58 - Al-Mujaadila ()

|

(1) ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានស្តាប់ឮនូវសម្ដីរបស់ស្ត្រីម្នាក់(ពោលគឺលោកស្រី ខាវឡះ កូនស្រីរបស់ សាក់ឡើហ្ពះ)ដែលបានជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង(ពោលគឺ អ័ស កូនប្រុសរបស់ សមិត) នៅពេលដែលប្តីរបស់នាងបានពោលពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះនាង ហើយនាងបានត្អូញត្អែរទៅកាន់អល់ឡោះនូវអ្វីដែលស្វាមីរបស់នាងបានធ្វើចំពោះនាង។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឮបំផុតនូវការជជែកគ្នារវាងអ្នកទាំងពីរ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮនូវរាល់ពាក្យសម្ដីរបស់ខ្ញុំបម្រើទ្រង់ មហាឃើញបំផុតចំពោះទង្វើរបស់ពួកគេ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។

(2) អ្នកដែលនិយាយពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួនក្នុងចំណោមពួកអ្នក ដោយគេនិយាយទៅកាន់ភរិយារបស់ពួកគេថាៈ “ចំពោះខ្ញុំ នាងប្រៀបដូចជាខ្នងម្តាយរបស់ខ្ញុំ”នោះ គឺពួកគេបានភូតកុហកចំពោះពាក្យសម្តីរបស់ពួកគេបែបនេះ។ ជាការពិតណាស់ ភរិយារបស់ពួកគេនោះ មិនមែនជាម្ដាយរបស់ពួកគេឡើយ។ តាមពិត ម្ដាយរបស់ពួកគេ គឺជាអ្នកដែលបានប្រសូតពួកគេមក ហើយប្រសិនបើពួកគេនិយាយពាក្យសម្តីដូចខាងលើនេះ ជាការពិតណាស់ ពួកគេពិតជាកំពុងតែនិយាយនូវពាក្យសម្ដីដ៏អាក្រក់ និងភូតកុហកបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។ ហេតុនេះហើយ ទើបទ្រង់ដាក់បញ្ញត្តិច្បាប់នៃការផាកពិន័យដល់ពួកគេ ដើម្បីជាការសម្អាតខ្លួនពួកគេពីបាបកម្ម(ខាងលើនេះ)

(3) ហើយចំពោះអ្នកដែលបាននិយាយនូវពាក្យសម្ដីដ៏អាក្រក់នេះ(ចំពោះភរិយារបស់ខ្លួន) ក្រោយមក ពួកគេចង់ត្រឡប់មករួមដំណេកជាមួយនាងវិញនោះ ជាការពិតណាស់ ចាំបាច់លើពួកគេ(ស្វាមី)ត្រូវទទួលនូវការផាកពិន័យ ដោយត្រូវដោះលែងខ្ញុំបម្រើស្រីម្នាក់ឲ្យមានសេរីភាពមុនពេលពួកគេរួមដំណេកជាមួយពួកនាង។ ច្បាប់ដែលគេបង្គាប់ប្រើពួកអ្នកខាងលើនោះ គឺដើម្បីឲ្យពួកអ្នកចៀសវាងការពោលពាក្យហ្ស៊ីហ៊ើរនេះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។

(4) រីឯជនហើយដែលគ្មានខ្ញុំបម្រើដើម្បីដោះលែងឲ្យមានសេរីភាពទេនោះ ដូច្នេះចាំបាច់លើគេត្រូវបួសចំនួនពីរខែបន្តបន្ទាប់គ្នា(ដោយមិនត្រូវដាច់បួសនៅថ្ងៃណាមួយក្នុងកំឡុងពីរខែនេះឡើយ) មុនពេលដែលពួកគេអាចរួមដំណេកជាមួយភរិយាដែលគេបាននិយាយហ្ស៊ីហ៊ើរលើនាង។ ហើយជនណាដែលគ្មានសមត្ថភាពក្នុងការបួសចំនួនពីរខែបន្តបន្ទាប់គ្នាទេនោះ គឺចាំបាច់លើគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ ច្បាប់ដែលយើងបានដាក់បញ្ញត្តិនេះ គឺដើម្បីឱ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់ វាគឺជាបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើដូចនេះ។ ដូច្នេះ ចូរពួកអ្នកអនុវត្តន៍តាមបទបញ្ជារបស់ទ្រង់ចុះ។ ហើយបណ្តាច្បាប់ទាំងឡាយដែលយើងបានដាក់បញ្ញត្តិចំពោះពួកអ្នកនោះ វាគឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់វាចំពោះខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំបំពានចំពោះវាឲ្យសោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងច្បាប់បញ្ញត្តិរបស់អល់ឡោះនិងព្រំដែនរបស់ទ្រង់ដែលទ្រង់បានកំណត់នោះ គឺនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

(5) ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងត្រូវគេធ្វើឲ្យអាប់ឱននិងធ្វើឲ្យអាម៉ាស់បំផុត ដូចជាប្រជាជាតិជំនាន់មុនជាច្រើនដែលបានទទួលរងនូវភាពអាម៉ាស់ និងអាប់ឱននោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវបណ្តាភស្ដុតាងជាច្រើនយ៉ាងច្បាស់លាស់។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់នោះ ពួកគេនឹងត្រូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។

(6) គឺនៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ពួកគេទាំងអស់ឱ្យរស់ឡើងវិញ ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចរួចផុត(មិនរស់ឡើងវិញ)នោះឡើយ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីទង្វើអាក្រក់របស់ពួកគេដែលពួកគេធ្លាប់បានសាងនៅលើលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់រក្សាទុកវាឲ្យពួកគេទាំងអស់ដោយមិនឲ្យទង្វើរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ ពួកគេបានភ្លេចវា ប៉ុន្តែពួកគេបានឃើញវាត្រូវបានគេកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រាទង្វើរបស់ពួកគេ ដោយក្នុងបញ្ជីនោះ គឺមានកត់ត្រាទុកទាំងអស់(នូវទង្វើរបស់ពួកគេ)មិនថាតូច មិនថាធំនោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់កំបាំងពីទ្រង់បានឡើយ។

(7) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនោះ? គ្មានអ្វីមួយដែលនៅចន្លោះវាទាំងពីរអាចលាក់បាំងពីទ្រង់បានឡើយ។ គ្មានការជជែកគ្នាស្ងាត់ៗណាមួយរវាងបុគ្គលបីនាក់នោះទេ លើកលែងតែមានទ្រង់ជាអ្នកទីបួន(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ហើយក៏គ្មានការជជែកគ្នាស្ងាត់ៗរវាងបុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជាអ្នកទីប្រាំមួយ(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់។ ហើយទោះជា(ពួកគេ)មានចំនួនតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏ទ្រង់នៅជាមួយពួកគេជានិច្ច (គឺនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ គ្មានការជជែកគ្នាណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

(8) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួកយូដាដែលពួកគេតែងខ្សឹបខ្សៀវគ្នាស្ងាត់ៗនៅពេលណាដែលពួកគេឃើញអ្នកមានជំនឿនោះ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានហាមឃាត់ពួកគេពីការខ្សឹបខ្សៀវគ្នានេះ។ ក្រោយមក ពួកគេត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលអល់ឡោះបានហាមឃាត់នោះ ហើយពួកគេខ្សឹបខ្សៀវគ្នានូវអ្វីដែលជាអំពើបាប ដូចជាការនិយាយដើមអ្នកមានជំនឿ និងជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេតែងស្វាគមន៍អ្នកនូវអ្វីដែលអល់ឡោះទ្រង់មិនបានស្វាគមន៍អ្នកនឹងវាឡើយ ដោយពួកគេពោលថា (السام عليكم) (អាស្សាមូ អាឡៃគុម) ដោយពួកគេមានបំណងថា “សេចក្តីស្លាប់”។ ហើយពួកគេបាននិយាយបដិសេធនឹងព្យាការីមូហាំម៉ាត់ថាៈ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ? ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបានអះអាងថា រូបគេគឺជាព្យាការីមែននោះ ប្រាកដជាអល់ឡោះទ្រង់ដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយជាមិនខាន។ គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវទណ្ឌកម្មភ្លើងនរកជើហាន់ណាំ ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ។ ពួកគេនឹងទទួលរងនូវកម្តៅរបស់វា។ ជាការពិតណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់របស់ពួកគេនេះហើយ។

(9) ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាស្ងាត់ៗនូវអ្វីដែលជាអំពើបាបកម្ម ឬប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ឬជាការប្រព្រឹត្តល្មើសចំពោះអ្នកនាំសារឲ្យសោះ ដើម្បីកុំឱ្យពួកអ្នកដូចពួកយូដា។ ហើយចូរពួកអ្នកពិភាក្សាគ្នាស្ងាត់ៗចុះនូវអ្វីដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងទប់ស្កាត់ពីការប្រព្រឹត្តល្មើសចំពោះទ្រង់នោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ចុះ ពីព្រោះទ្រង់តែមួយគត់ដែលជាអ្នកប្រមូលផ្តុំពួកអ្នកទៅកាន់ទ្រង់នៅថ្ងៃបរលោក ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។

(10) តាមពិត ការពិភាក្សាគ្នាស្ងាត់ៗ(ដែលមានផ្ទុកទៅដោយអំពើបាប ការនាំឱ្យក្លាយជាសត្រូវនឹងគ្នា និងការប្រព្រឹត្តល្មើសចំពោះអ្នកនាំសារ)នោះ គឺជាតុបតែងលម្អរបស់ស្ហៃតន និងជាការញុះញង់របស់វាចំពោះអ្នកដែលគោរពតាមវា ដើម្បីធ្វើឱ្យអ្នកមានជំនឿទាំងឡាយមានទុក្ខព្រួយ ដែលវាគឺជាឧបាយកលរបស់ស្ហៃតនចំពោះពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះ។ ហើយស្ហៃតន និងការតុបតែងលម្អរបស់វានោះ មិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់បណ្តាអ្នកដែលមានជំនឿឡើយ លើកលែងអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនា(ឲ្យវាកើតឡើង)ប៉ុណ្ណោះ។ ហើយចូរឲ្យបណ្ដាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

(11) ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថាៈ “ចូរសម្រួលកន្លែងអង្គុយឱ្យទូលាយ”នោះ ចូរពួកអ្នកសម្រួលកន្លែងអង្គុយឱ្យបានទូលាយចុះ នោះអល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកអ្នកទូលាយវិញទាំងនៅក្នុងជីវិតរស់នៅរបស់ពួកអ្នកក្នុងលោកិយនេះ និងនៅថ្ងៃបរលោក។ ហើយបើសិនជាមានគេនិយាយមកកាន់ពួកអ្នកថាៈ “សូមពួកអ្នកងើបចេញពីកន្លែងអង្គុយដើម្បីទុកកន្លែងឱ្យអ្នកចេះដឹងខាងសាសនាអង្គុយ”នោះ ចូរពួកអ្នកងើបចេញពីកន្លែងចុះ។ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឲ្យ នូវឋានៈដ៏ខ្ពង់ខ្ពស់ជាច្រើន។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងអល់ឡោះបានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងនោះ។

(12) នៅពេលដែលសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)ជាច្រើនតែងមកពិភាក្សារឿងសម្ងាត់ជាមួយនឹងព្យាការីមូហាំម៉ាត់នោះ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថាៈ ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់អ្វីមួយជាមួយអ្នកនាំសារនោះ ចូរពួកអ្នកធ្វើការបរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការបរិច្ចាគទានមុននឹងពិភាក្សារឿងសម្ងាត់ដូចនេះ គឺជាការប្រសើរនិងស្អាតស្អំបំផុតសម្រាប់ពួកអ្នក ដោយសារនៅក្នុងនោះ គឺមាននូវការគោរពប្រតិបត្តិចំពោះអល់ឡោះ ដែលវាជាការលាងជម្រះដួងចិត្តទាំងឡាយ។ តែប្រសិនបើពួកអ្នកគ្មានលទ្ធភាពបរិច្ចាគទាន(មុននឹងពិភាក្សារឿងសម្ងាត់)ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការពិភាក្សារឿងសម្ងាត់នោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនដាក់បន្ទុកលើពួកគេហួសពីលទ្ធភាពដែលពួកគេអាចធ្វើបាននោះឡើយ។

(13) តើពួកអ្នកខ្លាចក្រដោយសារតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកធ្វើមិនបាននូវអ្វីដែលអល់ឡោះទ្រង់បង្គាប់ប្រើ(បរិច្ចាគទានមុននឹងពិភាក្សារឿងសម្ងាត់) ហើយអល់ឡោះក៏បានអភ័យទោសឲ្យពួកអ្នកដោយទ្រង់អនុគ្រោះដល់ពួកអ្នកអាចបោះបង់ការបរិច្ចាគនេះបាននោះ ដូច្នេះចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ និងត្រូវបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយនិងគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើអ្វីដែលពួកអ្នកបានសាង។

(14) តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតដែលពួកគេបានចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា(ជាពួក)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេទេឬ? ពួកពុតត្បុតទាំងនោះ មិនមែនស្ថិតក្នុងចំណោមអ្នកមានជំនឿឡើយ ហើយក៏មិនមែនស្ថិតក្នុងចំណោមពួកយូដានោះដែរ។ ផ្ទុយទៅវិញ គឺពួកគេនៅស្ទាក់ស្ទើរពាក់កណ្តាលទី ខាងក្រុមនេះក៏មិនមែន ខាងក្រុមនោះក៏មិនមែន។ ហើយពួកគេបានស្បថថា ពួកគេជាអ្នកមូស្លីម ហើយថាពួកគេមិនបានពាំនាំព័ត៌មានរបស់អ្នកមូស្លីមទៅប្រាប់ពួកយូដាឡើយ ខណៈដែលពួកគេ គឺជាពួកដែលភូតកុហកនៅក្នុងការស្បថរបស់ពួកគេ(ស្បថបំពាន)

(15) អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយពួកគេនឹងត្រូវចូលឋាននរកជាន់ក្រោមបង្អស់។ ជាការពិតណាស់ ពួកគេធ្លាប់បានប្រព្រឹត្តនូវអំពើប្រឆាំងដ៏អាក្រក់បំផុត(កាលពួកគេ)នៅក្នុងលោកិយ។

(16) ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារពីការសម្លាប់ដោយសារភាពគ្មានជំនឿ ដោយពួកគេបានបង្ហាញថាពួកគេជាជនមូស្លីមគ្រាន់តែដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្ដិរបស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេបានបង្វែរមនុស្សលោកអំពីការពិត(ចូលឥស្លាម) ដែលការធ្វើដូចនេះ ជាការធ្វើឲ្យអ្នកមូស្លីមមានភាពទន់ខ្សោយ និងបំបាក់ស្មារតីរបស់ពួកគេ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏គួរឱ្យអាម៉ាស់ និងអាប់ឱនជាទីបំផុត។

(17) ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេ មិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ពួកទាំងនោះ គឺជាពួកឋាននរក ដែលពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ ដោយទណ្ឌកម្មនៅតែបន្តជានិច្ចចំពោះពួកគេគ្មានទីបញ្ចប់ឡើយ។

(18) គឺនៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេទាំងអស់គ្នាឲ្យរស់ឡើងវិញ ដោយគ្មាននរណាម្នាក់អាចគេចផុតពីការពង្រស់ឡើងវិញនេះឡើយ ដើម្បីទទួលការតបស្នង(ចំពោះទង្វើរបស់ពួកគេ)។ ពេលនោះ ពួកគេបានស្បថចំពោះអល់ឡោះថា ពួកគេពុំធ្លាប់បានស្ថិតនៅក្នុងភាពប្រឆាំង និងពុតត្បុតឡើយ។ តាមពិត ពួកគេគឺជាអ្នកមានជំនឿដែលប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តប៉ុណ្ណោះ។ ពួកគេបានស្បថ(កុហក)នឹងទ្រង់នៅថ្ងៃបរលោក ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នក(ឱអ្នកមានជំនឿ)កាលនៅក្នុងលោកិយដែរ ដែលថាពួកគេ គឺជាអ្នកមូស្លីម ដោយពួកគេគិតស្មានថា ពិតប្រាកដណាស់ តាមរយៈការស្បថដែលពួកគេស្បថដោយភូតកុហកចំពោះអល់ឡោះនេះ នឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬការពារពួកគេពីគ្រោះថ្នាក់បាន។ តើពុំមែនទេឬ តាមពិតពួកគេគឺជាពួកដែលភូតកុហកយ៉ាងពិតប្រាកដនៅក្នុងការស្បថរបស់ពួកគេ ទាំងការស្បថរបស់ពួកគេនៅក្នុងលោកិយ និងការស្បថរបស់ពួកគេនៅថ្ងៃបរលោក។

(19) ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ ហើយបានធ្វើឲ្យពួកគេភេ្លចពីការរំលឹកចំពោះអល់ឡោះជាម្ចាស់ តាមរយៈការញុះញង់(បោកបញ្ឆោត)របស់វា។ ដូចនេះ ពួកគេមិនបានប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តនោះឡើយ តែពួកគេបែរជាប្រព្រឹត្តនូវប្រការដែលធ្វើឲ្យអល់ឡោះខឹងសម្បាទៅវិញ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនោះហើយ គឺជាបក្សពួក និងជាអ្នកដើរតាមស្ហៃតននោះ។ តើពុំមែនទេឬ បក្សពួក ហើយនិងអ្នកដើរតាមស្ហៃតននោះ គឺជាពួកដែលខាតបង់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ពីព្រោះពួកគេបានលក់សេចក្តីចង្អុលបង្ហាញប្តូរយកភាពវង្វេង ហើយលក់ឋានសួគ៌ប្តូរយកឋាននរក។

(20) ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកទាំងនោះហើយដែលស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះធ្វើឱ្យអាប់ឱនបំផុត ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់ធ្វើឲ្យប្រជាជាតិទាំងឡាយដែលប្រឆាំងនោះ ទទួលរងនូវភាពអាម៉ាស់បំផុត។

(21) ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកទាំងនោះហើយដែលស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះធ្វើឱ្យអាប់ឱនបំផុត ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់ធ្វើឲ្យប្រជាជាតិទាំងឡាយដែលប្រឆាំងនោះ ទទួលរងនូវភាពអាម៉ាស់បំផុត។

(22) អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកនោះ អាណិតស្រឡាញ់ និងចងសម្ព័ន្ធមិត្តជាមួយនឹងពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទាំងនោះ គឺជាឪពុករបស់ពួកគេ ឬជាកូនៗរបស់ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាពូជពង្សរបស់ពួកគេក៏ដោយ ពីព្រោះសេចក្តីជំនឿបានរារាំង(ពួកគេ)មិនឲ្យចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ និងដោយសារតែចំណងនៃសេចក្តីជំនឿ គឺខ្លាំងក្លាជាងចំណងអ្វីផ្សេងទៀតទាំងអស់។ ដូចនេះ គេត្រូវផ្តល់អាទិភាពដល់វា(ជំនឿ)មុន នៅពេលដែលមានភាពផ្ទុយគ្នា។ អ្នកដែលមិនចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(សូម្បីតែពួកគេជាសាច់ញាតិនឹងគ្នា)នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេដោយគ្មានប្រែប្រួលឡើយ ហើយទ្រង់បានឱ្យពួកគេកាន់តែមានភាពរឹងមាំថែមទៀត តាមរយៈភស្តុតាងនិងពន្លឺអំពីទ្រង់។ ហើយនៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយឧបការគុណពីអល់ឡោះនឹងមិនត្រូវបានកាត់ផ្តាច់ ឬបាត់បង់ពីពួកគេឡើយ។ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បាចំពោះពួកគេបន្ទាប់ពីនោះ(បន្ទាប់ពីចូលឋានសួគ៌)ទៀតឡើយ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឱ្យពួកគេដែលមិនចេះសាបសូន្យ ដែលក្នុងនោះ គឺការបានឃើញទ្រង់(ដោយផ្ទាល់ភ្នែកក)។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចដែលបានលើកឡើងនេះហើយ គឺជាកងទ័ពរបស់អល់ឡោះ ដែលពួកគេបានអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបញ្ឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលទ្រង់បានហាមឃាត់នោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ កងទ័ពរបស់អល់ឡោះជាម្ចាស់នោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេចអំពីវា ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។