65 - At-Talaaq ()

|

(1) ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលអ្នក ឬនរណាម្នាក់ក្នុងចំណោមប្រជាជាតិអ្នក ចង់លែងលះភរិយារបស់ខ្លួននោះ ចូរឲ្យគេលែងលះនាងនៅក្នុងអ៊ិតហ្ទះរបស់នាង ដោយត្រូវលែងលះក្នុងពេលដែលនាងជ្រះស្អាត(ពីឈាមរដូវ) និងមិនទាន់បានរួមដំណេកជាមួយនាង។ ហើយចូរពួកអ្នកចងចាំពីរយៈពេលនៃអ៊ិតហ្ទះនោះផង ដើម្បីឱ្យពួកអ្នកមានភាពច្បាស់លាស់ក្នុងការវិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកវិញ ប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញនោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំបណេ្ដញភរិយាដែលពួកអ្នកបានលែងលះនោះ ចេញពីផ្ទះដែលពួកនាងរស់នៅឲ្យសោះ ហើយពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ រហូតទាល់តែផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាង លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ ដូចជា(នាងបានប្រព្រឹត្តអំពើ)ហ្ស៊ីណាជាដើម។ ច្បាប់ទាំងនោះ គឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយជនណាដែលបានបំពានព្រំដែនរបស់អល់ឡោះនោះ គឺគេពិតជាបានបំពានលើខ្លួនឯង ដោយគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ ដោយសារតែការប្រព្រឹត្តល្មើសនឹងម្ចាស់របស់គេ។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឲ្យចិត្តរបស់ប្តីទោរទន់ ដោយចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ខ្លួនវិញក៏ថាបាន។

(2) ហើយនៅពេលដែលពួកនាងជិតផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាងហើយនោះ ចូរពួកអ្នកវិលទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងលក្ខណៈមួយសមរម្យ ឬមិនត្រឡប់ទៅរួមរស់នឹងពួកនាង រហូតផុតអ៊ិតហ្ទះ(រយៈពេលនៃការរង់ចាំ)របស់ពួកនាង។ ពេលនោះ ពួកនាងអាចរ៉ាប់រងកិច្ចការរបស់ពួកនាងដោយខ្លួនឯងបាន ជាមួយនឹងការផ្តល់ឲ្យពួកនាងនូវសិទ្ធិទាំងឡាយរបស់ពួកនាងវិញ។ ហើយប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញ ឬចែកផ្លូវគ្នាជាមួយពួកនាងនោះ ចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ចំនួនពីរនាក់ក្នុងចំណោមពួកអ្នកដើម្បីបញ្ចប់ជម្លោះ។ ហើយចូរពួកអ្នក(ឱអ្នកដែលធ្វើសក្សី) ធ្វើសាក្សីក្នុងនាមជាអ្នកដែលស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយច្បាប់ទាំងឡាយដែលបានលើកឡើង(ខាងលើ)នោះ គឺត្រូវបានគេរំលឹកទៅចំពោះជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ពីព្រោះរូបគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការរំលឹកនិងការទូន្មាននេះ។ ហើយជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យគេមានច្រកចេញរាល់គ្រប់បញ្ហាទាំងឡាយដែលគេបានជួបប្រទះ។

(3) ហើយទ្រង់នឹងប្រទានលាភសក្ការៈដល់គេដោយខ្លួនគេនឹកស្មានមិនដល់។ ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះនៅក្នុងកិច្ចការទាំងឡាយរបស់គេនោះ គឺទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកសមេ្រចនូវរាល់កិច្ចការរបស់ទ្រង់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតរាល់អ្វីៗទាំងអស់ គឺមានរយៈពេលកំណត់របស់វាដែលនឹងត្រូវបញ្ចប់។ ដូចនេះ រាល់ទុក្ខកង្វល់ទាំងឡាយមាន កាលកំណត់របស់វា ហើយសេចក្តីសុខក៏មានកាលកំណត់របស់វាដែរ។ គ្មាននរណាម្នាក់ស្ថិតនៅលើក្តីទុក្ខសោក ឬក្តីសុខរហូតនោះទេ។

(4) ហើយបណ្ដាស្ដ្រីដែលត្រូវប្តីលែងលះដែលអស់ឈាមរដូវដោយសារ(ពួកនាងមាន)វ័យចំណាស់ ប្រសិនបើពួកអ្នកមានការសង្ស័យពីរយៈពេលកំណត់នៃអ៊ិតហ្ទះ(របស់ពួកនាង)នោះ គឺរយៈពេលនៃកំណត់អ៊ិតហ្ទះរបស់ពួកនាង មានរយៈពេលបីខែ។ ហើយចំពោះស្ដ្រីដែលមិនទាន់មានឈាមរដូវ ដោយសារតែនាងនៅក្មេងពេកនោះ អ៊ិតហ្ទះរបស់ពួកនាង ក៏មានរយៈពេលចំនួនបីខែដែរ។ រីឯបណ្ដាស្ដ្រីដែលមានគភ៌វិញ រយៈពេលកំណត់នៃអ៊ិតហ្ទះរបស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច បើទោះជាប្តីលែងឬប្តីស្លាប់ក៏ដោយ។ ហើយជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការ និងទុក្ខលំបាកទាំងឡាយរបស់គេ។

(5) អ្វីដែលបានលើកឡើង(ខាងលើ)ដូចជា ក្បួនច្បាប់នៃការលែងលះ ការវិលត្រឡប់ទៅរួមរស់ជាមួយគ្នា(ជានាគ្នាវិញ) និងរយៈពេលអ៊ិតហ្ទះនោះ គឺជាច្បាប់របស់អល់ឡោះដែលទ្រង់បានបញ្ចុះវាមកឲ្យពួកអ្នក(ឱអ្នកមានជំនឿ) ដើម្បីឱ្យពួកអ្នកអនុវត្តន៍តាមវា។ ហើយជនណាដែលកោតខ្លាចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងលុបបំបាត់នូវរាល់ប្រការអាក្រក់ទាំងឡាយរបស់គេដែលគេបានប្រព្រឹត្ត ហើយទ្រង់នឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌ ហើយទទួលបាននូវប្រោសប្រទានជានិរន្តន៍។

(6) ចូរពួកអ្នក(ឱស្វាមីទាំងឡាយ)ផ្ដល់កន្លែងស្នាក់នៅឱ្យពួកនាងនៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាពរបស់ពួកអ្នក។ អល់ឡោះទ្រង់មិនដាក់កាតព្វកិច្ចអ្វីផ្សេងលើពួកអ្នកក្រៅពីនេះឡើយ។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាងចំពោះការផ្គត់ផ្គង់ និងការផ្តល់ទីកន្លែងស្នាក់នៅដល់ពួកនាង និងផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យពួកនាងមានភាពចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើភរិយាដែលពួកអ្នកលែងលះនោះមានគភ៌ ចូរពួកអ្នកបរិច្ចាគ(ផ្គត់ផ្គង់)ឱ្យពួកនាង រហូតទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលនៃការបំបៅដល់ពួកនាង ហើយចូរប្រឹក្សាគ្នារវាងពួកអ្នកអំពីកម្រៃឈ្នួល(នៃការបំបៅកូន)ដោយសមរម្យ។ តែប្រសិនបើប្តីកំណាញ់មិនយល់ព្រមតាមតម្លៃឈ្នួលដែលប្រពន្ធចង់បាន ហើយនាងក៏មិនឯកភាពដែរ លុះត្រាតែតាមតម្លៃដែលនាងចង់បាននោះ ចូរឱ្យឪពុកជួលអ្នកបំបៅផេ្សងទៀតមកបំបៅកូនរបស់គេចុះ។

(7) អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេផ្គត់ផ្គង់ឱ្យបានសមរម្យអំពីទ្រព្យសម្បត្ដិរបស់ខ្លួនទៅចំពោះភរិយាដែលខ្លួនបានលែងលះ និងកូនៗរបស់គេ។ រីឯអ្នកណាដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេផ្គត់ផ្គង់ទៅតាមអ្វីដែលអល់ឡោះបានផ្ដល់ឱ្យគេ(ទៅតាមលទ្ធភាពរបស់គេ)ចុះ។ អល់ឡោះទ្រង់ពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពីអ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ ដូចនេះ ទ្រង់ពុំដាក់បន្ទុកធ្ងន់ធ្ងរ(ដល់គេ)លើសពីសមត្ថភាពរបស់គេឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យមានភាពងាយស្រួល និងភាពមានបានវិញ បន្ទាប់ពីមានភាពលំបាក និងតានតឹង។

(8) ហើយមានអ្នកភូមិស្រុកជាច្រើន នៅពេលដែលពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់របស់ពួកគេ និងបទបញ្ជានៃបណ្ដាអ្នកនាំសាររបស់ទ្រង់នោះ យើងបានទូទាត់ពួកគេនូវការទូទាត់មួយដ៏តឹងរ៉ឹងបំផុតចំពោះទង្វើអាក្រក់របស់ពួកគេ ហើយយើងបានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មមួយដ៏សែនរន្ធត់ជាទីបំផុត ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។

(9) ហើយពួកគេបានភ្លក្សនូវទណ្ឌកម្មនៃទង្វើរបស់ពួកគេ។ ហើយលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេនោះ គឺមានតែការខាតបង់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកប៉ុណ្ណោះ។

(10) អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំឱ្យពួកគេនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបញ្ញាជនទាំងឡាយដែលជាអ្នកមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ដើម្បីកុំឲ្យពួកអ្នកទទួលរងនូវអ្វីដែលពួកគេធ្លាប់បានទទួល។ ជាការពិតណាស់ អល់ឡោះបានបញ្ចុះការរំលឹកមួយមកចំពោះពួកអ្នក ដើម្បីរំលឹកពួកអ្នកពីលទ្ធផលដ៏អាក្រក់នៃការប្រឆាំងចំពោះទ្រង់ និងលទ្ធផលដ៏ល្អប្រសើរនៃការគោរពប្រតិបត្តិ(ចំពោះទ្រង់)

(11) ការរំលឹក(ដែលទ្រង់បានបញ្ចុះ)នោះ គឺអ្នកនាំសារមួយរូបមកពីទ្រង់(ព្យាការីមូហាំម៉ាត់) ដោយគាត់សូត្រឲ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវានោះឡើយ ដើម្បីឲ្យបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ហើយបានសាងទង្វើកុសលនោះ ចេញផុតពីភាពងងឹតនៃភាពវង្វេង ទៅកាន់ពន្លឺនៃការចង្អុលបង្ហាញ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះទ្រង់បានប្រទាននូវលាភសក្ការៈដ៏ប្រសើរបំផុតដល់គេ ដោយទ្រង់បានបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលឧបការគុណរបស់វាមិនត្រូវបានកាត់ផ្តាច់នោះឡើយ។

(12) អល់ឡោះជាអ្នកដែលបានបង្កើតមេឃចំនួនប្រាំពីរជាន់ និងផែនដីក៏មានចំនួនប្រាំពីរជាន់ដូចមេឃដែរ។ បទបញ្ជារបស់អល់ឡោះ ទាំងកិច្ចការនៃចក្រវាឡនិងច្បាប់បញ្ញត្តិក្នុងសាសនា ត្រូវគេបញ្ចុះមករវាងវាទាំងពីរ(មេឃនិងផែនដី) ដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចនេះ គ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។