57 - Al-Hadid ()

|

(1) ម៉ាខ្លូករបស់អល់ឡោះទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការកំណត់របស់ទ្រង់។

(2) ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់ធ្វើឲ្យរស់(ផ្តល់ជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ធ្វើឲ្យស្លាប់(ដកយកជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

(3) ទ្រង់គឺជាអ្នកដំបូងគេបង្អស់ដែលគ្មានអ្វីមួយ(មាន)មុនទ្រង់ឡើយ ហើយទ្រង់ជាអ្នកចុងក្រោយគេបង្អស់ ដែលគ្មានអ្វីមួយ(នៅ)ក្រោយទ្រង់ឡើយ។ ទ្រង់ជាអ្នកលេចធ្លោជាងគេបង្អស់ គ្មានអ្វីមួយលេចធ្លោជាងទ្រង់ឡើយ ទ្រង់ជាអ្នកអាថ៌កំបាំងបំផុត ដោយគ្មានអ្វីមួយដែលអាថ៌កំបាំងជាងទ្រង់ឡើយ ហើយទ្រង់មហាដឹងរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចរំលងផុតការដឹងរបស់ទ្រង់បន្តិចឡើយ។ ផលប្រយោជន៍នៃអាយ៉ាត់

(4) ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយបញ្ចប់នៅថ្ងៃសុក្រ ខណៈដែលទ្រង់ជាអ្នកដែលមានសមត្ថភាពអាចបង្កើតវាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់មក ទ្រង់បានគង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់។ ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី ដូចជាទឹកភ្លៀង គ្រាប់ពូជ និងអ្វីផ្សេងពីវាទាំងពីរ ហើយទ្រង់ដឹងនូវអ្វីដែលចេញពីដី ដូចជារុក្ខជាតិ រ៉ែ និងអ្វីផ្សេងៗទៀត។ ទ្រង់ក៏ដឹងផងដែរនូវអ្វីដែលចុះមកពីលើមេឃ ដូចជាទឹកភ្លៀង និងវ៉ាហ៊ី(សារពីអល់ឡោះ) និងអ្វីផ្សេងទៀត ហើយទ្រង់ក៏ដឹងផងដែរនូវអ្វីដែលឡើងទៅលើមេឃ ដូចជាម៉ាឡាអ៊ីកាត់ អំពើល្អឬអាក្រក់របស់ខ្ញុំបម្រើអល់ឡោះ និងព្រលឹងរបស់ពួកគេ។ ហើយទ្រង់នៅជាមួយពួកអ្នក(ឱមនុស្សលោក)ដោយការដឹងរបស់ទ្រង់ ទោះបីជាពួកអ្នកស្ថិតនៅទីណាក៏ដោយ។ គ្មានអ្វីមួយអំពីពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់ជាអ្នកឃើញបំផុតអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចបិទបាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកលើទង្វើទាំងនោះវិញ។

(5) ការគ្រប់គ្រងមេឃជាច្រើនជាន់និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ហើយកិច្ចការទាំងឡាយ នឹងត្រូវវិលត្រលប់ទៅកាន់ទ្រង់តែមួយគត់ ដោយទ្រង់នឹងជំនុំជម្រះម៉ាខ្លូកទាំងអស់នៅថ្ងៃបរលោក ហើយនិងតបស្នងដល់ពួកគេទៅលើទង្វើដែលពួកគេបានសាង។

(6) ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ពេលនោះភាពងងឹតក៏បានមកដល់ ហើយមនុស្សម្នាក៏នាំគ្នាសម្រាន្ត។ ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ពេលនោះពន្លឺក៏បានមកដល់ ហើយមនុស្សម្នាទាំងឡាយក៏នាំគ្នាបំពេញការងាររបស់ពួកគេរៀងៗខ្លួន។ ហើយទ្រង់មហាដឹងបំផុតចំពោះអ្វីដែលនៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។

(7) ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះទ្រង់បានប្រទានឲ្យពួកអ្នកគ្រប់គ្រងវា ដោយពួកអ្នកត្រូវចាត់ចែងវាឲ្យស្របទៅតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកអ្នក ។ ដូច្នេះ ជនណាដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមពួកអ្នក ហើយបានលះបង់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះនោះ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេងពីទ្រង់ នោះគឺឋានសួគ៌។

(8) តើអ្វីទៅដែលរារាំងពួកអ្នកមិនឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់ ខណៈដែលអ្នកនាំសារ(របស់ទ្រង់)កំពុងតែអំពាវនាវពួកអ្នកទៅកាន់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកនឹងមានជំនឿចំពោះម្ចាស់របស់ពួកអ្នកនោះ? ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកនូវកិច្ចសន្យាពីពួកអ្នក ដែលថាពួកអ្នកត្រូវមានជំនឿចំពោះទ្រង់ នៅពេលដែលទ្រង់បញ្ចេញពួកអ្នកចេញពីឆ្អឹងខ្នងឪពុករបស់ពួកអ្នក ប្រសិនបើពួកអ្នក ជាអ្នកដែលមានជំនឿមែននោះ។

(9) ទ្រង់គឺជាអ្នកដែលបានបញ្ចុះមកឲ្យខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ នូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដើម្បីបញ្ចេញពួកអ្នកពីភាពងងឹតនៃភាពគ្មានជំនឿនិងអវិជ្ជា ទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុត ដោយទ្រង់បានបញ្ជូនព្យាការីរបស់ទ្រង់មកកាន់ពួកអ្នក ដើម្បីចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ) និងផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក)

(10) តើមានអ្វីដែលរារាំងពួកអ្នកមិនឲ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ ខណៈដែលមត៌កនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់នោះ? វាមិនស្មើគ្នាឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)សម្រាប់អ្នកដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះដើម្បីស្វែងរកការពេញចិត្តពីទ្រង់មុនពេលរំដោះទឹកដីម៉ាក្កះ ព្រមទាំងបានប្រយុទ្ធនឹងពួកប្រឆាំងដើម្បីជួយពង្រឹងសាសនាឥស្លាម ហើយនិងអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះបន្ទាប់ពីការរំដោះទឹកដីម៉ាក្កះ ព្រមទាំងបានប្រយុទ្ធជាមួយនឹងពួកប្រឆាំងនោះ។ បណ្តាអ្នកដែលបានបរិច្ចាគមុនពេលរំដោះទឹកដីម៉ាក្កះ ហើយបានប្រយុទ្ធជាមួយពួកគ្មានជំនឿនោះ ពួកគេទទួលបានឋានៈធំធេងនិងខ្ពង់ខ្ពស់សម្រាប់អល់ឡោះ ជាងអ្នកដែលបានចំណាយទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះក្រោយពេលរំដោះទឹកដីម៉ាក្កះ ហើយបានប្រយុទ្ធជាមួយពួកគ្មានជំនឿ។ ហើយពិតប្រាកដណាស់ អល់ឡោះបានសន្យាចំពោះក្រុមទាំងពីរនេះនូវឋានសួគ៌។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើនោះ។

(11) ជនណាហើយដែលបានលះបង់ទ្រព្យសម្បត្តិរបស់គេដោយសុទ្ធចិត្តដើម្បីការពេញចិត្តពីអល់ឡោះនោះ ទ្រង់នឹងប្រទានឲ្យគេនូវផលបុណ្យទ្វេដងទៅលើទ្រព្យសម្បត្តិដែលគេបានលះបង់នោះ ហើយនៅថ្ងៃបរលោក គេនឹងទទួលបានការតបស្នងដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌?។

(12) នៅថ្ងៃដែលអ្នកនឹងឃើញបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ខណៈដែលពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខពួកគេ និងនៅខាងស្តាំដៃរបស់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេនៅថ្ងៃនោះថាៈ ភាពសប្បាយរីករាយរបស់ពួកអ្នកនៅក្នុងថ្ងៃនេះ គឺឋានសួគ៌ទាំងឡាយដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើទាំងឡាយរបស់វា ដោយពួកអ្នកនឹងស្ថិតនៅក្នុងឋានសួគ៌នោះអមតៈ។ នោះហើយ គឺជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

(13) នៅថ្ងៃដែលពួកពុតត្បុតទាំងប្រុសទាំងស្រីបាននិយាយទៅកាន់បណ្តាអ្នកមានជំនឿថាៈ សូមពួកអ្នករង់ចាំពួកយើងផង សង្ឃឹមថា ពួកយើងអាចទទួលបានពន្លឺខ្លះពីពួកអ្នក ដែលអាចជួយពួកយើងឲ្យឆ្លងស្ពាន”ស៊ីរ៉ត”នេះផុត។ ហើយមានគេនិយាយទៅកាន់ពួកពុតត្បុតក្នុងន័យចំអកចំពោះពួកគេថាៈ ចូរពួកអ្នកត្រលប់ក្រោយវិញ ហើយស្វែងរកពន្លឺដើម្បីបំភ្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ ស្រាប់តែគេបានដាក់របងខណ្ឌរវាងពួកគេ(និងបណ្តាអ្នកមានជំនឿ) ដោយរបងមួយដែលមានទ្វារ។ ផ្នែកខាងក្នុងនៃទ្វារដែលស្ថិតនៅខាងបណ្តាអ្នកដែលមានជំនឿនោះ គឺមានក្តីមេត្តាករុណា ចំណែកឯផ្នែកខាងក្រៅនៃទ្វារដែលស្ថិតនៅខាងពួកពុតត្បុតវិញនោះ គឺមានទណ្ឌកម្ម។

(14) ពួកពុតត្បុតបានស្រែកហៅបណ្តាអ្នកមានជំនឿ ដោយពួកគេពោលថាៈ តើពួកយើងមិនធ្លាប់ ស្ថិតនៅក្នុងសាសនាឥស្លាម និងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ជាមួយពួកអ្នកទេឬ? បណ្តាអ្នកមានជំនឿបានតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកធ្លាប់នៅជាមួយពួកយើង ក៏ប៉ុន្តែពួកអ្នកបានបំផ្លាញខ្លួនឯងដោយអំពើពុតត្បុត ហើយពួកអ្នករង់ចាំឲ្យបណ្តាអ្នកមានជំនឿទទួលបរាជ័យ ទើបពួកអ្នកប្រកាសពីការប្រឆាំងរបស់ពួកអ្នកដោយបើកចំហ ហើយពួកអ្នកមានការសង្ស័យចំពោះការជួយរបស់អល់ឡោះចំពោះអ្នកមានជំនឿ និងសង្ស័យចំពោះការពង្រស់ឡើងវិញក្រោយពីស្លាប់ ហើយមហិច្ចតាមិនពិតរបស់អ្នកបានបោកប្រាស់ពួកអ្នករហូតដល់សេចក្តីស្លាប់បានមកដល់ពួកអ្នក ខណៈដែលពួកអ្នកស្ថិតក្នុងសភាពបែបនោះ។ ហើយស្ហៃតនបានបោកប្រាស់ពួកអ្នកឲ្យប្រាសចាកពីមាគ៌ារបស់អល់ឡោះ។

(15) ដូច្នេះនៅក្នុងថ្ងៃនេះ គេមិនទទួលយកពីពួកអ្នក(ឱពួកពុតត្បុត)នូវការលោះខ្លួនពីទណ្ឌកម្ម របស់អល់ឡោះឡើយ ហើយគេក៏មិនទទួលយកការលោះពីពួកដែលប្រឆាំងដោយបើកចំហដែរ ហើយកន្លែងវិលត្រលប់របស់ពួកអ្នក និងកន្លែងវិលត្រលប់របស់ពួកប្រឆាំងនោះ គឺឋាននរក។ វាសាកសមណាស់សម្រាប់ពួកអ្នក ហើយពួកអ្នកក៏សាកសមសម្រាប់វាដែរ។ ហើយឋាននរកនោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

(16) តើមិនទាន់ដល់ពេលសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដែលចិត្តរបស់ពួកគេទន់ភ្លន់ និងមានភាពនឹងនរចំពោះការរំលឹករបស់អល់ឡោះ ហើយនិងអ្វីដែលគម្ពីរគួរអានបានបញ្ចុះមក ដូចជាការសន្យា(ប្រទានក្តីមេត្តា) ឬការព្រមាន(ដាក់ទណ្ឌកម្ម)ទេឬ? ហើយកុំឲ្យពួកគេមានចិត្តរឹងរូសដូចពួកយូដាដែលគេបានប្រទានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលគេបានប្រទានគម្ពីរអិនជីល ហើយពេលវេលាដ៏យូររវាងពួកគេ និងការបញ្ជូនបណ្តាព្យាការីរបស់ពួកគេ(បានកន្លងផុតពីពួកគេ) ដែលជាហេតុធ្វើឲ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលឃ្លាតចេញពីការគោរពប្រតិបត្តចំពោះអល់ឡោះទៅរកការប្រព្រឹត្តល្មើសចំពោះទ្រង់។

(17) ចូរពួកអ្នកជា្របចុះថាៈ ប្រាកដណាស់ អល់ឡោះជាម្ចាស់បានធ្វើឲ្យដីរស់ឡើងវិញ តាមរយៈការឲ្យដីនោះដុះចេញនូវរុក្ខជាតិ ក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះ។ ប្រាកដណាស់ យើងបានបញ្ជាក់ដល់ពួកអ្នក(ឱមនុស្សលោក)នូវភស្តុតាង និងអំណះអំណាងជាច្រើនដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកចេះគិតពិចារណា ហើយនិងអាចយល់ដឹងបានថាៈ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាស្លាប់ហើយនោះ គឺជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញក្រោយពីពួកអ្នកបានស្លាប់ ហើយក៏ជាអ្នកដែលមានសមត្ថភាពអាចធ្វើឲ្យចិត្តរបស់ពួកអ្នកទន់ភ្លន់ឡើងវិញ ក្រោយពីវាបានក្លាយជារឹងរូសទៅហើយនោះដូចគ្នាដែរ។

(18) ប្រាកដណាស់ បណ្តាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនរបស់ពួកគេ ទាំងប្រុសទាំងស្រីដោយពួកគេបានបរិច្ចាគវាដោយចិត្តស្មោះសដោយគ្មានការរំលើកនិងគ្មានការបញ្ឈឺ(ដល់អ្នកទទួល)នោះ គឹគេនឹងតបស្នងផលបុណ្យទ្វេដងដល់ពួកគេចំពោះទង្វើរបស់ពួកគេ ដោយប្រការល្អមួយទ្វេឡើងទៅជាដប់ដងហើយកើនទ្វេរហូតទៅដល់ប្រាំពីររយ និងអាចកើនទ្វេដងលើសនេះទៅទៀត។ ហើយជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃពីអល់ឡោះជាម្ចាស់ នោះគឺឋានសួគ៌។

(19) ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយគ្មានការបែងចែករវាងពួកគេ(អ្នកនាំសារ)ទេនោះ អ្នកទាំងនោះហើយគឺអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយបណ្តាអ្នកដែលពលីជីវិត(ក្នុងមាគ៌ាអល់ឡោះ) សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃដែលត្រូវបានរៀបចំសម្រាប់ពួកគេនៅឯម្ចាស់របស់ពួកគេ ហើយពួកគេនឹងទទួលបាននូវពន្លឺដែលបំភ្លឺនៅខាងមុខពួកគេ និងខាងស្តាំពួកគេនៅថ្ងៃបរលោក។ ហើយចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងទេនោះ ពួកទាំងនោះហើយ គឺពួកនរកជើហ៊ីម។ ពួកគេនឹងចូលវានៅថ្ងៃបរលោក ដោយពួកគេស្ថិតនៅក្នុងឋានរកនោះជាអមតៈ ដោយមិនអាចចាកចេញបានឡើយ។

(20) ចូរពួកអ្នកជ្រាបចុះថា ជាការពិតណាស់ ឆាកជីវិតលោកិយនេះ គ្រាន់តែជាល្បែងលេងដែលខ្លួនប្រាណ(របស់ពួកអ្នក)លេងសើចនឹងវា ជាការកំសាន្តដែលនាំឲ្យចិត្តសប្បាយរីករាយ និងជាការតុបតែងលម្អដែលពួកអ្នកយកធ្វើជាគ្រឿងតុបតែងឲ្យល្អមើល ហើយនិងជាភាពអំណួតរវាងពួកអ្នកនឹងអ្វីដែលមាននៅក្នុងវា ដូចជាសិទ្ធិអំណាច ការសប្បាយរីករាយ និងជាការប្រណាំងប្រជែងគ្នាតាមរយៈទ្រព្យសម្បត្តិ និងកូនច្រើនប៉ុណ្ណោះ ប្រៀបបីដូចជាទឹកភ្លៀងដែលធ្វើឲ្យអ្នកដាំដុះទាំងឡាយមានភាពសប្បាយរីករាយចំពោះដំណាំរបស់គេ ស្រាប់តែមិនយូរប៉ុន្មាន ដំណាំដែលមានពណ៌បៃតង(មានភាពស្រស់បំព្រង)នោះប្រែក្លាយទៅជាស្ងួតស្រពោន ហើយក្រោយពីបានវាមានពណ៌ខៀវស្រងាត់នោះ អ្នកនឹងឃើញវាប្រែក្លាយទៅជាពណ៌លឿង។ បន្ទាប់មក អល់ឡោះបានធ្វើឲ្យដំណាំនោះក្លាយជាកម្ទេចសំរាមទៅវិញ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏ខ្លាំងក្លា គឺសម្រាប់ពួកគ្មានជំនឿនិងពួកពុតត្បុត ហើយការខន្តីអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយនោះ គឺសម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយពួកគេនឹងទទួលបាននូវការពេញចិត្តអំពីទ្រង់។ ហើយឆាកជីវិតលោកិយនេះ គ្មានអ្វីក្រៅពីភាពត្រេកត្រអាលដែលនឹងត្រូវបាត់បង់ទៅវិញ ដែលវាមិនគង់វង្សនោះឡើយ។ ដូច្នេះ ជនណាហើយដែលយកការសប្បាយរីករាយ(ក្នុងលោកិយ)ដែលនឹងបាត់បង់ទៅវិញ សំខាន់ជាងការសោយសុខ(ជាអមតៈ)នៅថ្ងៃបរលោកនោះ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលខាតបង់។

(21) ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រណាំងប្រជែងគ្នាទៅកាន់(ការសាង)ទង្វើកុសល ទាំងឡាយ ដូចជាការសារភាពកំហុស និងទង្វើកុសលផ្សេងៗទៀត ដែលជាទង្វើដែលទទួលបាននូវការអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នក និងដើម្បីទទួលបានឋានសួគ៌ ដែលទទឹងរបស់វា ស្មើនឹងចម្ងាយរវាងមេឃនិងផែនដី។ ឋានសួគ៌នេះ គឺអល់ឡោះទ្រង់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ការតបស្នងទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។

(22) គ្មានគ្រោះមហន្តរាយណាមួយដែលមនុស្សទទួលរងនៅលើផែនដី ដូចជាគ្រោះរាំងស្ងួត និងផ្សេងៗទៀត ហើយក៏គ្មានគ្រោះមហន្តរាយណាមួយដែលកើតមានក្នុងខ្លួនរបស់ពួកគេនោះឡើយ លើកលែងតែវាសុទ្ធតែត្រូវបានគេកត់ត្រាទុករួចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូសមុនពេលដែលយើងបង្កើតម៉ាខ្លូកទាំងអស់។ ពិតប្រាកដណាស់ រឿងនោះ គឺងាយស្រួលបំផុតសម្រាប់អល់ឡោះ។

(23) ការធ្វើដូច្នោះ គឺដើម្បីកុំឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានទុក្ខព្រួយចំពោះអ្វីដែលបានបាត់បង់ពីពួកអ្នក និងដើម្បីកុំឲ្យពួកអ្នកសប្បាយហួសហេតុចំពោះឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឲ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទម និងមានអំនួតក្អេងក្អាងទៅលើអ្នកដទៃដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យគេនោះឡើយ។

(24) ពួកដែលកំណាញ់មិនហ៊ានចំណាយ(បរិច្ចាគ)នូវអ្វីដែលជាកាតព្វកិច្ចលើពួកគេត្រូវចំណាយ ហើយបានប្រើអ្នកដទៃឲ្យមានភាពកំណាញ់(ដូចពួកគេដែរ)នោះ គឺជាពួកដែលខាតបង់។ ហើយជនណាដែលងាកចេញពីការប្រតិបត្តិតាមអល់ឡោះនោះ ជាការពិតណាស់ រូបគេមិនបានផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះនោះឡើយ។ តាមពិត រូបគេកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញទេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់ដែលមហាមានលើសលប់។ ដូចនេះ ទ្រង់មិនត្រូវការការគោរពប្រតិបត្តិពីសំណាក់ខ្ញុំបម្រើរបស់ទ្រង់ឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាព។

(25) ប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងយ៉ាងជាក់លាក់ ហើយយើងក៏បានបញ្ចុះគម្ពីរមកជាមួយពួកគេផងដែរនូវគម្ពីរទាំងឡាយ។ ហើយយើងក៏បានបញ្ចុះមកជាមួយពួកគេផងដែរនូវជញ្ជីងយុត្តិធម៌ ដើម្បីឲ្យមនុស្សលោកមានទំនាក់ទំនងគ្នាដោយយុត្តិធម៌។ ហើយយើងបានបញ្ចុះដែកដែលមានភាពរឹងបំផុតដែលគេអាចយកធ្វើជាអាវុធ ហើយវាក៏បានផ្តល់ផលប្រយោជន៍ជាច្រើនផងដែរសម្រាប់មនុស្ស នៅក្នុងផ្នែកឧស្សាហកម្ម និងសិប្បកម្មរបស់ពួកគេ។ ហើយនិងដើម្បីឲ្យអល់ឡោះជាម្ចាស់ដឹងថា តើខ្ញុំបម្រើរបស់ទ្រង់ណាមួយដែលជួយដល់ទ្រង់និងអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយអាថ៌កំបាំងនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ ដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយក៏គ្មានអ្វីដែលទ្រង់អសមត្ថភាពនោះដែរ។

(26) ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហ និងព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទាននូវភាពជាព្យាការីនិងបណ្តាគម្ពីរឲ្យកូនចៅពូជអម្បូររបស់គេទាំងពីរ។ ហើយក្នុងចំណោមកូនចៅពូជអម្បូររបស់ពួកគេទាំងពីរនេះ មានអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ តែភាគច្រើននៃពួកគេ ជាអ្នកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។

(27) ក្រោយមក យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងជាបន្តបន្ទាប់ទៅកាន់ប្រជាជាតិរបស់ពួកគេ។ ហើយយើងបានបញ្ជូនបន្ទាប់ពីពួកគេនូវព្យាការីអ៊ីសា កូនម៉ារីយ៉ាំ និងបានប្រទានគម្ពីរអិញ្ជីលឲ្យទៅគេ(ព្យាការីអ៊ីសា) ហើយយើងបានដាក់ក្តីអាណិតស្រឡាញ់ និងក្តីមេត្តាករុណាទៅក្នុងដួងចិត្តរបស់អ្នកដែលមានជំនឿចំពោះគេ និងដើរតាមគេ។ ដូច្នេះ ពួកគេក៏មានក្តីស្រលាញ់ចំពោះគ្នា និងអាណិតអាសូរចំពោះគ្នា(ទៅវិញទៅមក)។ តែពួកគេបានបង្កើតថ្មីនូវភាពជ្រុលនិយមក្នុងសាសនារបស់ពួកគេ ដោយពួកគេបានបោះបង់ចោលមួយចំនួនអំពីអ្វីដែលអល់ឡោះបានអនុញ្ញាតឲ្យពួកគេ ដូចជាការរៀបការ និងការសោយសុខដែលមិនលើសលុប ហើយដែលយើងមិនបានទាមទារឲ្យពួកគេធ្វើដូច្នោះឡើយ។ តាមពិត ពួកគេបានដាក់កាតព្វកិច្ចចំពោះវាបែបនោះដោយខ្លួនឯង ជាការបង្កើតថ្មីនៅក្នុងសាសនាពីសំណាក់ពួកគេ។ ហើយតាមពិត យើងបានទាមទារ(ឲ្យពួកគេ)ធ្វើនូវអ្វីដែលអល់ឡោះពេញចិត្ត ប៉ុន្តែពួកគេមិនបានធ្វើតាមនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឲ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយបដិសេធមិនជឿនូវអ្វីដែលអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ បាននាំមកនោះទេ។

(28) ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដល់ទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងនូវប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចុះ នោះទ្រង់នឹងប្រទានផលបុណ្យឲ្យពួកអ្នកពីរចំណែក គឺទៅលើការមានជំនឿរបស់ពួកអ្នកចំពោះអ្នកនាំសារមូហាំម៉ាត់ និងទៅលើការមានជំនឿរបស់ពួកអ្នកចំពោះបណ្តានាំសារទាំងឡាយពីមុនមក ហើយទ្រង់នឹងប្រទានឲ្យពួកអ្នកនូវពន្លឺសម្រាប់ពួកអ្នកបំភ្លឺក្នុងជីវិតលោកិយរបស់ពួកអ្នក និងសម្រាប់ពួកអ្នកបំភ្លឺនៅពេលដែលពួកអ្នកឆ្លងស្ពានស៊ីរ៉តនៅថ្ងៃបរលោក។ ហើយទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ដោយទ្រង់បិទបាំងវា និងមិនយកទោសពៃរ៍ពួកអ្នកឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

(29) ហើយពិតប្រាកដណាស់ ការដែលយើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នកនូវការប្រោសប្រទានដ៏ធំធេងរបស់យើងនូវអ្វីដែលយើងបានរៀបចំវាសម្រាប់ពួកអ្នក(ឱអ្នកដែលមានជំនឿ)អំពីផលបុណ្យទ្វេដងនោះ គឺដើម្បីឲ្យពួកដែលគេបានប្រទានគម្ពីរឲ្យកាលពីមុន គឺពួកយូដា និងពួកណាសរ៉នី ដឹងថាៈ ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពអ្វីបន្តិចណាឡើយទៅលើអ្វីមួយក្នុងចំណោមការប្រោសប្រទានរបស់អល់ឡោះ ដោយ(ពួកគេគិតថា)ពួកគេអាចផ្តល់វា(ការប្រោសប្រទានរបស់អល់ឡោះ)ទៅឲ្យជនណាដែលពួកគេចង់ផ្តល់ឲ្យ និងមិនផ្តល់វាទៅចំពោះជនណាដែលពួកគេមិនចង់ផ្តល់ឲ្យនោះ ហើយនិងដើម្បីឲ្យពួកគេដឹងថា ជាការពិតណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់) ដោយទ្រង់ប្រទានវាទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុតដែលទ្រង់ប្រទានវាជាពិសេសឲ្យទៅជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។