54 - Al-Qamar ()

|

(1) ពេលវេលានៃថ្ងៃបរលោកកាន់តែខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)នៅក្នុងសម័យកាលរបស់ព្យាការីមូហាំម៉ាត់ ហើយការបែកនៃព្រះចន្ទនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដ៏ពិតជាក់ស្តែង(ដែលគេអាចមើលឃើញបាន)

(2) តែទោះបីជាពួកមុស្ហរីគីនបានឃើញភស្តុតាង និងអំណះអំណាងដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ក៏ដោយ ក៏ពួកគេបដិសេធមិនទទួលយកវានោះដែរ ហើយពួកគេនិយាយថាៈ ភស្តុតាង និងអំណះអំណាងទាំងឡាយដែលពួកយើងបានឃើញនោះ គឺជាមន្តអាគមដែលមិនត្រឹមត្រូវប៉ុណ្ណោះ។

(3) ហើយពួកគេបដិសេធនឹងសេចក្តីពិតដែលបានមកដល់ពួកគេ និងបានដើរតាមទំនើងចិត្តរបស់ខ្លួនឯងចំពោះការបដិសេធនេះ។ ហើយរាល់កិច្ចការទាំងអស់(មិនថាល្អ ឬអាក្រក់) គឺវានឹងកើតឡើងនៅថ្ងៃបរលោកតាមហេតុផលរបស់វា។

(4) ហើយពិតប្រាកដណាស់ ព័ត៌មានអំពីពួកប្រជាជាតិជំនាន់មុនទាំងឡាយដែលអល់ឡោះបានបំផ្លាញ(ពួកគេ)ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តអយុត្តិធម៌របស់ពួកគេនោះ បានមកដល់ពួកគេ(ពួកមុស្ហរីគីន)ហើយ ដែលវាគ្រប់គ្រាន់ក្នុងការហាមឃាត់ពួកគេពីការប្រឆាំង និងការបំពាន។

(5) ហើយគម្ពីរគួរអានដែលជាគតិបណ្ឌិតដ៏ពេញលេញបានមកដល់ពួកគេ ដើម្បីជាភស្តុតាងបញ្ជាក់ទៅលើពួកគេ។ ក៏ប៉ុន្តែ ការដាស់តឿនព្រមានទាំងនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីចំពោះក្រុមដែលគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកឡើយ។

(6) ហើយប្រសិនបើពួកគេមិនទទួលបានការចង្អុលបង្ហាញទេនោះ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេ និងបែរចេញពីពួកគេចុះ ដោយរង់ចាំថ្ងៃដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកផ្លុំត្រែនោះ ស្រែកហៅពួកគេទៅកាន់កិច្ចការដ៏រន្ធត់មួយដែលម៉ាខ្លូកទាំងអស់មិនដែលធ្លាប់បានដឹងពីមុនមកសោះ។

(7) កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេក្រោកចេញពីផ្នូរសំដៅទៅកាន់កន្លែងជំនុំជម្រះ ប្រៀបបីដូចជាសត្វកណ្តូបដែលនៅរាយប៉ាយ។

(8) ពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលបានស្រែកហៅពួកគេទៅកាន់កន្លែងជំនុំជម្រះនោះ ហើយពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះ គឺជាថ្ងៃដែលលំបាកវេទនាបំផុត ព្រោះក្នុងថ្ងៃនោះ ពោរពេញទៅដោយភាពតានតឹង និងភាពភ័យរន្ធត់។

(9) ក្រុមរបស់ព្យាការីនួហបានបដិសេធ(មិនជឿអ្នកនាំសាររបស់ពួកគេ)មុនពួកដែលបានបដិសេធ(មិនទទួលយក)ចំពោះការអំពាវនាវរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះទៅទៀត។ ពិតប្រាកដណាស់ ពួកគេបានបដិសេធចំពោះខ្ញុំបម្រើរបស់យើង គឺព្យាការីនួហ នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ពួកគេ ហើយពួកគេបាននិយាយថាៈ ព្យាការីនួហ គឺជាមនុស្សវិកលចរិត ហើយពួកគេប្រមាថ ជេរស្តី និងគំរាមចំពោះគេសព្វបែបយ៉ាងនៅពេលដែលគេមិនព្រមបោះបង់ចោលការអំពាវនាវពួកគេនោះ។

(10) ពេលនោះ ព្យាការីនួហក៏បានបួងសួងទៅកាន់ម្ចាស់របស់គាត់ដោយពោលថាៈ ពិតប្រាកដណាស់ ក្រុមរបស់ខ្ញុំមានប្រៀបមកលើខ្ញុំ ហើយពួកគេមិនទទួលយកការរអំពាវនាវរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់មេត្តាជួយឲ្យខ្ញុំយកឈ្នះលើពួកគេ ដោយទម្លាក់ទណ្ឌកម្មទៅលើពួកគេផងចុះ។

(11) ដូច្នេះ យើងក៏បានបើកទ្វារទាំងឡាយនៃមេឃា តាមរយៈការបញ្ចុះនូវទឹកភ្លៀងយ៉ាងច្រើនជាបន្តបន្ទាប់។

(12) ហើយយើងក៏បានធ្វើឲ្យផែនដីបញ្ចេញនូវប្រភពទឹកជាច្រើនផុសចេញមក។ ហើយទឹកដែលបានធ្លាក់ពីលើមេឃ និងទឺកដែលបានចេញពីក្នុងដីបានប្រមូលផ្គុំគ្នាទៅតាមបទបញ្ជារអល់ឡោះដែលទ្រង់បានកំណត់តាំងពីបុព្វេមក។ ពេលនោះ អ្វីៗទាំងអស់ក៏បានលិចលង់នៅក្នុងទឹក(ជំនន់) លើកលែងតែជនណាដែលអល់ឡោះទ្រង់បានសង្គ្រោះរូបគេ(ឲ្យរួចជីវិត)ប៉ុណ្ណោះ។

(13) ហើយយើងបានដឹកព្យាការីនួហនៅលើសំពៅដែលផ្គុំឡើងពីបន្ទះក្តារនិងដែកគោល ហើយយើងបានសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេឲ្យរួចផុតពីការលិចលង់។

(14) សំពៅនោះបានរសាត់អណ្តែតនៅលើរលកទឹកដែលបក់បោកទៅតាមការឃ្លាំមើល និងការថែរក្សាពីយើង ដើម្បីជាការជួយដល់ព្យាការីនួហដែលត្រូវបានក្រុមរបស់គេបដិសេធមិនព្រមជឿចំពោះគេ ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្វីដែលព្យាការីនួហបាននាំមកពីអល់ឡោះមកកាន់ពួកគេថែមទៀត។

(15) ហើយពិតប្រាកដណាស់ យើងបានបន្សល់ទុកទណ្ឌកម្មដែលយើងបានដាក់លើពួកគេនេះទុកជាមេរៀននិងការដាស់តឿន។ ដូច្នេះ តើមានអ្នកដែលយករឿងនោះធ្វើជាមេរៀនដែរឬទេ?

(16) ដូច្នេះ តើទណ្ឌកម្មរបស់យើងចំពោះពួកដែលបដិសេធនោះ យ៉ាងដូចម្តេចដែរ? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញរបស់យើងចំពោះពួកគេនោះ យ៉ាងដូចម្តេចដែរ?

(17) ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?

(18) ពួកអាទបានបដិសេធចំពោះព្យាការីរបស់ពួកគេ គឺព្យាការីហ៊ូទ។ ដូចនេះ ចូរពួកអ្នក (ឱពួកម៉ាក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងចំពោះពួកគេយ៉ាងដូចម្តេច? ហើយតើការព្រមានរបស់យើងចំពោះប្រជាជាតិផ្សេងទៀតក្រៅពីពួកគេដោយយកទណ្ឌកម្មរបស់ពួកគេ(មកព្រមាន)នោះយ៉ាងដូចម្តេចដែរ?

(19) ជាការពិតណាស់ យើងបានបញ្ជូនខ្យល់ដែលត្រជាក់បំផុតជាបន្តបន្ទាប់ទៅកាន់ពួកគេក្នុងថ្ងៃដ៏មហន្តរាយបំផុត រហូតដល់ពួកគេធ្លាក់ទៅក្នុងនរកជើហាន់ណាំ។

(20) ខ្យល់នោះបានគួចយកមនុស្សចេញពីផ្ទែដី ហើយបានបោះគ្រវែងពួកគេបោកទៅលើដីវិញ ប្រៀបដូចជាគល់ល្មើដែលបានដាច់ចេញពីគល់របស់វាដូច្នោះដែរ។

(21) ដូចនេះ ចូរពួកអ្នក (ឱពួកម៉ាក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងទៅចំពោះពួកគេយ៉ាងដូចម្តេច? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញរបស់យើងចំពោះពួកគេនោះ យ៉ាងដូចម្តេចដែរ?

(22) ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?

(23) ពួកសាមូដបានបដិសេធនឹងការព្រមានដាស់តឿននៃអ្នកនាំសាររបស់ពួកគេ គឺព្យាការីសឡេះ

(24) ដោយពួកគេបាននិយាយបដិសេធថាៈ តើពួកយើងធ្វើតាមមនុស្សធម្មតាម្នាក់ដែលជាជាតិសាសន៍តែមួយជាមួយពួកយើងឬ? ពិតប្រាកដណាស់ ប្រសិនបើពួកយើងធ្វើតាមគេក្នុងស្ថានភាពបែបនេះនោះ ពួកយើងពិតជាឃ្លាតឆ្ងាយ និងងាកចេញពីភាពត្រឹមត្រូវ ហើយនឹងត្រូវស្ថិតក្នុងភាពលំបាកជាមិនខាន។

(25) តើគេ(អល់ឡោះ)បញ្ចុះវ៉ាហ៊ីទៅលើគេ(ព្យាការីសឡេះ)តែម្នាក់ឯង ដោយរំលងពួកយើងឬ? ទេ មិនពិតទេ។ ផ្ទុយទៅវិញ រូបគេ(ព្យាការីសឡេះ) គឺជាអ្នកភូតកុហកនិងក្អេងក្អាង។

(26) ពួកគេគង់តែនឹងដឹងនៅថ្ងៃបរលោក ថាតើអ្នកណាជាអ្នកភូតកុហកនិងក្អេងក្អាងនោះ? តើព្យាការីសឡេះ ឬមួយក៏ពួកគេ?

(27) ជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ចេញសត្វអូដ្ឋញីមួយក្បាលពីផ្ទាំងថ្ម ហើយបញ្ជូនវាទៅកាន់ពួកគេ ដើម្បីជាការសាកល្បងចំពោះពួកគេ។ ដូច្នេះចូរអ្នក(ឱព្យាការីសឡេះ) រង់ចាំមើល និងតាមដានពួកគេចុះ ថាតើពួកគេនឹងធ្វើដូចម្តេចចំពោះសត្វអូដ្ឋនោះ? ហើយតើគេ(អល់ឡោះ)នឹងធ្វើដូចម្តេចដែរចំពោះពួកគេវិញ? ហើយចូរអ្នកអត់ធ្មត់ចុះចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកគេ។

(28) ហើយចូរអ្នកប្រាប់ពួកគេចុះថា ទឹកអណ្តូងរបស់ពួកគេត្រូវបានបែងចែក(វេន)គ្នារវាងពួកគេនិងសត្វអូដ្ឋញីមួយក្បាលនោះ ដោយមួយថ្ងៃសម្រាប់សត្វអូដ្ឋ ហើយមួយថ្ងៃទៀតសម្រាប់ពួកគេ។ រាល់វេននីមួយៗ គឺមានតែម្ចាស់វេនប៉ុណ្ណោះដែលមានសិទ្ធិមកទទួលយកចំណែករបស់ខ្លួននៅក្នុងថ្ងៃនោះបាន។

(29) ពេលនោះ ពួកគេក៏បានហៅមិត្តភក្តិរបស់ពួកគេម្នាក់ដើម្បីឲ្យទៅសម្លាប់សត្វអូដ្ឋនោះ។ ដូច្នេះ គេក៏បានយកដាវ រួចក៏បានសម្លាប់សត្វអូដ្ឋនោះដោយគោរពតាមបទបញ្ជាក្រុមរបស់គេ។

(30) ដូច្នេះ ចូរពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ពិចារណាមើល៍ ថាតើទណ្ឌកម្មរបស់យើងទៅចំពោះពួកគេយ៉ាងដូចម្តេច? ហើយតើការព្រមានរបស់យើងតាមរយៈការបំផ្លាញរបស់យើងចំពោះពួកគេនោះ យ៉ាងដូចម្តេចដែរ?

(31) ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំងទៅកាន់ពួកគេ ហើយសម្រែក(ដ៏ខ្លាំងក្លា)នោះក៏បានបំផ្លាញពួកគេខ្ទេចខ្ទី។ ពេលនោះ ពួកគេប្រៀបដូចជារុក្ខជាតិស្ងួតដែលគេដាក់ក្នុងក្រោល(ធ្វើជាចំណី)សម្រាប់សត្វពាហនៈរបស់គេស៊ីដូច្នោះដែរ។

(32) ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?

(33) ក្រុមរបស់ព្យាការីលូតបានបដិសេធចំពោះអ្វីដែលព្យាការីលូតដែលជាអ្នកនាំសាររបស់ពួកគេបានព្រមានចំពោះពួកគេ។

(34) នៅពេលនោះ យើងក៏បានបញ្ជូនព្យុះ(ដ៏ខ្លាំងក្លា)នាំដុំថ្មទម្លាក់ទៅលើពួកគេ លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូតប៉ុណ្ណោះដែលមិនទទួលរងនូវទណ្ឌកម្មនេះ។ ជាការពិតណាស់ យើងបានសង្គ្រោះពួកគេ(ក្រុមគ្រួសាររបស់ព្យាការីលូត)ឲ្យរួចផុតពីទណ្ឌកម្មនេះ ខណៈដែលយើងបានឲ្យពួកគេរត់គេចមុនពេលដែលទណ្ឌកម្មមកដល់នៅមុនពេលទៀបភ្លឺ។

(35) ការដែលយើងបានសង្គ្រោះពួកគេពីទណ្ឌកម្មនោះ គឺជាការប្រោសប្រទានមួយពីយើងចំពោះពួកគេ។ ដូចដែលយើងបានតបស្នងចំពោះព្យាការីលូតនេះដែរ យើងនឹងតបស្នងចំពោះជនណាដែលចេះថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់។

(36) ហើយជាការពិតណាស់ ព្យាការីលូតបានព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់យើង ក៏ប៉ុន្តែពួកគេបានជជែកដេញដោលចំពោះការព្រមានរបស់គេ ហើយពួកគេថែមទាំងបដិសេធមិនជឿចំពោះការព្រមាននោះថែមទៀត។

(37) ហើយជាការពិតណាស់ ក្រុមរបស់ព្យាការីលូតបានសុំឲ្យព្យាការីលូតទុកពួកគេឲ្យនៅជាមួយភ្ញៀវរបស់គាត់ដែលជាម៉ាឡាអ៊ីកាត់ក្នុងគោលបំណងប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា)។ ដូច្នេះ យើងក៏បានបិទបាំងកែវភ្នែករបស់ពួកគេ មិនឲ្យពួកគេមើលឃើញភ្ញៀវទាំងនោះឡើយ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មរបស់យើង និងលទ្ធផលនៃការព្រមានរបស់យើងចំពោះពួកអ្នកនោះ។

(38) ហើយពិតប្រាកដណាស់ ទណ្ឌកម្មជានិរន្តន៍បានមកដល់ពួកគេនៅពេលព្រឹកព្រលឹម រហូតដល់ពួកគេទៅដល់ថ្ងៃបរលោក។ នៅពេលនោះ ទណ្ឌកម្មបរលោកនឹងមកដល់ពួកគេ។

(39) ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះវាទៅកាន់ពួកអ្នក ហើយនិងលទ្ធផលនៃការព្រមានរបស់ព្យាការីលូតចំពោះពួកអ្នកចុះ។

(40) ហើយប្រាកដណាស់ យើងបានធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួលក្នុងការចងចាំ និងយកជាមេរៀន។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេចំពោះមេរៀន និងការដាស់រំលឹកទាំងឡាយដែលមានក្នុងគម្ពីរនេះ?

(41) ហើយពិតប្រាកដណាស់ ការព្រមានរបស់យើងបានមកដល់វង្សត្រកូលរបស់ហ្វៀរអូន តាមរយៈពាក្យសម្ដីរបស់ព្យាការីមូសា និងព្យាការីហារូន។

(42) ពួកគេបានបដិសេធចំពោះបណ្តាភស្តុតាងនិងអំណះអំណាងទាំងឡាយដែលបានទៅដល់ពួកគេដែលមកអំពីយើងនោះ។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេចំពោះការបដិសេធរបស់ពួកគេ គឺជាទណ្ឌកម្មរបស់ម្ចាស់ដែលមហាខ្លាំក្លាដែលគ្មាននណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ជាអ្នកដែលមានអានុភាពបំផុតដែលគ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(មិនអាចធ្វើបាន)នោះឡើយ។

(43) តើការប្រឆាំងរបស់ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ប្រសើរជាងពួកប្រឆាំងទាំងឡាយដែលបានលើកឡើងខាងលើដែលមានដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូដ ក្រុមរបស់ព្យាការីលូត ហើយនិងហ្វៀរអូននិងក្រុមរបស់គេទាំងនោះឬ? ឬមួយក៏ពួកអ្នកមានការធានាឲ្យ(ពួកអ្នកអាច)រួចផុតពីទណ្ឌកម្មរបស់អល់ឡោះដែលបានបញ្ជាក់នៅក្នុងគម្ពីរទាំងឡាយដែលត្រូវបានបញ្ចុះពីលើមេឃនោះឬ?

(44) ផ្ទុយទៅវិញ តើពួកប្រឆាំងក្នុងចំណោមអ្នកស្រុកម៉ាក្កះទាំងនោះកំពុងតែនិយាយថាៈ ពួកយើងទាំងអស់គ្នាជាអ្នកដែលត្រូវបានគេជួយឲ្យយកឈ្នះលើជនទាំងឡាយណាដែលមានបំណងអាក្រក់មកលើពួកយើង និងមានចង់បំបែកបំបាក់ក្រុមរបស់ពួកយើងឬ?

(45) ក្រុមរបស់ពួកដែលប្រឆាំងទាំងនោះនឹងត្រូវទទួលបរាជ័យ ហើយពួកគេនឹងរត់បកក្រោយនៅចំពោះមុខបណ្តាអ្នកមានជំនឿ ខណៈដែលរឿងនេះបានកើតឡើងរួចមកហើយនៅថ្ងៃសង្គ្រាមហ្ពាទើរ។

(46) ផ្ទុយទៅវិញ ពេលវេលា(នៃថ្ងៃបរលោក)ដែលពួកគេបដិសេធនឹងវានោះ គឺជាពេលសន្យា របស់ពួកគេដែលពួកគេនឹងត្រូវគេដាក់ទណ្ឌកម្មនៅក្នុងពេលនោះ។ ហើយពេលវេលា(នៃថ្ងៃបរលោក) គឺធំធេង និងល្វីងជូរចត់បំផុតជាងទណ្ឌកម្មលោកិយដែលពួកគេបានជួបប្រទះនៅថ្ងៃសង្គ្រាមហ្ពាទើរទៅទៀត។

(47) ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តបាបកម្មតាមរយៈភាពគ្មានជំនឿនិងការប្រព្រឹត្តល្មើសនោះ គឺស្ថិតនៅក្នុងភាពវង្វេងអំពីការពិត ហើយនិងស្ថិតនៅក្នុងទណ្ឌកម្មនិងការលំបាកវេទនា។

(48) នៅថ្ងៃដែលពួកគេត្រូវបានគេអូសផ្កាប់មុខពួកគេនៅក្នុងភ្លើងនរក ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មនៃភ្លើងនរក។

(49) ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់នៅក្នុងចក្រវាលនេះ គឺយើង(អល់ឡោះ)បានបង្កើតវាទៅតាមការកំណត់អំពីយើងកាលពីមុន ហើយវាស្របទៅតាមចំណេះដឹងរបស់យើង ចេតនារបស់យើង ហើយនិងអ្វីដែលយើងបានកត់ត្រារួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស។

(50) ហើយបទបញ្ជារបស់យើង នៅពេលណាដែលយើងមានចេតនាចង់អ្វីមួយ យើងគ្រាន់តែមានបន្ទូលនូវពាក្យមួយម៉ាត់គត់គឺ “ចូរកើតចុះ” ពេលនោះ អ្វីដែលយើងមានចេតនានោះ នឹងកើតឡើងភ្លាមយ៉ាងឆាប់រហ័ស ដូចជាមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

(51) ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនដែលបានប្រឆាំងដូចពួកអ្នក។ ដូច្នេះ តើមានអ្នកដែលយករឿងរ៉ាវទាំងនោះធ្វើជាមេរៀន ហើយរំដោះខ្លួនចេញពីការប្រឆាំងនោះដែរឬទេ?

(52) ហើយរាល់អ្វីៗទាំងអស់ដែលខ្ញុំបម្រើរបស់អល់ឡោះបានប្រព្រឹត្តនោះ គឺត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរទាំងឡាយរបស់ម៉ាឡាអ៊ីកាត់ហាហ្វាហ្សោះ ដោយគ្មានអ្វីមួយដែលពួកគេប្រព្រឹត្តនោះអាចរំលងផុតពី(ការកត់ត្រារបស់)ពួកគេបានឡើយ។

(53) ហើយរាល់ទង្វើនិងពាក្យសំដីទាំងអស់របស់ពួកគេ មិនថាតូច មិនថាធំនោះទេ សុទ្ធតែត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រាទង្វើ និងនៅក្នុងឡាវហ៊ុលម៉ះហ្វ៊ូស ហើយពួកគេនឹងត្រូវបានតបស្នងទៅតាមអ្វីដែលពួកគេបានសាង។

(54) ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចចំពោះម្ចាស់របស់ពួកគេ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកគេស្ថិតនៅក្នុងឋានសួគ៌ដែលពួកគេនឹងសោយសុខក្នុងនោះ និងនៅក្នុងទន្លេទាំងឡាយដែលហូរកាត់ខ្វាត់ខ្វែង។

(55) នៅកន្លែងដែលពិតប្រាកដ ដែលគ្មានការលេងសើចឥតប្រយោជន៍ ហើយក៏គ្មានបាបកម្មនោះដែរនៅទៅនោះ នៅក្បែរព្រះជាម្ចាស់ដែលគ្រប់គ្រងអ្វីៗទាំងអស់ ជាអ្នកដែលមានអានុភាពបំផុតដែលគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ហេតុនេះ សូមអ្នកកុំសួរពីភាពសម្បូរសប្បាយជានិរន្តន៍ដែលពួកគេទទួលបាននោះ។