31 - Luqman ()

|

(1) អាលីហ្វ ឡាម មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ)

(2) បណ្តាវាក្យខណ្ឌដែលត្រូវបានបញ្ចុះទៅលើអ្នកនេះ(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលបរិយាយប្រកបទៅដោយគតិបណ្ឌិត។

(3) ហើយវាគឺជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តាដែលសាងអំពើល្អ ដោយពួកគេបានបំពេញនូវសិទ្ធិ(កាតព្វកិច្ច)ម្ចាស់របស់ពួកគេ និងសិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។

(4) គឺបណ្តាដែលប្រតិបត្តិសឡាតយ៉ាងពេញលក្ខណៈ និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេជឿជាក់យ៉ាងពិតប្រាកដចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃបរលោក ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ (ការទទួល)ផលបុណ្យ និង(ការទទួល)ទណ្ឌកម្ម។

(5) បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលស្ថិតនៅលើការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ហើយពួកគេ គឺអ្នកដែលទទួលជោគជ័យ ដោយទទួលបានអ្វីៗដែលពួកគេប្រាថ្នា និងឃ្លាតឆ្ងាយពីអ្វីដែលពួកគេខ្លាចរអា។

(6) ហើយក្នុងចំណោមមនុស្សលោក (ដូចជា អាន់ណាទើរ កូន អាល់ហារីស) គឺមានអ្នកដែលជ្រើសរើសយកពាក្យសម្តីលេងសើចដើម្បីបង្វែរមនុស្សលោកពីសាសនារបស់អល់ឡោះដោយគ្មានចំណេះដឹងឲ្យទៅរកវា ហើយបានយកវាក្យខណ្ឌរបស់អល់ឡោះធ្វើជាការសើចចំអក។ ពួកដែលលក្ខណៈសម្បត្តិបែបនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏គួរឲ្យអាម៉ាស់បំផុតនៅថ្ងៃបរលោក។

(7) ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌទាំងឡាយរបស់យើងឲ្យរូបគេស្តាប់ គឺគេបែរចេញពីវាដោយភាពក្រអឺតក្រទមមិនស្តាប់នោះឡើយ ហាក់ដូចរូបគេមិនបានឮវាសោះ ហាក់ដូចជានៅក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកចុកមិនឲ្យស្តាប់ឮសម្លេងអ្វីសោះ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់គេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតដែលកំពុងតែរង់ចាំរូបគេចុះ។

(8) ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម ដោយពួកគេនឹងសើយសុខជាមួយនឹងអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៅក្នុងឋានសួគ៌នោះ។

(9) ពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ ការសន្យាររបស់អល់ឡោះចំពោះពួកគេដូច្នោះនោះ គឺជាការសន្យាដ៏ពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

(10) អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដែលត្រូវបានបញ្ឈរយ៉ាងខ្ពស់ឡើងដោយគ្មានសសរអ្វីសោះ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឲ្យផែនដីមានការញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដែលមានទេសភាពស្រស់បំព្រង ដែលមនុស្សលោកនិងសត្វធាតុទាំងឡាយអាចទាញយកផលប្រយោជន៍អំពីវាបាន។

(11) អ្វីដែលបានរៀបរាប់នេះ គឺជាការបង្កើតរបស់អល់ឡោះជាម្ចាស់។ ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បង្ហាញឲ្យយើងបានឃើញមក ថាតើមានអ្វីខ្លះដែលអ្នកដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះបានបង្កើតនោះ? ផ្ទុយទៅវិញ ពួកដែលបំពានទាំងឡាយ គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ចេញពីការពិត ដោយពួកគេធ្វើស្ហ៊ីរិកជាមួយម្ចាស់របស់ពួកគេនឹងអ្នកដែលមិនបានបង្កើតអ្វីសោះ ខណៈពួកវាក៏ជាអ្នកដែលត្រូវបានគេបង្កើតដែរនោះ។

(12) ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យ លុកម៉ាន នូវការយល់ដឹងអំពីសាសនា ហើយនិងភាពត្រឹមត្រូវក្នុងកិច្ចការទាំងឡាយ ហើយយើងបានមានបន្ទូលទៅកាន់គេថាៈ (ឱលុកម៉ាន!) ចូរអ្នកដឹងគុណម្ចាស់របស់អ្នកទៅលើអ្វីដែលទ្រង់បានប្រទានឲ្យនៃការចង្អុលបង្ហាញឲ្យគោរពប្រតិបត្តិចំពោះទ្រង់។ ហើយជនណាដែលដឹងគុណម្ចាស់របស់គេ ពិតណាស់ផលនៃការដឹងគុណនោះ គឺវិលត្រឡប់ទៅកាន់ខ្លួនគេវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់ ទ្រង់មិនត្រូវការការដឹងគុណរបស់គេនោះឡើយ។ ហើយជនណាដែលរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ ហើយប្រឆាំងនឹងទ្រង់នោះ តាមពិត គ្រោះថ្នាក់នៃការប្រឆាំងរបស់គេនោះ គឺធ្លាក់ទៅលើខ្លួនគេប៉ុណ្ណោះ ដោយវាមិនអាចផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់មិនត្រូវម៉ាខ្លូករបស់ទ្រង់ទាំងអស់នោះនោះឡើយ និងជាអ្នកដែលត្រូវគេកោតសរសើរគ្រប់ស្ថានភាពទាំងអស់។

(13) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលលុកម៉ានបាននិយាយទៅកាន់កូនរបស់គាត់ ខណៈពេលដែលគាត់បានបញ្ចុះបញ្ចូលកូនរបស់គាត់ឲ្យធ្វើល្អ និងព្រមានពីអំពើអាក្រក់ថាៈ ឱកូនសម្លាញ់! ចូរកូនកុំគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ។ ពិតប្រាកដណាស់ ការគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយអល់ឡោះនោះ គឺជាការបំពានដ៏ធំធេងបំផុតចំពោះខ្លួនឯង ដោយសារវាជាការប្រព្រឹត្តបាបកម្មដ៏ធំបំផុតដែលនាំឲ្យរូបគេស្ថិតនៅជាអមតៈក្នុងឋាននរក។

(14) ហើយយើង(អល់ឡោះ)បានផ្តែផ្តាំដល់មនុស្សលោកឲ្យគោរពប្រតិបត្តិចំពោះឪពុកម្តាយរបស់គេ និងធ្វើល្អទៅកាន់គាត់ទាំងពីរចំពោះអ្វីដែលមិនមែនជាប្រការល្មើសចំពោះអល់ឡោះ។ ម្តាយរបស់គេបានពពោះគេនៅក្នុងផ្ទៃដោយប្រឈមនឹងការលំបាកជាបន្តបន្ទាប់ និងបានផ្តាច់គេអំពីការបំបៅដោះ(ផ្តាច់ដោះ)ក្នុងអំឡុងពេលពីរឆ្នាំ។ ហើយយើងបានបន្ទូលទៅកាន់គេថាៈ ចូរអ្នកដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់អ្នក។ បន្ទាប់មក ចូរអ្នកដឹងគុណទៅចំពោះឪពុកម្តាយរបស់អ្នកទៅលើការចិញ្ចឹមបីបាច់ថែរក្សារបស់គាត់ទាំងពីរមកចំពោះអ្នក។ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ ហើយយើងនឹងធ្វើការតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសមនឹងទទួលបាន។

(15) ហើយប្រសិនបើឪពុកម្តាយទាំងពីររបស់អ្នកបានជម្រុញអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយការបង្ខំពីពួកគាត់ទាំងពីរនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរចំពោះរឿងនេះឲ្យសោះ ពីព្រោះគេមិនត្រូវគោរពតាមម៉ាខ្លូក(ដែលត្រូវបានគេបង្កើត)ក្នុងរឿងដែលល្មើសជាមួយ(អល់ឡោះដែលជា)អ្នកបង្កើតនោះឡើយ។ ប៉ុន្តែ អ្នកត្រូវមានភាពកតញ្ញូ និងទំនាក់ទំនងល្អជាមួយគាត់ទាំងពីរនៅក្នុងលោកិយនេះ។ ហើយចូរអ្នកធ្វើតាមមាគ៌ារបស់អ្នកដែលវិលត្រឡប់មកកាន់យើងដោយគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះយើងតែមួយគត់។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក គឺមកកាន់យើងតែមួយគត់ ហើយយើងនឹងប្រាប់ពួកអ្នកពីទង្វើដែលពួកអ្នកធ្លាប់បានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាងនោះ។

(16) ឱកូនសម្លាញ់! ប្រាកដណាស់ មិនថាអំពើអាក្រក់ ឬអំពើល្អនោះទេ ទោះបីជាវាមានទំហំតូចមានទម្ងន់ប៉ុនគ្រាប់ស្ពៃ ហើយស្ថិតនៅក្នុងផ្ទាំងថ្មដែលគ្មាននរណាម្នាក់អាចមើលឃើញ ឬនៅកន្លែងណាមួយនៅលើមេឃជាច្រើនជាន់ ឬក៏នៅលើផែនដីក៏ដោយ ក៏អល់ឡោះនឹងនាំយកវាមកនៅថ្ងៃបរលោក ហើយនិងតបស្នងដល់ខ្ញុំបម្រើរបស់ទ្រង់លើទង្វើនោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាល្អិតល្អន់បំផុត ដោយគ្មានរបស់ដែលតូចតាចណាមួយអាចលាក់បាំងពីទ្រង់បានឡើយ មហាដឹងបំផុតអំពីធាតុពិតរបស់វា និងទីកន្លែងរបស់វា។

(17) ឱកូនសម្លាញ់! ចូរកូនប្រតិបត្តិសឡាតដោយត្រូវប្រតិបត្តិវាឲ្យបានពេញលេញ ហើយចូរប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ហើយចូរកូនអត់ធ្មត់ទៅលើការលំបាកនានាដែលនឹងប៉ះទង្គិចលើកូនដោយសាររឿងនោះ។ ប្រាកដណាស់ អ្វីដែលគេបញ្ជាប្រើឲ្យកូនធ្វើនោះ គឺជាកាតព្វកិច្ចដែលអល់ឡោះបានដាក់មកលើកូនឲ្យធ្វើវាជាចាំបាច់។ ដូច្នេះ កូនគ្មានជម្រើសឡើយក្នុងរឿងនេះ។

(18) ហើយចូរកូនកុំងាកមុខរបស់កូនចេញពីមនុស្សលោកដោយភាពក្អេងក្អាង ហើយសូមកុំដើរនៅលើផែនដីដោយមោទភាពចំពោះខ្លួនឯងឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ជនណាដែលដើរដោយភាពក្រអឺតក្រទម និងមានមោទនភាពជាមួយនឹងឧបការគុណដែលអល់ឡោះបានប្រទានឲ្យ ហើយក្រអឺតក្រទមទៅលើអ្នកដទៃដោយសារតែគេទទួលបានឧបការគុណទាំងនោះ និងមិនចេះដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះនោះទេ។

(19) ហើយចូរកូនបន្ទន់ឥរិយាបថក្នុងការធ្វើដំណើររបស់កូន ដោយមិនត្រូវដើរលឿនពេក ឬយឺតពេកនោះទេ ដោយត្រូវដើរដោយបង្ហាញពីភាពរម្យទម។ ហើយចូរកូនបន្ទន់សម្លេងរបស់កូន ដោយមិនត្រូវប្រើសម្លេងខ្លាំងៗដែលរំខានដល់អ្នកដទៃនោះឡើយ។ ពិតប្រាកដណាស់ សំឡេងដែលអាក្រក់ជាងគេនោះ គឺសម្លេងរបស់សត្វលា ពីព្រោះសម្លេងរបស់វាឮខ្លាំងណាស់។

(20) តើពួកអ្នកមិនបានឃើញទេឬ(ឱមនុស្សលោកទាំងឡាយ) ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយសម្រួលដល់ពួកអ្នកអាចទាញយកផលប្រយោជន៍ពីអ្វីដែលនៅលើមេឃ ដូចជាព្រះអាទិត្យ ព្រះចន្ទ និងដួងតារាទាំងឡាយ។ ហើយទ្រង់ក៏បានផ្តល់ភាពងាយស្រួលផងដែរដល់ពួកអ្នកនូវអ្វីដែលមាននៅលើផែនដី ដូចជាសត្វធាតុនានា ព្រៃព្រឹក្សា និងរុក្ខជាតិទាំងឡាយ។ ហើយទ្រង់បានបំពេញឲ្យពួកអ្នកនូវឧបការគុណទាំងឡាយរបស់ទ្រង់ផ្នែកខាងក្រៅដែលអាចមើលឃើញជាក់ស្តែង ដូចជារូបរាងនិងសម្រស់ស្រស់ស្អាត និងឧបការគុណផ្នែកខាងក្នុងដែលមិនអាចមើលឃើញជាក់ស្តែង ដូចជាសតិបញ្ញា និងចំណេះដឹង។ តែទោះបីជាមាននូវឧបការគុណទាំងនេះហើយក្តី ក៏មានមនុស្សមួយចំនួនបានជជែកដេញដោលចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះដោយគ្មានចំណេះដឹងដែលផ្អែកទៅលើវ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះ ឬផ្អែកទៅលើប្រាជ្ញារបស់គេ ឬផ្អែកលើគម្ពីរដ៏ច្បាស់លាស់ណាមួយដែលបានបញ្ចុះមកពីអល់ឡោះដដែល។

(21) ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលជជែកដេញដោលចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះទាំងនោះថាៈ ចូរពួកអ្នកដើរតាមវ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពួកគេឆ្លើយតបថាៈ ពួកយើងមិនដើរតាមវាឡើយ។ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើប៉ុណ្ណោះ ដូចជាការគោរពសក្ការៈទៅចំពោះព្រះទាំងឡាយរបស់ពួកយើងជាដើម។ តើពួកគេដើរតាមជីដូនជីតារបស់ពួកគេដែរឬ បើទោះបីជាស្ហៃតនបានអូសទាញជីដូនជីតារបស់ពួកគេឲ្យទៅកាន់ទណ្ឌកម្មដែលឆាបឆេះនៅថ្ងៃបរលោក(ដោយវាបានពង្វក់ពួកគេឲ្យគោរពសក្ការៈទៅចំពោះរូបបរិមា)ក៏ដោយនោះ?

(22) ហើយជនណាដែលបែរទៅរកអល់ឡោះដោយភាពស្មោះសចំពោះទ្រង់ក្នុងការគោរពសក្ការៈ និងបានសាងទង្វើល្អត្រឹមត្រូវនោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនជាមួយនឹងខ្សែដ៏រឹងមាំដែលអ្នកដែលសង្ឃឹមជោគជ័យតែងតែប្រកាន់ខ្ជាប់នឹងវា ដោយគ្មានភ័យខ្លាចពីការដាច់ឡើយនូវអ្វីដែលគេកំពុងតែប្រកាន់ខ្ជាប់នោះ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាកសមនឹងទទួលបាន។

(23) រីឯជនណាដែលប្រឆាំងនឹងអល់ឡោះវិញនោះ ចូរកុំឲ្យការប្រឆាំងរបស់គេធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ ពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកគេពីទង្វើអាក្រក់ទាំងឡាយដែលពួកគេបានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកគេលើទង្វើទាំងនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ) ដោយគ្មានអ្វីមួយដែលនៅក្នុងចិត្តរបស់គេអាចលាក់បាំងពីទ្រង់បានឡើយ។

(24) យើងឲ្យពួកគេសោយសុខជាមួយនឹងភាពត្រេកត្រអាលដែលយើងប្រទានឲ្យពួកគេនៅក្នុងលោកិយនេះក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ បន្ទាប់មក យើងនឹងអូសពួកគេទៅកាន់ទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត(នៅថ្ងៃបរលោក) នោះគឺទណ្ឌកម្មនៃភ្លើងនរក។

(25) ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់? ហើយតើអ្នកណាដែលបានបង្កើតផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបង្កើតវាទាំងពីរនេះ។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្ហាញនូវភស្តុតាងទៅលើពួកអ្នក។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនបានដឹងថា តើនរណាដែលសាកសមនឹងទទួលការកោតសរសើរនោះឡើយ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ។

(26) អ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការអ្វីមួយពីម៉ាខ្លូកទាំងអស់របស់ទ្រង់នោះឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

(27) ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដីត្រូវបានកាប់យកធ្វើជាស្លាបប៉ាកា ហើយយកទឹកសមុទ្រធ្វើជាទឹកថ្នាំ(ដើម្បីសរសេរ) ហើយយកមកបន្ថែមពីលើនោះនូវសមុទ្រចំនួនប្រាំពីរទៀតក៏ដោយ ក៏នៅតែមិនអាចកត់ត្រាបន្ទូលរបស់អល់ឡោះអស់ដែរ ពីព្រោះពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់នោះឡើយ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងពូកែ ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។

(28) ការបង្កើតពួកអ្នកទាំងអស់គ្នា(ឱមនុស្សលោក) និងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងនោះ គឺងាយស្រួលដូចជាការបង្កើតជីវិតមួយ ហើយពង្រស់វាឲ្យរស់ឡើងវិញដូច្នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាឮបំផុត ដែលការឮសម្លេងមួយមិនរំខានដល់ការស្តាប់ឮសម្លេងមួយផ្សេងទៀតនោះឡើយ។ ទ្រង់មហាឃើញបំផុត ដែលការឃើញអ្វីមួយមិនរំខានដល់ការមើលឃើញអ្វីផ្សេងទៀតនោះឡើយ។ ក៏ដូចគ្នាដែរ ការបង្កើតជីវិតមួយ ឬការពង្រស់ជីវិតមួយមិនរំខានដល់ការបង្កើត និងពង្រស់ជីវិតមួយផ្សេងទៀតនោះឡើយ។

(29) តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកាត់បន្ថយពេលយប់ដើម្បីបន្ថែមដល់ពេលថ្ងៃ ហើយទ្រង់បានកាត់បន្ថយពេលថ្ងៃដើម្បីបន្ថែមដល់ពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើរទៅតាមគន្លងរបស់វា រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើនោះ។

(30) ការចាត់ចែង និងការកំណត់ទាំងនោះហើយជាសាក្សីដែលបញ្ជាក់ថា ពិតប្រាកដណាស់ អល់ឡោះតែមួយគត់ គឺជាម្ចាស់ដ៏ពិតប្រាកដ។ ទ្រង់ជាម្ចាស់ដ៏ពិតប្រាកដក្នុងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់) លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយអ្វីដែលពួកមុស្ហរីគីនកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីទ្រង់នោះ គឺជាប្រការមិនពិត ដែលគ្មានមូលដ្ឋានអ្វីសម្រាប់វាឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ដោយខ្លួនទ្រង់ផ្ទាល់ ដោយអំណាចរបស់ទ្រង់ និងដោយការកំណត់របស់ទ្រង់ទៅលើម៉ាខ្លូកទាំងឡាយរបស់ទ្រង់ ដែលគ្មាននរណាខ្ពង់ខ្ពស់ជាងទ្រង់ឡើយ ហើយទ្រង់មហាធំធេងលើសអ្វីៗទាំងអស់។

(31) តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ នាវាទាំងឡាយអាចធ្វើដំណើរនៅលើផ្ទៃសមុទ្របានដោយសារភាពទន់ភ្លន់និងការបង្គាប់ប្រើរបស់ទ្រង់ ដើម្បីទ្រង់បង្ហាញឲ្យពួកអ្នក(ឱមនុស្សលោក)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់ដែលបង្ហាញទៅលើសមត្ថភាព និងភាពទន់ភ្លន់របស់ទ្រង់។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាភស្តុតាងដែលបញ្ជាក់ទៅលើសមត្ថភាពរបស់ទ្រង់សម្រាប់បណ្តាអ្នកដែលអត់ធ្មត់លើគ្រោះថ្នាក់ដែលគេជួបប្រទះ និង(សម្រាប់)អ្នកដែលដឹងគុណទៅលើឧបការគុណទាំងឡាយដែលគេទទួលបាន។

(32) ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេគ្រប់ទិសប្រៀបបីដូចជាភ្នំនិងដុំពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះតែមួយគត់ដោយចិត្តស្មោះសក្នុងការបួងសួង និងការគោរពសក្ការៈ។ តែនៅពេលដែលអល់ឡោះបានទទួលយកនូវការបួងសួងរបស់ពួកគេ និងបានសង្រ្គោះពួកគេទៅដល់ដីគោក ហើយពួកគេបានរួចផុតពីការលិចលង់ទឹកហើយនោះ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ ដោយពួកគេមិនបានដឹងគុណអល់ឡោះជាម្ចាស់ឲ្យបានពេញលេញនោះឡើយតាមអ្វីដែលទ្រង់បានដាក់កាតព្វកិច្ចនោះឡើយ ហើយអ្នកខ្លះទៀត ជាអ្នកដែលប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះតែម្តង។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែពួកដែលក្បត់(ដូចជាបុគ្គលរូបនេះដែលបានសន្យានឹងអល់ឡោះថា ប្រសិនបើទ្រង់ជួយសង្គ្រោះរូបគេឲ្យរួចផុតពីគ្រោះថ្នាក់នោះ ប្រាកដជារូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណចំពោះទ្រង់ជាមិនខាន) ហើយនិងពួកដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះ ដោយគ្មានដឹងគុណម្ចាស់របស់គេដែលបានប្រទានឧបការគុណដល់គេនោះប៉ុណ្ណោះ។

(33) ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកោតខ្លាចទណ្ឌកម្មនៅថ្ងៃដែលឪពុកមិនអាចជួយអ្វីដល់កូនបន្តិចឡើយ ហើយកូនក៏មិនអាចជួយអ្វីបន្តិចដល់ឪពុកនោះដែរ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងផ្តល់ការតបស្នងនៅថ្ងៃបរលោកនោះ គឺជាការពិត ដែលពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយជៀសមិនរួចឡើយ។ ដូច្នេះ ចូរកុំឲ្យឆាកជីវិតលោកិយដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងការត្រេកត្រអាលនោះបោកប្រាស់ពួកអ្នកឲ្យសោះ ហើយចូរកុំឲ្យស្ហៃតននោះបោកប្រាស់ពួកអ្នក តាមរយៈការដែលអល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ចំពោះពួកអ្នក និងពន្យារពេលដាក់ទណ្ឌកម្មលើពួកអ្នកនោះឲ្យសោះ។

(34) ពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅជាមួយអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ទ្រង់ដឹងថា តើវានឹងកើតឡើងនៅពេលណា។ ហើយទ្រង់បញ្ចុះទឹកភ្លៀងនៅពេលណាដែលទ្រង់មានចេតនា។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី ថាតើគភ៌នោះជាកូនប្រុស ឬជាកូនស្រី ជាអ្នកដែលអពមង្គល ឬជាអ្នកមានសុភមង្គល? ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា នៅថ្ងៃស្អែក តើមានប្រការល្អ ឬប្រការអាក្រក់អ្វីខ្លះដែលរូបគេនឹងទទួលបាន ហើយក៏គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីកន្លែងណានោះដែរ។ ផ្ទុយទៅវិញ រឿងរ៉ាវទាំងអស់នេះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាបចំពោះរឿងរ៉ាវវទាំងនោះ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។