83 - Al-Mutaffifin ()

|

(1) ភាពអន្ដរាយនិងការខាតបង់ គឺសម្រាប់ពួកដែលគៃបន្លំភ្នែកជញ្ជីង។

(2) គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួននៅពេលខ្លួនទិញពីអ្នកដទៃ។

(3) នៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ចំនួនឲ្យគេនោះទេ។ នេះគឺជាស្ថានភាពរបស់អ្នករស់នៅទីក្រុងម៉ាទីណះនៅពេលដែលព្យាការីមូហាំម៉ាត់បានភៀសខ្លួនទៅកាន់ពួកគេ។

(4) តើពួកដែលធ្វើទង្វើអាក្រក់បែបនេះមិនគិតថា ពួកគេនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញទៅកាន់អល់ឡោះ

(5) ដើម្បីជំនុំជម្រះនិងទទួលការតបស្នងនៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក) ព្រោះវា(ជាថ្ងៃ)ពោរពេញដោយក្តីវេទនា និងភាពភ័យរន្ធត់បំផុតទេឬ?

(6) គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់នៃម៉ាខ្លូកទាំងអស់ដើម្បីទទួលការកាត់ក្តី។

(7) រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតឡើយដែលថា គ្មានការពង្រស់ឡើងវិញបន្ទាប់ពីស្លាប់នោះ។ ការពិត បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកប្រព្រឹត្ដអំពើអាក្រក់នៃពួកគ្មានជំនឿនិងពួកពុតត្បុតនោះ គឺស្ថិតក្នុងស៊ិជ្ជីន(គឺភាពខាតបង់ដោយស្ថិតក្នុងដីបាតក្រោមបង្អស់)

(8) តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ស៊ិជ្ជីន ជាអ្វីនោះ?

(9) គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុកដោយគ្មានវិនាស គ្មានការបន្ថែម និងគ្មានការបន្ថយនៅក្នុងវាឡើយ។

(10) ភាពអន្ដរាយនិងការខាតបង់នៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

(11) គឺពួកដែលបដិសេធនឹងថ្ងៃតបស្នង(ថ្ងៃបរលោក) ជាថ្ងៃដែលអល់ឡោះជាម្ចាស់នឹងតបស្នងទៅចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នូវទង្វើដែលពួកគេបានសាងនៅក្នុងលោកិយ។

(12) ហើយគ្មានជនណាដែលបដិសេធនឹងថ្ងៃនោះនោះឡើយ លើកលែងតែពួកដែលបំពានព្រំដែនរបស់អល់ឡោះ និងពួកដែលមានបាបកម្មច្រើនប៉ុណ្ណោះ។

(13) នៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសារ(មូហាំម៉ាត់)របស់យើងឲ្យគេស្តាប់ គេបែរជានិយាយថាៈ នេះជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ វាពុំមែនមកពីអល់ឡោះឡើយ។

(14) រឿងនោះមិនដូចអ្វីដែលពួកបដិសេធទាំងនោះបានគិតនោះទេ។ ផ្ទុយទៅវិញ អំពើល្មើសដែលពួកគេបានប្រព្រឹត្តនោះបានគ្របដណ្តប់ និងបិទជិតសតិបញ្ញារបស់ពួកគេ។ ដូច្នេះ ពួកគេមិនបានមើលឃើញសេចក្តីពិតដោយសតិបញ្ញារបស់ពួកគេឡើយ។

(15) ពិតប្រាកដណាស់ ពួកគេនឹងត្រូវបានគេរារាំងមិនឲ្យមើលឃើញម្ចាស់របស់ពួកគេនៅថ្ងៃបរលោកឡើយ។

(16) បន្ទាប់ ពួកគេនឹងចូលឋាននរក ដោយទទួលរងនូវកម្តៅដ៏សែនក្តៅរបស់វា។

(17) បន្ទាប់មក មានគេនិយាយទៅកាន់ពួកគេនៅថ្ងៃបរលោក ជាការស្តីបន្ទោសចំពោះពួកគេថាៈ ទណ្ឌកម្មដែលពួកអ្នកទទួលរងនេះហើយគឺជាអ្វីដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាកាលនៅលើលោកិយនៅពេលដែលអ្នកនាំសាររបស់ពួកអ្នកបានប្រាប់ដល់ពួកអ្នកនោះ។

(18) រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតនោះទេដែលថា ពិតណាស់ គ្មានការជំនុំជម្រះ និងគ្មានការតបស្នងអ្វីទេនោះ។ ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់បណ្ដាអ្នកដែលគោរពប្រតិបត្តិអល់ឡោះ គឺស្ថិតក្នុងអ៊ិល្លីយូន។

(19) តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ៊ិល្លីយូនជាអ្វីនោះ?

(20) គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុកដោយគ្មានការវិនាស គ្មានការបន្ថែម និងគ្មានការបន្ថយនៅក្នុងវាឡើយ។

(21) ពួកម៉ាឡាអ៊ីកាត់នាំបញ្ជីនោះមកមើល ហើយនៅថ្ងៃបរលោក ពួកគេធ្វើសាក្សីចំពោះអ្វីដែលមាននៅក្នុងបញ្ជីនោះ។

(22) ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អច្រើន នៅថ្ងៃបរលោក គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីមជាអមតៈ ។

(23) (ពួកគេអង្គុយ)លើគ្រែល្អដ៏ប្រណីតសម្លឹងមើលទៅកាន់ម្ចាស់របស់ពួកគេ និងសម្លឹងមើលទៅកាន់រាល់ភាពល្អស្អាតនានាដែលនាំឲ្យពួកគេរីករាយ។

(24) នៅពេលអ្នកបានឃើញពួកគេ គឺអ្នកនឹងឃើញភាពសប្បាយរីករាយ ត្រចេះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។

(25) អ្នកបម្រើរបស់ពួកគេនឹងបញ្ចុកសុរាដ៏បរិសុទ្ធដែលត្រូវបានគេបិទជិតនៅក្នុងពែងឲ្យពួកគេផឹក។

(26) ក្លិនរបស់វា(ស្រា)ភាយចេញនូវក្លិនក្រអូបដល់ដំណក់ចុងក្រោយ។ ដើម្បីទទួលបានការតបស្នងដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់លើពួកគេត្រូវប្រកួតប្រជែងគ្នាតាមរយៈការសាងទង្វើដែលអល់ឡោះពេញចិត្ត និងបោះបង់ទង្វើទាំងឡាយដែលធ្វើឲ្យទ្រង់ខឹងសម្បារ។

(27) ហើយស្រាដែលគេបិតនោះត្រូវបានលាយជាមួយប្រភពទឹកតាសនីម។

(28) ហើយវា(តាសនីម)នោះ គឺជាប្រភពទឹកដែលស្ថិតនៅក្នុងឋានសួគ៌ខ្ពស់បំផុតដែលបណ្ដាអ្នកមានឋានៈខ្ពង់ខ្ពស់ទទួលទានវាដោយគ្មានលាយនឹងអ្វីផ្សេងឡើយ ហើយបណ្តាអ្នកដែលមានជំនឿដទៃទៀត ទទួលទានអំពីប្រភពទឹកនោះដោយលាយនឹងអ្វីផ្សេង។

(29) ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ដោយស្ថិតនៅលើភាពគ្មានជំនឿនោះ ពួកគេធ្លាប់សើចចំអក និងមើលងាយដល់បណ្ដាអ្នកដែលមានជំនឿ។

(30) ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដាអ្នកដែលមានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយឲ្យពួកគេ។

(31) ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ពួកគេត្រលប់ទៅវិញដោយភាពសប្បាយរីករាយចំពោះភាពគ្មានជំនឿនិងការសើចចំអកឡកឡឺយរបស់ពួកគេ(ដែលពួកគេបានធ្វើ)ចំពោះបណ្តាអ្នកមានជំនឿ។

(32) ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វងចេញពីមាគ៌ាត្រឹមត្រូវ ដោយសារតែពួកគេបានបោះបង់ចោលសាសនាដូនតារបស់ពួកគេ។

(33) ហើយអល់ឡោះមិនបានចាត់តាំងពួកគេ(ពួកគ្មានជំនឿ)ឱ្យឃ្លាំមើលទង្វើរបស់បណ្ដាអ្នកមានជំនឿ រហូតដល់ពួកគេហ៊ានពោលពាក្យសម្តីបែបនេះ(ដាក់អ្នកមានជំនឿ)នោះឡើយ។

(34) ដូចនេះនៅថ្ងៃបរលោកនេះ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនឹងសើចចំអកចំពោះពួកគ្មានជំនឿដូចដែលពួកគេបានសើចចំអកចំពោះពួកគេ(អ្នកមានជំនឿ)កាលនៅលើលោកិយវិញម្តង។

(35) ពួកគេ(អ្នកមានជំនឿ)អង្គុយលើគ្រែល្អប្រណីតគយគន់មើលទៅកាន់ឧបការគុណអមតៈដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ(នៅក្នុងឋានសួគ៌)

(36) ពិតប្រាកដណាស់ គេបានតបស្នងដល់ពួកគ្មានជំនឿចំពោះទង្វើដែលពួកគេបានប្រព្រឹត្តកាលនៅលោកិយនោះនូវទណ្ឌកម្មដ៏សែនអាម៉ាសបំផុត។