(1) នៅពេលដែលព្រះអាទិត្យត្រូវបានច្របាច់បញ្ចូលគ្នា ហើយរស្មីរបស់វាបានបាត់បង់។
(2) និងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ ហើយបាត់បង់ពន្លឺរបស់វា។
(3) និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើងចេញពីកន្លែងរបស់វា។
(4) និងនៅពេលដែលមេអូដ្ឋផើមដែលម្ចាស់របស់វាតែងប្រជែងចង់បាននោះ ត្រូវបានគេបោះបង់ចោល។
(5) និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំជាមួយមនុស្សលោកនៅទីកន្លែងតែមួយ។
(6) និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ រហូតក្លាយជាភ្លើង។
(7) និងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំឲ្យនៅជាមួយនឹងអ្នកដែលដូចពួកគេ ដោយអ្នកបំពាននៅជាមួយអ្នកបំពាន ហើយអ្នកកោតខ្លាចនៅជាមួយអ្នកដែលកោតខ្លាច។
(8) និងនៅពេលទារិកាដែលត្រូវបានគេកប់ទាំងរស់ត្រូវបានអល់ឡោះសួរថា ៖
(9) តើដោយសារបទឧក្រិដ្ឋអី្វបានជានាងត្រូវបានគេសម្លាប់(កប់ទាំងរស់)បែបនេះ?
(10) និងនៅពេលដែលបញ្ជីកត់ត្រាទង្វើរបស់មនុស្សលោកត្រូវបានគេចែកចាយដើម្បីឱ្យពួកគេម្នាក់ៗអានបញ្ជីកំណត់ត្រាទង្វើរបស់គេដែលគេបានសាង។
(11) និងនៅពេលដែលមេឃាត្រូវបានគេបកចេញ ដូចជាគេបកស្បែកចេញពីខ្លួនសត្វពពែ។
(12) និងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង។
(13) និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឲ្យនៅជិតបណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។
(14) នៅពេលដែលហេតុការណ៍ទាំងនោះបានកើតឡើងនោះ បុគ្គលគ្រប់រូបនឹងដឹងពីទង្វើទាំងឡាយដែលពួកគេបានសាងកន្លងមកសម្រាប់ថ្ងៃនោះ។
(15) អល់ឡោះបានស្បថនឹងហ្វូងតារាដែលបាត់ពន្លឺមុនពេលដែលវារះឡើងនៅពេលរាត្រី។
(16) ហើយទ្រង់ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់នៅពេលព្រឹក ដែលប្រៀបដូចជាសត្វប្រើសរត់ចូលក្នុងជំរករបស់វា។
(17) ហើយទ្រង់ស្បថនឹងពេលព្រលប់នៅពេលដែលវា(ពេលយប់)ចាប់ផ្តើមមកដល់ និងពេលទៀបភ្លឺ នៅពេលដែលវា(ពេលយប់)ជិតដល់ទីបពា្ចប់របស់វា។
(18) ហើយទ្រង់ស្បថនឹងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។
(19) ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នោះ គឺពិតជាបន្ទូលរបស់អល់ឡោះដែលត្រូវបានម៉ាឡាអ៊ីកាត់ដែលគេជឿទុកចិត្ត នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល នាំមកកាន់ព្យាការីមូហាំម៉ាត់ (ជាអ្នក)ដែលអល់ឡោះជាម្ចាស់បានទុកចិត្តគេ(ជីព្រីល)លើការអនុវត្តភារកិច្ចនេះ។
(20) ជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ម្ចាស់នៃអារ៉ស្ហ។
(21) ជាអ្នកដែលត្រូវបានអ្នកដែលនៅលើមេឃគោរពតាម និងជាអ្នកដែលស្មោះត្រង់ក្នុងការផ្តល់វ៉ាហ៊ី(សាររបស់អល់ឡោះ)។
(22) ហើយមិត្ដភក្តិរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ដែលនៅជាមួយពួកអ្នក ហើយដែលពួកអ្នកបានដឹងពីប្រាជ្ញារបស់គាត់ ភាពស្មោះត្រង់របស់គាត់ និងភាពសច្ចៈរបស់គាត់នោះ ពុំមែនជាមនុស្សវិកលចរិតដូចពួកអ្នកចោទឡើយ។
(23) ហើយជាការពិតណាស់ មិត្តរបស់អ្នក(ព្យាការីមូហាំម៉ាត់) បានឃើញជីព្រីលក្នុងរូបភាព(ដើម)ដែលគេបង្កើតគាត់យ៉ាងច្បាស់នៅឯជើងមេឃ។
(24) ហើយមិត្តរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនកំណាញ់ក្នុងការផ្សព្វផ្សាយបទបញ្ជាដែលគេប្រើគាត់ឲ្យផ្សព្វផ្សាយមកកាន់ពួកអ្នកនោះនោះទេ ហើយក៏មិនយកកម្រៃ(លើការផ្សព្វផ្សាយសារ)ដូចដែលពួកគ្រូទាយបានយកនោះដែរ។
(25) ហើយគម្ពីរគួរអាននេះ ក៏មិនមែនជាសម្តីរបស់ស្ហៃតនដែលត្រូវបានគេបណ្ដេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះនោះដែរ។
(26) ដូចនេះ តើផ្លូវមួយណាដែលពួកអ្នកនឹងដើរដើម្បីបដិសេធថាវា(គម្ពីរគួរអាន)មិនមែនមកពីអល់ឡោះជាម្ចាស់ បន្ទាប់ពីមានភស្តុតាងទាំងនេះហើយនោះ?
(27) ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការដាស់រំឭកនិងទូន្មានដល់ជិននិងមនុស្សលោកឡើយ។
(28) គឺសម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
(29) ហើយក្តីប្រាថ្នាចង់បានភាពខ្ជាប់ខ្ជួននៅលើសាសនា និងអ្វីផ្សេងទៀតរបស់ពួកអ្នកនឹងមិនអាចសម្រេចបាននោះទេ លើកលែងតែអល់ឡោះទ្រង់មានចេតនាចំពោះរឿងនោះប៉ុណ្ណោះ ហើយទ្រង់ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។