85 - Al-Burooj ()

|

(1) អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន រួមទាំងព្រះអាទិត្យ ព្រះចន្ទ និងអ្វីផ្សេងទៀត។

(2) ហើយទ្រង់ស្បថនឹងថ្ងៃបរលោក ជាថ្ងៃដែលគេសន្យាថានឹងប្រមូលផ្តុំម៉ាខ្លូកទាំងអស់។

(3) ហើយទ្រង់ស្បថនឹងរាល់អ្នកដែលធ្វើសាក្សីទាំងអស់ ដូចជា ព្យាការីទាំងឡាយ គឺធ្វើសាក្សីលើប្រជាជាតិរបស់ខ្លួន ហើយទ្រង់ស្បថនឹងរាល់អ្នកដែលត្រូវគេធ្វើសាក្សីឱ្យ ដូចជាប្រជាជាតិធ្វើសាក្សីឱ្យបណ្តាព្យាការីរបស់ពួកគេ។

(4) គេបានដាក់បណ្ដាសាចំពោះក្រុមអ៊ួខទូត ជាពួកដែលជីករណ្ដៅដ៏ធំមួយនៅលើផែនដី

(5) ហើយពួកគេបង្កាត់ភ្លើងនៅក្នុងរណ្តៅនោះ រួចពួកគេបោះបណ្តាអ្នកមានជំនឿទាំងរស់ចូលក្នុងរណ្តៅភ្លើង

(6) ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅដែលពោរពេញទៅដោយភ្លើងនោះ

(7) ដោយពួកគេសម្លឹងមើលទៅចំពោះទារុណកម្មដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដាអ្នកដែលមានជំនឿ ដោយសារតែពួកគេបានមានវត្តមាននៅទីនោះ។

(8) ហើយការដែលពួកគ្មានជំនឿទាំងនោះធ្វើទារុណកម្មទៅលើបណ្តាអ្នកមានជំនឿនោះ គឺគ្មានក្រៅពីដោយសារតែពួកគេ(បណ្តាអ្នកមានជំនឿ)មានជំនឿចំពោះអល់ឡោះដែលជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននណាម្នាក់អាចឈ្នះទ្រង់ និងជាអ្នកដែលត្រូវបានអ្វីគ្រប់យ៉ាងកោតសរសើរចំពោះទ្រង់នោះឡើយ។

(9) ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់ឃើញបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយនៃកិច្ចការខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងនឹងទ្រង់បានឡើយ។

(10) ពិតប្រាកដណាស់ ពួកដែលធ្វើទារុណកម្មទៅលើបណ្តាអ្នកមានជំនឿប្រុសស្រីដោយដុតនឹងភ្លើងដើម្បីឱ្យពួកគេងាកចេញពីការមានជំនឿចំពោះអល់ឡោះតែមួយគត់ បន្ទាប់មក ពួកគេមិនបានសារភាពកំហុសទៅចំពោះអល់ឡោះពីអំពើបាបរបស់ពួកគេទេនោះ ពិតណាស់នៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មនៃឋាននរកជើហាន់ណាំ ហើយនឹងត្រូវទទួលទណ្ឌកម្មភ្លើងនរកដែលឆាបឆេះពួកគេ ជាការតបស្នងចំពោះពួកគេទៅលើទង្វើដែលពួកគេបានប្រព្រឹត្តលើបណ្តាអ្នកមានជំនឿដោយដុតនឹងភ្លើង(ទាំងរស់)នោះ។

(11) ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ការតបស្នងដែលគេបានត្រៀមសម្រាប់ពួកគេនោះហើយ គឺជាជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

(12) ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះពួកដែលបំពាននោះ (ទោះបីជាទ្រង់ពន្យារពេលដល់គេបន្តិចក៏ដោយ) គឺខ្លាំងក្លាជាទីបំផុត។

(13) ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតម៉ាខ្លូក និងបង្កើតទណ្ឌកម្ម ហើយទ្រង់ជាអ្នកត្រឡប់ពួកគេទាំងពីរវិញ។

(14) ហើយទ្រង់ជាម្ចាស់មហាអភ័យទោសបំផុតចំពោះបាបកម្មសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុស ហើយពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកកោតខ្លាច។

(15) ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។

(16) ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា ដូចជាការអភ័យទោសនូវបាបកម្មចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទោសទណ្ឌចំពោះជនណាដែលទ្រង់មានចេតនា ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។

(17) តើដំណឹងរបស់កងទ័ពដែលធ្វើសង្គ្រាមប្រឆាំងនឹងសេចក្តីពិត និងរារាំង(មនុស្ស)អំពីវានោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឬទេ?

(18) ដូចជាហ្វៀរអោន និងពួកសាមូដដែលជាប្រជាជាតិរបស់ព្យាការីសឡេះ។

(19) គ្មានអ្វីដែលរារាំងពួកទាំងនោះមិនឲ្យមានជំនឿដោយសារតែពួកគេមិនបានដឹងពីរឿងរ៉ាវរបស់ប្រជាជាតិទាំងឡាយដែលបានបដិសេធ និងការវិនាសអន្តរាយដែលបានកើតឡើងចំពោះពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកអំពីរឿងរ៉ាវទាំងនោះ ដោយពួកគេធ្វើតាមចំណង់តណ្ហារបស់ពួកគេប៉ុណ្ណោះ។

(20) ហើយអល់ឡោះដឹងជ្រួតជ្រាបនូវរាល់សកម្មភាពទាំងអស់របស់ពួកគេ ដោយគ្មានអ្វីមួយអាចរំលងផុតពីការដឹងរបស់ទ្រង់នោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញចំពោះទង្វើទាំងនោះ។

(21) ហើយគម្ពីរគួរអានមិនមែនជាកំណាព្យដូចដែលពួកបដិសេធទាំងនោះបាននិយាយឡើយ។ ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើងបំផុត។

(22) ដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)អំពីការផ្លាស់ប្តូ ការកែប្រែ និងការបន្ថែមបន្ថយទាំងឡាយ។