(1) នៅពេលដែលមេឃត្រូវបានប្រេះបែក ដោយសារពពួកម៉ាឡើអ៊ីកាត់បានចុះមកអំពីវា។
(2) វា(មេឃ)បានស្តាប់បង្គាប់ និងប្រតិបត្តិតាមម្ចាស់របស់វា ហើយសាកសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។
(3) និងនៅពេលដែលផែនដីត្រូវបានអល់ឡោះធ្វើឱ្យវាលាតសន្ធឹង ដូចជាគេសន្ធឹងស្បែក។
(4) ហើយវា(ផែនដី)បានបពោ្ចញនូវកំណប់ និងសាកសពជាច្រើនដែលមាននៅក្នុងវា ហើយធ្វើឲ្យខ្លួនវាទទេស្អាត(អំពីវាដែលមាននៅក្នុងវា)។
(5) ហើយវា(ដី)បានស្តាប់បង្គាប់ និងប្រតិបត្តិតាមម្ចាស់របស់វា ហើយសាកសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។
(6) ឱមនុស្សលោក!ពិតប្រាកដណាស់ ពួកអ្នកគឺជាអ្នកដែលសាងទង្វើទាំងឡាយ អាចជាទង្វើល្អ ឬអាចជាទង្វើអាក្រក់ ហើយអ្នកនឹងទទួលបានវាវិញនៅថ្ងៃបរលោក ដើម្បីឲ្យអល់ឡោះជាម្ចាស់តបស្នងទៅតាមអ្វីដែលពួកអ្នកបានសាង។
(7) ដូច្នេះ ចំពោះជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃខាងស្ដាំនោះ
(8) គេនឹងទទួលបានការកាត់ក្តីពីអល់ឡោះយ៉ាងងាយស្រួលបំផុតដោយគ្រាន់តែបង្ហាញទង្វើរបស់គេ(ដែលគេបានសាង)ប៉ុណ្ណោះ ហើយគេមិនសួរដេញដោលច្រើនឡើយ។
(9) ហើយគេនឹងត្រលប់ទៅជួបជុំគ្រួសាររបស់គេវិញដោយភាពសប្បាយរីករាយ។
(10) ចំណែកឯជនណាដែលត្រូវបានគេប្រគល់សៀវភៅកត់ត្រាទង្វើរបស់គេដោយដៃខាងឆេ្វងពីក្រោយខ្នងរបស់គេវិញនោះ
(11) ពិតណាស់ គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។
(12) ហើយគេនឹងត្រូវចូលក្នុងឋាននរកជើហាន់ណាំ ដោយទទួលរងនូវកម្តៅ(ដ៏សែនក្តៅ)របស់វា។
(13) ពិតប្រាកដណាស់ កាលនៅក្នុងលោកិយ រូបគេធ្លាប់រស់នៅជាមួយនឹងក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ ទាំងដែលរូបគេស្ថិតក្នុងភាពគ្មានជំនឿ និងការប្រព្រឹត្តល្មើស។
(14) ហើយគេគិតស្មានថា រូបគេនឹងមិនត្រូវវិលត្រលប់មកមានជីវិតជាថ្មីម្តងទៀតទេ បន្ទាប់ពីគេបានស្លាប់ហើយនោះ។
(15) ផ្ទុយទៅវិញគឺមិនដូច្នោះទេ។ ពិតប្រាកដណាស់ រូបគេនឹងត្រូវអល់ឡោះជាម្ចាស់ត្រឡប់ឲ្យមានជីវិតឡើងវិញសារជាថ្មី ដូចដែលទ្រង់បានបង្កើតរូបគេកាលពីដំបូងដូច្នោះដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់គេមហាឃើញបំផុតពីស្ថានភាពរបស់គេដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នដល់គេទៅលើទង្វើដែលគេបានសាង។
(16) អល់ឡោះបានស្បថនឹងពន្លឺពណ៌ក្រហមដែលស្ថិតនៅឯជើងមេឃក្រោយពេលព្រះអាទិត្យបានលិច។
(17) ហើយទ្រង់ស្បថនឹងពេលយប់ និងអ្វីដែលគេប្រមូលផ្តុំក្នុងពេលយប់។
(18) ហើយទ្រង់ស្បថនឹងដួងចន្ទនៅពេលវារះពេញវង់។
(19) ជាការពិតណាស់ពួកអ្នក(ឱមនុស្សលោក)នឹងវិវត្តន៍ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត គឺពីទឹកកាមទៅជាដុំឈាម ពីដុំឈាមទៅជាដុំសាច់ បន្ទាប់មក មានជិវិត ហើយបានស្លាប់ ហើយក៏ត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ។
(20) អ្វីទៅដែលធ្វើឲ្យពួកអ្នកប្រឆាំងទាំងនោះមិនព្រមមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក?
(21) ហើយនៅពេលដែលគេសូត្រគម្ពីរគួរអានឱ្យពួកគេស្តាប់ ពួកគេមិនព្រមស៊ូជោតទៅចំពោះម្ចាស់របស់ពួកគេឡើយ។
(22) ផ្ទុយទៅវិញ ពួកដែលប្រឆាំង ថែមទាំងបដិសេធនូវអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកទៀតផង។
(23) ហើយអល់ឡោះទ្រង់មហាដឹងនូវអ្វីដែលពួកគេលាក់ទុកក្នុងចិត្តរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។
(24) ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ពួកគេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេចុះ។
(25) លើកលែងតែបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយគ្មានថ្ងៃផុតរលត់ឡើយ នោះគឺឋានសួគ៌។