ងៃបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលភស្តុតាងទាំងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំវាទាំងអស់នោះមកកាន់ពួកអ្នកទេឬ?

(73) ហើយក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះនោះ ទ្រង់បានបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យពួកអ្នកស្នាក់នៅ(សម្រាក)ក្នុងវា ក្រោយពីពួកអ្នកមានភាពនឿយហត់ពីកិច្ចការនានានៅពេលថ្ងៃ ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមានពន្លឺភ្លឺសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកស្វែងរកលាភសក្ការៈនៅក្នុងវា(ពេលថ្ងៃ)ផងដែរ និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកអ្នក ហើយមិនរមិលគុណចំពោះឧបការគុណទាំងនោះនោះទេ។

(74) ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក) ម្ចាស់របស់ពួកគេនឹងហៅពួកគេដោយទ្រង់មានបន្ទូលថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីយើង ហើយពួកអ្នកអះអាងទៀតថា ពិតណាស់ ពួកវាគឺជាដៃគូរបស់យើងនោះនៅឯណាទៅ?

(75) ហើយយើង(អល់ឡោះ)បាននាំយកព្យាការីម្នាក់យកពីគ្រប់ប្រជាជាតិទាំងអស់ដើម្បីធ្វើជាសាក្សីទៅលើប្រជាជាតិនោះចំពោះអ្វីដែលប្រជាជាតិនោះធ្លាប់បានប្រឆាំងនិងបដិសេធ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបដិសេធក្នុងចំណោមប្រជាជាតិទាំងនោះថាៈ ចូរពួកអ្នកផ្តល់នូវភស្តុតាងរបស់ពួកអ្នកដែលបង្ហាញ(ពីភាពត្រឹមត្រូវ)ទៅលើអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងនិងបដិសេធនោះមក។ ពេលនោះ ភស្តុតាងទាំងឡាយរបស់ពួកគេបានកាត់ផ្តាច់ ហើយពួកគេបានដឹងច្បាស់យ៉ាងថា ពិតប្រាកដណាស់ ការពិតដែលគ្មានភាពមន្ទិលសង្ស័យឡើយនៅក្នុងវានោះ គឺសម្រាប់អល់ឡោះ។ ហើយព្រះនានាដែលពួកគេធ្លាប់បានប្រឌិតបង្កើតវាធ្វើជាដៃគូសម្រាប់អល់ឡោះនោះ បានបាត់បង់ អវត្តមានពីពួកគេ។

(76) ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងចំណោមក្រុមរបស់ព្យាការីមូសា តែគេបានក្អេងក្អាងលើពួកគេ។ ហើយយើងបានប្រទានឲ្យគេនូវកំណប់ទ្រព្យសម្បត្តិមួយចំនួនដែលកូនសោរនៃកំណប់ទ្រព្យរបស់គេនោះ ពិតជា(មានទម្ងន់)ធ្ងន់ចំពោះពួកបុរសៗដែលមានកម្លាំងខ្លាំងក្លាក្នុងការលី(កូនសោរទាំងនោះ) ខណៈដែលក្រុមរបស់គេបានពោលទៅកាន់គេ(ករូន)ថាៈ ចូរអ្នកកុំសប្បាយហួសហេតុពេក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពេញចិត្តពួកដែលសប្បាយហួសហេតុពេកនោះទេ។ ផ្ទុយទៅវិញ ទ្រង់ខឹងសប្បារចំពោះពួកគេ ហើយដាក់ទណ្ឌកម្មពួកគេចំពោះទង្វើនេះ។

(77) ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកអំពីទ្រព្យសម្បត្តិដែលអល់ឡោះបានប្រទានដល់អ្នកតាមរយៈការបរិច្ចាគវាទៅក្នុងផ្លូវល្អ។ ហើយចូរអ្នកកុំភ្លេចចំណែករបស់អ្នកអំពីការទទួលទាន ការផឹក ការស្លៀកពាក់ និងអ្វីផ្សេងៗទៀតដែលជាឧបការគុណនោះ តែមិនត្រូវមានការខ្ជះខ្ជាយ និងគំរិះហួសហេតុនោះទេ។ ហើយចូរអ្នកមានទំនាក់ទំនងល្អជាមួយនឹងម្ចាស់របស់អ្នក និងជាមួយខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដូចដែលទ្រង់បានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នកកុំស្វែងរកការបង្កភាពវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្ម និងបោះបង់ចោលការគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ឲ្សសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ចូលចិត្តពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រព្រឹត្តទង្វើដូច្នោះនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះពួកគេ។

(78) ករូនបាននិយាយថាៈ តាមពិត អ្វីដែលគេប្រទានឲ្យខ្ញុំអំពីទ្រព្យសម្បតិ្តទាំងនេះ គឺដោយសារតែចំណេះវិជ្ជា និងសមត្ថភាពដែលខ្ញុំមានប៉ុណ្ណោះ។ ពិតណាស់ ខ្ញុំសាកសមនឹងទទួលបានដូច្នោះហើយ។ តើករូនមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនមុនរូបគេ ហើយពួកគេ(ប្រជាជាតិជំនាន់មុន) គឺជាក្រុមដែលខ្លាំងក្លា និងមានទ្រព្យសម្បត្តិច្រើនជាងរូបគេ(ករូន)ទៅទៀតនោះ? ប៉ុន្តែភាពខ្លាំងក្លារបស់ពួកគេនិងទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយនៅថ្ងៃបរលោក គេមិនសួរពួកដែលប្រព្រឹត្តល្មើសពីអំពើបាបរបស់ពួកគេនោះឡើយ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតអំពីវា(បាបកម្មរបស់ពួកគេ)។ ពិតប្រាកដណាស់ ការសាកសួទៅកាន់ពួកគេនោះ គឺគ្រាន់តែជាការសួរបែបរិះគន់ និងស្តីបន្ទោសប៉ុណ្ណោះ។

(79) ក្រោយមក ករូនបានចាកចេញទៅកាន់ក្រុមរបស់គេក្នុងលក្ខណៈតុបតែងដែលស្តែងចេញពីភាពអំណួងក្អេងក្អាងរបស់គេ។ (ឃើញដូចនេះ) ពួកដែលប្រាថ្នាចង់បានតែការតុបតែងលម្អនៃឆាកជីវិតលោកិយក្នុងចំណោមក្រុមរបស់ករូនក៏បាននិយាយថាៈ អ្ហា៎! ពួកយើងចង់ឲ្យគេប្រទានដល់ពួកយើងនូវការតុបតែងលម្អនៅក្នុងលោកិយនេះដូចអ្វីដែលគេប្រទានឲ្យករូនដែរ។ ពិតប្រាកដណាស់ ករូនពិតជាមនុស្សដែលមានសំណាងមែនទែន។

(80) រីឯបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឲ្យវិញ នៅពេលដែលពួកគេបានឃើញករូនស្ថិតក្នុងលក្ខណៈតុបតែងលម្អ និងបានលឺនូវអ្វីដែលមិត្តភក្តិរបស់គេប្រាថ្នាចង់បាន(ដូចករូន)នោះ បាននិយាយថាៈ អន្តរាយហើយពួកអ្នក! ផលបុណ្យរបស់អល់ឡោះនៅថ្ងៃបរលោក និងឧបការគុណដែលទ្រង់បានត្រៀមទុកសម្រាប់អ្នកដែលមានជំនឿចំពោះទ្រង់ ហើយសាងនូវទង្វើកុសលនោះ គឺល្អប្រសើរជាងអ្វីដែលគេផ្តល់ឲ្យករូនអំពីលាភសក្ការៈលោកិយនេះទៅទៀត។ ហើយគ្មាននរណាម្នាក់ដែលត្រូវបានគេចង្អុលបង្ហាញឲ្យរូបគេនិយាយដូច្នេះ(ពាក្យសម្តីខាងលើនេះ) និងអនុវត្តតាមអ្វីដែលគេបាននិយាយនេះនោះឡើយ លើកលែងតែបណ្តាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ ដែលពួកគេអត់ធ្មត់ចាំទទួលផលបុណ្យដែលមាននៅជាមួយអល់ឡោះជាជាងទ្រព្យសម្បត្តិលោកិយដែលនឹងត្រូវវិនាសបាត់បង់នេះ។

(81) ដូច្នេះ យើងក៏បានឲ្យដីលេបយកខ្លួនគេ(ករូន)និងលំនៅដ្ឋានរបស់គេ ហើយនិងអ្នកដែលនៅក្នុងវាទាំងអស់ ជាការដាក់ទោសចំពោះការបំពានរបស់គេ។ ហើយគ្មានក្រុមណាមួយអាចជួយដល់គេក្រៅពីអល់ឡោះនោះឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបាននោះដែរ។

(82) ហើយពួកដែលប្រាថ្នាចង់បានដូចអ្វីដែលករូនមាន ដូចជាទ្រព្យសម្បត្តិ និងការតុបតែងលម្អមុនពេលដែលដីបានលេបយកគេ(ករូន)នោះ បាននិយាយដោយភាពសោកស្តាយ និងយកជាមេរៀន(ចំពោះរឿងនោះ)ថាៈ តើពួកយើងមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ទ្រង់សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតវា(លាភសក្ការៈនោះ)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេនោះ? ប្រសិនបើអល់ឡោះទ្រង់មិនបានផ្តល់ក្តីមេត្តាដល់ពួកយើងដោយទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ(កាលថ្ងៃមុន)ទេនោះ ប្រាកដជាទ្រង់នឹងពន្លិចពួកយើងចូលទៅក្នុងដីដូចដែលទ្រង់បានពន្លិច(ធ្វើឲ្យដីស្រូប)ករូនដែរជាមិនខានឡើយ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងមិនទទួលជោគជ័យឡើយ មិនថានៅក្នុងលោកិយឬនៅថ្ងៃបរលោកនោះទេ។ ផ្ទុយទៅវិញ កន្លែងវិលត្រឡប់របស់ពួកគេ ហើយនិងលទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរលោកប៉ុណ្ណោះ។

(83) លំនៅដ្ឋាននៅថ្ងៃបរលោកនោះ គឺយើងបានបង្កើតវាជាលំនៅដ្ឋាននៃការសើយសុខ និងជាការលើកតម្កើងសម្រាប់បណ្តាអ្នកដែលគ្មានបំណងក្រអឺតក្រទមនៅលើផែនដីដោយងាកចេញពីការមានជំនឿនឹងការពិតនិងការដើរតាមវា ព្រមទាំងគ្មានបំណងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏គួរឲ្យកោតសរសើរនោះ គឺការសើយសុខ សប្បាយរីករាយដែលមាននៅក្នុងឋានសួគ៌ ហើយនិងការទទួលបាននូវការពេញចិត្តពីអល់ឡោះចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយការអនុវត្តតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។

(84) នៅថ្ងៃបរលោក ជនណាហើយដែលបាននាំមកនូវអំពើល្អ(ដូចជាការសឡាត ហ្សាកាត់ និងការបួសជាដើមនោះ) ពិតណាស់ គេនឹងទទួលបាននូវការតបស្នងល្អប្រសើរជាងអំពើល្អ(ដែលគេបានសាង)នោះទៅទៀត ដោយអំពើល្អមួយនឹងកើនទ្វេទៅជាដប់។ ចំណែកឯជនណាហើយដែលបាននាំមកនូវអំពើអាក្រក់នៅថ្ងៃបរលោក(ដូចជាការប្រឆាំង ការស៊ីប្រាក់ការ និងការហ៊្សីណាជាដើម)វិញនោះ គឺគេមិនតបស្នងដល់ពួកដែលសាងអំពើអាក្រក់នោះក្រៅពីអ្វីដែលពួកគេបានប្រព្រឹត្តនោះទេ ដោយគ្មានការបន្ថែម(បាបកម្មទ្វេដងដល់គេ)នោះឡើយ។

(85) ពិតប្រាកដណាស់ (អល់ឡោះ)អ្នកដែលបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ហើយដាក់កាតព្វកិច្ចចំពោះអ្នកឲ្យផ្សព្វផ្សាយវា និងឲ្យអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ គឺជាអ្នកដែលត្រឡប់ទៅកាន់ទឹកដីម៉ាក្កះវិញក្នុងនាមជាអ្នកឈ្នះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះជនណាដែលបាននាំមកនូវការចង្អុលបង្ហាញ ហើយនិងជនណាដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ពីការចង្អុលបង្ហាញនិងការពិតនោះ។

(86) ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់សង្ឃឹម(មុននឹងអ្នកត្រូវបានតែងតាំងជាព្យាការី)ទេថា គេនឹងបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ជាវ៉ាហ៊ីអំពីអល់ឡោះនោះ។ ក៏ប៉ុន្តែ ដោយសារក្តីមេត្តាករុណាពីទ្រង់ ទ្រង់សម្រេចបញ្ចុះវា(គម្ពីរគួរអាន)ទៅកាន់អ្នក។ ដូច្នេះ ចូរអ្នកកុំធ្វើជាអ្នកជួយជ្រោមជ្រែងដល់ពួកប្រឆាំងចំពោះអ្វីដែលពួកគេកំពុងស្ថិតនៅក្នុងភាពវង្វេងនោះឲ្យសោះ។

(87) ហើយចូរកុំឲ្យពួកមុស្ហរីគីនទាំងនោះបង្វែរអ្នកចេញអំពីវាក្យខណ្ឌរបស់អល់ឡោះក្រោយពីគេបានបញ្ចុះវាទៅកាន់អ្នកហើយនោះ ដោយអ្នកបោះបង់ការសូត្រ និង(បោះបង់)ការផ្សព្វផ្សាយវាឲ្យសោះ។ ហើយចូរអ្នកអំពាវនាវមនុស្សទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រមទាំងការអនុវត្តតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ ហើយចូរកុំធ្វើឲ្យខ្លួនអ្នកស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក ជាពួកដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈម្ចាស់តែមួយ ដែលពួកគេមិនគោរពសក្ការៈចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ។

(88) ហើយចូរអ្នកកុំគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ ពីព្រោះគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់នឹងត្រូវវិនាស លើកលែងតែវង់ភក្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ដែលទ្រង់កាត់សេចក្តីទៅតាមអ្វីដែលទ្រង់មានចេតនា។ ហើយចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់ទៅកាន់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះនិងទទួលការតបស្នង។