69 - Al-Haaqqa ()

|

(1) អល់ឡោះជាម្ចាស់ទ្រង់រំលឹកដល់មនុស្សលោកទាំងអស់ថាៈ ថ្ងៃបរលោកជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ។

(2) បន្ទាប់មក ទ្រង់ក៏បានសួរដោយលើកដំកើងកិច្ចការនោះថាៈ អ្វីទៅជាថ្ងៃបរលោកនោះ?

(3) ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?

(4) ពួកសាមូតដែលជាក្រុមរបស់ព្យាការីសឡេះ និងពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ បានបដិសេធចំពោះថ្ងៃបរលោក ជាថ្ងៃដែលមនុស្សមានភាពភ័យខ្លាចដោយសារតែភាពរន្ធត់យ៉ាងក្រៃលែងរបស់វា។

(5) រីឯពួកសាមូត ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញពួកគេដោយសូរសម្រែកមួយយ៉ាងខ្លាំងក្លា។

(6) ចំណែកឯពួកអាទវិញ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញពួកគេដោយខ្យល់ដ៏ត្រជាក់បំផុតដែលបានបក់បោកមកលើពួកគេយ៉ាងខ្លាំង។

(7) ទ្រង់បញ្ជូនព្យុះត្រជាក់នេះមកលើពួករយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃជាប់ៗគ្នាដើម្បីបំផ្លាញពួកគេ។ ហើយអ្នកនឹងឃើញក្រុមនោះដួលស្លាប់នៅលើដីក្នុងលំនៅឋានរបស់ពួកគេ ប្រៀបដូចជាដើមល្មើងាប់ដែលដួលរលំនៅលើដី។

(8) តើអ្នកឃើញពួកគេនៅមានជីវិតសេសសល់ដែរឬទេបន្ទាប់ពីពួកគេទទួលនូវទណ្ឌកម្មនេះរួចមកនោះ?

(9) ហើយហ្វៀរអោន និងប្រជាជាតិជាច្រើនមុនហ្វៀរអោន ហើយនិងស្រុកភូមិដែលត្រូវបានគេដាក់ទណ្ឌកម្មដោយធ្វើឲ្យដីក្រឡាប់សង្កត់លើពួកគេ ពោលគឺក្រុមរបស់ព្យាការីលូតនោះ គឺពួកគេសុទ្ធតែបានប្រព្រឹត្ដនូវអំពើខុសឆ្គង ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសផ្សេងៗទៀត។

(10) ហើយពួកទាំងអស់នោះ សុទ្ធតែបានប្រឆាំងនិងបដិសេធនឹងអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំង(និងចាត់បញ្ជូន)ទៅកាន់ពួកគេ។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មពួកគេយ៉ាងធ្ងន់ធ្ងរបំផុតដើម្បីបំផ្លាញពួកគេ។

(11) ពិតប្រាកដណាស់ នៅពេលទឹកជន់លិចឡើងហួសកំណត់របស់វា យើងបានផ្ទុកពួកអ្នកក្នុងសំពៅដែលព្យាការីនូហបានសាងវាឡើងតាមបទបញ្ជារបស់យើង។

(12) ដើម្បីយើងនឹងយកសំពៅនេះ ហើយនិងរឿងរ៉ាវរបស់វាធ្វើជាមេរៀនបង្ហាញឱ្យឃើញពីការបំផ្លាញពួកដែលគ្មានជំនឿ ហើយនិងការសង្គ្រោះអ្នកមានជំនឿ ហើយធ្វើឲ្យត្រចៀកចងចាំនូវអ្វីដែលបានស្តាប់លឺ។

(13) ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែចំនួនមួយដង ដែលជាការផ្លុំត្រែលើកទីមួយ

(14) ហើយផែនដី និងភ្នំទាំងឡាយត្រូវបានគេលើកចេញ(ពីកន្លែងរបស់វា) ហើយយើងបានធ្វើឲ្យវារញ្ជួយយ៉ាងខ្លាំង ដោយធ្វើឲ្យទាំងផែនដី ទាំងភ្នំត្រូវបែកខ្ទេចខ្ទីនោះ

(15) ថ្ងៃនោះហើយជាថ្ងៃដែលថ្ងៃបរលោកកើតឡើង។

(16) ហើយនៅថ្ងៃនោះ មេឃបានប្រេះបែកដើម្បីឲ្យពួកម៉ាឡាអ៊ីកាត់ចុះមក ហើយនៅថ្ងៃនោះដែរ មេឃបានប្រែក្លាយជាទន់ខ្សោយខុសពីពេលមុនដែលធ្លាប់តែរឹងមាំ។

(17) ពួកម៉ាឡាអ៊ីកាត់ទាំងឡាយឋិតនៅគ្រប់ជ្រុងនៃមេឃ។ ហើយនៅថ្ងៃនោះ មានម៉ាឡាអ៊ីកាត់ចំនួនប្រាំបីនាក់កំពុងទ្រអារ៉ស្ហម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ាត់)ដែលសុទ្ធតែជាអ្នកជំនិតរបស់ទ្រង់។

(18) ហើយនៅក្នុងថ្ងៃនោះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ត្រូវបានគេនាំមកបង្ហាញខ្លួននៅចំពោះមុខអល់ឡោះជាម្ចាស់។ គ្មានអាថ៌កំបាំងណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះទ្រង់ដឹងជ្រួតជ្រាបទាំងអស់។

(19) រីឯអ្នកដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយទាំងសប្បាយរីករាយថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំទៅអានចុះ។

(20) ពិតប្រាកដណាស់ ខ្ញុំដឹងតាំងពីនៅក្នុងលោកិយមកម្ល៉េះ ហើយខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹងត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ហើយខ្ញុំពិតជានឹងទទួលបាននូវការតបស្នង។

(21) ជាការពិតណាស់ គេនឹងបានរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុតនូវអ្វីដែលគេបានឃើញនៃការសើយសុខដែលគ្មានទីបញ្ចប់។

(22) គឺស្ថិតនៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់ទាំងកន្លែង និងទាំងឋានៈ។

(23) ផ្លែឈើគ្រប់ប្រភេទឋិតនៅជិតបង្កើយ ចង់បរិភោគពេលណាក៏បាន។

(24) មានគេនិយាយទៅកាន់ពួកគេដោយការគោរពថាៈ ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយចុះ ដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយ។

(25) រីឯអ្នកដែលគេ(ម៉ាឡាអ៊ីកាត់)បានប្រគល់នូវសៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃឆេ្វងរបស់គេវិញ គេនឹងនិយាយទាំងមានវិប្បដិសារីយ៉ាងខ្លាំងថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! សង្ឃឹមថាខ្ញុំមិនត្រូវបានគេប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំ ដែលក្នុងវានោះ ពោរពេញទៅដោយទង្វើអាក្រក់ដែលនាំឲ្យរូបខ្ញុំត្រូវទទួលទណ្ឌកម្មចុះ។

(26) ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំនោះ?

(27) ឱអនិច្ចា! សង្ឃឹមថាសេចក្ដីស្លាប់របស់ខ្ញុំក្នុងលោកិយបានបពា្ចប់អ្វីៗទាំងអស់ចុះ ដោយខ្ញុំមិនត្រូវបានគេពង្រស់ឲ្យររស់ឡើងវិញឡើយ។

(28) ទ្រព្យសម្បត្ដិរបស់ខ្ញុំមិនអាចការពារខ្ញុំពីទណ្ឌកម្មរបស់អល់ឡោះបន្តិចណាឡើយ។

(29) អំណះអំណាងរបស់ខ្ញុំ ហើយនិងអំណាចនិងឋានៈសក្តិរបស់ខ្ញុំដែលខ្ញុំធ្លាប់បានពឹងផ្អែកលើវានោះ ក៏បានបាត់បង់ពីខ្ញុំដែរ។

(30) ហើយមានគេនិយាយថាៈ ចូរពួកអ្នក(ឱម៉ាឡាអ៊ីកាត់)ចាប់ជននេះ រួចចងដៃរបស់គេភ្ជាប់ទៅនឹងករបស់គេចុះ។

(31) បន្ទាប់មក ចូរពួកអ្នកបោះគេចូលក្នុងភ្លើងនរកចុះ ដើម្បីឱ្យគេភ្លក់នូវកម្តៅរបស់វា។

(32) បន្ទាប់មកទៀត ចូរយកច្រវាក់ដែលមានប្រវែងចិតសិបហត្ថនោះចាក់ដោតគេចុះ។

(33) ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះដ៏មហាធំធេងឡើយ។

(34) ហើយគេក៏មិនដែលជម្រុញគ្នាលើការផ្ដល់អាហារដល់អ្នកក្រីក្រដែរ។

(35) ដូចនេះ នៅថ្ងៃបរលោកនេះ គេគ្មានសាច់ញាតិណាដែលអាចជួយសង្រ្គោះរូបគេពីទណ្ឌកម្មនោះឡើយ។

(36) ហើយសម្រាប់គេ គ្មានចំណីអាហារណាក្រៅពីឈាមខ្ទុះដែលហូរចេញពីខ្លួនអ្នកដែលនៅឋាននរកនោះឡើយ។

(37) គ្មានអ្នកណាទទួលទានអាហារទាំងនេះ ក្រៅពីពួកដែលប្រព្រឹត្តបាបកម្មនិងអំពើល្មើសនោះឡើយ។

(38) អល់ឡោះបានស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកឃើញ។

(39) ហើយទ្រង់ស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកមិនឃើញ។

(40) ជាការពិតណាស់ គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលសូត្រដោយអ្នកនាំសាររបស់ទ្រង់ដ៏មហាថ្កុំថ្កើងទៅកាន់មនុស្សលោក។

(41) ហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ ព្រោះវាមិនមានលក្ខណៈដូចជាកំណាព្យនោះទេ។ តែអ្វីដែលពួកអ្នកជឿនោះ គឺតិចតួចបំផុត។

(42) ហើយវាក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ ពីព្រោះពាក្យពេចន៍របស់គ្រូទាយ វាជាកិច្ចការដែលផ្ទុយពីគម្ពីរគួរអាន។ តែអ្វីដែលពួកអ្នកនឹកឃើញនោះ គឺតិចតួចបំផុត។

(43) ប៉ុន្តែវា(គម្ពីរគួរអាន) គឺជាបន្ទូលដែលគេបញ្ចុះមកពីព្រះជាម្ចាស់នៃម៉ាខ្លូកទាំងអស់។

(44) បើសិនជាព្យាការីមូហាំម៉ាត់និយាយប្រឌិតលើពាក្យពេចន៍មួយចំនួនដែលយើងមិនបានមានបន្ទូលនោះ

(45) យើងនឹងផ្ដន្ទាទោសគេដោយអានុភាព និងសមត្ថភាពរបស់យើង។

(46) បន្ទាប់មក យើងនឹងកាត់ផ្តាច់សរសៃឈាមបេះដូងរបស់គេ។

(47) គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងរូបគេឱ្យរួចផុតពីយើងបានឡើយ។ វាមិនអាចឡើយដែលថារូបគេ(ព្យាការីមូហាំម៉ាត់)កុហកបោកប្រាស់មកលើយើងដើម្បីពួកអ្នកនោះ។

(48) ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការដាស់រំឭកដល់បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់។

(49) ហើយពិតប្រាកដណាស់ យើងដឹងយ៉ាងច្បាស់ថា ក្នុងចំណោមពួកអ្នក មានអ្នកដែលបដិសេធនឹងគម្ពីរគួរអាននេះ។

(50) ការពិតណាស់ ការបដិសេធនឹងគម្ពីរគួរអាន គឺជាវិប្បដិសារីដ៏ធំធេងបំផុតនៅថ្ងៃបរលោក។

(51) ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាការពិតយ៉ាងជាក់ស្តែងដែលគ្មានការមន្ទិលសង្ស័យអ្វីឡើយ ហើយក៏គ្មានការសង្ស័យដែរថា ជាការពិតណាស់ វាមកពីអល់ឡោះជាម្ចាស់នោះ។

(52) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃម្ចាស់របស់អ្នកនូវអ្វីដែលសាកសមចំពោះទ្រង់ ហើយចូរអ្នករំលឹកនាមម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដមចុះ។