(1) ហា មីម (បានបកស្រាយរួចមកហើយនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)
(2) ការបញ្ចុះគម្ពីរគួរអាននេះ គឺមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងក្លាដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
(3) យើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរជាការលេងសើចនោះទេ។ ផ្ទុយទៅវិញ យើងបានបង្កើតអ្វីៗទាំងអស់នោះដោយការពិត ដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ ដែលក្នុងនោះ គឺដើម្បីឲ្យខ្ញុំបម្រើរបស់អល់ឡោះស្គាល់ទ្រង់តាមរយៈរបស់ទាំងអស់នោះ ដែលជាហេតុឲ្យពួកគេគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយនិងដើម្បីឲ្យពួកគេធ្វើការគ្រប់គ្រងនៅលើផែនដីក្នុងរយៈពេលមួយដែលត្រូវបានកំណត់ ដែលមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងពីវា។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ គឺជាពួកដែលងាកចេញពីអ្វីដែលគេបានព្រមានពួកគេដែលមាននៅក្នុងគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) ដោយពួកគេមិនខ្វាយខ្វល់ចំពោះវាឡើយ។
(4) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលងាកចេញពីការពិតទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះមកមើល៍ ថាតើចំណែកណាមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? តើពួកវាបានបង្កើតភ្នំណាមួយឬទេ? តើពួកវាបានបង្កើតទន្លេណាមួយឬទេ? ឬមួយពួកវាបានរួមចំណែកជាមួយអល់ឡោះក្នុងការបង្កើតមេឃជាច្រើនជាន់នោះ? ចូរពួកអ្នកនាំគម្ពីរមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះមុនគម្ពីរគួរអានមកឲ្យខ្ញុំមក ឬនាំមកឲ្យខ្ញុំនូវចំណេះដឹងណាមួយដែលពួកជំនាន់មុនបានបន្សល់ទុក ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអអ្វីដែលពួកអ្នកអះអាងថាៈ ជាការពិតណាស់ រូបបដិមារបស់ពួកអ្នកនោះ សាកសមនឹងត្រូវគេគោរពសក្ការៈមែននោះ។
(5) ហើយគ្មានអ្នកណាម្នាក់ដែលវង្វេងជាងពួកដែលគោរពសក្ការៈទៅចំពោះរូបបដិមានានាផ្សេងពីអល់ឡោះ ដែលវាមិនអាចឆ្លើយតបចំពោះការបួងសួងរបស់គេរហូតដល់ថ្ងៃបរលោកនោះឡើយ។ ហើយរូបបដិមាដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះទាំងនេះ ពួកវាមិនខ្វាយខ្វល់អ្វីចំពោះការបួងសួងរបស់ពួកដែលគោរពសក្ការៈចំពោះវានោះឡើយ។ លើសពីនេះទៅទៀត វា(រូបបដិមាទាំងនោះ)មិនអាចផ្តល់ផលប្រយោជន៍ ឬផ្តល់គ្រោះថ្នាក់អ្វីមួយដល់ពួកគេឡើយ។
(6) រូបចម្លាក់ទាំងនោះ ពួកវាមិនត្រឹមតែមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេនៅលើលោកិយប៉ុណ្ណោះទេ ពិតណាស់នៅពេលដែលគេប្រមូលផ្តុំនៅថ្ងៃបរលោកនោះ ពួកវានឹងក្លាយទៅជាសត្រូវនឹងអ្នកដែលគោរពសក្ការៈទៅចំពោះពួកវាថែមទៀត ហើយពួកវាយករួចខ្លួនអំពីពួកគេ(អ្នកដែលគោរពរូបបដិមា)។ ហើយពួកវាបដិសេធមិនទទួលស្គាល់ថា ជាការពិតណាស់ ពួកវាបានដឹងថាពួកទាំងនោះបាននាំគ្នាគោរពសក្ការៈទៅចំពោះពួកវានោះឡើយ។
(7) ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅឲ្យអ្នកនាំសាររបស់យើងឲ្យពួកគេស្តាប់នោះ ពួកដែលគ្មានជំនឿនឹងគម្ពីរគួអានដែលបានមកដល់ពួកគេតាមរយៈអ្នកនាំសាររបស់ពួកគេនោះបាននិយាយថាៈ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់ ហើយវាមិនមែនជាវ៉ាហ៊ីមកពីអល់ឡោះនោះឡើយ។
(8) តើពួកមុស្ហរីគីនទាំងនោះនិយាយថាៈ ពិតណាស់ មូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាននេះ ហើយនិយាយថា វាមកពីអល់ឡោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ប្រសិនបើខ្ញុំបានតាក់តែងគម្ពីរគួរអានដោយខ្លួនឯងមែននោះ ពួកអ្នកមិនអាចមានមធ្យោបាយអ្វីទប់ទល់ដើម្បីការពារខ្ញុំឡើយ ប្រសិនបើអល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌកម្មមកលើខ្ញុំនោះ។ តើមានរឿងអ្វីដែលខ្ញុំ ហ៊ានយកខ្លួនខ្ញុំទៅប្រឈមនឹងទណ្ឌកម្ម(របស់អល់ឡោះ)ដោយតាក់តែងគម្ពីរគួរអានដោយខ្លួនឯង ហើយថាវាមកពីអល់ឡោះនោះ? អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះហេតុផលដែលពួកអ្នកចោទប្រកាន់ចំពោះគម្ពីរគួរអានរបស់ទ្រង់ និងវាយប្រហារមកកាន់ខ្ញុំនោះ។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ហើយទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់ចំពោះពួកគេ។
(9) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបដិសេធចំពោះភាពជាព្យាការីរបស់អ្នកថាៈ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេដែលអល់ឡោះបានតែងតាំងមក ដែលជាហេតុធ្វើឲ្យពួកអ្នកមានការភ្ញាក់ផ្អើលចំពោះការអំពាវនាវរបស់ខ្ញុំចំពោះពួកអ្នកឡើយ។ ក៏ប៉ុន្តែ ពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានមកដល់មុនខ្ញុំទៅទៀត។ ហើយខ្ញុំក៏មិនដឹងថា អល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើអ្វីចំពោះខ្ញុំ ហើយក៏មិនដឹងដែរថា តើអល់ឡោះនឹងធ្វើអ្វីចំពោះពួកអ្នកនៅក្នុងលោកិយនេះនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះទ្រង់បានផ្តល់មកកាន់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំមិននិយាយ និងមិនធ្វើអ្វីឡើយ ក្រៅតែពីអ្វីដែលស្របទៅនឹងវ៉ាហ៊ីដែលទ្រង់បានផ្តល់វាមកកាន់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្វី ក្រៅតែពីជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនព្រមានយ៉ាងច្បាស់លាស់នោះដែរ។
(10) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើគម្ពីរគួរអាននេះមកពីអល់ឡោះពិតមែន តែពួកអ្នកបានប្រឆាំងនឹងវា ហើយមានសាក្សីម្នាក់ក្នុងចំណោមអម្បូរអ៊ីស្រាអែលបានធ្វើសាក្សីទទួលស្គាល់ថា វា(គម្ពីរគួរអាន)ពិតជាមកពីអល់ឡោះពិតប្រាកដមែន ដោយយោងទៅតាមអ្វីដែលបានចែងបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត ហើយរូបគេក៏បានជឿចំពោះវា តែពួកអ្នកវិញ បែរជាក្រអឺតក្រទមមិនព្រមមានជំនឿចំពោះវាទៅវិញនោះ តើពុំមែនទេឬ ដែលពួកអ្នកនៅពេលនោះ គឺជាពួកដែលបំពាននោះ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញការពិតចំពោះក្រុមដែលបំពានឡើយ។
(11) ហើយពួកដែលគ្មានជំនឿនឹងគម្ពីរគួរអាន និងអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថាៈ ប្រសិនបើអ្វីដែលមូហាំម៉ាត់បាននាំមក វាគឺជាការពិតដែលចង្អុលបង្ហាញទៅកាន់ប្រការល្អមែននោះ មិនមែនពួកដែលក្រីក្រ ពួកដែលជាទាសករគេ និងពួកដែលទន់ខ្សោយទាំងនោះ មានជំនឿ(ចំពោះវា)មុនពួកយើងនោះឡើយ។ ហើយដោយសារតែពួកគេមិនទទួលបានការចង្អុលបង្ហាញពីអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមក ដូច្នេះ ពួកគេក៏និយាយថាៈ អ្វីដែលគេ(ព្យាការីមូហាំម៉ាត់)បានមកកាន់ពួកយើងនេះ គឺជារឿងភូតកុហកតាំងពីយូរលង់ណាស់មកហើយ ហើយពួកយើងមិនដើរតាមការភូតកុហកនេះនោះទេ។
(12) ហើយមុននឹងគម្ពីរគួរអាននេះ គឺមានគម្ពីរតាវរ៉តដែលអល់ឡោះទ្រង់បានបញ្ចុះវាទៅលើព្យាការីមូសា ដើម្បីជាការដឹកនាំពួកគេទៅកាន់សេចក្តីពិត និងជាក្តីមេត្តាករុណាសម្រាប់ជនណាដែលមានជំនឿចំពោះវា និងដើរតាមវាក្នុងចំណោមអម្បូរអ៊ីស្រាអែល។ ហើយគម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ វាជាគម្ពីរមួយជាភាសាអារ៉ាប់ដែលបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះពីមុនមក ដើម្បីដាស់តឿនព្រមានពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។ ហើយវា(គម្ពីរគួរអាន)ក៏ជាការផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អ ដែលពួកគេមានទំនាក់ទំនងល្អជាមួយនឹងអ្នកដែលបង្កើតពួកគេ(អល់ឡោះជាម្ចាស់) និងទំនាក់ទំនងល្អជាមួយនឹងម៉ាខ្លូកទាំងឡាយរបស់ទ្រង់។
(13) ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថាៈ ម្ចាស់របស់ពួកយើង គឺអល់ឡោះជាម្ចាស់ ដោយពួកយើងគ្មានម្ចាស់ណាក្រៅពីទ្រង់ឡើយ។ បន្ទាប់មក ពួកគេបានប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿនិងការសាងទង្វើកុសលនោះ ជាការពិតណាស់ (អ្នកទាំងនោះ) ពួកគេគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភទៅលើលាភសំណាងលោកិយដែលពួកគេបានបាត់បង់នោះដែរ ហើយក៏មិនព្រួយបារម្ភទៅលើអ្វីដែលពួកគេបានបន្សល់ទុកក្រោយពីពួកគេ(បានស្លាប់)ដែរ។
(14) ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថាៈ ម្ចាស់របស់ពួកយើង គឺអល់ឡោះជាម្ចាស់ ដោយពួកយើងគ្មានម្ចាស់ណាក្រៅពីទ្រង់ឡើយ។ បន្ទាប់មក ពួកគេបានប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿនិងការសាងទង្វើកុសលនោះ ជាការពិតណាស់ (អ្នកទាំងនោះ) ពួកគេគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភទៅលើលាភសំណាងលោកិយដែលពួកគេបានបាត់បង់នោះដែរ ហើយក៏មិនព្រួយបារម្ភទៅលើអ្វីដែលពួកគេបានបន្សល់ទុកក្រោយពីពួកគេ(បានស្លាប់)ដែរ។
(15) ហើយយើងបានដាក់បទបញ្ជាយ៉ាងតឹងរឹងមួយចំពោះមនុស្សលោកឲ្យធ្វើល្អទៅចំពោះឪពុកម្តាយរបស់គេ ដោយត្រូវកតញ្ញូចំពោះគាត់ទាំងពីរទាំងក្នុងពេលដែលគាត់ទាំងពីរនៅមានជីវិតរស់នៅ និងទាំងពេលបន្ទាប់ពីគាត់ទាំងពីរបានស្លាប់នូវអ្វីដែលមិនផ្ទុយពីច្បាប់បញ្ញត្តិឥស្លាម និងជាពិសេស គឺចំពោះម្តាយរបស់គេដែលបានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយរយៈពេលនៃការពពោះដែលគេស្ថិតនៅក្នុងផ្ទៃម្តាយរបស់គេ និងរយៈពេលបំបៅដោះរហូតដល់ឈប់បំបៅ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេមានកម្លាំងពេញលេញ ទាំងប្រាជ្ញារបស់គេ និងកាយសម្បទារបស់គេ ហើយបានឈានដល់អាយុសែសិបឆ្នាំនោះ គេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានមកឲ្យខ្ញុំ និងប្រទានឲ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមទ្រង់មេត្តាឲ្យខ្ញុំធ្វើនូវអំពើល្អដែលទ្រង់ពេញចិត្ត ហើយសូមទ្រង់ទទួលយកវាអំពីខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តាកែលម្អរូបខ្ញុំនៅចំពោះកូនចៅរបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់នូវបាបកម្មទាំងឡាយរបស់ខ្ញុំ ហើយពិតប្រាកដណាស់ រូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលគោរពស្តាប់តាមការបង្គាប់របស់ទ្រង់ ដោយប្រគល់ខ្លួនចាំទទួលនូវបទបញ្ជាទាំងឡាយរបស់ទ្រង់។
(16) អ្នកទាំងនោះហើយដែលយើងនឹងទទួលយកអំពីល្អទាំងឡាយរបស់ពួកគេដែលពួកគេបានសាង ហើយយើងនឹងអធ្យាស្រ័យចំពោះទង្វើអាក្រក់ទាំងឡាយរបស់ពួកគេ ដោយយើងមិនយកទោសពៃរ៍ពីពួកគេឡើយ ហើយពួកគេ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ការសន្យាដែលគេបានសន្យាចំពោះពួកគេនោះហើយ គឺជាការសន្យាដ៏ពិតប្រាកដដែលនឹងកើតឡើងដោយខានចៀសមិនផុត។
(17) ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្តាយរបស់គេថាៈ វិនាសអន្តរាយហើយអ្នកទាំងពីរ! តើអ្នកទាំងពីរសន្យាជាមួយខ្ញុំថា ខ្ញុំនឹងត្រូវចេញពីផ្នូរឡើងវិញម្តងទៀតក្នុងនាមជាមនុស្សរស់ ក្រោយពីខ្ញុំបានស្លាប់ហើយនោះឬ ខណៈដែលសតវត្សជាច្រើនបានកន្លងផុត ហើយមនុស្សជំនាន់មុនជាច្រើនបានស្លាប់ តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញផងនោះ? ហើយឪពុកម្តាយរបស់គេបានសុំពីអល់ឡោះឲ្យទ្រង់ចង្អុលបង្ហាញកូនប្រុសរបស់ពួកគេទាំងពីរឲ្យមានជំនឿផង ហើយគាត់ទាំងពីរបាននិយាយទៅកាន់កូនប្រុសរបស់គាត់ថាៈ វិនាសអន្តរាយហើយកូន ប្រសិនបើកូនមិនមានជំនឿចំពោះការពង្រស់ឡើងវិញម្តងទៀតទេនោះ។ ហេតុនេះ ចូរកូនមានជំនឿចំពោះវាចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះលើការពង្រស់(មនុស្សឲ្យរស់)ឡើងវិញនោះ គឺជាការពិតដោយគ្មានការមន្ទិលសង្ស័យឡើយ ចំពោះវា។ ហើយគេក៏បានឆ្លើយតបវិញដោយបដិសេធយ៉ាងដាច់ខាតចំពោះការពង្រស់ឡើងវិញថាៈ អ្វីដែលគេនិយាយពីរឿងពង្រស់ឡើងវិញនោះ គឺគ្មានអ្វីក្រៅពីការនិយាយដំណាលតៗគ្នាពីសៀវភៅសម័យបុរាណ ហើយវាជារឿងព្រេងដែលពួកគេបង្កើតមក មិនមែនជារឿងពិតដែលមកពីអល់ឡោះនោះទេ។
(18) ពួកទាំងនោះហើយដែលចាំបាច់ត្រូវតែទទួលទណ្ឌកម្មនៅក្នុងចំណោមប្រជាជាតិជំនាន់មុនៗពួកគេអំពីពពួកជិន និងមនុសុ្សលោក។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់ ដោយពួកគេខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ដោយត្រូវចូលឋាននរក(នៅថ្ងៃបរលោក)។
(19) ហើយសម្រាប់ពួកគេទាំងពីរក្រុម(ក្រុមអ្នកឋានសួគ៌ និងក្រុមអ្នកឋាននរក)នោះ គឺមានឋានៈជាច្រើនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ឋានៈរបស់អ្នកឋានសួគ៏ គឺមានលំដាប់ខ្ពស់ ហើយឋានៈពួកឋាននរកវិញ គឺមានលំដាប់ក្រោមគេបង្អស់ និងដើម្បីអល់ឡោះនឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។ ហើយពួកគេនៅថ្ងៃបរលោកនោះ មិនត្រូវបានគេបំពានដោយធ្វើឲ្យបាត់បង់នូវទង្វើកុសលរបស់ពួកគេ ឬក៏បន្ថែមនូវទង្វើអាក្រក់របស់ពួកគេនោះឡើយ។
(20) ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ទៅកាន់ឋាននរកដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេ ក្នុងលក្ខណៈរិះគន់និងស្តីបន្ទោសថាៈ ពួកអ្នកបានធ្វើឲ្យបាត់បង់នូវប្រការល្អរបស់ពួកអ្នកនៅក្នុងជីវិតលោកិយរបស់ពួកអ្នក ហើយពួកអ្នកបានសោយសុខជាមួយនឹងភាពត្រេកត្រអាលនៅក្នុងលោកិយរួចហើយដែរ។ ដូច្នេះ នៅថ្ងៃនេះ ពួកអ្នកត្រូវបានគេតបស្នងនូវទណ្ឌកម្មដែលធ្វើឲ្យពួកអ្នកទាបថោក ដោយសារតែភាពក្រអឺតក្រទមរបស់ពួកអ្នកនៅក្នុងលោកិយខុសពីការពិត និងដោយសារតែពួកអ្នកបានចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយការប្រឆាំងនិងការប្រព្រឹត្តល្មើស។
(21) ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពី(រឿងរ៉ាវរបស់)ព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកសាសន៍អាទ នៅពេលដែលគាត់បានព្រមានក្រុមរបស់គាត់អំពីទណ្ឌកម្មរបស់អល់ឡោះដែលនឹងធ្លាក់ទៅលើពួកគេ ខណៈដែលពួកគេស្ថិតនៅឯលំនៅដ្ឋានរបស់ពួកគេដែលនៅឯតំបន់ “អះក៏ហ្វ” ដែលស្ថិតនៅប៉ែកខាងត្បូងនៃឧបទ្វីបអារ៉ាប់។ ហើយពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានកន្លងផុតទៅដែលបានដាស់តឿនព្រមានដល់ក្រុមរបស់ពួកគេមុនព្យាការីហ៊ូទ ហើយនិងបន្ទាប់ពីគាត់(ក៏មានច្រើនដែរ) ដោយពួកគេ(អ្នកនាំសារទាំងនោះ)បាននិយាយទៅកាន់ក្រុមរបស់ខ្លួនថាៈ ចូរពួកអ្នកកុំគោរពសក្ការៈចំពោះអ្នកផ្សេងឲ្យសោះ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ) ត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃបរលោក។
(22) ក្រុមរបស់គាត់បានឆ្លើយតបវិញថាៈ តើអ្នកមកកាន់ពួកយើងដើម្បីបង្វែរពួកយើងពីការគោរពសក្ការៈចំពោះព្រះទាំងឡាយរបស់ពួកយើងឬ? អ្នកមិនអាចសម្រេចបំណងរបស់អ្នកជាដាច់ខាត។ ដូចនេះ ចូរអ្នកនាំមកនូវទណ្ឌកម្មដែលអ្នកបានសន្យានោះមកកាន់ពួកយើងមក ប្រសិនបើអ្នក ជាអ្នកដែលនិយាយពិតដូចអ្វីដែលអ្នកបានអះអាងមែននោះ។
(23) គាត់(ព្យាការីហ៊ូទ)បានតបវិញថាៈ ជាការពិតណាស់ ការដឹងអំពីពេលវេលានៃការដាក់ទណ្ឌកម្មនោះ គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង ហើយខ្ញុំមិនដឹងពីរឿងនេះឡើយ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារមួយរូបដែលផ្សព្វផ្សាយប្រាប់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំឲ្យនាំមកកាន់ពួកអ្នកប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំយល់ឃើញថា ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ ដោយពួកអ្នកបោះបង់ចោលនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ហើយស្រវាចាប់យកអ្វីដែលផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកទៅវិញ។
(24) ហើយនៅពេលដែលទណ្ឌកម្មដែលពួកគេសុំឲ្យវាឆាប់មកដល់នោះ បានមកដល់ពួកគេ នៅពេលនោះ ពួកគេបានឃើញវា(ទណ្ឌកម្ម)ប្រៀបដូចជាដុំពពកដ៏ក្រាស់ឃ្មឹកនៅលើមេឃតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ។ ពួកគេនាំគ្នានិយាយថាៈ ដុំពពកដ៏ធំនេះបាននាំទឹកភ្លៀងមកកាន់ពួកយើងហើយ។ ព្យាការីហ៊ូទបាននិយាយទៅកាន់ពួកគេថាៈ វាមិនដូចអ្វីដែលពួកអ្នកនឹកស្មាននោះទេ ដែលថា វាជាដុំពពកដែលនាំទឹកភ្លៀងមកកាន់ពួកអ្នកនោះ។ ផ្ទុយទៅវិញ វាគឺជាទណ្ឌកម្មដែលពួកអ្នកបានសុំឲ្យវាឆាប់កើតឡើងនោះហើយ។ ពិតណាស់ វាគឺជាខ្យល់ដែលផ្ទុកទៅដោយទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅក្នុងនោះ។
(25) វា(ខ្យល់)បានបំផ្លាញអ្វីៗទាំងអស់ដែលវាបានបក់បោកប៉ះត្រូវទៅតាមបទបញ្ជារបស់អល់ឡោះ។ ពេលនោះ ពួកគេក៏ត្រូវបានបំផ្លាញខ្ទេចខ្ទី ដែលគេគ្មានឃើញអ្វី ក្រៅពីផ្ទះសម្បែងរបស់ពួកគេដែលពួកគេធ្លាប់ស្នាក់នៅក្នុងនោះដែលបង្ហាញថា ពួកគេធ្លាប់មានវត្តមាននៅទីនោះពីមុនមកប៉ុណ្ណោះ។ ដូចការតបស្នងដ៏ឈឺចាប់នេះដែរ យើងនឹងតបស្នងដល់ពួកដែលបំពានដែលនៅតែបន្តស្ថិតនៅក្នុងភាពគ្មានជំនឿ និងប្រព្រឹត្តល្មើសរបស់ពួកគេដដែល។
(26) ហើយពិតប្រាកដណាស់ យើងបានប្រទាននូវសិទ្ធិអំណាចដល់ក្រុមរបស់ព្យាការីហ៊ូទនូវអ្វីដែលយើងមិនដែលបានប្រទានវាឲ្យពួកអ្នកឡើយ ហើយយើងបានបង្កើតត្រចៀកឲ្យពួកគេស្តាប់ បង្កើតភ្នែកឲ្យពួកគេមើល និងបង្កើតដួងចិត្តឲ្យពួកគេគិតពិចារណា។ ក៏ប៉ុន្តែត្រចៀករបស់ពួកគេ ភ្នែករបស់ពួកគេ សតិបញ្ញារបស់ពួកគេ មិនបានផ្តល់ប្រយោជន៍អ្វីដល់ពួកគេបន្តិចណាឡើយ។ ដូចនេះ វាមិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយនៅពេលដែលទណ្ឌកម្មបានមកដល់ពួកគេនោះ ដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសើចចំអកនឹងវាដែលព្យាការីរបស់ពួកវា គឺព្យាការីហ៊ូទ ធា្លប់បានព្រមានពួកគេនោះ ក៏បានធ្លាក់ទៅលើពួកគេ។
(27) ហើយពិតប្រាកដណាស់ យើងបានបំផ្លាញភូមិឋានជាច្រើននៅជុំវិញពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)។ ជាការពិតណាស់ យើងបានបំផ្លាញពួកអាទ ពួកសាមូទ ក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់ ហើយយើងបានបង្ហាញភស្តុតាងនិងអំណះអំណាងគ្រប់បែបយ៉ាងទៅកាន់ពួកគេ សង្ឃឹមថា ពួកគេនឹងវិលត្រលប់(បោះបង់)ចេញពីភាពគ្មានជំនឿរបស់ពួកគេវិញ។
(28) ហេតុអ្វីបានជារូបបដិមាទាំងឡាយដែលពួកគេយកវាធ្វើជាព្រះក្រៅពីអល់ឡោះ ដោយពួកគេបញ្ជិតខ្លួនទៅកាន់ពួកវាតាមរយៈការគោរពសក្ការៈនិងការសំឡេះសត្វនោះ មិនជួយដល់ពួកគេ? រូបបដិមាទាំងនោះមិនអាចជួយពួកគេបានជាដាច់ខាត។ ផ្ទុយទៅវិញ ពួកវាបានគេចចេញពីពួកគេក្នុងពេលដែលពួកគេត្រូវការបំផុតចំពោះវា។ នោះហើយជាការភូតកុហក និងជាការប្រឌិតឡើងរបស់ពួកគេ ដែលពួកគេបានសាងវាឡើងដោយខ្លួងពួកគេផ្ទាល់ដែលថា ពិតណាស់ រូបបដិមាទាំងនោះ អាចផ្តល់ផលប្រយោជន៍ និងអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះអល់ឡោះជាម្ចាស់បាន។
(29) ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានបញ្ជូនក្រុមមួយនៃពួកជិនទៅកាន់អ្នក ដើម្បីឲ្យពួកគេស្តាប់គម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក។ នៅពេលដែលពួកគេ(ពួកជិន)បានទៅដល់ដើម្បីស្តាប់គម្ពីរគួរអាននោះ ពួកគេបាននិយាយថាទៅកាន់គ្នាថាៈ ចូរពួកអ្នកនៅស្ងៀមដើម្បីពួកយើងអាចស្តាប់(គម្ពីរគួរអាន)បានច្បាស់។ ហើយនៅពេលដែលអ្នកនាំសារមូហាំម៉ាត់បានសូត្រចប់ ពួកគេបានត្រលប់ទៅកាន់ក្រុមរបស់ពួកគេវិញ ដើម្បីដាស់តឿនព្រមានពួកគេ(ក្រុមជិន)ពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេមិនជឿលើគម្ពីរគួរអាននេះទេនោះ។
(30) ពួកគេ(ពួកជិន)បាននិយាយទៅកាន់ក្រុមរបស់ពួកគេថាៈ ឱក្រុមរបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានស្តាប់ឮគម្ពីរមួយ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះវាក្រោយពីព្យាការីមូសា ដែលជាការបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលត្រូវបានអល់ឡោះបញ្ចុះពីមុនមក។ ហើយគម្ពីរដែលពួកយើងបានស្តាប់ឮនេះ គឺចង្អុលបង្ហាញទៅកាន់សេចក្តីពិតនិងចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ នោះគឺមាគ៌ានៃសាសនាឥស្លាម។
(31) ឱក្រុមរបស់ពួកយើង! ចូរពួកអ្នកឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់នូវអ្វីដែលគាត់បានអំពាវនាវពួកអ្នកទៅកាន់វាអំពីសេចក្តីពិត ហើយចូរពួកអ្នកមានជំនឿចុះថាៈ ជាការពិតណាស់ គាត់គឺជាអ្នកនាំសារមកពីម្ចាស់របស់គាត់ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងសង្គ្រោះពួកអ្នកឲ្យរួចផុតពីទណ្ឌកម្មដ៏ឈឺចាប់ដែលកំពុងតែរង់ចាំពួកអ្នក ប្រសិនបើពួកអ្នកមិនឆ្លើយតបចំពោះសេចក្តីពិតដែលអ្នកនាំសារ(មូហាំម៉ាត់)បានអំពាវនាវពួកអ្នកទៅកាន់វា និងមិនមានជំនឿថា គាត់គឺជាអ្នកនាំសារពីម្ចាស់របស់គាត់ទេនោះ។
(32) ហើយជនណាហើយដែលមិនឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់ នូវអ្វីដែលគាត់បានអំពាវនាវទៅកាន់វាអំពីសេចក្តីពិតទេនោះ ពិតណាស់ រូបគេមិនអាចគេចផុតពី(ទណ្ឌកម្ម)អល់ឡោះបានឡើយនៅលើផែនដីនេះ ហើយរូបគេក៏គ្មានអ្នកគាំពារណាផ្សេងពីអល់ឡោះដែលអាចសង្គ្រោះរូបគេពីទណ្ឌកម្មបាននោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលស្ថិតក្នុងភាពវង្វេងចេញពីការពិតយ៉ាងច្បាស់លាស់។
(33) តើពួកមុស្ហរីគីនដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់មិនអសមត្ថភាពក្នុងការបង្កើតពួកវាឡើយ ទោះបីថាវាធំធេងនិងធំទូលាយយ៉ាងនេះក្តី គឺទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងនោះ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់ពួកគេឲ្យរស់ឡើងវិញបាន។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញនោះឡើយ។
(34) ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលគ្មានជំនឿនឹងអល់ឡោះ ហើយបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ទៅកាន់ឋាននរកដើម្បីដាក់ទណ្ឌកម្មដល់ពួកគេនៅក្នុងវា ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ តើទណ្ឌកម្មដែលពួកអ្នកកំពុងតែមើលឃើញនេះ មិនមែនជាការពិតទេឬ? ឬមួយក៏វា គឺជាការភូតកុហកដូចដែលពួកអ្នកធ្លាប់បាននិយាយកាលនៅក្នុងលោកិយ? ពួកគេឆ្លើយថាៈ ពិតមែនហើយ សូមស្បថនឹងម្ចាស់របស់ពួកយើង! ពិតណាស់ វាគឺជាការពិត។ ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ទណ្ឌកម្មចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់។
(35) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការដែលក្រុមរបស់អ្នកបដិសេធ(មិនជឿ)ចំពោះអ្នក ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមុះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ គឺព្យាការីនួហ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសា ហើយចូរអ្នកកុំសុំឲ្យទណ្ឌកម្មឆាប់ធ្លាក់ទៅលើពួកគេឲ្យសោះ។ នៅថ្ងៃដែលពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នកបានឃើញទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនៅថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ថា ហាក់បីដូចជាពួកគេមិនបានរស់នៅលើលោកិយនេះទេ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែទណ្ឌកម្មរបស់ពួកគេមានរយៈពេលយូរ។ គម្ពីរគួរអានដែលគេបានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់នេះ គឺជាការផ្សព្វផ្សាយដ៏គ្រប់គ្រាន់សម្រាប់មនុស្សលោកនិងពួកជិន។ ដូចនេះ គេមិនបំផ្លាញក្រុមណាមួយដោយការដាក់ទណ្ឌកម្មនោះឡើយ លើកលែងតែក្រុមដែលចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះអល់ឡោះ តាមរយៈការប្រឆាំងនិងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។